សន្និសីទទូទៅ
ត្រូវ​គេ​លើកឡើង​លើ​ឈើឆ្កាង
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០២២


13:6

ត្រូវ​គេ​លើកឡើង​លើ​ឈើឆ្កាង

ដើម្បី​ធ្វើជា​អ្នកដើរតាម​ព្រះយេស៊ូវ​គ្រីស្ទ ពេលខ្លះ​មនុស្ស​ម្នាក់​ត្រូវតែ​រែក​បន្ទុក​មួយ ហើយ​ដើរទៅកាន់​កន្លែង​ដែល​តម្រូវ​ឲ្យមាន​ការលះបង់ និង​ការរងទុក្ខ​ដែល​ចៀស​មិន​រួច ។

ច្រើន​ឆ្នាំ​កន្លង​ទៅ បន្ទាប់ពី​ការពិភាក្សា​អំពីប្រវត្តិ​សាសនា​អាមេរិកនៅ​សាលា​បរិញ្ញាបត្រ​ជាន់ខ្ពស់ និស្សិត​ម្នាក់​មក​សួរ​ខ្ញុំ​ថា « ហេតុអ្វី​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​មិន​ប្រើ​ឈើឆ្កាង ទុកជា​និមិត្ត​សញ្ញា​នៃ​សេចក្ដី​ជំនឿ​របស់​ពួកគេ​ដូច​ពួកគ្រិស្ត​សាសនិក​ដទៃ​ទៀត​ប្រើ ? »

សំណួរ​អំពី​ឈើឆ្កាង​បែប​នេះ ជាញឹកញាប់​គឺជា​សំណួរ​អំពី​ការតាំងចិត្ត​របស់​យើង​ចំពោះ​ព្រះគ្រីស្ទ នោះ​ខ្ញុំ​បាន​ប្រាប់​គាត់​ភ្លាម​ថា សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ចាត់ទុក​ពលិកម្ម​ដ៏ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ជា​ការពិត​ដ៏សំខាន់ ជា​មូលដ្ឋាន​គ្រឹះ​ដ៏សំខាន់ ជា​គោលលទ្ធិ​ចម្បង និង​ជា​ការបង្ហាញ​ដ៏សំខាន់​នៃ​សេចក្ដី​ស្រឡាញ់​ដ៏​ទេវភាពរបស់​ព្រះ​នៅក្នុង​ផែនការ​ដ៏​មហិមាសម្រាប់​សេចក្ដី​សង្គ្រោះ​របស់​បុត្រា​បុត្រី​ទ្រង់ ។ ខ្ញុំ​បាន​ពន្យល់​ថា ព្រះគុណ​ដ៏សង្គ្រោះដែល​មាន​ជា​ផ្នែក​មួយ​នៃ​ពលិកម្ម​ដ៏ធួន​នោះ គឺ​ចាំបាច់ ហើយ​ជា​អំណោយ​សាកល​មួយ​ដែលបាន​ប្រទាន​ដល់​គ្រួសារ​មនុស្ស​លោក ចាប់តាំងពី​លោក​អ័ដាម និង​នាង​អេវ៉ា រហូត​ដល់​ចុង​បញ្ចប់​នៃ​ពិភពលោក​នេះ ។ ខ្ញុំ​បាន​ដកស្រង់​ប្រសាសន៍​របស់​ព្យាការី យ៉ូសែប ស្ម៊ីធ ដែល​បាន​ថ្លែង​ថា « គ្រប់ … អ្វី​ទាំងអស់​ដែល​ទាក់ទង​នឹង​សាសនា​របស់​យើង​គឺ​គ្រាន់តែ​ជា​បន្ដោង​ជាប់ » នឹង​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ប៉ុណ្ណោះ ។

បន្ទាប់​មក ខ្ញុំ​បាន​អាន​អ្វី​ដែល​នីហ្វៃ​បាន​សរសេរ​កាលពី ៦០០ ឆ្នាំ​មុន​ការប្រសូត​របស់​ព្រះយេស៊ូវ ៖ « ហើយ … ទេវតា​មាន​បន្ទូល​មក​ខ្ញុំ … ថា ៖ មើល​ន៏ ! ហើយ​ខ្ញុំ​ក៏​មើល ហើយ​បាន​ឃើញ​កូនចៀម​នៃ​ព្រះ … [ ដែល ] ត្រូវ​គេ​លើកឡើង​លើ​ឈើឆ្កាង ហើយ​ធ្វើគុត​ជំនួស​អំពើបាប​ទាំងឡាយ​នៃ​មនុស្ស​លោក » ។

