គុណធម៌នៃព្រះបន្ទូល
ពិតជាមានគុណធម៌នៅក្នុងពាក្យសម្ដីរបស់ព្យាការីពីបុរាណ និងសម័យទំនើបនេះ ពីព្រោះពាក្យសម្ដីរបស់ពួកលោកគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ។
នៅក្នុងព្រះគម្ពីរមរមន ក្នុងខគម្ពីរជាទីស្រឡាញ់មួយ យើងអានអំពីការសម្រេចចិត្តដ៏សំខាន់បំផុតមួយរបស់ព្យាការីអាលម៉ា ។ មុននឹងរំឭកពាក្យពេចន៍ទាំងនោះ សូមពិចារណាជាមួយខ្ញុំនូវស្ថានភាពដ៏លំបាកៗ ដែលត្រូវធ្វើការសម្រេចចិត្តនោះ ។
មនុស្សមួយក្រុម ដែលបានហៅខ្លួនថា ពួកសូរាំ បានបំបែកខ្លួនពីពួកសាសន៍នីហ្វៃ១ ហើយបានប្រមូលផ្ដុំនៅតាមព្រំដែននៃដែនដីជិតខាងពួកសាសន៍លេមិន ។២ ពួកសាសន៍នីហ្វៃទើបតែនឹងផ្ដួលពួកសាសន៍លេមិនក្នុងសង្គ្រាមដ៏កម្រមួយ ជាសង្គ្រាមដែលបានសម្លាប់មនុស្សរាប់ពាន់ម៉ឺននាក់៣ ហើយពួកសាសន៍នីហ្វៃ « ភិតភ័យជាខ្លាំង ខ្លាចក្រែងពួកសូរាំធ្វើការទាក់ទងជាមួយនឹងពួកលេមិន ហើយការណ៍នោះគឺជាហេតុដែលនឹងនាំឲ្យមានការខូចខាតយ៉ាងធំ » ។៤ ក្រៅពីការបារម្ភអំពីសង្គ្រាម អាលម៉ាបានដឹងថា ពួកសូរាំដែល « ធ្លាប់បានទទួលព្រះបន្ទូលនៃព្រះ ដែលបានផ្សាយដល់គេពីមុនដែរ »៥ បានងាកទៅរកការថ្វាយបង្គំរូបសំណាកវិញ ហើយ « កំពុងតែបង្ខូចផ្លូវទាំងឡាយនៃព្រះអម្ចាស់ » ។៦ រឿងទាំងនេះធ្វើឲ្យអាលម៉ាមានបន្ទុកជាទម្ងន់ ហើយជា « ហេតុដែលនាំឲ្យអាលម៉ាមានការសោកសៅយ៉ាងធំ » ។៧
ដោយឃើញថា ខ្លួនលោកស្ថិតនៅក្នុងសភាពដ៏ស្មុគស្មាញ និងពិបាកទាំងនេះ នោះអាលម៉ាបានសញ្ជឹងគិតពីអ្វីដែលត្រូវធ្វើ ។ ក្នុងការសម្រេចចិត្តរបស់លោក យើងអាននូវពាក្យពេចន៍ដែលត្រូវបានរក្សាទុក ដើម្បីបំផុស និងណែនាំយើង ខណៈដែលយើងរកវិធីឆ្លងកាត់ស្ថានភាពដ៏ស្មុគស្មាញ និងពិបាករបស់យើងផងដែរ ។៨
« ហើយឥឡូវនេះ ដោយការផ្សាយព្រះបន្ទូលមានបណ្ដាការដ៏ធំក្នុងការដឹកនាំប្រជាជន ឲ្យធ្វើនូវអ្វីៗដែលត្រឹមត្រូវ—មែនហើយ វាមានប្រសិទ្ធភាពទៅលើគំនិតមនុស្សច្រើនជាងផ្លែដាវ ឬអ្វីផ្សេងៗទៀតដែលកើតឡើងដល់គេ—ហេតុដូច្នេះហើយ អាលម៉ាបានគិតថា ជាការចាំបាច់ ដែលគេត្រូវ ពិសោធគុណធម៌នៃព្រះបន្ទូលនៃព្រះ » ។៩
