សន្និសីទទូទៅ
រីករាយ​ជា​រៀង​រហូត
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០២២


13:21

រីករាយ​ជា​រៀង​រហូត

សេចក្តីពិត អំណរ​យូរ​អង្វែង និង​ភាព​អស់​កល្ប​ជានិច្ច​ជាមួយ​នឹង​អស់​អ្នក​ដែល​យើង​ស្រឡាញ់ គឺ​ជា​ចំណុច​ដ៏​សំខាន់​នៃ​ផែនការ​​សុភមង្គល​របស់​ព្រះ ។

មិត្ត​សម្លាញ់ និង​បងប្អូន​ប្រុស​ស្រី​ជាទី​ស្រឡាញ់ តើ​បងប្អូន​ចាំ​ពី​ការជឿ ឬ​ការចង់​ជឿ​លើ​ភាពរីករាយ​ជា​រៀង​រហូត​តទៅ​ដែរ​ឬ​ទេ ?

ហើយ​ក្រោយ​មក​ស្រាប់​តែ​ជីវិត​ជាក់ស្ដែង​ជួប​រឿងរ៉ាវ​ផ្សេងៗ ។ យើង « បាន​ធំ​ដឹង​ក្ដី » ។ ទំនាក់ទំនង​នានា​កាន់​តែ​មាន​ភាព​ស្មុគស្មាញ ។ ពិភពលោក​នេះ​មាន​សភាព​កង​រំពង អ៊ូអរ មាន​មហិច្ឆតា មាន​ពុត និង​ក្លែងបន្លំ ។ ប៉ុន្តែ​នៅ​ក្នុង « ជម្រៅ​ដួងចិត្ត » របស់​យើង នោះ​យើង​ជឿ ឬ​ចង់​ជឿ​ថា ភាពរីករាយ​ជា​រៀង​រហូត​គឺ​ជា​ការពិត និង​អាច​ធ្វើ​បាន​តាម​មធ្យោបាយ​ណា​មួយ​នៅ​កន្លែង​ណា​មួយ ។

« រីករាយ​ជា​រៀង​រហូត » មិន​មែន​ជា​រឿង​ស្រមើ​ស្រមៃ​ដែល​មាន​តែ​នៅ​ក្នុង​រឿង​និទាន​នោះ​ទេ ។ សេចក្តីពិត អំណរ​យូរ​អង្វែង និង​ភាព​អស់​កល្ប​ជានិច្ច​ជាមួយ​នឹង​អស់​អ្នក​ដែល​យើង​ស្រឡាញ់ គឺ​ជា​ចំណុច​ដ៏​សំខាន់​នៃ​ផែនការ​នៃ​សុភមង្គល​របស់​ព្រះ ។ មាគ៌ា​ដែល​បាន​រៀបចំ​ដោយ​ក្ដី​ស្រឡាញ់​របស់​ទ្រង់ អាច​ធ្វើ​ឲ្យ​ដំណើរ​ដ៏​អស់​កល្ប​ជានិច្ច​របស់​យើង រីករាយ​ជា​រៀង​រហូត​បាន ។

យើង​មាន​អ្វីៗ​ជា​ច្រើន​ដែល​ត្រូវ​សាទរ ហើយមាន​អំណរគុណ ។ ប៉ុន្តែ គ្មាន​ពួក​យើង​ណា​ម្នាក់ ហើយ​ក៏​គ្មាន​គ្រួសារ​ណា​មួយ​ល្អ​ឥតខ្ចោះនោះ​ដែរ ។ ទំនាក់ទំនង​របស់​យើង​រួមមាន​សេចក្តី​ស្រឡាញ់ ទំនាក់ទំនង​សង្គម និង​បុគ្គលិក​លក្ខណៈ ប៉ុន្ដែ​ជា​ញឹកញាប់​យើង​ក៏​មាន​ភាពរកាំរកូស និង​ការឈឺចាប់​ផងដែរ ហើយ​ជួនកាល​ឈឺចាប់​ខ្លាំង​ទៀត​ផង ។

