សន្និសីទទូទៅ
ការកាន់កាប់​ត្រួតត្រា​នៅលើ​ផែនដី​របស់​យើង
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០២២


12:17

ការកាន់កាប់​ត្រួតត្រា​នៅលើ​ផែនដី​របស់​យើង

ពរជ័យ​ខាងវិញ្ញាណ​ដ៏​អស្ចារ្យ​ត្រូវ​បាន​សន្យា​ដល់​អស់អ្នក​ដែល​ស្រឡាញ់ និង​ថែរក្សា​ផែនដី និង​បងប្អូន​ប្រុសស្រី​របស់​ពួកគេ ។

ថ្មីៗនេះយើង​បាន​ទស្សនកិច្ច​ទៅ​ស្រុក​កំណើត​របស់​យើង​នៅប្រទេស​បារាំង ភរិយា​ខ្ញុំ និង​ខ្ញុំ​​​រីករាយ​ដែល​បាន​នាំ​ចៅៗ​ពីរបី​នាក់ ទៅ​មើល​សួនច្បារ​ដ៏អស្ចារ្យ​នៅក្នុង​ទីក្រុង​តូច​មួយ​នៅ ហ្គីវើនី ។ យើង​រីករាយ​ដើរ​តាម​ផ្លូវគយគន់​វាល​ផ្កា​ដ៏ស្រស់ស្អាត និង​ផ្កាព្រលឹតរីក​នៅ​លើទឹក​ដ៏​ឆើត​ឆាយ ព្រមទាំង​ពន្លឺ​រេរាំ​នៅលើ​ស្រះទឹក​នោះ ។

សួនច្បារ Giverny

ទីកន្លែង​ដ៏អស្ចារ្យ​នេះ គឺ​ជា​ស្នាដៃ​ដ៏​ឆ្នៃប្រឌិត​ដោយសេចក្តីស្រឡាញ់​របស់​បុរស​ម្នាក់ ៖ ខ្លត ម៉ូណេ ជាវិចិត្រករ​ដ៏​អស្ចារ្យម្នាក់ លោក​មាន​អាយុ​៤០ ឆ្នាំ លោកបាន​រៀបចំ ​ក្នុង​សួនច្បារ​របស់​លោក​ដើម្បី​បង្កើតជា​កន្លែងគូរ​គំនូរ​របស់​លោក ។ ម៉ូណេ បាន​ចំណាយពេល​ជាច្រើន​នៅក្នុង​ធម្មជាតិ​ដ៏ស្រស់ស្អាត​នេះ លោក​​យក​ជក់​មក​គូរ​ពី​ចំណាប់​អារម្មណ៍​តាម​សរសៃ​ជក់​របស់លោក ។ ជាច្រើន​ឆ្នាំ​មកនេះ លោក​បាន​គូស​ផ្ទាំងគំនូរ​ដ៏អស្ចារ្យ​រាប់រយ​ផ្ទាំង ដែល​បាន​ឆ្លុះបញ្ចាំងពី​សួនច្បារ​របស់​លោក ។

រូបគំនូរ សួនច្បាររបស់ម៉ូណេ

ផ្កាព្រលិត និង ស្ពានជប៉ុន, ឆ្នាំ ១៨៩៩, ដោយ ខ្លត ម៉ូណេ

បង​ប្អូន​ប្រុស​ស្រី ទំនាក់ទំនង​របស់​យើង​នឹង​ភាពស្រស់ស្អាត​នៃ​ធម្មជាតិ​ដែល​នៅ​ជុំវិញខ្លួន​យើង​អាច​បង្កើត​នូវ​ការបំផុស​គំនិត​ដ៏​អស្ចារ្យ និង​បទពិសោធន៍​ដ៏​រីករាយ​នៅក្នុង​ជីវិត​បាន ។ យើងទទួលអារម្មណ៏នៃ​អំណរគុណចំពោះព្រវរបិតាសួគ៌ និង​ព្រះរាជបុត្រា​របស់​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ ដែល​បាន​បង្កើត​ផែនដី​ដ៏​ពិសេស​នេះ—មាន​ភ្នំ និង​អូរ រុក្ខជាតិ និង​សត្វពាហនៈ​ទាំងឡាយ—ហើយ​ឪពុកម្តាយ​ដំបូង​របស់​យើង លោកអ័ដាម និង នាងអេវ៉ា ។

