ឱ !ក្រុងស៊ីយ៉ូនអើយ ចូរពាក់កម្លាំងរបស់ឯង
យើងម្នាក់ៗគួរតែវាយតម្លៃពីអាទិភាពខាងសាច់ឈាម និងខាងវិញ្ញាណរបស់យើងដោយស្មោះត្រង់ និងដោយការអធិស្ឋាន ។
រឿងប្រៀបប្រដូចគឺជាលក្ខណៈពិសេសនៃវិធីសាស្ត្របង្រៀនដ៏ជំនាញរបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ។ អត្ថន័យដ៏សាមញ្ញនៃ រឿងប្រៀបប្រដូចរបស់ព្រះអង្គសង្រ្គោះ គឺជារឿងដែលត្រូវបានប្រើ ដើម្បីប្រៀបធៀបសេចក្ដីពិតខាងវិញ្ញាណ ទៅនឹងបទពិសោធន៍ជាសម្ភារ និងជីវិតរមែងស្លាប់ ។ ឧទាហរណ៍ ៖ ដំណឹងល្អនៃព្រះគម្ពីរសញ្ញាថ្មី គឺពោរពេញទៅដោយការបង្រៀន ដែលប្រៀបធៀបនគរស្ថានសួគ៌ទៅនឹងគ្រាប់ពូជម្យ៉ាង ១ទៅនឹងកែវមុក្តាដ៏មានតម្លៃមហិមា ២ទៅនឹងម្ចាស់ចម្ការ និងជើងឈ្នួល ដែលធ្វើការនៅក្នុងចម្ការទំពាំងបាយជូរ៣ទៅនឹងស្ត្រីព្រហ្មចារីដប់នាក់ ៤និងរឿងជាច្រើនទៀត ។ អំឡុងពេលនៃការងារបម្រើរបស់ព្រះអម្ចាស់នៅកាលីឡេ ព្រះគម្ពីរបង្ហាញថា « ទ្រង់ពុំមានបន្ទូលទៅគេ ដោយពុំមានរឿងប្រៀបធៀបឡើយ » ។៥
អត្ថន័យ ឬសារលិខិតនៃរឿងប្រៀបប្រដូចនោះ ពុំមែនដើម្បីបង្ហាញភាពច្បាស់លាស់នោះទេ ។ តែរឿងនោះគឺគ្រាន់តែជួយនាំសេចក្តីពិតដ៏ទេវភាពទៅកាន់អ្នកទទួល តាមរង្វាស់នៃសេចក្តីជំនឿរបស់គេលើព្រះ ការរៀបចំផ្ទាល់ខ្លួនខាងវិញ្ញាណ និងឆន្ទៈដើម្បីរៀនសូត្រប៉ុណ្ណោះ ។ ដូច្នេះ បុគ្គលម្នាក់ត្រូវតែអនុវត្តសិទ្ធិជ្រើសរើសខាងសីលធម៌ និង« សូម រក និងគោះ » យ៉ាងសកម្ម៦ ដើម្បីបានរកឃើញសេចក្ដីពិត ដែលបានបង្កប់ក្នុងរឿងប្រៀបប្រដូចនោះ ។
ខ្ញុំសូមអធិស្ឋានដោយស្មោះសុំឲ្យព្រះវិញ្ញាណបរិសុទ្ធនឹងបំភ្លឺយើងម្នាក់ៗពេលនេះ កាលយើងពិចារណាអំពីសារៈសំខាន់នៃរឿងប្រៀបប្រដូចអំពីការបរិភោគការនៃវិវាហមង្គលការរបស់ស្តេច ។
ការបរិភោគការក្នុងវិវាហមង្គលការរបស់ស្តេច
« ព្រះយេស៊ូវ … មានបន្ទូលរឿងប្រៀបប្រដូច១ទៀតទៅគេថា
នគរស្ថានសួគ៌ប្រៀបដូចជាស្តេច ១ អង្គ ដែលរៀបវិវាហមង្គលឲ្យព្រះរាជបុត្រា ។