« ព្រោះ​ដូច​ជា​គ្រប់​មនុស្ស​ទាំង​អស់​បាន​ត្រូវ​ស្លាប់ ក្នុង​លោក​អ័ដាម​ជា​យ៉ាង​ណា នោះ​គ្រប់​គ្នា​ក៏​នឹង​បាន​ប្រោស​ឲ្យ​រស់ ក្នុង​ព្រះគ្រីស្ទ​យ៉ាង​នោះ​ដែរ » ។ ប្រោស​ឲ្យ​រស់​ក្នុង​ព្រះយេស៊ូវ​គ្រីស្ទ រួមមាន​អមតភាព—អំណោយទាន​នៃ​ការរស់​ឡើង​វិញ​ខាង​រូបកាយ​របស់​យើង ។ នៅ​ពេល​យើង​រស់នៅ​ដោយ​មាន​សេចក្ដីជំនឿ និង​ការគោរព​ប្រតិបត្តិ នោះ​ការប្រោស​ឲ្យ​រស់​ក្នុង​ព្រះគ្រីស្ទ ក៏​អាច​រួម​បញ្ចូល​នូវ​ជីវិត​អស់កល្ប​ជានិច្ច​ដែល​ពោរពេញ​ដោយ​អំណរ​ដ៏​លើសលប់​ជាមួយ​ព្រះ និង​ជាមួយ​មនុស្ស​ដែល​យើង​ស្រឡាញ់​ផងដែរ ។

តាម​របៀប​មួយ​ដ៏​អស្ចារ្យ ព្យាការី​របស់​ព្រះអម្ចាស់​កំពុង​ទាញ​យើង​ឲ្យ​ខិត​ទៅ​កាន់តែ​ជិត​ព្រះអង្គ​សង្រ្គោះ​របស់​យើង រួម​មាន តាមរយៈ​ពិធីបរិសុទ្ធ និង​សេចក្ដីសញ្ញា​ដ៏​ពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ ដែល​កំពុង​មក​កាន់តែ​ជិត​យើង នៅ​កន្លែង​កាន់តែ​ច្រើន​ឡើង ។ យើង​មាន​ឱកាស និង​អំណោយ​ទាន​ដ៏​ធំធេង​មួយ ដើម្បី​រកឃើញ​ការយល់​ដឹង​ខាង​វិញ្ញាណ​ថ្មី សេចក្ដី​ស្រឡាញ់ ការប្រែចិត្ត និង​ការអភ័យ​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក និង​ក្រុមគ្រួសារ​របស់​យើង ក្នុង​ពេលនេះ និង​ក្នុង​ភាពអស់កល្ប​ជានិច្ច ។

ដោយ​មាន​ការអនុញ្ញាត ខ្ញុំ​សូម​ចែកចាយ​បទពិសោធន៍​ដ៏​ពិសិដ្ឋ​ចំនួន​ពីរ ជា​បទពិសោធន៍​ផ្ទាល់ខ្លួន​ខាង​វិញ្ញាណ​ដ៏​អស្ចារ្យ ដែល​បាន​តំណាល​ប្រាប់​ដោយ​មិត្តភក្តិ​ខ្ញុំ អំពី​ការដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្រួប​បង្រួម​ក្រុម​គ្រួសារ តាមរយៈ​ការព្យាបាល​ជម្លោះ​ដែល​កើត​ឡើង​ឆ្លង​ជំនាន់ ។ ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ជួយ​យើង​ឲ្យមាន​ភាពសុខសាន្ត​សម្រាប់​អតីតកាល​របស់​យើង និង​សេចក្តី​សង្ឃឹម​សម្រាប់​ពេល​អនាគត​របស់​យើង​ក្នុង​ពេល « ដ៏និរន្តរ៍ និង​អស់កល្ប​ជានិច្ច » ដែល « ខ្លាំង​ជាង​ចំណង​នៃ​សេចក្ដី​ស្លាប់ » ទៅ​ទៀត ។

នៅពេល​ពួកគេ​បាន​ចូល​ជា​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ មិត្ត​របស់​ខ្ញុំ និង​ស្វាមី​របស់​នាង​បាន​រៀន​ដោយ​អំណរ​ថា ទំនាក់ទំនង​គ្រួសារ​មិន « ចប់​ត្រឹម​ពេល​ស្លាប់ » នោះ​ទេ ។ នៅ​ក្នុង​ដំណាក់​របស់​ព្រះអម្ចាស់ នោះ​ក្រុម​គ្រួសារ​អាច ( បាន​ផ្សារភ្ជាប់ ហើយ ) រួមរស់​នឹង​គ្នា​អស់កល្ប​ជានិច្ច ។

ប៉ុន្តែ​មិត្ត​របស់​ខ្ញុំ​មិន​ចង់​ផ្សារភ្ជាប់​ជាមួយ​ឪពុក​របស់​នាង​ទេ ។ នាង​និយាយ​ថា « គាត់​មិនមែន​ជា​ស្វាមី​ល្អ​ចំពោះ​ម្តាយ​ខ្ញុំ​ទេ ។ គាត់​មិនមែន​ជា​ឪពុក​ល្អ​សម្រាប់​កូនៗ​របស់​គាត់​ទេ ។ ឪពុក​ខ្ញុំ​ត្រូវ​រង់ចាំ​សិន ។ ខ្ញុំ​គ្មាន​បំណង​ចង់​ធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​របស់​គាត់ ហើយ​គ្មាន​បំណង​ផ្សារភ្ជាប់​ជាមួយ​គាត់​សម្រាប់​ភាពអស់កល្ប​នោះ​ទេ » ។

