ចូរផ្ដោតចិត្តលើព្រះវិហារបរិសុទ្ធ
ខ្ញុំសូមសន្យាថា ការចំណាយពេលកាន់តែច្រើននៅព្រះវិហារបរិសុទ្ធ នឹងផ្តល់ពរជ័យដល់ជីវិតរបស់បងប្អូន ដែលគ្មានរបៀបណាផ្សេងទៀតអាចផ្តល់ឲ្យបាននោះទេ ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់ អំឡុងសម័យប្រជុំទាំងប្រាំនៃសន្និសីទទូទៅដ៏វិសេសវិសាលនេះ យើងបានដកពិសោធជាថ្មីម្តងទៀតថា ស្ថានសួគ៌គឺនៅបើកចំហ ! ខ្ញុំសូមអធិស្ឋានថា បងប្អូនបានកត់ត្រាការបំផុសគំនិតរបស់បងប្អូនទុក ហើយនឹងធ្វើតាមការបំផុសគំនិតនោះទាំងស្រុង ។ ព្រះវរបិតាសួគ៌របស់យើង និងព្រះរាជបុត្រាជាទីស្រឡាញ់របស់ទ្រង់គឺព្រះយេស៊ូវគ្រីស្ទ ត្រៀមព្រះកាយទ្រង់រួចជាស្រេចដើម្បីជួយដល់បងប្អូន ។ ខ្ញុំសូមជំរុញបងប្អូនឲ្យបង្កើនកិច្ចខិតខំរបស់ខ្លួនដើម្បីស្វែងរកជំនួយពីទ្រង់ ។
ថ្មីៗនេះ ស៊ីស្ទើរ ណិលសុន និងខ្ញុំបានមានឱកាសពិនិត្យមើល វីដេអូព្រះគម្ពីរមរមន ស៊េរីថ្មីរដូវកាលទី ៤ ។១ វីដេអូទាំងនោះបានបំផុសគំនិតដល់ពួកយើង ! ខ្ញុំសូមបង្ហាញការដកស្រង់ខ្លីមួយមកពីឈុតឆាកនេះ ដែលបង្ហាញពីការបង្ហាញព្រះកាយរបស់ព្រះអង្គសង្គ្រោះដល់ពួកសាសន៍នីហ្វៃ ។
វាសំខាន់ណាស់ដែលព្រះអង្គសង្គ្រោះបានជ្រើសរើសដើម្បីបង្ហាញព្រះកាយដល់មនុស្សនៅឯព្រះវិហារបរិសុទ្ធ ។ ព្រះវិហារបរិសុទ្ធគឺជាដំណាក់របស់ទ្រង់ ។ ព្រះវិហារបរិសុទ្ធពោរពេញដោយព្រះចេស្តារបស់ទ្រង់ ។ ឥឡូវនេះសូមយើងកុំមើលរំលងអ្វីៗដែលព្រះអម្ចាស់កំពុងធ្វើសម្រាប់ពួកយើងឡើយ ។ ទ្រង់កំពុងធ្វើឲ្យព្រះវិហារបរិសុទ្ធរបស់ទ្រង់មានកាន់តែជិតបង្កើយ ។ ទ្រង់កំពុងបង្កើនល្បឿនឲ្យយើងសាងសង់ព្រះវិហារបរិសុទ្ធនានា ។ ទ្រង់កំពុងបង្កើនសមត្ថភាពរបស់យើងដើម្បីជួយប្រមូលផ្ដុំសាសន៍អ៊ីស្រាអែល ។ ទ្រង់ក៏កំពុងធ្វើឲ្យមានភាពងាយស្រួលដល់ពួកយើងម្នាក់ៗ ដើម្បីបន្សុទ្ធជីវិតខាងវិញ្ញាណរបស់យើងផងដែរ ។ ខ្ញុំសូមសន្យាថា ការចំណាយពេលកាន់តែច្រើននៅព្រះវិហារបរិសុទ្ធ នឹងផ្តល់ពរជ័យដល់ជីវិតរបស់បងប្អូន ដែលគ្មានរបៀបណាផ្សេងទៀតអាចផ្តល់ឲ្យបាននោះទេ ។