ដោយសារ​ខ្ញុំ​ជក់​អារម្មណ៍​នឹង​ការ « ស្រឡាញ់ ចែកចាយ និង​អញ្ជើញ » នោះ​ខ្ញុំ​ក៏​បន្ដ​អាន​ទៀត ! ព្រះគ្រីស្ទ​ដ៏មាន​ព្រះជន្ម​រស់​ឡើងវិញ​បាន​មាន​បន្ទូល​ទៅកាន់​ពួកសាសន៍​នីហ្វៃ​នៅក្នុង​ពិភពលោក​ថ្មី​ថា « ព្រះវរបិតា​យើង ទ្រង់​បាន​ចាត់​ឲ្យ​យើង​មក ដើម្បី​ឲ្យ​យើង​អាច​ត្រូវបាន​លើកឡើង​លើ​ឈើឆ្កាង … គឺ​ប្រយោជន៍​ឲ្យ​យើង​អាច​ទាញ​នាំ​គ្រប់​មនុស្ស​ទាំងអស់​ឲ្យ​មករក​យើង … ហើយ​ដោយ​ហេតុ​នេះ ទើប​យើង​ត្រូវបាន​លើក​ឡើង » ។

ខ្ញុំ​ហៀប​នឹង​ដកស្រង់​ប្រសាសន៍​របស់​សាវក​ប៉ុល​ទៅ​ហើយ តែ​ខ្ញុំ​សង្កេត​ឃើញ​ថា មិត្ត​របស់​ខ្ញុំ​លែង​ចាប់​អារម្មណ៍​លើ​អ្វី​ដែល​ខ្ញុំ​កំពុង​និយាយ​ទៀត​ហើយ ។ គាត់​មើលទៅ​នាឡិកា​ដៃ ដែល​វា​រំឭក​គាត់​ថា គាត់​ត្រូវ​ទៅ—តែ​មិន​ដឹង​ទៅ​ណា​ទេ—ហើយ​គាត់​ក៏​ស្ទុះ​ចេញទៅ​ការណាត់​ជួប​ឥត​ព្រៀងទុក​នោះ​ទៅ ។ ហើយ​ការសន្ទនា​របស់​យើង​ក៏​ចប់ដោយបែបនោះ ។

រឿង​នេះ​កើត​ឡើង​ប្រហែល ៥០ ឆ្នាំ​ហើយ ​ព្រឹក​នេះ​ខ្ញុំ​ប្ដេជ្ញាចិត្ត​បញ្ចប់​ការពន្យល់​នោះ—ទោះជា​បងប្អូន​ទាំងអស់​គ្នា​​ម្នាក់ៗ​ចាប់ផ្ដើម​មើល​នាឡិកា​ដៃ​របស់​បងប្អូន​ក៏ដោយ ។ កាល​ខ្ញុំ​ប៉ុនប៉ង​ពន្យល់​ពី​មូលហេតុ​ ដែល​ជាទូទៅ​យើង មិន ប្រើ​ឈើឆ្កាង ទុកជា​និមិត្តសញ្ញា​នៃ​ជំនឿ​សាសនា​របស់​យើងនោះ ​ខ្ញុំ​ចង់​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ពី​ការគោរព​ដ៏ជ្រាលជ្រៅ និង​ការកោត​សរសើរ​ដ៏ខ្លាំង​របស់យើង ចំពោះ​អស់​អ្នក​ដែល​ប្រើ​ឈើឆ្កាង​ប្រកប​ដោយ​សេចក្ដី​ជំនឿ​ខ្លាំង​ និង​បាន​លះបង់​ជីវិត​គេ​ដើម្បី​ធ្វើ​ដូច្នោះ ។

មូលហេតុ​មួយ​ដែល​យើង​មិន​សង្កត់​ធ្ងន់​លើ​ឈើឆ្កាង​ថាជា​និមិត្តសញ្ញា​នោះ គឺ​មកពី​ឫសគល់​ក្នុង​ព្រះគម្ពីរ​ប៊ីប ។ ដោយសារ​ការឆ្កាង​គឺជា​ទម្រង់​កាត់ទោស​មួយ​ដ៏សាហាវ​បំផុត​របស់​ចក្រភព​រ៉ូម នោះ​អ្នកដើរតាម​ព្រះយេស៊ូវ​ពី​បុរាណ​ជាច្រើន​បាន​ជ្រើសរើស​មិន​សង្កត់​ធ្ងន់​លើ​ឧបករណ៍​ដ៏​ព្រៃផ្សៃ​ដែល​នាំឲ្យ​មាន​ការរងទុក្ខ​នេះ​ទេ ។ អត្ថន័យ​នៃ​ការសុគត​របស់​ព្រះគ្រីស្ទ​គឺ​ពិតជា​ផ្នែក​ដ៏សំខាន់​នៃ​សេចក្ដី​ជំនឿ​របស់​ពួកគេ​ហើយ ប៉ុន្ដែ​ជាទូទៅ ក្នុង​រយៈពេល​ប្រហែល​ជា ៣០០ ឆ្នាំ ពួកគេ​ខ្នះខ្នែង​ប្រាប់ពី​អត្តសញ្ញាណ​ដំណឹងល្អ​របស់​ពួកគេ​តាម​វិធីសាស្ដ្រ​ផ្សេងទៀត ។

