សន្និសីទទូទៅ
ក្លាហាន​ក្នុងការប្រកាស​សេចក្តីពិត
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០២២


11:26

ក្លាហាន​ក្នុងការប្រកាស​សេចក្តីពិត

នៅពេល​យើង​រៀន​អំពី​សេចក្តីពិត ព្រះអម្ចាស់​ប្រទាន​​ឱកាសដល់​យើង​​ឲ្យ​ធ្វើ​អ្វី​ដែល​ទ្រង់​នឹង​ធ្វើ បើ​ទ្រង់​គង់​នៅ​ទីនេះ​នាថ្ងៃ​នេះ ។

នៅ​ឆ្នាំ ១៩៨២ ខ្ញុំ​បាន​បញ្ចប់​បរិញ្ញាបត្រ​រង​​ផ្នែក​ភូមិសាស្រ្ត​នៅ​ឯ​សាលា​បច្ចេកទេស​មួយ​កន្លែង ។

នៅ​ចុងឆ្នាំ​នោះ មិត្ត​រួមថ្នាក់​ម្នាក់​បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​មាន​ការសន្ទនា​មួយ ។ ខ្ញុំ​ចាំ​ថា​យើង​បាន​ចេញពី​មិត្ត​រួមថ្នាក់​ផ្សេងទៀត ដើរ​ទៅ​កន្លែង​មួយ​នៅជិត​ទីលាន​កីឡា ។ នៅពេល​យើង​ទៅ​ដល់​ទីនោះ គាត់​បាននិយាយ​មក​ខ្ញុំ​អំពី​ជំនឿ​សាសនា​ គាត់​មិនត្រឹមតែ​បង្ហាញ​គម្ពីរ​ដល់ខ្ញុំ​ទេ ​ថែមទាំង​ឲ្យ​គម្ពីរ​នោះ​មក​ខ្ញុំ​ទៀត​ផង ។ តាមពិត ខ្ញុំ​មិន​ចាំ​ពាក្យ​ដែល​គាត់​និយាយ​ទេ ប៉ុន្តែ​ខ្ញុំ​ចាំ​​គ្រា​នោះ​បាន​យ៉ាងល្អ ហើយចាំពី​អារម្មណ៍​ដែល​ខ្ញុំ​មាន​ ពេលគាត់​បាន​និយាយ​ថា « ខ្ញុំ​ចង់​ថ្លែង​ទីបន្ទាល់​របស់​ខ្ញុំ​ទៅ​កាន់​ឯងថា គម្ពីរ​នេះ​ពិត ហើយ​ថា​ដំណឹងល្អ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​ត្រូវ​បាន​ស្តារឡើងវិញ » ។

បន្ទាប់ពី​ការសន្ទនា​របស់​យើង ខ្ញុំ​បាន​ត្រឡប់​ទៅផ្ទះ​វិញ បានបើកមើលគម្ពីរ​នោះ​ពីរបី​ទំព័រ ហើយ​ទុក​វា​នៅ​លើ​ធ្នើរ ។ ដោយសារ​វាជិត​បណ្តាច់​ឆ្នាំ ហើយវា​គឺជា​ឆ្នាំ​ចុងក្រោយ​នៃ​សញ្ញាបត្រ​ភូមិសាស្រ្ត​របស់​ខ្ញុំ នោះខ្ញុំ​មិន​សូវ​យកចិត្ត​ទុកដាក់​ចំពោះ​គម្ពីរ ឬ​ក៏​មិត្តរួមថ្នាក់​ដែល​បាន​ចែកចាយ​គម្ពីរ​នោះ​ជាមួយ​ខ្ញុំ​ប៉ុន្មាន​ទេ ។ ឈ្មោះ​គម្ពីរ​នោះ​បងប្អូន​អាច​ស្មាន​ដឹង​ហើយ ។ បាទ ! គឺជា​ព្រះគម្ពីរ​មរមន ។