ក្នុងចំណោមដំណោះស្រាយជាច្រើន សេចក្ដីជំនឿរបស់អាលម៉ាបានដឹកនាំពួកគេឲ្យពឹងផ្អែកទៅលើអំណាចនៃព្រះបន្ទូល ។ វាមិនមែនជារឿងចៃដន្យទេ ដែលទេសនកថាដ៏មានឥទ្ធិពលបំផុតមួយចំនួន ដែលបានប្រកាសភ្លាមៗក្រោយពីការសម្រេចចិត្តនោះ មាននៅគ្រប់កន្លែងក្នុងព្រះគម្ពីរ ។ ក្នុងជំពូកទី ៣២ និង ៣៣ នៃគម្ពីរអាលម៉ា យើងអានសុន្ទរកថាដ៏ប៉ិនប្រសប់របស់លោកអំពីសេចក្ដីជំនឿលើព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ហើយជំពូកទី ៣៤ យើងឃើញពីការបង្រៀនដ៏សំខាន់របស់អាមូលេកអំពីដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។
រូបភាពបង្ហាញពីគុណធម៌នៃព្រះបន្ទូល
តាមពិតទៅ ក្នុងព្រះគម្ពីរទាំងមូល យើងអានអំពីពរជ័យដ៏មហស្ចារ្យដែលបានចាក់ស្រោចមកលើមនុស្សទាំងឡាយដែលដកពិសោធគុណធម៌នៃព្រះបន្ទូលនៃព្រះនៅក្នុងជីវិតពួកគេ ។១០ ខ្ញុំសូមអញ្ជើញបងប្អូនឲ្យពិចារណាអំពីគំរូចំនួនបី ខណៈដែលយើងបង្វែរការផ្ដោតអារម្មណ៍របស់យើងទៅលើព្រះគម្ពីរមរមន—ជាព្រះគម្ពីរមួយដែលប្រធាន រ័សុល អិម ណិលសុន បានពិពណ៌នាថាជា « ការដឹកនាំដើម្បីបានរស់រានជីវិត នៅថ្ងៃចុងក្រោយ របស់យើង » ។១១
ទីមួយ ដើម្បីរំឭកប្រជាជនលោកអំពីរបៀបដែលព្រះអម្ចាស់បានរំដោះដូនតាពួកគេ នោះអាលម៉ាបានបង្រៀនថា « មើលចុះ ទ្រង់បានកែប្រែចិត្តរបស់គេ មែនហើយ ទ្រង់បានដាស់ពួកគេឲ្យភ្ញាក់ពីដំណេកដ៏លង់លក់ ហើយគេក៏បានភ្ញាក់ឡើងចំពោះព្រះ ។ មើលចុះ ពួកគេនៅកណ្ដាលសេចក្ដីងងឹតសូន្យសុង ទោះជាយ៉ាងណាក៏ដោយ គង់តែព្រលឹងរបស់គេបានចែងចាំង ដោយពន្លឺនៃព្រះបន្ទូលដ៏អស់កល្បជានិច្ចដែរ » ។១២ ប្រហែលជាបងប្អូនកំពុងមានអារម្មណ៍ថា បងប្អូននៅកណ្ដាលសេចក្ដីងងឹតសូន្យសុង ។ តើព្រលឹងរបស់បងប្អូនត្រូវការពន្លឺដឹកនាំយ៉ាងខ្លាំងដែរឬទេ ? បើដូច្នោះមែន សូមដកពិសោធនូវគុណធម៌នៃព្រះបន្ទូលនៃព្រះចុះ ។
ទីពីរ កាលសញ្ជឹងគិតអំពីការប្រែចិត្តជឿដែលព្រះអម្ចាស់បានធ្វើចំពោះពួកសាសន៍លេមិន ដែលលោកបានឃើញដោយផ្ទាល់ក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនាមួយរូប នោះអាំម៉ូនថ្លែងថា « មើលចុះ តើបងប្អូនយើងប៉ុន្មានពាន់នាក់ ដែលទ្រង់បានស្រាយឲ្យរួចពីការឈឺចាប់នៃស្ថាននរក ហើយពួកគេត្រូវបាននាំឲ្យច្រៀងនូវសេចក្ដីស្រឡាញ់ដែលប្រោសលោះ ហើយ នេះក៏ដោយព្រោះព្រះចេស្ដានៃព្រះបន្ទូល របស់ទ្រង់ដែលនៅក្នុងយើង »១៣ បងប្អូនប្រុសស្រី មានមនុស្សជាច្រើនក្នុងចំណោមយើង ដែលកំពុងចង់បានយ៉ាងខ្លាំង ដើម្បីនាំមនុស្សម្នាក់ដែលយើងស្រឡាញ់ឲ្យមកច្រៀងនូវសេចក្ដីស្រឡាញ់ដែលប្រោសលោះ ។ គ្រប់ការកិច្ចខិតខំរបស់យើង សូមកុំឲ្យយើងភ្លេចដកពិសោធនូវគុណធម៌នៃព្រះបន្ទូលនៃព្រះ ដែលមាននៅក្នុងយើងឡើយ ។
