សន្និសីទទូទៅ
ចម្លើយ​គឺ​ព្រះ​យេស៊ូវ
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០២២


10:52

ចម្លើយ​គឺ​ព្រះ​យេស៊ូវ

មិនថាមាន​ការប្រឈម នឹងការ​លំបាក ឬ​ច្របូកច្របល់​យ៉ាងណា​នោះទេ បងប្អូន​អាច​ចងចាំ​ជានិច្ច​ថា ចម្លើយ​គឺ​សាមញ្ញ ៖​គឺ​ព្រះ​យេស៊ូវ​ជា​និច្ច ។

វា​ជា​កិត្តិយស​ណាស់​ដែល​បាន​ថ្លែង​ទៅ​កាន់​បងប្អូន​នៅ​ក្នុង​សម័យ​ប្រជុំ​នៃ​សន្និសីទ​នេះ ។ ថ្ងៃ​នេះ​ខ្ញុំ​សូម​ថ្លែង​ទៅ​កាន់​បងប្អូន​ក្នុង​នាម​ជា​មិត្តភក្តិ ។ នៅ​ក្នុង​ដំណឹងល្អ​របស់​យ៉ូហាន ព្រះអង្គសង្រ្គោះ​បាន​បង្រៀន​ថា យើង​គឺ​ជា​សំឡាញ់​របស់​ទ្រង់ ប្រសិន​បើ​យើង​ធ្វើ​អ្វី​ដែល​ទ្រង់​បង្គាប់​យើង​ឲ្យ​ធ្វើ ។

វា​ជា​សេចក្ដី​ស្រឡាញ់​រួម និង​របស់​យើង​ម្នាក់ៗ​ចំពោះ​ព្រះអង្គសង្គ្រោះ ព្រមទាំង​សេចក្ដី​សញ្ញា​របស់​យើង​ជាមួយ​នឹង​ទ្រង់ ដែល​ចងភ្ជាប់​យើង​ជាមួយ​គ្នា ។ ដូច​ដែល​ប្រធាន អាវរិង ប៊ី ហិនរី បាន​បង្រៀន​ថា៖ « ខ្ញុំ​ចង់​និយាយ​ទៅ​កាន់​បងប្អូន​ថា ព្រះអម្ចាស់​ស្រឡាញ់ និង​ទុក​ព្រះទ័យ​លើ​បងប្អូន​ខ្លាំង​ណាស់ ។ ហើយ​លើស​ពី​នេះ​ទៀត ខ្ញុំ​ចង់​ប្រាប់​បងប្អូន​ថា ទ្រង់​ពឹង​ផ្អែក​ទៅ​លើ​បងប្អូន​ខ្លាំង​ណាស់ » ។

ពេល​ប្រធាន រ័សុល អិម ណិលសុន ហៅ​ខ្ញុំ​ឲ្យ​ធ្វើ​ជា​ពួក​អ្នក​មាន​សិទ្ធ​អំណាច​ទូទៅ ខ្ញុំ​រំជួល​ចិត្ត​ខ្លាំងណាស់ ។ វា​លើសលប់​ណាស់ ។ ភរិយា​របស់​ខ្ញុំ ជូលី និង​ខ្ញុំ​បាន​រង់ចាំ​សម័យប្រជុំ​រសៀល​ថ្ងៃ​សៅរ៍​នៃ​សន្និសីទ​ទូទៅ​ដោយ​អន្ទះសា ។ ខ្ញុំ​មាន​ចិត្តរាបសារ​ដោយ​បាន​ទទួល​ការគាំទ្រ ។ ខ្ញុំ​បាន​ដើរ​ទៅ​កាន់​កន្លែង​អង្គុយ​របស់​ខ្ញុំ​ដោយ​ប្រុង​ប្រយ័ត្ន ដើម្បី​កុំ​ឲ្យ​មាន​ការ​ភ្លាំង​ភ្លាត់​ក្នុង​កិច្ចការ​ដំបូង​របស់​ខ្ញុំ ។

