របៀបដែលបព្វជិតភាពផ្តល់ពរដល់យុវវ័យ
តាមរយៈបព្វជិតភាព យើងអាចត្រូវបានលើកស្ទួយឡើង ។ បព្វជិតភាពនាំពន្លឺចូលមកក្នុងពិភពលោករបស់យើង ។
ខ្ញុំមានអំណរគុណដែលនៅទីនេះ ។ នៅពេលខ្ញុំដឹងថា ខ្ញុំមានឱកាសនិយាយទៅកាន់បងប្អូនថ្ងៃនេះ ខ្ញុំត្រេកអរយ៉ាងខ្លាំង ប៉ុន្តែក្នុងពេលជាមួយគ្នា នោះ ខ្ញុំក៏មានចិត្តរាបទាបផងដែរ ។ ខ្ញុំបានចំណាយពេលជាច្រើនគិតអំពីអ្វីដែលខ្ញុំអាចចែកចាយ ហើយខ្ញុំសង្ឃឹមថា ព្រះវិញ្ញាណមានបន្ទូលមកទៅកាន់បងប្អូនដោយផ្ទាល់តាមរយៈសារលិខិតរបស់ខ្ញុំ ។
នៅក្នុងព្រះគម្ពីរមរមន លីហៃផ្តល់ពរដល់កូនប្រុសលោកម្នាក់ៗមុននឹងគាត់ស្លាប់ ដែលជួយពួកគេឲ្យមើលឃើញចំណុចខ្លាំង និងសក្តានុពលដ៏អស់កល្បរបស់ពួកគេ ។ ខ្ញុំគឺជាកូនពៅគេក្នុងចំណោមកូនប្រាំបីនាក់ ហើយឆ្នាំមុននេះ ខ្ញុំបានរស់នៅក្នុងផ្ទះជាកូនតែមួយ គត់ជាលើកដំបូង ។ ដោយពុំមានបងប្អូនរស់នៅក្បែរ ឬពុំមាននរណាម្នាក់និយាយជាមួយជានិច្ច វាពិបាកចំពោះខ្ញុំ ។ មានរាត្រីជាច្រើនដែលខ្ញុំមានអារម្មណ៍ឯកោ ។ ខ្ញុំមានអំណរគុណចំពោះឪពុកម្តាយខ្ញុំ ដែលបានខិតខំអស់ពីសមត្ថភាពដើម្បីជួយខ្ញុំ ។ ឧទាហរណ៍មួយនៃការជួយនេះគឺ ពេលឪពុករបស់ខ្ញុំបានផ្តល់ពរជ័យនៃបព្វជិតភាពនៃការលួងលោមចិត្តក្នុងអំឡុងពេលដ៏លំបាកមួយបែបនេះ ។ បន្ទាប់ពីទទួលបានពររបស់លោកហើយ មិនមានអ្វីផ្លាស់ប្តូរមួយរំពេចនោះទេ ប៉ុន្តែខ្ញុំអាចមានអារម្មណ៍សុខសាន្ដនិងសេចក្តីស្រឡាញ់ពីព្រះវរបិតាសួគ៌ និងឪពុករបស់ខ្ញុំ ។ ខ្ញុំមានអារម្មណ៍ថាមានពរជ័យដោយមានឪពុកដ៏ស័ក្ដិសមម្នាក់ ដែលអាចផ្តល់ពរជ័យនៃបព្វជិតភាព នៅពេលណាដែលខ្ញុំត្រូវការ ហើយដែលអាចជួយខ្ញុំឲ្យឃើញចំណុចខ្លាំងនិងសក្តានុពលដ៏អស់កល្បរបស់ខ្ញុំ ដូចជាលីហៃបានធ្វើនៅពេលលោកផ្តល់ពរដល់កូនៗរបស់គាត់ផងដែរ ។
មិនថាបងប្អូនមានស្ថានភាពបែបណាទេ បងប្អូនអាចទទួលបានពរជ័យនៃបព្វជិតភាពជានិច្ច ។ តាមរយៈសមាជិកគ្រួសារ មិត្តភក្ដិ ការបម្រើរបស់បងប្អូនប្រុស អ្នកដឹកនាំបព្វជិតភាព ហើយព្រះវរបិតាសួគ៌ ដែលនឹងមិនព្រងើយកន្តើយដាក់បងប្អូន នោះបងប្អូនអាចទទួលពរជ័យនៃបព្វជិតភាពបាន ។ អែលឌើរ នែល អិល អាន់ឌើរសិន បានមានប្រសាសន៍ថា ៖ « ពរជ័យនៃបព្វជិតភាពមហិមាជាងបុរស ដែលត្រូវហៅឲ្យប្រើអំណោយទាននេះជារៀងរហូត ។… ដរាបណាយើងល្អស័ក្ដិសម ពិធីបរិសុទ្ធនៃបព្វជិតភាពនឹងចម្រើនជីវិតរបស់យើង » ។១