ប្រាំ​ខែ​ក្រោយ​មក ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​មកដល់​ផ្ទះ​ខ្ញុំ ជួនពេល​គ្នា​ដែលខ្ញុំ​ត្រឡប់​មក​ពី​ធ្វើ​ការវិញ ។ ខ្ញុំ​បាន​អញ្ជើញ​ពួកគេ​ឲ្យ​ចូល​ក្នុង ។ ពួកយើង​អង្គុយ​នៅ​ទីធ្លា​តូច​មួយ​ខាង​មុខ​ផ្ទះ ហើយ​ពួកគេ​បាន​បង្រៀន​ខ្ញុំ ។

ដោយខ្ញុំ​ស្វែងរក​សេចក្តីពិត ខ្ញុំក៏​បាន​សួរ​ពួកគេ​ថាតើ​ព្រះវិហារ​ណាមួយ​ពិត ហើយ​តើ​ខ្ញុំ​អាច​រកឃើញ​ព្រះវិហារ​ពិត​ដោយ​របៀប​ណា ។ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​បង្រៀន​ខ្ញុំ​ថា ខ្ញុំ​អាច​ទទួល​ចម្លើយ​នោះ​ផ្ទាល់​ខ្លួន ។ ខ្ញុំ​បាន​ទទួល​យកសំណូមពរ​របស់​ពួកគេ​ឲ្យ​អាន​បីបួន​ជំពូក​ក្នុង​ព្រះគម្ពីរ​មរមន ដោយ​សារមាន​ការរំពឹងទុក និង​បំណងប្រាថ្នា​ដ៏​ធំ ។ ខ្ញុំ​បាន​អធិស្ឋាន​ដោយ​ស្មោះ​អស់ពីចិត្ត និង​ដោយបំណង​ពិត ( សូមមើល មរ៉ូណៃ ១០:៤–៥ ) ។ មានចម្លើយច្បាស់​ចំពោះ​សំណួរ​ខ្ញុំ ហើយ​បីបួន​ថ្ងៃក្រោយ​មក—​នៅថ្ងៃទី ១ ខែឧសភា ឆ្នាំ ១៩៨៣ គឺវាកាន់តែ​ច្បាស់— ខ្ញុំ​បាន​ទទួល​បុណ្យជ្រមុជទឹក ហើយ​បាន​បញ្ជាក់​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ។

សព្វថ្ងៃនេះ ពេល​ខ្ញុំ​គិត​អំពី​លំដាប់​ព្រឹត្តិការណ៍​ដែល​បាន​កើតឡើង ខ្ញុំ​មើលឃើញ​យ៉ាងច្បាស់​ថា ភាពក្លាហាន​របស់​មិត្ត​រួមថ្នាក់​ខ្ញុំវាសំខាន់​យ៉ាងណា ​នៅពេល​គាត់​បានថ្លែង​ទីបន្ទាល់​​ពី​សេចក្តីពិត​ដែល​បាន​ស្តារឡើងវិញ ហើយ​បាន​បង្ហាញ​ដល់​ខ្ញុំ​នូវភស្ដុតាង​ពី​ការស្តារឡើងវិញ​នៃ​ដំណឹងល្អ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ គឺ​ព្រះគម្ពីរ​មរមន ។ វាជាទង្វើ​ដ៏​សាមញ្ញ តែសំខាន់​ខ្លាំង​ចំពោះ​ខ្ញុំ ដែលវា​បាន​បង្កើត​ទំនាក់ទំនង​រវាង​ខ្ញុំ និង​ពួក​អ្នកផ្សព្វផ្សាយ​សាសនានៅពេល​ខ្ញុំ​បាន​ជួប​ពួកគេ ។

