សន្និសីទទូទៅ
ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​កម្លាំង​នៃ​យុវជន
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០២២


14:11

ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​កម្លាំង​នៃ​យុវជន

សូម​ដាក់​ទីទុកចិត្ត​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ ទ្រង់​នឹង​ដឹកនាំ​បងប្អូន​លើ​ផ្លូវ​ត្រឹមត្រូវ ។ ទ្រង់​គឺ​ជា​កម្លាំង​របស់​បងប្អូន ។

ក្នុង​ការរៀបចំ​សម្រាប់​សារលិខិត​នេះ​នៅ​ថ្ងៃ​នេះ ខ្ញុំ​មាន​អារម្មណ៍​នៃ​ការបំផុស​គំនិត​ដ៏​ខ្លាំង ដើម្បី​ថ្លែង​ទៅ​កាន់​យុវនារី និង​យុវជន ។

ខ្ញុំ​ក៏​កំពុង​និយាយ​ទៅ​កាន់​បងប្អូន​ដែល​ធ្លាប់​ជា​ក្មេង ព្រម​ទាំង​បងប្អូន​ដែល​មិន​អាច​ចងចាំ​ពី​កុមារភាព​បាន​ផងដែរ ។

ហើយ​ខ្ញុំ​និយាយ​ទៅ​កាន់​អស់​អ្នក​ដែល​ស្រឡាញ់​យុវវ័យ​របស់​យើង ហើយ​ចង់​ឲ្យ​ពួកគេ​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត ។

សម្រាប់​ជំនាន់​កំពុង​ពេញវ័យ ខ្ញុំ​មាន​សារ​លិខិត​មួយ​ជា​ពិសេស​សម្រាប់​អ្នក មក​ពី​ព្រះអង្គ​សង្គ្រោះ​របស់​អ្នក​គឺ​ព្រះយេស៊ូវគ្រីស្ទ ។

សារ​លិខិត​របស់​ព្រះអង្គ​សង្គ្រោះ​សម្រាប់​អ្នក

មិត្ត​សម្លាញ់​របស់​ខ្ញុំ​អើយ ប្រសិន​បើ​ព្រះអង្គសង្គ្រោះ​គង់​នៅ​ទីនេះ​ឥឡូវ​នេះ តើ​ទ្រង់​នឹង​មាន​បន្ទូល​អ្វី​ខ្លះ​ទៅ​កាន់​អ្នក ?

ខ្ញុំ​ជឿ​ថា ទ្រង់​នឹង​ចាប់ផ្តើម​ដោយ​ការបង្ហាញ​ពី​សេចក្ដីស្រឡាញ់​ដ៏​ជ្រាលជ្រៅ​របស់​ទ្រង់​ចំពោះ​អ្នក ។ ទ្រង់​ប្រហែល​មាន​បន្ទូល​ជា​ពាក្យ​សម្ដី ប៉ុន្តែ​វា​ក៏​មាន​កម្លាំង​ខ្លាំងក្លា​—គឺ​ដោយ​សារ​តែ​វត្តមាន​ទ្រង់—ដែល​មិន​អាច​បំភាន់​បាន ប៉ះ​ដល់​ជម្រៅ​បេះដូង​អ្នក បំពេញ​ព្រលឹង​អ្នក​ទាំង​មូល !

ប៉ុន្តែ​ដោយសារ​យើង​ទាំងអស់​គ្នា​ទន់ខ្សោយ និង​មិន​ល្អ​ឥតខ្ចោះ នោះ​ការព្រួយ​បារម្ភ​មួយ​ចំនួន​អាច​នឹង​ជ្រៀត​ចូល​មក​ក្នុង​គំនិត​របស់​អ្នក ។ អ្នក​ប្រហែល​ជា​ចងចាំ​ពី​កំហុស​ដែល​អ្នក​បាន​ធ្វើ គ្រា​នានា​ដែល​អ្នក​បាន​ធ្លាក់​ទៅ​ក្នុង​ការល្បួង កិច្ចការ​ដែល​អ្នក​មិន​ចង់​ធ្វើ—ឬ​បាន​ប៉ង​ប្រាថ្នា​ថា អ្នក​ចង់​ធ្វើ​វា​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើង ។

ព្រះអង្គ​សង្គ្រោះ​បាន​ជ្រាប​ដឹង​ពី​រឿង​នោះ ហើយ​ខ្ញុំ​ជឿ​ថា ទ្រង់​បាន​បញ្ជាក់​ដល់​អ្នក​ជា​មួយ​ព្រះបន្ទូល​ដែល​ទ្រង់​បាន​មាន​បន្ទូល​នៅ​ក្នុង​ព្រះគម្ពីរ​ថា ៖

« ចូរ​កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ » ។

« ចូរ​កុំ​សង្ស័យ » ។

« ចូរ​សង្ឃឹម​ឡើង »

« កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ​ឡើយ » ។

ខ្ញុំ​មិន​គិត​ថា ទ្រង់​នឹង​បដិសេធ​ចំពោះ​កំហុស​របស់​អ្នក​ទេ ។ ទ្រង់​នឹង​មិន​កាត់​បន្ថយ​កំហុស​ទាំង​នោះ​ឡើយ ។ ទេ ទ្រង់​នឹង​សុំ​ឲ្យ​អ្នក​ប្រែចិត្ត—ពោល​គឺ​លះបង់​ចោល​អំពើ​បាប​របស់​អ្នក ផ្លាស់ប្ដូរ ដើម្បី​ទ្រង់​អាច​អភ័យទោស​ដល់​អ្នក​បាន ។ ទ្រង់​នឹង​រំឭក​អ្នក​ថា កាល​ពី ២០០០ ឆ្នាំ​មុន​ទ្រង់​បាន​យក​អំពើបាប​ទាំង​នោះ​ដាក់​លើ​ព្រះអង្គ​ទ្រង់ ដើម្បី​ឲ្យ​អ្នក អាច ប្រែចិត្ត​បាន ។ នោះ​គឺ​ជា​ផ្នែក​មួយ​នៃ​ផែនការ​នៃ​សុភមង្គល ដែល​បាន​ប្រទាន​ដល់​យើង​ពី​ព្រះវរបិតាសួគ៌​ដ៏​ពេញ​ដោយ​ក្តី​ស្រឡាញ់ ។