ទីបី ក្នុងគម្ពីរហេលេមិន យើងអានថា « មែនហើយ យើងឃើញថា នរណាក៏ដោយដែល ចង់បាននោះអាចបានទទួល ព្រះបន្ទូលនៃព្រះ ដែលរស់ ហើយពូកែដែលនឹងផ្ដាច់អស់ទាំងកលល្បិច និងអន្ទាក់ និងឧបាយរបស់អារក្សឲ្យដាច់ពីគ្នា ហើយដឹកនាំអ្នកសំណព្វ [ ទាំងបុរសទាំងស្ត្រី ] នៃព្រះគ្រីស្ទចូលទៅក្នុងផ្លូវមួយដ៏តូច ហើយចង្អៀត ឆ្លងកាត់ជង្ហុកនៃសេចក្ដីវេទនាដ៏អស់កល្បជានិច្ចនោះ … ហើយដាក់ព្រលឹងរបស់គេ … នៅខាងស្ដាំព្រះហស្តនៃព្រះនៅក្នុងនគរស្ថានសួគ៌ » ។១៤ តើបងប្អូនកំពុងខិតខំកាត់អស់ទាំងកលល្បិច និងអន្ទាក់ និងឧបាយរបស់អារក្ស ដែលរាលដាលខ្លាំងនៅក្នុងទស្សនវិជ្ជាទាំងឡាយក្នុងជំនាន់របស់យើងនេះដែរឬទេ ? តើបងប្អូនចង់ជ្រែកចេញពីពពកនៃភាពច្របូកច្របល់មកពីព័ត៌មានដ៏ច្រើនលើសលប់ ដើម្បីផ្ដោតផ្ចង់តែទៅលើផ្លូវនៃសេចក្ដីសញ្ញាឲ្យកាន់តែខ្លាំងដែរឬទេ ? សូមដកពិសោធនូវគុណធម៌នៃព្រះបន្ទូលនៃព្រះចុះ ។
ក្នុងនាមជាមនុស្សម្នាក់ដែលត្រូវបានផ្លាស់ប្ដូរដោយអំណាចនៃព្រះបន្ទូល ខ្ញុំសូមថ្លែងទីបន្ទាល់ផ្ទាល់ខ្លួនអំពីសេចក្ដីពិតនេះ ដែលបង្រៀនយ៉ាងល្អ ដោយព្យាការីជាទីស្រឡាញ់យើង គឺប្រធាន រ័សុល អិម ណិលសុន ៖ « ចំពោះខ្ញុំ អំណាចនៃព្រះគម្ពីរមរមនត្រូវបានឃើញជាក់ស្ដែងបំផុតនៅក្នុងការផ្លាស់ប្ដូរដ៏ធំធេង ដែលកើតឡើងនៅក្នុងជីវិតនៃជនដែលបានអានវា ‹ ដោយចិត្តស្មោះសរ គឺដោយស្មោះអស់ពីចិត្ត ដោយមានសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទ › ។ អ្នកប្រែចិត្តជឿជាច្រើនបានបោះបង់ចោលនូវអ្វីដែលពួកគេធ្លាប់កាន់ ដើម្បីរស់នៅតាមសិក្ខាបទនៃគម្ពីរនោះ ។ … វានឹងជាឧបករណ៍ដ៏មានប្រសិទ្ធភាពរបស់បងប្អូននៅក្នុងការនាំព្រលឹងទាំងឡាយមកកាន់ព្រះយេស៊ូវ ជាព្រះគ្រីស្ទ » ។១៥
ប្រភពនៃគុណធម៌
តាមរូបភាពទាំងនេះ និងផ្សេងៗទៀត យើងមើលឃើញគុណធម៌នៃព្រះបន្ទូលនៃព្រះនៅក្នុងជីវិតបុត្រាបុត្រីទ្រង់ ។ យើងអាចនឹងសួរថា តើអ្វីទៅជាប្រភពនៃគុណធម៌ ឬអំណាចនោះ ?
