« ចូរឲ្យគេហដ្ឋាននេះត្រូវស្ថាបនាចំពោះព្រះនាមរបស់យើង »
( គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៤:៤០ )
សេចក្ដីសញ្ញាដែលបានទទួល និងពិធីបរិសុទ្ធដែលបានធ្វើឡើងក្នុងព្រះវិហារបរិសុទ្ធ មានសារសំខាន់យ៉ាងខ្លាំងដើម្បីធ្វើឲ្យដួងចិត្តយើងបានបរិសុទ្ធ និងសម្រាប់ការលើកតម្កើងដ៏ខ្ពង់ខ្ពស់ដល់បុត្រា និងបុត្រីនៃព្រះ ។
នៅក្នុងព្រៃពិសិដ្ឋ ២០០ ឆ្នាំកន្លងទៅ យ៉ូសែប ស៊្មីធវ័យក្មេងបានឃើញ ហើយបាននិយាយនឹងព្រះ គឺព្រះវរបិតាដ៏អស់កល្បជានិច្ច និងព្រះរាជបុត្រារបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ ។ ចេញពីទ្រង់ទាំងពីរអង្គ យ៉ូសែបបានរៀនអំពីលក្ខណៈពិតនៃក្រុមព្រះ និងវិវរណៈបន្ដបន្ទាប់ កាលការនិមិត្តសួគ៌ានេះបានចាប់ផ្ដើម « ការកាន់កាប់ត្រួតត្រាក្នុងកាលដែលពេលពេញកំណត់ » នៅក្នុងថ្ងៃចុងក្រោយនេះ ។១
ប្រមាណជាបីឆ្នាំក្រោយមក ក្នុងការឆ្លើយតបនឹងការអធិស្ឋានដ៏ស្មោះនៅល្ងាចនៃថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ១៨២៣ បន្ទប់ដេករបស់យ៉ូសែបបានពេញដោយពន្លឺរហូតធ្វើឲ្យវា « ភ្លឺជាងពន្លឺថ្ងៃត្រង់ទៅទៀត » ។២ មានតួអង្គមួយបានលេចមកក្បែរគ្រែលោក បានហៅឈ្មោះក្មេងប្រុសនោះ ហើយបានប្រកាសថា « លោកជាទូតដែលបានចាត់មកពីវត្តមាននៃព្រះ…ហើយថាឈ្មោះលោកគឺមរ៉ូណៃ » ។៣ លោកបានណែនាំយ៉ូសែបពីការលេចចេញមកនៃព្រះគម្ពីរមរមន ។
រួចហើយមរ៉ូណៃបានដកស្រង់ពីគម្ពីរម៉ាឡាគីនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដោយមានការប្រែប្រួលបន្តិចបន្តួចនៅក្នុងភាសាដែលបានប្រើនៅក្នុងកំណែស្ដេចជេមស៍ ៖
« មើលចុះ យើងនឹងបើកសម្ដែងដល់អ្នករាល់គ្នានូវបព្វជិតភាព ដោយដៃនៃអេលីយ៉ាដែលជាព្យាការីមុនដែលថ្ងៃដ៏ធំ ហើយគួរស្ញែងខ្លាចនៃព្រះអម្ចាស់បានមកដល់ ។…
« ហើយលោកនឹងដាក់នៅក្នុងចិត្តនៃកូនចៅនូវសេចក្ដីសន្យាដែលបានធ្វើដល់ពួកឪពុក ហើយចិត្តនៃកូនចៅនឹងបានបង្វែរមករកពួកឪពុករបស់ពួកគេវិញ ។ បើសិនជាមិនមែនដូច្នោះទេ នោះផែនដីទាំងមូលនឹងត្រូវកម្ទេចចោលសូន្យឈឹងក្នុងកាលទ្រង់យាងមក » ។៤
អ្វីដែលសំខាន់នោះគឺ សេចក្តីណែនាំរបស់មរ៉ូណៃដល់យ៉ូសែប ស្ម៊ីធអំពីបេសកកម្មរបស់អេលីយ៉ាបានផ្ដួចផ្ដើមឲ្យមានព្រះវិហារបរិសុទ្ធ និងកិច្ចការពង្សប្រវត្តិនៅថ្ងៃចុងក្រោយ ហើយជាធាតុគន្លឹះមួយក្នុងការស្ដារឡើងវិញនូវ « របស់ទាំងអស់ដែលព្រះបានមានបន្ទូលប្រាប់ពីគ្រានោះ ដោយសារមាត់នៃពួកហោរាបរិសុទ្ធរបស់ទ្រង់តាំងពីបុរាណមក » ។៥
ខ្ញុំអធិស្ឋានសូមជំនួយពីព្រះវិញ្ញាណបរិសុទ្ធ កាលយើងរៀនរួមគ្នាអំពីសេចក្ដីសញ្ញា ពិធីបរិសុទ្ធ និងពរជ័យទាំងឡាយដែលមានដល់ពួកយើងនៅក្នុងព្រះវិហារបរិសុទ្ធនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
ការត្រឡប់មកវិញរបស់អេលីយ៉ា
ខ្ញុំសូមចាប់ផ្ដើមដោយការសួរសំណួរគន្លឹះមួយ ៖ ហេតុអ្វីបានជាការត្រឡប់មកវិញរបស់អេលីយ៉ាមានសារៈសំខាន់ម៉្លេះ ?
