ដើម្បីឲ្យគេបានស្គាល់ដល់ទ្រង់
( យ៉ូហាន ១៧:៣ )
ខ្ញុំមានក្ដីប្រាថ្នាដោយស្មោះសុំឲ្យ បងប្អូននឹងមកស្គាល់ព្រះនាមជាច្រើនរបស់ព្រះយេស៊ូវ ហើយថាបងប្អូននឹងក្លាយដូចទ្រង់ ។
កាលពីរបីឆ្នាំមុន ខ្ញុំមានបទពិសោធន៍មួយដែលធ្វើឲ្យជីវិតផ្លាស់ប្តូរ ក្នុងអំឡុងពេលនៃការប្រជុំសាក្រាម៉ង់ នៅក្នុងវួដកំណើតរបស់យើងនៅរដ្ឋអារីហ្សូណា ។ កាលដែលការអធិស្ឋាននៃពិធីសាក្រាម៉ង់បង្ហាញពីឆន្ទៈរបស់យើងដើម្បី « លើកដាក់មកលើ [ ខ្លួនយើង ] នូវព្រះនាមនៃ [ ព្រះយេស៊ូវគ្រីស្ទ ] »១ នោះព្រះវិញ្ញាណបរិសុទ្ធបានរំឭកខ្ញុំថា ព្រះយេស៊ូវមានព្រះនាមជាច្រើន ។ បន្ទាប់មកសំណួរនេះផុសក្នុងចិត្តខ្ញុំ ៖ « តើព្រះនាមរបស់ព្រះយេស៊ូវណាមួយដែលខ្ញុំគួរលើកដាក់លើខ្លួនខ្ញុំក្នុងសប្តាហ៍នេះ ? »
ព្រះនាមចំនួនបីបានផុសឡើងក្នុងគំនិតខ្ញុំ ហើយខ្ញុំបានកត់ទុក ។ ព្រះនាមរបស់ទ្រង់ទាំងបីមានគុណលក្ខណៈដូចព្រះគ្រីស្ទដែលធ្វើឲ្យខ្ញុំចង់អភិវឌ្ឍខ្លួនឲ្យកាន់តែពេញលេញ ។ នៅសប្តាហ៍បន្ទាប់ ខ្ញុំបានផ្តោតលើព្រះនាមទាំងបីនោះ ហើយព្យាយាមឱបក្រសោបយកគុណលក្ខណៈ និងបុគ្គលិកលក្ខណៈដែលត្រូវគ្នានឹងព្រះនាមទាំងនោះ ។ ចាប់ពីពេលនោះមក ខ្ញុំបានបន្តសួរសំណួរនោះជាផ្នែកមួយនៃការថ្វាយបង្គំផ្ទាល់ខ្លួនរបស់ខ្ញុំ ៖ « តើព្រះនាមរបស់ព្រះយេស៊ូវណាមួយដែលខ្ញុំគួរលើកដាក់លើខ្លួនខ្ញុំក្នុងសប្តាហ៍នេះ ? » ការឆ្លើយសំណួរនោះ និងការព្យាយាមអភិវឌ្ឍគុណលក្ខណៈដូចព្រះគ្រីស្ទបាន ប្រទានពរដល់ជីវិតខ្ញុំ ។
នៅក្នុងការអធិស្ឋានអង្វរកដ៏អស្ចារ្យរបស់ទ្រង់ ព្រះយេស៊ូវបានបញ្ជាក់ពីសេចក្តីពិតដ៏សំខាន់នេះ ៖ « នេះជាជីវិតដ៏នៅអស់កល្បជានិច្ចគឺ ឲ្យគេបានស្គាល់ដល់ទ្រង់ ដ៏ជាព្រះពិតតែ១ និងព្រះយេស៊ូវគ្រីស្ទដែលទ្រង់បានចាត់ឲ្យមកផង » ។២ ថ្ងៃនេះ ខ្ញុំចង់ចែកចាយជាមួយបងប្អូនអំពីពរជ័យ និងអំណាចដែលបានមកពីការស្គាល់ព្រះយេស៊ូវគ្រីស្ទ តាមរយៈព្រះនាមជាច្រើនរបស់ទ្រង់ ។
