ភាពជាសិស្សដ៏យូរអង្វែង
យើងអាចរកឃើញនូវទំនុកចិត្ត និងសេចក្តីសុខសាន្តខាងវិញ្ញាណ នៅពេលយើងចិញ្ចឹមបីបាច់ទម្លាប់បរិសុទ្ធ និងទម្លាប់សុចរិតនានា ដែលអាចទ្រទ្រង់ និងបង្កើតនូវសេចក្តីជំនឿរបស់យើង ។
ក្នុងអំឡុងរដូវក្តៅកន្លងមកនេះ យុវវ័យរបស់យើងជាង ១៥០,០០០ នាក់នៅទូទាំងពិភពលោកបានរីកចម្រើនក្នុងសេចក្តីជំនឿក្នុងវគ្គមួយក្នុងចំណោមការប្រជុំជាច្រើនសប្តាហ៍នៃកម្មវិធី ដើម្បីកម្លាំងនៃយុវជន ឬសន្និសីទ FSY ។ ការចេញពីភាពឯកោនៃជំងឺរាតត្បាត ចំពោះមនុស្សជាច្រើន វាជាសកម្មភាពនៃសេចក្ដីជំនឿលើព្រះអម្ចាស់ដើម្បីទៅចូលរួម ។ អ្នកចូលរួមវ័យក្មេងជាច្រើននាក់ ហាក់ដូចជាធ្វើតាមរង្វង់នៃការឆ្ពោះទៅរកការប្រែចិត្តជឿបន្តិចម្តងៗ និងកាន់តែស៊ីជម្រៅឡើង ។ នៅចុងសប្តាហ៍របស់ពួកគេ ខ្ញុំចង់សួរដល់ពួកគេថា « តើវាយ៉ាងម៉េចដែរ ? »
ពេលខ្លះពួកគេនិយាយពីអ្វីមួយដូចនេះថា ៖ « មែនហើយ នៅថ្ងៃចន្ទ ខ្ញុំធុញនឹងម្តាយខ្ញុំខ្លាំងណាស់ ពីព្រោះគាត់បានបង្ខំឲ្យខ្ញុំមកទីនេះ ។ ហើយខ្ញុំអត់ស្គាល់អ្នកណាម្នាក់ទាល់តែសោះ ។ ហើយខ្ញុំគិតថា កម្មវិធីនេះមិនត្រូវនឹងខ្ញុំទេ ។ ហើយខ្ញុំនឹងមិនមានមិត្តនោះទេ ។ ប៉ុន្តែឥឡូវថ្ងៃសុក្រហើយខ្ញុំចង់នៅទីនេះបន្តទៀត ។ ខ្ញុំចង់ទទួលអារម្មណ៍នៃព្រះវិញ្ញាណនៅក្នុងជីវិតរបស់ខ្ញុំ ។ ខ្ញុំចង់រស់នៅបែបនេះ » ។
ពួកគេម្នាក់ៗមានដំណើររឿងរៀងៗខ្លួន ដើម្បីប្រាប់ពីគ្រានៃភាពច្បាស់លាស់ និងអំណោយទានខាងវិញ្ញាណដែលពួកគេទទួលអារម្មណ៍ ហើយនាំពួកគេឲ្យទៅតាមរង្វង់នៃការរីកចម្រើននោះ ។ ខ្ញុំក៏ត្រូវបានផ្លាស់ប្តូរដោយ FSY នៅរដូវក្តៅនេះដែរ ខណៈដែលខ្ញុំបានឃើញព្រះវិញ្ញាណនៃព្រះឆ្លើយតបដោយឥតឈប់ឈរចំពោះសេចក្តីប្រាថ្នាដ៏សុចរិតនៃដួងចិត្តបុគ្គលម្នាក់ៗនៃក្រុមប្អូនក្មេងៗទាំងនេះ ដែលបុគ្គលម្នាក់ៗបានរកឃើញភាពក្លាហានក្នុងការទីពឹងលើទ្រង់ក្នុងរយៈពេលមួយសប្តាហ៍ក្នុងការមើលថែរបស់ទ្រង់ ។
ដូចជាកប៉ាល់ដែកដែលមានតួខ្លួនភ្លឺចែងចាំងនៅលើសមុទ្រ ឯយើងរស់នៅក្នុងបរិយាកាសដែលអាចមានគ្រោះថ្នាក់ ខាងវិញ្ញាណ ដែលជំនឿត្រូវតែថែរក្សាដោយយកចិត្តទុកដាក់ឲ្យខ្លាំងបំផុត ឬក៏ទុកវាឲ្យច្រេះស៊ី ពុកផុយ ហើយបន្ទាប់មកប្រែជារលាយបាត់ទៅ ។
តើអ្វីខ្លះដែលយើងអាចធ្វើដើម្បីរក្សាកំម្លាំងនៃជំនឿរបស់យើងបាន ?