នៅ​ចុង​បញ្ចប់​នៃ​សម័យ​នោះ​មាន​រឿង​មួយ​បាន​កើត​ឡើង ដែល​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​មក​លើ​រូប​ខ្ញុំ ។ សមាជិក​កូរ៉ុម​បាន​តម្រង់​ជួរ និង​ស្វាគមន៍​ដល់​ពួក​អ្នក​មាន​សិទ្ធ​អំណាច​ទូទៅ​ម្ដង​ម្នាក់ៗ ។ ពួក​លោក​ម្នាក់ៗ​បាន​ចែកចាយ​សេចក្ដី​ស្រឡាញ់ និង​ការគាំទ្រ​របស់​ពួកលោក ។ ជាមួយ​នឹង អាប្រាហ្សូ ដោយ​ចេញពី​ចិត្ត​នោះ​ពួកលោក​បាន​ថ្លែង​ថា « កុំ​បារម្ភ​អី—លោក​មាន​ចំណែក​នៅទីនេះ » ។

នៅ​ក្នុង​ទំនាក់​ទំនង​របស់​យើង​ជាមួយ​ព្រះអង្គ​សង្គ្រោះ នោះ​ទ្រង់​ទត​មើលទៅ​ដួងចិត្ត ហើយ​មិនរើស​មុខ​អ្នកណាទេ » ។ សូម​ពិចារណា​ពី​របៀប​ដែល​ទ្រង់​ជ្រើសរើស​ពួកសាវក​របស់​ទ្រង់ ។ ទ្រង់​មិន​បាន​ផ្ដោត​ព្រះទ័យ​ទៅ​លើ​ឋានៈ ឬ​ទ្រព្យ​សម្បត្តិ​ឡើយ ។ ទ្រង់​អញ្ជើញ​យើង​ឲ្យ​ដើរ​តាម​ទ្រង់ ហើយ​ខ្ញុំ​ជឿ​ថា​ទ្រង់ ធានា​ដល់​យើង​ថា​យើង​ជារបស់​ផង​ទ្រង់ ។

សារ​នេះ​អនុវត្ត​ជា​ពិសេស​ចំពោះ​យុវវ័យ​នៃ​សាសនាចក្រ​ផងដែរ ។ ខ្ញុំ​មើល​ឃើញ​នៅ​ក្នុង​ខ្លួន​ប្អូន​នូវ​អ្វី​ដែល​ប្រធាន​ណិលសុន ឃើញ​នៅ​ក្នុង​ខ្លួន​ប្អូន​ដែរ ។ លោក​បាន​មាន​ប្រសាសន៍​ថា « មាន​អ្វី​មួយ​ពិសេស​ដែល មិន​អាច​បដិសេធ​បាន​អំពី​យុវវ័យ​ជំនាន់​នេះ ។ ព្រះ​វរបិតា​សួគ៌​របស់​ប្អូន​ច្បាស់​ជា​មាន​ទំនុក​ចិត្ត​យ៉ាង ខ្លាំង​ទៅ​លើ​ប្អូន​រហូត​បញ្ជូន​ប្អូន​មកកាន់​ផែនដី​នៅ ពេល​នេះ ។ ប្អូន​បាន​កើត​មក​សម្រាប់​ភាពអស្ចារ្យ ! »

ខ្ញុំ​មាន​អំណរគុណ​ចំពោះ​អ្វី​ដែល​ខ្ញុំ​បាន​រៀន​មក​ពី​យុវវ័យ ។ ខ្ញុំ​មាន​អំណរគុណ​ចំពោះ​អ្វីៗ​ដែល​កូនៗ​របស់​ខ្ញុំ​បង្រៀន​ខ្ញុំ ចំពោះ​អ្វីៗ​ដែល​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​របស់​យើង​​បង្រៀន​ខ្ញុំ និង​ចំពោះ​អ្វីៗ​ដែល​ក្មួយ​ស្រី និង​ក្មួយ​ប្រុស​របស់​ខ្ញុំ​បង្រៀន​ខ្ញុំ ។

