កេរតំណែលនៃការលើកទឹកចិត្ត
ខ្ញុំសូមលើកទឹកចិត្តបងប្អូនឲ្យបន្តខិតខំមានគុណសម្បត្តិត្រឡប់ទៅកាន់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទវិញ ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់ ខ្ញុំមានអំណរគុណដែលបានជួបជុំបងប្អូនក្នុងសន្និសីទទូទៅនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយនេះ ។ យើងដឹងពីសេចក្តីជំនឿ និងសេចក្តីស្រឡាញ់របស់បងប្អូនមកពីគ្រប់ទីកន្លែង ។ យើងត្រូវបានស្អាងឡើងដោយការបង្រៀនដ៏បំផុសគំនិត មកពីទីបន្ទាល់ដ៏មានអានុភាព និងតន្ត្រីដ៏អស្ចារ្យ ។
ខ្ញុំសូមលើកទឹកចិត្តបងប្អូនឲ្យបន្តខិតខំមានគុណសម្បត្តិត្រឡប់ទៅកាន់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទវិញ ។ មិនថាបងប្អូននៅកន្លែងណាលើផ្លូវនៃសេចក្ដីសញ្ញា បងប្អូននឹងជួបបញ្ហានឹងការសាកល្បងខាងរូបកាយនៃជីវិតរមែងស្លាប់ ហើយការផ្ទុយរបស់សាតាំង ។
ដូចដែលម្តាយខ្ញុំបានប្រាប់ខ្ញុំ នៅពេលខ្ញុំត្អូញត្អែរពីរឿងពិបាកថា « អូ៎ វាពិបាកម្ល៉េះ ។ វាច្បាស់ជាពិបាកហើយ ។ ជីវិតគឺជាការសាកល្បង » ។
គាត់អាចនិយាយបែបនោះដោយស្ងប់ចិត្ត ទាំងញញឹម ពីព្រោះគាត់បានដឹងរឿងពីរយ៉ាង ។ មិនថាមានបញ្ហាអ្វីនោះទេ រឿងសំខាន់បំផុតរបស់គាត់ គឺការធ្វើដំណើរទៅកាន់ផ្ទះរស់នៅជាមួយព្រះវរបិតាសួគ៌ ។ ហើយគាត់ដឹងថា គាត់អាចធ្វើវាបានតាមរយៈសេចក្តីជំនឿលើព្រះអង្គសង្គ្រោះ ។
គាត់មានអារម្មណ៍ថាទ្រង់នៅជិតគាត់ ។ នៅថ្ងៃដែលគាត់ដឹងថាគាត់ហៀបនឹងស្លាប់ គាត់បាននិយាយនឹងខ្ញុំអំពីព្រះអង្គសង្គ្រោះ ពេលគាត់សម្រាន្តនៅក្នុងបន្ទប់គាត់ ។ មានទ្វារចូលទៅបន្ទប់មួយទៀតនៅជិតគ្រែគាត់ ។ គាត់ញញឹម សម្លឹងមើលទៅទ្វារនោះ កាលថ្លែងដោយស្ងប់ចិត្តថា គាត់នឹងបានជួបទ្រង់ឆាប់ៗនេះ ។ ខ្ញុំនៅចាំពីការសម្លឹងមើលទៅទ្វារ ហើយស្រមៃឃើញបន្ទប់ដែលនៅម្ខាងទៀត ។
ឥឡូវនេះគាត់នៅក្នុងពិភពវិញ្ញាណ ។ គាត់អាចសម្រចគោលដៅដ៏មានតម្លៃ ដែលគាត់ចង់បានតាមរយៈការសាកល្បងខាងរូបកាយផ្ទាល់ខ្លួនជាច្រើនឆ្នាំមកនេះ ។
