ការបើកស្ថានសួគ៌សូមជំនួយ
សូមយើងដាក់សេចក្ដីជំនឿរបស់យើងទៅលើព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទទៅជាសកម្មភាពផង !
ឱនេះជាសម័យប្រជុំដ៏ពិសេស និងអស្ចារ្យដែលពុំធ្លាប់មាន ! អរគុណ Laudy និង Enzo ជាទីស្រឡាញ់ ។ បងប្អូនតំណាងឲ្យយុវនារី និងយុវជនដ៏អស្ចារ្យនៃសាសនាចក្រនេះផងដែរ ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់ យើងបានស្ដាប់ឮយ៉ាងច្រើននៅថ្ងៃនេះអំពីការស្ដារឡើងវិញនៃសាសនាចក្រ— ជាសាសនាចក្រដែលព្រះអង្គសង្គ្រោះយើង ព្រះយេស៊ូវ គ្រីស្ទ បានស្ថាបនាឡើងអំឡុងពេលទ្រង់បម្រើលើផែនដី ។ ការស្ដារឡើងវិញនោះ បានចាប់ផ្ដើម ២០០ ឆ្នាំកន្លងទៅក្នុងនិសិរទរដូវនេះ នៅពេលព្រះ ជាព្រះវរបិតា និងព្រះរាជបុត្រាទ្រង់ ព្រះយេស៊ូវ គ្រីស្ទ បានលេចមកឯយុវជនយ៉ូសែប ស្ម៊ីធ ។
រយៈពេលដប់ឆ្នាំបន្ទាប់ពីការនិមិត្តនៃការចុះមកពីស្ថានសួគ៌នេះ ព្យាការី យ៉ូសែប ស្ម៊ីធ និងមនុស្សប្រាំនាក់ទៀត ត្រូវបានហៅឲ្យបង្កើតសមាជិកនៃសាសនាចក្រដែលបានស្ដារឡើងវិញរបស់ព្រះអម្ចាស់ ។
ចេញពីក្រុមតូចនោះដែលបានជួបជុំគ្នានៅថ្ងៃទី ៦ ខែមេសា ឆ្នាំ ១៨៣០ ឥឡូវនេះកើតជាអង្គការជាសាកលមួយដែលមានសមាជិកច្រើនជាង ១៦ លាននាក់ ។ សេចក្ដីល្អនៃសាសនាចក្រនេះសម្រេចបាននៅជុំវិញពិភពលោកដើម្បីសម្រាលការរងទុក្ខរបស់មនុស្សជាតិ ហើយផ្ដល់ការលើកតម្កើងដល់មនុស្សលោកជាទូទៅ គឺត្រូវបានគេដឹង ។ ប៉ុន្តែគោលបំណងសំខាន់គឺដើម្បីជួយបុរស ស្ត្រី និងក្រុមគ្រួសារឲ្យធ្វើតាមព្រះអម្ចាស់ ព្រះយេស៊ូវ គ្រីស្ទ រក្សាបទបញ្ញត្តិរបស់ទ្រង់ ហើយសក្ដិសមទទួលពរជ័យដ៏មហិមាបំផុតទាំងអស់—ជាជីវិតអស់កល្បជាមួយនឹងព្រះ និងមនុស្សជាទីស្រឡាញ់របស់ពួកគេ ។
ដូចដែលយើងរំឭកដល់ព្រឹត្តិការណ៍ដែលបានចាប់ផ្តើមនៅឆ្នាំ ១៨២០ វាសំខាន់ណាស់ដើម្បីចងចាំថា ខណៈដែលយើងគោរពដល់យ៉ូសែប ស្ម៊ីធ ជាព្យាការីម្នាក់របស់ព្រះ នេះគឺពុំមែនជាសាសនាចក្ររបស់យ៉ូសែប ស្ម៊ីធក៏មិនមែនជាសាសនាចក្ររបស់មរមននោះដែរ ។ នេះគឺជាសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់បានចេញក្រឹត្យយ៉ាងច្បាស់ថាសាសនាចក្ររបស់ទ្រង់គួរតែត្រូវបានហៅយ៉ាងណា ៖ « ត្បិតសាសនាចក្ររបស់យើងនឹងត្រូវបានហៅថាដូច្នោះហើយនៅគ្រាចុងក្រោយបង្អស់ គឺជាសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ » ។