សេចក្តីពិត​នេះ​បាន​បង្ហាញ​ដល់​ខ្ញុំ ហើយ​បន្ទាប់ពី​​ខ្ញុំបុណ្យ​ជ្រមុជទឹក​ ខ្ញុំ​បាន​ក្លាយជា​សិស្ស​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ។ នៅ​ឆ្នាំក្រោយៗមក​ដោយ​មាន​ជំនួយ​ពី​មនុស្ស​ល្អៗ ដូចជា ថ្នាក់ដឹកនាំ គ្រូបង្រៀន និង​មិត្តភក្តិ និង​តាមរយៈ​ការសិក្សា​ផ្ទាល់ខ្លួន​​ខ្ញុំ​ផងដែរ ខ្ញុំ​បាន​ដឹង​ថា ពេល​ខ្ញុំ​សម្រេចចិត្ត​ធ្វើ​ជា​សិស្ស​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ គឺ​ខ្ញុំ​មិន​ត្រឹមតែ​ទទួល​យក​ការងារ​ការពារ​សេចក្តីពិតប៉ុណ្ណោះទេ ប៉ុន្តែត្រូវ​ប្រកាសអំ​ពី​សេចក្តី​ពិត​ផងដែរ ។

នៅពេល​យើង​យល់ព្រម​ជឿ​សេចក្តីពិត ធ្វើតាម​សេចក្ដីពិត និងពេល​យើង​ខិតខំ​ដើម្បី​ធ្វើជា​សិស្សដ៏​ពិត​របស់​ព្រះយស៊ូវគ្រីស្ទ នោះ​យើង​មិន​ទទួល​សញ្ញាបត្រ​ដែល​ធានា​ថា យើង​នឹង​មិន​ធ្វើ​ខុស ​នឹង​មិន​ត្រូវ​បាន​ល្បួង​ឲ្យ​ដើរ​ចេញ​ពី​សេចក្តីពិត ដែល​យើង​នឹង​មិន​រិះគន់ ឬ ថា​យើង​នឹង​មិន​ដកពិសោធន៍​ទុក្ខលំបាក​នោះ​ទេ ។ ប៉ុន្តែ​ចំណេះដឹង​ពី​សេចក្តីពិត​បង្រៀន​យើង​ថា នៅពេល​យើង​ដើរ​នៅលើ​ផ្លូវ​តូច និង​ចង្អៀត ដែល​នឹង​នាំ​យើង​ត្រឡប់​ទៅ​ទី​​វត្តមាន​របស់​ព្រះវរបិតា​សួគ៌​វិញ នោះ​របៀប​ដើម្បី​គេចចេញ​ពី​បញ្ហា​នេះ យើង​គួរ ( សូមមើល កូរិនថូស ទី១ ១០:១៣សង្ស័យ​ដែល​យើង​មានមន្ទិល មុនពេល​យើងសង្ស័យ​អំ​ពី​ជំនឿ​របស់​យើង ( សូមមើល ឌៀថើរ អេហ្វ អុជដូហ្វ « Come, Join with Us »​Liahonaខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ២១ ) ហើយ​នៅ​ទីបំផុត យើង​មានការអះអាង​ថា យើង​នឹង​មិន​នៅ​ឯកោ​ទេ នៅពេល​យើង​ឆ្លងកាត់​ទុក្ខលំបាក ដ្បិត​ព្រះ​យាង​មក​ជួប​ប្រជាជន​របស់ទ្រង់​នៅ​គ្រា​ដែល​ពួកគេ​មាន​ទុក្ខ ( សូមមើល ម៉ូសាយ ២៤:១៤ ) ។