ទ្រង់ចាត់ពួកមហាតលិកឲ្យទៅហៅពួកភ្ញៀវ ដែលទ្រង់បានអញ្ជើញមកក្នុងមង្គលការនោះ ប៉ុន្តែអ្នកទាំងនោះមិនព្រមមកទេ ។
ទ្រង់ក៏ចាត់ពួកមហាតលិកឯទៀតឲ្យទៅ ដោយបន្ទូលថា ចូរឯងប្រាប់ពួកភ្ញៀវថា ឥឡូវគ្រឿងជប់លៀងបានរៀបជាស្រេចហើយ គេបានសម្លាប់គោ និងសត្វបំប៉នយ៉ាងធាត់ៗ ហើយក៏រៀបចំគ្រប់ទាំងអស់រួចជាស្រេច ចូរមកបរិភោគការចុះ ។
« តែអ្នកទាំងនោះធ្វេសប្រហែសវិញ ម្នាក់ក៏ទៅឯចម្ការខ្លួន ម្នាក់ទៀតទៅឯការជំនួញ » ។៧
នៅសម័យបុរាណ ឱកាសដ៏រីករាយក្នុងជីវិតនៃពួកសាសន៍យូដា គឺជាពិធីមង្គលការនេះឯង—ជាព្រឹត្តិការណ៍មួយដែលមានរយៈពេលមួយសប្តាហ៍ ឬពីរសប្តាហ៍ឯណោះ ។ ព្រឹត្តិការណ៍បែបនេះតម្រូវឲ្យមានការរៀបចំផែនការច្រើន ហើយភ្ញៀវត្រូវបានជូនដំណឹងទុកជាមុនយ៉ាងយូរ ដោយមានការរំឭកផ្ញើទៅនៅថ្ងៃបើកពិធីនេះ ។ ការអញ្ជើញពីស្ដេចទៅកាន់អនុរាស្ត្ររបស់ទ្រង់ មកកាន់ពិធីមង្គលការនេះ ត្រូវបានចាត់ទុកថា ជាបញ្ញត្តិមួយយ៉ាងសំខាន់ ។ ប៉ុន្តែភ្ញៀវជាច្រើនដែលត្រូវបានអញ្ជើញនៅក្នុងរឿងប្រៀបប្រដូចនេះមិនបានមកទេ ។ ៨
« ការបដិសេធមិនចូលរួមបរិភោគការរបស់ស្ដេច គឺជាទង្វើបះបោរទាស់នឹងអំណាចស្តេចដោយចេតនា និងជាការប្រមាថផ្ទាល់ខ្លួនទាស់នឹងអំណាចសោយរាជ្យ និងបុត្រារបស់ទ្រង់ ។ … ការងាកចេញដែលបុរសម្នាក់ទៅឯចម្ការរបស់ខ្លួន និងម្នាក់ទៀតបានទៅធ្វើ [ កិច្ចការជំនួញ ] របស់គាត់ »៩ឆ្លុះបញ្ចាំងពីពួកគេដាក់អាទិភាពខុស និងពុំគោរពតាមទាំងស្រុងចំពោះព្រះរាជបំណងរបស់ស្ដេច ។១០
រឿងប្រៀបប្រដូចបន្តថា ៖
« រួចទ្រង់មានបន្ទូលទៅពួកមហាតលិកថា ការបានរៀបចំជាស្រេច តែពួកភ្ញៀវមិនគួរនឹងមកបរិភោគទេ ។
ដូច្នេះ ចូរទៅឯផ្លូវប្រសព្វ អញ្ជើញអស់អ្នកណាដែលប្រទះឃើញ ឲ្យគេមកបរិភោគវិញ ។
មហាតលិកទាំងនោះក៏ចេញទៅតាមផ្លូវប្រមូលអស់អ្នកណាដែលប្រទះឃើញ ទាំងអាក្រក់ទាំងល្អមក នោះរោងការមានភ្ញៀវពេញព្រៀប » ។១១
