ការបំពេញតាមការព្យាករ
ការព្យាករណ៍ដែលបានបំពេញដោយការស្ដារឡើងវិញនៃភាពពេញលេញនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទគឺមានច្រើន ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ ខ្ញុំមានកិត្តិយសដើម្បីនិយាយនៅក្នុងសន្និសីទទូទៅជាប្រវត្តិសាស្ត្រនេះ ដែលរំឭកដល់ការនិមិត្តដំបូងរបស់យ៉ូសែប ស្ម៊ីធអំពីព្រះជាព្រះវរបិតា និងព្រះរាជបុត្រារបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ នៅក្នុងព្រៃពិសិដ្ឋមួយ ។ ការនិមិត្តនោះគឺជាការចាប់ផ្ដើមមួយដ៏អស្ចារ្យចំពោះការស្ដារឡើងវិញនៃដំណឹងល្អ និងអ្វីៗដែលបានបើកបង្ហាញ តាំងពីព្រះគម្ពីរមរមនរហូតដល់ការមានត្រឡប់មកវិញនៃសិទ្ធិអំណាច និងកូនសោបព្វជិតភាព ការរៀបចំសាសនាចក្រដ៏ពិតរបស់ព្រះអម្ចាស់ ព្រះវិហារបរិសុទ្ធរបស់ព្រះ ព្រមទាំងពួកព្យាការី និងពួកសាវកដែលដឹកនាំកិច្ចការនេះនៅថ្ងៃចុងក្រោយនេះ ។
តាមរយៈការរៀបចំរបស់ព្រះ ពួកព្យាការីរបស់ព្រះកាលពីបុរាណ ពេលបានដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធ បានព្យាករពីការស្ដារឡើងវិញ និងអ្វីដែលត្រូវតែកើតឡើងនៅជំនាន់របស់យើង ជាគ្រាកាន់កាប់ត្រួតត្រាចុងក្រោយបង្អស់ និងកំណត់កាលដ៏ពេញលេញ ។ កិច្ចការនោះ« ដុតរោលព្រលឹង »នៃពួកអ្នកមើលឆុតដំបូង ។១ នៅគ្រប់ជំនាន់ ពួកលោកបានប្រាប់ទុកជាមុន បានសុបិន បានមើលឃើញជាមុន ហើយបានព្យាករពីអនាគតនៃនគររបស់ព្រះនៅលើផែនដី ជាអ្វីដែលអេសាយបានហៅថា « ការអស្ចារ្យ ហើយចំឡែក » ។២
ការព្យាករដែលបានបំពេញដោយការស្ដារឡើងវិញនៃភាពពេញលេញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទមានច្រើនណាស់ រួមបញ្ចូលទាំងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ប៉ុន្តែនៅថ្ងៃនេះ ខ្ញុំនឹងបង្ហាញរឿងសំខាន់ៗមួយចំនួនដែលខ្ញុំពេញចិត្តប៉ុណ្ណោះ ។ ខ្ញុំបានរៀនពីរឿងទាំងនេះមកពីគ្រូបង្រៀនក្នុងថ្នាក់កុមារជាទីស្រឡាញ់របស់ខ្ញុំ និងមកពីអ្នកម្ដាយជាទីស្រឡាញ់របស់ខ្ញុំ ។