បច្ចុប្បន្ននេះយើងមានព្រះវិហារបរិសុទ្ធចំនួន ១៦៨ ដែលកំពុងបើកដំណើរ និងមានព្រះវិហារបរិសុទ្ធថ្មីចំនួន ៥៣ កំពុងសាងសង់ ព្រមទាំងមានព្រះវិហារបរិសុទ្ធចំនួន ៥៤ ទៀត នៅក្នុងដំណាក់កាលរចនារៀបចំសាងសង់ !២ ខ្ញុំមានសេចក្តីរីករាយក្នុងការប្រកាសពីគម្រោងរបស់យើងក្នុងការសាងសង់ព្រះវិហារបរិសុទ្ធថ្មីនៅតាមទីតាំងនីមួយៗដូចខាងក្រោម ៖ ប៊ូសាន ប្រទេសកូរ៉េ; ណាហ្គា ប្រទេសហ្វីលីពីន; ស៊ានទីអេហ្គោ ប្រទេសហ្វីលីពីន; អ៊ីឃេត ប្រទេសនីហ្សេរីយ៉ា; ឈីក្លាយ៉ូ ប្រទេសប៉េរូ មជ្ឈមណ្ឌលទីក្រុង ប៊ុយណូ អែរ៉ី ប្រទេសអាហ្សង់ទីន; ទីក្រុងឡុងទ្រីណា ប្រទេសប្រេស៊ីល; រីប៉ារាល ប្រាដូ ប្រទេសប្រេស៊ីល; វិលវ៉េតថាណេងហ្គោ ហ្គាតេម៉ាឡា; ទីក្រុងចាកសិនវីល, រដ្ឋផ្លរីដា ក្រោន រ៉ាភីត, មីស្សីហ្គិន; ប្រូសប៉េ, រដ្ឋតិចសាស់; ឡូនម៉ៅធិន, រដ្ឋណេវ៉ាដា; និង តាកូម៉ា រដ្ឋវ៉ាស៊ីនតោន ។
យើងក៏កំពុងដាក់គម្រោងសាងសង់ព្រះវិហារបរិសុទ្ធជាច្រើនទៀតផងដែរ នៅក្នុងតំបន់ទីប្រជុំជនធំៗដែលបានជ្រើសរើស ជាកន្លែងដែលមានបញ្ហាខ្លាំងក្នុងការចំណាយពេលទៅព្រះវិហារបរិសុទ្ធដែលមាននៅទីនោះស្រាប់ ។ ហេតុដូច្នេះហើយ ខ្ញុំរីករាយដើម្បីប្រកាសទីតាំងចំនួនបួនបន្ថែមទៀតនៅក្បែរទីក្រុងម៉ិកស៊ិក ជាទីតាំងដែលព្រះវិហារបរិសុទ្ធថ្មីនឹងត្រូវសាងសង់នៅ ខ្វាណេវ៉ាកា ភ័រឆូកា តូឡូកា និង ធូឡា ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ សូមបងប្អូនផ្តោតចិត្តលើព្រះវិហារបរិសុទ្ធ តាមរបៀបដែលបងប្អូនមិនធ្លាប់បានធ្វើពីមុនមក ។ ខ្ញុំសូមផ្តល់ពរជ័យឲ្យបងប្អូនខិតកាន់តែជិតព្រះ និងព្រះយេស៊ូវគ្រីស្ទជារៀងរាល់ថ្ងៃ ។ ខ្ញុំស្រឡាញ់បងប្អូន ។ សូមព្រះគង់នៅជាមួយបងប្អូន លុះត្រាយើងជួបគ្នាម្តងទៀត ខ្ញុំសូមអធិស្ឋាននៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