ហើយពួកគេខំរកមើលព្រះយេស៊ូវ ដែលទ្រង់មានបែបភាពជាយ៉ាងណា
ខ្ញុំធ្វើជាសាក្សីថា ព្រះយេស៊ូវមានព្រះជន្មរស់ ថាទ្រង់ស្គាល់ពួកយើង ហើយថាទ្រង់មានព្រះចេស្ដាដើម្បីព្យាបាល កែប្រែ និងអភ័យទោសឲ្យយើងបាន ។
បងប្អូនប្រុសស្រី និងមិត្តភក្ដិទាំងឡាយ នៅឆ្នាំ ២០១៣ ភរិយាខ្ញុំ ឡរ៉េល និងខ្ញុំត្រូវបានហៅឲ្យបម្រើជាថ្នាក់ដឹកនាំបេសកកម្មនៅបេសកកម្ម ឆែក/ស្លូវ៉ាក់ ។ កូនទាំងបួននាក់របស់យើងបានបម្រើជាមួយនឹងយើង ។១ គ្រួសារយើងទាំងមូលមានពរជ័យដោយសារអ្នកផ្សព្វផ្សាយសាសនាដ៏ល្អឯក និងដោយសារពួកបរិសុទ្ធនៅសាធារណរដ្ឋឆែក និងស្លូវ៉ាក់ដ៏អស្ចារ្យ ។ យើងស្រឡាញ់ពួកគេ ។
ពេលដែលគ្រួសាររបស់យើងបានចូលទៅក្នុងតំបន់បេសកកម្ម អ្វីដែលអែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន បានបង្រៀន បានទៅជាមួយយើង ។ នៅក្នុងសុន្ទរកថាដែលមានចំណងជើងថា « បញ្ញត្តិយ៉ាងសំខាន់បំផុត » អែលឌើរ វ៉ឺតលីន បានសួរថា « តើអ្នកស្រឡាញ់ព្រះអម្ចាស់ទេ ? » ការប្រឹក្សារបស់លោកដល់ពួកយើងទាំងអស់គ្នាដែលបានឆ្លើយថាស្រឡាញ់ គឺសាមញ្ញ តែជ្រាលជ្រៅ នោះគឺ ៖ « ចំណាយពេលជាមួយទ្រង់ ។ ត្រិះរិះពីព្រះបន្ទូលរបស់ទ្រង់ ។ ទទួលនឹមរបស់ទ្រង់ដាក់លើខ្លួនយើង ។ ខិតខំស្វែងយល់ និងគោរពតាម » ។២ បន្ទាប់មកអែលឌើរ វ៉ឺតលីន បានសន្យាពរជ័យជាច្រើនដែលអាចកែប្រែអស់អ្នកដែលស្ម័គ្រចិត្តថ្វាយពេលវេលា និងទុកកន្លែងមួយសម្រាប់ព្រះយេស៊ូវគ្រីស្ទ ។៣
យើងបានស្ដាប់តាមការប្រឹក្សា និងការសន្យារបស់អែលឌើរ វ៉ឺតលីន ។ រួមជាមួយពួកអ្នកផ្សព្វផ្សាយសាសនារបស់យើង យើងបានចំណាយពេលជាច្រើនជាមួយព្រះយេស៊ូវគ្រីស្ទ ដើម្បីសិក្សាគម្ពីរម៉ាថាយ ម៉ាកុស លូកា និង យ៉ូហាន ចេញពីព្រះគម្ពីរសញ្ញាថ្មី និង នីហ្វៃទី៣ ចេញពីព្រះគម្ពីរមរមន ។ នៅចុងបញ្ចប់នៃការប្រជុំអ្នកផ្សព្វផ្សាយសាសនាម្ដងៗ យើងបានបញ្ចប់ការប្រជុំនីមួយៗដោយការចែកចាយសារលិខិតខាងវិញ្ញាណចេញមកពីការអាន ការពិភាក្សា ការពិចារណា និងការរៀនអំពីព្រះយេស៊ូវ ដែលយើងហៅថា « ដំណឹងល្អទាំងប្រាំ » ។៤