កិច្ចការ​នៃ​ការបង្ក​បង្កើត​គឺ​ពុំ​បញ្ចប់​ដោយ​ឯក​ឯង​នោះ​ទេ ។ វា​គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ផែនការ​របស់​ព្រះ​សម្រាប់​បុត្រា​បុត្រី​របស់​ទ្រង់ ។ គោលបំណង​គឺដើម្បី​ផ្តល់ជាកន្លែង​ឲ្យ​បុរស និង​ស្ត្រី​អាច​ត្រូវបាន​សាកល្បង ហើយប្រើ​សិទ្ធិ​ជ្រើសរើស ស្វែងរក​អំណរ​ រៀន និង​រីកចម្រើន​ដែលថ្ងៃ​ណាមួយ​ពួកគេ​អាច​ត្រឡប់​ទៅទី​វត្តមាន​របស់​អង្គ​បង្ក​បង្កើត​វិញ និង​បាន​គ្រង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ទុក​ជា​មរតក ។

ការបង្កបង្កើត​ដ៏​អស្ចារ្យ​ទាំងនេះ​គឺ​ត្រូវបាន​រៀបចំ​សម្រាប់​ជាប្រយោជន៍​ដល់​យើង ហើយ​វា​ជា​ភស្តុតាង​យ៉ាងច្បាស់​អំពី​សេចក្តី​ស្រឡាញ់​ដែល​អង្គ​បង្ក​បង្កើត​មាន​ចំពោះ​បុត្រាបុត្រី​របស់​ទ្រង់ ។ ព្រះអម្ចាស់​បាន​ប្រកាស​ថា « មែន​ហើយ គ្រប់​ទាំង​អស់​ដែល​បាន​មកពី​ផែនដី … គឺ​ត្រូវបាន​បង្កើត​សម្រាប់​ផល​ប្រយោជន៍ និង​ការប្រើប្រាស់​របស់​មនុស្ស ទាំង​ដើម្បី​ផ្គាប់ភ្នែក និង​ដើម្បី​ធ្វើឲ្យ​ចិត្ត​អរសប្បាយ​ផង » ។

ទោះជា​យ៉ាងណា​ក៏​ដោយ អំណោយ​ដ៏​ទេវភាព​នៃ​ការបង្កបង្កើត ពុំមែន​បានមក​ដោយ​គ្មាន​កាតព្វកិច្ច និង​ទំនួល​ខុសត្រូវ​នោះទេ ។ កាតព្វកិច្ច​ទាំងនេះ​ត្រូវ​បាន​ពិពណ៌នា​យ៉ាងល្អ​បំផុត​តាម​គោលគំនិត​នៃ ការកាន់កាប់​ត្រួតត្រា នៅក្នុង​វាក្យសព្ទ​នៃ​ដំណឹងល្អ ពាក្យ ការ​កាន់កាប់​ត្រួតត្រាបាន​កំណត់​នូវ​ការទទួល​ខុសត្រូវ​ខាងវិញ្ញាណ ឬ​ខាងសាច់ឈាម​ដ៏ពិសិដ្ឋ ដើម្បី​ថែរក្សា​អ្វីមួយ​ដែលជា​កម្មសិទ្ធិ​របស់​ព្រះ ដែល​យើង​មាន​ទំនួលខុសត្រូវ ។

ដូច​បាន​បង្រៀន​នៅក្នុង​ព្រះគម្ពីរបរិសុទ្ធ ការកាន់កាប់​ត្រួតត្រា​នៅលើ​ផែនដី​របស់​យើង​រួមមាន​នូវ​គោលការណ៍​ដូច​ខាង​ក្រោម ៖

គោលការណ៏ទីមួយ ៖ ផែនដី​ទាំងមូល ​រួមទាំង​គ្រប់ជីវិត​ដែល​នៅលើនោះ គឺជា​របស់​ផង​ព្រះ ។

អង្គបង្កបង្កើត​បាន​ប្រគល់​ធនធាន​ទាំងឡាយ​នៃ​ផែនដី និង​គ្រប់​ទម្រង់​នៃ​ជីវិត​ឲ្យ​យើង​ថែរក្សា ប៉ុន្តែ​ទ្រង់​រក្សា​ភាពជា​ម្ចាស់​ដ៏​ពេញលេញ​ដដែល ។ ទ្រង់​មាន​បន្ទូលថា « យើង​ជា​ព្រះអម្ចាស់​បាន​លាត​ផ្ទៃមេឃ ហើយ​បាន​ស្ថាបនា​ផែនដី គឺជាការ​ដែល​ព្រះហស្ត​យើង​ធ្វើ ហើយ​គ្រប់​ទាំងអស់​នៅទីនោះ​សុទ្ធតែជា​របស់​ផង​យើង » ។ គ្រប់​របស់​ទាំងអស់​ដែល​នៅលើ​ផែនដី ដែលជា​របស់​ព្រះ រួមបញ្ចូល​ទាំង​ក្រុមគ្រួសារ រូបរាងកាយ និងជីវិត​របស់​យើង​ផងដែរ ។