កេរតំណែលនៃការលើកទឹកចិត្ត ដែលគាត់បានបន្សល់ទុកបានពិពណ៌នាយ៉ាងល្អនៅក្នុង មរ៉ូណៃ ៧ ត្រង់កន្លែងដែលមរមនលើកទឹកចិត្តកូនប្រុស មរ៉ូណៃ និងប្រជាជនរបស់លោក ។ វាគឺជាកេរដំណែលនៃការលើកទឹកចិត្តដល់កូនចៅជំនាន់ក្រោយ ដូចម្តាយខ្ញុំបន្តដល់ក្រុមគ្រួសារគាត់ផងដែរ ។ មរមនបានបន្តកេរដំណែលនៃការលើកទឹកចិត្តនោះដល់អស់អ្នកដែលប្ដេជ្ញាចិត្តមានគុណសម្បត្តិ តាមរយៈការសាកល្បងក្នុងជីវិតរមែងស្លាប់ ដើម្បីជីវិតដ៏នៅអស់កល្បជានិច្ច ។
មរមនចាប់ផ្តើមនៅក្នុងខទីមួយនៃ មរ៉ូណៃ ៧ ជាមួយនឹងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ពួកទេវតា និងព្រះវិញ្ញាណនៃព្រះគ្រីស្ទ ដែលអាចឲ្យយើងដឹងល្អ និងអាក្រក់ ហើយអាចជ្រើសរើសត្រូវ ។
លោកបានដាក់ព្រះយេស៊ូវគ្រីស្ទជាទីមួយ ដូចអស់អ្នកដែលជោគជ័យផ្តល់ការលើកទឹកចិត្តដល់អស់អ្នកដែលពុះពារធ្វើដំណើរឆ្ពោះទៅផ្ទះសួគ៌ារបស់ពួកគេ ៖
« ត្បិតគ្មានអ្នកណាអាចបានសង្គ្រោះឡើយ ស្របតាមព្រះបន្ទូលនៃព្រះគ្រីស្ទ លើកលែងតែពួកគេមានសេចក្ដីជំនឿជឿដល់ព្រះនាមទ្រង់ ហេតុដូច្នោះហើយ បើសិនជាឈប់មានការណ៍ទាំងនេះ នោះសេចក្ដីជំនឿក៏ឈប់មានដែរ ហើយស្ថានភាពមនុស្សនោះ គួរឲ្យស្ញែងខ្លាចណាស់ ត្បិតពួកគេហាក់បីដូចជាគ្មានបានសេចក្ដីប្រោសលោះឡើយ ។
« ប៉ុន្តែមើលចុះ ឱបងប្អូនដ៏ជាទីស្រឡាញ់របស់ខ្ញុំអើយ ខ្ញុំវិនិច្ឆ័យថាអ្នកគ្រាន់បើជាងនេះ ត្បិតខ្ញុំវិនិច្ឆ័យថា អ្នករាល់គ្នាមានសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទ ដោយព្រោះភាពស្លូតបូតរបស់អ្នក ត្បិតបើសិនជាអ្នករាល់គ្នាពុំមានសេចក្ដីជំនឿជឿដល់ទ្រង់ទេ នោះអ្នករាល់គ្នាពុំសមនឹងបានរាប់ក្នុងចំណោមរាស្ត្រនៃសាសនាចក្ររបស់ទ្រង់ឡើយ » ។១
មរមនបានឃើញភាពស្លូតបូត ជាភស្តុតាងនៃភាពរឹងមាំនៃសេចក្តីជំនឿរបស់ពួកគេ ។ លោកបានឃើញថា ពួកគេពឹងផ្អែកលើព្រះអង្គសង្គ្រោះ ។ លោកបានលើកទឹកចិត្តពួកគេឲ្យយកចិត្តទុកដាក់ លើ សេចក្តីជំនឿ ។ មរមនបានបន្តលើកទឹកចិត្ត ដោយជួយពួកគេឲ្យមើលឃើញថា សេចក្តីជំនឿ និងភាពស្លូតបូតនឹងស្ថាបនាការអះអាង និងទំនុកចិត្តថាពួកគេនឹងជោគជ័យក្នុងការពុះពារ ៖
« ហើយម្យ៉ាងទៀត ឱបងប្អូនដ៏ជាទីស្រឡាញ់របស់ខ្ញុំអើយ ខ្ញុំចង់និយាយទៅកាន់អ្នករាល់គ្នា អំពីសេចក្ដីសង្ឃឹម ។ តើធ្វើដូចម្ដេចឲ្យអ្នករាល់គ្នាអាចបានសេចក្ដីជំនឿ លើកលែងអ្នករាល់គ្នានឹងមានសេចក្ដីសង្ឃឹម ?
« ហើយតើអ្វីទៅដែលអ្នករាល់គ្នាសង្ឃឹមចង់បាន ? មើលចុះ ខ្ញុំសូមប្រាប់អ្នកថា អ្នករាល់គ្នានឹងមានសេចក្ដីសង្ឃឹម ដោយរយៈដង្វាយធួននៃព្រះគ្រីស្ទ និងអំណាចនៃដំណើររស់ឡើងវិញរបស់ទ្រង់ ដើម្បីឲ្យបានប្រោសឲ្យមានជីវិតដ៏នៅអស់កល្បជានិច្ច ហើយនេះក៏មកពីសេចក្ដីជំនឿរបស់អ្នកដល់ទ្រង់ ស្របតាមពាក្យសន្យា ។
« ហេតុដូច្នោះហើយ បើសិនជាមនុស្សណាមួយមានសេចក្ដីជំនឿ នោះគេត្រូវតែមានសេចក្ដីសង្ឃឹម ត្បិតអត់ពីសេចក្ដីជំនឿទៅ នោះពុំអាចមានសេចក្ដីសង្ឃឹមឡើយ ។
« ហើយម្យ៉ាងទៀត ខ្ញុំសូមប្រាប់អ្នកថា អ្នកនោះពុំអាចមានសេចក្ដីជំនឿ និងសេចក្ដីសង្ឃឹមទេ លើកលែងតែអ្នកនោះស្លូតបូត ហើយសុភាពរាបសា » ។២
បន្ទាប់មក មរមនបានលើកទឹកចិត្តពួកគេ ដោយការថ្លែងទីបន្ទាល់ថា ពួកគេកំពុងនៅលើផ្លូវដើម្បីទទួលអំណោយទានក្នុងដួងចិត្តដែលពោរពេញទៅដោយសេចក្តីស្រឡាញ់ដ៏សុទ្ធសាធរបស់ព្រះគ្រីស្ទ ។ លោកបានចងក្រងរួមគ្នាសម្រាប់ពួកគេនូវទំនាក់ទំនងនៃសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ភាពស្លូតបូត ការបន្ទាបខ្លួន ព្រះវិញ្ញាណបរិសុទ្ធ និងសេចក្តីសង្ឃឹមដ៏រឹងមាំថាទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ។ លោកលើកទឹកចិត្តពួកគេតាមវិធីនេះ ៖
« គ្មានអ្នកណាអាចបានទៅជាទីគាប់ចំពោះព្រះឡើយ លើកលែងតែមនុស្សស្លូតបូត ហើយសុភាពរាបសាប៉ុណ្ណោះ ហើយបើសិនជាមនុស្សនោះស្លូតបូត ហើយសុភាពរាបសា ហើយទទួលស្គាល់ដោយនូវព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធថា ព្រះយេស៊ូវ គឺជាព្រះគ្រីស្ទ អ្នកនោះត្រូវតែមានសេចក្ដីសប្បុរស ត្បិតបើសិនជាគេគ្មានសេចក្ដីសប្បុរសទេ អ្នកនោះគ្មានជាអ្វីទាំងអស់ ហេតុដូច្នោះហើយ អ្នកនោះត្រូវតែមានសេចក្ដីសប្បុរស » ។៣