សម្រាប់ខ្ញុំ ឡរ៉េល និងពួកអ្នកផ្សព្វផ្សាយសាសនារបស់យើង ការចំណាយពេលជាមួយព្រះយេស៊ូវនៅក្នុងព្រះគម្ពីរបានផ្លាស់ប្ដូរអ្វីគ្រប់យ៉ាង ។ យើងមានការកោតសរសើរកាន់តែជ្រាលជ្រៅចំពោះព្រះអង្គផ្ទាល់ និងអ្វីដែលសំខាន់ចំពោះទ្រង់ ។ យើងបានរួមគ្នាពិចារណាពីរបៀបដែលទ្រង់បានបង្រៀន អ្វីដែលទ្រង់បានបង្រៀន របៀបដែលទ្រង់បានបង្ហាញក្ដីស្រឡាញ់ អ្វីដែលទ្រង់បានធ្វើដើម្បីប្រទានពរ និងបម្រើ អព្ភូតហេតុរបស់ទ្រង់ របៀបដែលទ្រង់តបតនឹងការក្បត់ របៀបទ្រង់ដោះស្រាយបញ្ហាផ្លូវចិត្តដ៏ពិបាករបស់មនុស្ស ព្រះបរមងារ និងព្រះនាមរបស់ទ្រង់ របៀបទ្រង់ស្ដាប់ របៀបទ្រង់ដោះស្រាយជម្លោះ ពិភពលោកដែលទ្រង់បានរស់នៅ រឿងប្រៀបប្រដូចរបស់ទ្រង់ របៀបដែលទ្រង់លើកទឹកចិត្តឲ្យមានសាមគ្គីភាព និងសន្ដានចិត្តល្អ ព្រះសមត្ថភាពរបស់ទ្រង់ដើម្បីអភ័យទោស និងព្យាបាល ព្រមទាំងទេសនកថា ការអធិស្ឋាន ពលិកម្មដ៏ធួន ការមានព្រះជន្មរស់ឡើងវិញ និងដំណឹងល្អរបស់ទ្រង់ ។
ជារឿយៗយើងមានអារម្មណ៍ដូចលោកសាខេ ដែល « [ តូច ]ទាប » រត់ឡើងលើដើមឧទុម្ពរ កាលព្រះយេស៊ូវបានឆ្លងកាត់ក្រុងយេរីខូរ ព្រោះដូចជាលូកាបានរៀបរាប់ថា យើង « ខំរកមើលព្រះយេស៊ូវ ដែលទ្រង់មានបែបភាពជាយ៉ាងណា » ។៥ មិនមែនជាព្រះយេស៊ូវដែលយើងចង់ ឬប្រាថ្នាឲ្យទ្រង់ធ្វើដូចចិត្តយើងនោះទេ តែជាព្រះយេស៊ូវដូចដែលព្រះអង្គទ្រង់ផ្ទាល់ ។៦ គឺដូចជាអែលឌើរ វ៉ឺតលីន បានសន្យាថា យើងបានរៀនតាមរបៀបដ៏ជាក់ច្បាស់ថា « ដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទគឺជាដំណឹងល្អនៃការកែប្រែ ។ វានាំយើងដែលជាបុរស និងស្ដ្រីនៅលើផែនដីនេះ បន្សុទ្ធឲ្យទៅជាបុរស និងស្ដ្រីសម្រាប់ភាពដ៏អស់កល្បជានិច្ច » ។៧
នោះគឺជាថ្ងៃដ៏ពិសេស ។ យើងបានមកជឿថា « ដ្បិតការអ្វីដែលព្រះទ្រង់ធ្វើពុំបាន នោះគ្មានសោះឡើយ » ។៨ កាលដកពិសោធន៍ព្រះចេស្ដា និងភាពពិតរបស់ព្រះយេស៊ូវនៅពេលរសៀលដ៏ពិសិដ្ឋនៅទីក្រុងប្រាក ទីក្រុងប្រាទីស្លាវ៉ា ឬទីក្រុងប្រឺណូ បន្ដមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងជីវិតរបស់យើងទាំងអស់គ្នា ។
