ភួងលម្អជំនួសផេះ ៖ គន្លងព្យាបាលនៃការអភ័យទោស
ការរស់នៅក្នុងរបៀបមួយដែលបងប្អូនផ្ដល់ឲ្យនូវភួងលម្អជំនួសផេះនៃជីវិតរបស់បងប្អូន គឺជាសកម្មភាពនៃសេចក្ដីជំនឿដែលដើរតាមព្រះអង្គសង្គ្រោះ ។
គម្ពីរសំាយូអែលទី១មាននូវដំណើររឿងដែលយើងមិនសូវស្គាល់មួយអំពីដាវីឌ ដែលជាអនាគតស្ដេចអ៊ីស្រាអែល និងស្រ្តីម្នាក់ឈ្មោះថា អ័ប៊ីកែល ។
បន្ទាប់ពីការស្លាប់របស់សាំយូអែល នោះដាវីឌ និងពួកបុរសរបស់លោកបានរត់គេចពីស្ដេចសូល ដែលរកសម្លាប់លោក ។ ពួកលោកមើលថែទាំហ្វូងចៀម និងជាអ្នកបម្រើរបស់បុរសដ៏មានស្ដុកស្ដម្ភម្នាក់ឈ្មោះថា ណាបាល ដែលជាមនុស្សកំណាចចិត្តអាក្រក់ ។ ដាវីឌបានចាត់បុរសដប់នាក់ឲ្យទៅជម្រាបសួរ ណាបាល ហើយសុំស្បៀងអាហារ និងគ្រឿងបរិក្ខារដែលត្រូវការជាច្រើន ។
ណាបាល បានឆ្លើយតបសំណើរបស់ដាវីឌដោយការប្រមាថ ហើយបានដេញមនុស្សរបស់លោកឲ្យទៅវិញទាំងដៃទទេ ។
ដោយការអាក់អន់ចិត្ត ដាវីឌបានរៀបចំមនុស្សរបស់លោកឲ្យឡើងទៅទាស់នឹង ណាបាល និងពួកគ្រូរបស់គាត់ទាំងអស់ដោយនិយាយថា « វាបានប្រព្រឹត្តការអាក្រក់ស្នងនឹងការល្អដល់យើងវិញ » ។១ អ្នកបម្រើម្នាក់បានជម្រាបដល់ អ័ប៊ីកែល ដែលជាប្រពន្ធរបស់ ណាបាល អំពីសេចក្ដីអាក្រក់ដែលប្ដីរបស់នាងបានធ្វើដាក់មនុស្សរបស់ដាវីឌ ។ អ័ប៊ីកែល បានប្រញាប់ប្រញាល់ប្រមូលស្បៀងអាហារនិងគ្រឿងបរិក្ខារដែលចាំបាច់ទាំងឡាយ ហើយចេញទៅសុំផ្សះផ្សា ។
កាលអ័ប៊ីកែលបានឃើញដាវីឌ នោះនាង « ក្រាបផ្កាប់មុខចុះនឹងដី គោរពដល់ដាវីឌ
« នាងទម្លាក់ខ្លួននៅទៀបជើងលោក ជម្រាបថា ឱលោកជាម្ចាស់ខ្ញុំអើយ សូមឲ្យទោស នោះធ្លាក់មកលើរូបខ្ញុំវិញចុះ ។ …
« ដូច្នេះ … ព្រះយេហូវ៉ាទ្រង់បានឃាត់លោកមិនឲ្យកម្ចាយឈាម ហើយមិនឲ្យសងសឹកដោយដៃលោកឡើយ ។ …
« … រីឯជំនូននេះដែលខ្ញុំម្ចាស់ ជាអ្នកបម្រើរបស់លោក បាននាំយកមកជូន នោះសូមចែកឲ្យដល់ពួកកំលោះ ។ …
« សូមអត់ទោសសេចក្ដីរំលងនេះដល់បាវស្រីរបស់លោកផង ។ …
« ដាវីឌក៏ឆ្លើយនឹងនាងអ័ប៊ីកែលថា សូមក្រាបថ្វាយបង្គំដល់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលទ្រង់បានចាត់អ្នក ឲ្យមកជួបនឹងខ្ញុំនៅថ្ងៃនេះ ៖