បទពិសោធន៍ដូចជាសន្និសីទ FSY បោះជំរុំ ការប្រជុំសាក្រាម៉ង់ និងបេសកកម្ម អាចជួយពង្រឹងទីបន្ទាល់របស់យើងបាន ដោយនាំយើងឆ្លងកាត់រង្វង់នៃការរីកចម្រើន និងការរកឃើញខាងវិញ្ញាណដើម្បីទៅកាន់កន្លែងនៃសេចក្តីសុខសាន្ត ។ ប៉ុន្តែអ្វីដែលយើងត្រូវធ្វើដើម្បីនៅទីនោះ និងបន្តដើម្បី « ឈានទៅមុខដោយខ្ជាប់ខ្ជួននៅក្នុងព្រះគ្រីស្ទ » ( នីហ្វៃទី ២ ៣១:២០ ) ជាជាងចុះអន់ថយទីបន្ទាល់ ។ យើងត្រូវតែបន្តធ្វើរឿងទាំងនោះដែលនាំយើងទៅទីនោះតាំងពីដំបូង ដូចជាការអធិស្ឋានជាញឹកញាប់ ធ្វើឲ្យខ្លួនយើងជ្រមុជក្នុងបទគម្ពីរ និងការបម្រើដោយស្មោះ ។
វាអាចទាមទារឲ្យពួកយើងមួយចំនួនមានការអនុវត្តការទុកចិត្តទីពឹងលើព្រះអម្ចាស់ សូម្បីតែការចូលរួមការប្រជុំសាក្រាម៉ង់ក្តី ។ ប៉ុន្តែនៅពេលយើងនៅទីនោះចូលរួមការប្រជុំសាក្រាម៉ង់នោះ ឥទ្ធិពលនៃការព្យាបាលនៃសាក្រាម៉ង់របស់ព្រះអម្ចាស់ ការបញ្ចូលគោលការណ៍នៃដំណឹងល្អ និងការចិញ្ចឹមបីបាច់នៃសហគមន៍នៃព្រះវិហារអាចបញ្ជូនយើងទៅផ្ទះដោយមានការបំផុសគំនិត និងពង្រឹងខាងវិញ្ញាណបាន ។
តើសិទ្ធិអំណាចនៅក្នុងការប្រមូលផ្តុំជួបជុំគ្នាបានមកពីណា ?
