ឲ្យបានល្អឥតខ្ចោះនៅក្នុងទ្រង់
ភាពល្អឥតខ្ចោះរបស់យើងអាចកើតមានតែតាមរយៈព្រះគុណរបស់ព្រះតែប៉ុណ្ណោះ ។
ព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះយើង គឺព្រះយេស៊ូវគ្រីស្ទ មានព្រះចេស្ដាដើម្បីសង្គ្រោះ និងផ្លាស់ប្ដូរយើង ។ ទ្រង់អាចជួយយើងឲ្យប្រែក្លាយដូចជាទ្រង់ទាំងទ្វេ ។
កាលពីពីរបីឆ្នាំមុន អើរ៉ុន ចៅប្រុសវ័យក្មេងម្នាក់របស់យើង បានចាប់ផ្ដើមមានបញ្ហាសុខភាព ។ គាត់អស់កម្លាំង ហើយមានស្នាមជាំខ្លះៗ មើលទៅពុំមានសុខភាពល្អនោះទេ ។ បន្ទាប់ពីគ្រូពេទ្យបានពិនិត្យហើយ គាត់ត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺកង្វះកោសិកាឈាមដ៏ធ្ងន់ធ្ងរ ជាជំងឺមួយដែលខួរឆ្អឹងរបស់គាត់ឈប់បង្កើតកោសិកាឈាមក្រហម ឈាមស និងផ្លាកែត ។ បើគ្មានការព្យាបាលឲ្យជាសះស្បើយទេ នោះឈាមរបស់គាត់ពុំកកបានត្រឹមត្រូវ ឬអាចប្រឆាំងនឹងការឆ្លងមេរោគផ្សេងៗបានឡើយ—ដូច្នេះសូម្បីតែការដួល របួស ឬការឈឺបន្ដិចបន្តួច ក៏អាចក្លាយជាការគំរាមកំហែងដល់អាយុជីវិតមួយរំពេចបានផងដែរ ។
អើរ៉ុនបានទទួលគ្រាប់ឈាមផ្លាកែត និងការបញ្ចូលឈាមជាប្រចាំអស់មួយរយៈ ដើម្បីកុំឲ្យគាត់មានគ្រោះថ្នាក់ ។ ក្រុមវេជ្ជបណ្ឌិតបានពន្យល់ថា ការព្យាបាលតែមួយគត់ដើម្បីឲ្យជំងឺនេះបានជា គឺការប្ដូរខួរឆ្អឹង ហើយឱកាសទទួលជោគជ័យល្អបំផុត គឺត្រូវមានបងប្អូនបង្កើតណាម្នាក់ជាអ្នកផ្ដល់ខួរឆ្អឹងឲ្យ ។ បើបងប្អូនបង្កើតណាម្នាក់របស់គាត់មានភាពត្រូវគ្នាល្អ នោះលទ្ធផលនៃការប្តូរខួរឆ្អឹងអាចជួយសង្គ្រោះជីវិតបាន ។ គេបានពិនិត្យប្អូនប្រុសទាំងបួននាក់របស់គាត់ ហើយមានប្អូនប្រុសម្នាក់ ឈ្មោះម៉ាក់ស៍វ៉ែល ដែលត្រូវគ្នាយ៉ាងឥតខ្ចោះ ។
ទោះបីជាមានភាពត្រូវគ្នាយ៉ាងឥតខ្ចោះក្តី ក៏ការប្ដូរខួរឆ្អឹងនៅតែជាហានិភ័យធ្ងន់ធ្ងរមួយដែរ ។ ដំណើរការនោះតម្រូវឲ្យកោសិកាខួរឆ្អឹងរបស់អើរ៉ុនដែលមានជំងឺនោះត្រូវបំផ្លាញដោយការព្យាបាលប្រើគីមី និងវិទ្យុសកម្មរួមគ្នា មុនពេលទទួលកោសិកាមេពីខួរឆ្អឹងរបស់ប្អូនប្រុសរបស់គាត់ ម៉ាក់ស៍វ៉ែល ។ តែដោយសារតែប្រព័ន្ធភាពស៊ាំរបស់អើរ៉ុនចុះខ្សោយ គាត់ត្រូវដាក់ឲ្យនៅតែឯងក្នុងមន្ទីរពេទ្យចំនួនបីបួនសប្ដាហ៍ ហើយក្រោយមកនៅផ្ទះបីបួនខែទៀត ដោយមានការព្យាបាល ការដាក់កំហិត និងការផ្ដល់ថ្នាំជាពិសេស ។