វិធីដ៏សាមញ្ញមួយដែលយើងចង់ស្គាល់នរណាម្នាក់គឺត្រូវរៀនស្គាល់ឈ្មោះរបស់ពួកគេ ។ ពាក្យចាស់ពោលថា « ក្នុងគ្រប់ភាសាឈ្មោះរបស់មនុស្សម្នាក់គឺជាសំឡេងយ៉ាងពិរោះ និងសំខាន់បំផុតសម្រាប់មនុស្សនោះ » ។៣ តើបងប្អូនធ្លាប់មានបទពិសោធន៍ហៅឈ្មោះនរណាម្នាក់ខុស ឬភ្លេចឈ្មោះពួកគេដែរឬទេ ? ថ្ងៃមួយភរិយាខ្ញុំ អាឡិចស៊ីស និងខ្ញុំបានហៅកូនម្នាក់របស់យើងថា « ឡូឡា » ។ ដូចដែលបងប្អូនបានស្មាន ឡូឡា គឺជាឈ្មោះឆ្កែរបស់យើង ! មិនថាល្អ ឬអាក្រក់ទេ ការភ្លេចឈ្មោះរបស់នរណាម្នាក់មានន័យថា បងប្អូនប្រហែលជាស្គាល់គេមិនច្បាស់ទេ ។
ព្រះយេស៊ូវស្គាល់ និងបានហៅមនុស្សតាមឈ្មោះពួកគេ ។ ព្រះអម្ចាស់មានបន្ទូលទៅកាន់ពួកសាសន៍អ៊ីស្រាអែលពីបុរាណថា « កុំឲ្យខ្លាចឡើយ ដ្បិតយើងបានលោះឯងហើយ យើងបានហៅចំឈ្មោះឯង ឯងជារបស់ផងយើង » ។៤ នៅព្រឹកបុណ្យអ៊ីស្ទើរ ម៉ារាបានធ្វើជាសាក្សីដ៏រឹងមាំ អំពីព្រះគ្រីស្ទដែលមានព្រះជន្មរស់ ឡើងវិញ ពេលព្រះយេស៊ូវហៅឈ្មោះនាង ។៥ ព្រះក៏បានហៅឈ្មោះ យ៉ូសែប ស្ម៊ីធ ជាការឆ្លើយតបដល់ការអធិស្ឋានដោយសេចក្ដីជំនឿរបស់លោក ។ ៦
ក្នុងករណីខ្លះ ព្រះយេស៊ូវបានប្រទានឈ្មោះថ្មីដល់សិស្សទ្រង់ ដោយប្រាប់ឲ្យដឹងពីនិស្ស័យ សមត្ថភាព និង សក្តានុពលរបស់ពួកគេ ។ ព្រះយេហូវ៉ាបានប្រទានឈ្មោះដល់យ៉ាកុបថាជាអ៊ីស្រាអែលមានន័យថា « បុគ្គលដែលឈ្នះជាមួយព្រះ » ឬ « ទុកឲ្យព្រះឈ្នះ » ។៧ ព្រះយេស៊ូវដាក់ឈ្មោះ យ៉ាកុប និង យ៉ូហាន ថា បោនអើកេ មានន័យថា « កូននៃផ្គរលាន់ » ។៨ ដោយទតឃើញភាពជាអ្នកដឹកនាំនាពេលអនាគតគាត់ នោះព្រះយេស៊ូវបានដាក់ឈ្មោះ ស៊ីម៉ូន ថា សេផាស ឬពេត្រុស ប្រែថាថ្ម ។៩
ដូចជាព្រះយេស៊ូវស្គាល់ឈ្មោះយើងម្នាក់ៗដែរ នោះវិធីមួយដែលយើងអាចស្គាល់ព្រះយេស៊ូវកាន់តែច្បាស់ គឺការសិក្សាពីព្រះនាមជាច្រើនរបស់ទ្រង់ ។ ដូចជាឈ្មោះរបស់ អ៊ីស្រាអែល និងពេត្រុស ដែរព្រះនាមរបស់ព្រះយេស៊ូវគឺជាព្រះបរមងារដែលជួយយើងឲ្យយល់អំពីបេសកកម្ម ព្រះរាជបំណង ឥរិយាបទ និងបុគ្គលិកលក្ខណៈរបស់ទ្រង់ ។ នៅពេលយើងស្គាល់ព្រះនាមជាច្រើនរបស់ព្រះយេស៊ូវ នោះយើងនឹងយល់កាន់តែច្បាស់អំពីបេសកកម្មដ៏ទេវភាព និងគុណលក្ខណៈមិនអាត្មានិយមរបស់ទ្រង់ ។ ការស្គាល់ព្រះនាមជាច្រើនរបស់ទ្រង់ក៏បំផុសគំនិតយើងឲ្យកាន់តែក្លាយដូចទ្រង់ផងដែរ—ដើម្បីអភិវឌ្ឍបុគ្គលិកលក្ខណៈដូចជាព្រះគ្រីស្ទ ដែលនាំមកនូវអំណរ និងមានគោលបំណងក្នុងជីវិតរបស់យើង ។