ខ្ញុំបានថ្លែងពីមុនអំពីភាពចាំបាច់ដើម្បីកែរបៀបដែលយើងត្រូវហៅឈ្មោះនៃសាសនាចក្រនេះ ។ ចាប់តាំងពីពេលនោះមក មានអ្វីៗជាច្រើនត្រូវបានធ្វើឡើងដើម្បីសម្រេចនូវការកែប្រែនេះ ។ ខ្ញុំមានអំណរគុណចំពោះប្រធាន អិម. រ័សុល បាឡឺត និង កូរ៉ុមនៃពួកសាវកដប់ពីរនាក់ទាំងអស់ ដែលបានធ្វើយ៉ាងច្រើនដើម្បីដឹកនាំកិច្ចខិតខំទាំងនេះ ក៏ដូចជាអ្នកទាំងឡាយដែលទាក់ទងក្នុងការផ្ដួចផ្ដើមផ្សេងៗទៀត ដែលខ្ញុំនឹងប្រកាសនៅល្ងាចនេះ ។
ថ្នាក់ដឹកនាំ និងការិយាល័យសាសនាចក្រ ស្ថាបនទាក់ទង និងសមាជិករាប់លាននាក់— និងអ្នកផ្សេងៗទៀត— ឥឡូវប្រើឈ្មោះសាសនាចក្របានត្រឹមត្រូវ ។ របៀបដឹកនាំជាផ្លូវការរបស់សាសនាចក្រត្រូវបានកែសម្រួល ។ គេហទំព័រចម្បងរបស់សាសនាចក្រឥឡូវនេះគឺ ChurchofJesusChrist.org ។ អាសយដ្ឋានអ៊ីម៉ែល ឈ្មោះដូមេន និងបណ្ដាញប្រព័ន្ធសង្គម ត្រូវបានធ្វើបច្ចុប្បន្នភាព ។ ក្រុមចម្រៀងជាទីស្រឡាញ់របស់យើងឥឡូវនេះ គឺ « ក្រុមចម្រៀងរោងឧបោសថនៅវិសាលនដ្ឋានព្រះវិហារបរិសុទ្ធ » ។
យើងបានធ្វើការខិតខំយ៉ាងខ្លាំងទាំងនេះ ដោយសារតែនៅពេលយើងដកព្រះនាមព្រះអម្ចាស់ចេញពីឈ្មោះនៃសាសនាចក្រ របស់ទ្រង់ នោះយើងបានដក ទ្រង់ ចេញដោយចៃដន្យ ពីការផ្ដោតសំខាន់ក្នុងការថ្វាយបង្គំ និងការរស់នៅរបស់យើង ។ នៅពេលយើងដាក់ព្រះនាមព្រះអង្គសង្គ្រោះមកលើខ្លួនយើងនៅពេលពិធីបុណ្យជ្រមុជទឹក នោះយើងតាំងចិត្តធ្វើ ជាសាក្សី ទាំងគំនិត និងទង្វើរបស់យើងថា ព្រះយេស៊ូវ គឺជាព្រះគ្រីស្ទ ។
ពីមុន ខ្ញុំបានសន្យាថា បើយើងនឹង« ខិតខំអស់ពីសមត្ថភាពរបស់យើងដើម្បីកែឈ្មោះសាសនាចក្ររបស់ព្រះអម្ចាស់ » នោះទ្រង់នឹង « ចាក់ស្រោចព្រះចេស្ដាទ្រង់ និងពរជ័យទាំងឡាយមកលើក្បាលនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលយើងពុំធ្លាប់បានឃើញពីមុនមកទេ » ។ ខ្ញុំសូមរំឭកការសន្យានោះជាថ្មីនៅថ្ងៃនេះ ។