នៅពេល​យើង​រៀន​អំពី​សេចក្តីពិត ព្រះអម្ចាស់​ប្រទាន​​ឱកាសដល់​យើង​​ឲ្យ​ធ្វើ​អ្វី​ដែល​ទ្រង់​នឹង​ធ្វើ បើ​ទ្រង់​គង់​នៅ​ទីនេះ​នាថ្ងៃ​នេះ ។ ពិត​ណាស់​ទ្រង់​បាន​បង្ហាញ​ដល់យើង​តាម​ការបង្រៀន​របស់​ទ្រង់​អំពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ ៖ « អ្នករាល់​គ្នា​ត្រូវ​ចេញ​ទៅ ដោយ​នូវ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​របស់​យើង ដោយ​ផ្សាយ​ដំណឹង​ល្អ​របស់​យើង​ពីរៗនាក់​ដោយ​នូវ​ព្រះនាម​យើង ដោយ​បន្លឺ​សម្លេង​ឡើងហាក់ដូច​ជា​សម្លេង​ត្រែដោយ​ប្រកាស​ប្រាប់​ព្រះបន្ទូល​យើង ដូចជា​ពួកទេវតា​នៃ​ព្រះ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤២:៦ ) ។ ឱកាស​សម្រាប់​ការ​បម្រើជា​អ្នកផ្សព្វផ្សាយសាសនា​នៅក្នុង​យុវវ័យ​របស់​យើង​គឺ​ ពិសេសណាស់ !

យុវជន​សូម​មេត្តា​កុំ​ពន្យាពេលរៀបចំ​ខ្លួន​ដើម្បី​បម្រើ​ព្រះអម្ចាស់​ជា​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ឡើយ ។ នៅពេល​ក្មួយៗ​ប្រឈម​មុខ​នឹង​ស្ថានភាព​​ពិបាក​សម្រេចចិត្ត​ទៅ​បម្រើ​បេសកកម្ម ដូចជា អាក់ខាន​ការសិក្សា​​មួយ​រយៈ ឃ្លាតពីមិត្តស្រី​ដោយ​ពុំធានា​ថា​នឹង​អាចដើរលេងនឹង​នាងបាន​ម្តងទៀត​ ឬ​ត្រូវ​ដើរចេញ​ពី​ការងារ​មួយ—តែ​សូម​ចងចាំ​ពី​គំរូ​របស់​ព្រះអង្គ​សង្រ្គោះ ។ អំឡុង​ការងារ​បម្រើ​របស់​ទ្រង់ ទ្រង់​ក៏​បាន​ប្រឈម​នឹង​ការលំបាក ​រួមទាំង​ការរិះគន់ ការធ្វើទុក្ខ​បុកម្នេញ និងទីបំផុត ទទួលពែង​ល្វីង​នៃ​ការពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ ។ ប៉ុន្តែ​នៅ​គ្រប់​ស្ថានភាព ទ្រង់​ខិតខំ​ធ្វើ​តាម​ព្រះទ័យ​នៃ​ព្រះ​បិតា​ទ្រង់ ហើយ​ថ្វាយ​សិរីល្អ​ដល់​ទ្រង់ ។ ( សូមមើល យ៉ូហាន ៥:៣០; ៦:៣៨–៣៩; នីហ្វៃទី ៣ ១១:១១; គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:១៨–១៩ ) ។

យុវនារី សូម​ស្វាគមន៍ បើសិន​ជា​ក្មួយ​មាន​បំណង​ប្រាថ្នា​ធ្វើការ​នៅក្នុង​ចម្ការ​ទំពាំង​បាយ​ជូរ​របស់​ព្រះអម្ចាស់ ហើយ​កាល​ដែល​ក្មួយ​រៀបចំ​ខ្លួន​ដើម្បី​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង នោះក្មួយ​ក៏​នឹង​ជួប​ការប្រឈមមុខ​ដូច​គ្នា​នេះ​ដែរ ។