នៅ FSY យុវវ័យរាប់ពាន់នាក់របស់សាសនាចក្រ និងជាយុវវ័យជាច្រើនទៀងតចាប់ផ្តើមស្គាល់ព្រះអង្គសង្រ្គោះកាន់តែបានប្រសើរជាងមុន ដោយការប្រើប្រាស់រូបមន្តងាយៗនៃការមកជួបជុំគ្នា ដែលមានពួកគេពីរនាក់ ឬច្រើននាក់ប្រមូលផ្តុំក្នុងព្រះនាមរបស់ទ្រង់ ( សូមមើល ម៉ាថាយ ១៨:២០ចូលរួមក្នុងដំណឹងល្អ និងព្រះគម្ពីរ ច្រៀងជាមួយគ្នា អធិស្ឋានជាមួយគ្នា និងស្វែងរកសេចក្តីសុខសាន្តក្នុងព្រះគ្រីស្ទ ។ នេះគឺជារបៀបដ៏មានអានុភាពសម្រាប់ការដាស់ខាងវិញ្ញាណ ។
ក្រុមបងប្អូនប្រុសស្រីដ៏ច្រើននេះឥឡូវបានត្រឡប់ទៅផ្ទះវិញដើម្បីឲ្យនិយមន័យពីអត្ថន័យនៃការនៅតែ « ទីពឹងលើទ្រង់ » ( សុភាសិត ៣:៥; បាវចនាយុវវ័យ ឆ្នាំ២០២២ )នៅពេលហ៊ុមព័ទ្ធដោយពិភពលោកដ៏អ៊ូអរ មួយនេះ ។ វាជារឿងមួយដែលត្រូវ « ស្ដាប់តាមទ្រង់ »( យ៉ូសែប ស្ម៊ីធ — ប្រវត្តិ ១: ១៧ )នៅទីសញ្ជឹងគិតដោយស្ងប់ស្ងាត់ ដែលមានព្រះគម្ពីរបើកចំហរយ៉ាងធំ ។ ប៉ុន្តែវាជារឿងផ្សេងទៀតក្នុងអនុវត្តភាពជាសិស្សរបស់យើងទៅក្នុងភាពចលាចលពីការរំខាននានា ដែលយើងត្រូវតែខិតខំ « ស្ដាប់តាមទ្រង់ » ទោះជាពីខ្លួនឯងមិនសូវច្បាស់ និងទំនុកចិត្តធ្លាក់ចុះក្តី ។ សូមកុំមានការសង្ស័យ វាជាឥរិយាបទនៃវីរបុរសដែលយុវវ័យយើងមាន នៅពេលដែលពួកគេដាក់កាយដាក់ចិត្ត និងគំនិតរបស់ពួកគេឲ្យនៅរឹងមាំប្រឆាំងនឹងសីលធម៌ផ្លាស់ប្តូរនៅសម័យរបស់យើង ។
តើក្រុមគ្រួសារអាចធ្វើអ្វីខ្លះនៅផ្ទះដើម្បីស្ថាបនានៅលើសន្ទុះដែលបានបង្កើតឡើងនៅឯសកម្មភាពនានារបស់សាសនាចក្រ ?
នៅគ្រាមួយខ្ញុំធ្លាប់បានបម្រើជាស្វាមីរបស់ប្រធានយុវនារីស្តេក ។ នៅយប់មួយ ខ្ញុំត្រូវទទួលភារកិច្ចឲ្យរៀបចំនំខូឃីនៅច្រកផ្លូវចូលមួយ ខណៈដែលភរិយារបស់ខ្ញុំកំពុងប្រជុំពិសេសមួយនៅក្នុងសាលាប្រជុំសម្រាប់ឪពុកម្តាយ និងកូនស្រីរបស់ពួកគាត់រៀបចំខ្លួនចូលរួមការបោះជំរំក្រុមយុវនារី នៅសប្តាហ៍ក្រោយ ។ បន្ទាប់ពីពន្យល់ពីកន្លែងដែលត្រូវទៅ និងអ្វីដែលត្រូវយកមក គាត់បាននិយាយថា « ឥឡូវនេះ នៅព្រឹកថ្ងៃអង្គារ ពេលបងប្អូនជូនកូនស្រីដ៏ស្រស់ស្អាតរបស់បងប្អូនទៅដាក់ឡានក្រុង សូមបងប្អូនឱបពួកគេឲ្យណែន ។ ហើយសូមបងប្អូនថើបលាពួកគេ—ព្រោះពួកគេនឹងមិនត្រឡប់មកវិញឡើយ » ។