បើគិតត្រឡប់ទៅវិញ ឥឡូវនេះខ្ញុំអាចមើលឃើញពីរបៀបដែលអំណោយនៃសេចក្តីសប្បុរស—ជាសេចក្តីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ—បានពង្រឹង ដឹកនាំ ទ្រទ្រង់ និងផ្លាស់ប្តូរម្តាយរបស់ខ្ញុំក្នុងការពុះពារនៅតាមផ្លូវត្រឡប់ទៅផ្ទះរបស់គាត់ ។
« ហើយសេចក្ដីសប្បុរស តែងតែអត់ធ្មត់ ហើយចិត្តល្អ ហើយពុំចេះឈ្នានីស ហើយពុំចេះអួតខ្លួន ពុំរកប្រយោជន៍ផ្ទាល់ខ្លួន ពុំរហ័សខឹង ពុំគិតដល់សេចក្ដីអាក្រក់ ហើយពុំដែលអររីករាយចំពោះសេចក្ដីទុច្ចរិតឡើយ ប៉ុន្តែអររីករាយតែនឹងសេចក្ដីពិតវិញ គឺទ្រាំទ្រការណ៍ទាំងអស់ ជឿដល់ការណ៍ទាំងអស់ សង្ឃឹមដល់ការណ៍ទាំងអស់ ហើយស៊ូទ្រាំទ្រការណ៍ទាំងអស់ ។
« ហេតុដូច្នោះហើយ ឱបងប្អូនដ៏ជាទីស្រឡាញ់របស់ខ្ញុំអើយ បើសិនជាអ្នករាល់គ្នាគ្មានសេចក្ដីសប្បុរសទេ នោះអ្នករាល់គ្នាគ្មានជាអ្វីទាំងអស់ ដ្បិតសេចក្ដីសប្បុរសពុំបាត់បង់ទៅឡើយ ។ ហេតុដូច្នោះហើយ ចូរតោងជាប់សេចក្ដីសប្បុរស ដែលជាសេចក្ដីដ៏មហិមាបំផុត ដ្បិតអ្វីផ្សេងៗទៀតនឹងត្រូវខូចបង់—
« ប៉ុន្តែសេចក្ដីសប្បុរសគឺជាសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ ហើយស្ថិតស្ថេរនៅជានិច្ច ហើយអស់អ្នកណាដែលមានសេចក្ដីសប្បុរសនៅក្នុងថ្ងៃចុងក្រោយបង្អស់នឹងបានស្រួលដល់អ្នកនោះហើយ ។
« ហេតុដូច្នោះហើយ ឱបងប្អូនដ៏ជាទីស្រឡាញ់របស់ខ្ញុំអើយ ចូរអធិស្ឋានដល់ព្រះវរបិតា ដោយអស់ពីកម្លាំងចិត្ត ដើម្បីឲ្យអ្នករាល់គ្នាបានពោរពេញដោយសេចក្ដីស្រឡាញ់នេះ ដែលទ្រង់បានប្រទានដល់អស់អ្នកណាដែលជាអ្នកដើរតាមដ៏ពិត នៃព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ដើម្បីឲ្យអ្នករាល់គ្នាអាចក្លាយទៅជាកូនព្រះ ដើម្បីកាលណាទ្រង់នឹងលេចមក នោះយើងរាល់គ្នានឹងបានដូចជាទ្រង់ ត្បិតយើងនឹងឃើញទ្រង់ ជាទ្រង់ពិតប្រាកដ ដើម្បីឲ្យយើងអាចមានសេចក្ដីសង្ឃឹមនេះ ដើម្បីឲ្យយើងអាចបានបរិសុទ្ធដូចជា ទ្រង់បរិសុទ្ធ » ។៤