ពេលយើងពិចារណាពីសំណួរនេះ វាជាការចាំបាច់ដើម្បីចាំឃ្លា « ព្រះបន្ទូល » ដែលប្រើក្នុងព្រះគម្ពីរ វាមានអត្ថន័យយ៉ាងហោចណាស់ពីរយ៉ាង ។ ថ្មីៗនេះ អែលឌើរ ដេវីឌ អេ បែដណា បានបង្រៀនថា « ព្រះនាមមួយរបស់ព្រះយេស៊ូវគ្រីស្ទគឺជា ‹ ព្រះបន្ទូល › »ហើយថា « ការបង្រៀនអំពីព្រះអង្គសង្គ្រោះ ដែលកត់ត្រាទុកក្នុងព្រះគម្ពីរបរិសុទ្ធ ក៏ជា ‹ ព្រះបន្ទូល › ផងដែរ » ។១៦
ព្យាការីនីហ្វៃបានបង្ហាញពីទំនាក់ទំនងនៃអត្ថន័យទាំងពីរនេះ ពេលលោកសរសេរថា « សូមប្រុងស្ដាប់តាមពាក្យទាំងនេះ ហើយជឿដល់ព្រះគ្រីស្ទចុះ ហើយបើសិនជាអ្នករាល់គ្នាមិនជឿដល់ពាក្យទាំងនេះទេ ក៏សូមជឿដល់ព្រះគ្រីស្ទ ។ ហើយបើសិនជាអ្នកជឿដល់ព្រះគ្រីស្ទ នោះអ្នករាល់គ្នាក៏ នឹងជឿដល់ពាក្យសម្តីទាំងនេះដែរ ព្រោះពាក្យសម្តីទាំងនេះគឺជាព្រះបន្ទូលនៃព្រះគ្រីស្ទ ហើយទ្រង់បានប្រទានពាក្យទាំងនេះដល់ខ្ញុំ » ។១៨ ហេតុដូច្នេះ យើងរៀនថា គឺពិតជាមានគុណធម៌នៅក្នុងពាក្យសម្ដីរបស់ព្យាការីពីបុរាណ និងសម័យទំនើប មែន ពីព្រោះពាក្យសម្ដីរបស់ពួកលោកគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ។១៨ មិត្តជាទីស្រឡាញ់របស់ខ្ញុំ ការទទួលយកសេចក្ដីពិតដ៏អស់កល្បនេះ គឺសំខាន់ណាស់ចំពោះការរស់រានខាងវិញ្ញាណរបស់យើងនៅថ្ងៃចុងក្រោយនេះ១៩ជាគ្រាដែលមាន « អំណត់មកក្នុងស្រុក មិនមែនជាអំណត់ដែលអត់អាហារ ឬដែលស្រេកទឹកទេ គឺជាអំណត់ខាងឯការឮព្រះបន្ទូលនៃព្រះយេហូវ៉ាវិញ »២០ដូចដែលបានព្យាករមកនេះ ។
នៅទីបំផុត គុណធម៌នៃព្រះបន្ទូលនៃព្រះ គឺជាព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទនោះឯង ។២១ ពេលដែលយើងយល់រឿងនេះកាន់តែច្បាស់ នោះយើងអាចធ្វើការភ្ជាប់ទំនាក់ទំនងយ៉ាងសំខាន់ដ៏អស់កល្បមួយ រវាងតួនាទីរបស់ពួកព្យាការី និងព្រះប្រោសលោះផ្ទាល់ ។ សេចក្ដីស្រឡាញ់របស់យើងចំពោះទ្រង់ បំណងប្រាថ្នារបស់យើងដើម្បីបានខិតកាន់តែជិតទ្រង់ និងនៅជាប់ក្នុងសេចក្ដីស្រឡាញ់របស់ទ្រង់២២នឹងបណ្ដាលឲ្យយើងពិសោធគុណធម៌នៃព្រះបន្ទូលនៅក្នុងជីវិតយើង—ទាំងគុណធម៌ដែលបានមកពីទ្រង់ដែលជាព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះរបស់យើងផ្ទាល់ខ្លួន២៣និងគុណធម៌ដែលបានមកពីទ្រង់តាមរយៈពាក្យសម្ដីនៃមនុស្ស « ជម្រើសទាំងឡាយនៃព្រះអម្ចាស់ » ។២៤ យើងនឹងដឹងថា ទោះបីជាវាអាចនឹងមានប្រយោជន៍ដូចជាប្រភពផ្សេងៗទៀតនៅក្នុងការសិក្សាអំពីព្រះអង្គសង្គ្រោះ និងពាក្យសម្ដីនៃព្យាការីរបស់ទ្រង់ក្ដីក៏ប្រភពទាំងនេះមិនអាចជំនួសឲ្យការសិក្សាអំពីព្រះអង្គសង្គ្រោះ និងពាក្យសម្ដីនៃព្យាការីរបស់ទ្រង់របស់យើងបានទេ ។ យើងត្រូវតែរៀនសូត្រឲ្យបានស៊ីជម្រៅ និងឲ្យបានញឹកញាប់២៥មកពីប្រភពដើមផ្ទាល់ ។២៦
