សន្និសីទទូទៅ
តើ​ការពិត​ជា​អ្វី ?
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០២២


5:59

តើ​ការពិត​ជា​អ្វី ?

ព្រះ​គឺ​ជា​ប្រភព​នៃ​រាល់​សេចក្ដីពិត​ទាំងអស់ ។ សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ឱប​ក្រសោប​រាល់​សេចក្ដីពិត ទាំងអស់ ដែល​ព្រះ​បាន​ប្រទាន​ដល់​បុត្រា​បុត្រី​ទ្រង់ ។

បងប្អូន​ប្រុស​ស្រី​ជាទី​ស្រឡាញ់ សូម​អរគុណ​បងប្អូន​ទាំងអស់​គ្នា​សម្រាប់​សម័យ​ប្រជុំ​ដ៏​បំផុស​គំនិត​នេះ ! ចាប់​តាំងពី​សន្និសីទ​ខែ​មេសា​កន្លង​មក យើង​បាន​ឃើញ​ព្រឹត្តិការណ៍​ជាច្រើន​នៅ​ទូទាំង​ពិភពលោក រាប់​ពី​រឿង​ឈឺចាប់​ទៅ​រឿង​ដ៏​អស្ចារ្យ​បំផុត ។

យើង​រីករាយ​ដែល​ស្តាប់ឮ​របាយការណ៍​អំពី​សន្និសីទ​យុវវ័យ​ជាច្រើន បាន​ធ្វើឡើង​នៅ​ជុំវិញ​ពិភពលោក ។ នៅក្នុង​សន្និសីទ​ទាំងនេះ យុវវ័យ​ដ៏​មាន​តម្លៃ​របស់​យើង​កំពុង​រៀន​ថា មិន​ថា​មាន​អ្វី​កើតឡើង​នៅក្នុង​ជីវិត​របស់​ពួកគេ​នោះ​ទេ កម្លាំង​ដ៏​មាំមួន​បំផុត​របស់​ពួកគេ​គឺ​បាន​មកពី​ព្រះអម្ចាស់ ។

យើង​អរ​រីករាយ​ដែល​មាន​ព្រះវិហារ​បរិសុទ្ធ​កាន់​តែ​ច្រើន​បាន​សាងសង់​នៅ​ទូទាំង​ពិភពលោក ។ ពេល​មាន​ការឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ​ថ្មី​នីមួយៗ នោះ​យើង​មាន​អំណាច​មកពី​ព្រះ​បន្ថែម​ទៀត​មក​កាន់​ពិភពលោក​នេះ ដើម្បី​ពង្រឹង​យើង ហើយ​រារាំង​ដល់​ការខំប្រឹង​ដ៏ខ្លាំង​របស់​មារសត្រូវ ។

ការរំលោភបំពាន​បង្កើត​ឥទ្ធិពល​របស់​មារសត្រូវ ។ វា​គឺជា​អំពើបាប​ដ៏​ធ្ងន់ធ្ងរ ។ ក្នុងនាម​ជា​ប្រធាន​សាសនាចក្រ ខ្ញុំ​សូម​បញ្ជាក់​ពី​ការបង្រៀន​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ​ស្ដី​ពី​បញ្ហា​នេះ ។ ខ្ញុំ​សូម​បញ្ជាក់​យ៉ាង​ច្បាស់ៗ​ថា ការរំលោភ​បំពាន គ្រប់​រូបភាព ទាំង​ទៅលើ​ស្ដ្រី កុមារ ឬ​នរណា​ម្នាក់ គឺជា​អំពើ​ដ៏​គួរឲ្យ​ខ្ពើមឆ្អើម​ចំពោះ​ព្រះអម្ចាស់ ។ ទ្រង់​សោក​សង្រេង ហើយ ខ្ញុំ​ក៏​សោក​សង្រេង នៅពេល​ណា​ដែល ​នរណា​ម្នាក់ បាន​រងគ្រោះ ។ ទ្រង់​ព្រះ​កន្សែង ហើយ យើង​ទាំងអស់​គ្នា​ក៏​ទួញយំសម្រាប់​បុគ្គល​គ្រប់រូប​ដែល​ក្លាយជា​ជនរងគ្រោះ​នៃ​ការរំលោភ​បំពាន​គ្រប់​ប្រភេទ​ ។ អស់​អ្នក​ដែល​ប្រព្រឹត្ត​ទង្វើ​ដ៏​គួរ​ខ្ពើមឆ្អើម​ទាំងនេះ មិន​ត្រឹម​តែ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​របស់​មនុស្ស​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ក៏​នឹង​ប្រឈម​នឹង​សេចក្តីក្រោធ​របស់​ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ​ផងដែរ ។

អស់​រាប់​ទសវត្សរ៍​ហើយ រហូតមក​ដល់​ពេល​នេះ​សាសនាចក្រ​បាន​ចាត់​វិធានការណ៍​យ៉ាង​ទូលំទូលាយ​—ជាពិសេស—ដើម្បី​ការពារ​កុមារ ពី​ការរំលោភ​បំពាន ។ មាន​ជំនួយ​ជាច្រើន​នៅលើ​គេហទំព័រ​សាសនាចក្រ ។ ខ្ញុំ​សូម​ការអញ្ជើញ​បងប្អូន​ឲ្យ​សិក្សា​ស្វែងយល់ ។ គោលការណ៍​ណែនាំ​ទាំងនេះ​គឺ​រៀបចំ​ដើម្បី​ការពារ​ដល់​ជន​ស្លូតត្រង់ ។ ខ្ញុំ​សូម​ជំរុញ​ឲ្យ​បងប្អូន​ម្នាក់ៗ​ចាំ​ប្រុង​មើល ក្រែង​នរណា​ម្នាក់​អាច​នឹង​រង​គ្រោះថ្នាក់​ពី​ការរំលោភ​បំពាន ហើយ​សូម​ធ្វើ​សកម្មភាព​ភ្លាមៗ​ដើម្បី​ការពារ​ពួកគេ ។ ព្រះអង្គ​សង្គ្រោះ​នឹង​មិន​អត់ឱន​ឲ្យ​ការរំលោភ​បំពាន​ឡើយ ហើយ​ក្នុងនាម​ជា​សិស្ស​របស់​ទ្រង់ យើង​ក៏មិន​អាច​អត់ឱន​ឲ្យ​បាន​ផងដែរ ។

