គំរូនៃភាពជាសិស្ស
ការរៀនអំពីព្រះគ្រីស្ទ និងផ្លូវរបស់ទ្រង់នាំយើងឲ្យស្គាល់ និងស្រឡាញ់ទ្រង់ ។
គំរូនៃសេចក្ដីជំនឿ
ព្រឹកនេះ កូនពីរនាក់ និងចៅបីនាក់របស់យើងនៅអាមេរិកខាងជើង និងមនុស្សប្រមាណជាពាក់កណ្តាលនៃពិភពលោកបានឃើញពន្លឺព្រះអាទិត្យរះឡើងយ៉ាងស្រស់ត្រកាល នៅទិសខាងកើត ។ កូនបីនាក់ផ្សេងទៀត និងចៅប្រាំពីរនាក់ផ្សេងទៀតនៅទ្វីបអាហ្វ្រិក និងមនុស្សពាក់កណ្តាលផ្សេងទៀតនៃពិភពលោក បានឃើញភាពងងឹតដេញមកបន្តិចម្តងៗលើពួកគេ កាលដែលព្រះអាទិត្យលិចនៅជើងមេឃទិសខាងលិច ។
ភាពស្ថិតស្ថេរនៃការចាប់ផ្តើមថ្ងៃ និងយប់ដែលមិនចេះចប់មិនចេះហើយនេះ គឺជាការរំឭកជាប្រចាំថ្ងៃមួយ អំពីភាពពិតដែលគ្រប់គ្រងជីវិតរបស់យើង ដែលយើងមិនអាចផ្លាស់ប្ដូរបានឡើយ ។ នៅពេលយើងគោរព និងសម្របអ្វីដែលយើងធ្វើ ទៅតាមភាពពិតដ៏អស់កល្បទាំងនេះ នោះយើងដកពិសោធនូវភាពសុខសាន្ត និងភាពសុខដុមក្នុងចិត្ត ។ ពេលយើងមិនធ្វើបែបនេះ នោះយើងអំពល់ចិត្ត ហើយអ្វីៗមិនដំណើរការដូចយើងរំពឹងទុកទេ ។
ថ្ងៃ និង យប់គឺជាឧទាហរណ៍មួយនៃភាពពិតដែលព្រះបានប្រទានដល់មនុស្សគ្រប់គ្នា ដែលរស់នៅលើផែនដី ។ វាជាសេចក្ដីពិតដ៏ពេញលេញមួយនៃជីវិតមនុស្សយើង ដែលយើងមិនអាចចរចាទៅតាមបំណងប្រាថ្នាផ្ទាល់របស់យើង ហើយគេចវេះចេញពីវាបានឡើយ ។ ខ្ញុំត្រូវបានរំឭកពីរឿងនេះរាល់ពេលដែលខ្ញុំជិះយន្តហោះពីអាហ្វ្រិកមកកាន់សន្និសីទទូទៅ ដោយកំណត់នាឡិកាដើរថយក្រោយ ១០ ម៉ោងក្នុងមួយថ្ងៃ ។
នៅពេលណាយើងកត់សម្គាល់ដោយយកចិត្តទុកដាក់ នោះយើងឃើញថា ព្រះវរបិតាសួគ៌បានប្រទានឲ្យយើងនូវសាក្សីនៃសេចក្ដីពិតគ្រប់គ្រាន់ ដើម្បីគ្រប់គ្រងជីវិតរបស់យើង ដើម្បីយើងស្គាល់ទ្រង់ ហើយមានពរជ័យនៃភាពសុខសាន្ត និងអំណរ ។
តាមរយៈព្យាការី យ៉ូសែប ស្ម៊ីធ នោះព្រះវិញ្ញាណនៃព្រះអម្ចាស់បានបញ្ជាក់ដូច្នេះ « ហើយជាថ្មីទៀត យើងនឹងប្រទានគំរូដល់អ្នក អំពីគ្រប់ទាំងអស់ ដើម្បីកុំឲ្យអ្នករាល់គ្នាអាចត្រូវគេបញ្ឆោតបាន ដ្បិតសាតាំងកំពុងនៅពាសពេញលើដែនដី ហើយវាចេញទៅ ដោយបញ្ឆោតសាសន៍នានា » ។១