« យើងរៀនមកពីវិវរណៈថ្ងៃចុងក្រោយថា អេលីយ៉ាបានកាន់អំណាចផ្សារភ្ជាប់នៃបព្វជិតភាពមិលគីស្សាដែក »៦ហើយ« ជាព្យាការីចុងក្រោយគេដើម្បីធ្វើដូច្នោះ ពីមុនសម័យព្រះយេស៊ូវគ្រីស្ទ » ។៧
ព្យាការី យ៉ូសែប ស៊្មីធបានពន្យល់ថា ៖« វិញ្ញាណ អំណាច និងការហៅរបស់អេលីយ៉ាគឺថា អ្នកមានអំណាចដើម្បីកាន់កូនសោនៃ … ភាពពេញលេញនៃបព្វជិតភាពមិលគីស្សាដែក…ហើយ … ទទួលបាន…ពិធីបរិសុទ្ធទាំងអស់ដែលជារបស់នគរព្រះ គឺការបង្វែរដួងចិត្តឪពុកមកឯកូន ហើយដួងចិត្តកូនមកឯឪពុកវិញ សូម្បីតែអស់អ្នកដែលនៅស្ថានសួគ៌ក្ដី » ។៨
សិទ្ធិអំណាចផ្សារភ្ជាប់ដ៏ពិសិដ្ឋនេះគឺចាំបាច់ព្រោះ « បើអ្នករាល់គ្នាចងទុកអ្វីៗនៅផែនដី នោះនឹងត្រូវចងទុកនៅស្ថានសួគ៌ដែរ ហើយបើស្រាយអ្វីៗនៅផែនដី នោះក៏នឹងត្រូវស្រាយនៅស្ថានសួគ៌ដែរ » ។៩
យ៉ូសែបបានបញ្ជាក់ឲ្យច្បាស់ថែមទៀតថា ៖ « តើព្រះនឹងមកសង្គ្រោះជំនាន់នេះដោយរបៀបណា ? ទ្រង់នឹងបញ្ជូនអេលីយ៉ាជាព្យាការីមក ។… អេលីយ៉ានឹងបើកបង្ហាញសេចក្ដីសញ្ញាដើម្បីផ្សារភ្ជាប់ដួងចិត្តពួកឪពុកមកឯកូន និងចិត្តកូនមកឯឪពុកវិញ » ។១០
អេលីយ៉ាបានបង្ហាញកាយដល់ម៉ូសេនៅលើភ្នំប្រែរូប ហើយបានផ្ដល់សិទ្ធិអំណាចនេះដល់ពេត្រុស យ៉ាកុប និងយ៉ូហាន ។១១ អេលីយ៉ាក៏បានបង្ហាញកាយម្ដងទៀតជាមួយនឹងម៉ូសេ និងអេលីយ៉ាសនៅថ្ងៃទី ៣ ខែ មេសា ឆ្នាំ ១៨៣៦ នៅឯព្រះវិហារបរិសុទ្ធខឺតឡង់ ហើយបានផ្ដល់កូនសោដូចគ្នានេះដល់ យ៉ូសែប ស៊្មីធ និងអូលីវើរ ខៅឌើរី ។១២
ការស្ដារសិទ្ធិអំណាចផ្សារភ្ជាប់ឡើងវិញតាមរយៈអេលីយ៉ានៅឆ្នាំ ១៨៣៦ គឺចាំបាច់ដើម្បីរៀបចំពិភពលោកនេះសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ហើយវាផ្ដួចផ្ដើមចំណាប់អារម្មណ៍ដ៏អស្ចារ្យទូទាំងពិភពលោកឲ្យកើនឡើងលើការស្រាវជ្រាវពង្សប្រវត្តិ ។
ការផ្លាស់ប្ដូរ ការបង្វែរ និងការបន្សុទ្ធដួងចិត្ត