អស់​រយៈពេល​មួយ​ឆ្នាំ នាង​បាន​តម​អាហារ អធិស្ឋាន បាន​ទូល​សួរ​ព្រះអម្ចាស់​អំពី​ឪពុក​របស់​នាង​យ៉ាង​ខ្លាំង ។ ទីបំផុត នាង​បាន​ត្រៀម​ខ្លួន​រួចរាល់ ។ កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​របស់​ឪពុក​នាង​ត្រូវ​បាន​បញ្ចប់ ។ ក្រោយមក នាង​បាន​និយាយថា « ពេល​ខ្ញុំ​ដេក ខ្ញុំ​សុបិន​ឃើញ​ឪពុក​របស់​ខ្ញុំ​ស្លៀក​ពាក់​ស ។ គាត់​បាន​ផ្លាស់ប្តូរ ។ គាត​បាន​និយាយ​ថា « មើល មក​ប៉ា​នេ » ។ ប៉ា​បាន​ស្អាត​អស់​ហើយ ។ អរគុណ​កូន​ដែល​បាន​ធ្វើ​កិច្ចការ​សម្រាប់​ប៉ា នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ › » ។ ឪពុក​របស់​នាង​បាន​បន្ថែម​ថា « ចូរ​ក្រោក​ឡើង ហើយ​ត្រឡប់​ទៅ​ព្រះវិហារ​បរិសុទ្ធ​វិញ បងប្រុស​របស់​ឯង​កំពុង​រង់ចាំ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដែរ » ។

មិត្ត​របស់​ខ្ញុំ​និយាយ​ថា « ជីដូន​ជីតា​របស់​ខ្ញុំ និង​អ្នក​ដែល​បាន​ចែកឋាន​ទៅ កំពុង​រង់ចាំ​យ៉ាង​អន្ទះសា​ឲ្យ​កិច្ចការ​របស់​ពួកគាត់​បាន​ធ្វើ​រួចរាល់ » ។

នាង​និយាយ​ថា « សម្រាប់​ខ្ញុំ ព្រះវិហារ​បរិសុទ្ធ​គឺ​ជា​កន្លែង​មួយ​នៃ​ការព្យាបាល ការរៀនសូត្រ និង​ទទួល​ស្គាល់​នូវ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ » ។

បទពិសោធន៍​ទី​ពីរ ។ មិត្ត​ម្នាក់​ទៀត​បាន​ស្រាវជ្រាវ​ពង្សប្រវត្តិ​គ្រួសារ​របស់​គាត់​យ៉ាង​ឧស្សាហ៍​ព្យាយាម ។ គាត់​ចង់​ស្គាល់​តា​ទួត​របស់​គាត់ ។

នា​ព្រឹក​ព្រលឹម​មួយ មិត្ត​របស់​ខ្ញុំ​បាន​និយាយ​ថា គាត់​មាន​អារម្មណ៍​ថា មាន​វត្តមាន​នៃ​វិញ្ញាណ​បុរស​ម្នាក់​នៅក្នុង​បន្ទប់​របស់​គាត់ ។ បុរស​នោះ​ចង់​ឲ្យ​គ្រួសារ​របស់​គាត់​រក​គាត់​ឲ្យ​ឃើញ និង​ស្គាល់​គាត់ ។ បុរស​នោះ​មាន​អារម្មណ៍​សោកស្តាយ​ចំពោះ​កំហុស​មួយ ដែល​ឥឡូវ​នេះ​គាត់​បាន​ប្រែចិត្ត​ហើយ ។ វិញ្ញាណ​បុរស​នោះ​បាន​ជួយ​មិត្ត​របស់​ខ្ញុំ​ឲ្យ​ដឹង​ថា បុគ្គល​ម្នាក់​ដែល​មិត្ត​របស់​ខ្ញុំ​គិត​ថា ជា​តាទួត​របស់​ខ្លួន​នោះ គ្មាន​ទំនាក់ទំនង ឌីអិនអេ អ្វី​ជាមួយ​មិត្ត​ខ្ញុំ​ឡើយ ។ មិត្ត​របស់​ខ្ញុំ​បា​ន​និយាយ​ថា « បើ​និយាយ​ទៅ ខ្ញុំ​បាន​រកឃើញ​តាទួត​របស់​ខ្ញុំ​ហើយ តែ​ខ្ញុំ​បាន​ដឹង​ថា គាត់​មិន​មែន​ជាតាទួត​ខ្ញុំ ដូច​ដែល​កំណត់ត្រា​គ្រួសារ​របស់​យើង​បាន​ប្រាប់​មក​នោះ​ទេ » ។

