ចូរឲ្យការធ្វើអំពើល្អជារឿងធម្មតារបស់យើង
បើយើងខ្ជាប់ខ្ជួន ហើយនឹងនរនៅក្នុងការធ្វើអំពើល្អ នោះទំនៀមទម្លាប់របស់យើងនឹងជួយយើងឲ្យបន្តដើរនៅលើផ្លូវនៃសេចក្ដីសញ្ញា ។
ខ្ញុំតែងមានអំណរគុណចំពោះការចាត់តាំងនៅក្នុងសាសនាចក្រ ដែលខ្ញុំមានឱកាសរស់នៅក្នុងប្រទេសផ្សេងៗ ។ យើងឃើញនៅក្នុងប្រទេសនីមួយៗ មានមនុស្សចម្រុះគ្នាដ៏អស្ចារ្យជាច្រើន ដែលមានទំនៀមទម្លាប់ និងប្រពៃណីខុសៗគ្នា ។
យើងទាំងអស់គ្នាមានទំនៀមទម្លាប់ និងប្រពៃណី ផ្ទាល់ខ្លួន មកពីគ្រួសារ ឬសហគមន៍ដែលយើងរស់នៅ ហើយយើងសង្ឃឹមថា អាចរក្សាទំនៀមទម្លាប់ និងប្រពៃណីស្របនឹងគោលការណ៍នៃដំណឹងល្អ ។ ការស្អាងទំនៀមទម្លាប់ និងប្រពៃណីឡើង គឺជាការខិតខំគោលរបស់យើង ដើម្បីបន្តដើរនៅលើផ្លូវនៃសេចក្ដីសញ្ញា ឯទំនៀមទម្លាប់ និងប្រពៃណីណាដែលជាឧបសគ្គ យើងគួរតែលះបង់ចោល ។
ទំនៀមទម្លាប់គឺជាការអនុវត្ត ឬរបៀបនៃការគិតជាញឹកញាប់ និងជាទម្លាប់របស់មនុស្សម្នាក់ វប្បធម៌មួយ ឬប្រពៃណីមួយ ។ ជាញឹកញាប់ អ្វីៗដែលយើងគិត និងធ្វើតាមរបៀបដែលជាទម្លាប់មួយ នោះយើងទទួលស្គាល់ថាវាជា រឿងធម្មតា ។
សូមឲ្យខ្ញុំបង្ហាញរឿងនេះ ៖ ផាទ្រីស្សា ភរិយាជាទីស្រឡាញ់របស់ខ្ញុំ ចូលចិត្តផឹកទឹកដូង ហើយបន្ទាប់មកញ៉ាំសាច់ដូង ។ អំឡុងទស្សនកិច្ចដំបូងរបស់យើងទៅកាន់ទីក្រុង ភួយប្លា ប្រទេស ម៉ិកស៊ិក យើងបានទៅទិញដូងនៅកន្លែងមួយ ។ បន្ទាប់ពីផឹកទឹកអស់ហើយ ភរិយាខ្ញុំបានសុំពួកគេឲ្យកាប់ដូងនោះ ហើយយកសាច់មកឲ្យគាត់ញ៉ាំ ។ ពេលគេយកសាច់ដូងមក វាមានពណ៌ក្រហមព្រឿងៗ ។ ពួកគេបានរោយម្ទេសលើវា ! សាច់ដូងផ្អែមលាយម្ទេស ! វាចម្លែកណាស់សម្រាប់យើង ។ ប៉ុន្តែក្រោយមកយើងបានដឹងថា អ្នកដែលចម្លែកនោះគឺជាប្រពន្ធខ្ញុំ និងខ្ញុំទៅវិញទេ ដែលមិនញ៉ាំសាច់ដូងជាមួយម្ទេសនោះ ។ តែនៅក្នុងប្រទេស ម៉ិកស៊ិក វាពុំចម្លែកទេ វាជារឿងធម្មតាណាស់ ។