ថ្មីៗ​នេះ​ខ្ញុំ​បាន​ធ្វើការ​នៅក្នុង​កសិដ្ឋាន​របស់​​យើង​ជា​មួយ​ក្មួយ​ប្រុស​របស់​ខ្ញុំ​ឈ្មោះ ណាស ។ គាត់​មាន​អាយុ​ប្រាំមួយ​ឆ្នាំ ហើយ​មាន​ចិត្ត​បរិសុទ្ធ ។ គាត់​គឺ​ជា​ក្មួយ​ប្រុស​ដែល​ខ្ញុំ​ចូល​ចិត្ត​ឈ្មោះ ណាស ហើយ​ខ្ញុំ​ជឿ​ថា ខ្ញុំ​ជា​ពូ​ដែល​គាត់​ចូល​ចិត្ត​កំពុង​និយាយ​នៅ​ក្នុង សន្និសីទ​ថ្ងៃ​នេះ ។

នៅ​ពេល​គាត់​បាន​ជួយ​ខ្ញុំ​រកឃើញ​ដំណោះ​ស្រាយ​សម្រាប់​គម្រោង​របស់​យើង ខ្ញុំ​បាន​និយាយ​ថា « ណាស គំនិត​នោះ​ល្អ​ណាស់ ។ ហេតុអ្វី​ក្មួយ​ឆ្លាត​ម្ល៉េះ ? គាត់​បាន​មើល​មក​ខ្ញុំ ដោយ​សួរ​ថា « ពូ រ៉ាយអាន ម៉េច​ក៏​ពូ​មិន​ដឹង​ពី​ចម្លើយ​ចំពោះ​សំណួរ​នេះ ? »

គាត់​គ្រាន់​តែ​ញាក់ស្មា ញញឹម ហើយ​និយាយ​ដោយ​មាន​ទំនុកចិត្ត​ថា គឺ « ព្រះយេស៊ូវ » ។

ណាស បាន​រំឭក​ខ្ញុំ​នៅ​ថ្ងៃ​នោះ​អំពី​ការ​បង្រៀន​ដ៏​សាមញ្ញ ប៉ុន្តែ​មាន​អត្ថន័យ​ជ្រាលជ្រៅ​មួយ ។ ចម្លើយ​ចំពោះ​សំណួរ​សាមញ្ញ​បំផុត និង​បញ្ហា​ស្មុគស្មាញ​បំផុត គឺ​តែង​តែ​ដូច​គ្នា ។ ចម្លើយ​គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ ទ្រង់​គឺ​ជា​ដំណោះស្រាយ​ចំពោះ​បញ្ហា​គ្រប់​យ៉ាង ។

នៅ​ក្នុង​ដំណឹង​ល្អ​របស់​យ៉ូហាន ព្រះអង្គសង្គ្រោះ​បាន​មាន បន្ទូល​ទៅ​ពួក​សិស្ស​របស់​ទ្រង់​ថា ទ្រង់​នឹង​រៀបចំ​កន្លែង មួយ​សម្រាប់​ពួកគេ ។ ថូម៉ាស បាន​ងឿងឆ្ងល់ ហើយ​បាន​ទូលសួរ​ព្រះអង្គសង្គ្រោះ​ថា ៖

« ព្រះអម្ចាស់​អើយ យើងខ្ញុំ​មិនដឹង​ជា​ទ្រង់​យាង​ទៅ​ឯណាទេ ដូច្នេះ​ធ្វើ​ដូចម្តេច​ឲ្យ​យើង​ខ្ញុំ​ស្គាល់​ផ្លូវ​ទៅបាន ។

« ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា​ខ្ញុំ​ជា​ផ្លូវ​ជា​សេចក្តី​ពិត ហើយ​ជា​ជីវិត បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះវរបិតា​បាន​ឡើយ » ។

ព្រះអង្គសង្គ្រោះ​បានបង្រៀន​ពួកសិស្ស​ទ្រង់​ថា ទ្រង់​ជា​ផ្លូវ សេចក្ដី​ពិត ហើយជា​ជីវិត » ។ ទ្រង់​គឺជា​ចម្លើយ​ចំពោះ​សំណួរ​អំពី​របៀប​​ទៅរក​ព្រះ វរបិតា​សួគ៌ ។ ការ​ទទួល​បាន​ទីបន្ទាល់​អំពី​តួនាទី​ដ៏​ទេវភាព​របស់​ទ្រង់ ក្នុង​ជីវិត​របស់​យើង គឺ​ជា​អ្វីមួយ​ដែល​ខ្ញុំ​បាន​រៀន​កាល​ក្មេង ។