កូរីហូរជាអ្នកទទឹងនឹងព្រះគ្រីស្ទម្នាក់បានធ្លាក់ចូលទៅក្នុងការបោកបញ្ឆោតបែបនោះ ដោយគ្មានជំនឿពីវត្តមានរបស់ព្រះ និងការយាងមករបស់ព្រះគ្រីស្ទឡើយ ។ អាលម៉ាបានថ្លែងទីបន្ទាល់ទៅគាត់ថា « គ្រប់ការណ៍ទាំងអស់បង្ហាញថា មានព្រះមួយអង្គមែន មែនហើយ សូម្បីតែផែនដី និងរបស់សព្វសារពើដែលនៅលើផ្ទៃផែនដី មែនហើយ និងចលនារបស់ផែនដី មែនហើយ ព្រមទាំងពិភពទាំងអស់ ដែលធ្វើចលនាតាមទម្រង់ធម្មតារបស់វា ក៏ធ្វើជាសាក្សីថាមានព្រះបង្កបង្កើតដ៏មហិមាមួយអង្គ » ។២
នៅពេលកូរីហូរបានទទូចឲ្យផ្តល់ទីសម្គាល់មួយ ពីមុនគាត់អាចជឿ នោះអាលម៉ាបានធ្វើឲ្យគាត់ប្រែទៅជាគ ។ ដោយក្តីវេទនារបស់គាត់ នោះកូរីហូរបានបន្ទាបខ្លួន បានសារភាពដោយឥតលាក់លៀមថា គាត់បានចាញ់បញ្ឆោតអារក្ស ។
យើងមិនត្រូវចាញ់បញ្ឆោតនោះទេ ។ យើងឃើញអព្ភូតហេតុនៃជីវិតដែលមានភាពឆ្លាតវៃកើតមានចំពោះយើងជានិច្ច ។ ហើយការក្រឡេកមើល និងសញ្ជឹងគិតពីភាពអស្ចារ្យនៃស្ថានសួគ៌ ដែលមានផ្កាយ និងកាឡាក់ស៊ីរាប់មិនអស់ ជំរុញឲ្យព្រលឹងនៃចិត្តដែលមានជំនឿឲ្យប្រកាសថា « ឱព្រះអម្ចាស់ទ្រង់ធំណាស់ណា ! »៣
មែនហើយ ព្រះវរបិតាសួគ៌របស់យើងមានព្រះជន្មរស់ ហើយទ្រង់បើកសម្តែងព្រះអង្គទ្រង់មកកាន់យើង គ្រប់ពេលតាមរបៀបជាច្រើន ។
គំរូនៃភាពរាបសា
ប៉ុន្តែ ដើម្បីទទួលស្គាល់ ជឿ ហើយបន្តនៅក្នុងព្រះ នោះដួងចិត្តរបស់យើងត្រូវតែទទួលយកនូវព្រះវិញ្ញាណនៃសេចក្ដីពិត ។ អាលម៉ាបានបង្រៀនថា ភាពរាបសាកើតមុនសេចក្ដីជំនឿ ។៤ មរមនបានបន្ថែមថា វាមិនអាចទៅរួចទេ សម្រាប់បុគ្គលម្នាក់ដែលមិន « ស្លូតបូត ហើយសុភាពរាបសា » មាននូវសេចក្តីជំនឿ និងសេចក្តីសង្ឃឹម ហើយទទួលព្រះវិញ្ញាណរបស់ព្រះនោះ ។៥ ស្តេចបេនយ៉ាមីនបានប្រកាសថា នរណាដែលដាក់អាទិភាពជាចម្បងលើភាពរុងរឿងនៃលោកិយនេះគឺជា « ខ្មាំងសត្រូវដល់ព្រះ » ។៦
តាមរយៈការចុះចូលទៅនឹងបុណ្យជ្រមុជទឹក ដើម្បីសម្រេចគ្រប់សេចក្ដីសុចរិតទាំងអស់ ទោះបីជាទ្រង់សុចរិត និងបរិសុទ្ធក្តី ក៏ព្រះយេស៊ូវគ្រីស្ទបានបង្ហាញថា ភាពរាបសានៅចំពោះព្រះគឺជាគុណលក្ខណៈគ្រឹះនៃពួកសិស្សរបស់ទ្រង់ ។៧