ទំនាក់ទំនង​គ្រួសារ​របស់​គាត់​ត្រូវបាន​បញ្ជាក់​ច្បាស់ ហើយ​មិត្ត​របស់ខ្ញុំ​បាន​និយាយ​ថា « ខ្ញុំ​មាន​អារម្មណ៍​ថា មាន​សេរីភាព មាន​ភាព​សុខសាន្ត ។ វា​ខុស​គ្នា​ខ្លាំង​ណាស់ ពេល​ខ្ញុំ​ស្គាល់​ក្រុមគ្រួសារ​ពិតប្រាកដ​របស់​ខ្ញុំ » ។ មិត្តភក្តិ​របស់​ខ្ញុំ​សញ្ជឹង​គិត​ថា « មនុស្ស​ម្នាក់​ក្នុង​គ្រួសារ​ធ្វើ​អ្វី​មួយ​ខុស មិន​មែន​មាន​ន័យ​ថា គ្រួសារ​ទាំង​មូល​អាក្រក់​នោះ​ទេ ។ យើង​កើត​មក​ក្នុង​ស្ថានភាព​គ្រួសារ​បែប​ណា វា​មិន​សូវ​សំខាន់​ទេ ដែល​សំខាន់​នោះ​គឺ ស្នាដៃ​ដែល​យើង​បាន​បន្សល់​ទុក​ពេល​យើង​លាចាក​លោក​នេះ​ទៅ​វិញ​ទេ » ។

ព្រះគម្ពីរ​ដ៏​បរិសុទ្ធ និង​បទពិសោធន៍​ដ៏​ពិសិដ្ឋ​នៃ​ការព្យាបាល និង​ភាពសុខសាន្ត​ផ្ទាល់​ខ្លួន រួម​ជាមួយ​អស់​អ្នក​ដែល​រស់នៅ​ក្នុង​ពិភព​វិញ្ញាណ គូស​បញ្ជាក់​គោលការណ៍​ខាង​គោលលទ្ធិ​ចំនួន​ប្រាំ ។

ទី​មួយ ៖ ចំណុច​សំខាន់​ក្នុង​ផែនការ​នៃ​សេចក្តី​ប្រោសលោះ និង​សុភមង្គល​របស់​ព្រះ គឺ​ថា​តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ​សន្យាថា​នឹង​រួបរួម​វិញ្ញាណ និង​រាងកាយ​របស់​យើង​វិញ « ដោយ​មិន​បែកបាក់​ទៀត​ឡើយ ប្រយោជន៍​ឲ្យ​ពួក​គេ​អាច​បាន​ទទួល​ភាព​ពោរ​ពេញ​នៃ​សេចក្ដី​អំណរ » ។

ទី​ពីរ ៖ ដង្វាយធួន—ការក្លាយ​ជា​តែមួយ​ក្នុង​ព្រះគ្រីស្ទ—កើត​ឡើង​នៅពេល​យើង​អនុវត្ត​សេចក្តី​ជំនឿ ហើយ​បង្កើត​ផល​ចំពោះ​ការប្រែចិត្ដ ។ វា​តម្រូវ​ឲ្យ​មាន​ការអនុវត្ត​សេចក្ដី​ជំនឿ និង​ការប្រែចិត្ត​ទាំង​ក្នុង​ជីវិត​រមែង​ស្លាប់ និង​ក្នុង​អមតភាព ។ ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​តែឯង​មិន​បាន​ផ្លាស់ប្ដូរ​យើង ឬ​អស់​អ្នក​ដែល​នៅក្នុង​ពិភព​វិញ្ញាណ​នោះ​ទេ ។ ប៉ុន្តែ​ពិធីបរិសុទ្ធ​ដ៏​ទេវភាព​ទាំង​នេះ អាច​ធ្វើ​ឲ្យ​សេចក្ដីសញ្ញា​នានា​ជាមួយ​ព្រះអម្ចាស់​បាន​បរិសុទ្ធ ដែល​អាច​នាំ​មក​នូវ​ភាពសុខដុម​ជាមួយ​ទ្រង់ និង​រវាង​គ្នា​ទៅវិញ​ទៅមក ។