លទ្ធផលដែលរំពឹងទុកពីការប្ដូរខួរឆ្អឹង គឺថារាងកាយរបស់អើរ៉ុនពុំបានបដិសេធកោសិការបស់អ្នកបរិច្ចាគទេ ហើយកោសិការបស់ម៉ាក់ស៍វ៉ែលបានបង្កើតកោសិកាឈាមក្រហម និងឈាមស ព្រមទាំងផ្លាកែតដែលរាងកាយរបស់អើរ៉ុនត្រូវការ ។ ការប្តូរខួរឆ្អឹងរបស់អ្នកបរិច្ចាគដ៏ជោគជ័យមួយបណ្តាលឲ្យមានការផ្លាស់ប្តូរសរីរវិទ្យាពិតប្រាកដមួយ ។ អស្ចារ្យណាស់ វេជ្ជបណ្ឌិតបានពន្យល់ថា បើអើរ៉ុនប្រព្រឹត្តបទឧក្រិដ្ឋមួយ ហើយបានបន្សល់ទុកឈាមនៅកន្លែងកើតហេតុ នោះប៉ូលីសអាចចាប់ប្អូនប្រុសរបស់គាត់ម៉ាក់ស៍វ៉ែលវិញ ។ នេះដោយសារតែឈាមរបស់អើរ៉ុននឹងបានមកពីកោសិកាដែលប្ដូរមកឲ្យពីម៉ាក់ស៍វ៉ែល ហើយមាន DNA របស់ម៉ាក់ស៍វ៉ែល ហើយនេះជាករណីដែលនឹងមានអស់មួយជីវិតគាត់ ។
ដោយបានសង្គ្រោះដោយឈាមរបស់ប្អូនប្រុសគាត់ នោះអើរ៉ុនបានគិតយ៉ាងច្រើនអំពីព្រះលោហិតដ៏ធួនរបស់ព្រះយេស៊ូវគ្រីស្ទ និងឥទ្ធិពលនៃដង្វាយធួនរបស់ទ្រង់ចំពោះយើង ។ ថ្ងៃនេះ ខ្ញុំចង់ផ្ដោតលើការផ្លាស់ប្ដូរជីវិតជាអចិន្ត្រៃយ៍ដែលបានកើតឡើង នៅពេលយើងអនុញ្ញាតឲ្យព្រះអម្ចាស់ធ្វើអព្ភូតហេតុនៅក្នុងជីវិតយើង ។១
អើរ៉ុនពុំមានអំណាចនៅក្នុងខ្លួន ដើម្បីយកឈ្នះលើជំងឺនោះឡើយ ។ រាងកាយរបស់គាត់ពុំអាចបង្កើតកោសិកាឈាមដែលត្រូវការដើម្បីទ្រទ្រង់ជីវិតគាត់នោះទេ ។ មិនថាគាត់បានធ្វើអ្វីនោះទេ គាត់មិនអាចធ្វើឲ្យខួរឆ្អឹងរបស់គាត់បានជាសះស្បើយឡើយ ។ ដូចជាអើរ៉ុនដែលពុំអាចព្យាបាលខ្លួនឯង យើងក៏មិនអាចសង្គ្រោះខ្លួនឯងបានដែរ ។ មិនថាយើងមានសមត្ថភាព ការអប់រំ ពូកែ ឬរឹងមាំយ៉ាងណាក្ដី យើងក៏មិនអាចលាងសម្អាតខ្លួនឯងពីអំពើបាប ផ្លាស់ប្ដូររាងកាយយើងទៅជាស្ថានភាពអមតៈ ឬតម្កើងខ្លួនឯងឡើងបានឡើយ ។ វាអាចកើតឡើងបានតែតាមរយៈព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនដ៏និរន្តរ៍របស់ទ្រង់ប៉ុណ្ណោះ ។ « គ្មានផ្លូវឯណាទៀតទេ ឬក៏ឈ្មោះណាទៀតនៅក្រោមមេឃនេះ ដែលមនុស្សអាចបានសង្គ្រោះនៅក្នុងនគរនៃព្រះឡើយ » ។២ គឺព្រះលោហិតដ៏ធួនរបស់ទ្រង់ដែលសម្អាតយើង និងញែកយើងជាបរិសុទ្ធ ។៣