ហើយ សូម ពរ ដល់ ប្រាជ្ញា របស់ អ្នក និង ដល់ ខ្លួន អ្នក ផង ដោយ ព្រោះ អ្នក បាន ឃាត់ មិន ឲ្យ ខ្ញុំ កំចាយ ឈាម ហើយ មិន ឲ្យ សងសឹក ដល់ គេ ដោយ ដៃ ខ្លួន ខ្ញុំ នៅ ថ្ងៃ នេះ ។ …
« នោះដាវីឌក៏ទទួលយកជំនូនពីដៃនាង ដែលនាងបាននាំយកមកជូននោះ ដោយពាក្យថា សូមអញ្ជើញឡើងទៅឯផ្ទះ…អ្នកវិញ ដោយសុខសាន្ត ខ្ញុំបានយល់ព្រមតាមពាក្យអ្នកហើយ ក៏អរគុណដល់អ្នកដែរ » ។២
ពួកគេបានចាកចេញទៅដោយសុខសាន្ដ ។
នៅក្នុងដំណើររឿងនេះ អ័ប៊ីកែលអាចត្រូវបានគេមើលឃើញថាជាស្ត្រីមានអំណាច ឬជានិមិត្តសញ្ញានៃព្រះយេស៊ូវគ្រីស្ទ ។៣ តាមរយៈពលិកម្មដ៏ធួនរបស់ទ្រង់ ទ្រង់អាចរំដោះយើងឲ្យរួចពីអំពើបាប និងដួងចិត្តដែលមានកំហឹងជាទម្ងន់ ហើយប្រទានឲ្យយើងនូវការគាំពារថែទាំដែលយើងត្រូវការ ។៤
ដូចជាអ័ប៊ីកែលបានស្ម័គ្រចិត្តលើកដាក់មកលើខ្លួននាងនូវអំពើបាបរបស់ណាបាល ព្រះអង្គសង្គ្រោះក៏ដូច្នេះដែរ—ក្នុងរបៀបមួយដែលមិនអាចយល់បាន—ទ្រង់បានលើកដាក់មកលើអង្គទ្រង់នូវអំពើបាបរបស់យើង និងអំពើបាបរបស់អ្នកទំាងឡាយណាដែលបានធ្វើឲ្យយើងឈឺចាប់ ឬអាក់អន់ចិត្ត ។៥ នៅក្នុងសួនច្បារគែតសេម៉ានី និងនៅលើឈើឆ្កាង ទ្រង់បានទទួលយកអំពើបាបទាំងអស់នេះ ។ ទ្រង់បាននាំមកនូវរបៀបមួយសម្រាប់យើងដើម្បីលះបង់ចោលនូវដួងចិត្តដែលពោរពេញទៅដោយគំនុំសងសឹក ។ « របៀប » នោះគឺតាមរយៈការអភ័យទោស—ដែលអាចជារឿងលំបាកបំផុតមួយដែលយើងធ្លាប់ធ្វើ ហើយក៏ជារឿងដ៏ទេវភាពមួយខ្លាំងបំផុតដែលយើងធ្លាប់ដកពិសោធន៍ផងដែរ ។ នៅលើគន្លងនៃការអភ័យទោស អំណាចដ៏ធួនរបស់ព្រះយេស៊ូវគ្រីស្ទអាចហូរចូលមកក្នុងជីវិតរបស់យើង ហើយចាប់ផ្ដើមព្យាបាលការឈឺចាប់ដ៏ជ្រាលជ្រៅនៃដួងចិត្ត និងព្រលឹងរបស់យើងបាន ។
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា ព្រះអង្គសង្គ្រោះប្រទានដល់យើងនូវសមត្ថភាពដើម្បីអភ័យទោស ៖
« តាមរយៈដង្វាយធួនដ៏និរន្តររបស់ទ្រង់ បងប្អូនអាចអភ័យទោសដល់មនុស្សដែលធ្វើឲ្យបងប្អូនឈឺចាប់ និងមនុស្សដែលប្រហែលជានឹងពុំព្រមទទួលយកការទទួលខុសត្រូវចំពោះភាពឃោរឃៅ ដែលគេធ្វើមកលើបងប្អូន ។
