ក្នុងភាពជាដៃគូជាមួយនឹងព្រះអម្ចាស់
ដំណឹងល្អដែលបានស្តារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទប្រកាសពីគោលការណ៍នៃភាពជាដៃគូពេញលេញរវាងបុរស និងស្ត្រី ទាំងជីវិតរមែងស្លាប់ និងភាពអស់កល្បជានិច្ច ។
ក្នុងរយៈពេលពីរបីខែដំបូងនៃអាពាហ៍ពិពាហ៍របស់យើង ភរិយាជាទីស្រឡាញ់ខ្ញុំបានប្រាប់ពីបំណងចង់រៀនតន្រ្តីរបស់គាត់ ។ ដោយចង់ផ្គាប់ចិត្តគាត់ ខ្ញុំបានសម្រេចចិត្តរៀបចំការភ្ញាក់ផ្អើលដ៏ធំមួយសម្រាប់គាត់ ។ ខ្ញុំបានទៅហាងលក់ឧបករណ៍តន្ត្រី ហើយទិញព្យាណូមួយជាអំណោយដល់គាត់ ។ ខ្ញុំបានដាក់បង្កាន់ដៃទិញព្យាណូក្នុងប្រអប់កាដូមួយយ៉ាងស្អាត ឲ្យទៅគាត់ ដោយរំពឹងថានឹងទទួលការដឹងគុណយ៉ាងខ្លាំងចំពោះស្វាមីដែលស្រឡាញ់ និងយកចិត្តទុកដាក់របស់គាត់ ។
នៅពេលគាត់បើកប្រអប់តូចនោះ ហើយ គាត់បានមើលមកខ្ញុំដោយក្តីស្រឡាញ់ រួចនិយាយថា « អូ បងសម្លាញ់ បងពិតជាល្អខ្លាំងណាស់ ! ប៉ុន្តែអូនសូមសួរបងសិន តើនេះគឺជាអំណោយ ឬជាបំណុល ? » ក្រោយពីប្រឹក្សានឹងគ្នាពីអំណោយភ្ញាក់ផ្អើលនោះរួច យើងបានសម្រេចចិត្តថាលុបចោលការទិញនោះវិញ ។ យើងបានរស់ដោយសារប្រាក់តិចតួចពីការងារជានិស្សិត ដូចគ្នានឹងប្ដីប្រពន្ធវ័យក្មេងជាច្រើនទៀតផងដែរ ។ បទពិសោធន៍នេះបានជួយឲ្យខ្ញុំស្គាល់ពីសារៈសំខាន់នៃគោលការណ៍អំពីភាពជាដៃគូពេញលេញក្នុងទំនាក់ទំនងអាពាហ៍ពិពាហ៍ ហើយតាមការអនុវត្តវាអាចជួយភរិយាខ្ញុំ និងខ្ញុំឲ្យមានចិត្ត និងគំនិតតែមួយ ។១
ដំណឹងល្អដែលបានស្តារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទប្រកាសពីគោលការណ៍នៃភាពជាដៃគូពេញលេញរវាងបុរស និងស្ត្រី ទាំងជីវិតរមែងស្លាប់ និងភាពអស់កល្បជានិច្ច ។ ទោះបុគ្គលម្នាក់ៗមានលក្ខណៈសម្បត្តិ និងទំនួលខុសត្រូវដែលបានតែងតាំងជាក់លាក់ក៏ដោយ ក៏បុរស និងស្ត្រីបំពេញតួនាទីសំខាន់ និងដែលពាក់ព័ន្ធ ដោយស្មើភាពគ្នា នៅក្នុងផែនការនៃសុភមង្គលរបស់ព្រះសម្រាប់បុត្រាបុត្រីរបស់ទ្រង់ដែរ ។២ គោលការណ៍នេះជាភស្ដុតាងតាំងពីដើមដំបូងមកកាលដែលព្រះអម្ចាស់បានប្រកាសថា « វាមិនល្អទេដែលបុរសនេះត្រូវនៅតែម្នាក់ឯង ហេតុដូច្នោះហើយ [ ទ្រង់នឹង ] ធ្វើឲ្យមានជំនួយមួយដ៏សមចំពោះគាត់ » ។៣