ប៉ុន្មានឆ្នាំមុន ប្រធាន រ័សុល អិម ណិលសុន បានអញ្ជើញយើងទាំងអស់គ្នាឲ្យសិក្សាសេចក្ដីយោងអំពីព្រះយេស៊ូវគ្រីស្ទនៅក្នុង Topical Guide ។១០ បន្ទាប់មក លោកបានអញ្ជើញយុវមជ្ឈិមវ័យឲ្យសិក្សាបទគម្ពីរទាំងនេះដូចគ្នា ។ ទាក់ទងនឹងព្រះនាមជាច្រើនរបស់ព្រះយេស៊ូវ ប្រធាន ណិលសុន បានមានប្រសាសន៍ថា « សូមសិក្សាអ្វីគ្រប់យ៉ាងដែល ជា ព្រះយេស៊ូវគ្រីស្ទដោយការអធិស្ឋាន និងស្វែងយល់ពីអ្វីដែលព្រះបរមងារ និងព្រះនាមនីមួយៗរបស់ទ្រង់មានន័យសម្រាប់អ្នក ផ្ទាល់ » ។១១
ដោយធ្វើតាមការអញ្ជើញរបស់ប្រធានណិលសុន ខ្ញុំបានចាប់ផ្ដើមបង្កើតបញ្ជីផ្ទាល់ខ្លួនអំពីព្រះនាមជាច្រើនរបស់ព្រះយេស៊ូវ ។ ឥឡូវនេះ បញ្ជីផ្ទាល់ខ្លួនរបស់ខ្ញុំមានព្រះនាមទ្រង់ជាង ៣០០ ហើយខ្ញុំជឿថា មាននាមជាច្រើនទៀតដែលខ្ញុំរកមិនទាន់ឃើញនៅឡើយ ។
ខណៈដែលព្រះនាមព្រះយេស៊ូវមួយចំនួនត្រូវបានបម្រុងទុកសម្រាប់តែទ្រង់ប៉ុណ្ណោះ១២ នោះខ្ញុំចង់ចែកចាយព្រះនាម និងព្រះបរមងារចំនួនប្រាំដែលអនុវត្តសម្រាប់យើងម្នាក់ៗ ។ ខ្ញុំសូមអញ្ជើញបងប្អូនឲ្យបង្កើតបញ្ជីផ្ទាល់ខ្លួននៅពេលបងប្អូនរៀនស្គាល់ព្រះយេស៊ូវតាមរយៈព្រះនាមជាច្រើនរបស់ទ្រង់ ។ ការធ្វើដូច្នេះ បងប្អូននឹងរកឃើញនាមផ្សេងៗទៀត—រួមទាំងគុណលក្ខណៈដូចព្រះគ្រីស្ទដែលត្រូវនឹងព្រះនាមទាំងនោះ—ដែលបងប្អូននឹងចង់លើកដាក់មកលើខ្លួន ក្នុងនាមជាសិស្សនៃសេចក្ដីសញ្ញារបស់ព្រះយេស៊ូវ ។១៣
ទីមួយ ព្រះយេស៊ូវគឺជា អ្នកគង្វាលល្អ ។១៤ ដូចព្រះយេស៊ូវស្គាល់ចៀមរបស់ទ្រង់១៥ នោះ « ទ្រង់ហៅតាមឈ្មោះវានីមួយៗ »១៦ ហើយដូចជាកូនចៀមនៃព្រះ ក៏ស៊ូប្តូរជីវិតដើម្បីចៀមរបស់ទ្រង់ ។១៧ ដូចគ្នាដែរ ព្រះយេស៊ូវសព្វព្រះទ័យឲ្យយើងធ្វើជាអ្នកគង្វាលដ៏ល្អ ជាពិសេសក្នុងក្រុមគ្រួសារយើង និងក្នុងនាមជាបងប្អូនប្រុសស្រីដែលផ្ដល់ការងារបម្រើ ។ វិធីមួយដែលយើងអាចបង្ហាញក្ដីស្រឡាញ់របស់យើងចំពោះព្រះយេស៊ូវ គឺការឲ្យចំណីដល់ចៀមទ្រង់ ។១៨ ចំពោះចៀមដែលវង្វេង នោះ អ្នកគង្វាលល្អនឹងចូលទៅក្នុងទីរហោស្ថានស្វែងរកចៀមដែលបាត់ ហើយបន្ទាប់មកនៅជាមួយពួកវារហូតដល់ពួកវាត្រឡប់មកវិញដោយសុវត្ថិភាព ។១៩ តាមស្ថានភាពអំណោយផលក្នុងមូលដ្ឋាន ក្នុងនាមជាអ្នកគង្វាលល្អ យើងគួរតែរកពេលធ្វើការងារបម្រើដល់មនុស្សនៅតាមគេហដ្ឋានរបស់ពួកគេបន្ថែមទៀត ។ នៅក្នុងការងារបម្រើរបស់យើង ការផ្ញើសារ និងបច្ចេកវិទ្យាគួរតែប្រើដើម្បីពង្រីកការងារ ពុំមែនយកមកជំនួសទំនាក់ទំនងដោយផ្ទាល់នោះទេ ។២០
ទីពីរ ព្រះយេស៊ូវគឺជា សម្តេចសង្ឃខាងឯសេចក្តីល្អដែលត្រូវមក ។២១ ដោយដឹងថាការឆ្កាងរបស់ទ្រង់ខិតជិតមកដល់ នោះព្រះយេស៊ូវបានមានបន្ទូលថា ៖ « ខ្ញុំប្រាប់សេចក្ដីទាំងនេះ ដើម្បីឲ្យអ្នករាល់គ្នាបានសេចក្ដីសុខសាន្ដ ។ ដោយសារខ្ញុំនៅលោកីយនេះ នោះអ្នករាល់គ្នាមានសេចក្តីវេទនាមែន ប៉ុន្តែត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយហើយ » ។២២ សព្វថ្ងៃនេះពិភពលោករបស់យើងត្រូវបានបែកបាក់ និងបែងចែក តែយើងចាំបាច់ត្រូវផ្សព្វផ្សាយ និងអនុវត្តភាពវិជ្ជមាន សុទិដ្ឋិនិយម និងសេចក្តីសង្ឃឹមយ៉ាងខ្លាំង ។ ទោះបីជាអតីតកាលរបស់យើងមានឧបសគ្គយ៉ាងណាក្ដី សេចក្តីជំនឿតែងតែចង្អុលបង្ហាញឆ្ពោះទៅអនាគត២៣ ពេញដោយក្តីសង្ឃឹម ដែលអនុញ្ញាតឲ្យយើងបំពេញតាមការអញ្ជើញរបស់ព្រះយេស៊ូវថា ចូរសង្ឃឹមឡើង ។២៤ ការរស់នៅតាមដំណឹងល្អដោយរីករាយ ជួយយើងឲ្យក្លាយជា សិស្សនៃសេចក្តីល្អដែលត្រូវមក ។
ព្រះបរមងារមួយទៀតរបស់ព្រះយេស៊ូវគឺទ្រង់ នៅតែដដែលគឺពីម្សិលមិញ ថ្ងៃនេះហើយទៅដល់អស់កល្បជានិច្ច ។២៥ ភាពខ្ជាប់ខ្ជួនគឺជាគុណលក្ខណៈដូចជាព្រះគ្រីស្ទ ។ ព្រះយេស៊ូវតែងធ្វើតាមព្រះហប្ញទ័យព្រះវរបិតាទ្រង់២៦ ហើយព្រះពាហុរបស់ទ្រង់លាតសន្ធឹងយ៉ាងខ្ជាប់ខ្ជួន ដើម្បីសង្គ្រោះ ជួយនិងព្យាបាលយើង ។២៧ នៅពេលយើងកាន់តែខ្ជាប់ខ្ជួនក្នុងការរស់នៅតាមដំណឹងល្អ នោះយើងនឹងកាន់តែដូចព្រះយេស៊ូវ ។២៨ ទោះបីជាពិភពលោកនេះនឹងជួបប្រទះការផ្លាស់ប្តូរប្រជាប្រិយភាពរបស់វាដ៏ធំក្តី ពេលមនុស្សត្រូវគ្រប់អស់ទាំងខ្យល់នៃសេចក្តីបង្រៀនបោក ហើយផាត់យើងចុះឡើង២៩ នោះការរស់នៅតាមដំណឹងល្អដ៏ខ្ជាប់ខ្ជួន ជួយយើងឲ្យខ្ជាប់ខ្ជួន