គោលការណ៏ទីពីរ ៖​ក្នុងនាមជា​អ្នក​កាន់កាប់​ត្រួតត្រា​នៃ​ការបង្កបង្កើត​របស់​ព្រះ យើង​មាន​កាតព្វកិច្ច​គោរព និង​ថែរក្សា​អ្វីៗ​ទាំងអស់​ដែល​ព្រះ​បង្កបង្កើត​សម្រាប់​ពួកគេ ។

ក្នុងនាម​ជាបុត្រាបុត្រី​របស់​ព្រះ យើង​ទទួលខុសត្រូវ​ដើម្បី​ធ្វើជា​អ្នកការកាន់កាប់​ត្រួតត្រា អ្នកមើលថែរក្សា និង​ជាអាណាព្យាបាល​ចំពោះ​ការបង្កបង្កើត​ដ៏ទេវភាព​របស់​ទ្រង់ ។ ព្រះអម្ចាស់​បាន​មាន​បន្ទូលថា​ទ្រង់​បាន​បង្កើត « មនុស្ស​គ្រប់រូប ឲ្យ​ទទួល​ការខុសត្រូវ ជា​នាយតម្រួត​ការលើ​ព្រះពរ​ទាំងឡាយ​ខាងផែនដី ដែល​យើង​បាន​បង្កើត ហើយ​បាន​រៀបចំ​ឡើង សម្រាប់​សត្វ​លោក​ទាំង​ឡាយ​របស់​យើង » ។

ព្រះវរបិតាសួគ៌​របស់​យើង​អនុញ្ញាត​ឲ្យ​យើង​ប្រើ​ធនធាន​លើ​ផែនដី​ទៅតាម​បំណង​ចិត្ត​យើង ។ ប៉ុន្តែ​សិទ្ធិ​ជ្រើសរើស​របស់​យើង​មិនគួរត្រូវ​បាន​បកស្រាយ​ថាជា​អាជ្ញាប័ណ្ណ​ដើម្បី​ប្រើប្រាស់ ឬ​ប្រមូល​ទ្រព្យសម្បត្តិ​នៃ​ពិភពលោក​នេះ​ដោយ​គ្មាន​ប្រាជ្ញា ឬ​មិនចេះ​ទប់ចិត្ត​នោះឡើយ ។ ព្រះអម្ចាស់​បាន​ប្រទាន​ការដាស់តឿន​នេះ ៖ « ហើយ​ការណ៍​នេះ​សព្វ​ព្រះ​ហឫទ័យ​ដល់​ព្រះ ដែល​ទ្រង់​បាន​ប្រទាន​គ្រប់​ទាំង​អស់​ដល់​មនុស្ស ព្រោះ​ដោយ​ហេតុ​នេះ​ហើយ បាន​ជា​របស់​ទាំង​នេះ​ត្រូវ​បាន​បង្កើត​មក ដើម្បី​ឲ្យ​យក​មក​ប្រើ​ប្រាស់​ដោយ​ការវិនិច្ឆ័យ គឺ​មិន​ឲ្យ​ហួស​ហេតុ ឬ​ដោយ​ការគំរាមកំហែង​ឡើយ » ។

ប្រធាន រ័សុល អិម ណិលសុន ធ្លាប់​បាន​កត់សម្គាល់ ៖ « ក្នុង​នាម​ជា​អ្នក​ទទួល​អត្ថប្រយោជន៍​ពី​ការបង្កបង្កើត​ដ៏​ទេវភាព តើ​យើង​គួរតែ​ធ្វើ​អ្វីខ្លះ ? យើង​គួរតែ​ថែរក្សា​ផែនដី ធ្វើ​ជា​អ្នក​កាន់កាប់​ត្រួតត្រា​ដ៏​ឈ្លាស​វៃ​នៅលើ​ផែនដី ហើយ​រក្សា​ផែនដីនេះ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ » ។