ដានីយ៉ែល ដែលបានបញ្ឈប់សត្វតោដោយសារតែសេចក្ដីជំនឿរបស់លោកលើព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ និងការធ្វើអន្តរាគមន៍ពីពួកទេវតារបស់ព្រះ គឺជាបុគ្គលម្នាក់ដែលបានឃើញជំនាន់របស់យើងនៅក្នុងការនិមិត្ត ។ ការបកប្រែសុបិនមួយឲ្យស្ដេចក្រុងបាប៊ីឡូន ឈ្មោះនេប៊ូក្នេសា នោះដានីយ៉ែលបានព្យាករថាសាសនាចក្ររបស់ព្រះអម្ចាស់នឹងរីកចម្រើននៅថ្ងៃចុងក្រោយដូចជាថ្មតូចមួយដុំ« ដាប់ផ្ដាច់ចេញពីភ្នំឥតមានដៃអ្នកណាធ្វើ » ។៣ « ឥតមានដៃអ្នកណាធ្វើ »មានន័យថាដោយការធ្វើអន្តរាគមន៍របស់ព្រះ នោះសាសនាចក្ររបស់ព្រះអម្ចាស់នឹងរីកចម្រើនរហូតដល់បំពេញផែនដីទាំងមូល« [នឹង]មិនត្រូវបំផ្លាញឡើយ … [ប៉ុន្តែ]នឹងស្ថិតស្ថេរនៅអស់កល្បជានិច្ច » ។៤
វាគឺជាសាក្សីដ៏ជ្រាលជ្រៅមួយដែលពាក្យពេចន៍របស់ដានីយ៉ែលកំពុងត្រូវបានបំពេញ នៅពេលសមាជិកសាសនាចក្រនៅជុំវិញពិភពលោកកំពុងទស្សនា ហើយស្ដាប់សន្និសីទនៅថ្ងៃនេះ ។
សាវកដ៏ឆ្នើម គឺពេត្រុសបានរៀបរាប់ថា « គ្រាតាំងរបស់ទាំងអស់ឡើងវិញ … តាំងពីបុរាណមក » ។៥ សាវកប៉ុលបានសរសេរថា នៅកំណត់កាលដ៏ពេញលេញ នោះព្រះនឹង« បំព្រួមគ្រប់ទាំងអស់ក្នុងព្រះគ្រីស្ទ »៦« ព្រះយេស៊ូវគ្រីស្ទនោះឯង ទ្រង់ជាថ្មជ្រុងយ៉ាងឯក » ។៧ ខ្ញុំបានទទួលអារម្មណ៍យ៉ាងខ្លាំងពីការព្យាករទាំងនោះ ពេលខ្ញុំបានចូលរួមក្នុងការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធរ៉ូមនៅអ៊ីតាលី ។ ពួកព្យាការី និងពួកសាវកគ្រប់រូបបាននៅទីនោះថ្លែងទីបន្ទាល់ពីព្រះយេស៊ូវគ្រីស្ទ ជាព្រះដ៏ប្រោសលោះនៃពិភពលោក ដូចដែលពេត្រុស និងប៉ុលបានធ្វើ ។ បងប្អូនប្រុសស្រី សាសនាចក្រគឺជាគំរូដ៏រស់រវើកនៃការតាំងរបស់ទាំងអស់ឡើងវិញនោះ ហើយសមាជិករបស់យើងគឺជាសាក្សីនៃការព្យាករដ៏ទេវភាពទាំងនោះតាំងពីយូរយារមកហើយ ។
យ៉ូសែប នៅស្រុកអេស៊ីព្ទ បានព្យាករថា នៅថ្ងៃចុងក្រោយ ៖ « មានអ្នកមើលឆុតម្នាក់ដែលព្រះអម្ចាស់ដ៏ជាព្រះរបស់ខ្ញុំទ្រង់នឹងបង្កើតឡើងដែលនឹងទៅជាអ្នកមើលឆុតដ៏ជម្រើស » ។៨ « ត្បិតគាត់នឹងធ្វើកិច្ចការរបស់[ព្រះអម្ចាស់] » ។៩ យ៉ូសែប ស៊្មីធ ព្យាការីនៃការស្ដារឡើងវិញ គឺជាអ្នកមើលឆុតរូបនោះ ។
យ៉ូហានជាអ្នកទទួលវិវរណៈបានព្យាករពីទេវតាមួយអង្គនៃព្រះបាននាំមកនូវធាតុដ៏សំខាន់នៃការស្តារឡើងវិញដោយមានពាក្យពេចន៍ទាំងនេះថា ៖ « ខ្ញុំក៏ឃើញទេវតាមួយទៀត កំពុងហោះកាត់កណ្តាលមេឃ ទាំងមានដំណឹងល្អដ៏នៅអស់កល្បជានិច្ច សម្រាប់នឹងថ្លែងប្រាប់ដល់មនុស្សនៅផែនដី គឺដល់គ្រប់អស់ទាំងសាសន៍ គ្រប់ពូជអំបូរ គ្រប់ភាសា ហើយគ្រប់ទាំងគ្រួសារដែរ » ។ ១០ មរ៉ូណៃ គឺជាទេវតាអង្គនោះ ។ ទ្រង់បានឃើញសម័យរបស់យើងដូចដែលមានកត់ត្រានៅក្នុងព្រះគម្ពីរមរមន ។ នៅក្នុងការប្រាកដព្រះកាយឡើងម្តងហើយម្តងទៀត ទ្រង់បានរៀបចំយ៉ូសែប ស្ម៊ីធ សម្រាប់ការងារបម្រើរបស់ទ្រង់ ដោយបូករួមទាំងការបកប្រែនៃព្រះគម្ពីរមរមន ៖ ជាសក្តីបទមួយទៀតនៃព្រះយេស៊ូវ គ្រីស្ទ ។
មានពួកព្យាការីផ្សេងទៀតបានទស្សទាយពីសម័យរបស់យើង ។ ម៉ាឡាគី បាននិយាយពីអេលីយ៉ា បង្វែរ « ចិត្តពួកឪពុកមកឯកូន និងចិត្តកូនមកឯឪពុកវិញ » ។ ១១ អេលីយ៉ា បានមក ហើយជាលទ្ធផល នៅសព្វថ្ងៃនេះ យើងមានព្រះវិហារបរិសុទ្ធចំនួន ១៦៨ កន្លែងបណ្ដាផែនដីនេះ ។ ព្រះវិហារបរិសុទ្ធនីមួយៗបម្រើសមាជិកដែលមានភាពសក្ដិសមធ្វើសេចក្តីសញ្ញាពិសិដ្ឋ ហើយទទួលពរជ័យនៃពិធីបរិសុទ្ធទាំងឡាយឲ្យខ្លួនពួកគេ និងដល់បុព្វការីជនរបស់ពួកគេដែលបានស្លាប់ ។ កិច្ចការដ៏ពិសិដ្ឋនេះបានពិពណ៌នាដោយ ម៉ាឡាគី គឺជា « ចំណុចសំខាន់នៃផែនការរបស់ព្រះដ៏បង្កបង្កើតសម្រាប់ជោគវាសនាដ៏នៅអស់កល្បជានិច្ចនៃកូនចៅរបស់ទ្រង់ » ។ ១២
យើងរស់នៅក្នុងសម័យដែលបានព្យាការណ៍នោះ យើងគឺជាមនុស្សដែលទទួលខុសត្រូវជួយក្នុងការយាងមកជាលើកទីពីរនៃព្រះយេស៊ូវ គ្រីស្ទ យើងទាំងអស់គ្នាជាកូនចៅរបស់ព្រះ ជាជនដែលនឹងស្តាប់ ហើយធ្វើតាមសេចក្តីពិតនេះ ធ្វើសេចក្តីសញ្ញា ហើយសន្យាធ្វើតាមដំណឹងល្អដ៏នៅអស់កល្បជានិច្ចនេះ ។ ប្រធាន ណិលសុន ហៅវាថា « ឧបសគ្គដ៏ធំបំផុតបុព្វហេតុ ដ៏ ធំបំផុត និងជាកិច្ចការ ដ៏ធំបំផុតនៅលើផែនដីសព្វថ្ងៃនេះ » ។១៣ ខ្ញុំសូមថ្លែងជាសាក្សីពីអម្ភូតហេតុនោះ ។
ដោយការចាត់តាំងមកពីប្រធាន រ័សុល អិម ណិលសុន កាលពីខែកុម្ភៈ ក្នុងឆ្នាំនេះ ខ្ញុំបានឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធ ឌូរ៉ាននៅអាហ្រ្វិកខាងត្បូង ។ វាគឺជាថ្ងៃដែលខ្ញុំនឹងចងចាំអស់មួយជីវិតរបស់ខ្ញុំ ។ ខ្ញុំបាននៅជាមួយសមាជិកដែលមករកដំណឹងល្អដូចជាយេរេមា បានទស្សទាយជាយូរមកហើយ—« ពីក្រុងមួយ ហើយពីរនាក់ពីពូជអំបូរមួយ » ។ ១៤ គោលលទ្ធិនៃព្រះយេស៊ូវ គ្រីស្ទ បង្រួបបង្រួមយើងទាំងអស់គ្នា—នៅជុំវិញពិភពលោក—ជាបុត្រាបុត្រីនៃព្រះ ជាបងប្អូនប្រុសស្រីនៅក្នុងដំណឹងល្អ ។ មិនថាយើងមានរូបរាង ឬស្លៀកពាក់បែបណានោះទេ ក៏យើងជាប្រជាជនតែមួយដែលមានព្រះវរបិតាសួគ៌ដែលបានដាក់ផែនការតាំងពីដំបូង តាំងពីមុន ដល់ឥឡូវនេះសម្រាប់ក្រុមគ្រួសាររបស់ទ្រង់ឲ្យរួបរួមគ្នា ដោយការធ្វើ និងរក្សាសេចក្តីសញ្ញានៃព្រះវិហារបរិសុទ្ធ ។