នៅ​ត្រឹម​សតវត្សរ៍​ទីបួន និង​ទីប្រាំ គេ​ស្គាល់​ឈើឆ្កាង​ថាជា​និមិត្តសញ្ញា​ទូទៅ​មួយ​នៃ​គ្រិស្ដសាសនា ប៉ុន្ដែ​អ្វី​ដែល​យើង​ជឿ​គឺ​មិន​ដូច​អ្វី​ដែល « ពួកគ្រិស្ត​សាសនិក​ភាគច្រើន » ជឿ​នោះ​ទេ ។ យើង​ពុំ​មែនជា​ពួក​កាតូលិក ហើយ​ក៏ពុំមែន​ជា​ពួក​ប្រូតេស្ដង់​ដែរ តែ​យើង​គឺជា​សាសនាចក្រ ដែល​បាន​ស្ដារ​ឡើងវិញ ជា​សាសនាចក្រ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ដែល​បាន​ស្ដារ​ឡើងវិញ ។ ដូច្នេះ​ភាពដើម និង​សិទ្ធិ​អំណាច​របស់​យើង​មាន​ឫសគល់​តាំងពី មុនពេល​មាន​ក្រុមប្រឹក្សា លទ្ធិ​ជំនឿ និង​បដិមា​ជា​និមិត្ត​សញ្ញា​នេះ​ទៅ​ទៀត ។ នៅក្នុង​ន័យ​នេះ អវត្តមាន​នៃ​និមិត្តសញ្ញា​ដែល​គេ​ប្រើ​ជាទូទៅ​នៅពេល​ក្រោយ​មក​នេះ គឺជា​ភស្ដុតាង​មួយ​ទៀត​ដែល​ថា សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ គឺជា​ការស្ដារ​ឡើងវិញ​នៃ​ពួកគ្រិស្ត​សាសនិក​ដ៏ពិត​តាំងពី​ដើម​ដំបូង​មក ។

មូលហេតុ​មួយ​ទៀត​សម្រាប់​ការមិន​ប្រើ​ឈើឆ្កាង​ជា​រូបតំណាង គឺ​យើងសង្កត់​ធ្ងន់​ទៅលើ​អព្ភូតហេតុ​ដ៏​ពេញលេញ​នៃ​បេសកកម្ម​របស់​ព្រះគ្រីស្ទ—ការមាន​ព្រះជន្ម​រស់​ឡើងវិញ​ដ៏រុងរឿង​របស់​ទ្រង់ ក៏​ដូចជា​ការរងទុក្ខ និង​ការពលិកម្មសុគត​របស់​ទ្រង់​ផងដែរ ។ ដើម្បី​គូសបញ្ជាក់​ពី​ទំនាក់ទំនង​នោះ ខ្ញុំ​សូម​លើកឡើង​នូវ​គំនូរ​ពីរ​ផ្ទាំងដែល​បង្ហាញ​ពី​អត្ថន័យ​នៃ​ការឆ្កាង និង​ការមាន​ព្រះជន្ម​រស់​ឡើងវិញ ដែល ដាក់តាំង សម្រាប់​គណៈប្រធាន​ទីមួយ និង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ក្នុង​ការប្រជុំ​ដ៏ពិសិដ្ឋ​នៅ​ព្រះវិហារ​បរិសុទ្ធ រាល់​ថ្ងៃ​ព្រហស្បតិ៍​ប្រចាំ​សប្ដាហ៍​នៅ​ទីក្រុង​សលត៍ លេក ។ រូប​គំនូរ​ទាំងនេះ​គឺជា​ការរំឭក​ដ៏ខ្ជាប់ខ្ជួន​ដល់​ពួកយើង អំពី​តម្លៃ​ដែល​បាន​បង់ និង​ជ័យជម្នះ​ដែល​ទ្រង់​បាន​យកឈ្នះ ថា​យើង​គឺជា​អ្នកបម្រើ​របស់​ទ្រង់ ។