ពាក្យថាដួងចិត្ត ត្រូវបានប្រើជាង ១០០០ ដងនៅក្នុងគម្ពីរដ៏ជាបមាណីយ ។ ពាក្យដ៏សាមញ្ញ ប៉ុន្ដែសំខាន់នេះជារឿយៗសម្ដែងពីអារម្មណ៍នៅក្នុងចិត្តរបស់មនុស្សម្នាក់ៗ ។ ដួងចិត្តយើង—ដែលជាចំណុចប្រមូលផ្ដុំនៃបំណងប្រាថ្នា សេចក្ដីស្រឡាញ់ ចេតនា ការលើកទឹកចិត្ត និងឥរិយាបថរបស់យើង—កំណត់ថាយើងជានរណា និងសម្រេចពីអ្វីដែលយើងនឹងក្លាយជា ។ ហើយសារសំខាន់នៃកិច្ចការរបស់ព្រះអម្ចាស់កំពុងផ្លាស់ប្ដូរ បង្វែរ ហើយបន្សុទ្ធដួងចិត្តទាំងឡាយតាមរយៈសេចក្ដីសញ្ញាដំណឹងល្អ និងពិធីបរិសុទ្ធនៃបព្វជិតភាព ។
យើងមិនកសាង ឬចូលក្នុងព្រះវិហារបរិសុទ្ធដ៏ពិសិដ្ឋដើម្បីគ្រាន់តែមានបទពិសោធន៍ជាបុគ្គល ឬគ្រួសារដែលគួរឲ្យចងចាំតែប៉ុណ្ណោះទេ ។ ផ្ទុយទៅវិញ សេចក្ដីសញ្ញាដែលបានទទួល និងពិធីបរិសុទ្ធដែលបានធ្វើឡើងក្នុងព្រះវិហារបរិសុទ្ធ មានសារសំខាន់យ៉ាងខ្លាំងដើម្បីធ្វើឲ្យដួងចិត្តយើងបានបរិសុទ្ធ និងសម្រាប់ការលើកតម្កើងដ៏ខ្ពង់ខ្ពស់ដល់បុត្រា និងបុត្រីនៃព្រះ ។
ការបណ្ដុះសេចក្ដីសន្យាដែលបានធ្វើដល់ពួកឪពុក—ដូចជា អ័ប្រាហាំ អ៊ីសាក និង យ៉ាកុប—នៅក្នុងដួងចិត្តរបស់កូនចៅ ការបង្វែរដួងចិត្តកូនចៅទៅពួកឪពុករបស់ពួកគេផ្ទាល់ និងការធ្វើការស្រាវជ្រាវពង្សប្រវត្តិ និងការធ្វើពិធីបរិសុទ្ធជំនួសនៅក្នុងព្រះវិហារបរិសុទ្ធ គឺជាការងារដែលផ្ដល់ពរជ័យដល់បណ្តាជនដែលនៅទាំងសងខាងនៃវាំងនន ។ នៅពេលយើងប្រឡូកក្នុងកិច្ចការដ៏ពិសិដ្ឋនេះកាន់តែខ្លាំង នោះយើងកំពុងគោរពតាមបទបញ្ញត្តិឲ្យស្រឡាញ់ និងបម្រើព្រះ និងអ្នកជិតខាងរបស់យើងហើយ ។១៣ ហើយការបម្រើដែលមិនគិតពីខ្លួនឯងបែបនោះជួយយើងឲ្យ « ស្ដាប់ឮទ្រង់ ! »១៤ កាន់តែពិតប្រាកដ ហើយចូលមករកព្រះអង្គសង្គ្រោះ ។១៥
សេចក្ដីសញ្ញា និងពិធីបរិសុទ្ធបព្វជិតភាពដ៏ពិសិដ្ឋបំផុតត្រូវបានទទួលតែនៅក្នុងព្រះវិហារបរិសុទ្ធ—ជាដំណាក់របស់ព្រះអម្ចាស់ប៉ុណ្ណោះ ។ អ្វីៗគ្រប់យ៉ាងដែលបានរៀន និងអ្វីទាំងអស់ដែលបានធ្វើឡើងនៅក្នុងព្រះវិហារបរិសុទ្ធគូសបញ្ជាក់ពីភាពជាព្រះរបស់ព្រះយេស៊ូវគ្រីស្ទ និងតួនាទីរបស់ទ្រង់នៅក្នុងផែនការនៃសុភមង្គលដ៏មហិមារបស់ព្រះវរបិតាសួគ៌ ។
ពីខាងក្នុងដួងចិត្តមកក្រៅ