ព្រះយេស៊ូវ​អាច​បង្ហាញ​ថា សេចក្ដីសញ្ញា​របស់​អ្នក​ជា​មួយ​ទ្រង់—បាន​ធ្វើ​ឡើង​នៅ​ពេល​អ្នក​ជ្រមុជ​ទឹក ហើយ​រំឭក​ឡើង​វិញ​រាល់​ពេល​ដែល​អ្នក​បាន​ទទួល​ទាន​សាក្រាម៉ង់—ផ្តល់​ដល់​អ្នក​នូវ​ទំនាក់ទំនង​ពិសេស​ជា​មួយ​ទ្រង់ ។ ទំនាក់ទំនង​បែប​នេះ​ដែល​ព្រះគម្ពីរ​បាន​ពិពណ៌នា​ថា ត្រូវ​ទទួល​នឹម​រួម​គ្នា ដើម្បី​អ្នក​អាច​រែក​បន្ទុក​ណា​មួយ​ក៏​បាន ដោយ​មាន​ជំនួយ​ពី​ទ្រង់ ។

ខ្ញុំ​ជឿ​ថា ព្រះអង្គ​​សង្រ្គោះ​ព្រះយេស៊ូវគ្រីស្ទ​សព្វ​ព្រះទ័យ​ឲ្យ​អ្នក​មើល​‏ឃើញ ទទួល​អារម្មណ៍ និង​ដឹង​ថា ទ្រង់​ជា​កម្លាំង​របស់​អ្នក ។ ដោយ​មាន​ជំនួយ​របស់​ទ្រង់ នោះ​នឹង​គ្មាន​ដែន​កំណត់​ចំពោះ​អ្វី​ដែល​អ្នក​អាច​សម្រេច​បាន​នោះ​ទេ ។ ដោយ​មាន​ជំនួយ​របស់​ទ្រង់ សក្តានុពល​របស់​អ្នក​គឺ​គ្មាន​ដែន​កំណត់​ឡើយ ។ ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​អ្នក​មើល​ឃើញ​ខ្លួន​ឯង​ដូច​ដែល​ទ្រង់​ទត​ឃើញ​អ្នក ។ ដែល​វា​ខុស​ពី​គ្នា​យ៉ាង​ខ្លាំង​ពី​របៀប​ដែល​ពិភពលោក​មើល​ឃើញ​អ្នក ។

ព្រះអង្គ​សង្គ្រោះ​បាន​ប្រកាស​យ៉ាង​ច្បាស់​លាស់​ថា អ្នក​គឺ​ជា​បុត្រី ឬ​បុត្រា​របស់​ព្រះ​ដ៏​មាន​ព្រះ​ឥទ្ធិឫទ្ធិ ។ ព្រះវរបិតាសួគ៌​របស់​អ្នក​គឺ​ជា​អង្គ​ដ៏​រុងរឿង​បំផុត​ក្នុង​សកលលោក ពេញ​ដោយ​សេចក្តីស្រឡាញ់ អំណរ ស្មោះត្រង់ បរិសុទ្ធ ពន្លឺ ព្រះគុណ និង​សេចក្តីពិត ។ ហើយ​ថ្ងៃ​មួយ ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​អ្នក​គ្រង​មរតក​នូវ​អ្វីៗ​ទាំងអស់​ដែល​ទ្រង់​មាន ។

នោះ​ជា​មូលហេតុ​ដែល​អ្នក​មក​នៅ​ទី​នេះ​លើ​ផែនដី​នេះ—ដើម្បី​រៀន លូតលាស់ និង​រីកចម្រើន ហើយ​ក្លាយ​ជា​អ្វីៗ​គ្រប់​យ៉ាង​ដែល​ព្រះវរបិតាសួគ៌​របស់​អ្នក​ដែល​គង់​នៅ​ស្ថានសួគ៌​បាន​បង្កើត​អ្នក​សម្រាប់​គោលបំណង​នោះ ។

ដើម្បី​ឲ្យ​រឿង​នេះ​ធ្វើ​ទៅ​បាន ទ្រង់​បាន​ចាត់​ព្រះយេស៊ូវគ្រីស្ទ​ធ្វើ​ជា​ព្រះអង្គ​សង្រ្គោះ​របស់​អ្នក ។ នោះ​គឺ​ជា​គោលបំណង​ដែល​បង្កប់​ក្នុង​ផែនការ​នៃ​សុភមង្គល​ដ៏​មហិមា​របស់​ទ្រង់ សាសនាចក្រ​របស់​ទ្រង់ បព្វជិតភាព​របស់​ទ្រង់ ព្រះគម្ពីរ—ពោល​គឺ​ទាំង​អស់ ។

នោះ គឺ​ជា​ជោគវាសនា​របស់​អ្នក ។ នោះ គឺ​ជា​អនាគត​របស់​អ្នក ។ នោះ​គឺ​ជា​ជម្រើស​របស់​អ្នក !

សេចក្ដីពិត និង​ជម្រើស

ចំណុច​សំខាន់​នៃ​ផែនការ​របស់​ព្រះ​សម្រាប់​សុភមង្គល​របស់​អ្នក គឺ​ជា​អំណាច​របស់​អ្នក​ក្នុង​ការជ្រើសរើស ។ ប្រាកដ​ណាស់ ព្រះវរបិតាសួគ៌​របស់​អ្នក​សព្វ​ព្រះទ័យ​ឲ្យ​អ្នក​ជ្រើសរើស​អំណរ​ដ៏​អស់​កល្ប​ជានិច្ច​ជា​មួយ​នឹង​ទ្រង់ ហើយ​ទ្រង់​នឹង​ជួយ​អ្នក​ឲ្យ​សម្រេច​បាន​អំណរ​នោះ ប៉ុន្តែ​ទ្រង់​នឹង​មិន​ដែល​បង្ខំ​អ្នក​ចំពោះ​រឿង​នេះ​ឡើយ ។

ដូច្នេះ​ទ្រង់​អនុញ្ញាត​ឲ្យ​អ្នក​ជ្រើសរើស ៖ ពន្លឺ ឬ​ភាព​ងងឹត ? ល្អ ឬ​អាក្រក់ ? អំណរ ឬ​ទុក្ខវេទនា ? ជីវិត​អស់កល្ប ឬ​ការស្លាប់​ខាង​វិញ្ញាណ ?