ការឆ្កាង ដោយ ហារី អាន់ឌើរសុន
ការមានព្រះជន្មរស់ឡើងវិញ ដោយ ហារី អាន់ឌើរសុន

ការតំណាង​ដែល​ដាក់​បង្ហាញ​ជា​សាធារណៈយ៉ាងខ្លាំង​អំពី​ជោគជ័យ​ផ្នែក​ទីពីរ គឺជា​រូបភាព​តូច​មួយ​របស់​វិចិត្រករ​ឈ្មោះ ធ័រវ៉ាល់សិន ដែល​យើង​ប្រើ​រំឭក​អំពី​ព្រះគ្រីស្ទ​ដ៏មាន​ព្រះជន្ម​រស់ ដែល​លេច​ឡើង​ក្នុង​សិរីល្អ​ចេញពី​ផ្នូរ ទាំងឃើញ​មាន​របួសនៃ​ការឆ្កាង​របស់​ទ្រង់​នៅឡើយ ។​

ស្លាក​សញ្ញា​សាសនាចក្រ

ជា​ចុងក្រោយ យើង​បាន​រម្លឹក​ខ្លួន​ឯង​ជា​មួយ​ប្រសាសន៍​របស់​ប្រធាន ហ្គរដុន ប៊ី ហ៊ីងគ្លី ដែល​បាន​បង្រៀន​ថា « ជីវិត​របស់​មនុស្ស​យើង​ត្រូវ​តែ​[ ជា ] …​និមិត្តសញ្ញា​នៃ​[ សេចក្តីជំនឿ ]​របស់​យើង » ។១០​ការពិចារណា​ទាំងនេះ—ជា​ពិសេស​ចុងក្រោយ—នាំ​ខ្ញុំ​ទៅ​រក​អ្វី​ដែល​សំខាន់​បំផុត​នៃ​សេចក្ដី​យោង​បទគម្ពីរ​ទាំងអស់​ចំពោះ​ឈើ​ឆ្កាង។ វា​មិន​ពាក់ព័ន្ធ​នឹង​បន្ដោង ឬ​គ្រឿង​អលង្ការ កំពូល​ស្រួច ឬ​ស្លាក​សញ្ញា​អ្វី​នោះ​ទេ ។ ប៉ុន្ដែ​វា​ពាក់ព័ន្ធ​នឹង​សេចក្ដីសុចរិត ដែល​រឹងមាំ​ដូចជា​ថ្ម និង​ការប្ដេជ្ញា​ចិត្ត​ធ្វើ​អ្វី​ដែល​យើង​ជឿ​ថា ជា​រឿង​ត្រឹមត្រូវ ដែល​ពួកគ្រិស្ត​សាសនិក​គួរតែ​មាន​ចំពោះ​ការហៅ​ដែល​ព្រះយេស៊ូវ​បាន​ប្រទាន​ដល់​សិស្ស​របស់​ទ្រង់​គ្រប់រូប ។ ទ្រង់់​បាន​មាន​បន្ទូល​មកកាន់​យើង​ទាំង​អស់​គ្នា​នៅ​គ្រប់​ដែនដី និង​គ្រប់​សម័យកាល​ទាំងអស់​ថា « បើ​អ្នកណា [ ទាំង​ប្រុស​ទាំង​ស្រី ] ចង់​មក​តាម​ខ្ញុំ នោះ​ត្រូវ​ឲ្យ​លះកាត់​ចិត្ត​ខ្លួន​ឯង​ចោល​ចេញ ហើយ​ផ្ទុក​ឈើឆ្កាង​ខ្លួន​មក​តាម​ខ្ញុំ​ចុះ » ។១១

ការណ៍​នេះ​ថ្លែងពី​ឈើឆ្កាង​នានា​ដែល​យើង​រែកបន្ទុក ជាជាង​រូប​ឈើឆ្កាង​ដែល​យើង​ពាក់​នៅលើ​ខ្លួន ។ ដើម្បី​ធ្វើជា​អ្នកដើរតាម​ព្រះយេស៊ូវ​គ្រីស្ទ ពេលខ្លះ​មនុស្ស​ម្នាក់​ត្រូវតែ​រែក​បន្ទុក​មួយ—បន្ទុក​របស់​ខ្លួនឯង ឬ​របស់​អ្នក​ផ្សេងទៀត—ហើយ​ទៅកាន់​កន្លែង​ដែល​តម្រូវ​ឲ្យមាន​ការលះបង់ និង​ការរងទុក្ខ​ដែល​ចៀស​មិន​រួច ។ គ្រិស្ត​សាសនិក​ដ៏ពិត​ម្នាក់​មិន​អាច​ធ្វើតាម​លោក​ចៅហ្វាយ​តែ​ក្នុង​រឿង​ដែល​គាត់​យល់ស្រប​តាម​នោះ​ទេ ។ ពុំ​មែន​ទេ ។ យើង​ធ្វើតាម​ទ្រង់​នៅ​គ្រប់​កន្លែង រួមទាំង​នៅ​កន្លែង​ដែល​ពោរពេញ​ដោយ​ទុក្ខ​លំបាក និង​បញ្ហា​ផងដែរ​​ដែល​ពេលខ្លះ​យើង​អាច​ឈរ​តែឯង​យ៉ាង​ឯកោ ។