អំណរ​របស់​យើង​បាន​ពោរលេញ នៅពេល​យើង​ទទួល​អារម្មណ៍​នៃ​ព្រះគុណ និង​ការអភ័យទោស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ចំពោះ​យើង ។ ហើយ​នៅពេល​យើង​ផ្តល់​អព្ភូតហេតុ​នៃ​ព្រះគុណ និង​ការអភ័យទោស​របស់​ទ្រង់ ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក នោះ​សេចក្ដី​មេត្តា​ករុណា​ដែល​យើង​ទទួល និង​សេចក្ដីមេត្តា​ករុណា​ដែល​យើង​ផ្តល់ អាច​ជួយ​ធ្វើ​ឲ្យ​ភាពអយុត្តិធម៌​ក្នុង​ជីវិត​មាន​ភាពយុត្តិធម៌​ឡើងវិញ ។

ទីបី ៖ ព្រះ​ទ្រង់​ស្គាល់ និង​ស្រឡាញ់​យើង​យ៉ាង​ឥតខ្ចោះ ។ « ព្រះ​មិន​ត្រូវបាន​ចំអក​ទេ » ហើយ​ទ្រង់​ក៏​មិន​អាច​បោក​បញ្ឆោត​បាន​ដែរ ។ ដោយ​មាន​សេចក្តីមេត្តា​ករុណា និង​ភាពយុត្តិធម៌​ដ៏​ល្អ​ឥតខ្ចោះ នោះ​ទ្រង់​បាន​ឱប​ក្រសោប​អ្នក​ដែល​បន្ទាបខ្លួន និង​អ្នក​ដែល​ប្រែចិត្ត​ដោយ​ព្រះហស្ត​ដ៏​សុវត្ថិភាព​របស់​ទ្រង់ ។

នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ខឺតឡង់ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ឃើញ អាលវិន ជា​បង​ប្រុស​លោក​នៅ​ក្នុង​នគរ​សេឡេស្ទាល នៅក្នុង​ការនិមិត្ត ។ ព្យាការី យ៉ូសែប មាន​ការភ្ញាក់ផ្អើល​ណាស់ ដោយសារ អាលវិន បាន​ស្លាប់​មុន​ពេល​ទទួល​បាន​ពិធីបរិសុទ្ធ​ដ៏​សង្គ្រោះ​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក ។១០ ព្រះអម្ចាស់​បាន​ពន្យល់​ពី​មូលហេតុ​នេះ​ដោយ​ការលួងលោម ៖ ព្រះអម្ចាស់ « នឹង​ជំនុំ​ជម្រះ [ ពួកយើង ] ស្រប​តាម​កិច្ចការ [ របស់​ពួកយើង ] គឺ​ស្រប​តាម​សេចក្ដី​ប៉ងប្រាថ្នា​នៃ​ដួង​ចិត្ត [ របស់​ពួកយើង ] » ។១១ ព្រលឹង​របស់​យើង​ថ្លែង​ទីបន្ទាល់​អំពី​កិច្ចការ និង​បំណង​ប្រាថ្នា​របស់​យើង ។

ដោយ​អំណរគុណ យើង​ដឹង​ថា អ្នក​នៅរស់ និង « ពួក​អ្នក​ស្លាប់​ណា​ដែល​ប្រែចិត្ត នោះ​នឹង​បាន​ប្រោស​លោះ តាមរយៈ​ការគោរព​តាម​ពិធី​ទាំង​ឡាយ​នៃ​ដំណាក់​របស់​ព្រះ »១២ និង​ដង្វាយធួន​របស់​ព្រះគ្រីស្ទ ។ នៅក្នុង​ភព​វិញ្ញាណ សូម្បី​តែ​អ្នក​ដែល​មាន​អំពើបាប និង​អ្នក​ដែល​បាន​រំលង ក៏​មាន​ឱកាស​ប្រែចិត្ត​ដែរ ។១៣