វា​ហាក់​ដូចជា​ជម្រើស​មួយ​ដែល​ងាយ​ស្រួល ពិត​មែន​ទេ ? ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​លើ​ផែនដី​នេះ វា​ហាក់​ដូច​ជា​ស្មុគស្មាញ​ជាង​ភាពពិត​ដែល​គួរ​តែ​មាន ។

បញ្ហា​នោះ​គឺ​ថា យើង​មើល​មិន​ឃើញ​អ្វីៗ​​បាន​ច្បាស់ ដូច​ដែល​យើង​ចង់​បាន​នោះ​ទេ ។ សាវក​ប៉ុល​បាន​ប្រៀបធៀប​វា​ទៅ​នឹង​ការមើល « ឃើញ​បែប​ស្រអាប់​ដូចជា​ដោយ​សារ​កញ្ចក់ » ។ មាន​ភាព​ច្របូកច្របល់​ជា​ច្រើន​នៅ​ក្នុង​ពិភព​លោក​នេះ​អំពី​អ្វី​ដែល​ត្រូវ និង​អ្វី​ដែល​ខុស ។ សេចក្ដីពិត​ត្រូវ​បាន​បង្វែរ ដើម្បី​ធ្វើ​ឲ្យ​អំពើ​អាក្រក់​ហាក់​ដូច​ជា​ល្អ ហើយ​អំពើ​ល្អ​ហាក់​ដូច​ជា​អាក្រក់​វិញ ។១០

ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​ស្វែងរក​សេចក្តីពិត​ដោយ​ស្មោះត្រង់—គឺ​សេចក្តីពិត​អស់កល្ប សេចក្តីពិត​ដែល​មិន​ផ្លាស់ប្តូរ—នោះ​ជម្រើស​របស់​អ្នក​មាន​កាន់​តែ​ច្បាស់លាស់​ជាង​មុន ។ ប្រាកដ​ណាស់ អ្នក​នៅ​តែ​មាន​ការល្បួង និង​ការសាកល្បង ។ រឿង​អាក្រក់​នៅ​តែ​កើត​មាន ។ រឿង​គ្មាន​ហេតុផល​នៅ​តែ​កើត​មាន ។ សោកនាដកម្ម​នៅ​តែ​កើត​មាន ។ ប៉ុន្តែ​អ្នក​អាច​គ្រប់គ្រង​វា​បាន ពេល​អ្នក​ដឹង​ថា ខ្លួន​ឯង​ជា​នរណា ហេតុអ្វី​អ្នក​នៅ​ទីនេះ និង​ពេល​អ្នក​ទុកចិត្ត​លើ​ព្រះ ។

ដូច្នេះ​តើ​អ្នក​ស្វែងរក​សេចក្ដីពិត​នៅ​ឯ​ណា ?

សេចក្តីពិត​នោះ​មាន​នៅ​ក្នុង​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ហើយ​ភាព​ពោរពេញ​នៃ​ដំណឹងល្អ​នោះ ត្រូវ​បាន​បង្រៀន​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។

ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា « ខ្ញុំ​ជា​ផ្លូវ ជា​សេចក្តីពិត ហើយ​ជា​ជីវិត បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះវរបិតា​បាន​ឡើយ » ។១១

នៅពេល​អ្នក​មាន​ជម្រើស​សំខាន់ៗ​ដើម្បី​ជ្រើសរើស នោះ​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ទ្រង់ គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត ។ នៅ​ពេល​អ្នក​មាន​សំណួរ នោះ​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ទ្រង់​គឺ​ជា​ចម្លើយ​ដ៏​ល្អ​បំផុត ។ ពេល​អ្នក​មាន​អារម្មណ៍​ទន់​ខ្សោយ ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​កម្លាំង​របស់​អ្នក ។

ទ្រង់​ចម្រើន​កម្លាំង​ដល់​អ្នក​ដែល​ល្វើយ និង​ដល់​អ្នក​ដែល​មាន​អារម្មណ៍​ថា​គ្មាន​កម្លាំង ទ្រង់​បង្កើន​កម្លាំង ។

ពួក​អ្នក​ដែល​រង់ចាំ​ព្រះអម្ចាស់​នឹង​ត្រូវ​បាន​បំពេញ​កម្លាំង​ឡើង​វិញ​ដោយ​កម្លាំង​របស់​ទ្រង់ ។១២

ដើម្បី​កម្លាំង​នៃ​យុវជន

ដើម្បី​ជួយ​អ្នក​ស្វែងរក​ផ្លូវ និង​ដើម្បី​ជួយ​អ្នក​ធ្វើ​ឲ្យ​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ ក្លាយ​ជា​ឥទ្ធិពល​ដឹកនាំ​ក្នុង​ជីវិត​របស់​អ្នក នោះ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ បាន​រៀបចំ​ធនធាន​ថ្មី​មួយ​ដែល​ជា​កំណែ​កែសម្រួល​នៃ​សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ។

កំណែ​ឆ្នាំ ២០១១ នៃ​សៀវភៅ​ដើម្បី​កម្លាំង​នៃ​យុវជន

អស់​រយៈពេល​ជាង ៥០ ឆ្នាំ​មក​ហើយ​សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ក្លាយ​ជា​មគ្គុទ្ទេសក៍​មួយ​សម្រាប់​យុវវ័យ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ជា​ច្រើន​ជំនាន់ ។ ខ្ញុំ​រក្សា​ទុក​សៀវភៅ​នេះ​មួយ​ក្បាល​នៅក្នុង​ហោប៉ៅ​របស់​ខ្ញុំ​ជានិច្ច ហើយ​ខ្ញុំ​ចែកចាយ​វា​ជាមួយ​មនុស្ស​ដែល​ចង់​ដឹង​ពី​បទដ្ឋាន​របស់​យើង ។ វា​ត្រូវបាន​ធ្វើ​បច្ចុប្បន្ន​ភាព និង​កែសម្រួល​ដើម្បី​ដោះស្រាយ​បញ្ហា និង​ការល្បួង​នៅ​ជំនាន់​របស់​យើង​ឲ្យ​បាន​ប្រសើរ​ជាង​មុន ។ កំណែ​ថ្មី​នៃ​សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន នេះ​មាន​៥០​ភាសារ​ផ្សេងៗ​គ្នា​នៅ​លើ​អនឡាញ​ហើយ​ក៏​មាន​បោះពុម្ភ​ផងដែរ ។ វា​នឹង​ក្លាយ​ជា​ជំនួយ​ដ៏​សំខាន់​ក្នុង​ការធ្វើ​សេចក្តីសម្រេចចិត្ត​នៅ​ក្នុង​ជីវិត​របស់​អ្នក ។ សូម​យក​សៀវភៅ​នេះ​ទុក​សម្រាប់​ខ្លួន​ឯង ហើយ​ចែកចាយ​វា​ជាមួយ​មិត្តភក្តិ​របស់​អ្នក ។