សិស្សថ្មីទាំងអស់ត្រូវបានតម្រូវឲ្យបង្ហាញពីភាពរាបសានៅចំពោះមុខព្រះ តាមរយៈពិធីបរិសុទ្ធនៃបុណ្យជ្រមុជទឹក ។ ដូច្នេះ « អស់អ្នកណាដែលបន្ទាបខ្លួននៅចំពោះព្រះ ហើយមានបំណងចង់ទទួលបុណ្យជ្រមុជទឹក ហើយមកដោយមានចិត្តសង្រេង និងវិញ្ញាណទន់ទាប…នឹងបានទទួលឲ្យទទួលបុណ្យជ្រមុជទឹកចូលសាសនាចក្ររបស់ទ្រង់ » ។៨
ភាពរាបសានាំដួងចិត្តរបស់ពួកសិស្សទោរទន់ទៅរកការប្រែចិត្ត និងការគោរពប្រតិបត្តិ ។ បន្ទាប់មក ព្រះវិញ្ញាណនៃព្រះអាចនាំសេចក្ដីពិតចូលទៅក្នុងដួងចិត្តនោះ ហើយសេចក្តីពិតនោះនឹងជ្រៀតចូល ។៩
ការខ្វះភាពរាបសាបានរួមចំណែកច្រើនបំផុត ក្នុងការបំពេញដល់ការព្យាករណ៍របស់សាវកប៉ុលនៅថ្ងៃចុងក្រោយនេះ ៖
« ដ្បិតនៅគ្រានោះ មនុស្សនឹងស្រឡាញ់តែខ្លួនឯង ទាំងស្រឡាញ់ប្រាក់ អួតអាងគឃរ មានឫកខ្ពស់ ម្រមាថមើលងាយ មិនស្ដាប់បង្គាប់ឪពុកម្ដាយ រមិលគុណ មានចិត្តមិនបរិសុទ្ធ
មិនស្រឡាញ់តាមធម្មតាមនុស្ស គ្មានសេចក្តីអធ្យោគ និយាយបង្កាច់គេ មិនចេះទប់ចិត្ត មានចិត្តសាហាវ មិនចូលចិត្តនឹងការល្អ » ។១០
ការអញ្ជើញរបស់ព្រះអង្គសង្គ្រោះឲ្យរៀនពីទ្រង់ គឺជាការអញ្ជើញឲ្យងាកចេញឲ្យឆ្ងាយពីការល្បួងនៃលោកិយនេះ ហើយក្លាយដូចជាទ្រង់—ស្លូតបូត ហើយសុភាពរាបសា បន្ទាបខ្លួន ។ បន្ទាប់មក យើងអាចទឹមនឹមរបស់ទ្រង់ ហើយឃើញថា វាងាយស្រួល—ដែលភាពជាសិស្សគឺមិនមែនជាបន្ទុកនោះទេ ប៉ុន្តែជាអំណរវិញ ដូចប្រធានរ័សុល អឹម ណិលសុន បានបង្រៀនយើងយ៉ាងម៉ឺងម៉ាត់ និងដដែលៗ ។
គំរូនៃសេចក្ដីស្រឡាញ់
ការរៀនអំពីព្រះគ្រីស្ទ និងផ្លូវរបស់ទ្រង់នាំយើងឲ្យស្គាល់ និងស្រឡាញ់ទ្រង់ ។
ទ្រង់បានបង្ហាញជាគំរូថា ដោយមានគុណលក្ខណៈនៃភាពរាបសា វាពិតជាអាចស្គាល់ និងស្រឡាញ់ព្រះជាព្រះវរបិតា ដោយអស់ពីសុខុមាលភាពរបស់យើង និងស្រឡាញ់អ្នកដទៃ ដូចយើងស្រឡាញ់ខ្លួនយើងបាន ដោយមិនស្ទាក់ស្ទើរឡើយ ។ ការងារបម្រើរបស់ទ្រង់នៅលើផែនដីនេះ ជាអំឡុងពេលដែលទ្រង់ដាក់ទាំងព្រះឆន្ទៈ និងព្រះកាយរបស់ទ្រង់នៅលើអាសនា គឺជាគំរូមួយសម្រាប់ការអនុវត្តគោលការណ៍ទាំងនេះ ដែលដំណឹងល្អរបស់ទ្រង់សង់នៅលើ ។ គោលការណ៍ទាំងពីរ គឺឲ្យយើងផ្តោតលើអ្នកដទៃ និងរបៀបដែលយើងមានទំនាក់ទំនងជាមួយអ្នកដទៃ មិនមែនជាការស្វែងរកសេចក្តីសោមនស្ស ឬសិរីរុងរឿងផ្ទាល់ខ្លួននោះឡើយ ។