« ជាធម្មតា វាងាយស្រួលដើម្បីអភ័យទោសដល់មនុស្សដែលស្វែងរកការអភ័យទោសពីបងប្អូនដោយស្មោះ និងដោយរាបសា ។ ប៉ុន្តែព្រះអង្គសង្គ្រោះនឹងប្រទានដល់បងប្អូននូវលទ្ធភាពដើម្បីអភ័យទោសដល់មនុស្សគ្រប់គ្នាដែលធ្វើខុសចំពោះបងប្អូនក្នុងគ្រប់រូបភាព ។ បន្ទាប់មក ទង្វើដ៏ឈឺចាប់របស់ពួកគេពុំអាចបំផ្លាញព្រលឹងរបស់បងប្អូនបានទៀតឡើយ » ។៦
ការនាំយកស្បៀងអាហារ និងគ្រឿងបរិក្ខាររបស់អ័ប៊ីកែលអាចបង្រៀនយើងថា ព្រះអង្គសង្គ្រោះប្រទានដល់អស់អ្នកដែលមានការឈឺចាប់ និងរងរបួស នូវការគាំពារថែទាំ និងជំនួយដែលយើងត្រូវការដើម្បីទទួលបានការព្យាបាល និងបានជាសះស្បើយ ។៧ ពួកយើងមិនត្រូវបានទុកឲ្យដោះស្រាយផលលំបាកនៃទង្វើរបស់អ្នកដទៃដោយខ្លួនយើងឡើយ យើងក៏អាចជាសះស្បើយ និងមានឱកាសទទួលបានការសង្គ្រោះពីដួងចិត្តដែលមានកំហឹងជាទម្ងន់ និងទង្វើផ្សេងៗទៀតដែលអាចកើតមានជាបន្ដបន្ទាប់ផងដែរ ។
ព្រះអម្ចាស់បានមានបន្ទូលថា « យើងជាព្រះអម្ចាស់នឹងអត់ទោសដល់អ្នកណា ដែលយើងនឹងអត់ទោស ប៉ុន្តែរីឯអ្នកវិញ គឺតម្រូវឲ្យអត់ទោសដល់មនុស្សទាំងអស់ » ។៨ ព្រះអម្ចាស់តម្រូវឲ្យយើងអភ័យទោសឲ្យមនុស្សទាំងអស់ដើម្បីជាប្រយោជន៍ដល់យើងខ្លួនឯង ។៩ ប៉ុន្តែ ទ្រង់ពុំសុំឲ្យយើងធ្វើវាដោយមិនមានជំនួយពីទ្រង់ សេចក្ដីស្រឡាញ់ និងព្រះតម្រិះរបស់ទ្រង់ឡើយ ។ តាមរយៈសេចក្ដីសញ្ញារបស់យើងជាមួយនឹងទ្រង់ យើងម្នាក់ៗអាចទទួលបានអំណាចនៃការពង្រឹង ការដឹកនាំ និងជំនួយដែលយើងត្រូវការដើម្បីអភ័យទោសឲ្យគេផង និងទទួលបានការអភ័យទោសផង ។
សូមបងប្អូនដឹងថា ការអភ័យទោសឲ្យនរណាម្នាក់មិនមានន័យថា បងប្អូនដាក់ខ្លួនឯងឲ្យនៅក្នុងស្ថានភាពមួយដែលបងប្អូននឹងបន្តមានភាពឈឺចាប់នោះទេ ។ « យើងអាចធ្វើការឆ្ពោះទៅរកការអភ័យទោសឲ្យនរណាម្នាក់បាន ហើយនៅតែទទួលបានការបំផុសគំនិតពីព្រះវិញ្ញាណឲ្យនៅឆ្ងាយពីពួកគេ » ។១០
ដូចអ័ប៊ីកែលបានជួយដាវីឌមិនឲ្យ « តូចចិត្តស្ដាយ »១១ និងទទួលបានជំនួយដែលលោកត្រូវការ ដូច្នេះព្រះអង្គសង្គ្រោះក៏នឹងជួយបងប្អូនដូចគ្នាដែរ ។ ទ្រង់ស្រឡាញ់បងប្អូន ហើយទ្រង់នឹងជួបបងប្អូននៅលើផ្លូវរបស់បងប្អូន « មានទាំងអំណាចប្រោសឲ្យជានៅក្នុងចំអេងស្លាបរបស់ទ្រង់ » ផង ។១២ ទ្រង់សព្វព្រះទ័យឲ្យបងប្អូនមានភាពសុខសាន្ត ។