នៅក្នុងផែនការព្រះ « អ្នកជំនួយ » គឺជាដៃគូដើរទន្ទឹមគ្នានឹងលោកអ័ដាមនៅក្នុងភាពជាដៃគូដ៏ពេញលេញ ។៤ តាមពិត អេវ៉ាគឺជាពរជ័យពីស្ថានសួគ៌នៅក្នុងជីវិតលោកអ័ដាម ។ តាមនិស្ស័យនៃព្រះ និងលក្ខណៈសម្បត្តិខាងវិញ្ញាណរបស់នាង អេវ៉ាបានបំផុសគំនិតលោកអ័ដាមឲ្យធ្វើការជាដៃគូនឹងនាង ដើម្បីសម្រេចផែនការនៃសុភមង្គលរបស់ព្រះសម្រាប់មនុស្សជាតិទាំងអស់ ។៥
សូមយើងពិចារណាគោលការណ៍គ្រឹះដ៏សំខាន់ចំនួនពីរ ដែលពង្រឹងភាពជាដៃគូរវាងបុរស និងស្រ្តី ។ គោលការណ៍ទីមួយគឺ « យើងទាំងអស់គ្នាគឺដូចគ្នានៅចំពោះព្រះ » ។៦ តាមរយៈគោលការណ៍នៃដំណឹងល្អ ភាពខុសគ្នារវាងបុរស និងស្រ្តីពុំបានលុបចោលការសន្យាដ៏អស់កល្ប ដែលព្រះមានចំពោះបុត្រាបុត្រីរបស់ទ្រង់នោះទេ ។ បុគ្គលម្នាក់ពុំសមនឹងសិរីរុងរឿងនៃនគរសេឡេស្ទាល ជាងបុគ្គលម្នាក់ទៀតនៅក្នុងភាពអស់កល្បជានិច្ចឡើយ ។៧ ព្រះអង្គសង្រ្គោះផ្ទាល់អញ្ជើញយើងទាំងអស់គ្នា ដែលជាបុត្រាបុត្រីព្រះ ឲ្យមករកទ្រង់ ដើម្បីទទួលយកសេចក្ដីល្អរបស់ទ្រង់ ហើយទ្រង់ពុំបដិសេធអ្នកណាម្នាក់ដែលមករកទ្រង់ឡើយ ។ »៨ ហេតុដូច្នោះហើយ នៅក្នុងបរិបទនេះ យើងទាំងអស់គ្នាត្រូវបានចាត់ទុកថាមានស្មើ ភាព គ្នានៅចំពោះព្រះភ័ក្ដ្រទ្រង់ ។៨
នៅពេលស្វាមីភរិយាយល់ដឹង និងមានគោលការណ៍នេះ នោះពួកគេមិនចាត់ទុកខ្លួនឯងថាជាប្រធាន ឬអនុប្រធាននៅក្នុងគ្រួសារខ្លួនឡើយ ។ ពុំមាននរណាធំជាង ឬអន់ជាងនៅក្នុងទំនាក់ទំនងអាពាហ៍ពិពាហ៍នោះទេ ហើយក៏ពុំមានអ្នកដើរមុន ឬពីក្រោយគ្នានោះដែរ ។ ពួកគេដើរទន្ទឹមគ្នា ស្មើភាពគ្នា ជាបុត្រាបុត្រីដ៏ទេវភាពរបស់ព្រះ ។ ពួកគេប្រែជាមានគំនិត បំណងប្រាថ្នា និងគោលបំណងតែមួយជាមួយនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ៩ ដើម្បីដឹកនាំ និងណែនាំគ្រួសារឲ្យមានសាមគ្គីភាព ។
នៅក្នុងភាពជាដៃគូស្មើភាពគ្នា « សេចក្តីស្រឡាញ់មិនមែនជាកម្មសិទ្ធិរបស់នរណាម្នាក់នោះទេ ប៉ុន្តែជាការចូលរួមចំណែក … ជាចំណែកមួយនៃការបង្កើតរួមគ្នា ដែលជាការហៅរបស់យើងឲ្យធ្វើមនុស្ស » ។១០ « ដោយមានការចូលរួមចំណែកដ៏ពិត នោះភរិយា និងស្វាមីរួបរួមគ្នាជាធ្លុងមួយក្នុង ‹ អំណាចគ្រប់គ្រងដ៏នៅអស់កល្បអស់កាលជានិច្ច › ហើយ ‹ ដោយឥតការបង្ខិតបង្ខំ › ពួកគេ និងកូនចៅរបស់ពួកគេនឹងទទួលបានជីវិតខាងវិញ្ញាណ ‹ ជារៀងដរាបតទៅ › » ។១១