រឿងដ៏អស្ចារ្យដែលនឹកស្មានមិនដល់គឺថា នៅពេលយើងផ្តោតការខិតខំដ៏ល្អបំផុតរបស់យើងទៅលើការស្រឡាញ់ព្រះ និងអ្នកដទៃ នោះយើងអាចរកឃើញតម្លៃនៃទេវភាពដ៏ពិតរបស់យើងផ្ទាល់ ក្នុងនាមជាបុត្រាបុត្រីរបស់ព្រះ ដោយមានភាពសុខសាន្ត និងអំណរដ៏ពេញលេញ ដែលបទពិសោធន៍នេះនាំមក ។
យើងប្រែជាតែមួយជាមួយព្រះ និងជាមួយគ្នា តាមរយៈសេចក្ដីស្រឡាញ់ និងការបម្រើ ។ បន្ទាប់មក យើងអាចទទួលបានសាក្សីពីព្រះវិញ្ញាណបរិសុទ្ធនៃសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធ ជាផ្លែឈើដែលលីហៃបាននិយាយនោះគឺ « ផ្អែមបំផុត គឺផ្អែមជាងអ្វីៗដែលឪពុកធ្លាប់បានភ្លក់ពីមុនមក » ។១១
មកុដដែលព្រះគ្រីស្ទបានទទួល តាមរយៈការប្រទាន និងធ្វើអ្វីៗគ្រប់យ៉ាងក្នុងសមត្ថភាពរបស់ទ្រង់ ដើម្បីជាគំរូនៃក្ដីស្រឡាញ់ចំពោះព្រះវរបិតា និងក្ដីស្រឡាញ់ចំពោះយើង គឺដើម្បីទទួលបានអំណាចទាំងអស់ សូម្បីតែគ្រប់អ្វីៗទាំងអស់ដែលព្រះវរបិតាមាន គឺភាពតម្កើងឡើង ។១២
ឱកាសរបស់យើងដើម្បីចិញ្ចឹមបីបាច់ក្នុងព្រលឹងរបស់យើង នូវសេចក្ដីស្រឡាញ់ដ៏យូរអង្វែងរបស់ព្រះ និងអ្នកជិតខាងរបស់យើង ចាប់ផ្ដើមពីគេហដ្ឋានដែលមានទម្លាប់បរិសុទ្ធក្នុងការភ្ជាប់ទំនាក់ទំនងជាមួយព្រះវរបិតាជារៀងរាល់ថ្ងៃ ក្នុងការអធិស្ឋានផ្ទាល់ខ្លួន និងជាគ្រួសារ នៅក្នុងព្រះនាមនៃព្រះរាជបុត្រាបង្កើតតែមួយគត់របស់ទ្រង់ ដោយរៀនជាមួយគ្នាអំពីទ្រង់ទាំងទ្វេ តាមរយៈការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន និងជាគ្រួសារ ដោយគោរពប្រតិបត្តិថ្ងៃឈប់សម្រាកជាមួយគ្នា និងកាន់ប័ណ្ណចូលព្រះវិហារបរិសុទ្ធដែលមានសុពលភាពរៀងៗខ្លួន ហើយប្រើប្រាស់វាជាមួយគ្នាឲ្យបានញឹកញាប់ តាមដែលយើងអាចធ្វើបាន ។
ពេលយើងម្នាក់ៗរីកចម្រើនក្នុងចំណេះដឹង និងសេចក្ដីស្រឡាញ់របស់យើង ចំពោះព្រះវរបិតា និងព្រះរាជបុត្រា នោះយើងរីកចម្រើនក្នុងការដឹងគុណ និងសេចក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក ។ សមត្ថភាពរបស់យើងដើម្បីស្រឡាញ់ និងបម្រើអ្នកដទៃ នៅក្រៅគេហដ្ឋានគឺកាន់តែប្រសើរឡើងយ៉ាងខ្លាំង ។