ខ្ញុំបានឮនរណាម្នាក់ដង្ហក់រកខ្យល់ បន្ទាប់មកទើបដឹងថាជារូបខ្ញុំ ។ « មិនត្រឡប់មកវិញ ? »
ប៉ុន្តែបន្ទាប់មកគាត់បានពន្យល់ថា « នៅពេលបងប្អូនជូនកូននៅព្រឹកថ្ងៃអង្គារនោះ ពួកគេនឹងបោះបង់ចោលនូវការរំខានតូចតាចទាំងឡាយហើយចំណាយពេលមួយសប្តាហ៍ជាមួយគ្នាដើម្បីរៀន និងរីកចម្រើន និងទីពឹងលើព្រះអម្ចាស់ ។ យើងនឹងអធិស្ឋានជាមួយគ្នា ហើយច្រៀង និងចម្អិនអាហារ ហើយបម្រើជាមួយគ្នា ហើយចែកចាយទីបន្ទាល់ជាមួយគ្នា ហើយធ្វើអ្វីដែលនាំឲ្យយើងទទួលអារម្មណ៍ពីព្រះវិញ្ញាណរបស់ព្រះវរបិតាសួគ៌ពេញមួយសប្តាហ៍រហូតទាល់តែវាជ្រាបចូលដល់ក្រអៅបេះដូងរបស់ពួកយើង ។ ហើយនៅថ្ងៃសៅរ៍ កូនស្រីទាំងនោះដែលបងប្អូនឃើញចុះពីឡានក្រុង គឺជាមនុស្សថ្មីម្នាក់ដែលមិនមែនជាកូនដែលបងប្អូនបានជូនទៅដាក់ឡានកាលពីថ្ងៃអង្គារនោះឡើយ ។ ពួកគេនឹងជាមនុស្សថ្មី ។ ហើយប្រសិនបើបងប្អូនជួយពួកគេឲ្យបន្តពីគុណសម្បត្តិល្អនោះ ពួកគេនឹងធ្វើឲ្យបងភ្ញាក់ផ្អើលជាខ្លាំង ។ ពួកគេនឹងបន្តផ្លាស់ប្តូរ ហើយរីកចម្រើន ។ ហើយគ្រួសាររបស់បងប្អូនក៏ផ្លាស់ប្តូរផងដែរ » ។
នៅថ្ងៃសៅរ៍នោះ គឺដូចជាគាត់បានទស្សន៍ទាយដូច្នោះដែរ ។ នៅពេលខ្ញុំរៀបចំតង់ ខ្ញុំបានឮសំឡេងភរិយាខ្ញុំនៅក្នុងរោងមហោស្រពឈើតូចមួយ ដែលក្មេងស្រីៗបានជួបជុំគ្នាមុនពេលត្រឡប់ទៅផ្ទះវិញ ។ ខ្ញុំបានឮគាត់និយាយថា « អូ ប្អូនៗនៅទីនេះទេឬ ។ ពួកយើងបានរកមើលប្អូនៗអស់ពេញមួយសប្តាហ៍ ។ មនុស្សថ្មីរបស់យើង » ។
យុវវ័យដ៏រឹងមាំនៃទីក្រុងស៊ីយ៉ូន កំពុងធ្វើដំណើរឆ្លងកាត់ពេលវេលាដ៏គួរស្ងប់ស្ងែង ។ ស្វែងរកអំណរ ក្នុង ពិភពលោកនៃការរំខានដែលបានព្យាករណ៍ ដោយគ្មានការក្លាយជាផ្នែក នៃ ពិភពលោកនោះ ដោយពីរចំណុចងងឹតឆ្ពោះទៅរកបរិសុទ្ធភាព គឺជាការទទួលខុសត្រូវដ៏ពិសេសរបស់ពួកគេ ។ ប្រហែលជាមួយរយឆ្នាំទៅហើយ ជី ខេ ឆេស្ទ័រតុន បាននិយាយស្ទើរតែហាក់បីដូចជាគាត់បានឃើញការស្វែងរកនេះដូចជាការផ្តោតនៅលើគេហដ្ឋាន និងបានគាំទ្រដោយសាសនាចក្រ នៅពេលគាត់មានប្រសាសន៍ថា « យើងត្រូវចេញទៅរៀនស្គាល់ពិភពលោកនេះឲ្យបានច្រើនទោះបីជាយើងមិនយល់ស្របជាមួយនឹងអ្វីៗទាំងនោះក្តី ក៏យើងនៅមានផ្ទះដែលយើងអាចត្រឡប់ទៅរកព្រោះជាទីជម្រកដ៏មានសុវត្ថិភាព » ( ជី ខេ ឆេស្ទ័រតុន Orthodoxy