ខ្ញុំសូមធ្វើជាសាក្សីដោយផ្ទាល់អំពីអព្ភូតហេតុនៃការព្យាបាលដួងចិត្តដែលមានកំហឹង ។ ដោយមានការអនុញ្ញាតពីឪពុកខ្ញុំ ខ្ញុំសូមចែកចាយថា ខ្ញុំបានធំឡើងនៅក្នុងផ្ទះមួយ ដែលខ្ញុំតែងតែមានអារម្មណ៍អសុវត្ថិភាព ដោយសារតែការធ្វើបាបផ្លូវចិត្ត និងពាក្យប្រមាថមើលងាយ ។ នៅក្នុងយុវវ័យ និងយុវមជ្ឈិមវ័យរបស់ខ្ញុំ ខ្ញុំបានអន់ចិត្តនឹងឪពុករបស់ខ្ញុំ ហើយខ្ញុំមានកំហឹងក្នុងចិត្តដែលកើតចេញពីការឈឺចាប់នោះ ។
អស់រយៈពេលជាច្រើនឆ្នាំ ខ្ញុំបានខិតខំស្វែករកភាពសុខសាន្ត និងការព្យាបាលនៅលើគន្លងនៃការអភ័យទោស ហើយខ្ញុំបានដឹងនៅក្នុងរបៀបដ៏ជ្រាលជ្រៅមួយថា ព្រះរាជបុត្រានៃព្រះដែលបានធួននឹងអំពើបាបរបស់ខ្ញុំ គឺជាព្រះអង្គសង្រ្គោះដដែល ដែលនឹងសង្គ្រោះអ្នកដែលបានធ្វើឲ្យខ្ញុំឈឺចាប់យ៉ាងខ្លាំង ។ ខ្ញុំអាចជឿលើសេចក្ដីពិតទីមួយហើយក៏ត្រូវជឿលើសេចក្ដីពិតទីពីរដែរ ។
នៅពេលដែលសេចក្ដីស្រឡាញ់របស់ខ្ញុំមានសម្រាប់ព្រះអង្គសង្គ្រោះបានកើនឡើង ដូច្នេះខ្ញុំក៏ប្រាថ្នាចង់ឲ្យអំណាចដ៏ប្រោសលោះរបស់ទ្រង់ព្យាបាលការឈឺចាប់ និងកំហឹងរបស់ខ្ញុំ ។ វាគឺជាដំណើរការមួយដែលមានរយៈពេលជាច្រើនឆ្នាំ ដែលទាមទារឲ្យមានភាពក្លាហាន ភាពងាយរងគ្រោះ ការតស៊ូ និងការរៀនដាក់ទីទុកចិត្តទៅលើអំណាចដ៏ទេវភាពរបស់ព្រះអង្គសង្គ្រោះ ដើម្បីសង្គ្រោះ និងព្យាបាល ។ ខ្ញុំនៅតែមានកិច្ចការដែលត្រូវធ្វើ ប៉ុន្តែដួងចិត្តរបស់ខ្ញុំលែងខឹងក្រោធចងគំនុំទៀតហើយ ។ ខ្ញុំត្រូវបានប្រទានឲ្យមាន « ចិត្តថ្មី »១៣ចិត្តមួយដែលមានអារម្មណ៍ស្រឡាញ់ផ្ទាល់ខ្លួនដ៏ជ្រាលជ្រៅ និងស្ថិតស្ថេររបស់ព្រះអង្គសង្គ្រោះ ដែលទ្រង់បានគង់នៅក្បែរខ្ញុំ ដឹកនាំខ្ញុំទៅកាន់កន្លែងដែលប្រពៃដោយទន់ភ្លន់ និងអត់ធ្មត់ ដែលបានទួញសោកជាមួយខ្ញុំ ហើយជ្រាបពីទុក្ខព្រួយរបស់ខ្ញុំ ។
ព្រះអម្ចាស់បានប្រទានឲ្យខ្ញុំនូវពរជ័យជាសំណងជាច្រើន ដូចដែលអ័ប៊ីកែលបាននាំអ្វីដែលដាវីឌត្រូវការដែរ ។ ទ្រង់បានបញ្ជូនគ្រូណែនាំមកក្នុងជីវិតខ្ញុំ ។ ហើយអ្វីដែលផ្អែមល្ហែម និងផ្លាស់ប្ដូរខ្លាំងបំផុតនោះគឺជាទំនាក់ទំនងរបស់ខ្ញុំជាមួយព្រះវរបិតាសួគ៌របស់ខ្ញុំ ។ តាមរយៈទ្រង់ខ្ញុំបានដឹងដោយមានអំណរគុណអំពីសេចក្ដីស្រឡាញ់ដ៏ទន់ភ្លន់ ប្រកបដោយការការពារ និងការណែនាំរបស់ព្រះវរបិតាដ៏ល្អឥតខ្ចោះ ។