កំណែ ឆ្នាំ ២០២២ នៃ​សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន

កំណែ​ថ្មី​នៃ​សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន នេះ​ត្រូវបាន​ដាក់​ចំណង​ជើង​រង​ថា សេចក្តីណែនាំ​ដើម្បី​ធ្វើការ​ជ្រើសរើស ។

ដើម្បី​ឲ្យ​កាន់តែ​ច្បាស់​នោះ​គឺ​ថា សេចក្តីណែនាំ​ដ៏​ល្អ​បំផុត​ដែល​អ្នក​អាច​មាន​​សម្រាប់​ធ្វើ​ការជ្រើសរើស​គឺ ព្រះយេស៊ូវគ្រីស្ទ ។ ព្រះយេស៊ូវ​គ្រីស្ទ គឺ​ជា កម្លាំង​នៃ​យុវជន ។

ដូច្នេះ​គោលបំណង​នៃ​សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន គឺ​ដើម្បី​ចង្អុល​បង្ហាញ​អ្នក​ទៅ​កាន់​ទ្រង់ ។ វា​បង្រៀនអ្នកអំពី​សេចក្ដីពិត​ដ៏​អស់​កល្ប​ជានិច្ច​នៃ​ដំណឹង​ល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ទ្រង់—សេចក្ដីពិត​អំពីអ្នក អំពី​ទ្រង់ និង​អ្វី​ដែល​បងប្អូន​អាច​សម្រេច​បាន​ដោយ​មាន​កម្លាំង​របស់​ទ្រង់ ។ វា​បង្រៀន​អ្នកអំពី​របៀប​ធ្វើ​ការជ្រើសរើស​ដ៏​សុចរិត ដោយ​ផ្អែក​លើ​សេចក្ដីពិត​ដ៏​អស់​កល្ប​ទាំង​នោះ ។១៣

វា​ក៏​សំខាន់​ផងដែរ​ដើម្បី​ដឹង​ពី​អ្វី​ដែល​សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជនមិន​បាន​ធ្វើ ។ វា​មិន​ធ្វើ​ការសម្រេច​ចិត្ត​ជំនួស​អ្នក​ទេ ។ វា​មិន​ផ្តល់​ចម្លើយ « ​មែន » ឬ « ទេ » ដល់​អ្នក​ចំពោះ​គ្រប់​ជម្រើស​ដែល​អ្នក​អាច​ជួប​ប្រទះ​នោះទេ ។ សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ផ្តោត​លើ​មូលដ្ឋាន​គ្រឹះ​សម្រាប់​ជម្រើស​របស់​អ្នក ។ វា​ផ្តោត​ទៅ​លើ​គុណតម្លៃ គោលការណ៍ និង​គោលលទ្ធិ ជំនួស​ឲ្យ​គ្រប់​ឥរិយាបថ​ជាក់លាក់ ។

តាមរយៈ​ពួកព្យាការី​របស់ទ្រង់ ព្រះអម្ចាស់​តែងតែ​ដឹកនាំយើង​ក្នុង​ទិសដៅ​នោះ ។ ទ្រង់​កំពុង​អង្វរ​យើង​ឲ្យ « បង្កើន​លទ្ធភាព​ខាង​វិញ្ញាណ [ របស់​យើង ] ដើម្បី​ទទួល​វិវរណៈ » ។១៤ ទ្រង់​កំពុង​អញ្ជើញ​យើង​ឲ្យ «​ ស្តាប់​ទ្រង់ » ។១៥ ទ្រង់​កំពុង​ហៅ​យើង​ឲ្យ​ធ្វើ​តាម​ទ្រង់​តាម​របៀប​កាន់តែ​ខ្ពង់ខ្ពស់ និងកាន់តែ​បរិសុទ្ធ ។១៦ ហើយ​យើង​កំពុង​រៀន​សូត្រ​តាម​របៀប​ស្រដៀង​គ្នា​នេះ ជា​រៀងរាល់​សប្តាហ៍​នៅក្នុង​សៀវភៅ ចូរ​មក​តាម​ខ្ញុំ ។

ខ្ញុំ​គិត​ថា សេចក្តីណែនាំ​នេះ​អាច​ផ្តល់​ឲ្យ​អ្នក​នូវ​បញ្ជី​ដ៏​វែង​អំពី​សម្លៀកបំពាក់​ដែល​អ្នក​មិន​គួរ​ពាក់ ពាក្យ​សម្តី​ដែលអ្នក​មិន​គួរ​និយាយ និង​ភាពយន្ត​ដែល​អ្នក​មិន​គួរ​មើល ។ ប៉ុន្ដែ​តើ​ចំណុច​ទាំង​នោះ​ពិតជា​មាន​ប្រយោជន៍​ដល់​សាសនាចក្រ​នៅទូទាំង​ពិភព​លោក​ដែរ​ឬ​ទេ ? តើ​វិធីសាស្ត្រ​បែប​នេះ​ពិតជា​នឹង​រៀបចំ​អ្នក​សម្រាប់​ការរស់នៅ​ក្នុង​ជីវិត​ដូច​ជា​ព្រះគ្រីស្ទ​ដែរ​ឬ​ទេ ?