អរគុណណាស់ដែលពួកគេមិនបានចេញទៅក្រៅទប់ទល់នឹងព្យុះភ្លៀងតែម្នាក់ឯង ។ ពួកគេមានគ្នា ។ ហើយពួកគេមានបងប្អូន ។ ហើយពួកគេធ្វើតាមព្យាការីដែលនៅរស់ គឺប្រធាន រ័សុល អិម ណិលសុន ដែលដឹកនាំដោយការដឹងដ៏សុទិដ្ឋិនិយមនៃអ្នកមើលឆុត នៅក្នុងការប្រកាសថា ការខិតខំដ៏អស្ចារ្យនៃពេលវេលាទាំងនេះ—ការប្រមូលសាសន៍អ៊ីស្រាអែល—នឹងអស្ចារ្យ ហើយខ្ពង់ខ្ពស់ ( សូមមើល « សង្ឃឹមអ៊ីស្រាអែលl » [ ការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោកសម្រាប់យុវវ័យ ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ] នៅលើគេហទំព័រ HopeofIsrael.ChurchofJesusChrist.org ) ។
នៅរដូវក្តៅនេះ ភរិយាខ្ញុំ ខាលៀន និងខ្ញុំកំពុងផ្លាស់ប្តូរជើងហោះហើរនៅទីក្រុង អាំស្ទែដាំ ដែលជាកន្លែងកាលពីប៉ុន្មានឆ្នាំមុន ខ្ញុំបានធ្វើជាអ្នកផ្សព្វផ្សាយសាសនាថ្មី ។ ខ្ញុំបាននឹកចាំពីការពុះពាររៀនភាសាហូឡង់អស់ជាច្រើនខែ ជើងហោះហើរ KLM របស់យើងបានចុះចត ហើយអ្នកបើកយន្តហោះបានធ្វើការប្រកាសអ្វីមួយដែលស្តាប់មិនយល់មួយតាមប្រព័ន្ធ PA ។ ដោយស្ងាត់មួយសន្ទុះ ដៃគូរបស់ខ្ញុំបាននិយាយតិចៗថា « ខ្ញុំគិតថា នោះគឺជាភាសាហូឡង់ » ។ យើងក្រឡេកមើលមុខគ្នាហើយគិតថា ៖ ភ្លេចអស់ហើយ ។
ប៉ុន្តែអ្វីៗមិនបាត់បង់ទាំងអស់ទេ ។ នៅពេលខ្ញុំកំពុងស្លុងយ៉ាងខ្លាំងលើការពុះពារចំពោះសេចក្តីជំនឿដែលយើងបានទទួលកាលដែលយើងបានដើរកាត់អាកាសយានដ្ឋាននេះទៅកាន់អព្ភូតហេតុដែលស្រោចមកលើយើងក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនា កាលពេលនោះ ស្រាប់តែខ្ញុំបានឮសំឡេងហៅដោយអ្នកផ្សព្វផ្សាយសាសនាម្នាក់ដែលកំពុងជិះយន្តហោះត្រឡប់ទៅផ្ទះវិញ ។ គាត់បានណែនាំខ្លួនគាត់ ហើយខ្ញុំបានសួរថា « លោកប្រធាន ឡាន់ តើឥឡូវនេះខ្ញុំត្រូវធ្វើអ្វីដូចម្តេច ? » តើខ្ញុំត្រូវធ្វើអ្វីដើម្បីនៅតែរឹងមាំ ?
