គោលការណ៍ដ៏អស់កល្បនៃសេចក្ដីស្រឡាញ់
សេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌យើងចំពោះបុត្រាបុត្រីរបស់ទ្រង់ម្នាក់ៗគឺមានពិត ។ ទ្រង់គង់នៅសម្រាប់យើងម្នាក់ៗ ។
គោលការណ៍ដ៏អស់កល្បនៃសេចក្ដីស្រឡាញ់ ត្រូវបានបង្ហាញតាមរយៈការរស់នៅតាមបញ្ញត្តិធំពីរ ៖ ត្រូវស្រឡាញ់ព្រះឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង អស់អំពីគំនិត ហើយអស់អំពីកម្លាំង ហើយត្រូវស្រឡាញ់អ្នកជិតខាងដូចខ្លួនឯងដែរ ។១
ខ្ញុំចងចាំពីរដូវរងាដំបូងរបស់ខ្ញុំពេលមករស់នៅទីនេះក្នុងរដ្ឋយូថាហ៍—ព្រិលធ្លាក់គ្រប់ទីកន្លែង ។ ព្រោះខ្ញុំមកពីវាលខ្សាច់សូណូរ៉ាន់ខ្ញុំចូលចិត្តនឹងព្រិលខ្លាំងណាស់តាំងពីថ្ងៃដំបូងប៉ុន្តែពីរបីថ្ងៃក្រោយមក ខ្ញុំបានដឹងថាខ្ញុំត្រូវក្រោកពីព្រលឹម ដើម្បីចូកព្រិលចេញពីផ្លូវថ្នល់ ។
នាព្រឹកមួយ នៅកណ្តាលព្យុះព្រិល ខ្ញុំបានចូកព្រិលឡើងបែកញើស ហើយខ្ញុំបានឃើញអ្នកជិតខាងកំពុងបើករោងឡានរបស់គាត់នៅផ្លូវម្ខាងទៀត ។ គាត់ចាស់ជាងខ្ញុំ ដូច្នេះខ្ញុំគិតថា បើខ្ញុំធ្វើឆាប់ហើយ នោះខ្ញុំអាចជួយគាត់ ។ រួចខ្ញុំក៏បានស្រែកសួរគាត់ថា « បងប្រុស តើបងត្រូវការជំនួយទេ ?
គាត់បានញញឹម ហើយតបថា « អរគុណ អែលឌើរ ម៉ុនតូយ៉ា » ។ រួចគាត់បានទាញម៉ាស៊ីនផ្លុំព្រិលចេញពីរោងឡានគាត់មក បញ្ឆេះផ្លុំព្រិលចេញអស់ពីមុខផ្ទះរបស់គាត់តែប៉ុន្មាននាទីប៉ុណ្ណោះ ។ ហើយគាត់បានយកម៉ាស៊ីនរបស់គាត់ដើរឆ្លងផ្លូវមកសួរខ្ញុំថា « អែលឌើរ ត្រូវការជំនួយទេ ? »
ខ្ញុំឆ្លើយទាំងញញឹមថា « បាទ អរគុណ » ។
យើងមានឆន្ទៈជួយគ្នា ព្រោះយើងស្រឡាញ់គ្នា ហើយតម្រូវការនៃបងប្អូនប្រុសខ្ញុំ ក្លាយជាតម្រូវការខ្ញុំ ហើយតម្រូវការខ្ញុំក៏ក្លាយជាតម្រូវការរបស់គាត់ដែរ ។ មិនថាបងប្អូនប្រុសខ្ញុំនិយាយភាសាអ្វី ឬគាត់មកពីប្រទេសណាទេ យើងស្រឡាញ់គ្នាព្រោះយើងជាបងប្អូននឹងគ្នា ជាកូនដែលមានឪពុកតែមួយ ។
នៅពេលបានប្រកាសអំពីការងារបម្រើ ប្រធានរ័សុល ណិលសុន បានមានប្រសាសន៍ថា « ពួកយើងនឹងអនុវត្តនូវមធ្យោបាយកាន់តែថ្មី និងកាន់តែបរិសុទ្ធដើម្បីមើលថែ និងបម្រើដល់អ្នកដទៃជំនួសវិញ » ។២ ចំពោះខ្ញុំឃ្លា កាន់តែបរិសុទ្ធមានន័យកាន់តែផ្ទាល់ខ្លួនស៊ីជម្រៅ និងតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ៖ « មានសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមក »៣ម្តងម្នាក់ៗ ។
វាមិនគ្រប់គ្រាន់ទេដែលគ្រាន់តែចៀសវាងពីការធ្វើជាថ្មជំពប់សម្រាប់អ្នកដទៃ វាមិនគ្រប់គ្រាន់ទេក្នុងការគ្រាន់តែសង្កេតឃើញថាមានអ្នកខ្វះខាតនៅតាមផ្លូវ ហើយដើររំលងនោះ ។ ចូរយើងឆ្លៀតឱកាសជួយអ្នកជិតខាង របស់យើងគ្រប់ពេល ទោះបីជាវាជាលើកទីមួយ និងជាពេលតែម្តងគត់ដែលយើងជួបគាត់ ឬនាងនៅក្នុងជីវិតនេះក្តី ។
ហេតុអ្វីការស្រឡាញ់ព្រះគឺជាបញ្ញត្តិយ៉ាងសំខាន់ទីមួយ ?