យ៉ូសែប ស្ម៊ីធ មាន​ប្រសាសន៍​ថា « ខ្ញុំ​បង្រៀន​ពួកគេ​នូវ​គោលការណ៍​ត្រឹមត្រូវ ហើយ​ពួកគេ​គ្រប់គ្រង​ខ្លួន​គេ » ។១៧

ហើយ​ស្ដេច​បេនយ៉ាមីន​បាន​ប្រាប់​រាស្ត្រ​របស់​ទ្រង់​នៅ​ក្នុង​ព្រះគម្ពីរ​មរមន​ថា « យើង​ពុំ​អាច​ប្រាប់​អ្នករាល់គ្នា​ឲ្យ​អស់​នូវ​ការណ៍​ទាំងឡាយ ដែល​អ្នករាល់គ្នា​អាច​ប្រព្រឹត្ត​អំពើ​បាប​នោះ​ទេ ព្រោះ​មាន​ផ្លូវ និង​បែប​ផ្សេងៗ​គ្នា គឺ​មាន​ជាច្រើន​ណាស់ ដែល​យើង​ពុំ​អាច​រៀបរាប់​បាន​ឡើយ »១៨

ស្តេច​បេនយ៉ាមីន​បាន​បន្ត​ថ្លែង​ថា « ប៉ុន្តែ​យើង​អាច​និយាយ​ប្រាប់​អ្នក​តែ​ប៉ុណ្ណោះ … ប្រយ័ត្ន ខ្លួនទាំង​គំនិត​របស់​ខ្លួន និង​ពាក្យ​សម្តី​របស់​ខ្លួន និង​កិច្ចការ​របស់ខ្លួន ហើយ​គោរព​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ ហើយ​បន្ត​ទៅ​ក្នុង​សេចក្តីជំនឿ​នៃ … ព្រះអម្ចាស់​របស់​យើង រហូត​ដល់​ថ្ងៃ​ចុង​ក្រោយ​នៃ​ជីវិត​ខ្លួន » ។១៩

ព្រះអង្គសង្គ្រោះ ព្រះ​យេស៊ូវគ្រីស្ទ

តើ​វា​ខុស​ទេ​ដែល​មាន​ច្បាប់​នោះ ? ប្រាកដ​ណាស់ វា​មិន​ខុស​ទេ ។ យើង​ទាំងអស់​គ្នា​ត្រូវការ​ច្បាប់​ទាំង​នោះ​ជា​រៀង​រាល់​ថ្ងៃ ។ ប៉ុន្តែ​វា​ជា​ការ​ខុស​ឆ្គង​ដែល​ផ្តោត​តែ​លើ​ច្បាប់ ជំនួស​ឲ្យ​ការផ្តោត​ទៅ​លើ​ព្រះអង្គ​សង្គ្រោះ ។ អ្នក​ត្រូវ​ដឹង​ពី​មូលហេតុ និង​របៀប​នានា ហើយ​បន្ទាប់​មក​ពិចារណា​ពី​ផលវិបាក​នៃ​ជម្រើស​របស់​ខ្លួន ។ អ្នក​ត្រូវតែ​ទុក​ចិត្ត​លើ​ព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់​នឹង​ដឹកនាំ​អ្នក​លើ​ផ្លូវ​ត្រឹមត្រូវ ។ ទ្រង់​គឺ​ជា​កម្លាំង​របស់​អ្នក ។២០

អំណាច​នៃ​គោលលទ្ធិ​ពិត

សៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន សំខាន់​ក្នុង​ការប្រកាស​ពី​គោលលទ្ធិ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ វា​សំខាន់​ក្នុង​ការអញ្ជើញ​អ្នក​ឲ្យ​ធ្វើ​ការជ្រើសរើស​ដោយ​ផ្អែកលើ​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ ។ ហើយ​សំខាន់​ក្នុង​ការពិពណ៌នា​អំពី​ពរជ័យ ដែល​ព្រះយេស៊ូវគ្រីស្ទ​សន្យា​ដល់​អស់​អ្នក​ដែល​ធ្វើ​តាម​ផ្លូវ​របស់​ទ្រង់ ។២១

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា ៖ «​ នៅពេល​បំណងប្រាថ្នា​ដ៏​ធំ​បំផុត​របស់​បងប្អូន​គឺ​ទុក​ឲ្យ​ព្រះ​ឈ្នះ [ នៅក្នុង​ជីវិត​របស់​អ្នក ] នោះ​ការសម្រេច​ចិត្ត​ជាច្រើន​នឹង​កាន់តែ​ងាយស្រួល ។ បញ្ហា​ជា​ច្រើន​នឹង​ក្លាយ​ជា​គ្មាន​បញ្ហា ! បងប្អូន​ដឹងថា ត្រូវ​តុបតែង​ខ្លួន​បងប្អូន​បែប​ណា ។ បងប្អូន​ដឹង​ថា អ្វី​ដែល​ត្រូវ​មើល និង​អាន កន្លែង​ដែល​បងប្អូន​ត្រូវ​ចំណាយ​ពេល និង​នរណា​ដែល​បងប្អូន​ត្រូវ​សេព​គប់ ។ បងប្អូន​ដឹង​អ្វី​ដែល​បងប្អូន​ចង់​សម្រេច​បាន ។ បងប្អូន​ដឹង​ថា បងប្អូន​គួរ​ក្លាយ​ជា​មនុស្ស​បែប​ណា » ។២២

បទដ្ឋាន​កាន់តែ​ខ្ពង់ខ្ពស់

ព្រះយេស៊ូវគ្រីស្ទ​មាន​បទដ្ឋាន​ខ្ពស់​ណាស់​សម្រាប់​អ្នក​ដើរ​តាម​ទ្រង់ ។ ហើយ​ការអញ្ជើញ​ឲ្យ​ស្វែងរក​ព្រះ​ឆន្ទៈ​របស់​ទ្រង់​ដោយ​ស្មោះត្រង់ និង​ការរស់នៅ​តាម​សេចក្ដីពិត​របស់​ទ្រង់ គឺ​ជា​បទដ្ឋាន​ខ្ពស់​បំផុត​ដែល​អាច​ធ្វើ​បាន !