ដើម្បីជួយយើងចងចាំទ្រង់ និងស្គាល់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយជា សាសនាចក្ររបស់ព្រះអម្ចាស់ពួកយើងរីករាយនឹងណែនាំនិមិត្តរូបមួយដែលនឹងប្រាប់ជាសញ្ញាអំពីចំណុចសំខាន់នៃព្រះយេស៊ូវគ្រីស្ទនៅក្នុងសាសនាចក្រទ្រង់ ។
និមិត្តសញ្ញានេះ រួមមានឈ្មោះសាសនាចក្រមាននៅក្នុងថ្មជ្រុង ។ ព្រះយេស៊ូវ គ្រីស្ទគឺជាថ្មជ្រុងយ៉ាងឯង ។
នៅកណ្ដាលនៃនិមិត្តរូបនោះ គឺជាតំណាងមួយនៃរូបសំណាក ព្រះគ្រីស្ទ ពីថ្មកែវ Thorvaldsen ។ វារំលេចជារូបរបស់ព្រះអម្ចាស់ ដ៏មានព្រះជន្មរស់ ដែលបានរស់ឡើងវិញ កំពុងលាតព្រះហស្ដទៅឱបក្រសោបអ្នកទាំងអស់ដែលមករកទ្រង់ ។
ជានិមិត្តរូប ព្រះយេស៊ូវ គ្រីស្ទកំពុងគង់នៅក្រោមក្លោងទ្វាមួយ ។ ក្លោងទ្វានោះរំឭកយើងអំពីព្រះអង្គសង្គ្រោះដែលបានរស់ឡើងវិញ ចេញមកពីផ្នូរនៅថ្ងៃទីបីបន្ទាប់ពីការឆ្កាងរបស់ទ្រង់ ។
និមិត្តរូបនេះ គួរតែមានអារម្មណ៍ស្រដៀងគ្នាទៅនឹងអ្វីៗជាច្រើន នៅពេលយើងបានស្គាល់ជាយូរនូវដំណឹងល្អដែលបានស្ដារឡើងវិញ ដែលមានព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ដែលបានរស់ឡើងវិញនេះ ៕
ឥឡូវនិមិត្តរូប ត្រូវបានប្រើជាការសម្គាល់មើលឃើញមួយក្នុងអក្សរសាស្ត្រ ព័ត៌មាន និងព្រឹត្តការណ៍នានារបស់សាសនាចក្រ ។ វានឹងរំឭកយើងទាំងអស់ថា នេះគឺ ជាសាសនាចក្ររបស់ព្រះអង្គសង្គ្រោះ ហើយ ថាយើងទាំងអស់គ្នា ក្នុងនាមជាសមាជិកនៃសាសនាចក្ររបស់ទ្រង់ ផ្ដោតសំខាន់ទៅលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។
ឥឡូវ បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ ថ្ងៃស្អែក គឺជាថ្ងៃអាទិត្យធាងចាក ដូចដែលអែលឌើរ ហ្គងបានបង្រៀនយ៉ាងរាក់ទាក់ ។ ហើយបន្ទាប់មកយើងចូលក្នុងសប្ដាហ៍ពិសេសដែលចំនឹងបុណ្យអ៊ីស្ទើរ ។ ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ កំពុងរស់នៅក្នុងជំនាន់មួយដែលមានការរាតត្បាតវីរុស កូវីដ-១៩ បានដាក់ពិភពលោកក្នុងភាពរំជួលខ្លាំង សូមយើងមិនគ្រាន់តែនិយាយអំពីព្រះគ្រីស្ទ ឬផ្សាយពីព្រះគ្រីស្ទ ឬធ្វើការជានិមិត្តរូបតំណាងឲ្យព្រះគ្រីស្ទតែប៉ុណ្ណោះឡើយ ។
សូមយើងដាក់សេចក្ដីជំនឿរបស់យើងទៅលើព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទទៅជាសកម្មភាពផង !