ខណៈ​ខ្ញុំ​កំពុង​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅ​ប្រទេស អាហ្សង់ទីន ប្រធាន​ហាវើដ ដបុលយូ ហិនធើរ​បាន​អញើញ​យើង​ឲ្យ​ធ្វើ​រឿង​មួយ​ដែល​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​មក​លើ​ជីវិត​ខ្ញុំ ។ លោក​បាន​មាន​ប្រសាសន៍​ថា « យើង​ត្រូវ​តែ​ស្គាល់​ព្រះ​គ្រីស្ទ​ឲ្យ​បានច្បាស់ជាងគ្រាន់តែ​យើង​ស្គាល់​ទ្រង់ យើង​ត្រូវ​ចងចាំ​ដល់ទ្រង់​ឲ្យបាន​ញឹក​ញាប់ជាងគ្រាន់តែ​​យើង​ចងចាំដល់​ទ្រង់ យើង​ត្រូវ​តែ​បម្រើ​ទ្រង់​ឲ្យ​បានក្លៀវក្លា​ជាង​គ្រាន់​តែយើង​​បម្រើ​ទ្រង់ » ។

នៅ​ពេល​នោះ​ខ្ញុំ​មាន​កង្វល់​អំពី​របៀប​ធ្វើ​ជា​អ្នក ផ្សព្វផ្សាយ​សាសនា​ដ៏​ល្អ​ប្រសើរ​ម្នាក់ ។ នេះ​ជា​ចម្លើយ ៖ ត្រូវ​ស្គាល់​ព្រះ​គ្រីស្ទ ត្រូវ​ចងចាំ​ទ្រង់ ហើយ​ត្រូវ​បម្រើ​ទ្រង់ ។ ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ជុំវិញ​ពិភពលោក​បាន​រួបរួម​គ្នា​នៅ​ក្នុង​គោលបំណង​នេះ​ ៖​« អញ្ជើញ​ដល់​មនុស្ស​ដទៃ​មក​កាន់​ព្រះគ្រីស្ទ ដោយ​ការជួយ​ពួកគេ​ឲ្យ​ទទួលយក​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ តាមរយៈ​សេចក្ដី​ជំនឿ​ទៅ​លើ​[ ទ្រង់ ] និង​ដង្វាយធួន​របស់​ទ្រង់ » ហើយ​តាមរយៈ​« ការប្រែចិត្ត ពិធីបុណ្យ​ជ្រមុជទឹក ពិធី​ទទួល​អំណោយ​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ស៊ូទ្រាំ​ដរាប​ដល់​ចុង​បំផុត » ។​ ចំពោះ​មិត្ត​របស់​យើង​ដែល​កំពុង​ស្ដាប់​ពួក​អ្នក​ផ្សព្វផ្សាយ សាសនា ខ្ញុំ​សូម​បន្ថែម​ការអញ្ជើញ​របស់​ខ្ញុំ​ឲ្យ​មក​រក​ព្រះ​គ្រីស្ទ ។ ពួកយើង នឹង​ព្យាយាម​ស្គាល់​ទ្រង់ ចងចាំទ្រង់ ហើយ​បម្រើ​ទ្រង់​ទាំងអស់​គ្នា ។