លើសពី​ភាពចាំបាច់​ខាង​វិទ្យាសាស្ត្រ ឬ​នយោបាយ ការថែរក្សា​ផែនដី និង​បរិស្ថាន​ធម្មជាតិ​របស់​យើង គឺជា​ទំនួលខុសត្រូវ​ដ៏ពិសិដ្ឋ​ដែល​ព្រះ​បាន​ប្រគល់​ដល់​យើង ដែល​វា​គួរតែ​ធ្វើឲ្យ​យើង​មាន​អារម្មណ៏ថា​ជា​កាតព្វកិច្ច​និង​ការបន្ទាបខ្លួន​យ៉ាង​ជ្រាលជ្រៅ​មួយ ។ វា​ក៏​ជា​សមាសធាតុ​ដ៏​សំខាន់​មួយ​នៃ​ភាពជាសិស្ស​របស់​យើង​ផងដែរ ។ តើ​យើង​អាច​គោរព និង​ស្រឡាញ់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ដោយ​មិន​គោរព និង​ស្រឡាញ់​ការបង្កបង្កើត​របស់​ទ្រង់ទាំងទ្វេ​បាន​ដោយ​របៀបណា ?

មាន​រឿង​ជាច្រើន​ដែល​យើង​អាច​ធ្វើ—ជា​រួម និង​ជា​បុគ្គល​ម្នាក់ៗ—ដើម្បី​ក្លាយ​ទៅជា​អ្នក​កាន់កាប់​ត្រួតត្រា​ដ៏ល្អ ។ ដោយ​គិតពី​កាលៈទេសៈ​ផ្ទាល់​ខ្លួន​របស់ យើង​ នោះ​យើង​ម្នាក់ៗ​អាច​ប្រើប្រាស់​ធនធាន​ដ៏សម្បូរ​បែប​នៃ​ផែនដី​នេះ​ដោយ​កាន់​តែ​មាន​ការគោរព និង​ប្រុងប្រយ័ត្ន​ជាងមុន ។ យើង​អាច​ជួយគាំទ្រ​ដល់​ការខិតខំ​របស់​សហគមន៏​ដើម្បី​ថែរក្សា​ផែនដី​នេះ ។ យើង​អាច​ទទួល​យក​នូវ​របៀប​រស់នៅ និង​អាកប្បកិរិយា​ផ្ទាល់ខ្លួន​ដែល​គោរព​ការបង្កបង្កើត​របស់​ព្រះ ហើយ​ធ្វើ​ឲ្យ​កន្លែង​រស់នៅ​ផ្ទាល់​របស់​យើង​កាន់តែ​មាន​របៀប​រៀបរយ ស្អាត​ជាង និង​កាន់តែ​មាន​ការបំផុសគំនិត​ជាងមុន​ផងដែរ ។

ការកាន់​កាប់​ត្រួតត្រា​របស់​យើង​លើ​ការបង្កបង្កើត​របស់​ព្រះ​ក៏រួម​បញ្ចូល​នូវ​កាតព្វកិច្ច​ដ៏ខ្ពង់ខ្ពស់​ដ៏ពិសិដ្ឋ​ក្នុង​ការស្រឡាញ់ គោរព និង​ថែរក្សា​មនុស្ស​ទាំងអស់​ដែល​ពួកគេ​រស់នៅលើ​ផែនដី​នេះ​ជាមួយនឹង​យើង ។ ពួកគេ គឺជា​បុត្រា និង​បុត្រី​របស់​ព្រះ ជា​បងប្អូន ស្រី និង​ប្រុស​របស់​យើង ហើយ​សុភមង្គល​ដ៏​អស់កល្ប​របស់​ពួកគេ គឺជា​គោលបំណង​នៃ​ការបង្កបង្កើត​នោះឯង ។

អ្នកនិពន្ធ​ម្នាក់ឈ្មោះ​លោក អេនទ្វាន់ ឌើសេន លេចភែរី បាន​រៀបរាប់​ដូចតទៅថា ៖ មាន​ថ្ងៃមួយ ពេល​កំពុងតែ​ធ្វើ​ដំណើរ​តាម​រទេះភ្លើង លោក​បាន​អង្គុយ​ក្នុង​ចំណោម​ជនភៀសខ្លួន​មួយក្រុម ។ គាត់​រំជួលចិត្ត​ពី​ក្តីអស់​សង្ឃឹម​ដែល​គាត់​បាន​ឃើញ​នៅលើ​ទឹកមុខ​កុមារ​តូច​ម្នាក់ លោក​បាន​លាន់​មាត់ថា « នៅពេល​ដែល​ផ្កា​កុលាប​ថ្មី​លាស់​ឡើង​ដោយ​ការបំបៅ​ផ្សាំ​នៅក្នុង​សួនច្បារ នោះ​អ្នកថែរសួន​ទាំងអស់​មាន​អំណរ ។ ពួកគេ​បំបែក​ផ្កា​កុលាប​នោះចេញ​មក មើលថែ​និង បីចាច់​វា ។ ប៉ុន្តែ​ពុំមាន​អ្នកថែ​សួន​មនុស្ស​ឡើយ » ។១០