ហើយនឹងនរ ក្នុងអំឡុងពេលព្យុះនៃជីវិត ។៣០ យើងក៏អាចបង្ហាញពីភាពខ្ជាប់ខ្ជួនដោយការទទួលយកការអញ្ជើញរបស់ប្រធាន ណិលសុនឲ្យ « មានពេលវេលាសម្រាប់ព្រះអម្ចាស់ » ។៣១ កម្លាំងខាងវិញ្ញាណដ៏មហិមាបានមកពីកិច្ចការតូច និងងាយៗ ៣២ ដូចជាការបង្កើត « ទម្លាប់បរិសុទ្ធ និងទម្លាប់សុចរិត » ៣៣ នៃការអធិស្ឋាន ការប្រែចិត្ត ការសិក្សាព្រះគម្ពីរជាប្រចាំថ្ងៃ និងការបម្រើអ្នកដទៃ ។
ទីបួន ព្រះយេស៊ូវគឺជា ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ។៣៤ ព្រះជន្មរបស់ព្រះយេស៊ូវគឺជាគំរូនៃបរិសុទ្ធភាព ។ នៅពេលយើងធ្វើតាមព្រះយេស៊ូវ នោះយើងអាចដូចព្រះដ៏បរិសុទ្ធនៃ អ៊ីស្រាអែល ។៣៥ យើងចម្រើនភាពបរិសុទ្ធ នៅពេលយើងទៅព្រះវិហារបរិសុទ្ធជាទៀងទាត់ ដែលជាកន្លែង « បរិសុទ្ធភាពថ្វាយព្រះអម្ចាស់ » ដែលបានឆ្លាក់ពីលើច្រកចូលនីមួយៗ ។ រាល់ពេលដែលយើងថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធ នោះយើងប្រដាប់ដោយព្រះចេស្តាដ៏មហិមា ដើម្បីធ្វើឲ្យគេហដ្ឋានយើងក្លាយជាទីនៃបរិសុទ្ធភាព ។៣៦ សម្រាប់អស់អ្នកដែលពុំទាន់មានប័ណ្ណចូលព្រះវិហារបរិសុទ្ធ ខ្ញុំសូមអញ្ជើញបងប្អូនឲ្យទៅជួបប៊ីស្សព ហើយរៀបចំខ្លួនបងប្អូនដើម្បីចូល ឬត្រឡប់ទៅដំណាក់ដ៏បរិសុទ្ធនោះវិញ ។ ពេលវេលានៅក្នុងព្រះវិហារបរិសុទ្ធនឹងចម្រើនបរិសុទ្ធភាពនៅក្នុងជីវិតរបស់យើង ។
ព្រះនាមចុងក្រោយរបស់ព្រះយេស៊ូវគឺថាទ្រង់ ស្មោះត្រង់ ហើយពិតប្រាកដ ។៣៧ ដូចជាព្រះយេស៊ូវមានព្រះទ័យស្មោះ និងពិតត្រង់ជានិច្ច នោះព្រះរាជបំណងដ៏ស្មោះរបស់ទ្រង់គឺឲ្យ យើងបង្ហាញគុណសម្បត្ដិទាំងនេះនៅក្នុងជីវិតរបស់យើង ។ នៅពេលសេចក្តីជំនឿរបស់យើងធ្លាក់ចុះ នោះយើងអាចអំពាវនាវរកព្រះយេស៊ូវថា « ព្រះអម្ចាស់អើយ សូមជួយសង្គ្រោះទូលបង្គំផង » ដូចពេត្រុស ពេលគាត់ចាប់ផ្ដើមលិចចូលទៅក្នុងព្យុះនៃសមុទ្រកាលីឡេ ។៣៨ នៅថ្ងៃនោះ ព្រះយេស៊ូវយាងចុះទៅជួយសិស្សដែលលង់ទឹក ។ ទ្រង់បានធ្វើដូច្នេះចំពោះខ្ញុំ ហើយទ្រង់នឹងធ្វើដូច្នេះសម្រាប់បងប្អូនដែរ ។ ចូរកុំបោះបង់ព្រះយេស៊ូវឡើយ—ដ្បិតទ្រង់នឹងពុំបោះបង់បងប្អូនឡើយ !