ទំនៀមទម្លាប់នៅជំនាន់នោះ គឺថាម្ចាស់មង្គលការដែលអញ្ជើញភ្ញៀវបរិភោគការ—ក្នុងរឿងប្រៀបប្រដូចនេះគឺជាស្តេច—ត្រូវផ្តល់សម្លៀកបំពាក់សម្រាប់ភ្ញៀវដែលមកមង្គលការនោះ ។ សម្លៀកបំពាក់អាពាហ៍ពិពាហ៍បែបនេះ ជាអាវផាយសាមញ្ញធម្មតា ដែលអ្នកចូលរួមទាំងអស់ស្លៀកពាក់ ។ តាមរបៀបនេះ ឋានន្ដរសក្តិ និងឋានៈត្រូវបានលុបចោល ហើយមនុស្សគ្រប់គ្នានៅក្នុងពិធីបរិភោគការនោះ អាចជួបជុំដោយស្មើភាពគ្នា ។១២
អ្នកដែលបានអញ្ជើញពីផ្លូវប្រសព្វ ដើម្បីចូលរួមពិធីមង្គលការនេះ នឹងគ្មានពេលវេលា ឬមធ្យោបាយ ដើម្បីទិញសម្លៀកបំពាក់សមរម្យត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍នោះទេ ។ ជាលទ្ធផល ស្ដេចទំនងជាប្រទានសម្លៀកបំពាក់ពីទូខោអាវរបស់ទ្រង់ផ្ទាល់ទៅឲ្យភ្ញៀវទាំងនោះ ។ មនុស្សគ្រប់គ្នាត្រូវបានផ្តល់ឱកាសឲ្យស្លៀកពាក់ដោយខ្លួនឯង ដោយស្លៀកសម្លៀកបំពាក់របស់ស្តេច ។១៣
នៅពេលស្ដេចបានយាងចូលសាលមង្គលការ នោះទ្រង់បានស្ទង់មើលអ្នកចូលរួមទាំងនោះ ហើយបានកត់សម្គាល់ឃើញមួយរំពេចថា ភ្ញៀវដ៏លេចធ្លោម្នាក់មិនបានពាក់អាវផាយទេ ។ បុរសនោះត្រូវបានគេនាំទៅមុខស្តេច ហើយទ្រង់បានសួរថា ៖ « សម្លាញ់អើយ ដូចម្តេចបានជាអ្នកចូលមកទីនេះ ឥតពាក់អាវផាយដូច្នេះ ? អ្នកនោះរកឆ្លើយអ្វីមិនបានឡើយ » ។១៤ ដោយសារតែវាសំខាន់ នោះស្ដេចបានសួរថា « ហេតុអ្វីអ្នកមិនពាក់អាវផាយដូច្នេះ សូម្បីតែសម្លៀកបំពាក់នោះបានផ្តល់ឲ្យអ្នកហើយក៏ដោយ ? »១៥
ច្បាស់ណាស់បុរសនោះមិនបានស្លៀកពាក់សមរម្យសម្រាប់ឱកាសពិសេសនេះទេ ហើយឃ្លាដែលថា « អ្នកនោះរកឆ្លើយអ្វីមិនបានឡើយ » បង្ហាញថា បុរសនោះគ្មានពាក្យដោះសារទេ ។១៦
អែលឌើរ ជេម អ៊ិ ថាល់មេហ្គ ផ្តល់នូវការណែនាំនេះអំពីសារៈសំខាន់នៃសកម្មភាពរបស់បុរសនោះថា៖« ភ្ញៀវដែលមិនបានពាក់អាវផាយនោះមានទោស ដោយសារការធ្វេសប្រហែស មិនគោរពដោយចេតនា ឬមានការប្រមាថធ្ងន់ធ្ងរមួយចំនួនទៀត វាបង្ហាញច្បាស់ក្នុងបរិបទនោះ ។ ដំបូងស្តេចបានព្រះតម្រិះដោយសប្បុរស ដោយសួរតែអំពីរបៀបដែលបុរសនោះ បានចូលទៅក្នុងពិធី ដែលពុំពាក់អាវផាយប៉ុណ្ណោះ ។ បើភ្ញៀវនោះអាចពន្យល់ពីការស្លៀកពាក់ខុសគេរបស់គាត់ ឬនិយាយសមហេតុផល ដែលគាត់នឹងនិយាយ ប៉ុន្តែយើងត្រូវបានប្រាប់ថា គាត់នៅតែមិននិយាយ ។ ការកោះហៅរបស់ស្ដេចត្រូវបានអញ្ជើញដោយសេរី ដល់អស់អ្នកដែលអ្នកបម្រើរបស់ទ្រង់បានរកឃើញ ប៉ុន្តែពួកគេម្នាក់ៗត្រូវតែចូលទៅក្នុងរាជវាំងតាមទ្វារ ហើយមុននឹងទៅដល់បន្ទប់ជប់លៀងដែលស្តេចនឹងបង្ហាញព្រះកាយផ្ទាល់ នោះបុគ្គលម្នាក់ៗត្រូវស្លៀកពាក់ឲ្យបានសមរម្យ ប៉ុន្តែបុរសដែលមិនបានពាក់អាវផាយនោះ បានចូលតាមផ្លូវណាមួយផ្សេងទៀត ដោយមធ្យោបាយណាមួយ ហើយមិនបានឆ្លងកាត់អ្នកយាមនៅច្រកចូលនោះទេ គាត់គឺជាជនល្មើស » ។១៧
អ្នកនិពន្ធគ្រីស្ទានម្នាក់ឈ្មោះ ចន អូ រេដ បានកត់សម្គាល់ថា ការបដិសេធរបស់បុរសនោះក្នុងការពាក់អាវផាយ បានបង្ហាញយ៉ាងស្ដែងពី« ការមិនគោរពចំពោះស្ដេច និងបុត្រារបស់ទ្រង់ » ។ គាត់មិនមែនខ្វះអាវផាយនោះទេ ផ្ទុយទៅវិញគាត់បានជ្រើសរើសមិនពាក់អាវនោះតែម្តង ។ គាត់បានបដិសេធទាំងបះបោរក្នុងការស្លៀកពាក់សមរម្យសម្រាប់ឱកាសនោះ ។ ប្រតិកម្មរបស់ស្ដេចមានភាពរហ័ស និងមិនរួញរាថា ៖ « ចូរចងជើងចងដៃវាបោះចោលទៅឯទីងងឹតខាងក្រៅទៅ នៅទីនោះនឹងយំ ហើយសង្កៀតធ្មេញ » ។១៨
ការវិនិច្ឆ័យរបស់ស្តេចអំពីបុរសនោះ មិនផ្អែកចម្បងលើការខ្វះអាវផាយនោះទេ—តែ« តាមពិតទៅ បុរសនោះបានតាំងចិត្តថា មិនពាក់វាទេ » ។ បុរស…នោះចង់បានកិត្តិយសចូលរួមបរិភោគការ ប៉ុន្តែ…មិនចង់ធ្វើតាមទំនៀមទម្លាប់របស់ស្ដេច ។ គាត់ចង់ធ្វើអ្វីៗតាមចិត្តខ្លួនឯង ។ កង្វះខាតក្នុងការស្លៀកពាក់សមរម្យរបស់គាត់ បានបង្ហាញពីការបះបោរក្នុងចិត្តរបស់គាត់ ប្រឆាំងនឹងស្ដេច និងការណែនាំរបស់ទ្រង់ ។១៩
ដ្បិតបានហៅមនុស្សជាច្រើន តែរើសបានតិចទេ
បន្ទាប់មករឿងប្រៀបប្រដូចនោះ បានបញ្ចប់ដោយខគម្ពីរដ៏ជ្រួតជ្រាបនេះថា « ដ្បិតបានហៅមនុស្សជាច្រើន តែរើសបានតិចទេ » ។២០