អ្វីដែលយើងធ្វើនៅក្នុងគេហដ្ឋាន គឺជាការរីកចម្រើន និងការសាកល្បងពិតប្រាកដ អំពីភាពជាសិស្សដែលមានការតស៊ូ និងពោរពេញដោយអំណរ ។ ពរជ័យដ៏ផ្អែមល្ហែមបំផុតនៃដំណឹងល្អដែលបានស្ដារឡើងវិញ ដែលភរិយារបស់ខ្ញុំ ហ្គ្លាឌី និងខ្ញុំបានរីករាយក្នុងគ្រួសាររបស់យើង បានកើតឡើងមកពីការរៀនស្គាល់ និងគោរពព្រះនៅគេហដ្ឋាន ហើយចែកចាយសេចក្ដីស្រឡាញ់របស់ទ្រង់ជាមួយនឹងពូជពង្សរបស់យើង ។
គំរូនៃការបម្រើ
សេចក្ដីស្រឡាញ់ចំពោះព្រះ និងការបម្រើគ្នាទៅវិញទៅមកបានអភិវឌ្ឍ និងបង្រៀននៅក្នុងគេហដ្ឋាន ហើយការបម្រើអ្នកដទៃនៅខាងក្រៅគេហដ្ឋាន នៅទីបំផុតនឹងក្លាយទៅជាគុណលក្ខណៈនៃសេចក្ដីសប្បុរស ។
ការណ៍នេះជះឥទ្ធិពលដល់គំរូនៃការបម្រើប្រកបដោយការលះបង់ នៅក្នុងនគរនៃព្រះ ដែលត្រូវបានតាំងឡើងនៅចំពោះមុខយើង ដោយពួកព្យាការី និងសាវកដែលនៅរស់របស់ព្រះអម្ចាស់ ។ យើងក្លាយជាតែមួយជាមួយពួកលោក ។
បន្ទាប់មក យើងអាចមើលតាមរយៈពួកលោកទៅកាន់ព្រះអម្ចាស់ « នូវគ្រប់ទាំងគំនិត » ដើម្បីយើងនឹង « កុំសង្ស័យ » ហើយ« កុំខ្លាច » ។១៣
ដូចពួកព្យាការី និងពួកសាវកដែលនៅរស់របស់ព្រះអម្ចាស់ដែរ យើងអាចទៅ មុខជាមួយនឹង « ចិត្ត … ពេញទៅដោយសេចក្ដីសប្បុរសដល់មនុស្សទាំងអស់ និង … ដល់ពួកអ្នកជឿផង [ ដោយ ] គុណធម៌ [ តុបតែងគំនិតរបស់យើង ] ដោយឥតឈប់ឈរឡើយ … [ ហើយយើង ] មានចិត្តក្លាហាន [ ឡើង ] នៅចំពោះវត្តមាននៃព្រះ ហើយគោលលទ្ធិអំពីបព្វជិតភាព … [ នឹងចុះ ] មកលើព្រលឹង [ របស់យើង ] ដូចជាទឹកសន្សើមចុះពីលើមេឃ » ។
ជាមួយនឹងពួកព្យាការី និងពួកសាវកដែលនៅរស់របស់ព្រះអម្ចាស់ នោះយើងក៏អាចចូលរួមក្នុងរង្វង់កម្លាំងនៃសេចក្ដីជំនឿ ដែលបានពង្រឹងដោយការបម្រើប្រកបដោយការលះបង់ដែល « ព្រះវិញ្ញាណបរិសុទ្ធនឹងទៅជាគូកន [ របស់យើង ] ជានិច្ច ដំបងពេជ្រ [ របស់យើង ] ជាដំបងពេជ្រនៃសេចក្តីសុចរិត និងសេចក្តីពិត [ ដែល ] មិនចេះប្រែប្រួល ហើយអំណាចគ្រប់គ្រង [ របស់យើង ] [ នឹង ] ទៅជាអំណាចគ្រប់គ្រងដ៏នៅអស់កល្បអស់កាលជានិច្ច ហើយដោយឥតការបង្ខិតបង្ខំ នោះវានឹង [ ហូរ ] មកលើ [ យើង ] ជារៀងដរាបតទៅ » ។១៤ ដ្បិតនេះជាការសន្យានៃផែនការរបស់ព្រះវរបិតា ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