សូមកុំស្ទាក់ស្ទើរនឹងសូមពរជ័យ នៅពេលអ្នកត្រូវការការណែនាំបន្ថែមនោះឡើយ ។ យើងត្រូវការព្រះវិញ្ញាណដើម្បីជួយយើងខ្លាំងបំផុត ពេលដែលយើងស្ថិតនៅក្នុងគ្រាដ៏លំបាក ។ គ្មាននរណាម្នាក់ល្អឥតខ្ចោះ ឡើយ ហើយយើងគ្រប់រូបមានទុក្ខលំបាក ។ ពួកយើងមួយចំនួនអាចរងគ្រោះដោយសារការថប់បារម្ភចិត្តខ្លាំង ការស្រយុតចិត្ត ការញៀន ឬមានអារម្មណ៍ថា យើងគ្មានសមត្ថភាពគ្រប់គ្រាន់ ។ ពរជ័យនៃបព្វជិតភាពអាចជួយយើងឲ្យយកឈ្នះលើគ្រាលំបាកទាំងនេះ ហើយទទួលបានភាពសុខសាន្ត ខណៈដែលយើងបោះជំហានចូលទៅក្នុងអនាគត ។ ខ្ញុំសង្ឃឹមថា យើងនឹងខិតខំរស់នៅឲ្យបានស័ក្តិសមដើម្បីទទួលបានពរជ័យទាំងនេះ ។
របៀបមួយទៀតដែលពរជ័យនៃបព្វជិតភាពផ្ដល់ពរដល់យើងនោះ គឺតាមរយៈពរជ័យរបស់លោកអយ្យកោ ។ ខ្ញុំបានរៀនងាកទៅរកពរលោកអយ្យកោខ្ញុំ នៅពេលខ្ញុំមានទុក្ខព្រួយ ឬមានអារម្មណ៍ឯកោ ។ ពរជ័យរបស់ខ្ញុំជួយខ្ញុំឲ្យមើលឃើញសក្តានុពលរបស់ខ្ញុំនិងផែនការយ៉ាងជាក់ច្បាស់ ដែលព្រះមានសម្រាប់ខ្ញុំ ។ វាលួងលោមខ្ញុំ ហើយជួយខ្ញុំឲ្យសម្លឹងមើលហួសពីទស្សនៈលោកិយរបស់ខ្ញុំ ។ វារំឭកខ្ញុំអំពីអំណោយទានរបស់ខ្ញុំ និងពរជ័យនានាដែលខ្ញុំនឹងទទួលបាន ប្រសិនបើខ្ញុំរស់នៅដោយមានភាពស័ក្តិសម ។ វាក៏ជួយខ្ញុំឲ្យចងចាំ និងមានអារម្មណ៍សុខសាន្តថា ព្រះអម្ចាស់នឹងប្រទានចម្លើយ ហើយបើកទ្វារឲ្យចំពេល ដែលខ្ញុំត្រូវការវាខ្លាំងបំផុត ។
ពររបស់លោកអយ្យកោជួយរៀបចំយើងឲ្យត្រឡប់ទៅរស់នៅជាមួយព្រះវរបិតាសួគ៌របស់យើងវិញ ។ ខ្ញុំដឹងថា ពររបស់លោកអយ្យកោគឺមកពីព្រះ ហើយអាចជួយយើងឲ្យបង្វែរភាពទន់ខ្សោយរបស់យើងទៅជាចំណុចខ្លាំងវិញ ។ វាពុំមែនជាសារលិខិតមកពី គ្រូទាយទេ ពរជ័យទាំងនេះប្រាប់យើងអំពីអ្វីដែលយើងចាំបាច់ត្រូវស្ដាប់ ។ វាដូចជាលីអាហូណាសម្រាប់យើងម្នាក់ៗអញ្ចឹង ។ នៅពេលយើងដាក់ព្រះជាអាទិភាពទីមួយ ហើយមានសេចក្តីជំនឿលើទ្រង់ នោះទ្រង់នឹងដឹកនាំយើងឆ្លងកាត់ទីរហោស្ថានរបស់យើងផ្ទាល់ ។
ដូចដែលព្រះបានប្រទានពរដល់យ៉ូសែប ស្ម៊ីធជាមួយនឹងបព្វិតភាព ដើម្បីឲ្យព្រះពរនៃដំណឹងល្អអាចបានស្តារឡើងវិញដែរ នោះយើងអាចទទួលពរជ័យនៃដំណឹងល្អក្នុងជីវិតរបស់យើងតាមរយៈបព្វជិតភាពបាន ។ រៀងរាល់សប្តាហ៍យើងមានឯកសិទ្ធិ និងឱកាសទទួលសាក្រាម៉ង់ ។ តាមរយៈពិធីបរិសុទ្ធនៃបព្វជិតភាពនេះ យើងអាចបានព្រះវិញ្ញាណមកគង់ជាមួយយើងជានិច្ចដែលអាចសម្អាត