គួរឲ្យចាប់អារម្មណ៍ណាស់ យ៉ូសែប ស្ម៊ីធ បានកែសម្រួលខក្នុងគម្ពីរម៉ាថាយនេះ ជាការបកប្រែដ៏បំផុសគំនិតរបស់លោកអំពីព្រះគម្ពីរប៊ីប ៖ « មានមនុស្សជាច្រើនដែលត្រូវបានហៅ ប៉ុន្តែមានមនុស្សតែបន្តិចទេដែល ត្រូវបានរើស ហេតុដូច្នេះហើយ មនុស្សទាំងអស់ពុំមែនមានអាវផាយពាក់ទាំងអស់គ្នានោះទេ២១
ការអញ្ជើញទៅ បរិភោគការ និង ជម្រើសដើម្បីទទួលទានអាហារក្នុង ការបរិភោគការនោះ វាទាក់ទងគ្នា ប៉ុន្តែមានភាពខុសគ្នា ។ ការអញ្ជើញនោះគឺសម្រាប់បុរស និងស្ត្រីទាំងអស់ ។ បុគ្គលម្នាក់អាចទទួលយកការអញ្ជើញនោះ ហើយអង្គុយនៅឯការបរិភោគការនោះ—ប៉ុន្តែមិនត្រូវបានជ្រើសរើសឲ្យទទួលទានទេ ដោយសារតែគាត់គ្មានអាវផាយសមរម្យ ក្នុងការប្រែចិត្តជឿលើព្រះអម្ចាស់យេស៊ូវ និងព្រះគុណដ៏ទេវភាពរបស់ទ្រង់នោះឡើយ ។ ដូច្នេះ យើងមានទាំងការហៅរបស់ព្រះ និងការតបរបស់យើងផ្ទាល់ចំពោះការហៅនោះ ហើយមនុស្សជាច្រើនត្រូវបានហៅ ប៉ុន្តែមានមនុស្សតិចទេ ដែលត្រូវបានជ្រើសរើស ។២២
ការត្រូវបានជ្រើសរើស ឬក្លាយជាអ្នកដែលត្រូវបានជ្រើសរើស ពុំមែនជាស្ថានភាពពិសេសមួយ ដែលបានប្រទានដល់យើងឡើយ ។ តែ បងប្អូន និងខ្ញុំអាចជ្រើសរើសដើម្បីត្រូវបានជ្រើសរើសនៅទីបំផុត តាមរយៈការអនុវត្តសិទ្ធិជ្រើសរើសផ្នែកសីលធម៌របស់យើងដ៏សុចរិត ។
សូមកត់សម្គាល់ពីការប្រើពាក្យ បានរើស នៅក្នុងខគម្ពីរក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញាដូចតទៅនេះ ៖
« មើលចុះ មានមនុស្សជាច្រើនដែលត្រូវបានហៅ ប៉ុន្តែមានមនុស្សតែបន្តិចទេដែលត្រូវ បានរើស ។ ហើយតើហេតុអ្វីបានជាពួកគេមិនត្រូវ បានរើស
« ពីព្រោះចិត្តរបស់ពួកគេត្រូវបានភ្ជាប់ជាខ្លាំងទៅលើអ្វីៗទាំងឡាយនៃលោកិយនេះ ហើយប្រាថ្នាចង់បានកិត្តិយសនៃមនុស្សលោក » ។២៣