ក្នុងឱកាសមួយទៀត យើងកំពុងទទួលទានអាហារនៅប្រទេស ប្រេស៊ីល ជាមួយមិត្តភក្ដិ ពួកគេបានឲ្យផ្លែប័រមកឲ្យយើងញ៉ាំ ។ ពេលយើងហៀបនឹងរោយអំបិលលើវា មិត្តយើងបាននិយាយ « តើអ្នកកំពុងធ្វើអ្វីហ្នឹង ? យើងបានដាក់ស្ករលើផ្លែប័រនោះរួចហើយ ! » ផ្លែប័រជាមួយស្ករ ! វាចម្លែកណាស់សម្រាប់យើង ។ ប៉ុន្តែក្រោយមកយើងបានដឹងថា អ្នកដែលចម្លែកនោះគឺជាប្រពន្ធខ្ញុំ និងខ្ញុំទៅវិញទេ ដែលមិនញ៉ាំផ្លែប័រជាមួយស្ករនោះ ។ នៅក្នុងប្រទេស ប្រស៊ីល ផ្លែប័រជាមួយស្ករគឺជារឿងធម្មតា ។
អ្វីដែលជារឿងធម្មតាសម្រាប់មនុស្សខ្លះ អាចជារឿងចម្លែកសម្រាប់អ្នកផ្សេងទៀត អាស្រ័យទៅលើប្រពៃណី និងទំនៀមទម្លាប់របស់ពួកគេ ។
តើប្រពៃណី និងទំនៀមទម្លាប់ណាដែលជារឿងធម្មតាក្នុងជីវិតយើង ?
ប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍ថា « សព្វថ្ងៃនេះ យើងស្ដាប់ឮជាញឹកញាប់អំពី ‹ ស្ថានភាពធម្មតាថ្មី › ។ បើបងប្អូនពិតជាចង់ឱបក្រសោបស្ថានភាពធម្មតាថ្មី ខ្ញុំសូមអញ្ជើញបងប្អូនឲ្យបង្វែរដួងចិត្ត គំនិត និងព្រលឹងកាន់តែខ្លាំងទៅរកព្រះវរបិតាសួគ៌ និងព្រះរាជបុត្រាទ្រង់ ព្រះយេស៊ូវគ្រីស្ទ ។ សូមឲ្យការណ៍នោះគឺជាស្ថានភាពធម្មតាថ្មី » របស់បងប្អូន(“A New Normal » Liahonaខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ១១៨ ) ។
ការអញ្ជើញនេះគឺសម្រាប់មនុស្សគ្រប់រូប ។ មិនថាយើងក្រ ឬមាន មានការអប់រំ ឬខ្វះការអប់រំ ចាស់ ឬក្មេង ឈឺ ឬសុខភាពល្អនោះទេ ។ លោកអញ្ជើញយើងឲ្យប្រែ « រឿងធម្មតា » ទាំងឡាយនៅក្នុងជីវិតយើង ក្លាយជាអ្វីដែលនឹងជួយយើងបន្តដើរនៅលើផ្លូវនៃសេចក្ដីសញ្ញា ។
គ្មានប្រទេសណាមួយដែលមានអ្វីដែលល្អ និងគួរឲ្យសរសើរទាំងព្រមនោះទេ ។ ដូច ដែល ព្យាការី យ៉ូសែប ស្ម៊ីធ បានបង្រៀន ៖
« បើសិនជាមានអ្វីណាមួយ ដែល ប្រកប ដោយ គុណធម៌ គួរ ស្រឡាញ់ ឬ ឈ្មោះ ល្អ ឬ ក៏ គួរ ឲ្យ សរសើរ នោះ យើង ខ្ញុំ ស្វែង រក របស់ ផង ទាំង នោះ ហើយ » ( មាត្រា នៃ សេចក្តី ជំនឿ ១:១៣ ) ។
« បើមានសគុណណា ឬជាសេចក្តីសរសើរណា នោះចូរពិចារណាពីសេចក្តីទាំងនោះចុះ » ( ភីលីព ៤:៨ ) ។
សូមកត់ចំណាំថា នេះជាការដាស់តឿន ពុំមែនគ្រាន់តែជាការអត្ថាធិប្បាយនោះទេ ។