ផ្ទុយ​ទៅ​វិញ អ្នក​ដែល​ជ្រើសរើស​អំពើ​ទុច្ចរិត​ដោយ​ចេតនា អ្នក​ដែល​ពន្យារ​ពេល​ក្នុង​ការប្រែចិត្ត​ដោយ​ចេតនា ឬ​អ្នក​ដែល​បាន​គិត​ទុក​ជា​មុន ឬ​គិត​ដោយ​ចេតនា​ពី​របៀប​បំពាន​ព្រះបញ្ញត្តិ ដោយ​គ្រោង​នឹង​ប្រែចិត្ត​យ៉ាង​ងាយ នឹង​ត្រូវ​ជំនុំជម្រះ​ពី​ព្រះ ហើយ « នឹក​ឃើញ​ឡើង​វិញ​យ៉ាង​ជាក់​ច្បាស់​នូវ​អស់​ទាំង​ទោស​កំហុស [ របស់​ពួកគេ ] » ។១៤ យើង​មិន​អាច​គិត​ដោយ​ចេតនា​ដើម្បី​ធ្វើ​អំពើ​បាប​នៅថ្ងៃ​សៅរ៍ បន្ទាប់​មក​រំពឹង​ថា នឹង​បាន​ការអភ័យទោស​ដោយ​ស្វ័យប្រវត្តិ តាមរយៈ​ការទទួល​ទាន​សាក្រាម៉ង់​នៅ​ថ្ងៃ​អាទិត្យ​នោះ​ទេ ។ ចំពោះ​អ្នក​ផ្សព្វផ្សាយ​សាសនា ឬ​អ្នក​ដទៃ​ទៀត​ដែល​និយាយ​ថា ការ​ធ្វើ​តាម​ព្រះវិញ្ញាណ​មាន​ន័យ​ថា មិន​ត្រូវ​គោរព​តាម​បទដ្ឋាន​បេសកកម្ម ឬ​ព្រះបញ្ញត្តិ​នោះ សូម​ចាំ​ថា ការគោរព​តាម​បទដ្ឋាន​បេសកកម្ម និង​ព្រះបញ្ញត្តិ​ទាំងឡាយ​យាង​អញ្ជើញ​ឲ្យ​មាន​ព្រះវិញ្ញាណ ។ យើង​ទាំងអស់គ្នា​មិន​គួរ​ពន្យារ​ពេល​ប្រែចិត្ត​ឡើយ ។ ពរជ័យ​នៃ​ការប្រែចិត្ត​ចាប់ផ្ដើម នៅពេល​យើង​ចាប់ផ្ដើម​ប្រែចិត្ត ។

ទី​បួន ៖ ព្រះអម្ចាស់​ប្រទាន​ឱកាស​ដ៏​ទេវភាព​ឲ្យ​យើង​ក្លាយ​កាន់តែ​ដូចជា​ទ្រង់ នៅពេល​យើង​ផ្តល់​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​ដ៏​សង្គ្រោះ​ជំនួស​ដល់​អ្នកដទៃ​ដែល​ត្រូវការ ប៉ុន្តែ​មិន​អាច​ធ្វើ​ពិធី​នោះ​ដោយ​ខ្លួន​ឯង​បាន ។ យើងប្រែ​កាន់តែ​មាន​ភាពពេញលេញ និង​ល្អ​ឥតខ្ចោះ១៥នៅពេល​យើង​ក្លាយជា « ពួក​អ្នក​ដែល​បាន​សង្គ្រោះ … ឡើង​មក​ឯ​ភ្នំ​ស៊ីយ៉ូន » ។១៦ ពេល​យើង​បម្រើ​អ្នក​ដទៃ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៃ​ការសន្យា​អាច​បញ្ជាក់​ពី​ពិធីបរិសុទ្ធ និង​ញែក​ទាំង​អ្នក​ផ្តល់​ឲ្យ និង​អ្នក​ទទួល​ឲ្យបាន​ជា​បរិសុទ្ធ ។ ទាំង​អ្នក​ផ្តល់​ឲ្យ និង​អ្នក​ទទួល​អាច​ចុះ និង​ធ្វើ​ឲ្យ​សេចក្ដី​សញ្ញា​នៃការផ្លាស់ប្តូរ​កាន់តែ​ស៊ី​ជម្រៅ​បាន ហើយ​យូរៗទៅ​ទទួល​បាន​ពរជ័យ​ដែល​បាន​សន្យា​នឹង អ័ប្រាហាំ អ៊ីសាក និង យ៉ាកុប ។

ចុងក្រោយ​គេ គឺ​ទីប្រាំ ៖ ដូច​ជា​ច្បាប់​មាស១៧ បង្រៀន ភាពស៊ីមេទ្រី​គ្នា​ដ៏បរិសុទ្ធ​រវាង​ការប្រែចិត្ត និង​ការអភ័យទោស​អញ្ជើញ​ពួកយើង​ម្នាក់ៗ​ឲ្យ​ផ្ដល់​ដល់​អ្នកដទៃ​នូវ​អ្វី​ដែល​ខ្លួនយើង​ផ្ទាល់​ត្រូវការ និង​ប្រាថ្នា​ចង់​បាន​ដែរ ។