ខ្ញុំ​សូម​សន្យា​ចំពោះ​ក្មួយ​ទាំងអស់​ដែល​សម្រេចចិត្ត​បម្រើ​ទ្រង់ថា រយៈ ២៤ ខែ ឬ ១៨ ខែ​នៃ​ការបម្រើ​នៅ​ក្នុង​តំបន់​បេសកកម្ម វា​នឹង​កន្លងផុតទៅ​ដូចជា​ក្មួយ​នៅ​ផ្ទះ​ផងដែរ ប៉ុន្តែ​ឱកាស​ដែល​រង់ចាំ​យុវជន និង​យុវនារី​ដែល​មាន​ភាពស័ក្តិសម​នៅក្នុង​សាសនាចក្រ​ទៅ​តំបន់​បេសកកម្ម​គឺ​ពិសេស ។ ឯកសិទ្ធិ​នៃ​ការធ្វើ​ជា​តំណាង​របស់​ព្រះអង្គ​សង្រ្គោះ​ ព្រះ​យេស៊ូវ​គ្រីស្ទ និង​សាសនាចក្រ​របស់​ទ្រង់ ពុំអាចថា​មិន​ខ្វល់ខ្វាយ​នោះទេ ។ ក្មួយ​ត្រូវ​ចូល​រួម​អធិស្ឋាន​ច្រើន​រាប់​មិន​អស់ ហើយ​អភិវឌ្ឍ និង​ថ្លែង​ទីបន្ទាល់​ជា​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃៗ ត្រូវ​សិក្សា​ព្រះគម្ពីរ​ជា​ច្រើន​ម៉ោង ត្រូវ​ជួប​មនុស្ស​ដែល​ក្មួយ​មិន​ធ្លាប់​ជួប បើ​ក្មួយ​នៅ​ផ្ទះ​មិន​ទៅ​បម្រើ​ទេ នោះ​ហើយ​គឺ​ជា​បទពិសោធន៍​ដែល​ពុំ​អាច​ពិពណ៌នា​បាន ។ បទពិសោធន៍​ដូចគ្នា​នេះ​គឺ​​បម្រុង​ទុក​សម្រាប់​យុវវ័យ ដែល​ព្រះអម្ចាស់​បាន​ហៅ​ឲ្យ​បម្រើ​បេសសកម្ម​ផ្នែក​សេវាកម្ម​ផងដែរ ។ សូម​ស្វាគមន៍ក្មួយៗ ហើយ​វា​ចាំបាច់​ណាស់ ។ សូម​កុំ​គិត​ថា​បេសកកម្ម​ផ្នែក​សេវាកម្ម​ពុំ​សូវ​សំខាន់​នោះ​ឡើយ ដ្បិត​បេសកកម្ម​ផ្នែក​សេវាកម្ម​ក៏​ផ្តល់​នូវ​បទពិសោធន៍​ដែល​ពុំ​អាច​ពិពណ៌នា​បាន​ផងដែរ ។ « តម្លៃ​នៃ​ព្រលឹង​ទាំងឡាយ គឺ​មហិមា​ណាស់​ចំពោះ​ព្រះនេត្រ​នៃ​ព្រះ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៨:១០ ) រួម​ទាំង​តម្លៃ​នៃ​ព្រលឹង​ក្មួយ ។

ពេល​ត្រឡប់មក​ពី​ការមប្រើ​​វិញ ប្រហែល​ជា​មិត្តស្រី ឬ​មិត្តប្រុស​របស់​ក្មួយៗ​ពុំ​នៅ​រង់ចាំ​ក្មួយ​ទៀត​ទេ ប៉ុន្តែ​ក្មួយៗ​ច្បាស់ជាបានរៀន​យ៉ាងល្អ​អំពី​របៀប​ធ្វើ​ការទាក់ទង​យ៉ាង​មាន​ប្រសិទ្ធភាពហើយ ។ ការសិក្សា​របស់​ក្មួយៗ​នឹង​កាន់តែ​មាន​ន័យដោយ​ក្មួយៗ​មានបទពិសោធន៍​​អំពី​ការរៀបចំ​ខ្លួន​ឲ្យកាន់តែល្អ​សម្រាប់​កន្លែង​ធ្វើការផងដែរ ហើយ​ចុងក្រោយ ក្មួយៗ​នឹង​មាន​ភាពក្លាហាន​​ច្បាស់​លាស់​ប្រកាស​ដំណឹងល្អ​នៃ​សេចក្តី​សុខសាន្ត​ ​ថ្លែង​ទីបន្ទាល់​អំពី​សេចក្តីពិត​ដែល​បាន​ស្ដារឡើងវិញ ។