ខ្ញុំសូមឲ្យយើងចំណាយពេលមួយសន្ទុះសញ្ជឹងគិតអំពីប្រពៃណីយើង និងរបៀបដែលប្រពៃណីទាំងនោះជះឥទ្ធិពលលើគ្រួសារយើង ។
ក្នុងចំណោមទម្លាប់ដ៏អស្ចារ្យដែលគួរតែជារឿងធម្មតាសម្រាប់សមាជិកសាសនាចក្រ គឺមានចំនួនបួន ៖
-
ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន និងជាគ្រួសារ ។ ដើម្បីមានការប្រែចិត្តជឿលើព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ មនុស្សម្នាក់ៗមានការទទួលខុសត្រូវក្នុងការរៀនសូត្រដំណឹងល្អ ។ ឪពុកម្តាយទទួលខុសត្រូវលើការបង្រៀនដំណឹងល្អដល់កូនៗរបស់ខ្លួន ( សូមមើលគោលលទ្ធិ និង សេចក្ដីសញ្ញា ៦៨:២៥; ៩៣:៤០ ) ។
-
ការអធិស្ឋានផ្ទាល់ខ្លួន និងជាគ្រួសារ ។ ព្រះអង្គសង្គ្រោះបញ្ជាយើងឲ្យអធិស្ឋានជានិច្ច ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:៣៨ ) ។ ការអធិស្ឋានអនុញ្ញាតឲ្យយើងប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយព្រះជាព្រះវរបិតាសួគ៌របស់យើង នៅក្នុងព្រះនាមព្រះរាជបុត្រាទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ។
-
ចូលរួមការប្រជុំសាក្រាម៉ង់ប្រចាំសប្តាហ៍ ( សូមមើល នីហ្វៃទី៣ ១៨:១–១២; មរ៉ូណៃ ៦:៥–៦ ) ។ យើងធ្វើដូច្នោះ ដើម្បីចងចាំព្រះយេស៊ូវគ្រីស្ទ កាលដែលយើងទទួលទានសាក្រាម៉ង់ ។ នៅក្នុងពិធីបរិសុទ្ធនេះ សមាជិកសាសនាចក្ររំឭកសេចក្ដីសញ្ញាជាថ្មី អំពីការលើកមកដាក់លើខ្លួននូវព្រះនាមរបស់ព្រះអង្គសង្គ្រោះ ចងចាំទ្រង់ជានិច្ច និងកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ២០:៧៧, ៧៩ ) ។
-
ការចូលរួមក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិឲ្យបានញឹកញាប់ ។ កិច្ចការនេះគឺជាមធ្យោបាយដើម្បីបង្រួបបង្រួម និងផ្សារភ្ជាប់ក្រុមគ្រួសារសម្រាប់ភាពអស់កល្បជានិច្ច ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៨:១៥ ) ។
តើយើងមានអារម្មណ៍យ៉ាងណា នៅពេលយើងស្ដាប់ឮអំពីទម្លាប់ទាំងបួននេះ ? តើវាមានចំណែកក្នុងជីវិតធម្មតារបស់យើងដែរឬទេ ?