ពេល​ខ្លះ​ឆន្ទៈ​របស់​យើង​ដើម្បី​អភ័យទោស​ឲ្យ​បុគ្គល​ម្នាក់ អាច​ធ្វើ​ឲ្យ​ពួកគេ​ផង និង​ខ្លួន​យើង​ផង​ជឿ​ថា យើង​អាច​ប្រែចិត្ត ហើយ​ត្រូវបាន​អភ័យ​ទោស​ឲ្យ​បាន ។ ពេល​ខ្លះ​ឆន្ទៈ​ក្នុង​ការប្រែចិត្ត និង​សមត្ថភាព​ដើម្បី​អភ័យទោស​បាន​កើត​ឡើង នៅពេល​ផ្សេងៗ​គ្នា ។ ព្រះអង្គ​សង្គ្រោះ​របស់​យើង​ជា​អង្គ​សង្រួប​សង្រួម​របស់​យើង​ជាមួយ​នឹង​ព្រះ ប៉ុន្ដែ​ទ្រង់​ក៏​ជួយ​យើង​ឲ្យ​ស្គាល់​ខ្លួន​ឯង និង​ពង្រឹង​ទំនាក់ទំនង​យើង​ជាមួយ​អ្នក​ដទៃ ពេល​យើង​មក​ទ្រង់​ផងដែរ ។ ជាពិសេស ពេល​ការឈឺចាប់ និង​ទុក្ខ​ព្រួយ​មាន​ភាពខ្លាំងក្លា នោះ​ការផ្សះផ្សា​ទំនាក់ទំនង និង​ការព្យាបាល​ដួងចិត្ត​របស់​យើង​មាន​ការលំបាក​ណាស់ ហើយ​ប្រហែល​ជា​មិនអាច​ទ្រាំទ្រ​បាន​ដោយ​ខ្លួនឯង​ទៀត​ផង ។ ប៉ុន្តែ​ស្ថានសួគ៌​អាច​ផ្ដល់​កម្លាំង និង​ប្រាជ្ញា​ដល់​យើង លើស​ពី​សមត្ថភាព​របស់​យើង​ផ្ទាល់ ដើម្បី​ដឹង​ពី​ពេល​ដែល​ត្រូវ​ស៊ូទ្រាំ និង​របៀប​ដើម្បី​ឈប់​ខ្វល់​នឹង​បញ្ហា​ទាំង​នោះ ។

យើង​មិន​សូវ​ឯកោ​ទេ ពេល​យើង​ដឹង​ថា យើង​មិន​នៅ​តែឯង​នោះ ។ ព្រះអង្គ​សង្រ្គោះ​របស់​យើង​ទ្រង់​ឈ្វេង​យល់​ជានិច្ច ។១៨ ដោយ​មាន​ជំនួយ​ពី​ព្រះអង្គ​សង្រ្គោះ នោះ​យើង​អាច​លះបង់​អំនួត ការឈឺចាប់ និង​អំពើ​បាប​របស់​យើង​ថ្វាយ​ទៅ​ព្រះ​បាន ។ មិន​ថា​យើង​អាច​មាន​អារម្មណ៍​បែបណា​ពេល​យើង​ចាប់ផ្តើម​នោះ​ទេ យើង​នឹង​កាន់តែ​បាន​ជា​សះស្បើយ នៅពេល​យើង​ទុកចិត្ត​លើ​ទ្រង់ ដើម្បី​ព្យាបាល​ទំនាក់ទំនង​របស់​យើង ។

ព្រះអម្ចាស់​ដែល​ទត​ឃើញ ហើយ​ឈ្វេង​យល់​យ៉ាង​ល្អ​ឥតខ្ចោះ អត់​ទោស​ដល់​អ្នក​ណា​ដែល​ទ្រង់​នឹង​អត់​ទោស​ឲ្យ តែ​យើង ( ជា​ជន​មិន​ល្អ​ឥតខ្ចោះ ) នោះ​ត្រូវ​អភ័យទោស​ឲ្យ​មនុស្ស​ទាំងអស់ ។ ពេល​យើង​មក​រក​ព្រះអង្គ​សង្រ្គោះ​នៃ​យើង នោះ​យើង​មិន​សូវ​ផ្តោត​ទៅ​លើ​ខ្លួន​យើង​ទេ ។ យើង​វិនិច្ឆ័យ​តិច ហើយ​អភ័យទោស​ច្រើន ។ ការទុក​ចិត្ត​លើ​គុណបុណ្យ សេចក្តីមេត្តា​ករុណា និង​ព្រះគុណ​របស់​ទ្រង់១៩ អាច​រំដោះ​យើង​ចេញ​ពី​ជម្លោះ កំហឹង ការបំពាន ការបោះបង់​ចោល ភាពអយុត្តិធម៌ និង​ឧបសគ្គ​ផ្លូវកាយ និង​ផ្លូវចិត្ត ដែល​ជួនកាល​កើត​ឡើង​ជាមួយ​នឹង​រូបរាង​កាយ នៅក្នុង​ពិភព​នៃ​ជីវិត​រមែង​ស្លាប់​នេះ ។ រីករាយ​ជា​រៀង​រហូត​មិន​មាន​ន័យ​ថា គ្រប់​ទំនាក់ទំនង​នឹង​រីករាយ​ជា​រៀង​រហូត​នោះ​ទេ ។ ប៉ុន្តែ​មួយ​ពាន់​ឆ្នាំ​នៃ​សហស្សវត្សរ៍ ពេល​ដែល​សាតាំង​ត្រូវបាន​ចង២០អាច​ផ្ដល់​ឲ្យ​យើង​នូវ​ពេលវេលា​ចាំបាច់ និង​របៀប​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល ដើម្បី​ស្រឡាញ់ យល់ និង​ដោះស្រាយ​បញ្ហា​នានា នៅ​ពេល​យើង​ត្រៀម​ខ្លួន​សម្រាប់​ភាព​អស់​កល្ប​ជានិច្ច ។