សម្រាប់​បងប្អូន​ដែល​បាន​រៀបការ​ហើយ ហើយ​ស្ថិត​នៅក្នុង​ដំណាក់កាល​​ផ្សេង​នៃ​ជីវិត​របស់ បងប្អូន​សំខាន់​ណាស់​នៅ​ក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ ។ សូម​រៀបចំ​ខ្លួន​របស់​បងប្អូន ។ សូម​រស់នៅ​ក្នុង​ជីវិត​ល្អ ​ស្វែងរក​ភាពទីពឹង​ខ្លួន​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ ពីព្រោះ​ឱកាស​ដើម្បី​ធ្វើ​អ្វី​ដែល​ព្រះអម្ចាស់​នឹង​ធ្វើ​សម្រាប់​បុត្រាបុត្រី​របស់​ទ្រង់​គឺ​មាន​សម្រាប់​មនុស្ស​គ្រប់វ័យ ។ បទពិសោធន៍​ដ៏​រីករាយ​បំផុត​ដែល​ភរិយា​ខ្ញុំ និង​ខ្ញុំ​មាន​នៅ​ប៉ុន្មាន​ឆ្នាំមុន​នេះ បាន​កើតឡើង​ខណៈ​កំពុង​បម្រើ​ជាមួយ​គូស្វាមី​ភរិយា​ល្អៗ បម្រើ​នៅ​កន្លែង​ដ៏​ល្អ និង​បម្រើ​មនុស្ស​ពិសេសៗ ។

បទពិសោធន៍​ដែល​ខ្ញុំ​មាន​នៅពេល​ជិត​រៀនចប់ បាន​បង្រៀន​ខ្ញុំ​ថា យើង​ក៏​ត្រូវ​ការពារ​សេចក្តីពិត នៅពេល​យើង​ប្រកាស​ពី​សេចក្តីពិត ហើយការការពារ​សេចក្តីពិត​គឺជា​រឿង​ដ៏​សកម្ម​មួយ ។ ការការពារ​សេចក្តីពិត​មិន​គួរ​ធ្វើឡើង​តាមរបៀប​ដែល​ឃោរឃៅ​នោះទេ ប៉ុន្តែ​ គួរតែ​ធ្វើឡើង​ដោយ​ចាប់​អារម្មណ៍​ពិត​ដើម្បី​ស្រឡាញ់ ចែកចាយ និង​អញ្ជើញ​មនុស្ស​ដែល​យើង​ថ្លែង​ទីបន្ទាល់​អំពី​សេចក្តីពិត ដោយ​គិតតែ​អំពីសុខុមាលភាព​ខាង​សាច់ឈាម និង​ខាងវិញ្ញាណ​នៃ​បុត្រាបុត្រី​របស់​ព្រះ​វរបិតាសួគ៌​ដែល​ពេញ​ដោយ​ក្តី​ស្រឡាញ់ប៉ុណ្ណោះ ( សូមមើល ម៉ូសាយ ២:៤១ ) ។

នៅ​ក្នុង​សន្និសីទ​ទូទៅ​នា​ខែ តុលា ឆ្នាំ ២០២១ ប្រធានរ័សុល អិម ណិលសុន ព្យាការី​ជា​ទីស្រឡាញ់​របស់​យើង​បាន​បង្រៀន​ថា ការផ្ទុយ​ទៅនឹង​អ្វី​ដែល​មនុស្ស​ខ្លះ​គិត គឺជា​អ្វី​ដែល​យើង​ហៅ​ថា ត្រូវ និង​ខុស ។ ពិត​ជា​មាន​សេចក្តីពិត—ជា​សេចក្តីពិត​ដ៏​អស់​កល្ប​ជានិច្ច ។ ( សូមើល « Pure Truth, Pure Doctrine, and Pure Revelation »Liahonaខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ៦ ) ។