ប្រធាន អ៊ែសរ៉ា ថាហ្វ បេនសឹន បានរៀបរាប់ពីគន្លងដ៏សំខាន់មួយ ដែលព្រះប្រោសលោះធ្វើតាមដើម្បី « នាំឲ្យមានអមតភាព និងជីវិតដ៏នៅអស់កល្បជានិច្ចដល់មនុស្ស » ។១៦ លោកបានមានប្រសាសន៍ថា « ព្រះអម្ចាស់ធ្វើការពីខាងក្នុងដួងចិត្តមកក្រៅ ។ លោកិយធ្វើការពីខាងក្រៅទៅក្នុង ។ លោកិយនឹងយកមនុស្សចេញពីភាពកខ្វក់ ។ ព្រះគ្រីស្ទយកភាពកខ្វក់ចេញពីមនុស្ស ហើយបន្ទាប់មកពួកគេយកខ្លួនឯងចេញពីភាពកខ្វក់នោះ ។ លោកិយនឹងសូន្យមនុស្សដោយការផ្លាស់ប្ដូរបរិយាកាសរបស់ពួកគេ ។ ព្រះគ្រីស្ទផ្លាស់ប្ដូរមនុស្ស ដែលបន្ទាប់មកមនុស្សនោះផ្លាស់ប្ដូរបរិយាកាសរបស់ខ្លួន ។ លោកិយនឹងសម្រួចសម្រាំងឥរិយាបថរបស់មនុស្ស ប៉ុន្តែព្រះគ្រីស្ទអាចផ្លាស់ប្ដូរនិស្ស័យរបស់មនុស្សបាន » ។១៧
សេចក្តីសញ្ញា និងពិធីបរិសុទ្ធនៃបព្វជិតភាពគឺចាំបាច់នៅក្នុងដំណើរការរីកចម្រើននៃការកើតជាថ្មីខាងវិញ្ញាណ និងការផ្លាស់ប្ដូរនេះ វាក៏ជាមធ្យោបាយដែលព្រះអម្ចាស់ធ្វើការជាមួយនឹងពួកយើងម្នាក់ៗ ពីខាងក្នុងដួងចិត្តមកក្រៅ ។ សេចក្ដីសញ្ញាដែលត្រូវបានគោរពយ៉ាងខ្ជាប់ខ្ជួន បានចងចាំជានិច្ច និងបានសរសេរ « នឹងព្រះវិញ្ញាណនៃព្រះ …ក្នុងចិត្តខាងសាច់ឈាមវិញ »១៨ ផ្តល់គោលបំណង និងការធានានៃពរជ័យទាំងឡាយនៅក្នុងជីវិតរមែងស្លាប់ និងសម្រាប់ភាពអស់កល្បជានិច្ច ។ ពិធីបរិសុទ្ធដែលទទួលបានដោយភាពស័ក្តិសម និងបានចងចាំជានិច្ចនឹងបើកទំនាក់ទំនងសួគ៌ា ដែលធ្វើឲ្យអំណាចនៃព្រះអាចហូរចូលក្នុងជីវិតរបស់យើងបាន ។
យើងមិនមែនមកព្រះវិហារបរិសុទ្ធដើម្បីលាក់ខ្លួន ឬគេចចេញពីសេចក្តីអាក្រក់នៃពិភពលោកទេ ។ ផ្ទុយទៅវិញ យើងមកព្រះវិហារបរិសុទ្ធដើម្បីយកឈ្នះលើពិភពនៃសេចក្ដីអាក្រក់ ។ នៅពេលយើងយាងអញ្ជើញ « អំណាចនៃព្រះ »១៩ ចូលមកក្នុងជីវិតយើងតាមរយៈការទទួលពិធីបរិសុទ្ធនៃបព្វជិតភាព និងការចុះ ហើយរក្សាសេចក្ដីសញ្ញាដ៏ពិសិដ្ឋ នោះយើងទទួលពរជ័យឲ្យមានកម្លាំងលើសពីកម្លាំងខ្លួនយើងផ្ទាល់២០ ដើម្បីយកឈ្នះលើការល្បួង និងឧបសគ្គនានានៃជីវិតរមែងស្លាប់ ហើយធ្វើល្អ និងក្លាយជាមនុស្សល្អ ។
ការល្បីល្បាញអំពីដំណាក់នេះនឹងរាលដាល
ព្រះវិហារបរិសុទ្ធដំបូងគេនាគ្រាកាន់កាប់ត្រួតត្រានេះត្រូវបានសាងសង់ឡើងនៅទីក្រុងខឺតឡង់ រដ្ឋអូហៃអូ ហើយបានឧទ្ទិសឆ្លងនៅថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ១៨៣៦ ។