តាមរយៈការជួបជុំគ្នានៃពួកអ្នកកាន់បព្វជិតភាពតូចមួយក្រុមនៅក្នុងផ្ទះ នៅឯ ខឺតឡង់ អូហៃអូ នាឆ្នាំ ១៨៣៤ នោះព្យាការី យ៉ូសែប បានព្យាករណ៍ថា « បងប្អូនឃើញបព្វជិតភាពមានតែបន្តិចនាក់នៅយប់នេះ ប៉ុន្តែសាសនាចក្រនេះនឹងបំពេញនៅអាមេរិកខាងជើង និងខាងត្បូង—វានឹងមាននៅទូទាំងពិភពលោក » ។១៥
នៅប៉ុន្មានឆ្នាំថ្មីៗនេះ ខ្ញុំបានធ្វើដំណើរទូទាំងពិភពលោកដើម្បីជួបជាមួយសមាជិកនៃសាសនាចក្រ ។ បងប្អូនប្រុសរបស់ខ្ញុំនៅក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ក៏មានការចាត់តាំងស្រដៀងគ្នានេះដែរ ។ ទោះជាយ៉ាងណាក៏ដោយ មាននរណាអាចប្រៀបធៀបនឹងកាលវិភាគដ៏រវល់របស់ព្យាការីជាទីស្រឡាញ់របស់យើង ប្រធាន ណិលសុន ដែលលោកបានធ្វើដំណើរនៅក្នុងរយៈពេលពីរឆ្នាំក្នុងនាមជាប្រធាននៃសាសនាចក្រ បាននាំឲ្យលោកជួបនឹងពួកបរិសុទ្ធនៅក្នុង ៣២ប្រទេស ហើយនឹងក្នុងដែនដីសហរដ្ឋ១៦ដើម្បីធ្វើជាសាក្សីនៃព្រះគ្រីស្ទដែលមានព្រះជន្មរស់ ។
ខ្ញុំនៅចាំពីពេលដែលខ្ញុំបានទទួលការហៅបម្រើបេសកកម្មរបស់ខ្ញុំ កាលពីនៅក្មេង ។ ខ្ញុំចង់បម្រើនៅប្រទេស អាលឺម៉ង់ ដូចជាឪពុកខ្ញុំ បងប្រុស និងបងថ្លៃរបស់ខ្ញុំបានបម្រើ ។ ដោយមិនបានចាំឲ្យនរណាម្នាក់នៅផ្ទះនោះទេ ខ្ញុំបានប្រញាប់រត់តម្រង់ទៅរកប្រអប់សំបុត្រ ហើយបានបើកសំបុត្របេសកកម្មនោះ ។ ខ្ញុំបានអានថា ខ្ញុំត្រូវបានហៅឲ្យបម្រើនៅបេសកកម្មភាគខាងកើត ដែលមានទីស្នាក់ការនៅទីក្រុង នូវ យ៉ោក ។ ខ្ញុំបានមានការខកចិត្ត ដូច្នោះខ្ញុំក៏បានចូលក្នុងផ្ទះ ហើយបានបើកព្រះគម្ពីររបស់ខ្ញុំដើម្បីទទួលបានការលួងលោមចិត្ត ។ ខ្ញុំបានចាប់ផ្តើមអាននៅក្នុងគោលលទ្ធិ និងសេចក្តីសញ្ញា ថា ៖ « មើលចុះ និង មើលន៏ យើងមានមនុស្សជាច្រើននៅកន្លែងនេះ គឺនៅភូមិភាគជុំវិញ ហើយទ្វារដ៏មានផលប្រយោជន៍នឹងត្រូវបានបើកចំហ នៅភូមិភាគជុំវិញនៅដែនដីនៃទិសខាងកើតនេះ » ។១៧ ការព្យាការណ៍នោះ បានផ្តល់ឲ្យយ៉ូសែប ស្ម៊ីធ នៅក្នុងឆ្នាំ ១៨៣៣ ដែលជាវិវរណៈចំពោះរូបខ្ញុំ ។ បន្ទាប់មក ខ្ញុំបានដឹង