ជម្រើស​ដ៏​សំខាន់​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ​មិន​គួរ​គ្រាន់តែ​ផ្អែកលើ​ចំណង់​ចំណូល​ចិត្ត​ផ្ទាល់​ខ្លួន ឬ​អ្វី​ដែល​ងាយស្រួល ឬ​ពេញ​និយម​នោះ​ទេ ។២៣ ព្រះអម្ចាស់ មិនមែន កំពុង​មាន​ព្រះបន្ទូល​ថា « ចូរ​ធ្វើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ » នោះ​ទេ ។

ទ្រង់​កំពុង​មាន​ព្រះបន្ទូល​ថា « ចូរទុក​ឲ្យ​ព្រះ​ឈ្នះ » ។

ទ្រង់​កំពុង​មាន​ព្រះបន្ទូល​ថា « ចូរ​មក​តាម​ខ្ញុំ » ។២៤

ទ្រង់​កំពុង​មាន​ព្រះបន្ទូល​ថា « ចូរ​រស់នៅ​ក្នុង​របៀប​មួយ​ឲ្យ​កាន់តែ​បរិសុទ្ធ កាន់តែ​ខ្ពង់ខ្ពស់ កាន់តែ​មាន​ភាព​ចាស់ទុំ » ។

ទ្រង់​កំពុង​មាន​ព្រះបន្ទូល​ថា « ចូរ​កាន់​តាម​បញ្ញត្តិ​ទាំងឡាយ​របស់​យើង​ចុះ » ។

ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​គំរូ​ដ៏​ល្អ​ឥតខ្ចោះ​របស់​យើង ហើយ​យើង​ខិតខំ​ដោយ​អស់​ពី​ថាមពល​នៃ​ព្រលឹង​របស់​យើង ដើម្បី​ធ្វើ​តាម​ទ្រង់ ។

មិត្ត​សម្លាញ់​របស់​ខ្ញុំ​អើយ ខ្ញុំ​សូម​និយាយ​ឡើង​វិញ ប្រសិន​បើ​ព្រះអង្គ​សង្គ្រោះ​គង់​នៅ​ទីនេះ​នៅ​ថ្ងៃ​នេះ នោះ​ទ្រង់​នឹង​សម្តែង​សេចក្តីស្រឡាញ់​ដ៏​គ្មាន​ទី​បញ្ចប់​របស់​ទ្រង់​ចំពោះ​អ្នកទ្រង់​ទុក​ព្រះទ័យ​ទាំង​ស្រុង​លើ​អ្នក ។ ទ្រង់​នឹង​ប្រាប់អ្នក​ថា អ្នក​អាច​ធ្វើ​កិច្ចការ​នេះ​បាន ។ អ្នក​អាច​កសាង​ជីវិត​មួយ​ប្រកប​ដោយ​អំណរ រីករាយ​បាន ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​កម្លាំង​របស់អ្នក ។ អ្នក​អាច​រក​ឃើញ​ទំនុក​ចិត្ត ភាពសុខសាន្ត សុវត្ថិភាព សុភមង្គល និង​ភាព​ជា​ចំណែក​នៅ​ពេល​នេះ និង​អស់កល្ប​ជានិច្ច ព្រោះ​អ្នក​នឹង​រក​ឃើញ​អ្វីៗ​ទាំងអស់​នេះ​នៅក្នុង​ព្រះយេស៊ូវគ្រីស្ទ នៅក្នុង​ដំណឹងល្អ​របស់​ទ្រង់ និង​នៅ​ក្នុង​សាសនាចក្រ​របស់​ទ្រង់ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដ៏​ម៉ឺងម៉ាត់​របស់​ខ្ញុំ ក្នុង​នាម​ជា​សាវក​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ​អំពី​ការណ៍​ទាំង​នេះ ហើយ​​បន្សល់​ទុក​ពរជ័យ​ដ៏​ស្មោះត្រង់​របស់​ខ្ញុំ ដោយ​អំណរគុណ និង​សេចក្ដីស្រឡាញ់​ដ៏​ជ្រាលជ្រៅ​ចំពោះ​អ្នក នៅក្នុង​ព្រះនាមនៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. លូកា ៥:១០; ៨:៥០; ១២:៧; គោលលទ្ធិ និង សេចក្តីសញ្ញា ៣៨:១៥; ៥០:៤១; ៩៨:១ ។

  2. គោលលទ្ធិ និងសេចក្ដីសញ្ញា ៦:៣៦ ។

  3. ម៉ាថាយ ១៤:២៧; យ៉ូហាន ១៦:៣៣; គោលលទ្ធិ និង សេចក្តីសញ្ញា ៦១:៣៦; ៦៨:៦; ៧៨:១៨ ។

  4. យ៉ូហាន ១៤:១, ២៧ ។

  5. សូមមើល ម៉ាថាយ ១១:២៨–៣០ ។

  6. សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៣៨ ។

  7. អ្នក​អាច​និយាយ​ថា ផែនការ​របស់​ព្រះវរបិតា​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​អនុញ្ញាត​ឲ្យ​អ្នក បង្ហាញ​បំណង​ប្រាថ្នា​របស់​អ្នក តាមរយៈ​ជម្រើស​របស់​អ្នក ដើម្បី​ឲ្យ​អ្នក​អាច​ទទួល​បាន​លទ្ធផល​ពេញលេញ​នៃ​អ្វី​ដែល​អ្នក​ប្រាថ្នា​ចង់​បាន ។ ដូច​អែលឌើរ ឌេល ជី រិនឡាន់ បាន​បង្រៀន​ថា « គោលដៅ​របស់​ព្រះវរបិតា​សួគ៌​យើង ក្នុង​ការធ្វើ​ជា​ឪពុកម្តាយ​គឺ​មិនមែន​ដើម្បី​ឲ្យ​បុត្រាបុត្រី​របស់​ទ្រង់ ធ្វើអ្វី​ដែល​ត្រឹមត្រូវ​នោះ​ទេ វា​គឺ​ដើម្បី​ឲ្យ​បុត្រាបុត្រី​របស់​ទ្រង់ ជ្រើសរើសធ្វើ​អ្វី​ដែល​ត្រឹមត្រូវ ហើយ​ចុង​ក្រោយ​ប្រែ​ក្លាយ​​ដូចជា​ទ្រង់ » ( « Choose You This Day » Liahonaខែ វិច្ឆិកា ឆ្នាំ ២០១៨ ១០៤ ) ។

  8. សូមមើល នីហ្វៃ​ទី ២ ២:២៦–២៧ ។

  9. កូរិនថូស​ទី ១ ១៣:១២ ។

  10. សូមមើល អេសាយ ៥:២០ ។

  11. យ៉ូហាន ១៤:៦ ។

  12. សូមមើល អេសាយ ៤០:២៩–៣១ ។

  13. ក្នុង​នាម​ជា​​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ គេស្គាល់​យើងដោយសារ​អ្វី​ដែល​យើង​ធ្វើ និង​មិន​ធ្វើ—ពោល​គឺ​ឥរិយាបថ​របស់​យើង ។ នេះ​អាច​ជា​ការណ៍​ល្អ ប៉ុន្តែ​វា​កាន់តែ​ប្រសើរ​ជាង​នេះ​ទៅ​ទៀត ដើម្បី​ឲ្យ​គេ​ស្គាល់​យើង ដោយសារ​អ្វី​ដែល​យើង ដឹង ( សេចក្ដីពិតដែល​ជំរុញ​ឥរិយាបថ​របស់​យើង ) និង ព្រះ​អង្គ ដែល​យើង​ស្គាល់ ( ព្រះអង្គ​សង្គ្រោះ—​និង​របៀប​ដែល​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ទ្រង់ បំផុស​គំនិត​ដល់​ឥរិយាបថ​របស់​យើង ) ។