ខ្ញុំ​ស្គាល់​មនុស្ស​ទាំង​នៅក្នុង និង​ក្រៅ​សាសនាចក្រ ដែល​កំពុង​ធ្វើតាម​ព្រះគ្រីស្ទ​ដ៏​ស្មោះត្រង់​​បែប​នោះ ។ ខ្ញុំ​ស្គាល់​កុមារ​ដែល​មាន​ពិការភាព​រូបកាយ​ធ្ងន់ធ្ងរ ហើយ​ខ្ញុំ​ស្គាល់​ឪពុក​ម្ដាយ​ដែល​ថែទាំ​ពួកគេ ។ ខ្ញុំ​ឃើញ​ពួកគេ​ទាំង​នោះ​ធ្វើ​ការ​ដល់​ចំណុច​មួយ​ដែល​ពេលខ្លះ​អស់​កម្លាំង​រលីង​ពី​ខ្លួន តែ​នៅតែ​ខិតខំ​ស្វែងរក​កម្លាំង សុវត្ថិភាព និង​គ្រា​មាន​អំណរ ដែល​វា​មិន​អាច​កើត​ឡើង​ទៅ​តាម​របៀប​ផ្សេង​ទៀត​ឡើយ ។ ខ្ញុំ​ស្គាល់​មជ្ឈិមវ័យ​នៅលីវ​ជាច្រើន​នាក់​ដែល​ចង់​បាន ហើយ​សម​នឹង​មាន​ដៃគូ​ជាទី​ស្រឡាញ់ មាន​អាពាហ៍ពិពាហ៍​ដ៏អស្ចារ្យ និង​មាន​គេហដ្ឋាន​មួយ​ដែល​មាន​កូនៗ​ខ្លួនឯង​ផ្ទាល់ ។ គ្មាន​បំណង​ប្រាថ្នា​ណា​អាច​សុចរិត​ជាងនេះ​នោះ​ទេ ប៉ុន្ដែ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ សំណាង​ល្អ​បែបនោះ​នៅតែ​មិន​កើត​មាន ។ ខ្ញុំ​ស្គាល់​មនុស្ស​ដែល​កំពុង​ប្រយុទ្ធ​នឹង​ជំងឺ​ផ្លូវចិត្ត​ជា​ច្រើន​ដែល​បាន​ទូល​សូម​ជំនួយ កាល​ពួកគេ​អធិស្ឋាន និង​ចង់​បាន​ស្ថេរភាព​ផ្លូវចិត្ត​នៅ​ដែនដី​សន្យា ។ ខ្ញុំ​ស្គាល់​អស់​អ្នក​ដែល​រស់នៅ​ក្នុង​ភាពក្រីក្រ​ដ៏កម្សត់ ប៉ុន្ដែ​នៅ​មិន​ចុះចាញ់​នឹង​ការអស់​សង្ឃឹម​ឡើយ ហើយ​ទូល​សូម​តែ​ឱកាស​ដើម្បី​ធ្វើឲ្យ​ជីវិត​ប្រសើរ​ឡើង​សម្រាប់​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួកគេ និង​អ្នក​ក្រីក្រ​ដែល​នៅ​ជុំវិញ​ពួកគេ​ប៉ុណ្ណោះ ។ ខ្ញុំ​ស្គាល់​មនុស្ស​ជាច្រើន​ដែល​ពុះពារ​នឹង​ការសាកល្បង​ដ៏​ពិបាក​ខ្លាំង​ទាក់ទង​នឹង​អត្តសញ្ញាណ ភេទ និង​ជីវិត​ខាង​ផ្លូវ​ភេទ ។ ខ្ញុំ​យំ​ជួស​ពួកគេ ហើយ​ខ្ញុំ​យំ​ជាមួយ​ពួកគេ ដោយ​ដឹង​ថា លទ្ធផល​នៃ​ការសម្រេច​ចិត្ត​របស់​ពួកគេ​សំខាន់​ខ្លាំង​យ៉ាងណា ។