ការបម្រើ​បេសកកម្ម​គឺជា​គ្រា​ដ៏​ពិសិដ្ឋ​មួយ​ក្នុង​ជីវិត​ខ្ញុំ ។ នៅ​ក្នុង​ការសម្ភាសន៍​ចុងក្រោយ​របស់​ខ្ញុំ​ជាមួយ​គាត់ ក្នុង នាមជា​អ្នកផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង ប្រធាន ប្លៀ ភីនខក់ បាន​និយាយ​អំពី​ការផ្លាស់ប្តូរ​នា​ពេល​ខាងមុខ​នេះ​នៅ​ក្នុង​ថ្នាក់​ដឹកនាំ​បេសកកម្ម​ដោយសារ​គាត់ និង​ភរិយា​របស់​គាត់​ក៏​ជិត​បញ្ចប់​ការបម្រើ​របស់​ពួកគាត់​ផងដែរ ។ យើង​ទាំងពីរ​នាក់​មាន​ចិត្ត​សោកសៅ​ដោយសារ​ត្រូវ ចាកចេញ​ពី​អ្វី​ដែល​យើង​ស្រឡាញ់​ខ្លាំង​បំផុត ។ គាត់​អាច​មើល​ដឹង​ថា ខ្ញុំ​មាន​បញ្ហា​ដោយសារ​គំនិត ខ្ញុំ​មិន​មែន​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​ទៀត​ឡើយ ។ គាត់​គឺជា​បុរស​ម្នាក់​ដែល​មាន​សេចក្ដី​ជំនឿ​ដ៏​អស្ចារ្យ ហើយ​បាន​បង្រៀន​ខ្ញុំ​ដោយ​សេចក្ដី​ស្រឡាញ់​ដូច​ដែល​គាត់​បាន​ធ្វើ​អស់​រយៈពេល​ពីរ​ឆ្នាំ​មក​ហើយ ។ គាត់​បាន​ចង្អុល​ទៅ​រូប​ភាព​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​នៅ​លើ​តុ​របស់​គាត់ ហើយ​បាន​ថ្លែង​ថា « អែលឌើរ អូលសិន វា​មិន​អី​ទេ ពីព្រោះ​វា​ជា​កិច្ចការ​របស់​ទ្រង់ » ។ ខ្ញុំ​បាន​ទទួល​អារម្មណ៍​នូវ​ការ​ធានា​អះអាង​ដោយ​ដឹង​ថា ព្រះអង្គ​សង្គ្រោះ​នឹង​ជួយ​យើង​មិន​ត្រឹម​តែ​នៅ​ពេល​យើង​កំពុង​បម្រើ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទ្រង់​នឹង​ជួយ​យើង​ជា​និច្ច—ប្រសិន​បើ​យើង​នឹង​អនុញ្ញាត​ឲ្យ​ទ្រង់​ធ្វើ​ដូច្នោះ ។

ស៊ីស្ទើរ ភីនខក់​បាន​បង្រៀន​យើង​ចេញ​ពី​ជម្រៅ​បេះដូង​របស់​គាត់​នូវ​ឃ្លា​សាមញ្ញៗ​បំផុត​នៃ​ភាសា​អេស្ប៉ាញ ។ នៅ​ពេល​គាត់​និយាយ​ថា « Jesucristo vive » ខ្ញុំ​ដឹង​ថា​វា​ជា​ការពិត ហើយ​ទ្រង់​មាន​ព្រះជន្ម​រស់ ។ នៅ​ពេល​គាត់​និយាយ​ថា « អែលឌើរ វាយ ហឺម៉ាណេស ឡេស អាម៉ូ » ខ្ញុំ​ដឹងថា គាត់​ស្រឡាញ់​យើង ហើយ​ចង់​ឲ្យ​យើង​ធ្វើតាម​ព្រះអង្គ​សង្រ្គោះ​ជានិច្ច ។

ថ្មីៗ​នេះ​ភរិយាខ្ញុំ និង​ខ្ញុំ​មាន​ពរណាស់​ដែល​បាន​បម្រើ​ជា​ប្រធាន​បេសកកម្ម​ដើម្បី​ធ្វើការ​ជាមួយ​នឹង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​អស្ចារ្យ​នៅក្នុង​ប្រទេស អ៊ុយរ៉ាហ្គាយ ។ ខ្ញុំ​អាច​និយាយ​ថា ពួកគេ​គឺជា​អ្នកផ្សព្វផ្សាយ​សាសនា​ដ៏​ល្អ​បំផុត​នៅក្នុង​ពិភពលោក ហើយ​ខ្ញុំ​ជឿជាក់​ថា អ្នកដឹកនាំ​បេសកកម្ម គ្រប់រូប​មាន​អារម្មណ៍​ដូច្នោះ​ដែរ ។ ពួក​សិស្ស​ទាំងនេះ​បានង្រៀន​យើង​រាល់ថ្ងៃ​អំពីការ​ធ្វើតាម​ព្រះអង្គសង្រ្គោះ ។