យើង​នឹង​យល់​ពី​ទំនាក់ទំនង​សង្គម​នៅឯ​ស្ថានសួគ៌ ដែល​មាន​នៅក្នុង​គ្នា​ទៅ​វិញ​ទៅ​មក ។២១ កិច្ចការ និង​សិរី​ល្អ​របស់​ព្រះ រួមមាន​នូវ​ការនាំឲ្យ​មាន​ភាព​រីករាយ​ជា​រៀង​រហូត ។២២ ជីវិត​អស់កល្ប​ជានិច្ច និង​ភាព​តម្កើង​ឡើង គឺជា​ការស្គាល់​ព្រះ និង​ព្រះយេស៊ូវ​គ្រីស្ទ ដូច្នេះ​តាមរយៈ​ព្រះចេស្តា​នៃ​ព្រះ នោះ​យើង​អាច​ទៅ​រស់នៅ​កន្លែង​ដែល​ទ្រង់​ទាំងទ្វេ​គង់​នៅ ។២៣

បងប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់ ព្រះ​ជា​ព្រះវរបិតា​សួគ៌​របស់​យើង និង​ព្រះរាជបុត្រា​ជា​ទី​ស្រឡាញ់​របស់​ទ្រង់​មាន​ព្រះជន្ម​រស់នៅ ។ ទ្រង់​ទាំង​ទ្វេ​ប្រទាន​ភាពសុខសាន្ត អំណរ និង​ការព្យាបាល​ដល់​មនុស្ស​គ្រប់​រូប គ្រប់​ភាសា និង​ដល់​យើង​ម្នាក់ៗ ។ ព្យាការី​របស់​ព្រះអម្ចាស់​កំពុង​ដឹក​នាំ​ផ្លូវ ។ វិវរណៈ​ថ្ងៃ​ចុងក្រោយ​នៅ​តែ​បន្ត ។ សូម​ឲ្យ​យើង​ខិត​កាន់តែ​ជិត​ព្រះអង្គ​សង្រ្គោះ​របស់​យើង នៅ​ក្នុង​ដំណាក់​ដ៏​បរិសុទ្ធ​របស់​ព្រះអម្ចាស់ ហើយ​សូម​ឲ្យ​ទ្រង់​នាំ​យើង​ទៅ​កាន់​តែ​ជិត​ព្រះ និង​ទៅ​កាន់​គ្នា​ទៅ​វិញ​ទៅមក នៅ​ពេល​យើង​ចង​ក្រង​ដួងចិត្ត​របស់​យើង​រួមគ្នា ជាមួយ​នឹង​សេចក្ដី​អាណិតអាសូរ​នៅ​ក្នុង​ព្រះគ្រីស្ទ ផ្តល់​នូវ​សេចក្ដីពិត និង​សេចក្ដីមេត្តា​ករុណា នៅ​គ្រប់​ជំនាន់​ទាំងអស់​របស់​យើង—នៅ​កាលវេលា​នេះ និង​អស់​កល្ប​ជានិច្ច ព្រមទាំង​រីករាយ​ជា​រៀង​រហូត ។ នៅ​ក្នុង​ព្រះយេស៊ូវ​គ្រីស្ទ កិច្ចការ​នេះ​អាច​ធ្វើ​បាន នៅក្នុង​ព្រះយេស៊ូវ​គ្រីស្ទ កិច្ចការ​នេះ​ជា​កិច្ចការ​ពិត ។ ខ្ញុំ​សូម​ធ្វើ​ជា​សាក្សី នៅ​ក្នុង​ព្រះ​នាម​ដ៏​បរិសុទ្ធ​របស់​​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន៕