នៅក្នុងវិវរណៈមួយទៅកាន់ព្យាការីយ៉ូសែប ស្ម៊ីធមួយសប្ដាហ៍ក្រោយពីការឧទ្ទិសឆ្លងនោះ ព្រះអម្ចាស់បានប្រកាសថា ៖
« ចូរឲ្យចិត្តនៃអស់ទាំងរាស្ត្ររបស់យើងបានអរសប្បាយរីករាយ ដែលបានសង់ដំណាក់នេះថ្វាយដល់ព្រះនាមរបស់យើងដោយអស់ពីកម្លាំងរបស់ពួកគេ ។…
« មែនហើយ គឺចិត្តនៃមនុស្សរាប់ពាន់ម៉ឺននាក់នឹងបានអរសប្បាយរីករាយ ដោយព្រោះតែព្រះពរទាំងឡាយ ដែលនឹងបានចាក់ចេញមក ព្រមទាំងអំណោយទានពិសិដ្ឋ ដែលពួកអ្នកបម្រើរបស់យើងបានទទួលនៅក្នុងដំណាក់នេះ ។
« ហើយការល្បីល្បាញអំពីដំណាក់នេះនឹងរាលដាលទៅដល់ដែនដីឆ្ងាយៗ ហើយនេះគឺជាការចាប់ផ្តើមនូវព្រះពរ ដែលនឹងបានចាក់មកលើក្បាលនៃរាស្រ្តរបស់យើង » ។២១
សូមកត់ចំណាំឃ្លា ចិត្តនៃមនុស្សរាប់ពាន់ម៉ឺននាក់នឹងបានអរសប្បាយរីករាយនិងឃ្លា ការល្បីល្បាញអំពីដំណាក់នេះនឹងរាលដាលទៅដល់ដែនដីឆ្ងាយៗ ឃ្លាទាំងនេះគឺជាការប្រកាសដ៏អស្ចារ្យនៅខែ មេសា ឆ្នាំ ១៨៣៦ នៅពេលសាសនាចក្រមានតែសមាជិកប៉ុន្មាននាក់ និងព្រះវិហារបរិសុទ្ធមួយប៉ុណ្ណោះ ។
សព្វថ្ងៃនៅឆ្នាំ ២០២០ យើងមានព្រះវិហារបរិសុទ្ធកំពុងដំណើរការចំនួន ១៦៨ ។ ព្រះវិហារបរិសុទ្ធចំនួនសែសិបប្រាំបួនទៀតកំពុងនៅក្រោមការសាងសង់ ឬត្រូវបានប្រកាសរួចហើយ ។ ដំណាក់របស់ព្រះអម្ចាស់ត្រូវបានសាងសង់នៅលើ « កោះនានាក្នុងសមុទ្រ »២២ និងក្នុងប្រទេស និងទីតាំងនានាដែលមនុស្សជាច្រើនពីមុនគិតថាមិនអាចទៅរួចទេដើម្បីមានព្រះវិហារបរិសុទ្ធមួយ ។
បច្ចុប្បន្ននេះ ការធ្វើពិធីអំណោយទានពិសិដ្ឋមាន ៨៨ ភាសា ហើយនឹងមានជាភាសាជាច្រើនបន្ថែមទៀត នៅពេលព្រះវិហារបរិសុទ្ធបានសង់ឡើង ដើម្បីផ្ដល់ពរជ័យបន្ថែមទៀតដល់បុត្រាបុត្រីរបស់ព្រះ ។ ក្នុងពេល ១៥ ឆ្នាំទៀត ចំនួនភាសាពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធនឹងទំនងជាមានចំនួនកើនឡើងទ្វេដង ។
ឆ្នាំនេះ យើងនឹងបញ្ចុះសីមា ហើយចាប់ផ្ដើមការសាងសង់ព្រះវិហារបរិសុទ្ធចំនួន ១៨ ។ ផ្ទុយទៅវិញ វាបានចំណាយពេល ១៥០ ឆ្នាំដើម្បីសាងសង់ព្រះវិហារបរិសុទ្ធចំនួន ១៨ ដំបូង ចាប់តាំងពីការរៀបចំសាសនាចក្រនៅឆ្នាំ ១៨៣០ រហូតដល់ការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធតូក្យូ ជប៉ុន ដោយប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល នៅឆ្នាំ ១៩៨០ ។
សូមពិចារណាពីការពន្លឿនកិច្ចការព្រះវិហារបរិសុទ្ធ ដែលបានកើតឡើងតែក្នុងអំឡុងពេលនៃជីវិតរបស់ប្រធាន រ័សុល អិម ណិលសុន ។ នៅពេលប្រធាន ណិលសុន បានកើតនៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ១៩២៤ នោះសាសនាចក្រមានព្រះវិហារបរិសុទ្ធកំពុងដំណើរការចំនួនប្រាំមួយ ។
នៅពេលលោកត្រូវបានតែងតាំងជាសាវកនៅថ្ងៃទី ៧ ខែ មេសា ឆ្នាំ ១៩៨៤ គឺ ៦០ ឆ្នាំក្រោយមក ព្រះវិហារបរិសុទ្ធចំនួន ២៦ បានកំពុងដំណើរការ ជាការកើនឡើងព្រះវិហារបរិសុទ្ធចំនួន ២០ ក្នុងរយៈពេល ៦០ ឆ្នាំ ។
នៅពេលប្រធាន ណិលសុន ត្រូវបានគាំទ្រជាប្រធានសាសនាចក្រ ព្រះវិហារបរិសុទ្ធចំនួន ១៥៩ បានដំណើរការ ជាការកើនឡើងព្រះវិហារបរិសុទ្ធចំនួន ១៣៣ ក្នុងរយៈពេល ៣៤ ឆ្នាំ អំឡុងពេលលោកបានបម្រើជាសមាជិកក្នុងកូរ៉ុមនៃពួកដប់ពីរនាក់ ។
តាំងពីក្លាយជាប្រធានសាសនាចក្រនៅថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៨ ប្រធានណិលសុនបានប្រកាសព្រះវិហារបរិសុទ្ធថ្មីចំនួន ៣៥ ។
កៅសិបប្រាំមួយភាគរយនៃព្រះវិហារបរិសុទ្ធដែលមាន ត្រូវបានឧទ្ទិសឆ្លងអំឡុងជីវិតរបស់ប្រធានណិលសុន ៨៤ភាគរយត្រូវបានឧទ្ទិសឆ្លងតាំងពីលោកត្រូវបានតែងតាំងជាសាវក ។
ផ្ដោតលើកិច្ចការដែលសំខាន់បំផុតជានិច្ច
ក្នុងនាមជាសមាជិកនៃសាសនាចក្រដែលបានស្ដារឡើងវិញរបស់ព្រះអម្ចាស់ យើងទាំងអស់គ្នាឈរឆ្ងល់យ៉ាងអស្ចារ្យចំពោះល្បឿនដ៏លឿននៃកិច្ចការរបស់ទ្រង់នៅក្នុងថ្ងៃចុងក្រោយនេះ ។ ហើយព្រះវិហារបរិសុទ្ធបន្ថែមទៀតនឹងសង់ឡើង ។
ព្រិកហាំ យ៉ង់ បានព្យាករថា « ដើម្បីសម្រេចបានកិច្ចការនេះ នោះមិនត្រូវមានតែព្រះវិហារបរិសុទ្ធមួយទេ តែត្រូវមានរាប់ពាន់ ហើយបុរស និងស្ដ្រីរាប់ពាន់ម៉ឺននាក់នឹងចូលក្នុងព្រះវិហារបរិសុទ្ធទាំងនោះ ហើយធ្វើកិច្ចការសម្រាប់មនុស្សដែលបានរស់នៅទាំងឡាយ តាមដែលព្រះអម្ចាស់នឹងបើកបង្ហាញ » ។២៣