និងបន្សុទ្ធយើង ។ ប្រសិនបើបងប្អូនត្រូវកម្ចាត់ចោលនូវអ្វីមួយចេញពីជីវិតរបស់បងប្អូន សូមស្វែងរកជំនួយពីអ្នកដឹកនាំដែលអាចទុកចិត្តបាន ដែលអាចជួយបងប្អូនឲ្យស្ថិតនៅលើផ្លូវត្រូវ ។ ថ្នាក់ដឹកនាំរបស់បងប្អូនអាចជួយបងប្អូនឲ្យទទួលបានអំណាចយ៉ាងពេញលេញនៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។
យើងក៏អាចទទួលបានពរជ័យនៃពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធតាមរយៈបព្វជិតភាពផងដែរ ។ តាំងពីពេលខ្ញុំអាចចូលក្នុងព្រះវិហារបរិសុទ្ធ ខ្ញុំបានដាក់វាជាគោលដៅនិងអាទិភាពដើម្បីនឹងទៅជាប្រចាំ ។ ដោយការចំណាយពេលនិងការលះបង់ចាំបាច់ដើម្បីចូលកាន់តែជិតទៅនឹងព្រះវរបិតាសួគ៌របស់ខ្ញុំក្នុងដំណាក់ដ៏បរិសុទ្ធរបស់ទ្រង់ ខ្ញុំមានពរដែលបានទទួលវិវរណៈ និងការបំផុសគំនិតដែលពិតជាបានជួយខ្ញុំពេញមួយជីវិតរបស់ខ្ញុំ ។
តាមរយៈបព្វជិតភាព យើងអាចត្រូវបានលើកស្ទួយឡើង ។ បព្វជិតភាពនាំពន្លឺចូលមកក្នុងពិភពលោករបស់យើង ។ អែលឌើរ រ៉ូបឺត ឌី ហែល បានមានប្រសាសន៍ ៖ « ប្រសិនបើគ្មានអំណាចបព្វជិតភាពទេនោះ ‹ ផែនដីទាំងមូលនឹងត្រូវកម្ទេចចោលសូន្យឈឹង › ( សូមមើល គ.&ស. ២:១–៣ ) ។ វានឹងគ្មានពន្លឺ គ្មានសេចក្ដីសង្ឃឹម—គឺមានតែភាពងងឹតប៉ុណ្ណោះ » ។២
ព្រះអម្ចាស់កំពុងតែអបអរជម្រុញយើង ។ ទ្រង់ចង់ឲ្យយើងត្រឡប់ទៅកាន់ទ្រង់វិញ ។ ទ្រង់ជ្រាបពីយើងម្នាក់ៗ ។ ទ្រង់ស្គាល់បងប្អូន ។ ទ្រង់ស្រឡាញ់យើង ។ ទ្រង់តែងតែដឹងពីយើង ហើយប្រទានពរយើង ទោះបីជាយើងពុំមានអារម្មណ៍ស័ក្ដិសមនឹងទទួលវាក្ដី ។ ព្រះជ្រាបពីអ្វីដែលយើងត្រូវការ និងពេលដែលយើងត្រូវការវា ។
« ចូរសុំនោះតែងនឹងឲ្យមកអ្នក ចូររក នោះតែងនឹងឃើញ ចូរគោះ នោះតែងនឹងបើកឲ្យអ្នក ៖
« ដ្បិតអស់អ្នកដែលសូមនោះរមែងបាន អ្នកណាដែលរក នោះរមែងឃើញ ក៏បើកឲ្យអ្នកណាដែលគោះដែរ »( ម៉ាថាយ ៧:៧–៨ ) ។
បើបងប្អូនពុំទាន់មានទីបន្ទាល់អំពីបព្វជិតភាពនៅឡើយ ខ្ញុំលើកទឹកចិត្តបងប្អូនឲ្យអធិស្ឋានទូលសូមដោយខ្លួនឯងផ្ទាល់ អំពីអំណាចរបស់វា រួចហើយអានព្រះគម្ពីរដើម្បីស្តាប់ព្រះបន្ទូលរបស់ព្រះ ។ ខ្ញុំដឹងថា ប្រសិនបើយើងខំប្រឹងប្រែងដើម្បីដកពិសោធន៍នូវអំណាចបព្វជិតភាពរបស់ព្រះក្នុងជីវិតរបស់យើង នោះយើងនឹងទទួលបានពរជ័យ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។