ថាខ្ញុំត្រូវបានហៅឲ្យទៅបម្រើនៅបេសកកម្មច្បាស់លាស់មួយដែលព្រះអម្ចាស់បានមានព្រះទ័យចង់ឲ្យខ្ញុំបម្រើនៅទីនោះ ។ ខ្ញុំបង្រៀនអំពីការស្តារឡើងវិញ និងការចាប់ផ្តើមដ៏អស្ចារ្យរបស់វា នៅពេលដែលព្រះវរបិតាគង់នៅស្ថានសួគ៌ បានមានបន្ទូលទៅកាន់យ៉ូសែប ស្ម៊ីធ ថា « នេះជាឃព្រះរាជបុត្រាដ៏ស្ងួនភ្ងារបស់យើង ។ ចូរស្តាប់តាមទ្រង់ចុះ ! »១៨
គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សាសនាចក្រទាំងមូល ជាង ៧០០ ឆ្នាំ ពីមុនកំណើតនៃព្រះយេស៊ូវ គ្រីស្ទ ៖ « នៅជាន់ក្រោយបង្អស់ នោះភ្នំ ជាទីស្អាងព្រះវិហារនៃព្រះយេហូវ៉ា និងបានតាំងឡើងខ្ពស់លើសអស់ទាំងភ្នំធំៗ … អស់ទាំងសាសន៍នឹងចូលហូរហែទៅក្នុងទីនោះ » ។ ១៩
នៅក្នុងគំនិតខ្ញុំសព្វថ្ងៃនេះ ខ្ញុំបានមើលឃើញសមាជិករាប់លាននាក់ និងមិត្តភក្តិបានភ្ជាប់ទំនាក់ទំនងគ្នា តាមរយៈអេឡិចត្រូនិច ទូរទស្សន៍ អ៊ិនធើរណែត ឬតាមមធ្យោបាយផ្សេងទៀត ។ យើងអង្គុយចុះដូចជាយើងហាក់ដូចជាកំពុងនៅជាមួយគ្នា « បានតាំងឡើងខ្ពស់លើសអស់ទាំងភ្នំធំៗ » ។២០ កាលនោះគឺព្យាការី ព្រិកហាំ យ៉ង់ ដែលបានមានប្រសាសន៍ពីពាក្យព្យាករណ៍នេះ « ទីនេះ ជាកន្លែងត្រឹមត្រូវហើយ » ។២១ ពួកបរិសុទ្ធមួយចំនួនគឺជាបុព្វបុរសរបស់ខ្ញុំ ដែលបានខិតខំកសាងស៊ីយ៉ូន នៅភ្នំរ៉កគី « តាមរយៈឆន្ទៈ និងការពេញចិត្តរបស់លោកដែលបានចង្អុលបង្ហាញពីប្រជាជាតិនៃផែនដីនេះ » ។ ២២
ខ្ញុំឈរនៅថ្ងៃនេះនៅលើទឹកដីដ៍ពិសិដ្ឋដែលបានទាក់ទាញមនុស្សរាប់លាននាក់មកទស្សនា ។ នៅក្នុងឆ្នាំ ២០០២ ទីក្រុងសលត៍ លេក បានទទួលស្វាគមន៍កីឡាអូឡាំពិច នារដូវរងារ ។ ក្រុមចម្រៀងរោងឧបោសថ បានច្រៀងបើកពិធី ហើយសាសនាចក្របានជូនជាការប្រគុំតន្រ្តី និងកម្មវិធីជាច្រើនសម្រាប់ភ្ញៀវដែលចូលរួមមកពីប្រទេសជាច្រើន ។ ខ្ញុំនឹកចងចាំជានិច្ចពេលឃើញព្រះវិហារបរិសុទ្ធនៅក្នុងផ្ទៃខាងក្រោយនៃចាក់ការផ្សាយព័ត៌មានពេលយប់ទូទាំងពិភពលោក ។
អស់ជាច្រើនឆ្នាំ ប្រធានាធិបតីនៃសហរដ្ឋអាមេរិក ស្តេច ចៅក្រម នាយករដ្ឋមន្រ្តី ឯកអគ្គរដ្ឋទូត និងមន្រ្តីមកពីប្រទេសជាច្រើនបានអញ្ជើញមកដល់ទីក្រុងសលត៍ លេក ហើយបានជួបខ្ញុំ និងថ្នាក់ដឹកនាំរបស់យើង ។ ប្រធាន ណិលសុន បានទទួលស្វាគមន៍ថ្នាក់ដឹកនាំនៃសមាគមន៍ជាតិ សម្រាប់អភិវឌ្ឍន៍ប្រជាជនស្បែកខ្មៅ ( National Association for the Advancement of Colored People ) អង្គការប្រចាំសហរដ្ឋអាមេរិកប្តេជ្ញាចិត្តប្រើសិទ្ធិស្មើគ្នាដោយគ្មានការរើសអើងពូជសាសន៍ ។ ខ្ញុំចងចាំកាលដែលបានឈរស្មាកៀកជាមួយនឹងមិត្តភក្តិទាំងនេះនិងថ្នាក់ដឹកនាំទាំងឡាយ កាលប្រធាន ណិលសុន បានចូលរួមនឹងពួកគេក្នុងការ អំពាវនាវរក ភាពសុខដុមរមនាកាន់តែខ្លាំង នៃពូជសាសន៍ និងអារយ្យធម៌នៅក្នុងពិភពលោក ។២៣
មានមនុស្សជាច្រើនទៀតបានមកកាន់វិសាលដ្ឋានព្រះវិហារបរិសុទ្ធ ហើយបានជួបប្រឹក្សាជាមួយថ្នាក់ដឹកនាំសាសនាចក្រ ។ ឧទាហរណ៍ នៅឆ្នាំកន្លងទៅនេះ គ្រាន់តែលើកឡើងពីរបីឈ្មោះប៉ុណ្ណោះ យើងបានស្វាគមន៍សន្និសីទលើកទី ៦៨របស់សង្គមស៊ីវិលរបស់អង្គការសហប្រជាជាតិ ( United Nations 68th Civil Society Conference ) ការជួបជុំជាសាកល ហើយជាលើកទីមួយដែលអង្គការនេះបានជួបនៅក្រៅទីក្រុង នូវ យ៉ោក ។ យើងបានជួបនឹង គណៈកម្មការកិច្ចការសាសនារបស់ប្រទេសវៀតណាម ( Vietnam’s Committee for Religious Affairs ) ឯកអគ្គរដ្ឋទូតមកពីប្រទេសគុយបា ហ្វីលីពីន អាហ្សង់ទីន រូម៉ានី ស៊ូដង់ កាតា និង អារ៉ាប់ ប៊ីសាអូឌីត ។ យើងក៏បានស្វាគមន៍ដល់អគ្គលេខាធិការនៃសម្ព័ន្ធពិភពអ៊ីស្លាម ( Muslim World League ) ។
អ្វីដែលខ្ញុំកំពុងពិពណ៌នាគឺជាការបំពេញនៃការព្យាការណ៍របស់ អេសាយ ថានៅក្នុងសម័យចុងក្រោយ គ្រប់ជាតិសាសន៍នឹងមកកាន់ « ភ្នំ ជាទីស្អាងព្រះវិហារនៃព្រះយេហូវ៉ា » ។ ២៤ ព្រះវិហារបរិសុទ្ធនៃទីក្រុងសលត៍ លេក ដ៏ធំឈរនៅចំណុចកណ្តាលនៃភាពរុងរឿង និងសិរីល្អនោះ ។
មិនមែនទេសភាពដែលទាក់ទាញមនុស្សនោះ ទេ ទោះបីការរៀបចំរបស់យើងអស្ចារ្យក៏ដោយ តែវា គឺ ជាខ្លឹមសារនៃសាសនាបរិសុទ្ធដែលបានបង្ហាញនៅក្នុងស្មារតីការលូតលាស់ ភាពល្អ និងភាពសប្បុរសរបស់សាសនាចក្រនៃព្រះយេស៊ូវ គ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និងសមាជិកនៅក្នុងសាសនាចក្រ សេចក្ដីស្រឡាញ់របស់យើងដូចជាសេចក្តីស្រឡាញ់របស់ព្រះ និងការប្តេជ្ញាចិត្តរបស់យើងចំពោះបុព្វហេតុខ្ពស់ជាងអ្វីដែល យ៉ូសែប ស្ម៊ីធបានហៅ « បុព្វហេតុនៃព្រះគ្រីស្ទ » ទៅវិញទេ ។២៥