បងប្អូនប្រុសស្រីខ្ញុំសូមបង្ហាញសេចក្ដីស្រឡាញ់របស់ខ្ញុំចំពោះបងប្អូនម្នាក់ៗ ។ នៅក្នុងសេចក្ដីស្រឡាញ់នោះ ខ្ញុំសូមអង្វរដល់បងប្អូនឲ្យដកពិសោធគុណធម៌នៃព្រះបន្ទូលនៃព្រះ ជាពិសេសគឺតាមរយៈព្រះគម្ពីរមរមន ជារៀងរាល់ថ្ងៃក្នុងជីវិតបងប្អូន ។ ពេលបងប្អូនធ្វើដូច្នេះ នោះបងប្អូននឹងដកពិសោធន៍នូវការសន្យាដែលព្យាករមកពីប្រធាន រ័សុល អិម ណិលសុន ថា « ពេលបងប្អូនសិក្សាព្រះគម្ពីរមរមន រាល់ថ្ងៃ ប្រកបដោយការអធិស្ឋាន នោះបងប្អូននឹងធ្វើការសម្រេចចិត្តដែលប្រសើរ—រៀងរាល់ថ្ងៃ ។ ខ្ញុំសូមសន្យាថា ពេលបងប្អូនសញ្ជឹងគិតនូវអ្វីដែលបងប្អូនសិក្សា នោះបង្អួចស្ថានសួគ៌នឹងបើកឡើង ហើយបងប្អូននឹងទទួលចម្លើយចំពោះសំណួរផ្ទាល់ខ្លួន និងការដឹកនាំសម្រាប់ជីវិតបងប្អូនផ្ទាល់ ។ ខ្ញុំសូមសន្យាថា ពេលបងប្អូនសិក្សាព្រះគម្ពីរមរមនរាល់ថ្ងៃ នោះបងប្អូនអាចត្រូវបានការពារឲ្យផុតពីអំពើអាក្រក់នៃថ្ងៃនោះ » ។២៧
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះវរបិតាសួគ៌របស់យើងបានប្រទានព្រះបន្ទូលនោះដល់យើង ព្រោះទ្រង់ស្រឡាញ់យើងឥតខ្ចោះ ហើយមានព្រះទ័យចង់ឲ្យយើងម្នាក់ៗត្រឡប់ទៅផ្ទះរស់នៅជាមួយទ្រង់វិញជារៀងរហូត ។ ខ្ញុំសូមថ្លែងទីបន្ទាល់អំពី « ព្រះបន្ទូល … ត្រឡប់ជាសាច់ឈាម »២៨គឺព្រះយេស៊ូវជាព្រះគ្រីស្ទ និងអំពីព្រះចេស្ដារបស់ទ្រង់ដើម្បីសង្គ្រោះ និងប្រោសលោះយើង ។ ខ្ញុំដឹងថា គុណធម៌របស់ទ្រង់ត្រូវបានបញ្ជូនមកតាមពាក្យសម្ដីរបស់ព្យាការី ទាំងពីអតីតកាល និងបច្ចុប្បន្នកាល ។
នេះជាការអធិស្ឋានពីចិត្តខ្ញុំថា យើងអាចទទួលបានប្រាជ្ញា និងភាពរាបសាដើម្បីកាន់ខ្ជាប់ជានិច្ច២៩ទៅនឹងព្រះបន្ទូលនៃព្រះ ហើយបន្តនៅលើផ្លូវនៃសេចក្ដីសញ្ញា ដែលនាំទៅកាន់ភាពតម្កើងឡើង និងជីវិតដ៏នៅអស់កល្បជានិច្ច ។៣០ សូមឲ្យយើងបន្តដកពិសោធនូវការផ្លាស់ប្ដូរដ៏ធំដែលមានសម្រាប់យើងម្នាក់ៗ តាមរយៈគុណធម៌នៃព្រះបន្ទូល ។៣១ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