នេះជាសំណួរដូចគ្នាដែលមានក្នុងចិត្តយុវវ័យរបស់យើង នៅពេលពួកគេចាកចេញពីសន្និសីទ FSY ជំរំយុវជន ធ្វើដំណើរទៅ ហើយព្រះវិហារបរិសុទ្ធ និងគ្រប់ពេលដែលពួកគេទទួលបាននូវព្រះចេស្តានៃស្ថានសួគ៌ ៖« តើការស្រឡាញ់ព្រះអាចប្រែក្លាយភាពជាសិស្សឲ្យនៅដ៏ស្ថិតស្ថេរបានដោយរបៀបណា ? » ។
ខ្ញុំស្រឡាញ់កាន់តែខ្លាំងឡើងចំពោះអ្នកផ្សព្វផ្សាយសាសនាដែលមានភ្នែកភ្លឺថ្លាម្នាក់នេះដែលកំពុងបម្រើនៅនាទីចុងក្រោយនៃបេសកកម្មរបស់គាត់ ហើយនៅក្នុងភាពស្ងប់ស្ងាត់មួយសន្ទុះនៃព្រះវិញ្ញាណ ខ្ញុំបានឮសំឡេងខ្ញុំក្តុកក្តួលកាលខ្ញុំនិយាយយ៉ាងសាមញ្ញថា « ប្អូនមិនចាំបាច់ពាក់ស្លាកឈ្មោះនេះដើម្បីថ្លែងពីព្រះនាមទ្រង់នោះទេ ។
ខ្ញុំចង់ដាក់ដៃលើស្មាគាត់ ហើយនិយាយថា « នេះជាអ្វីដែលប្អូនធ្វើ ។ ប្អូនទៅផ្ទះ ហើយប្អូនគ្រាន់តែធ្វើដូចនេះបានហើយ ។ ប្អូនល្អខ្លាំងណាស់ រស្មីនៃសេចក្តីល្អរបស់ប្អូនស្ទើរតែមិនចាំបាច់បើកភ្លើងក្នុងបន្ទប់ក៏បានដែរ ។ ការហាត់ពត់លត់ដំនៅបេសកកម្ម និងការលះបង់របស់ប្អូនបានធ្វើឲ្យប្អូនក្លាយជាបុត្រាដ៏អស្ចារ្យរបស់ព្រះ ។ សូមបន្តធ្វើនៅផ្ទះដូចអ្វីដែលវាមានអានុភាពចំពោះប្អូននៅក្នុងបេសកកម្មនេះ ។ ប្អូនបានរៀនអធិស្ឋាន និងអង្គដែលប្អូនអធិស្ឋានទៅ និងភាសានៃការអធិស្ឋាន ។ ប្អូនបានសិក្សាព្រះបន្ទូលរបស់ទ្រង់ ហើយចាប់ផ្តើមស្រឡាញ់ព្រះអង្គសង្គ្រោះ ដោយព្យាយាមធ្វើជាដូចទ្រង់ ។ ប្អូនបានស្រឡាញ់ព្រះវរបិតាសួគ៌ដូចជាទ្រង់ស្រឡាញ់ព្រះវរបិតារបស់ទ្រង់ បម្រើអ្នកដទៃដូចជាទ្រង់បានបម្រើអ្នកដទៃ ហើយរស់នៅតាមព្រះបញ្ញត្តិដូចទ្រង់បានរស់នៅតាមព្រះបញ្ញត្តិដែរ—ហើយពេលប្អូនមិនបានធ្វើ នោះប្អូនបានប្រែចិត្ត ។ ភាពជាសិស្សរបស់ប្អូនមិនគ្រាន់តែជាពាក្យស្លោកនៅលើអាវយឺតនោះទេ—វាបានប្រែក្លាយជាចំណែកមួយក្នុងជីវិតរបស់ប្អូន ហើយដែលរស់នៅដោយមានគោលបំណងសម្រាប់អ្នកដទៃទៀត ។ ដូច្នេះ សូមប្អូនទៅផ្ទះ ហើយប្អូនធ្វើបែបនេះទៀតចុះ ។ ធ្វើបែបហ្នឹង ។ សូមបន្តសន្ទុះខាងវិញ្ញាណនេះទៅក្នុងជីវិតដែលនៅសេសសល់របស់ប្អូនរហូតទៅ ។
ខ្ញុំដឹងថា តាមរយៈការទីពឹងលើព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ និងផ្លូវនៃសេចក្តីសញ្ញារបស់ទ្រង់ នោះយើងអាចរកឃើញនូវទំនុកចិត្ត និងសេចក្តីសុខសាន្តខាងវិញ្ញាណ នៅពេលយើងចិញ្ចឹមបីបាច់ទម្លាប់បរិសុទ្ធ និងទម្លាប់សុចរិតនានា ដែលអាចទ្រទ្រង់ និងបង្កើតនូវសេចក្តីជំនឿរបស់យើង ។ សូមឲ្យយើងម្នាក់ៗខិតទៅជិតកម្លាំងពង្រឹងទាំងនោះ ហើយទោះជាមានអ្វីកើតឡើងក្តី សូមនៅរឹងមាំ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