ទោះអើរ៉ុនមិនអាចព្យាបាលខ្លួនឯងបានក៏ដោយ ដើម្បីឲ្យការប្តូរសរីរាង្គបានជោគជ័យ នោះគាត់ត្រូវតែមានឆន្ទៈធ្វើដូចដែលគ្រូពេទ្យបានសុំ— សូម្បីតែរឿងលំបាក និងលំបាកខ្លាំងក៏ដោយ ។ ទោះបីជាយើងមិនអាចសង្គ្រោះខ្លួនឯងក៏ដោយ ពេលយើងចុះចូលនឹងព្រះហឫទ័យរបស់ព្រះអម្ចាស់ ហើយរក្សាសេចក្ដីសញ្ញាខ្លួន នោះផ្លូវនឹងបើកឡើងសម្រាប់សេចក្ដីប្រោសលោះរបស់យើង ។៤ ដូចជាដំណើរការដ៏អស្ចារ្យនៃការផ្លាស់ប្ដូរកោសិកាឈាមនៃ DNA របស់អើរ៉ុនដែរ យើងអាចផ្លាស់ប្ដូរដួងចិត្តរបស់យើង៥ ទទួលព្រះភក្ត្ររបស់ទ្រង់នៅក្នុងទឹកមុខរបស់យើង៦ និងក្លាយទៅជាសត្វលោកថ្មីនៅក្នុងព្រះគ្រីស្ទ ។៧
អាលម៉ាបានរំឭកប្រជាជននៅសារ៉ាហិមឡា អំពីជំនាន់ពីមុនដែលបានផ្លាស់ប្រែចិត្តជឿ ។ ដោយនិយាយដល់ឪពុករបស់លោក អាលម៉ាបានពន្យល់ថា « ហើយដោយសារសេចក្ដីជំនឿរបស់លោក ទើបមានការផ្លាស់ប្ដូរដ៏ធំនៅក្នុងដួងចិត្តលោក » ។៨ បន្ទាប់មកលោកបានសួរថា « តើអ្នករាល់គ្នាបានស្គាល់ការផ្លាស់ប្ដូរដ៏ធំនេះ នៅក្នុងដួងចិត្តអ្នកហើយឬនៅ ? »៩ ពុំមែនប្រជាជនបានផ្លាស់ប្ដូរដួងចិត្តរបស់ពួកគេផ្ទាល់នោះទេ ។ ព្រះអម្ចាស់បានធ្វើការផ្លាស់ប្តូរដ៏ពិតនោះ ។ អាលម៉ាបានប្រាប់យ៉ាងច្បាស់អំពីរឿងនេះ ។ លោកបានមានប្រសាសន៍ថា « មើលចុះ ទ្រង់បានកែប្រែចិត្តរបស់គេ » ។១០ ពួកគេ « បានបន្ទាបខ្លួន ហើយបានដាក់ទីទុកចិត្តរបស់គេទៅលើព្រះដ៏ពិត ហើយមានព្រះជន្មរស់នៅ … [ ហើយ ] មានចិត្តស្មោះត្រង់រហូតដល់ទីបំផុត [ ហើយ ] បានសង្គ្រោះ » ។១១ ប្រជាជនមានឆន្ទៈបើកដួងចិត្ត និងអនុវត្តសេចក្ដីជំនឿ បន្ទាប់មកព្រះអម្ចាស់បានផ្លាស់ប្ដូរដួងចិត្តរបស់ពួកគេ ។ ហើយនោះជាការផ្លាស់ប្តូរដ៏ធំមួយ ! សូមគិតអំពីភាពខុសគ្នាក្នុងជីវិតរបស់បុរសទាំងពីរនាក់នេះ ដែលមានឈ្មោះថា អាលម៉ា មុនពេល និងក្រោយពេលដែលដួងចិត្តរបស់លោកត្រូវបានផ្លាស់ប្ដូរ ។១២
យើងគឺជាបុត្រាបុត្រីរបស់ព្រះដែលមានជោគវាសនាដ៏វិសេសវិសាល ។ យើងអាចត្រូវបានផ្លាស់ប្ដូរ ដើម្បីប្រែក្លាយដូចជាទ្រង់ និងមាន « ភាពពោរពេញនៃសេចក្ដីអំណរ » ។១៣ ផ្ទុយទៅវិញ សាតាំង ចង់ឲ្យយើងមានទុក្ខវេទនាដូចជាវាដែរ ។១៤ យើងមានសមត្ថភាពដើម្បីជ្រើសរើសថាយើងធ្វើតាមនរណា ។១៥ ពេលយើងធ្វើតាមសាតាំង យើងផ្ដល់អំណាចឲ្យវា ។១៦ ពេលយើងធ្វើតាមព្រះ ទ្រង់ប្រទានអំណាចដល់យើង ។