ខ្ញុំគិតថា ដោយសារទ្រង់សំខាន់ចំពោះពួកយើង ។ យើងជាបុត្រាបុត្រីទ្រង់ ទ្រង់មើលថែសុខុមាលភាពយើង ហើយយើងពឹងផ្អែកលើទ្រង់ រួចហើយសេចក្តីស្រឡាញ់របស់ទ្រង់ការពារយើង ។ ផែនការរបស់ទ្រង់រួមមានទាំងសិទ្ធិជ្រើសរើស ហេតុដូចច្នេះហើយពេលខ្លះ យើងអាចនឹងប្រព្រឹត្តកំហុសឆ្គងខ្លះៗ ។
ទ្រង់ក៏អនុញ្ញាតឲ្យយើងទទួលនូវការសាកល្បង និងការល្បួង ។ ប៉ុន្តែ ទោះបីជាយើងកំពុងប្រព្រឹត្តកំហុសខ្លះៗ ឬកំពុងធ្លាក់ចុះទៅក្នុងការល្បួងក៏ដោយ ក៏ផែនការរបស់ទ្រង់បានផ្ដល់ព្រះអង្គសង្គ្រោះមួយអង្គ ដើម្បីយើងអាចបានប្រោសលោះ ហើយបានត្រឡប់ទៅក្នុងទីវត្តមានរបស់ព្រះវិញ ។
សេចក្តីលំបាកនៅក្នុងជីវិតរបស់យើងអាចបណ្តាលឲ្យមានការសង្ស័យអំពីការបំពេញតាមការសន្យាដែលបានប្រទានដល់យើង ។ សូមទុកចិត្តលើព្រះបិតារបស់យើង ។ ទ្រង់តែងតែរក្សាការសន្យារបស់ទ្រង់ ហើយយើងអាចរៀនពីអ្វីដែលទ្រង់សព្វព្រះទ័យចង់បង្រៀនដល់យើង ។
ទោះបីជាយើងកំពុងធ្វើអ្វីដែលត្រឹមត្រូវក៏ដោយ ក៏កាលៈទេសៈនៅក្នុងជីវិតរបស់យើងអាចផ្លាស់ប្តូរពីល្អទៅជាអាក្រក់ ពីសុភមង្គលទៅជាទុក្ខព្រួយដែរ ។ ព្រះឆ្លើយតបការអធិស្ឋានរបស់យើងស្របតាមសេចក្ដីមេត្តាករុណា ដ៏និរន្ដរ៍ដោយក្តីស្រឡាញ់ និងស្របតាមពេលវេលារបស់ទ្រង់ ។
-
ទឹកជ្រោះដែលអេលីយ៉ាផឹកបានរីងស្ងួត ។៤
-
នីហ្វៃបានធ្វើឲ្យធ្នូដែលធ្វើពីដែកដ៏ល្អបាក់ ។៥
-
ក្មេងប្រុសម្នាក់ត្រូវបានរើសអើង និងបណ្តេញចេញពីសាលា ។
-
ទារកដែលបានទន្ទឹងរង់ចាំជាយូរមកបានស្លាប់ក្នុងថ្ងៃកើត ។
កាលៈទេសៈផ្លាស់ប្តូរ ។
នៅពេលកាលៈទេសៈផ្លាស់ប្តូរពីល្អទៅអាក្រក់ ពីវិជ្ជមានទៅ អវិជ្ជមាន យើងនៅតែអាចសប្បាយចិត្តបាន ពីព្រោះសុភមង្គលមិនអាស្រ័យលើកាលៈទេសៈទេ ប៉ុន្តែវាអាស្រ័យលើអាកប្បកិរិយារបស់យើងចំពោះកាលៈទេសៈទាំងនោះ ។ ដូចប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍ថា « អំណរដែលយើងមាននោះ មិនសូវទាក់ទងនឹងកាលៈទេសៈនៃជីវិតយើងទេ ប៉ុន្តែវាទាក់ទងយ៉ាងខ្លាំងលើអ្វីដែលយើងផ្តោតទៅលើនៅក្នុងជីវិតយើង » ។៦