គោលការណ៍ដែលពាក់ព័ន្ធទីពីរនោះគឺជា ច្បាប់មាស ដែលព្រះអង្គសង្រ្គោះបង្រៀនទេសនកថាលើភ្នំ ៖ « ដែលអ្នករាល់គ្នាចង់ឲ្យគេប្រព្រឹត្តនឹងខ្លួនជាយ៉ាងណា នោះត្រូវតែប្រព្រឹត្តនឹងគេយ៉ាងនោះដែរ » ។១២ គោលការណ៍នេះចង្អុលបង្ហាញពីអាកប្បកិរិយានៃការរួបរួមគ្នា ការជួយគ្នា សាមគ្គីភាព និងការពឹងពាក់គ្នាទៅវិញទៅមក ហើយវាផ្អែកលើបញ្ញត្តិធំទីពីរ « ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង » ។១៣ វារួមបញ្ចូលនឹងលក្ខណៈជាគ្រីស្ទានផ្សេងៗទៀតដូចជា ការអត់ធន់ ភាពទន់ភ្លន់ ភាពស្លូតបូត និងសេចក្តីសប្បុរស ។
ដើម្បីយល់ឲ្យកាន់តែច្បាស់អំពីការអនុវត្តគោលការណ៍នេះ យើងអាចមើលទៅចំណងដ៏ពិសិដ្ឋ និងអស់កល្បជានិច្ចដែលព្រះបានបង្កើតឡើងរវាងឪពុកម្ដាយដំបូងរបស់យើង គឺលោកអ័ដាម និងអេវ៉ា ។ ពួកលោកបានក្លាយទៅជាសាច់តែមួយ១៤ ដែលបង្កើតជាទំហំនៃការរួបរួមមួយដែលអនុញ្ញាតឲ្យពួកលោកដើរជាមួយគ្នាដោយការគោរព ការដឹងគុណ និងសេចក្តីស្រឡាញ់ ដោយមិនគិតអំពីខ្លួនឯង តែស្វែងរកសុខុមាលភាពឲ្យគ្នាទៅវិញទៅមកក្នុងដំណើរទៅកាន់ភាពអស់កល្បជានិច្ចរបស់ពួកលោក ។
បុគ្គលិកលក្ខណៈដូចគ្នានេះគឺជាអ្វីដែលយើងចង់បានសម្រាប់អាពាហ៍ពិពាហ៍ដែលមានសាមគ្គីភាពនាសព្វថ្ងៃនេះ ។ តាមរយៈការផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ ស្រី្តម្នាក់ និងបុរសម្នាក់ចូលទៅក្នុងលំដាប់អាពាហ៍ពិពាហ៍ដ៏បរិសុទ្ធនៅក្នុងសេចក្ដីសញ្ញាថ្មី និងដ៏នៅអស់កល្បអស់កាលជានិច្ច ។ តាមរយៈលំដាប់នៃបព្វជិតភាពនេះ ពួកគេទទួលបានពរជ័យអស់កល្បជានិច្ច និងអំណាចដ៏ទេវភាព ដើម្បីដឹកនាំកិច្ចការគ្រួសារ ខណៈពួកគេរស់នៅតាមសេចក្ដីសញ្ញាដែលពួកគេបានធ្វើ ។ ចាប់ ពី ពេលនោះ ទៅ ពួកគេនឹងធ្វើដំណើរឆ្ពោះទៅ មុខរួមគ្នា និងជាដៃគូដ៏ពេញលេញជាមួយនឹងព្រះអម្ចាស់ ជាពិសេសទាក់ទងនឹងទំនួលខុសត្រូវដែលបានតែងតាំងដ៏ទេវភាពក្នុងការថែរក្សាបីបាច់ និងការធ្វើជាអធិបតីក្នុងគ្រួសាររបស់ពួកគេ ម្នាក់ៗ ។១៥ ការថែរក្សាបីបាច់ និងការធ្វើជាអធិបតីគឺជាទំនួលខុសត្រូវដែលទាក់ទងគ្នា និងស្ទួនគ្នា ដែលមានន័យថា ឪពុក និងម្តាយ « មានកាតព្វកិច្ចដើម្បីជួយគ្នាទៅ វិញទៅមកជាដៃគូស្មើ គ្នា »១៦ហើយចែករំលែកភាពជាអ្នកដឹកនាំក្នុងគេហដ្ឋានរបស់ពួកគេ ឲ្យមានតុល្យភាពគ្នា ។