មារសត្រូវ​មាន​កលល្បិច​រំខាន​ផ្សេងៗ ។ ក្នុង​ចំណោម​កលល្បិច​ទាំងនោះ គឺ​វា​ខំប្រឹង​ធ្វើឲ្យ​ព្រំដែន​ការពិត និង​មិនពិត​មាន​សភាពព្រាល ។ ព័ត៌មាន​ដ៏​សន្ធឹក​​នៅ​ចង្អុល​ដៃ​របស់​យើង ធ្វើឲ្យ​កាន់តែ​ពិបាកដើម្បី​កំណត់​ថា​ការពិត​ជា​អ្វី ។

ឧបសគ្គ​នេះ​រំឭក​ខ្ញុំ​អំពី​បទពិសោធន៍​មួយ​ដែល​ស៊ីស្ទើរ ណិលសុន និង​ខ្ញុំ​ធ្លាប់​មាន នៅពេល​យើង​ទៅជួប​អ្នកធំ​ម្នាក់​នៅក្នុង​ប្រទេស​មួយ ដែល​មាន​ប្រជាជន ភាគ​តិចបំផុត ដែល​ធ្លាប់​បាន​ដឹង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ មិត្ត​ចាស់​រូប​នេះ​បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​នាពេល​ថ្មីៗ​នេះ ។ គាត់​បាន​ប្រាប់​យើង​ថា អំឡុង​ពេល​គាត់​សម្រាក​នៅ​លើ​គ្រែ​ជា​ច្រើន​ថ្ងៃ គាត់​បាន​សម្លឹង​មើលទៅ​ពិដាន​ជារឿយៗ ហើយ​សួរ​ថា « តើ​ការពិត​ជា​អ្វី ? »

មនុស្ស​ជា​ច្រើន​នៅលើ​ផែនដី​នៅ​សព្វថ្ងៃ​នេះ « ត្រូវ​បាន​លាក់​ពី​សេចក្ដីពិត ពីព្រោះ​ពួកគេ​មិន​ដឹង​ជា​ទៅរក​សេចក្ដីពិត​ឯណា​ទេ » ។ អ្នក​ខ្លះ​ព្យាយាម​ឲ្យ​យើង​ជឿ​ថា សេចក្ដីពិត​ពុំ​មាន​នោះ​ទេ—ថា​បុគ្គល​ម្នាក់ៗ​គួរតែ​សម្រេចចិត្ត​ដោយ​ខ្លួនឯង​ថា ការពិត​ជា​អ្វី ។ ជំនឿ​បែប​នោះ​គឺ​ជា​ការគិត​ចង់​បាន​របស់​អស់​អ្នក​ដែល​គិត​ខុស​ថា ពួកគេ​នឹង​មិន​ទទួល​ខុសត្រូវ​ចំពោះ​ព្រះ​ឡើយ ។

បងប្អូន​ប្រុស​ស្រី​ជាទី​ស្រឡាញ់ ព្រះ​គឺ​ជា​ប្រភព​នៃ​រាល់​សេចក្ដីពិត​ទាំងអស់ ។ សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ឱប​ក្រសោប​រាល់​សេចក្ដីពិត ទាំងអស់ ដែល​ព្រះ​បាន​ប្រទាន​ដល់​បុត្រា​បុត្រី​ទ្រង់ មិន​ថា​បាន​រៀន​នៅ​ក្នុង​បន្ទប់​ពិសោធន៍​ខាង​វិទ្យាសាស្ដ្រ ឬ​បាន​ទទួល​តាម​វិវរណៈ​​មកពី​ទ្រង់​ផ្ទាល់​នោះទេ ។

បងប្អូន​នឹង​បន្ដ​ស្ដាប់​ឮ​សេចក្ដីពិត​ចេញ​ពី​វេទិកា​នេះ​នៅ​ថ្ងៃ​នេះ និង​ថ្ងៃ​ស្អែក ។ សូម​កត់ត្រា​ទុក​យោបល់​ណា​ដែល​បងប្អូន​ចាប់​អារម្មណ៍ និង​យោបល់​ណា​ដែល​ផុស​ឡើង​ក្នុង​គំនិត​និង​ដក់ជាប់​នៅក្នុង​ចិត្ត​របស់​បងប្អូន ។ ចូរ​ទូល​សូម​ព្រះអម្ចាស់​ប្រកប​ដោយ​ការអធិស្ឋាន ដើម្បី​បញ្ជាក់​ថា អ្វី​ដែល​បងប្អូន​បាន​ស្ដាប់ឮ​គឺ​ជា​ការពិត ។

បងប្អូន​ប្រុសស្រី​ជា​ទីស្រឡាញ់ ខ្ញុំ​ស្រឡាញ់​បងប្អូន ។ ខ្ញុំ​អធិស្ឋាន​សូម​ឲ្យ សន្និសីទ​នេះ​នឹង​ផ្ដល់​អាហារ​ខាង​វិញ្ញាណ​ដែល​បងប្អូន​កំពុង​ស្វែងរក ។ នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