អំឡុង​ការសម្ភាសន៍​ជា​ប្រចាំ អ្នក​ផ្សព្វផ្សាយ​ជា​ស៊ីស្ទើរ​ម្នាក់​បាន​ដើរ​ចូល​ការិយាល័យ ។ នាង​គឺជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​ចំណាន ជា​អ្នក​បំពាក់បំប៉ន​ដ៏​ពូកែ និង​ជា​អ្នក​ដឹកនាំ​ម្នាក់ដែល​មាន​ការលះបង់​ខ្ពស់ ។ ដៃគូ​របស់​នាង​បាន​យក​គំរូ​តាម ហើយ​មនុស្ស​ជាច្រើន​ស្រឡាញ់​នាង ។ នាង​គោរព​ប្រតិបត្តិ បន្ទាបខ្លួន និង​មាន​ទំនុកចិត្ត ។ ការចុះ​ទស្សនកិច្ច​របស់​យើង​ពីមុន​បាន​ផ្តោត​លើ​តំបន់​របស់​នាង និង​មនុស្ស​ដែល​នាង​កំពុង​បង្រៀន ។ ការ​ចុះ​ទស្សនិច្ច​លើក​នេះ​គឺ​ខុសគ្នា ។ ពេល​ខ្ញុំ​សួរ​សុខទុក្ខ​នាង ខ្ញុំ​អាច​ដឹង​បាន​ថា នាង​កំពុង​ជួប​បញ្ហា ។ នាង​បាន​និយាយ​ថា « ប្រធាន អូលសិន ខ្ញុំ​មិន​ប្រាកដ​ថា ខ្ញុំ​អាច​ធ្វើ​ការណ៍​នេះ​បាន​ទេ ។ ខ្ញុំ​មិន​ច្បាស់​ថា ខ្ញុំ​នឹង​ល្អ​គ្រប់គ្រាន់​ដែរ​ឬ​ទេ ។ ខ្ញុំ​មិន​ច្បាស់​ថា​ តើ​ខ្ញុំ​អាច​ធ្វើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ដែល​ព្រះអម្ចាស់​​តម្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ឬ​អត់​ទេ » ។

នាង​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ដ៏​អស្ចារ្យ ។ ល្អ​គ្រប់​យ៉ាង ។ ជា​សុបិន​ដែល​ប្រធាន​បេសកកម្មចង់បាន ។ ខ្ញុំ​មិន​ដែល​បារម្ភ​អំពី​សមត្ថភាព​របស់​នាង​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​នោះ​ទេ ។

ពេល​ខ្ញុំ​ស្តាប់​នាង ខ្ញុំ​ស្មុគស្មាញ​មិន​ដឹង​និយាយ​អ្វី ។ ខ្ញុំ​បាន​អធិស្ឋាន​ដោយ​ស្ងប់ស្ងាត់ « ព្រះវរបិតា​សួគ៌ នេះ​គឺជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​អស្ចារ្យ ។ នាង​ជា​របស់​ទ្រង់ ។ នាង​កំពុង​ធ្វើ​អ្វី​គ្រប់យ៉ាង​ត្រឹមត្រូវ ។ ទូលបង្គំ​មិន​ចង់​និយាយ​ខុស​នោះទេ ។ សូម​ជួយ​ទូលបង្គំ​ឲ្យ​ដឹង​ពី​អ្វី​ដែល​ត្រូវ​និយាយ​ផង » ។

ពាក្យ​ពេចន៍​បាន​ផុសឡើង ។ ខ្ញុំ​បាន​និយាយ​ថា « ហឺម៉ាណា ខ្ញុំ​សោកស្តាយ​ណាស់​ដែល​ប្អូន​មាន​អារម្មណ៍​បែប​នេះ ។ ខ្ញុំ​សូម​សួរ​ប្អូនសំណួរ​មួយ ។ ប្រសិនបើ​ប្អូន​មាន​មិត្តភក្តិ​ម្នាក់​ដែល​ប្អូន​កំពុង​បង្រៀន​មាន​អារម្មណ៍​បែប​នេះ តើ​ប្អូន​នឹង​និយាយ​អ្វី​ទៅគាត់ ? »