បងប្អូន​ប្រុសស្រី​​អើយ តើ​យើង​មិន​គួរធ្វើ​ជា​អ្នកមើលថែ​សួន​សម្រាប់​បងប្អូន​ប្រុសស្រី​របស់​យើង​ទេឬ​អី ? តើ​យើង​ពុំមែន​ជា អ្នក​មើលថែ​បងប្អូន​ប្រុសស្រី​របស់​យើង​ទេឬអី » ? ព្រះយេស៊ូវ​បាន​បង្គាប់​យើង​ឲ្យ​ស្រឡាញ់​អ្នក​ជិតខាង​ដូច​ខ្លួនយើង ។១១ ចេញពី​ព្រះឱស្ឋ​របស់​ទ្រង់ ពាក្យ អ្នកជិតខាង មិន​គ្រាន់តែ​មាន​ន័យថា​ជិត​ខាង​ភូមិសាស្ត្រ​នោះ​ទេ តែ​វា​សំដៅ​ទៅលើ​ភាពជិតស្និទ្ធ​នៃ​បេះដូង​វិញ ។ វា​រាប់បញ្ចូល​មនុស្ស​ទាំងអស់​នៃ​ភព​ផែនដី​នេះ —មិនថា​ពួកគេ​រស់នៅ​ក្បែរ​យើង ឬ​នៅ​ប្រទេស​ដ៏​សែនឆ្ងាយ​នោះទេ ទាំង​ពុំ​គិតពី​ប្រភពដើម ប្រវត្តិ​ផ្ទាល់ខ្លួន ឬ​កាលៈទេសៈ​ទាំងឡាយ​របស់​ពួកគេ​នោះទេ ។

ក្នុង​នាមជា​សិស្ស​របស់​ព្រះគ្រីស្ទ យើង​មាន​កាតព្វកិច្ច​ដ៏​ពិសិដ្ឋ​ដើម្បី​ធ្វើការ​ដោយ​មិន​នឿយហត់ ដើម្បី​សន្តិភាព និង​ភាពសុខដុមរមនា​រវាង​ប្រជាជាតិ​ទាំងអស់​នៅលើ​ផែនដី​នេះ ។ យើង​ត្រូវតែ​ធ្វើ​ឲ្យ​អស់​ពីសមត្ថភាព​ដើម្បី​ការពារ និង​នាំ​មកនូវ​ការលួងលោមចិត្ត និង​ជួយ​សង្រ្គោះ​ដល់​ជន​ទន់ខ្សោយ ខ្វះខាត និង​អស់​អ្នក​ដែល​រងទុក្ខ ឬ​អ្នក​ដែល​ត្រូវ​បាន​គេ​ជិះជាន់ ។ លើសពីនេះ អំណោយទាន​នៃ​សេចក្តីស្រឡាញ់​ដ៏អស្ចារ្យ​បំផុត​ដែល​យើង​អាច​ផ្តល់​ឲ្យ​មិត្ត​រួមការងារ​នោះគឺ​ដើម្បី​ចែកចាយ​ជាមួយ​ពួកគេ​នូវ​អំណរ​នៃ​ដំណឹងល្អ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​មករក​ព្រះអង្គសង្គ្រោះ​តាមរយៈ​សេចក្តីសញ្ញា និង​ពិធីបរិសុទ្ធ​ដ៏ពិសិដ្ឋ​នានា ។

គោលការណ៍ទីបី ៖ យើង​បាន​អញ្ជើញ​ឲ្យ​ចូលរួម​នៅក្នុង​កិច្ចការ​នៃ​ការបង្កបង្កើត ។

ដំណើរការ​ដ៏ទេវភាព​នៃ​ការបង្កបង្កើត គឺ​ពុំទាន់​បញ្ចាប់​នៅឡើយទេ ។ ។ ជា​រៀងរាល់​ថ្ងៃ កិច្ច​ការបង្កបង្កើត​របស់​ព្រះ​បន្ត​រីកចម្រើន ពង្រីក និង​កើនច្រើន​ឡើង ។ រឿង​ដែល​អស្ចារ្យ​បំផុត​មួយ​គឺថា​ព្រះវរបិតាសួគ៌​ផ្តល់​ការអញ្ជើញ​មួយ​ដល់​យើង​ឲ្យ​ចូលរួម​នៅក្នុង​កិច្ចការ​បង្កបង្កើត​របស់​ទ្រង់ ។