ទាំងនេះ​គឺ​គ្រាន់​តែ​ជា​កាលៈទេសៈ​ជា​ច្រើន​ដែល​ពិបាក ដែល​យើងអាច​ប្រឈមមុន​នៅ​ក្នុង​ជីវិត​របស់​យើង វា​ជា​ការរំឭក​ដ៏មុតមាំ​ថា វា​ពិតជា​តម្រូវ​ឲ្យ មានការលះបង់​ដើម្បី​ធ្វើ​ជា​សិស្ស ។ ចំពោះ​អ័រ៉ៅណា ដែល​បាន​ប៉ុនប៉ង​ថ្វាយ​គោឈ្មោល និង​អុស​ដល់​ដាវីឌ​ដោយ​ឥត​គិត​ថ្លៃ ធ្វើ​ជា​ដង្វាយ​ដុត​របស់​ទ្រង់ ស្តេច​ដាវីឌ​បាន​មាន​បន្ទូល​ថា « កុំឡើយ គឺ​យើង​ចង់​ទិញ​ពី​ឯង​តាម​តម្លៃ​វិញ … [ ព្រោះ​យើង ] [ មិន ] ព្រម​យក​របស់ ដែល​យើង​មិន​បាន​ចេញ​ថ្លៃ​ទិញ … ថ្វាយ​ដល់​ព្រះយេហូវ៉ា​នៃ​យើង​ឡើយ … » ។១២ ដូច្នេះ យើង​ទាំងអស់​គ្នា​ក៏​ត្រូវ​និយាយ​ដូច្នេះ​ផងដែរ ។

ពេល​យើង​លី​ឈើឆ្កាង ហើយ​ដើរតាម​ទ្រង់ ពិត​ណាស់​វា​នឹង​ពិបាក បើ​ទម្ងន់​នៃ​ឧបសគ្គ​របស់​យើង​មិន​ធ្វើឲ្យ​យើង​កាន់តែ​មាន​ចិត្ត​អាណិត​អាសូរ និង​យកចិត្ត​ទុកដាក់​បន្ថែម​ទៀត​ទៅ​លើ​បន្ទុក ដែល​អ្នកដទៃ​កំពុង​រែក​ដែរ​នោះ ។ វា​គឺជា​លក្ខណៈ​ផ្ទុយគ្នា​ដ៏មាន​អានុភាព​បំផុតមួយ​នៃ​ការឆ្កាង ដែល​ព្រះហស្ដ​របស់​ព្រះអង្គ​សង្គ្រោះ​លាត​សន្ធឹង​យ៉ាង​ធំ ទាំងមាន​ស្នាម​ដែកគោល ដែល​បង្ហាញ​យ៉ាង​ត្រឹមត្រូវ​ថា គ្រប់​បុរស ស្ដ្រី និង​កុមារ​នៅក្នុង​គ្រួសារ​មនុស្ស​លោក​ទាំងមូល​នេះ មិន​ត្រឹមតែ​ត្រូវបាន​ស្វាគមន៍​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ត្រូវបាន​អញ្ជើញ​ឲ្យ​មកក្នុង​ការឱប​ក្រសោប​ដ៏​ប្រោសលោះ និង​លើក​តម្កើង​របស់​ទ្រង់ ។១៣

បន្ទាប់ពី​ការឆ្កាង​ដ៏ឈឺចាប់ ក៏​មាន​ការព្រះជន្ម​រស់​ឡើងវិញ​ដ៏រុងរឿង នោះ​ពរជ័យ​គ្រប់​យ៉ាង​នឹង​ត្រូវ​ចាក់ស្រោច​មក​លើ​អស់​អ្នក​ដែល​ស្ម័គ្រចិត្ត « ជឿ​ដល់​ព្រះគ្រីស្ទ យល់​ដល់​សារប្រយោជន៍​នៃ​ការសុគត​របស់​ទ្រង់ ហើយ​លី​ឈើឆ្កាង​ទ្រង់ » ដូច​ព្យាការី​យ៉ាកុប​ក្នុង​ព្រះគម្ពីរ​មរមន​បាន​ថ្លែង ។ ពេលខ្លះ​ពរជ័យ​ទាំង​នេះ​កើតឡើង​ភ្លាមៗ ហើយ​ពេលខ្លះ​វា​កើតឡើង​នៅពេល​ក្រោយ ប៉ុន្ដែ​ការសរុប​ដ៏អស្ចារ្យ​ចំពោះ​វិវរណៈ​ផ្ទាល់ខ្លួន​យើង តាមរយៈ​ផ្លូវ​ដ៏​លំបាក១៤ គឺ​ជា​ការសន្យា​មកពី​លោក​ចៅហ្វាយ​ផ្ទាល់​ថា ពរជ័យ​ទាំងនោះ​នឹង​កើតឡើង ។ ដើម្បី​ទទួល​បាន​ពរជ័​នោះ សូម​យើង​អធិស្ឋាន​ថា យើង​នឹង​ដើរតាម​ទ្រង់—ដោយ​ឥត​ឈប់ឈរ ទាំងមិន​រអាក់​រអួល ក៏មិន​រត់​គេច ហើយ​មិន​ស្ទាក់ស្ទើរ ធ្វើអ្វី​ដែល​យើង​ដឹង​ថា​គួរតែ​ធ្វើ ទាំង​នៅគ្រា​ឈើឆ្កាង​យើង​ធ្ងន់ ហើយ​ផ្លូវ​កាន់តែ​ងងឹត ។ សម្រាប់​កម្លាំង​របស់​បងប្អូន ភាពស្មោះត្រង់ និង​សេចក្តីស្រឡាញ់​របស់​បងប្អូន ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ។ ថ្ងៃ​នេះ ខ្ញុំ​ថ្លែង​ជា​សាក្សី​ខាង​សាវក​អំពី​ទ្រង់​ដែល « បាន​លើក​ឡើង » ១៦និង​ពី​ពរជ័យ​ដ៏​អស់កល្ប​ដែល​ទ្រង់​ប្រទាន​ដល់​អស់​អ្នក​ដែល « បាន​លើក​ឡើង » ជា​មួយ​ទ្រង់ សូម្បី​តែ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. ជែហ្វ្រី អ័រ ហូឡិន Encyclopedia of Mormonism ( ឆ្នាំ ១៩៩២ ) « Atonement of Jesus Christ » ទំព័រ ១:៨៣ ។