ព្រះអង្គសង្គ្រោះបានបង្រៀនថា យើងគួរតែ « បានល្អឥតខ្ចោះ » ។១៧ ការណ៍នេះអាចមើលទៅគួរឲ្យខ្លាចណាស់។ ខ្ញុំអាចមើលឃើញយ៉ាងច្បាស់នូវភាពមិនគ្រប់គ្រាន់ផ្ទាល់ខ្លួនរបស់ខ្ញុំ ហើយខ្ញុំដឹងយ៉ាងឈឺចាប់អំពីរយៈចម្ងាយរវាងខ្ញុំ និងភាពល្អឥតខ្ចោះ។ យើងអាចមានទំនោរក្នុងការគិតថា យើងត្រូវតែធ្វើឲ្យខ្លួនយើងបានល្អឥតខ្ចោះ ប៉ុន្តែវាមិនអាចទៅរួចនោះទេ ។ ការធ្វើតាមគ្រប់យោបល់នៅក្នុងសៀវភៅជួយខ្លួនឯងនៅក្នុងពិភពលោកនេះ នឹងមិនធ្វើឲ្យមានភាពល្អឥតខ្ចោះកើតឡើងបានឡើយ ។ មានផ្លូវ និងព្រះនាមតែមួយគត់ ដែលនាំមកនូវភាពល្អឥតខ្ចោះបាន ។ យើងត្រូវ « បានធ្វើឲ្យល្អឥតខ្ចោះតាមរយៈព្រះយេស៊ូវដ៏ជាអ្នកកណ្ដាលនៃសេចក្ដីសញ្ញាថ្មី ដែលបាននាំមកនូវដង្វាយធួនដ៏ល្អឥតខ្ចោះនេះ តាមរយៈការច្រួចព្រះលោហិតរបស់ព្រះអង្គផ្ទាល់ » ។១៨ ភាពល្អឥតខ្ចោះរបស់យើងអាចកើតមានតែតាមរយៈព្រះគុណរបស់ព្រះតែប៉ុណ្ណោះ ។
តើបងប្អូនអាចស្រមៃឃើញទេថា វាគួរឲ្យសន្ធប់ចិត្តយ៉ាងណាចំពោះចៅប្រុសតូចរបស់យើង អើរ៉ុន ដោយសន្មត់ថា គាត់ត្រូវតែយល់ និងត្រូវធ្វើតាមគ្រប់ទម្រង់ការវេជ្ជសាស្ត្រដែលទាក់ទងនឹងការប្ដូរខួរឆ្អឹងរបស់គាត់ដោយខ្លួនឯងនោះ ? យើងមិនគួរសន្មត់ថា យើងត្រូវធ្វើអ្វីដែលមានតែព្រះអង្គសង្គ្រោះប៉ុណ្ណោះដែលអាចធ្វើបានក្នុងដំណើរការអព្ភូតហេតុនៃភាពឥតខ្ចោះរបស់យើង។
កាលដែលមរ៉ូណៃបានបញ្ចប់កំណត់ត្រារបស់លោក លោកបានបង្រៀនថា « មែនហើយ ចូរមករកព្រះគ្រីស្ទ ហើយឲ្យបានល្អឥតខ្ចោះនៅក្នុងទ្រង់ … ហើយបើសិនជាអ្នករាល់គ្នានឹងលះបង់ចោលនូវអស់ទាំងអំពើដ៏ឥតបរិសុទ្ធ ហើយស្រឡាញ់ព្រះឲ្យអស់ពីសមត្ថភាព អស់ពីគំនិត និងអស់ពីកម្លាំងរបស់អ្នក នោះព្រះគុណរបស់ទ្រង់ល្មមដល់អ្នកហើយ ដោយសារព្រះគុណនៃព្រះ នោះអ្នករាល់គ្នាអាចបានល្អឥតខ្ចោះនៅក្នុងព្រះគ្រីស្ទ » ។១៩ នោះជាសេចក្ដីពិតដ៏លួងលោមចិត្ត និងមានឥទ្ធិពលណាស់ ! ព្រះគុណរបស់ទ្រង់ល្មមដល់ខ្ញុំ ។ ព្រះគុណរបស់ទ្រង់ល្មមដល់បងប្អូន ។ ព្រះគុណរបស់ទ្រង់មានគ្រប់គ្រាន់ដល់មនុស្សទាំងអស់ « ដែលនឿយព្រួយ ហើយផ្ទុកធ្ងន់ » ។២០