ខ្ញុំជឿថា អត្ថន័យនៃខគម្ពីរទាំងនេះគឺមានន័យត្រង់ ។ ព្រះគ្មានបញ្ជីនៃមនុស្សដែលទ្រង់សព្វព្រះទ័យ ដែលយើងសង្ឃឹមថា ឈ្មោះរបស់យើងនឹងត្រូវបានដាក់បញ្ចូលក្នុងបញ្ជីនោះនៅថ្ងៃណាមួយនោះទេ ។ ទ្រង់ពុំបានកំណត់ « មនុស្សជម្រើស » តែពីរបីនាក់នោះទេ ។ ផ្ទុយទៅវិញ ដួងចិត្ត របស់យើងសេចក្ដីប្រាថ្នា របស់យើងការគោរពសេចក្ដីសញ្ញា និងពិធីបរិសុទ្ធនៃដំណឹងល្អដ៏ពិសិដ្ឋ របស់យើងការគោរពតាមបញ្ញត្តិ របស់យើងហើយសំខាន់បំផុត គឺព្រះគុណប្រោសលោះរបស់ព្រះអង្គសង្គ្រោះ ជាអ្នកកំណត់ថា តើយើងត្រូវបានរាប់ថា ជាមនុស្សជម្រើសម្នាក់ក្នុងចំណោមមនុស្សជម្រើសរបស់ព្រះដែរឬអត់ ។២៤
« ដ្បិតយើងព្យាយាមខំសរសេរពាក្យទាំងនេះ ដើម្បីបញ្ចុះបញ្ចូលកូនចៅយើង និងបងប្អូនយើងផង ដើម្បីឲ្យជឿដល់ព្រះគ្រីស្ទ ហើយឲ្យស្រុះស្រួលនឹងព្រះ ដ្បិតយើងដឹងថា មានតែដោយព្រះគុណទេ ទើបយើងបានសង្គ្រោះ បន្ទាប់ពីអ្វីៗទាំងអស់ដែលយើងអាចធ្វើបាន » ។២៥
ភាពមមាញឹកនៃជីវិតប្រចាំថ្ងៃ និងភាពជ្រួលច្របល់នៃពិភពលោកបច្ចុប្បន្នដែលយើងរស់នៅនេះ យើងអាចត្រូវបានបង្វែរចេញពីអ្វីដែលអស់កល្បជានិច្ច ដែលសំខាន់បំផុត ព្រោះតែការផ្គាប់ចិត្តខ្លួនឯង ភាពចម្រុងចម្រើន មានប្រជាប្រិយភាព ហើយលេចធ្លោលើអាទិភាពចម្បងរបស់យើង ។ ការបណ្ដោយឲ្យខ្លួនយើងជាប់រវល់ជាមួយ « អ្វីៗទាំងឡាយនៃលោកិយនេះ » និង « កិត្តិយសនៃមនុស្សលោក » អាចនាំយើងឲ្យលក់អំណាចមរតកនៃកូនច្បងខាងវិញ្ញាណរបស់យើងដូរយកសម្លធម្មតាមួយចានដែលមិនសូវមានតម្លៃទៅវិញ ។២៦
ការសន្យា និងទីបន្ទាល់
ខ្ញុំសូមថ្លែងឡើងវិញអំពីសេចក្តីដាស់តឿនរបស់ព្រះអម្ចាស់ ចំពោះរាស្ត្រទ្រង់ ដែលបានប្រទានឲ្យតាមរយៈព្យាការីហាកាយ ក្នុងគម្ពីរសញ្ញាចាស់ថា ៖ « ឥឡូវ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា ចូរឯងរាល់គ្នាពិចារណាផ្លូវប្រព្រឹត្តរបស់ខ្លួនចុះ » ។២៧