  2. អាមូលេក ថ្លែង​អំពី​ដង្វាយធួន​របស់​ព្រះគ្រីស្ទ​ថាជា « ការបូជា​មួយ​ដ៏​មហិមា និង​ចុងក្រោយ​បង្អស់ » ដែល​ឈោង​ជួយ​ដល់​មនុស្ស​គ្រប់រូប « ដ៏និរន្តរ៍ និង​អស់កល្ប​ជានិច្ច » ( អាលម៉ា ៣៤:១០ ) ។ ដោយសារ « ត្រូវតែ​មាន​ដង្វាយធួន​មួយ​កើតឡើង បើ​ពុំ​នោះ​សោត​ទេ មនុស្ស​លោក​ទាំងអស់​នឹង​ពុំ​អាច​ចៀសផុត​ពី​សេចក្ដី​វិនាស​បាន​ឡើយ » ( អាលម៉ា ៣៤:៩; សូមមើល​ផងដែរ ខទី ៨–១២ ) ។ ប្រធាន ចន ថេលើរ បន្ថែម ៖ « តាម​របៀប​មួយ​ដែល​មិន​អាច​យល់​បាន និង​មិន​អាច​ពន្យល់​បាន​ចំពោះ​យើង នោះ [ ព្រះយេស៊ូវ ] បាន​រែក​ទម្ងន់​នៃ​អំពើបាប​នៃ​ពិភពលោក​នេះ​ទាំងមូល មិនមែន​គ្រាន់តែ​ជា​អំពើបាប​របស់​លោក​អ័ដាម​ទេ ប៉ុន្ដែ​របស់​កូនចៅ​របស់​លោក​ផងដែរ ហើយ​ដើម្បី​ធ្វើ​ដូច្នោះ​បាន ទ្រង់​បាន​បើក​នគរ​ស្ថានសួគ៌​ដល់​មនុស្ស​គ្រប់គ្នា មិនមែន​សម្រាប់​តែ​អ្នកជឿ​ទាំងអស់ និង​អ្នក​ទាំងអស់​ដែល​បាន​គោរព​តាម​ក្រឹត្យវិន័យ​របស់​ព្រះ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ក៏ដល់​គ្រួសារ​មនុស្ស​ជាង​ពាក់​កណ្ដាល​ទៀត​ដែល​បាន​ស្លាប់​មុនពេល​ពួកគេ​បាន​ពេញវ័យ ក៏​ដូចជា [ អ្នក​ទាំងឡាយ ] ដែល … បាន​ស្លាប់​ដោយ​គ្មាន​ច្បាប់​ផងដែរ ហើយ​តាមរយៈ​ការសម្រុះ​សម្រួល​របស់​ទ្រង់ ពួកគេ​នឹង​បាន​រស់​ឡើងវិញ​ដោយ​គ្មាន​ច្បាប់ ហើយ​នឹង​ត្រូវ​កាត់​សេចក្ដី​ដោយ​គ្មាន​ច្បាប់ ហេតុដូច្នេះ​ហើយ​ពួកគេ​ចូលរួម … ក្នុង​ពរជ័យ​នៃ​ដង្វាយធួន​របស់​ទ្រង់​ដែរ » ( An Examination into and an Elucidation of the Great Principle of the Mediation and Atonement of Our Lord and Savior Jesus Christ [1892], 148–49; Teachings of Presidents of the Church: John Taylor [2001], 52–53 ) ។