យើងឧស្សាហ៍សិក្សា ម៉ាកុស ២:១–១២ ។ ដំណើររឿងនៅត្រង់នេះគឺមិនអាចប្រកែកបានទេ ។ ខ្ញុំចង់អានផ្នែកមួយនៃដំណើររឿងនេះមកពីគម្ពីរម៉ាកុស រួចហើយចែកចាយអំពីវា ដោយសារខ្ញុំបានយល់វា ក្រោយពីការសិក្សា និងការពិភាក្សាយ៉ាងជ្រាលជ្រៅជាមួយពួកអ្នកផ្សព្វផ្សាយសាសនារបស់យើង និងអ្នកផ្សេងទៀត ។៩
« រំលងពីរបីថ្ងៃក្រោយមក [ ព្រះយេស៊ូវ ] យាងចូលមកក្នុងក្រុងកាពើណិមវិញទៀត ហើយគេឮថា ទ្រង់គង់នៅផ្ទះ ។
« ស្រាប់តែមានគេប្រជុំគ្នាជាច្រើនដល់ម៉្លេះបានជាគ្មានកន្លែងណាទៀតសោះ សូម្បីនៅមាត់ទ្វារក៏គ្មានដែរ ទ្រង់ក៏សម្ដែងព្រះបន្ទូលឲ្យគេស្តាប់ ។
« គ្រានោះ មានបួននាក់សែងមនុស្សស្លាប់ដៃស្លាប់ជើងម្នាក់មកឯទ្រង់ ។
« តែពុំអាចនឹងចូលទៅជិតទ្រង់បានឡើយ ដោយព្រោះហ្វូងមនុស្ស បានជាគេបើកដំបូលផ្ទះត្រង់កន្លែងដែលទ្រង់គង់នៅ កាលទំលុះរួចហើយ នោះក៏សម្រូតគ្រែដែលមនុស្សស្លាប់ដៃស្លាប់ជើងដេកនោះចុះទៅ ។
« ព្រះយេស៊ូវក៏ឃើញសេចក្តីជំនឿរបស់អ្នកទាំងនោះ ហើយទ្រង់មានព្រះបន្ទូលទៅអ្នកស្លាប់ដៃស្លាប់ជើងថា កូនអើយ បាបរបស់ឯងបានអត់ទោសឲ្យឯងហើយ » ។
ក្រោយពីសន្ទនាជាមួយអ្នកខ្លះនៅក្នុងចំណោមនោះហើយ១០ ព្រះយេស៊ូវទតទៅបុរសដែលស្លាប់ដៃស្លាប់ជើងនោះ ហើយព្យាបាលរូបកាយគាត់ ដោយមានបន្ទូលថា ៖
« យើងប្រាប់ឲ្យឯងក្រោកឡើង យកគ្រែឯងដើរទៅផ្ទះទៅ ។
« គាត់ក៏ក្រោកឡើងភ្លាម យកគ្រែចេញទៅ នៅមុខអ្នកទាំងអស់គ្នា បានជាគ្រប់គ្នាមានសេចក្តីអស្ចារ្យ ហើយពណ៌នាសរសើរតម្កើងដល់ព្រះ ដោយពាក្យថា យើងមិនដែលឃើញយ៉ាងដូច្នេះឡើយ » ។១១
ឥឡូវនេះ ដំណើររឿងដែលខ្ញុំបានយល់ ៖ នៅដើមដំបូងក្នុងការងារបម្រើរបស់ទ្រង់ ព្រះយេស៊ូវបានត្រឡប់ទៅក្រុងកាពើណិមវិញ ជាភូមិអ្នកនេសាទតូចមួយដែលស្ថិតនៅឆ្នេរភាគខាងជើងនៃសមុទ្រកាលីឡេ ។១២ ទ្រង់បានធ្វើអព្ភូតហេតុជាច្រើននាពេលថ្មីៗនេះ តាមរយៈការព្យាបាលអ្នកឈឺ និងបណ្ដេញវិញ្ញាណអារក្សចេញ ។១៣ ដោយអន្ទះសាចង់ស្ដាប់ និងដកពិសោធពីបុរសដែលឈ្មោះថា ព្រះយេស៊ូវ នោះអ្នកភូមិនោះបានប្រជុំគ្នានៅផ្ទះ ដែលឮគេនិយាយថាទ្រង់គង់នៅនោះ ។១៤ កាលពួកគេទៅដល់ នោះព្រះយេស៊ូវបានចាប់ផ្ដើមបង្រៀន ។១៥