  14. រ័សុល អិម ណិលសុន « Revelation for the Church, Revelation for Our Lives »​Liahonaខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៦ ។

  15. សូមមើល​រ័សុល អិម ណិលសុន « Hear Him »​Liahonaខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៨៨–៩២ ។

  16. វិធី​សាស្ត្រ​ដែល​ផ្អែកលើ​គោលការណ៍​នៃ​មគ្គុទ្ទេសក៍ ដើម្បី​កម្លាំង​នៃ​យុវជន ថ្មី គឺ​ត្រូវ​គ្នា​នឹងការផ្តួចផ្តើម​ថ្មីៗ​ផ្សេង​ទៀត​ដែល​បាន​ណែ​នាំ​ដោយ សាសនាចក្រ​របស់​ព្រះអង្គសង្រ្គោះ រួម​មាន ប្រកាស​​ដំណឹង​ល្អ​របស់​យើង ការងារ​បម្រើ កម្មវិធី​សិក្សា​ដែល​ផ្តោត​លើ​គេហដ្ឋាន ចូរ​មក​តាម​ខ្ញុំ កម្មវិធី​កុមារ និង​យុវវ័យ ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ និង ក្បួនខ្នាត​ទូទៅ ថ្មី ។ ប្រាកដ​ណាស់ ព្រះអម្ចាស់​កំពុង​កសាង​សមត្ថភាព​ខាង​វិញ្ញាណ​របស់​យើង ។ ទ្រង់​កំពុង​បង្ហាញ​ពី​ការ​ទុក​ព្រះទ័យ​លើ​រាស្ត្រ​នៃ​សេចក្តីសញ្ញា​របស់​ទ្រង់​នៅ​​ថ្ងៃ​ចុង​ក្រោយ​នេះ​កាន់តែ​ខ្លាំង​ឡើង ។

  17. Teachings of Presidents of the Church: Joseph Smith( ឆ្នាំ ២០០៧ ) ទំព័រ ២៨៤ ។

  18. ម៉ូសាយ ៤:២៩ ។ តាម​របៀប​មួយ នេះ​គឺ​ជា​អ្វី​ដែល​ពួកផារីស៊ី​​នៅ​ជំនាន់​របស់​ព្រះយេស៊ូវ​បាន​ព្យាយាម​ធ្វើ ។ នៅក្នុងការខ្នះខ្នែង​របស់​ពួកគេ​ដើម្បី​បញ្ឈប់​មនុស្ស​ពី​ការបំពាន​ច្បាប់ ពួកគេ​បាន​ចងក្រង​ច្បាប់​រាប់រយ​ដោយ​ផ្អែកលើ​ការយល់​ដឹង​របស់​ពួកគេ​អំពី​ការសរសេរ​ដ៏​ពិសិដ្ឋ ។ អ្វី​​ដែល​ពួកផារីស៊ី​បាន​ធ្វើ​ខុស​នោះ​គឺ​ពួកគេ​គិត​ថា ច្បាប់​របស់​ពួកគេ​នឹង​ជួយ​សង្គ្រោះ​ពួកគេ ។ បន្ទាប់​មក នៅពេល​ព្រះអង្គ​សង្គ្រោះ​បានយាង​មក ពួកគេ​មិន​បាន​ទទួល​ស្គាល់​ទ្រង់​ទេ ។

  19. ម៉ូសាយ ៤:៣០ការ​គូស​បញ្ជាក់​បាន​បន្ថែម ។

  20. ហេតុផល​មួយ​ទៀត​ដែល​ត្រូវការ​វិធីសាស្ត្រ​ផ្តោត​លើ​គោលការណ៍​នាពេល​សព្វ​ថ្ងៃ​នេះ គឺ​ការកើន​ឡើង​នូវ​ភាពចម្រុះ​វប្បធម៌​ក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់ ។ គោលការណ៍​ទាំងឡាយគឺ​មាន​ភាពអស់កល្ប​ជានិច្ច និង​សកល ។ ច្បាប់ ឬ​ការអនុវត្ត​ជាក់លាក់​នៃ​គោលការណ៍​ទាំង​នោះ អនុវត្ត​បាន​ល្អ​នៅកន្លែង​មួយ​ចំនួន ប៉ុន្តែ​មិន​អនុវត្ត​នៅ​កន្លែង​ផ្សេង​ទៀត​ទេ ។ អ្វី​ដែល​រួបរួម​យើង​គឺ​ព្រះយេស៊ូវគ្រីស្ទ និង​សេចក្ដីពិត​ដ៏​អស់​កល្ប​ជានិច្ច​ដែល​ទ្រង់​បាន​បង្រៀន ទោះ​បី​ជា​កម្មវិធី​ជាក់លាក់​មួយ​ចំនួន​មាន​ភាព​ខុស​គ្នា គ្រប់​​ពេលវេលា និង​ទូទាំង​វប្បធម៌​ក៏​ដោយ ។ ដូច្នេះ​បញ្ហា​ក្នុង​ការ​ធ្វើ​​បញ្ជី​អំពី​រាល់​អ្វី​ដែល​អាច​ធ្វើ​បាន និង​ធ្វើ​មិន​បាន គឺ​មិនមែន​ជា​អ្វី​ដែល​មិន​អាច​អនុវត្ត​បាន និង​មិន​អាច​ឋិត​ថេរ​បាន​នោះ​ទេ ។ បញ្ហា​នោះ​គឺ​ថា វា​បង្វែរ​ការផ្តោតចិត្ត​របស់​យើង​ចេញ​ពី​ប្រភព​ពិត​នៃ​កម្លាំង​យើង គឺ​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ​របស់​យើង ។