  3. Teachings of Presidents of the Church: Joseph Smith ( ឆ្នាំ ២០០៧ ) ទំព័រ ៤៩ ។

  4. នីហ្វៃ​ទី​១ ១១:៣២–៣៣ ។

  5. នីហ្វៃ​ទី​៣ ២៧:១៤–១៥ ។

  6. ប្រាកដ​ណាស់ មាន​សេចក្ដីយោង​អំពី​ឈើឆ្កាង​នៅក្នុង​ការបង្រៀន​របស់​ប៉ុល ( ឧទាហរណ៍​សូមមើល កូរិនថូស ទី១ ១:១៧–១៨; កាឡាទី ៦:១៤; ភីលីព ៣:១៨ ) ប៉ុន្ដែ​ខគម្ពីរ​ទាំងនេះ​និយាយ​ដល់​អ្វីមួយ​ដែល​សំខាន់​ជាង​ធ្នឹម​ឈើ​ពីរ​ដែល​ដំ​ចូលគ្នា ឬ​និមិត្តសញ្ញា​ដែល​តូច​ជាង​នោះ ។ ដូច្នេះ ពេល​ប៉ុល​ថ្លែងពី​ឈើឆ្កាង នោះ​លោក​ប្រើ​វិធី​កាត់ៗ​ដើម្បី​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ខាង​គោលលទ្ធិ ដើម្បី​ថ្លែង​ពី​អំណាច​ចេស្ដា​នៃ​ដង្វាយធួន ជា​កន្លែង​ដែល​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​ចូលរួម​នឹង​លោក ហើយ​ដកស្រង់​ប្រសាសន៍​លោក ។

  7. តួអង្គ​គ្រិស្ត​សាសនិក​ពីដើម និង​តាម​ប្រពៃណី​ដូចជា​សហការី​របស់ ម៉ាទីន លូធើរ ឈ្មោះ អានឌ្រាអាស ខាលស្ដាត់ ( ឆ្នាំ ១៤៨៦–១៥៤១ ) បាន​ធ្វើ​អំណះអំណាង​នៅ​ចុង​យុគ​សម័យ​កណ្ដាល​ថា « ការឆ្កាង [ តែ​មួយ​មុខ ] បង្ហាញ​តែ​ពី​ការរងទុក្ខ​ជា​លក្ខណៈ​មនុស្ស​របស់​ព្រះគ្រីស្ទ​តែ​ប៉ុណ្ណោះ ហើយ​រំលង​មិន​បាន​បង្ហាញ​ពី​ការមាន​ព្រះជន្ម​រស់​ឡើងវិញ និង [ ព្រះចេស្ដា ] ប្រោសលោះ​របស់​ទ្រង់​ឡើយ » ( នៅក្នុង John Hilton III Considering the Cross: How Calvary Connects Us with Christ [ ឆ្នាំ ២០២១ ] ទំព័រ ១៧ ) ។

  8. Harry Anderson The Crucifixion; Harry Anderson Mary and the Resurrected Lord ។

  9. សូមមើល រ័សុល អិម ណិលសុន « Opening the Heavens for Help » Liahona ខែ ឧសភា ឆ្នាំ​២០២០ ទំព័រ ៧២–៧៤ ។

  10. ហ្គរដុន ប៊ី ហ៊ិងគ្លី « The Symbol of Christ » Ensignខែ ឧសភា ឆ្នាំ ១៩៧៥ ។

  11. ម៉ាថាយ ១៦:២៤ ។

  12. សាំយូអែល ទី២ ២៤:២៤ ។

  13. « ព្រះពាហុ​របស់​ទ្រង់​បាន​ហុច​ទៅ​ឲ្យ​មនុស្ស​ទាំងអស់ ដែល​នឹង​ប្រែចិត្ត ហើយ​ជឿ​ដល់​ព្រះនាម​ទ្រង់ » ( អាលម៉ា ១៩:៣៦សូមមើល​ផងដែរ នីហ្វៃ​ទី​២ ២៦:៣៣អាលម៉ា ៥:៣៣ ) ។

  14. Via dolorosa គឺជា​ឃ្លា​ជា​ភាសា​ឡាតាំង ដែល​មាន​ន័យ​ថា « ផ្លូវ ឬ​ច្រកដើរ​ដ៏​ពិបាក​ពេញ​ដោយ​ការឈឺចាប់ ឬ​ជា​ស៊េរី​នៃ​បទពិសោធន៍ » ( Merriam-Webster.com Dictionaryvia dolorosa » ) ។ ជារឿយៗ​បំផុត វា​ទាក់ទង​នឹង​ការផ្លាស់ប្ដូរ​របស់​ព្រះយេស៊ូវ ពី​ការដាក់​ទោស​របស់​ទ្រង់​នៅក្នុង​កណ្ដាប់​ដៃ​របស់​លោក​ពីឡាត់ ទៅ​ការឆ្កាង​របស់​ទ្រង់​នៅលើ​កាល់វ៉ារី ។

  15. សូមមើល នីហ្វៃទី៣ ២៧:១៤–១៥ ។