ផ្ទះនៅជំនាន់នោះនៅក្រុងកាពើណិមមានដំបូលស្មើ មានតែមួយជាន់ទេ ហើយនៅជាប់ៗគ្នា ។១៦ ជញ្ជាំងធ្វើពីបាយអដែលមានថ្ម ឈើ និងដីឥដ្ឋ ហើយដំបូលប្រក់ស្បូវ ដែលមានផ្លូវចូលពីចំហៀងផ្ទះពីរបីជំហាន ។១៧ ហ្វូងមនុស្សបានកើនឡើងយ៉ាងលឿននៅផ្ទះនោះ ហើយមានមនុស្សនៅពេញបន្ទប់ដែលព្រះយេស៊ូវកំពុងបង្រៀននោះ ហើយធ្លាយចេញទៅដល់មាត់ផ្លូវទៀត ។១៨
ដំណើររឿងនេះផ្ដោតលើបុរសម្នាក់ដែលជា « មនុស្សស្លាប់ដៃស្លាប់ជើង » និងមិត្តបួននាក់របស់គាត់ ។១៩ ជំងឺស្លាប់ដៃស្លាប់ជើងគឺជាជំងឺមួយបែបដែលបណ្ដាលឲ្យខ្វិន ជាញឹកញាប់ក៏មានភាពទន់ខ្សោយ និងសំឡេងញ័រៗដែរ ។២០ ខ្ញុំស្រមៃឃើញមិត្តម្នាក់ដែលនិយាយទៅកាន់មិត្តបីនាក់ទៀតថា « ព្រះយេស៊ូវមកដល់ភូមិយើងហើយ ។ យើងទាំងអស់គ្នាដឹងពីអព្ភូតហេតុ ដែលទ្រង់បានធ្វើ និងមនុស្សដែលទ្រង់បានព្យាបាល ។ បើយើងគ្រាន់តែអាចនាំមិត្តយើងទៅជួបព្រះយេស៊ូវ នោះប្រហែលគាត់អាចបានជាសះស្បើយឡើងវិញដែរ » ។
ដូច្នេះ ពួកគេម្នាក់ៗលើកកន្ទេល ឬគ្រែរបស់មិត្តពួកគេមួយជ្រុងម្នាក់ ហើយចាប់ផ្ដើមលើកគាត់ដើរកាត់ផ្លូវក្រុងកាពើណិម ជាផ្លូវដីក្ងិកក្ងក់ ហើយតូចចង្អៀត ។២១ សាច់ដុំឈឺរោយ ពួកគេបត់ដល់ផ្លូវកែងចុងក្រោយហើយ ស្រាប់តែឃើញមនុស្សណែនណាន់តាន់តាប់ ឬដូចដែលព្រះគម្ពីរហៅថា « ហ្វូង » មនុស្សប្រជុំគ្នាស្ដាប់យ៉ាងកកកុញ រហូតដល់វាមិនអាចទៅរួចទេដើម្បីទៅរកព្រះយេស៊ូវនោះ ។២២ ដោយសេចក្ដីស្រឡាញ់ និងសេចក្ដីជំនឿ នោះពួកគេទាំងបួននាក់មិនបោះបង់ចោលឡើយ ។ ប៉ុន្ដែ ពួកគេបានវារឡើងតាមជញ្ជាំងទៅលើដំបូលរាបស្មើនោះ ហើយបានលើកមិត្តរបស់ពួកគេ និងគ្រែរបស់គាត់ឡើងដោយប្រុងប្រយ័ត្ន បើកដំបូលផ្ទះត្រង់កន្លែងដែលព្រះយេស៊ូវគង់នៅ កាលទំលុះរួចហើយ នោះក៏សម្រូតមិត្តគេនោះចុះទៅ ។២៣
សូមពិចារណាពីការណ៍នោះ នៅកណ្ដាលអ្វីដែលជាគ្រានៃការបង្រៀនដ៏ហ្មត់ចត់មួយ ព្រះយេស៊ូវព្រះសណ្ដាប់ឮសំឡេងកកាយមួយ ទតមើលឡើងលើ ហើយឃើញប្រហោងមួយធំទៅៗនៅលើដំបូល ហើយដី និងស្បូវធ្លាក់ចុះមកក្នុងបន្ទប់នោះ ។ បន្ទាប់មក បុរសស្លាប់ដៃស្លាប់ជើងម្នាក់នៅលើគ្រែត្រូវគេសម្រូតយឺតៗចុះមកដី ។ គួរឲ្យចាប់អារម្មណ៍ ព្រះយេស៊ូវជ្រាបថា នេះមិនមែនជាការរំខាននោះទេ ប៉ុន្ដែជាអ្វីមួយដែលសំខាន់ទៅវិញ ។ ទ្រង់ទតទៅបុរសនៅលើគ្រែនោះ អភ័យទោសឲ្យអំពើបាបរបស់គាត់ជាសាធារណៈ ហើយព្យាបាលរូបកាយគាត់ ។២៤