ដូចបងប្អូនបានដឹងហើយ សមាជិកទាំងឡាយនៃសាសនាចក្រគោរពតាមក្រឹត្យវិន័យនៃការតមអាហារមួយថ្ងៃម្ដងរាល់ខែ ។
គោលលទ្ធិនៃការតមអាហារគឺមានពីបុរាណមក ។ វាត្រូវបានវិរបុរសក្នុងគម្ពីរប៊ីបអនុវត្តតាមចាប់តាំងពីជំនាន់ដើមបំផុត ។ ម៉ូសេ ដេវីត អេសរ៉ា នេហូមា អេសធើ អេសាយ ដានីយ៉ែល យ៉ូអែល និងមនុស្សដទៃទៀតជាច្រើនបានតមអាហារ និងបានផ្សាយអំពីការតមអាហារ ។ តាមរយៈការសរសេររបស់អេសាយ ព្រះអម្ចាស់បានមានបន្ទូលថា ៖ « តើមិនមែនជាការតមអត់យ៉ាងនេះវិញ ដែលអញពេញចិត្តទេឬអី ? គឺឲ្យដោះច្រវាក់ដែលឯងដាក់គេដោយអំពើអាក្រក់ ឲ្យស្រាយចំណងដែលឯងបានចងគេ ហើយឲ្យអ្នកដែលឯងបានសង្កត់សង្កិនបានរួចចេញទទេ ? »
សាវកប៉ុលបានព្រមានដល់ពួកបរិសុទ្ធនៅកូរិនថូសឲ្យ « ប្រគល់ខ្លួនទៅក្នុងការតមអាហារ និងអធិស្ឋាន » ។ ព្រះអង្គសង្គ្រោះផ្ទាល់បានប្រកាសថា រឿងជាក់លាក់ « ពុំបាច់ចេញ »ទៅទេ ប៉ុន្តែ ដោយការអធិស្ឋាន និងតមអាហារ » ។
ខ្ញុំបាននិយាយថ្មីៗនេះនៅក្នុងវីដេអូ ប្រព័ន្ធផ្សព្វផ្សាយសង្គមថា « ក្នុងនាមជាគ្រូពេទ្យ និងវេជ្ជបណ្ឌិតផ្នែកវះកាត់ ខ្ញុំសូមកោតសរសើរជាអនេកចំពោះអ្នកជំនាញខាងវេជ្ជសាស្ត្រ អ្នកវិទ្យាសាស្ត្រ និងមនុស្សទាំងអស់ដែលកំពុងធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលនៃ កូវីដ-១៩ » ។
ឥឡូវ ក្នុងនាមជាប្រធាននៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ខ្ញុំ ដឹងថាព្រះ « មានគ្រប់ព្រះចេស្ដា គ្រប់ប្រាជ្ញា និងគ្រប់ការយល់ដឹង ទ្រង់យល់គ្រប់រឿង ហើយទ្រង់ជាអង្គប្រកបដោយក្ដីមេត្តាករុណា ចំពោះសេចក្ដីសង្គ្រោះ ចំពោះអស់អ្នកដែលនឹងប្រែចិត្ត ហើយជឿទៅលើព្រះនាមទ្រង់ » ។
ដូច្នេះ អំឡុងគ្រាដ៏ទុក្ខព្រួយខ្លាំងនេះ កាលដែលជំងឺមានសមាមាត្ររីករាតត្បាត នោះរឿងធម្មតាបំផុតដែលយើងធ្វើ គឺទូលទៅកាន់ ព្រះវរបិតាសួគ៌របស់យើង និងព្រះរាជបុត្រាទ្រង់— ជាអង្គព្យាបាលដ៏កំពូល— ដើម្បីបង្ហាញនូវព្រះចេស្ដាដ៏មហិមាដើម្បីប្រទានពរដល់មនុស្សនៅលើផែនដី ។