ខ្ញុំមានអំណរគុណចំពោះការលើកទឹកចិត្តអំពីគំរូ និងការបង្រៀនរបស់មរមន ។ ខ្ញុំក៏បានទទួលពរពីកេរដំណែលរបស់អ្នកម្ដាយខ្ញុំផងដែរ ។ ចាប់តាំងពីព្យាការីអ័ដាមរហូតដល់ព្យាការីសព្វថ្ងៃនេះ ពួកលោកបានពង្រឹងខ្ញុំតាមរយៈការបង្រៀន និងគំរូរបស់ពួកលោក ។
ដោយការគោរពចំពោះមនុស្សដែលខ្ញុំស្គាល់ផ្ទាល់ និងចំពោះក្រុមគ្រួសារពួកលោក ខ្ញុំបានជ្រើសរើសមិនព្យាយាមបញ្ជាក់អំពីព័ត៌មានលម្អិតនៃការពុះពារ ឬនិយាយអំពីអំណោយដ៏អស្ចារ្យរបស់ពួកលោកជាសាធារណៈទេ ។ ប៉ុន្តែអ្វីដែលខ្ញុំបានឃើញគឺបានលើកទឹកចិត្តខ្ញុំ និងផ្លាស់ប្តូរខ្ញុំឲ្យកាន់តែល្អប្រសើរ ។
ខ្ញុំសូមលើករឿងឯកជនរបស់ភរិយាខ្ញុំបន្តិច ខ្ញុំនឹងរៀបរាប់ដោយសង្ខេបអំពីការលើកទឹកចិត្តរបស់គាត់ ។ ខ្ញុំនឹងប្រាប់ដោយប្រុងប្រយ័ត្ន ។ គាត់ជាមនុស្សមិនសូវចេញមុខ មិនស្វែងរកកិត្តិយស ឬការសរសើរឡើយ ។
យើងបានរៀបការ ៦០ឆ្នាំ ហើយ ។ ដោយសារតែបទពិសោធន៍នោះ ពេលនេះខ្ញុំយល់អត្ថន័យនៃពាក្យក្នុងព្រះគម្ពីរទាំងនេះ ៖ សេចក្ដីជំនឿ សេចក្ដីសង្ឃឹម ភាពស្លូតបូត ការស៊ូទ្រាំ ការមិនស្វែងរកប្រយោជន៏ផ្ទាល់ខ្លួន ការត្រេកអរក្នុងសេចក្ដីពិត មិនគិតអាក្រក់ ហើយអ្វីដែលសំខាន់បំផុតនោះគឺសេចក្ដីសប្បុរស ។៥ ដោយផ្អែកលើបទពិសោធន៍នោះ ខ្ញុំអាចថ្លែងទីបន្ទាល់ថា មនុស្សលោកអាចទទួលយកអ្វីដ៏អស្ចារ្យទាំងនោះដាក់ក្នុងជីវិតប្រចាំថ្ងៃពេលពួកគេលូតលាស់ខាងវិញ្ញាណ ។
បងប្អូនដែលកំពុងស្តាប់រាប់លាននាក់អាចស្គាល់មនុស្សបែបនេះដែរ ។ បងប្អូនភាគច្រើន គឺជា មនុស្សបែបនេះ ។ យើងទាំងអស់គ្នាត្រូវការគំរូដែលលើកទឹកចិត្ដ និងមិត្តជាទីស្រឡាញ់បែបនេះ ។
ពេលបងប្អូនអង្គុយជាមួយនរណាម្នាក់ក្នុងនាមជាអ្នកផ្តល់ការងារបម្រើរបស់ពួកគេ នោះបងប្អូនជាតំណាងរបស់ព្រះអម្ចាស់ ។ សូមគិតអំពីអ្វីដែលទ្រង់នឹងធ្វើ ឬមានបន្ទូល ។ ទ្រង់នឹងអញ្ជើញពួកគេឲ្យមករកទ្រង់ ។ ទ្រង់នឹងលើកទឹកចិត្តពួកគេ ។ ទ្រង់នឹងកត់សម្គាល់ ហើយសរសើរដល់ពួកគេដែលចាប់ផ្តើមផ្លាស់ប្តូរ ។ ហើយទ្រង់នឹងធ្វើជាគំរូដ៏ល្អឥតខ្ចោះឲ្យពួកគេធ្វើតាម ។