យើងពុំដឹងថាពេលណាដែលព្រះអង្គសង្រ្គោះនឹងយាងត្រឡប់មកវិញនោះទេ ប៉ុន្តែការណ៍នេះយើងដឹង ។ យើងត្រូវតែរៀបចំចិត្ត និងគំនិតរបស់យើង ភាពស័ក្តិសមដើម្បីទទួលទ្រង់ ហើយមានអំណរដែលបានធ្វើជាផ្នែកមួយនៃអ្វីដែលបានព្យាករណ៍ជាយូរយាណាស់មកហើយនោះ ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ប្រធាន រ័សុល អិម ណិលសុន គឺជាព្យាការីរបស់ព្រះអម្ចាស់នៅលើផែនដីនេះ ហើយនៅក្បែរលោកគឺជាពួកសាវក ដែលបានហៅដោយព្រះ បានគាំទ្រជាពួកព្យាការី អ្នកមើលឆុត និងពួកអ្នកទទួលវិវរណៈ ។ ហើយបងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ ការស្តារឡើងវិញនៅតែបន្ត ។
ខ្ញុំសូមបិទជាមួយនឹងការព្យាករណ៍របស់យ៉ូសែប ស្ម៊ីធ ថាពាក្យដែលខ្ញុំបានថ្លែងគឺជាការពិត « គ្មានដៃដែលមិនស្អាតស្អំណាអាចបញ្ឈប់កិច្ចការនេះ ពីការរីកចម្រើនឡើយ ការធ្វើទុក្ខបុកម្នេញអាចកញ្ជ្រោលឡើងពួកមនុស្សកាចសាហាវ អាចប្រមូលផ្ដុំគ្នា ពួកទាហានអាចប្រជុំគ្នាពួកអ្នកមួលបង្កាច់ អាចបង្ខូចកេរ្តិ៍ឈ្មោះ តែសេចក្ដីពិតនៃព្រះនឹងឆ្ពោះទៅមុខដោយក្លៀវក្លាថ្លៃថ្នូរ និងឯករាជ្យរហូតទាល់តែវាបានដល់គ្រប់ទាំងទ្វីប គ្រប់តំបន់ គ្រប់ប្រទេស និងបានឮដល់គ្រប់ត្រចៀក រហូតដល់គោលបំណង នៃព្រះនឹងបានសម្រេច ហើយព្រះយេហូវ៉ាដ៏អស្ចារ្យនឹងមានបន្ទូលថាកិច្ចកាបានចប់ហើយ » ។២៦ ខ្ញុំសូមថ្លែងទីបន្ទាល់ដូច្នេះថា ការព្យាការណ៍ទាំងនេះរបស់ព្យាការីយ៉ូសែប ស្ម៊ីធ គឺកំពុងតែបំពេញហើយ ។
ខ្ញុំសូមសន្យាថា កាលណាអ្នកធ្វើតាមការប្រឹក្សាដ៏បំផុសគំនិតពីព្យាការីជាទីស្រឡាញ់របស់យើង គឺប្រធាន រ័សុល អិម ណិលសុន ទីប្រឹក្សារបស់លោក ពួកសាវក និងថ្នាក់ដឹកនាំដទៃទៀតនៃសាសនាចក្រ ហើយកាលណាអ្នកយកចិត្តទុកដាក់ស្តាប់ដល់ពួកព្យាការីពីបុរាណដែលលោកបានប្រាប់ពីសម័យរបស់យើង នោះអ្នកនឹងត្រូវបានបំពេញយ៉ាងជ្រាលជ្រៅនៅក្នុងចិត្ត និងព្រលឹងរបស់អ្នក ជាមួយនឹងស្មារតី និងកិច្ចការនៃការស្តារឡើងវិញនេះ ។ ខ្ញុំសូមសន្យាថាអ្នកនឹងឃើញព្រះហស្តរបស់ព្រះនៅក្នុងជីវិតរបស់អ្នក សូមស្តាប់ការបំផុសគំនិតពីទ្រង់ ហើយស្គាល់សេចក្តីស្រឡាញ់របស់ទ្រង់ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវ គ្រីស្ទ ជាមួយនឹងអំណរគុណនៃការស្តារឡើងវិញនៃដំណឹងល្អរបស់ទ្រង់ និងសាសនាចក្ររបស់ទ្រង់ ជាភស្តុតាងនៃសេចក្តីស្រឡាញ់ដែលមិនអាចប្រៀបផ្ទឹមបានរបស់ទ្រង់ អាម៉ែន ។