ព្រះគម្ពីរ​បរិសុទ្ធ​បង្រៀន​យើងថា « សេចក្ដី​ពិត​គឺ​ជា​ការ​ចេះដឹង​អំពី​ការណ៍​ទាំងឡាយ​ដែល​មាន​នៅ​ពេល​នេះ និង ការណ៍​ទាំងឡាយ​ដែល​មាន​មក​ហើយ ហើយ​នឹង​ការណ៍​ទាំងឡាយ​ដែល​នឹង​មាន​ខាង​មុខ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩៣:២៤ ) ។

ចំណេះដឹង​នៃ​សេចក្តីពិតពុំមែន​ធ្វើ​ឲ្យ​យើង​ជា​មនុស្ស​អស្ចារ្យ​ជាង​អ្នក​ផ្សេង​នោះ​ទេ ប៉ុន្តែ​វា​បង្រៀន​យើង​ពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ត្រឡប់​ទៅ​ទីវត្តមាន​របស់​ព្រះ​វិញ ។

កាល​បងប្អូន​បន្តឆ្ពោះទៅ​មុខ​យ៉ាងរឹងមាំ​នៅក្នុង​ព្រះគ្រីស្ទ ហើយមានភាពក្លាហាន មិន​ត្រឹមតែ​ប្រកាស​សេចក្តីពិត​ប៉ុណ្ណោះទេ ប៉ុន្តែ​នឹង​រស់នៅ​តាម​សេចក្តីពិតផងនោះ នោះបងប្អូន​នឹង​ទទួល​បាន​ការលួងលោម និង​សេចក្តី​សុខសាន្ត​នៅអំឡុង​នៃចលាចល​ដែល​បងប្អូន​នឹង​ជួបប្រទះ​នៅ​សម័យ​ចុងក្រោយ​នេះ ។

ឧបសគ្គ​នៃ​ជីវិត​អាច​ធ្វើ​ឲ្យ​យើង​ចុះចាញ់ ប៉ុន្តែ​សូម​ដឹង​ថា នៅពេល​យើង​អនុវត្ត​សេចក្តីជំនឿ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ​« សេចក្ដី​ទុក្ខ​លំបាក​[ របស់​យើង ] នោះ​គ្រាន់​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ​ទេ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:៧ )​នៅ​ក្នុង​វិសាលភាព​ដ៏​ធំ​នៃ​ភាពអស់កល្ប​ជានិច្ច ។ សូម​កុំ​ដាក់​ពេល​កំណត់​ដើម្បី​បញ្ចប់​ទុក្ខលំបាក ឬ​ឧបសគ្គ​របស់​បងប្អូន​ឡើយ ។ សូម​ទុកចិត្ត​លើ​ព្រះវបិតាសួគ៌ា ហើយ​កុំ​បោះបង់​ចោល​ឡើយ ដ្បិត​បើ​យើង​បោះបង់​ចោល នោះ​យើង​នឹង​មិន​អាច​ដឹង​ថា ទីបញ្ចប់​នៃ​ដំណើរ​របស់​យើង​នឹង​មាន​សភាព​បែបណា​នៅ​ក្នុង​នគរ​របស់​ព្រះ​ឡើយ ។

សូម​ប្រកាន់ខ្ជាប់​នូវ​សេចក្តីពិត ដោយ​ការរៀន​ពី​ប្រភព​នៃ​សេចក្តីពិត ៖

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​ថា​នេះ​គឺ​ជា​សាសនាចក្រ​របស់​ទ្រង់ ។ យើង​មាន​ព្យាការី​ដែល​នៅរស់ ហើយ​យើង​នឹង​មាន​សេរីភាព​ជានិច្ច នៅពេល​យើង​ប្រកាស​សេចក្តីពិត​ដោយ​ក្លាហាន ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