គ្មាននរណាធ្វើបានទាំងស្រុងទេ ប៉ុន្តែពេលស្តាប់សន្និសីទនេះ បងប្អូនអាចដឹងថាខ្លួនបងប្អូនកំពុងស្ថិតនៅលើផ្លូវនោះ ។ ព្រះអង្គសង្គ្រោះជ្រាបពីការពុះពារគ្រប់យ៉ាងរបស់បងប្អូន ។ ទ្រង់ជា្របពីសក្ដានុពលដ៏អស្ចារ្យរបស់បងប្អូនដើម្បីចម្រើនសេចក្ដីជំនឿ ក្ដីសង្ឃឹម និងសេចក្ដីសប្បុរស ។
ព្រះបញ្ញត្តិ និងសេចក្ដីសញ្ញាដែលទ្រង់ផ្ដល់ឲ្យបងប្អូនពុំមែនធ្វើសាកល្បងដើម្បីគ្រប់គ្រងបងប្អូននោះទេ ។ វាគឺជាអំណោយទានមួយដើម្បីលើកស្ទួយបងប្អូនឆ្ពោះទៅកាន់អំណោយទានរបស់ព្រះ ហើយត្រឡប់ទៅផ្ទះវិញ ដើម្បីជួបព្រះវរបិតាសួគ៌ និងព្រះអម្ចាស់ដែលស្រឡាញ់បងប្អូន ។
ព្រះយេស៊ូវគ្រីស្ទបានបង់ថ្លៃសម្រាប់អំពើបាបយើង ។ យើងអាចនឹងទាមទារពរជ័យនៃជីវិតដ៏អស់កល្បជានិច្ចបាន បើយើងមានជំនឿលើទ្រង់គ្រប់គ្រាន់ដើម្បីប្រែចិត្ត ហើយប្រែក្លាយដូចកុមារម្នាក់ដែលបរិសុទ្ធ ហើយត្រៀមខ្លួនជាស្រេចដើម្បីទទួលអំណោយទានដ៏មហិមាបំផុតនៃព្រះ ។
ខ្ញុំសូមអធិស្ឋានឲ្យ បងប្អូនទទួលយកការអញ្ជើញរបស់ទ្រង់ ហើយផ្តល់វាដល់កូនចៅដទៃទៀតរបស់ព្រះវរបិតាសួគ៌នៃយើង ។
ខ្ញុំសូមអធិស្ឋានសម្រាប់ពួកអ្នកផ្សព្វផ្សាយសាសនារបស់យើងទូទាំងពិភពលោក ។ សូមឲ្យពួកគេបានបំផុសគំនិត ដើម្បីលើកទឹកចិត្តមនុស្សម្នាក់ៗឲ្យចង់បាន ហើយជឿថាការអញ្ជើញនេះគឺមកពីព្រះយេស៊ូវគ្រីស្ទ តាមរយៈអ្នកបម្រើរបស់ទ្រង់ ដែលបានលើកដាក់ខ្លួនពួកគេនូវព្រះនាមរបស់ទ្រង់ ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ទ្រង់មានព្រះជន្មរស់នៅ ហើយទ្រង់បានដឹកនាំសាសនាចក្ររបស់ទ្រង់ ។ ខ្ញុំជាសាក្សីរបស់ទ្រង់ ។ ប្រធាន រ័សុល អិម ណិលសុន គឺជាព្យាការីដែលនៅរស់របស់ព្រះនៅលើផែនដីទាំងមូល ។ ខ្ញុំដឹងថានោះគឺជាការពិត ។ នៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