យើងអាចអង្គុយរង់ចាំកាលៈទេសៈផ្លាស់ប្ដូរដោយឯកឯង ឬយើងអាចស្វែងរកវិធី ហើយនាំមកនូវកាលៈទេសៈថ្មី ។
-
អេលីយ៉ាបានដើរទៅក្រុងសារិបតា ជាកន្លែងដែលស្ត្រីមេម៉ាយម្នាក់បានឲ្យអាហារ និងទឹកដល់គាត់ ។៧
-
នីហ្វៃបានធ្វើធ្នូពីឈើ ហើយបរបាញ់សត្វដើម្បីបរិភោគ ។៨
-
ក្មេងប្រុសនោះបានអង្គុយស្តាប់ និងកត់ត្រានៅក្បែបង្អួច តែសព្វថ្ងៃគាត់ជាគ្រូបង្រៀននៅសាលាបឋមសិក្សា ។
-
គូស្វាមីភរិយាមួយគូនោះបានអភិវឌ្ឍសេចក្ដីជំនឿដ៏អស្ចារ្យទៅលើព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ ហើយទុកចិត្តលើផែនការនៃសេចក្ដីសង្គ្រោះ ។ សេចក្ដីស្រឡាញ់របស់ពួកគេចំពោះទារកដែលបានទន្ទឹងរង់ចាំជាយូរ ប៉ុន្តែបានស្លាប់ភ្លាមៗនោះគឺជាមហាទុក្ខព្រួយយ៉ាងខ្លាំង ។
នៅពេលខ្ញុំឮសំណួរ « ព្រះ វរបិតាអើយ ទ្រង់នៅទីនេះឬ ? តើព្រះអង្គនឹងឆ្លើយការអធិស្ឋានកូន[ គ្រប់គ្នា ] ឬទេ? »៩ខ្ញុំចង់ឆ្លើយថា ទ្រង់នៅទីនេះ ទ្រង់គង់ទីនេះ ហើយទ្រង់គង់នៅនឹងបងប្អូន និងខ្ញុំជានិច្ច ។ ខ្ញុំជាបុត្រារបស់ទ្រង់ ទ្រង់ជាបិតារបស់ខ្ញុំ ហើយខ្ញុំកំពុងរៀនធ្វើជាឪពុកដ៏ល្អដូចទ្រង់ » ។
ភរិយាខ្ញុំ និងខ្ញុំ តែងព្យាយាមនៅនឹងកូនៗរបស់យើងគ្រប់ពេលវេលា ទោះស្ថិតក្នុងស្ថានភាពណា និងតាមមធ្យោបាយណាក៏ដោយ ។ បុត្រម្នាក់ៗមានលក្ខណៈពិសេស ពួកគេមានតម្លៃដ៏មហិមាចំពោះព្រះ ហើយមិនថាពួកគេមានបញ្ហា មានបាប និងភាពទន់ខ្សោយអ្វីនោះទេ ព្រះនៅតែស្រឡាញ់ពួកគេ ហើយយើងក៏ស្រឡាញ់ពួកគេដែរ ។
នៅពេលខ្ញុំបានទទួលការហៅជាអ្នកមានសិទ្ធិអំណាចទូទៅ នៅថ្ងៃចុងក្រោយមុនការធ្វើដំណើររបស់យើងទៅកាន់ទីក្រុងសលត៍ លេក កូនៗរបស់ខ្ញុំ និងក្រុមគ្រួសាររបស់ពួកគេទាំងអស់បានជួបជុំគ្នានៅផ្ទះរបស់យើង ដើម្បីមានរាត្រីជួបជុំក្រុមគ្រួសារមួយ ហើយវា ជាកន្លែងដែលយើងបង្ហាញនូវសេចក្តីស្រឡាញ់ និងការដឹងគុណរបស់យើង ។ បន្ទាប់ពីមេរៀន ខ្ញុំបានផ្តល់ពរជ័យបព្វជិតភាពដល់កូនៗរបស់ខ្ញុំម្នាក់ៗ ។ គ្រប់គ្នាយំ ។ បន្ទាប់ពីការប្រសិទ្ធពរ កូនប្រុសច្បងរបស់ខ្ញុំបាននិយាយថ្លែងអំណរគុណតំណាងឲ្យប្អូនៗគ្រប់គ្នា ចំពោះក្តីស្រឡាញ់ដ៏អស្ចារ្យដែលយើងបានផ្តល់ឲ្យពួកគេ តាំងពីថ្ងៃដែលពួកគេកើតមករហូតដល់ពេលនេះ ។