យើង​ចូលរួម​ក្នុង​កិច្ចការ​នៃ​ការបង្កបង្កើត​ពេល​ណា​ដែល​យើង​ដាំដុះ​លើ​ផែនដី ឬ​បង្កើត​ការសាងសង់​ផ្ទាល់ខ្លួន​នៅលើ​ពិភពលោក​នេះ—ដរាបណា​យើង​បង្ហាញ​ការគោរព​ចំពោះ​ការបង្កបង្កើត​របស់​ព្រះ ។ ការចូលរួម​ចំណែក​របស់​យើង​អាច​ត្រូវបាន​បង្ហាញ​តាមរយៈ​ការបង្កើត​សិល្បៈ ស្ថាបត្យកម្ម តន្ត្រី អក្សរសិល្ប៍ និង​វប្បធម៌ ដែល​តុបតែង​ភពផែនដី​ ធ្វើ​ឲ្យ​អារម្មណ៍​យើង​មាន​ភាពរហ័សរហួន និង​ធ្វើ​ឲ្យ​ជីវិត​យើង​ស្រស់ថ្លា ។ យើង​ក៏​រួមចំណែក​តាម​រយៈ​ការរកឃើញ​ផ្នែក​វិទ្យាសាស្ត្រ និង​វេជ្ជសាស្រ្ដ ដែល​រក្សា​ផែនដី និង​ជីវិត​នៅ​លើ​ផែនដី​ផងដែរ ។ ប្រធាន ថូម៉ាស អេស ម៉នសុន បាន​សង្ខេប​គោលគំនិត​នេះ​ដោយ​ពាក្យ​ដ៏​ពិរោះ​ទាំងនេះថា « ព្រះ​បាន​បន្សល់​ទុក​ផែនដី​ដែល​ពុំទាន់​បញ្ចប់​សព្វគ្រប់​នេះ​ដើម្បី​ឲ្យ​មនុស្ស​ហាត់​ជំនាញ​របស់​ខ្លួន … ដើម្បី​មនុស្ស​អាច​ដឹង​ពី​អំណរ និង​សិរីល្អ​នៃ​ការបង្ក​បង្កើត » ។១២

នៅក្នុង​រឿងប្រៀបប្រដូច​របស់​ព្រះយេស៊ូវ​អំពី​ប្រាក់ ដែល​នៅពេល​ចៅហ្វាយ​ត្រឡប់​មកពី​ដំណើរ​របស់​គាត់វិញ គាត់​បាន​សរសើរ និង​ផ្តល់​រង្វាន់​ដល់​បាវបម្រើ​ពីរនាក់​ដែល​បាន​រីក​ចម្រើន និង​ពង្រីក​នូវ​ទេពកោសល្យ​របស់​ពួកគេ ។ ផ្ទុយទៅវិញ ចៅហ្វាយ​នោះ​បាន​ហៅ​បាវបម្រើ​ដែល​លាក់​ទេពកោសល្យ​ពិសេស​របស់​គាត់​នៅក្នុងដី​ថា​« បាវ​ឥត​ប្រយោជន៍ » ហើយ​លោក​បាន​ហូតយក​ទាំង​របស់​អ្វី ដែល​គាត់​នោះ​មាន​ផង ។១៣

ស្រដៀងគ្នា​នេះដែរ តួនាទី​របស់​យើង​ជា​អ្នកកាន់កាប់​ត្រួតត្រា នៃ​ការបង្កបង្កើត​នៃ​ផែនដី​នេះ ពុំ​គ្រាន់តែ​សម្រាប់​ការអភិរក្ស​ឬ​ការថែរក្សា​វា​ប៉ុណ្ណោះទេ ។ ព្រះអម្ចាស់​រំពឹងថា​យើង​នឹង​ធ្វើការ​ដោយ​ឧស្សាហ៍តាម​ការ​បណ្ដាល​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទ្រង់ ដើម្បី​រីកចម្រើន លើកកម្ពស់ និង​កែលម្អ​លើ​ធនធាន​ដែល​ទ្រង់​បាន​ប្រគល់​ឲ្យ​យើង—ពុំមែន​សម្រាប់​តែ​ប្រយោជន៍​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដើម្បី​ប្រទានពរ​ដល់​អ្នក​ដទៃ​ផងដែរ ។