ដោយគិតពីការតំណាលក្នុង ម៉ាកុស ២ នេះក្នុងចិត្ត នោះសេចក្ដីពិតដ៏សំខាន់បីបួនបានបង្ហាញច្បាស់អំពីព្រះយេស៊ូវ ដែលជាព្រះគ្រីស្ទ ។ ទីមួយ នៅពេលយើងព្យាយាមជួយនរណាម្នាក់ដែលយើងស្រឡាញ់ឲ្យមករកព្រះគ្រីស្ទ នោះយើងអាចធ្វើដូច្នោះបានដោយទំនុកចិត្តថា ទ្រង់មានព្រះសមត្ថភាពដើម្បីលើកបន្ទុកនៃអំពើបាបនោះចេញ ហើយអភ័យទោសឲ្យបាន ។ ទីពីរ នៅពេលយើងនាំជំងឺខាងរូបកាយ ខាងសតិអារម្មណ៍ ឬជំងឺផ្សេងៗទៀតមកកាន់ព្រះគ្រីស្ទ យើងអាចធ្វើដូច្នោះបានដោយដឹងថា ទ្រង់មានព្រះចេស្ដាដើម្បីព្យាបាល និងលួងលោម ។ ទីបី នៅពេលយើងខិតខំប្រឹងប្រែងដូចជាមិត្តទាំងបួននាក់ ដើម្បីនាំមិត្តម្នាក់មករកព្រះគ្រីស្ទ យើងអាចធ្វើដូច្នោះបានដោយការជឿជាក់ថា ទ្រង់នឹងទតឃើញបំណងដ៏ពិតរបស់យើង ហើយនឹងបំពេញតាមបំណងនោះដោយសមគួរ ។
សូមចាំថា ការបង្រៀនរបស់ព្រះយេស៊ូវត្រូវបានបង្អាក់ដោយសារតែការចោះប្រហោងនៅលើដំបូលនោះ ។ ប៉ុន្ដែជាជាងផ្ចាញ់ផ្ចាល ឬបណ្ដេញអ្នកទាំងបួនដែលបានរំខានដោយការចោះប្រហោងនោះ ព្រះគម្ពីរប្រាប់យើងថា « ព្រះយេស៊ូវក៏ ឃើញ សេចក្តីជំនឿរបស់អ្នកទាំងនោះ » ។២៥ មនុស្សដែលបានឃើញអព្ភូតហេតុនោះ គេកើតមាន « សេចក្តីអស្ចារ្យ ក៏សរសើរតម្កើងដល់ព្រះដែលទ្រង់បានប្រទានអំណាចយ៉ាងនេះ [ មក ] មនុស្សលោក » ។២៦
បងប្អូនប្រុសស្រី ខ្ញុំសូមបញ្ចប់ដោយការសង្កេតចំនួនពីរបន្ថែមទៀត ។ មិនថាយើងជាអ្នកផ្សព្វផ្សាយសាសនា អ្នកផ្ដល់ការងារបម្រើ ប្រធានសមាគមសង្គ្រោះ ប៊ីស្សព គ្រូបង្រៀន ឪពុកម្ដាយ បងប្អូនបង្កើត ឬជាមិត្តភក្ដិនោះទេ យើងទាំងអស់គ្នាគឺជាពួកសិស្សបរិសុទ្ធថ្ងៃចុងក្រោយនៅក្នុងកិច្ចការនៃការនាំមនុស្សដទៃឲ្យមករកព្រះគ្រីស្ទ ។ ហេតុដូច្នេះហើយ គុណសម្បត្តិដែលបានបង្ហាញដោយមិត្តទាំងបួននាក់គឺស័ក្ដិសមនឹងពិចារណា និងធ្វើត្រាប់តាម ។២៧ ពួកគេគឺជាមនុស្សហ្មត់ចត់ ចេះសម្របខ្លួន អត់ធន់ ច្នៃប្រឌិត ចេះសព្វគ្រប់ មានក្ដីសង្ឃឹម ប្ដេជ្ញាចិត្ត ស្មោះត្រង់ មានសុទិដ្ឋិនិយម បន្ទាបខ្លួន និងតស៊ូ ។