សូមផ្តល់ការប្រសិទ្ធពរដល់កូនៗរបស់បងប្អូន មិនថាពួកគេអាយុ ៥ ឆ្នាំ ឬ ៥០ ឆ្នាំ នោះទេ ។ ចូរនៅជាមួយពួកគេ ដើម្បីពួកគេ ។ ទោះបីជាការចិញ្ចឹមបីបាច់ គឺជាការទទួលខុសត្រូវដែលបានបង្កើតពីការរចនាដ៏ទេវភាពក្តី ក៏យើងមិនត្រូវភ្លេចចែករំលែកពេលវេលារីករាយជាមួយកូនៗរបស់យើងនោះដែរ ។
សេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌យើងចំពោះបុត្រាបុត្រីរបស់ទ្រង់ម្នាក់ៗគឺមានពិត ។ ទ្រង់គង់នៅសម្រាប់យើងម្នាក់ៗ ។ ខ្ញុំមិនដឹងពីរបៀបដែលទ្រង់ធ្វើការណ៍នោះទេ ប៉ុន្តែដឹងថាទ្រង់ធ្វើការណ៍នោះ ។ ទ្រង់ និងបុត្រច្បងរបស់ទ្រង់មានព្រះទ័យតែមួយ ក្នុងការធ្វើកិច្ចការ និងក្នុងសិរីល្អរបស់ព្រះវរបិតា « ដើម្បីនាំឲ្យមានអមតភាព និង ជីវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្ស » ។10 ទ្រង់ទាំងទ្វេ បានបញ្ជូនព្រះវិញ្ញាណបរិសុទ្ធដើម្បីដឹកនាំយើង ផ្តល់ភាពកក់ក្តៅ និងការលួងលោមដែលចាំបាច់ដល់យើង ។
ទ្រង់បានបង្គាប់ព្រះរាជបុត្រាជាទីស្រឡាញ់របស់ទ្រង់ឲ្យបង្កើតផែនដីដ៏ស្រស់ស្អាតនេះ ។ ទ្រង់បានបង្គាប់ អ័ដាម និងនាងអេវ៉ា ហើយបានផ្តល់សិទ្ធិជ្រើសរើសដល់ពួកគេ ។ ទ្រង់បានបញ្ជូនសារទូតមកអស់ជាច្រើនឆ្នាំ ដើម្បីឲ្យយើងអាចទទួលបានសេចក្ដីស្រឡាញ់ និងទទួលបទបញ្ញត្តិរបស់ទ្រង់ ។
ទ្រង់នៅក្នុងព្រៃពិសិដ្ឋ ឆ្លើយតបនឹងសំណួរដ៏ស្មោះរបស់ យ៉ូសែប ហើយហៅឈ្មោះលោក ។ ទ្រង់បានមានបន្ទូលថា ៖ « នេះជាព្រះរាជបុត្រាដ៏ស្ងួនភ្ងារបស់យើង ។ ចូរស្តាប់តាមទ្រង់ចុះ ! »១១
ខ្ញុំជឿថា ការបង្ហាញពីសេចក្តីស្រឡាញ់ដ៏ខ្ពង់ខ្ពស់របស់ព្រះចំពោះយើងបានកើតឡើងនៅក្នុងសួនគែតសេម៉ានី ជាកន្លែងដែលព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់បានអធិស្ឋានថា « ឱព្រះវរបិតានៃទូលបង្គំអើយ បើសិនជាបាននោះ សូមឲ្យពែងនេះកន្លងហួសពីទូលបង្គំទៅ ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ » ។១២