នៅក្នុង​ចំណោម​សមិទ្ធិផល​ទាំងអស់​របស់​មនុស្ស គ្មាន​នរណា​ម្នាក់​អាច​មានបទពិសោធន៍​ក្លាយជា សហ​អ្នកបង្កបង្កើតប្រៀបស្មើនឹង​ព្រះ​នៅក្នុង​ការ​ផ្តល់​ជីវិត ឬ​ការជួយ​កុមារ​ឲ្យ​រៀនសូត្រ លូតលាស់ និង ប្រឹងប្រែង—មិនថាជា​ឪពុកម្តាយ គ្រូបង្រៀន ថ្នាក់ដឹកនាំ ឬ​នៅក្នុង​តួនាទី​អ្វីផ្សេង​នោះទេ ។ គ្មាន​ការបម្រើ​ណា​ដែល​ពិសិដ្ឋនិង ពេញចិត្ត​ជាងនេះ ហើយ​ក៏​មាន​តម្រូវការ​ច្រើនជាង​ការចាប់ដៃ​គូជាមួយ​អង្គបង្កបង្កើត​របស់​យើង​ក្នុង​ការផ្តល់​រូបកាយ​សម្រាប់​កូន​វិញ្ញាណ​ទាំងឡាយ​របស់​ទ្រង់ ហើយ​បន្ទាប់មក​ជួយ​ពួកគេ​ឲ្យ​សម្រេច​បាន​នូវ​សក្តានុពល​ដ៏ទេវភាព​របស់​ពួកគេ​នោះដែរ ។

ទំនួលខុសត្រូវ​នៃ​ការបង្កបង្កើត ប្រើជា​ការរំឭក​ជានិច្ច​ថា ជីវិត និង​រូបកាយ​របស់​មនុស្ស​ម្នាក់ៗ​គឺ​ពិសិដ្ឋ ហើយថា​ពួកគេ​ម្នាក់ៗ​ពុំមែន​ជាកម្មសិទ្ធិ​របស់​អ្នកណា​ក្រៅពី​ព្រះ​នោះទេ ហើយថា​ទ្រង់​បាន​ធ្វើ​ឲ្យ​យើងជា​អាណាព្យាបាល​ដែល​គោរព ការពារ និង​ថែរក្សា​ពួកគេ ។ ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ដើម្បី​គ្រប់គ្រង​អំណាច​នៃ​ការបង្កកំណើត និង​ការបង្កើត​គ្រួសារ​ដ៏អស់កល្ប​ជានិច្ច ដឹកនាំ​យើង​នៅក្នុង​ការបម្រើ​ដ៏​បរិសុទ្ធ​នេះ ដែល​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ចំពោះ​ផែនការ​របស់​ទ្រង់ ។

បងប្អូន​ប្រុស​ស្រី​របស់​ខ្ញុំ​អើយ យើង​គួតែ​ទទួល​ស្គាល់ថា​អ្វីៗ​ទាំងអស់​គឺ​ខាងវិញ្ញាណ​ចំពោះ​ព្រះអម្ចាស់—រួមទាំង​ទិដ្ឋភាព​បណ្ដោះអាសន្ន​បំផុត​នៃ​ជីវិត​របស់យើង​ផងដែរ ។ ខ្ញុំ​សូម​ថ្លែងទី​បន្ទាល់ថា ពរជ័យ​ខាងវិញ្ញាណ​ដ៏​អស្ចារ្យ​ត្រូវ​បាន​សន្យា​ចំពោះ​អស់អ្នក​ដែល​ស្រឡាញ់ និង​ថែរក្សា​ផែនដី និង​បងប្អូន​ប្រុសស្រី​របស់​ពួកគេ ។ នៅពេល​បងប្អូន​រក្សា​នូវ​ភាពស្មោះត្រង់​នៅក្នុង​ការបម្រើដ៏​ពិសិដ្ឋ ហើយ​គោរព​សេចក្តីសញ្ញា​ដ៏​អស់កល្ប នោះ​បងប្អូន​នឹង​កើន​ចំណេះដឹង​អំពី​ព្រះ និង​អំពី​ព្រះរាជបុត្រា​របស់​ទ្រង់​គឺ ព្រះយេស៊ូវគ្រីស្ទ ហើយ​បងប្អូន​នឹង​មាន​អារម្មណ៍ថា​មាន​សេចក្តីស្រឡាញ់ ហើយ​ឥទ្ធិពល​របស់​ទ្រង់ទាំងទ្វេ​មាន​កាន់តែ​ច្រើនឡើង​នៅក្នុង​ជីវិត​របស់​បងប្អូន ។ ការណ៍​ទាំងអស់​នេះ​នឹង​រៀបចំ​បងប្អូន​ឲ្យ​រស់នៅ​ជាមួយ​ទ្រង់ទាំងទ្វេ ហើយ​ទទួល​បាន​អំណាច​ច្នៃ​ប្រឌិត​បន្ថែម១៤ នៅក្នុង​ជីវិត​ខាងមុខ ។