នាង​មើល​មក​ខ្ញុំ ហើយ​ញញឹម ។ ជាមួយ​នឹង​ស្មារតី និង​ការជឿជាក់​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​ពិសេស​នោះ នាង​បាន​ឆ្លើយថា « ប្រធាន​វា​ងាយស្រួល​ណាស់ ។ ខ្ញុំ​នឹង​ប្រាប់​គាត់​ថា ព្រះអង្គសង្រ្គោះ​ស្គាល់​បង​យ៉ាង​ច្បាស់ ។ ខ្ញុំ​នឹង​ប្រាប់​គាត់​ថា ទ្រង់​មាន​ព្រះជន្ម​រស់ ។ ទ្រង់​ស្រឡាញ់​បង ។ បង​ល្អ​គ្រប់គ្រាន់ ហើយ​បង​នឹង​ទទួល​បាន​ជោគជ័យ​លើ​ការងារ​នេះ ! »

ដោយ​មាន​សំណើច​បន្តិចបន្តួច នាង​បាន​និយាយ​ថា « ខ្ញុំ​គិតថា បើ​វា​អនុវត្ត​ចំពោះ​មិត្តភក្តិ​របស់​យើង អ៊ីចឹង​វា​ក៏​អនុវត្ត​ចំពោះ​ខ្ញុំ​ដែរ » ។

នៅពេល​យើង​មាន​សំណួរ ឬ​ការសង្ស័យ យើង​អាច​គិតថា ដំណោះស្រាយ​នោះ​ស្មុគស្មាញ​ពេក ឬ​ថា​ការស្វែងរក​ចម្លើយ​គឺ​ធ្វើ​ឲ្យ​ភាន់ច្រឡំ​ណាស់ ។ សូម​ឲ្យ​យើង​ចងចាំ​ថា មារសត្រូវ​របស់​យើង សូម្បីតែ​បិតា​នៃ​សេចក្ដី​កុហក គឺជា​ស្ថាបនិកនៃ​ភាពច្របូកច្របល់ ។

ព្រះអង្គសង្រ្គោះ​គឺជា​លោកចៅហ្វាយ​នៃ​ភាព​សាមញ្ញ ។

ប្រធាន ណិលសុន បាន​ថ្លែង​ថា ៖

« ពួក​មារសត្រូវ​ឆ្លាតវៃណាស់ ។ សម្រាប់​សហសវត្សរ៍ វា​ធ្វើ​ឲ្យ​សេចក្ដីល្អ​មើល​ទៅ​ជា​អាក្រក់ ហើយ​សេចក្ដីអាក្រក់​ទៅ​ជា​ល្អ ។ សាររបស់​វា​កាន់តែ​ឮខ្លាំង មុតមាំ និង​អំនួត ។

« ទោះជា​យ៉ាងណា សារលិខិត​មកពី​ព្រះវរបិតាសួគ៌​យើង គឺ​ខុសគ្នា​ខ្លាំង ។ ទ្រង់​ទំនាក់ទំនង​ដោយ​សាមញ្ញ ស្ងប់ស្ងាត់ និង​ច្បាស់លាស់ ដែល​យើង​មិន​អាច​យល់​ខុស​អំពី​ទ្រង់បានទេ » ។

យើង​មាន​អំណរគុណ​ណាស់​ដែល​ព្រះ​ស្រឡាញ់​យើង​យ៉ាងខ្លាំង ដែល​ទ្រង់​បាន​បញ្ជូន​បុត្រា​ទ្រង់​មក ។ ទ្រង់​គឺជា​ចម្លើយ ។

ប្រធាន ណិលសុន បាន​មាន​ប្រសាសន៍​ថ្មីៗ​នេះ​ថា ៖

« បងប្អូន​ប្រុសស្រី ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ពិត​ជា​ត្រូវការ​ខ្លាំង​ណាស់​នៅ​សព្វថ្ងៃ​នេះ ។ …