ជាមួយនឹងការព្យាបាលខាងវេជ្ជសាស្ត្រដូចជាអើរ៉ុន គឺតែងតែមានលទ្ធផលមិនប្រាកដប្រជាខ្លះៗកើតមាន ។ តាមពិតទៅ អើរ៉ុនត្រូវការការប្ដូរខួរឆ្អឹងជាលើកទីពីរ ពេលដែលលើកទីមួយបានមានបញ្ហា ។ ជាសំណាងល្អ ជាមួយនឹងការផ្លាស់ប្តូរដួងចិត្តខាងវិញ្ញាណ យើងមិនចាំបាច់ឆ្ងល់ថាតើវានឹងកើតឡើងឬអត់នោះទេ ។ ពេលយើងរស់នៅទៅតាមព្រះហឫទ័យរបស់ទ្រង់ « ដោយពឹងផ្អែកទាំងស្រុង ទៅលើបុណ្យគុណរបស់ទ្រង់ ដែលមានឥទ្ធិឫទ្ធិដើម្បីសង្គ្រោះ »២១ហើយទទួល និងរក្សាសេចក្ដីសញ្ញានៃការសង្គ្រោះ និងការតម្កើងឡើងរបស់ទ្រង់ នោះយើងមានការធានា ១០០ ភាគរយថា បានសម្អាតដោយព្រះលោហិតរបស់ព្រះអង្គសង្គ្រោះ ហើយទីបំផុតនឹងបានល្អឥតខ្ចោះនៅក្នុងទ្រង់ ។ ទ្រង់ជា « ព្រះនៃសេចក្ដីពិត ហើយ[ ពុំអាច ] កុហកឡើយ » ។២២
គ្មានអ្វីគួរឲ្យសង្ស័យទេដែលថា ដំណើរការនៃការផ្លាស់ប្ដូរនេះត្រូវការពេលវេលា ហើយនឹងមិនបានពេញលេញរហូតទាល់តែបន្ទាប់ពីជីវិតនេះ ប៉ុន្តែការសន្យាគឺមានពិតប្រាកដ ។ ពេលដែលការបំពេញសន្យារបស់ព្រះហាក់ដូចជានៅឆ្ងាយ ក្ដី យើងនៅតែឱបក្រសោបការសន្យាទាំងនោះ ដោយដឹងថា ការសន្យាទាំងនោះនឹងត្រូវបានបំពេញ ។២៣
ការផ្លាស់ប្ដូរដ៏មហស្ចារ្យនៃសុខភាពរបស់អើរ៉ុន បាននាំមកនូវអំណរដ៏អស្ចារ្យដល់គ្រួសារយើង ។ សូមស្រមៃមើលពីអំណរដ៏អស្ចារ្យនៅស្ថានសួគ៌ កាលដែលការផ្លាស់ប្ដូរដ៏ធំកើតឡើងនៅក្នុងព្រលឹងយើង ។
ព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះយើង គឺព្រះយេស៊ូវគ្រីស្ទ ស្រឡាញ់យើង ហើយបានប្រទាននូវការផ្លាស់ប្ដូរដល់យើង និងធ្វើឲ្យយើងបានល្អឥតខ្ចោះ ដោយក្ដីមេត្តា ។ ទ្រង់ទាំងទ្វេសព្វព្រះទ័យធ្វើដូច្នេះ ។ នេះជាផ្នែកដ៏សំខាន់ក្នុងកិច្ចការ និងសិរីល្អរបស់ទ្រង់ ។២៤ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ទ្រង់ទាំងទ្វេមានព្រះចេស្ដាដើម្បីធ្វើដូច្នេះ កាលដែលយើងមករកទ្រង់ដោយសេចក្ដីជំនឿ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