អែលឌើរ រីឆាដ ជី ស្កត បានមានប្រសាសន៍ ៖ « បងប្អូនមិនអាចលុបចោលរឿងដែលបានកើតឡើងរួចហើយបានទេ ប៉ុន្តែបងប្អូនអាចអភ័យទោសបាន ។១៤ ការអភ័យទោសផ្សះផ្សាស្នាមរបួសដ៏ឈឺចាប់ខ្លោចផ្សា ពីព្រោះវាអនុញ្ញាតឲ្យសេចក្ដីស្រឡាញ់នៃព្រះសម្អាតដួងចិត្ត និងគំនិតដែលពុលដោយសារចិត្តស្អប់របស់បងប្អូន ។ វាលាងសម្អាតសតិសម្បជញ្ញៈរបស់បងប្អូនចេញពីបំណងចង់សងសឹក ។ វាផ្ដល់កន្លែងសម្រាប់ការបន្សុទ្ធ ការព្យាបាល និងការស្ដារឡើងវិញនូវសេចក្ដីស្រឡាញ់របស់ព្រះអម្ចាស់ » ។១៥
ឪពុកនៅលើផែនដីរបស់ខ្ញុំក៏បានផ្លាស់ប្ដូរនៅក្នុងដួងចិត្តប្រកបដោយអព្ភូតហេតុផងដែរនៅប៉ុន្មានឆ្នាំនេះ ហើយបានបែរទៅរកព្រះអម្ចាស់—ជាអ្វីមួយដែលខ្ញុំនឹកស្មានមិនដល់ទាល់តែសោះក្នុងជីវិតនេះ ។ នេះជាទីបន្ទាល់មួយទៀតរបស់ខ្ញុំអំពីអំណាចដ៏ពេញលេញ និងផ្លាស់ប្ដូររបស់ព្រះយេស៊ូវគ្រីស្ទ ។
ខ្ញុំដឹងថា ទ្រង់អាចព្យាបាលមនុស្សមានបាប និងអស់អ្នកដែលបានប្រព្រឹត្តអំពើបាបទាស់នឹងពួកគេបាន ។ ទ្រង់គឺជាព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះនៃពិភពលោកនេះ ដែលបានលះបង់ព្រះជន្មរបស់ទ្រង់ ដើម្បីយើងអាចរស់ម្ដងទៀតបាន ។ ទ្រង់មានបន្ទូល ៖ « ព្រះវិញ្ញាណព្រះអម្ចាស់សណ្ឋិតលើខ្ញុំ ពីព្រោះទ្រង់បានចាក់ប្រេងតាំងខ្ញុំ ឲ្យផ្សាយដំណឹងល្អដល់មនុស្សទ័លក្រ ទ្រង់បានចាត់ខ្ញុំឲ្យមក ដើម្បីនឹង ប្រោសមនុស្សដែលមានចិត្តសង្រេងហើយប្រកាសប្រាប់ពីសេចក្តីប្រោសលោះដល់ពួកឈ្លើយ និងសេចក្តីភ្លឺឡើងវិញដល់មនុស្សខ្វាក់ ហើយឲ្យ ដោះមនុស្សដែលត្រូវគេជិះជាន់ឲ្យរួច១៦
ទ្រង់ប្រទានការព្យាបាល ការជាសះស្បើយ និងការរំដោះ ដល់អស់អ្នកណាដែលមានចិត្តសង្រេង ជាប់ឃុំឃាំង ត្រូវគេជិះជាន់ និងប្រហែលជាខ្វាក់ ដោយសារតែការឈឺចាប់ ឬអំពើបាប ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ការព្យាបាល និងការជាសះស្បើយដែលទ្រង់ប្រទានឲ្យគឺមានពិតមែន ។ ពេលវេលានៃការជាសះស្បើយគឺរៀងៗខ្លួន ហើយយើងមិនអាចវិនិច្ឆ័យពេលវេលារបស់អ្នកដទៃបានទេ ។ វាជាការសំខាន់ក្នុងការអនុញ្ញាតឲ្យខ្លួនឯងមានពេលវេលាចាំបាច់ដើម្បីជាសះស្បើយ និងមានចិត្តល្អចំពោះខ្លួនឯងនៅក្នុងដំណើរការនៃការព្យាបាលនេះ ។ ព្រះអង្គសង្គ្រោះតែងតែមានព្រះទ័យមេត្តាករុណា និងយកចិត្តទុកដាក់ជានិច្ច ហើយត្រៀមព្រះកាយរួចជាស្រេចដើម្បីប្រទានជំនួយដែលយើងត្រូវការ ។១៧