« … ការណ៍​នេះ​គូសបញ្ជាក់​អំពី​តម្រូវការ​បន្ទាន់​សម្រាប់​យើង​ទាំងអស់​គ្នា​ដើម្បី​ធ្វើតាម​ការបង្រៀន​របស់​ព្រះអម្ចាស់​ទៅ​កាន់​ពួកសិស្ស​របស់​ទ្រង់​ឲ្យ​‹ … ទៅ​ពេញ​សព្វ​ក្នុង​ក្នុងលោកិយ ទាំងមូលហើយ​ផ្សាយ​ដំណឹងល្អ​ទូទៅ​ដល់ គ្រប់មនុស្ស​ទាំងអស់​ចុះ › » ។១០

ចំពោះ​បងប្អូន​ដែល​ជ្រើសរើស​បម្រើ ខ្ញុំ​អាច​បញ្ជាក់​ពី​ពរជ័យ​ដែល​នឹង​ទទួល​បាន​កាល​បងប្អូន​ស្តាប់​តាម​ការអំពាវនាវ​របស់​ព្យាការី ។ ការបម្រើ​គឺ​មិន​គិត​ពី​ខ្លួន​ឯង វា​គិត​អំពី​ព្រះអង្គ​សង្រ្គោះ ។ បងប្អូន​នឹង​ត្រូវ​បានហៅ​ឲ្យ​ទៅកន្លែង​មួយ ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុត​នោះ បងប្អូន​នឹង​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​ដល់​ប្រជាជន ។ បងប្អូន​នឹង​មាន​ទំនួលខុសត្រូវ​ដ៏​ធំ និង​ពរជ័យ​នៃ​ការជួយ​ដល់​មិត្តភក្តិ​ថ្មី​ឲ្យយល់​ថា ចម្លើយ​គឺជា​ព្រះ​យេស៊ូវ ។

នេះ​គឺជា​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ហើយ​សាសនាចក្រ​នេះ​ដែល​យើង​មាន​ចំណែក ។ អ្វីៗ​ដែល​ប្រធាន ណិលសុន លើកទឹកចិត្ត​យើង​ឲ្យ​ធ្វើ​ដោយ​ក្តី​ស្រឡាញ់​នឹងនាំ​ឲ្យ​យើង​ខិតទៅកាន់តែ​ជិត​នឹង​ព្រះអង្គសង្រ្គោះ ។

យុវវ័យ​ដ៏​អស្ចារ្យ​របស់​យើង—រួម​ទាំង ណាស ជា​ក្មួយ​ប្រុស​របស់ខ្ញុំ—នៅ​ពេញ​មួយ​ជីវិត​របស់​ប្អូនៗ មិនថាមាន​ការប្រឈមនឹងការ​​លំបាក ឬ​ច្របូកច្របល់​យ៉ាងណា​នោះទេ ប្អូនៗ​អាច​ចងចាំ​ជានិច្ច​ថា ចម្លើយ​គឺ​សាមញ្ញ ចម្លើយ​គឺ​ព្រះ​យេស៊ូវ​ជា​និច្ច ។

កាល​ដែល​ខ្ញុំ​បាន​ស្តាប់​ដល់​អស់​អ្នក​ដែល​យើង​តែងតាំង​ជា​ព្យាការី ជា​អ្នក​មើលឆុត និង​ជា​អ្នក​ទទួល​វិវរណៈ​ទាំងឡាយ​មាន​ប្រសាសន៍​នៅ​ឱកាស​ជាច្រើន ខ្ញុំ​ក៏​សូម​និយាយ​ដែរ​ថា ពួកយើង​ស្រឡាញ់​ប្អូនៗ ពួក​យើង​សូម​អរគុណ​ដល់​ប្អូនៗ ហើយ​ពួកយើង​ត្រូវការ​ប្អូនៗ ។ នេះ​ជា​កន្លែង​ដែល​ប្អូនៗមាន​ចំណែក ។

ខ្ញុំ​ស្រឡាញ់​ព្រះអង្គ​សង្រ្គោះ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ពី​ព្រះនាម​របស់​ទ្រង់ គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ទ្រង់​គឺជា « មេ​ផ្តើម ហើយ​ជា​មេ​សម្រេច​នៃសេចក្តី​ជំនឿ​របស់​យើង »១១ហើយ​ទ្រង់​គឺជា​លោកចៅហ្វាយ​នៃ​ភាព​សាមញ្ញ ។ ចម្លើយ​គឺព្រះ​យេស៊ូវ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