នៅ​ចុងបញ្ចប់​នៃ​ជីវិត​រមែងស្លាប់​នេះ ព្រះអម្ចាស់​នឹង​សុំឲ្យ​យើង​ប្រាប់​ដំណើររឿង​មួយ​អំពី​ការបម្រើ​ដ៏ពិសិដ្ឋ​របស់​យើង រួមទាំង​របៀប​ដែល​យើង​ថែរក្សា​ការបង្កបង្កើត​របស់​ទ្រង់ ។ ខ្ញុំ​អធិស្ឋាន​សូម​ឲ្យ យើង​នឹង​ឮ​ព្រះបន្ទូល​ដ៏ស្រទន់​របស់​ទ្រង់ ដែល​ខ្សឹប​ប្រាប់​ដួងចិត្ត​របស់​យើងថា « ប្រពៃ​ហើយ បាវ​ល្អ​ស្មោះត្រង់​អើយ ឯង​មាន​ចិត្ត​ស្មោះ​នឹង​ត្រួត​របស់​បន្តិច​នេះ ដូច្នេះ អញ​នឹង​តាំង​ឲ្យ​ឯង​ត្រួត​លើ​របស់​ជា​ច្រើន​ទៅ​ទៀត ចូរ​ឲ្យ​ឯង​ប្រកប​ដោយ​អំណរ​របស់​ចៅហ្វាយ​ឯង​ចុះ » ។១៥ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. ផែនដី និង​គ្រប់​របស់​ទាំង​អស់​ដែល​នៅលើ​វា ( ដោយ​លើកលែង​តែ អ័ដាម និង នាងអេវ៉ា ) ត្រូវ​បាន​បង្កើតឡើង​ដោយ​ព្រះយេស៊ូវគ្រីស្ទ​ក្រោម​ការដឹកនាំ​របស់​ព្រះវរបិតា ចំណែក អ័ដាម និង នាងអេវ៉ា ឪពុកម្តាយ​ដំបូង​របស់​យើង​នោះ ត្រូវ​បាន​បង្កើតឡើង​ដោយ​ព្រះ​ជាព្រះវរបិតា ( សូមមើល យ៉ូហាន ១:១-៣; ម៉ូសេ ២:១, ២៦–២៧ ) ។

  2. គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៩:១៨ ។

  3. សូមមើល ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល « Welfare Services: The Gospel in Action » Ensignខែ វិច្ឆិកា ឆ្នាំ ១៩៧៧ ទំព័រ ៧៨–៧៩ ។

  4. គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៤:១៤ ។

  5. សូមមើល​ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល « Welfare Services, » ទំព័រ ៧៦–៧៩ ។

  6. គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៤:១៣ ។

  7. គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៩:២០ ។

  8. រ័សុល អិម ណិលសុន « The Creation » Liahonaខែ កក្កដា ឆ្នាំ ២០០០ ទំព័រ ១០៤ ។

  9. សូមមើល សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ « Environmental Stewardship and Conservation » នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org ។

  10. Antoine de Saint-Exupéry, Terre des Hommes (1939), 214; see also Wind, Sand and Stars (1939) in Airman’s Odyssey (1984), 206 ។

  11. សូមមើល ម៉ាកុស ១២:៣១ ។

  12. ថូម៉ាស អេស ម៉នសុន « In Search of an Abundant Life »Tambuli, ខែ សីហា ឆ្នាំ ១៩៨៨ ទំព័រ៣ ។

  13. សូមមើល ម៉ាថាយ ២៥:១៤–៣០ ។

  14. សូមមើល ដេវីឌ អេ បែដណា និង​ស៊ូសាន ខេ បែដណា « Moral Purity( សាកល​វិទ្យាល័យ ព្រិកហាំ យ៉ង់–រដ្ឋ អៃដាហូ ការប្រជុំ​ធម្មនិដ្ឋាន ថ្ងៃទី ៧ ខែ មករា ឆ្នាំ ២០០៣ ) នៅលើ​គេហទំព័រ byui.edu ។

  15. ម៉ាថាយ ២៥:២១ ។