នៅលើគន្លងនៃការអភ័យទោស និងការព្យាបាល មានជម្រើសមួយដើម្បីកុំបន្ដធ្វើតាមគន្លង ឬទំនាក់ទំនងមិនល្អនោះនៅក្នុងក្រុមគ្រួសាររបស់យើង ឬនៅកន្លែងផ្សេងទៀត ។ យើងអាចមាន សន្ដានចិត្តល្អ ជាការឆ្លើយតបនឹងភាពឃោរឃៅ សេចក្ដីស្រឡាញ់ជាការឆ្លើយតបនឹងការស្អប់ ភាពទន់ភ្លន់ជាការឆ្លើយតបនឹងភាពគំរោះគំរោយ សុវត្ថិភាពជាការឆ្លើយតបនឹងទុក្ខព្រួយ ហើយសេចក្ដីសុខសាន្ដជាការឆ្លើយតបនឹងជម្លោះ ទាំងអស់នេះគឺស្ថិតនៅក្រោមឥទ្ធិពលរបស់យើង ។
ការផ្ដល់នូវអ្វីដែលបងប្អូនមិនបានទទួលគឺជាផ្នែកមួយដ៏មានឥទ្ធិពលនៃការព្យាបាលដ៏ទេវភាព ដែលអាចទទួលបានតាមរយៈសេចក្ដីជំនឿនៅលើព្រះយេស៊ូវគ្រីស្ទ ។ ការរស់នៅក្នុងរបៀបមួយដែលបងប្អូនផ្ដល់ឲ្យនូវភួងលម្អជំនួសផេះនៃជីវិតរបស់បងប្អូន ដូចជាអេសាយបានមានប្រសាសន៍១៨ គឺជាសកម្មភាពនៃសេចក្ដីជំនឿដែលដើរតាមគំរូដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គសង្គ្រោះ ដែលបានរងទុក្ខគ្រប់យ៉ាងដើម្បីទ្រង់អាចជួយដល់យើងតាមជម្ងឺរបស់យើង ។
យ៉ូសែបនៃស្រុកអេស៊ីព្ទបានរស់នៅក្នុងជីវិតផេះផង់ ។ លោកត្រូវបានបងៗរបស់លោកស្អប់ ក្បត់ លក់លោកទៅក្នុងសេវកភាព ត្រូវជាប់ទោសទាំងគ្មានកំហុស ហើយអ្នកដែលសន្យាថានឹងជួយលោកបានបំភ្លេចលោកចោល ។ ប៉ុន្ដែ លោកបានដាក់ទីទុកចិត្តទៅលើព្រះយេហូវ៉ា ។ « ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងយ៉ូសែប »១៩ ហើយទ្រង់បានញែកការសាកល្បងទាំងឡាយរបស់លោកឲ្យទៅជាពរជ័យ និងភាពរីកចម្រើនផ្ទាល់ខ្លួនលោកវិញ—និងទៅជាការសង្គ្រោះក្រុមគ្រួសាររបស់លោក និងសាសន៍អេស៊ីព្ទទាំងអស់ ។
នៅពេលយ៉ូសែបបានជួបនឹងបងៗរបស់លោកក្នុងនាមជាអ្នកដឹកនាំដ៏អស្ចារ្យនៅស្រុកអេស៊ីព្ទ ការអភ័យទោស និងទស្សនវិស័យដ៏ស្អាតស្អំរបស់លោកបានបង្ហាញនៅក្នុងពាក្យសម្ដីដ៏សប្បុរស ដែលលោកបានមានប្រសាសន៍ ៖
« ឥឡូវ នេះ កុំ ឲ្យ អ្នក រាល់ គ្នា ព្រួយ ឬ តូច ចិត្ត ដោយ បាន លក់ ខ្ញុំ មក ទី នេះ ឡើយ ពី ព្រោះ គឺ ព្រះ ទេ តើ ដែល ទ្រង់ ចាត់ ខ្ញុំ មក ជា មុន ដើម្បី នឹង រក្សា ជីវិត អ្នក រាល់ គ្នា ទុក ។ …