« ការថែរក្សាបីបាច់មានន័យថាត្រូវចិញ្ចឹម បង្រៀន និងគាំទ្រ » ដល់សមាជិកគ្រួសារ ដែលធ្វើឡើងដោយការជួយពួកគេឲ្យ « រៀនពីសេចក្តីពិតដំណឹងល្អ ហើយអភិវឌ្ឍសេចក្តីជំនឿលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ » នៅក្នុងបរិយាកាសនៃសេចក្ដីស្រឡាញ់ ។ ការធ្វើជាអធិបតីមានន័យថា « ជួយដឹកនាំសមាជិកគ្រួសារឲ្យត្រឡប់ទៅរស់នៅក្នុងវត្តមានរបស់ព្រះវិញ ។ ការណ៍នេះអាចធ្វើទៅបាន តាមរយៈការបម្រើ និងការបង្រៀនដោយភាពទន់ភ្លន់ និងសុភាពរាបសា ហើយនិងក្តីស្រឡាញ់ដ៏បរិសុទ្ធ » ។ ការធ្វើជាអធិបតីក៏រួមមាននូវ « ការដឹកនាំសមាជិកគ្រួសារឲ្យមានការអធិស្ឋាន ការសិក្សាដំណឹងល្អជាទៀងទាត់ និងទិដ្ឋភាពនៃការថ្វាយបង្គំដទៃទៀត ។ ឪពុកម្តាយធ្វើការរួមគ្នា » តាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ « ដើម្បីបំពេញការទទួលខុសត្រូវ [ ធំពីរ ] ទាំងនេះ » ។១៧
វាមានសារៈសំខាន់ដើម្បីសង្កេតមើលថា ការគ្រប់គ្រងនៅក្នុងគ្រួសារធ្វើតាមលំនាំអយ្យកោគឺខុសគ្នាបន្ដិចពីភាពជាអ្នកដឹកនាំបព្វជិតភាពនៅក្នុងសាសនាចក្រ ។១៨ លំនាំរបស់អយ្យកោចែងថា ភរិយា និងស្វាមីត្រូវទទួលខុសត្រូវដោយផ្ទាល់ចំពោះព្រះសម្រាប់ការបំពេញទំនួលខុសត្រូវរបស់ពួកគេនៅក្នុងគ្រួសារ ។ វាអំពាវនាវឲ្យមានភាពជាដៃគូពេញលេញ —មានឆន្ទៈធ្វើតាមគ្រប់គោលការណ៍នៃសុចរិតភាព និងការទទួលខុសត្រូវទាំងអស់ ហើយផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍ—នៅក្នុងបរិយាកាសនៃក្តីស្រឡាញ់ និងការជួយគ្នាទៅវិញទៅមកផងដែរ ។១៩ ទំនួលខុសត្រូវពិសេសទាំងអស់នេះមិនបញ្ជាក់ពីឋានានុក្រមឡើយ ហើយដាច់ខាតមិនរាប់បញ្ចូលប្រភេទនៃការរំលោភបំពាន ឬគំនិតអំពីសិទ្ធិអំណាចដ៏ហួសប្រមាណណាមួយឡើយ ។
បទពិសោធន៍របស់លោកអ័ដាម និងអេវ៉ា បន្ទាប់ពីពួកលោកបានចាកចេញពីសួនច្បារអេដែន បង្ហាញយ៉ាងល្អបំផុតអំពីគោលគំនិតនៃការទីពឹងគ្នាទៅវិញទៅមករវាងម្តាយ និងឪពុកនៅក្នុងការថែរក្សាបីបាច់ និងការធ្វើជាអធិបតីនៅក្នុងគ្រួសាររបស់ពួកគេ ។ ដូចបានបង្រៀននៅក្នុងគម្ពីរម៉ូសេ ពួកលោកបានធ្វើការរួមគ្នាភ្ជួររាស់ដីដោយញើស