  21. ជាច្រើន​ឆ្នាំ​កន្លង​ទៅ ប្រធាន ប៊យដ៏ ខេ ផាកកឺ បាន​ថ្លែង​ពាក្យ​ដ៏​មាន​ឥទ្ធិពល​ទាំង​នេះ​ថា ៖ « ការយល់​​គោលលទ្ធិ​ពិត​ផ្លាស់ប្ដូរ​អាកប្បកិរិយា និង​ឥរិយាបថ ។ ការសិក្សា​គោលលទ្ធិ​នៃ​ដំណឹងល្អ​នឹង​កែលម្អ​ឥរិយាបថ​បាន​លឿន​ជាង​ការសិក្សា​ឥរិយាបថ​​ដើម្បី​​កែលម្អ​ឥរិយាបថ » ( « Do Not Fear » Liahonaខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៧៩ ) ។

    ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​បង្រៀន​សេចក្ដីពិត​ស្រដៀង​គ្នា​នេះ​ថា ៖ « ព្រះអម្ចាស់​ធ្វើ​ការ​ពី​ក្នុង​ទៅ​ក្រៅ ។ លោកិ​យ​ធ្វើការ​ពី​ខាងក្រៅ​ទៅ​ក្នុង ។ … លោកិយ​នឹង​បត់បែន​ឥរិយាបថ​របស់​មនុស្ស ប៉ុន្តែ​ព្រះគ្រីស្ទ​អាច​ផ្លាស់ប្តូរ​ធម្មជាតិ​របស់​មនុស្ស​បាន » ( « Born of God » Ensignខែ វិច្ឆិកា ឆ្នាំ ១៩៨៥ ទំព័រ ៦ ) ។

    នៅពេល​ព្យាការី​អាលម៉ា​នៅ​ក្នុង​ព្រះ​គម្ពីរ​មរមន​បាន​ឃើញ​អំពើ​ទុច្ចរិត​នៅក្នុង​ពិភពលោក​ជុំវិញ​លោក នោះ​លោក​បានបែរ​ទៅរក​ព្រះ​បន្ទូល​របស់​ព្រះ ព្រោះ​លោក​បាន​ដឹង​ថា វា « មាន​ប្រសិទ្ធភាព​ទៅ​លើ​គំនិត​មនុស្ស​ច្រើន ជាង​ផ្លែ​ដាវ ឬ​អ្វី​ផ្សេង​ៗ​ទៀត ដែល​កើតឡើង​ដល់​គេ—ហេតុដូច្នេះហើយ អាលម៉ា​បាន​គិត​ថា ជា​ការ​ចាំបាច់​ដែល​គេ [ ត្រូវ ] ពិសោធ​គុណធម៌​នៃ​ព្រះបន្ទូល​នៃ​ព្រះ » ( អាលម៉ា ៣១:៥

  22. រ័សុល អិម ណិលសុន « Let God Prevail »​Liahonaខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩៤ ។ ប្រធាន ណិលសុន បាន​ធ្វើ​ជា​គំរូ​អំពី​វិធីសាស្ត្រ​នេះ កាល​លោក​បាន​បង្រៀន​យើង​អំពី​ការគោរព​ថ្ងៃ​ឈប់​សម្រាក​ថា ៖ « កាល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​បាន​សិក្សា​កិច្ចការ​របស់​មនុស្ស​ដទៃ​ទៀត ដែល​បាន​ចងក្រង​ជា​បញ្ជី​អំពី​អ្វី​ដែល​ត្រូវ​ធ្វើ និង​អ្វី​ដែល មិន ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ឈប់​សម្រាក ។ ក្រោយ​មក​ទើប​ខ្ញុំ​បាន​រៀន​ពី​ព្រះគម្ពីរ​ថា ការប្រព្រឹត្ត និង​អាកប្បកិរិយា​របស់​ខ្ញុំ​នៅ​ថ្ងៃ​ឈប់​សម្រាក​គឺ​ជា ទីសម្គាល់ រវាង​ខ្ញុំ និង​ព្រះវរបិតាសួគ៌​ខ្ញុំ ។ ដោយ​មាន​ការយល់​ដឹង​បែប​នោះ ខ្ញុំ​ពុំ​ត្រូវការ​បញ្ជី​នៃ​អ្វី​ដែល​ត្រូវ​ធ្វើ និង​មិនត្រូវ​ធ្វើ ទៀត​ឡើយ ។ ពេល​ខ្ញុំ​សម្រេច​ចិត្ត​ថា តើ​សកម្មភាព​ណា​ដែល​សមស្រប​នៅ​ថ្ងៃ​ឈប់​សម្រាក ខ្ញុំ​គ្រាន់តែ​សួរ​ខ្លួន​ឯង​ថា ‹ តើ ទីសម្គាល់ ណា​ដែល​ខ្ញុំ​ចង់​បង្ហាញ​ទៅ​ដល់​ព្រះ ? › សំណួរ​នោះ​បាន​ធ្វើឲ្យ​ជម្រើស​របស់​ខ្ញុំ​អំពី​ថ្ងៃ​ឈប់​សម្រាកមាន​ភាព​ភ្លឺច្បាស់​ដូចជា​កែវ​គ្រីស្ទាល់ » ( « The Sabbath Is a Delight » Liahonaខែ ឧសភា ឆ្នាំ​២០១៥ ទំព័រ ១៣០ ) ។

  23. អែលឌើរ ដាវីឌ អេ បែដណា បាន​បង្រៀន​ថា « គោលការណ៍​នៃ​សេចក្ដី​សុចរិត… ជួយ​យើង​ឲ្យ​មើល​ហួស​ពី​ចំណង់ចំណូល​ចិត្ត​ផ្ទាល់​ខ្លួន និង​បំណង​ប្រាថ្នា​ដែល​ផ្ដោតលើ​ខ្លួន​ឯង ដោយ​ផ្តល់​ទស្សនៈវិស័យ​​ដ៏​មាន​តម្លៃ​នៃ​សេចក្ដីពិត​ដ៏​អស់​កល្ប​ជានិច្ច នៅពេល​យើង​ស្វែងរក​ភាព​ខុស​គ្នា​នៃ​កាលៈទេសៈ ឧបសគ្គ ការសម្រេចចិត្ដ និង​បទ​ពិសោធន៍​នៃ​ជីវិត​រមែង​ស្លាប់​នេះ » ( « TThe Principles of My Gospel » Liahonaខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ១២៣-១២៤ ) ។

  24. លូកា ១៨:២២ ។