« ដូច្នេះមិនមែនអ្នករាល់គ្នាដែលឲ្យខ្ញុំមកទីនេះទេ គឺជាព្រះវិញទេតើ » ។២០
តាមរយៈព្រះអង្គសង្គ្រោះ ជីវិតរបស់យ៉ូសែបបានប្រែជា « ភួងលម្អជំនួសផេះ » ។២១
ខេវិន ជេ វើសហ្សិន ជាប្រធាននៃសកលវិទ្យាល័យ ប៊ី.វ៉ាយ.យូ. បានមានប្រសាសន៍ថា ព្រះ « អាចធ្វើឲ្យមានការណ៍ល្អ … មិនត្រឹមតែចេញពីជោគជ័យរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏ចេញពីភាពបរាជ័យរបស់យើង និងភាពបរាជ័យរបស់មនុស្សដទៃដែលនាំឲ្យយើងឈឺចាប់ផងដែរ ។ ព្រះទ្រង់ល្អ និងមានព្រះចេស្ដាខ្លាំងដល់ថ្នាក់នោះមែន » ។២២
ខ្ញុំសូមថ្លែងទីបន្ទាល់ថា គំរូដ៏អស្ចារ្យនៃសេចក្ដីស្រឡាញ់ និងការអភ័យទោសគឺមកពីព្រះអង្គសង្គ្រោះរបស់យើង គឺព្រះយេស៊ូវគ្រីស្ទ ដែលបានមានបន្ទូលទាំងឈឺចាប់ខ្លាំងថា « ឱព្រះវរបិតាអើយ សូមអត់ទោសដល់អ្នកទាំងនេះផង ដ្បិតគេមិនដឹងជាគេធ្វើអ្វីទេ » ។២៣
ខ្ញុំដឹងថា ព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌សព្វព្រះទ័យឲ្យយើងម្នាក់ៗដែលជាបុត្រាបុត្រីរបស់ទ្រង់មាននូវសេចក្ដីល្អ និងក្ដីសង្ឃឹម ។ នៅក្នុងគម្ពីរយេរេមា យើងអានថា « ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា យើងស្គាល់សេចក្តីដែលយើងគិតពីដំណើរឯងរាល់គ្នា មិនមែនគិតធ្វើសេចក្តីអាក្រក់ទេ គឺគិតឲ្យបានសេចក្តីសុខវិញ » ។២៤
ព្រះយេស៊ូវគ្រីស្ទគឺជាព្រះមែស៊ីផ្ទាល់ខ្លួនរបស់បងប្អូន ជាព្រះប្រោសលោះ និងព្រះអង្គសង្គ្រោះដ៏ជាទីស្រឡាញ់របស់បងប្អូន ដែលជ្រាបរាល់ការអង្វរករក្នុងដួងចិត្តរបស់បងប្អូន ។ ទ្រង់សព្វព្រះទ័យឲ្យបងប្អូនទទួលបានការព្យាបាល និងមានសុភមង្គល ។ ទ្រង់ស្រឡាញ់បងប្អូន ។ ទ្រង់ព្រះកន្សែងជាមួយបងប្អូននៅក្នុងទុក្ខសោករបស់បងប្អូន ហើយអរព្រះទ័យក្នុងការធ្វើឲ្យបងប្អូនបានជាសះស្បើយ ។ សូមឲ្យយើងមានសេចក្ដីសង្ឃឹម និងទទួលយកព្រះហស្ដដែលប្រកបដោយសេចក្ដីស្រឡាញ់របស់ទ្រង់ដែលតែងតែលាតសន្ធឹង២៥នៅពេលយើងដើរនៅលើគន្លងព្យាបាលនៃការអភ័យទោស នេះជាការអធិស្ឋានរបស់ខ្ញុំ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