ខ្ញុំបានកត់សម្គាល់ឃើញថា ផ្នែកដ៏តូចដែលខ្ញុំបានយល់ដឹងអំពីដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ បានបង្កើនសេចក្តីស្រឡាញ់របស់ខ្ញុំចំពោះព្រះវរបិតា និងព្រះរាជបុត្រាទ្រង់ ហើយកាត់បន្ថយបំណងប្រព្រឹត្តអំពើបាប និងការមិនស្តាប់បង្គាប់របស់ខ្ញុំ ហើយបង្កើនឆន្ទៈធ្វើជាមនុស្សកាន់តែល្អ និងប្រព្រឹត្តល្អកាន់តែច្រើន ។
ព្រះយេស៊ូវបានយាងទៅដោយគ្មានការភ័យខ្លាច ឬសង្ស័យឡើយក្នុងការចូលទៅកាន់សួនគែតសេម៉ានី ទ្រង់ទុកចិត្តលើព្រះវរបិតា ទោះដឹងថាទ្រង់នឹងត្រូវជាន់ក្នុងធុងទំពាំងបាយជូរតែម្នាក់ឯងក្តី ។ ទ្រង់បានស៊ូទ្រាំការឈឺចាប់ និងភាពអាម៉ាស់គ្រប់យ៉់ាង ។ ទ្រង់ត្រូវគេចោទប្រកាន់ ជំនុំជម្រះ និងត្រូវបានគេឆ្កាង ។ ក្នុងអំឡុងពេលនៃការឈឺចាប់ និងការរងទុក្ខវេទនានៅលើឈើឆ្កាង ព្រះយេស៊ូវបានផ្តោតលើតម្រូវការរបស់ម្តាយ និងសិស្សជាទីស្រឡាញ់របស់ទ្រង់ ។ ទ្រង់បានលះបង់ព្រះជន្មទ្រង់ ។
នៅថ្ងៃទីបី ទ្រង់បានមានព្រះជន្មរស់ឡើងវិញ ។ ផ្នូរពុំមានព្រះសពឡើយ ទ្រង់គង់នៅខាងស្តាំព្រះហស្តនៃព្រះវរបិតា ។ ទ្រង់ទាំងទ្វេសង្ឃឹមថា យើងនឹងជ្រើសរើសរក្សាសេចក្ដីសញ្ញារបស់យើង ហើយត្រឡប់ទៅកាន់វត្តមានទ្រង់វិញ ។ សណ្ឋានទីពីរនេះពុំមែនជាសណ្ឋានចុងក្រោយរបស់យើងឡើយ យើងពុំមែនជារបស់ផងនៃគេហដ្ឋាននៅលើផែនដីនេះទេ ប៉ុន្តែយើងជាតួអង្គដ៏អស់កល្បដែលមកទទួលបទពិសោធន៍បណ្តោះអាសន្នប៉ុណ្ណោះ ។
ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ ។ ទ្រង់មានព្រះជន្មរស់ ដោយសារទ្រង់រស់ នោះកូនចៅរបស់ទាំងអស់នឹងបានរស់ឡើងវិញជារៀងរហូត ។ សូមអរព្រះគុណទ្រង់សម្រាប់ពលិកម្មដ៏ធួនរបស់ទ្រង់ ដែលយើងទាំងអស់គ្នាអាចរស់នៅជាមួយគ្នាជាមួយនឹងទ្រង់ទាំងទ្វេ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