នៅក្នុងសារវីដេអូរបស់ខ្ញុំ ខ្ញុំបានអញ្ជើញមនុស្សទាំងអស់ឲ្យចូលរួមនៅក្នុងការតមអាហារនៅថ្ងៃអាទិត្យ ទី ២៩ ខែមីនា ឆ្នាំ ២០២០ ។ បងប្អូនជាច្រើនអាចនឹងមើលឃើញវីដេអូ និងចូលរួមតមអាហាររួចហើយ ។ អ្នកខ្លះអាចនឹងមិនបានចូលរួម ។ ឥឡូវនេះ យើងនៅតែត្រូវការជំនួយពីស្ថានសួគ៌ ។
ដូច្នេះនៅយប់នេះ បងប្អូនប្រុសស្រីជាទីស្រឡាញ់ខ្ញុំអើយ នៅក្នុងស្មារតីនៃពួកបុត្រារបស់ម៉ូសាយ ដែលបានលះបង់ខ្លួនដើម្បីតមអាហារ និងអធិស្ឋានយ៉ាងច្រើន ហើយជាចំណែកនៃសន្និសីទខែមេសា ឆ្នាំ ២០២០ របស់យើង ខ្ញុំសូមកោះហៅឲ្យមានការតមអាហារទូទាំងពិភពលោកម្ដងទៀត ។ សម្រាប់អ្នកដែលមានសុខភាពល្អ សូមតមអាហារ អធិស្ឋាន និងរួបរួមជំនឿរបស់យើងម្ដងទៀត ។ ចូរយើងទូលអង្វរប្រកបដោយការអធិស្ឋានសូមការសង្គ្រោះពីការរាតត្បាលជំងឺជាសាកលនេះ ។
ខ្ញុំសូមអញ្ជើញ យើងទាំងអស់រួមទាំងបងប្អូនដែលពុំមានជំនឿដូចយើង ឲ្យតមអាហារ និង អធិស្ឋានទៅរកព្រះ នៅថ្ងៃ សុក្រ ទី ១០ ខែមេសា ដើម្បីឲ្យការរាតត្បាតជំងឺបច្ចុប្បន្ននេះអាចត្រូវបានគ្រប់គ្រងបាន ហើយគ្រូពេទ្យត្រូវបានការពារ សេដ្ឋកិច្ចត្រូវបានពង្រឹង និងជីវិតមកមានលក្ខណៈធម្មតាវិញ ។
តើយើងតមអាហារតាមរបៀបណា ? តាមទម្លាប់ គឺតមអាហារអាហារពីរពេល ឬរយៈពេល ២៤ ម៉ោង ។ ប៉ុន្តែបងប្អូនគួរសម្រេចចិត្តនូវអ្វីដែលនឹងបង្កើតការលះបង់មួយសម្រាប់បងប្អូន នៅពេលបងប្អូនចងចាំអំពីការលះបង់ដ៏មហិមានៃព្រះអង្គសង្គ្រោះបានធ្វើសម្រាប់បងប្អូន ។ ចូរយើងរួបរួមគ្នាទូលអង្វរសូមការព្យាបាលនៅទូទាំងពិភពលោក ។
ថ្ងៃសុក្រល្អ ជាថ្ងៃល្អឥតខ្ចោះ ដើម្បីឲ្យព្រះវរបិតាសួគ៌យើង និងព្រះរាជបុត្រាទ្រង់ស្ដាប់ឮ យើង !
បងប្អូនប្រុសស្រីជាទីស្រឡាញ់ ខ្ញុំសូមបង្ហាញសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះបងប្អូន ព្រមជាមួយនឹងទីបន្ទាល់របស់ខ្ញុំអំពីភាពជាព្រះនៃកិច្ចការដែលយើងចូលរួមចំណែក ។ នេះគឺជា សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ទ្រង់គង់ជាសិរិសារ ហើយដឹកនាំគ្រប់កិច្ចការដែលយើងធ្វើ ។ ខ្ញុំដឹងថា ទ្រង់នឹងឆ្លើយតបចំពោះការទូលអង្វរនៃរាស្ត្ររបស់ទ្រង់ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ដូច្នោះក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។