ដើម្បីផ្គត់ផ្គង់ដល់សុខុមាលភាពខាងរាងកាយរបស់គ្រួសារ;២០ ពួកលោកចាប់ផ្ដើមបង្កើតកូនជាច្រើនឡើង ហើយមានពេញពាសលើផែនដី;២១ ពួកលោកបានអំពាវនាវដល់ព្រះនាមនៃព្រះអម្ចាស់ ហើយបានឮសំឡេងទ្រង់ « ចេញពីផ្លូវឆ្ពោះទៅសួនច្បារអេដែន »;២២ ពួកលោកបានទទួលនូវព្រះបញ្ញត្តិទាំងឡាយដែលព្រះអម្ចាស់បានប្រទានឲ្យ ហើយបានព្យាយាមគោរពតាមព្រះបញ្ញត្តិទាំងនោះទាំងអស់គ្នា ។២៣ បន្ទាប់មកពួកលោក « បានប្រាប់គ្រប់ការណ៍ទាំងអស់ [ នេះ ] ដល់ពួកកូនប្រុសកូនស្រីរបស់គេ »២៤ ហើយ « ពុំដែលឈប់អំពាវនាវដល់ព្រះ » ជាមួយគ្នាឡើយ » ស្របទៅតាមតម្រូវការ ពួកលោក ។២៥
បងប្អូនប្រុសស្រីជាទីស្រឡាញ់ ការថែរក្សាបីបាច់ និងការធ្វើជាអធិបតីគឺជាឱកាស ពុំមែនជាដែនកំណត់ផ្តាច់មុខនោះទេ ។ បុគ្គលម្នាក់អាចមានទំនួលខុសត្រូវចំពោះអ្វីមួយ ប៉ុន្តែមិនគួរឲ្យមនុស្សតែម្នាក់ជាអ្នកធ្វើវានោះទេ ។ នៅពេលឪពុកម្តាយជាទីស្រឡាញ់យល់ច្បាស់ពីទំនួលខុសត្រូវចម្បងទាំងពីរនេះ ពួកគេនឹងព្យាយាមរួមគ្នាដើម្បីការពារ និងថែរក្សាសុខុមាលភាពខាងផ្លូវកាយ និងផ្លូវចិត្តរបស់កូនៗខ្លួន ។ ពួកគេក៏ជួយកូនៗឲ្យទប់ទល់នឹងគ្រោះថ្នាក់ខាងវិញ្ញាណក្នុងជំនាន់យើងផងដែរ តាមរយៈការចិញ្ចឹមបីបាច់ពួកគេដោយព្រះបន្ទូលដ៏ល្អរបស់ព្រះអម្ចាស់ ដូចបានបើកសម្ដែងដល់ព្យាការីរបស់ទ្រង់ ។
ទោះបីជាស្វាមី និងភរិយាគាំទ្រគ្នានៅក្នុងទំនួលខុសត្រូវដែលបានតែងតាំងដ៏ទេវភាពក៏ដោយ ក៏ « ពិការភាព មរណភាព ឬកាលៈទេសៈផ្សេងៗទៀតអាចនឹងត្រូវសម្របទៅតាមស្ថានភាពចាំបាច់របស់បុគ្គលម្នាក់ៗ » ផងដែរ ។២៦ ពេលខ្លះស្វាមី ឬភរិយា ឬអ្នកដទៃទៀតនឹងត្រូវទទួលយកទំនួលខុសត្រូវពីតួនាទីទាំងពីរក្នុងពេលដំណាលគ្នា មិនថាជាបណ្តោះអាសន្ន ឬអចិន្ត្រៃយ៍នោះទេ ។
ថ្មីៗនេះ ខ្ញុំបានជួបប្អូនស្រីម្នាក់ និងបងប្រុសម្នាក់ដែលរស់នៅក្នុងស្ថានភាពដូចនេះ ។ នៅក្នុងរង្វង់គ្រួសារ និងនៅក្នុងភាពជាដៃគូជាមួយនឹងព្រះអម្ចាស់ នោះពួកគេម្នាក់ៗ ក្នុងនាមជាឪពុកឬម្តាយទោល ពួកគេ បានសម្រេចចិត្តថ្វាយជីវិតខ្លួនទាំងស្រុងដើម្បីថែទាំកូនៗពួកគេខាងវិញ្ញាណ និងខាងសាច់ឈាម ។ ពួកគេពុំភ្លេចសេចក្តីសញ្ញានៃព្រះវិហារបរិសុទ្ធដែលបានចុះនឹងព្រះអម្ចាស់ និងការសន្យាដ៏អស់កល្បឡើយ ទោះជាពួកគេមានការលែងលះគ្នាក្ដី ។ ពួកគេខិតខំស្វែងរកជំនួយមកពីព្រះអម្ចាស់ក្នុងគ្រប់កិច្ចការ កាលពួកគេព្យាយាមបន្តស៊ូទ្រាំនឹងឧបសគ្គនានា ហើយដើរនៅលើផ្លូវនៃសេចក្តីសញ្ញានោះ ។ ពួកគេទុកចិត្តថា ព្រះអម្ចាស់នឹងបំពេញតម្រូវការរបស់ពួកគេ មិនត្រឹមតែក្នុងជីវិតនេះប៉ុណ្ណោះទេ ប៉ុន្តែនៅឯអស់កល្បជានិច្ចផងដែរ ។ អ្នកទាំងពីរបានចិញ្ចឹមបីបាច់កូនៗរបស់ខ្លួនតាមរយៈការបង្រៀនពួកគេដោយទន់ភ្លន់ ស្លូតបូត និងដោយក្តីស្រឡាញ់ដ៏ពិត បើទោះបីជាជួបនឹងកាលៈទេសៈលំបាកនៅក្នុងជីវិតក៏ដោយ ។ បើតាមអ្វីដែលខ្ញុំដឹង ឪពុកនិងម្តាយទោលទាំងពីររូបនេះពុំបានបន្ទោសព្រះចំពោះសំណាងអាក្រក់របស់ពួកគេឡើយ ។ ផ្ទុយទៅវិញ ពួកគេសម្លឹងឆ្ពោះទៅមុខមានក្ដីសង្ឃឹមភ្លឺថ្លាឥតខ្ចោះ ហើយទុកចិត្តលើព្រះពរទាំងឡាយ ដែលព្រះអម្ចាស់មានសម្រាប់ពួកគេ ។២៧
បងប្អូនប្រុសស្រី ព្រះអង្គសង្គ្រោះបានទុកគំរូដ៏ល្អឥតខ្ចោះនៃសាមគ្គីភាព និងភាពសុខដុមនៃគោលបំណង និងគោលលទ្ធិជាមួយព្រះវរបិតាសួគ៌របស់យើង ។ ទ្រង់បានអធិស្ឋានជំនួសឲ្យសិស្សរបស់ទ្រង់ ដោយមានព្រះបន្ទូលថា « ដើម្បី ឲ្យ ទាំង អស់ បាន រួម មក តែ មួយ ឱ ព្រះវរបិតា អើយ ដូច ជា ទ្រង់ គង់ ក្នុង ទូលបង្គំ ហើយ ទូលបង្គំ នៅ ក្នុង ទ្រង់ ដែរ គឺ ឲ្យ អ្នក ទាំង នោះ បាន រួម គ្នា តែ មួយ នៅ ក្នុង យើង ៖ … ដើម្បីឲ្យគេបានរួមគ្នាតែមួយ ដូចជាយើងក៏រួមតែមួយដែរ ។២៨
ខ្ញុំសូមថ្លែងទីបន្ទាល់ទៅកាន់បងប្អូនថា នៅពេលយើង—ទាំងស្ត្រី និងបុរស—ធ្វើការរួមគ្នាជាដៃគូស្មើភាពគ្នាពិត នោះយើងនឹងរីករាយចំពោះសាមគ្គីភាពដែលបានបង្រៀនដោយព្រះអង្គសង្គ្រោះ ពេលយើងបំពេញទំនួលខុសត្រូវដ៏ទេវភាពនៅក្នុងចំណងអាពាហ៍ពិពាហ៍របស់យើង ។ នៅក្នុងព្រះនាមនៃព្រះគ្រីស្ទ ខ្ញុំសូមសន្យានឹងបងប្អូនថា យើងនឹង « មានចិត្តចងក្រងរួមគ្នាដោយសាមគ្គី ហើយស្រឡាញ់គ្នាទៅវិញទៅមក »២៩យើងនឹងទទួលបានអំណរកាន់តែខ្លាំងនៅក្នុងដំណើរឆ្ពោះទៅរកជីវិតដ៏អស់កល្បជានិច្ចរបស់យើង ហើយយើងនឹងមានសមត្ថភាពបម្រើគ្នាកាន់តែខ្លាំងផងដែរ ។៣០ ខ្ញុំសូមថ្លែងទីបន្ទាល់អំពីសេចក្ដីពិតទាំងនេះ នៅក្នុងព្រះនាមដ៏បរិសុទ្ធនៃព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