យើងម្នាក់ៗគួរតែវាយតម្លៃអាទិភាពខាងសាច់ឈាម និងខាងវិញ្ញាណរបស់យើងដោយស្មោះសរ និងដោយការអធិស្ឋាន ដើម្បីស្គាល់អ្វីៗដែលអាចរារាំងពរជ័យដ៏ច្រើនក្នុងជីវិតយើង ដែលព្រះវរបិតាសួគ៌ និងព្រះអង្គសង្រ្គោះមានព្រះឆន្ទៈប្រទានដល់យើង ។ ហើយព្រះវិញ្ញាណបរិសុទ្ធនឹងជួយយើងឲ្យមើលឃើញខ្លួនឯង ជាបុគ្គលបែបណាពិតប្រាកដ ។២៨
នៅពេលយើងស្វែងរកដោយត្រឹមត្រូវនូវអំណោយទានខាងវិញ្ញាណនៃភ្នែកដែលមើលឃើញ និងត្រចៀកដែលស្តាប់ឮ ២៩នោះខ្ញុំសន្យាថា យើងនឹងទទួលបានពរជ័យដើម្បីមានសមត្ថភាព និងការវិនិច្ឆ័យ មកពង្រឹងទំនាក់ទំនងនៃសេចក្ដីសញ្ញារបស់យើង ជាមួយព្រះអម្ចាស់ដ៏មានព្រះជន្មរស់ ។ យើងក៏នឹងទទួលបានអំណាចនៃព្រះក្នុងជីវិតរបស់យើង៣០ហើយនៅទីបំផុត យើងនឹងត្រូវបានទាំង ហៅ និងបានរើស សម្រាប់ការបរិភោគការរបស់ព្រះអម្ចាស់ ។
« ចូរភ្ញាក់ឡើង ចូរភ្ញាក់ឡើង ឱក្រុងស៊ីយ៉ូនអើយ ចូរពាក់កម្លាំងរបស់ឯង » ។៣១
« ដ្បិតក្រុងស៊ីយ៉ូនត្រូវតែពង្រីកខាងលម្អ និងខាងបរិសុទ្ធភាពព្រំដែនទំាងឡាយរបស់នាង ត្រូវតែពង្រីកឡើង ស្តេកទំាងឡាយរបស់នាង ត្រូវបានចម្រើនកម្លំាងឡើង មែនហើយ យើងប្រាប់អ្នកជាប្រាកដថា ក្រុងស៊ីយ៉ូនត្រូវក្រោកឡើង ហើយប្រដាប់ដោយសម្លៀកបំពាក់ដ៏រុងរឿងរបស់នាងចុះ » ។៣២
ខ្ញុំសូមប្រកាសទីបន្ទាល់របស់ខ្ញុំដោយអំណរអំពីទេវភាព និងសេចក្ដីពិតដ៏សកម្មរបស់ព្រះ ដែលជាព្រះវរបិតាដ៏នៅអស់កល្បរបស់យើង និងបុត្រាដ៏ជាទីស្រឡាញ់របស់ទ្រង់គឺព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្គ្រោះ និងជាព្រះប្រោសលោះរបស់យើង ហើយថាទ្រង់មានព្រះជន្មរស់ ។ ហើយខ្ញុំក៏សូមថ្លែងទីបន្ទាល់ផងដែរថា ព្រះវរបិតា និងព្រះរាជបុត្រា បានបង្ហាញព្រះកាយដល់យុវជន យ៉ូសែប ស្ម៊ីធ ហើយនោះគឺជាការចាប់ផ្ដើមនៃការស្ដារឡើងវិញ នូវដំណឹងល្អរបស់ព្រះអង្គសង្គ្រោះនៅថ្ងៃចុងក្រោយនេះ ។ សូមឲ្យយើងម្នាក់ៗស្វែងរក និងទទួលពរ ដោយមានភ្នែកដែលមើលឃើញ និងត្រចៀកដែលស្តាប់ឮ ខ្ញុំសូមអធិស្ឋានក្នុងព្រះនាមដ៏ពិសិដ្ឋរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ អាម៉ែន ៕