លើសពីនេះ មិត្តទាំងបួននេះសង្កត់ធ្ងន់លើសារៈសំខាន់ខាងវិញ្ញាណនៃសហគមន៍ និងមិត្តភាព ។២៨ ដើម្បីនាំមិត្តរបស់ពួកគេទៅកាន់ព្រះគ្រីស្ទ ពួកគេទាំងបួននាក់ត្រូវសែងគ្រែមួយជ្រុងម្នាក់ ។ ប្រសិនបើម្នាក់លែងសែង នោះស្ថានភាពនឹងកាន់តែពិបាក ។ ប្រសិនបើពីរនាក់បោះបង់ នោះកិច្ចការនេះលែងអាចធ្វើបានដោយមានប្រសិទ្ធភាពទៀតហើយ ។ យើងម្នាក់ៗមានតួនាទីមួយនៅក្នុងនគរព្រះ ។២៩ នៅពេលយើងធ្វើតាមតួនាទីនោះ ហើយធ្វើចំណែករបស់យើង នោះយើងលើកជ្រុងរបស់យើង ។ មិនថានៅក្នុងប្រទេសអាហ្សង់ទីន ឬវៀតណាម ទីក្រុងអាក្រា ឬប្រ៊ីសបេន សាខា ឬវួដ ជាគ្រួសារ ឬដៃគូអ្នកផ្សព្វផ្សាយសាសនានោះទេ យើងម្នាក់ៗមានជ្រុងមួយដែលត្រូវលើក ។ នៅពេលយើងធ្វើដូច្នោះ ហើយបើយើងនឹងធ្វើវាមែន នោះព្រះអម្ចាស់នឹងប្រទានពរដល់យើងទាំងអស់គ្នា ។ បើទ្រង់បានទតឃើញសេចក្ដីជំនឿ របស់មិត្តទាំងនោះ នោះទ្រង់ក៏នឹងទតឃើញសេចក្ដីជំនឿ របស់យើង ហើយប្រទានពរដល់យើងជាប្រជាជនផងដែរ ។
នៅគ្រាខុសៗគ្នា ខ្ញុំបានសែងជ្រុងគ្រែមួយ ហើយនៅពេលខ្លះទៀតខ្ញុំគឺជាមនុស្សដែលត្រូវបានគេសែង ។ អានុភាពមួយក្នុងដំណើររឿងដ៏អស្ចារ្យនេះអំពីព្រះយេស៊ូវគឺថា វារំឭកយើងថា យើងពិតត្រូវការគ្នាទៅវិញទៅមកយ៉ាងខ្លាំង ក្នុងនាមជាបងប្អូនប្រុសស្រី ក្នុងរបៀបដើម្បីមករកព្រះគ្រីស្ទ ហើយបានផ្លាស់ប្តូរ ។
ទាំងនេះគឺជាចំណុចពីរបី ដែលខ្ញុំបានរៀនមកពីការចំណាយពេលជាមួយព្រះយេស៊ូវនៅក្នុង ម៉ាកុស ២ ។
« សូមឲ្យព្រះប្រទានពរដល់យើងដើម្បីឲ្យយើងអាច [ លើកជ្រុងរបស់យើងឡើង ] ថាយើងមិនគេចពីកាតព្វកិច្ច ថាយើងមិនភ័យខ្លាច តែយើងអាចនឹងរឹងមាំឡើងក្នុងសេចក្ដីជំនឿរបស់យើង ហើយប្ដេជ្ញាចិត្តក្នុងកិច្ចការរបស់យើង ដើម្បីសម្រេចឲ្យបានព្រះរាជបំណងរបស់ព្រះអម្ចាស់ » ។៣០
ខ្ញុំធ្វើជាសាក្សីថា ព្រះយេស៊ូវមានព្រះជន្មរស់ ថាទ្រង់ស្គាល់ពួកយើង ហើយថាទ្រង់មានព្រះចេស្ដាដើម្បីព្យាបាល កែប្រែ និងអភ័យទោសឲ្យយើងបាន ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