នៅពេលយើងស្មោះ ហើយពិតត្រង់ នោះយើងធ្វើតាមការហៅរបស់ព្រះយេស៊ូវ « ចូរនៅជាប់នឹងខ្ញុំ » ដែលអាចមានន័យថា « នៅជាមួយខ្ញុំ » ៣៩ នៅពេលយើងប្រឈមមុខនឹងសំណួរ នៅពេលយើងត្រូវគេចំអកដល់សេចក្តីជំនឿរបស់យើង នៅពេលអ្នកដែលនៅអគារដ៏ធំ ហើយទូលាយចង្អុលមើលងាយដល់យើង ក៏យើងបន្ដនៅស្មោះ ហើយពិតត្រង់ជានិច្ច ។ នៅគ្រាទាំងនេះ យើងនឹកឃើញពីការអង្វររបស់ព្រះយេស៊ូវថា « ចូរមើលមកឯយើងដោយនូវគ្រប់ទាំងគំនិត ចូរកុំសង្ស័យ ចូរកុំខ្លាចឡើយ » ។៤០ នៅពេលយើងធ្វើដូច្នេះ នោះទ្រង់ប្រទានដល់យើងនូវសេចក្តីជំនឿ សេចក្តីសង្ឃឹម និងកម្លាំងដើម្បីនៅជាមួយទ្រង់ ជារៀងរហូត ។៤១
បងប្អូនប្រុសស្រីជាទីស្រឡាញ់ ព្រះយេស៊ូវសព្វព្រះទ័យឲ្យយើងស្គាល់ទ្រង់ គឺគ្មាននាមណាទៀតនៅក្រោមមេឃនេះដែលមនុស្សអាចបានសង្គ្រោះនៅក្នុងនគរនៃព្រះឡើយ ។៤២ ព្រះយេស៊ូវជាផ្លូវ ជាសេចក្តីពិត ហើយជាជីវិត—នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយលើកលែងតែទ្រង់ប៉ុណ្ណោះ ។៤៣ ព្រះយេស៊ូវគឺជាផ្លូវតែមួយគត់ ! ដោយហេតុនោះ ព្រះយេស៊ូវបានបោយព្រះហស្តហៅ « ចូរមកឯខ្ញុំ » ៤៤ « ចូរមកតាមខ្ញុំ » ៤៥ « ដើរជាមួយនឹងខ្ញុំ » ៤៦ ហើយ « រៀននឹងខ្ញុំ » ។៤៧
ខ្ញុំថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទដោយអស់ពីចិត្តថា—ទ្រង់មានព្រះជន្មរស់ ថាទ្រង់ស្រឡាញ់បងប្អូន ទ្រង់ស្គាល់ឈ្មោះបងប្អូន ។ ទ្រង់គឺជាព្រះរាជបុត្រារបស់ព្រះ ៤៨ ជាព្រះរាជបុត្រាតែ ១ របស់ព្រះវរបិតា ។៤៩ ទ្រង់គឺជាថ្មដា ទ្រង់ជាបន្ទាយ ជាខែល ជាទីជ្រកកោន និងជាអង្គរំដោះរបស់យើង ។៥០ ទ្រង់គឺជាពន្លឺដែលបំភ្លឺក្នុងសេចក្ដីងងឹត ។៥១ ទ្រង់គឺជាព្រះអង្គសង្រ្គោះ៥២ និងជាព្រះប្រោសលោះរបស់យើង ។៥៣ ទ្រង់គឺជាសេចក្តីរស់ឡើងវិញ ហើយជាជីវិត ។៥៤ ខ្ញុំមានក្ដីប្រាថ្នាដោយស្មោះសុំឲ្យ បងប្អូននឹងបានស្គាល់ព្រះនាមជាច្រើនរបស់ព្រះយេស៊ូវ ហើយនឹងក្លាយដូចទ្រង់ នៅពេលបងប្អូនយកគំរូតាមគុណលក្ខណៈដ៏ទេវភារបស់ទ្រង់នៅក្នុងជីវិតរបស់បងប្អូន ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