មានទំនៀមទម្លាប់ជាច្រើនទៀត ដែលមានចំណែកនៃភាពធម្មតា ដែលយើងបានទទួលយក ហេតុដូច្នេះ ចូរទុកឲ្យព្រះឈ្នះនៅក្នុងជីវិតយើងចុះ ។
តើយើងអាចកំណត់ថាអ្វីខ្លះនឹងជារឿងធម្មតានៅក្នុងជីវិតយើង និងក្នុងគ្រួសារដោយរបៀបណា ? ក្នុងព្រះគម្ពីរ យើងឃើញមានគំរូដ៏អស្ចារ្យមួយ នៅក្នុង ម៉ូសាយ ៥:១៥ដែលចែងថា « យើងចង់ឲ្យអ្នករាល់គ្នាតាំងចិត្តឲ្យខ្ជាប់ខ្ជួន ហើយនឹងន គឺពោរពេញទៅដោយអំពើល្អជានិច្ច » ។
ខ្ញុំស្រឡាញ់ពាក្យទាំងនេះណាស់ ដោយសារយើងដឹងថា រឿងទាំងឡាយដែលក្លាយជារឿងធម្មតានៅក្នុងជីវិតយើង គឺជារឿងទាំងឡាយដែលយើងធ្វើម្ដងហើយម្ដងទៀត ។ បើយើងខ្ជាប់ខ្ជួន ហើយនឹងននៅក្នុងការធ្វើអំពើល្អ នោះទំនៀមទម្លាប់របស់យើងនឹងស្របទៅនឹងគោលការណ៍ទាំងឡាយនៃដំណឹងល្អ ហើយវានឹងជួយយើងឲ្យបន្តដើរនៅលើផ្លូវនៃសេចក្ដីសញ្ញា ។
ប្រធាន ណិលសុន ក៏បានផ្ដល់ដំបូន្មានផងដែរថា « ឱបក្រសោបយកភាពធម្មតាថ្មីរបស់បងប្អូនដោយការប្រែចិត្តជាប្រចាំថ្ងៃ ។ សូមព្យាយាមបង្កើនបរិសុទ្ធភាពនៅក្នុងគំនិត ពាក្យសម្ដី និងទង្វើ ។ ផ្ដល់ការងារបម្រើដល់អ្នកដទៃ ។ រក្សាទស្សនៈវិស័យអស់កល្បជានិច្ច ។ តម្កើងការហៅរបស់បងប្អូន ។ ហើយមិនថាឧបសគ្គជាយ៉ាងណាទេ បងប្អូនប្រុសស្រីជាទីស្រឡាញ់ខ្ញុំអើយ សូមបងប្អូនរស់នៅជារៀងរាល់ថ្ងៃដើម្បីឲ្យ បងប្អូនកាន់តែបានត្រៀមខ្លួនដើម្បីជួបនឹងអង្គបង្កបង្កើតរបស់បងប្អូន » ( « A New Normal » ទំព័រ ១១៨ ) ។
ឥឡូវនេះ វាមិនចម្លែកសម្រាប់ភរិយាខ្ញុំ ផាទ្រីស្សា ឬខ្ញុំ ក្នុងការញ៉ាំសាច់ដូងជាមួយនឹងម្ទេស និងផ្លែប័រជាមួយស្ករនោះទេ—តាមពិតទៅ យើងចូលចិត្តវា ។ ទោះជាយ៉ាងណា ភាពតម្កើងឡើងគឺសំខាន់ខាងវិញ្ញាណជាងការដឹងពីរសជាតិ វាជាប្រធានបទមួយដែលទាក់ទងនឹងភាពអស់កល្បជានិច្ច ។
ខ្ញុំអធិស្ឋានសុំឲ្យភាពធម្មតារបស់យើងអាចអនុញ្ញាតឲ្យយើងដកពិសោធស្ថានភាព « សុភមង្គលដ៏មិនចេះចប់មិនចេះហើយ » ដែលត្រូវបានសន្យាដល់អស់អ្នកដែលកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ព្រះ ( ម៉ូសាយ ២:៤១ )ពេលធ្វើដូច្នោះ យើងអាចនិយាយថា « ហើយហេតុការណ៍បានកើតឡើងថា ពួកយើងបានរស់នៅតាមរបៀបនៃសុភមង្គល » ( នីហ្វៃទី២ ៥:២៧ ) ។
បងប្អូនប្រុសស្រី ខ្ញុំសូមថ្លែងទីបន្ទាល់អំពីបុរសទាំង ១៥ នាក់ ដែលយើងគាំទ្រ គឺជាព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈ រួមទាំងព្យាការីជាទីស្រឡាញ់របស់យើង គឺប្រធាន រ័សុល អិម ណិលសុន ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ គឺពិត ។ ខ្ញុំសូមថ្លែងទីបន្ទាល់ជាពិសេសអំពីព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះរបស់យើង នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