ដោយយល់ច្បាស់ ការប្រកាសព្រះវិហារបរិសុទ្ធថ្មីនីមួយៗគឺជាប្រភពនៃអំណរដ៏អស្ចារ្យ និងជាមូលហេតុមួយដើម្បីថ្លែងអំណរគុណចំពោះព្រះអម្ចាស់ ។ ប៉ុន្ដែ ការផ្ដោតចម្បងរបស់យើងគួរតែទៅលើសេចក្ដីសញ្ញា និងពិធីបរិសុទ្ធ ដែលអាចផ្លាស់ប្ដូរដួងចិត្តយើង ហើយបង្កើនការលះបង់របស់យើងចំពោះព្រះអង្គសង្គ្រោះ ហើយមិនមែនតែលើទីតាំង ឬសម្រស់នៃអគារនោះឡើយ ។
កាតព្វកិច្ចគោលដែលពួកយើងមានក្នុងនាមជាសមាជិកនៃសាសនាចក្រដែលបានស្ដារឡើងវិញរបស់ព្រះអម្ចាស់គឺ ( ១ ) ដើម្បី « ស្ដាប់ឭទ្រង់ ! »២៤ ហើយឲ្យដួងចិត្តរបស់យើងផ្ទាល់ផ្លាស់ប្ដូរតាមរយៈសេចក្ដីសញ្ញា និងពិធីបរិសុទ្ធ និង ( ២ ) បំពេញទំនួលខុសត្រូវដែលបានចាត់តាំងមកពីព្រះពេញដោយអំណរ ដើម្បីផ្ដល់ពរជ័យព្រះវិហារបរិសុទ្ធដល់គ្រួសារមនុស្សទាំងមូលដែលនៅទាំងសងខាងវាំងនន ។ ដោយមានការដឹកនាំ និងជំនួយរបស់ព្រះអម្ចាស់ នោះយើងនឹងបំពេញតាមកាតព្វកិច្ចដ៏ពិសិដ្ឋទាំងនេះបាន ។
ការស្ថាបនាស៊ីយ៉ូនឡើង
ព្យាការី យ៉ូសែប ស៊្មីធ បានប្រកាស ៖
« ការកសាងក្រុងស៊ីយ៉ូនគឺជាបុព្វហេតុដែលបានទាក់ទាញចិត្តរបស់រាស្ដ្រនៃព្រះគ្រប់អាយុទាំងអស់ វាជាប្រធានបទមួយដែលពួកព្យាការី ពួកសង្ឃ និងពួកក្សត្រ បានរស់នៅដោយសាទរជាពិសេស ពួកលោកទន្ទឹងរង់ចាំដោយចិត្តអំណរដល់ថ្ងៃដែលយើងនឹងរស់នៅ ហើយដោយបញ្ឆេះទឹកចិត្តរង់ចាំពីស្ថានសួគ៌ពេញដោយអំណរ នោះ ពួកគេបានច្រៀង និងសរសេរ និងព្យាករអំពីជំនាន់របស់យើងនេះប៉ុន្តែពួកគេបានស្លាប់ ដោយមើលមិនបានឃើញ…វាបន្សល់ទុកឲ្យយើងឃើញ ចូលរួម និងជួយដើម្បីរំកិលសិរីល្អ ថ្ងៃចុងក្រោយ ។២៥
« បព្វជិតភាពនៅស្ថានសួគ៌នឹងរួបរួមជាមួយផែនដីដើម្បីនាំមកនូវគោលបំណងអស្ចារ្យទាំងនោះ…ជាកិច្ចការដែលព្រះនិងពួកទេវតាបានគិតគូរដោយរីករាយសម្រាប់ជំនាន់មុនៗដែល បញ្ឆះព្រលឹងនៃលោកអយ្យកោ និងព្យាការីពីបុរាណ កិច្ចការមួយដែលត្រូវបានកំណត់ដើម្បីនាំមកនូវការបំផ្លាញដល់អំណាចនៃសេចក្ដីងងឹត កែទម្រង់ផែនដីជាថ្មី ជាសិរីល្អនៃព្រះ និងជាសេចក្ដីសង្គ្រោះនៃគ្រួសារមនុស្សលោក » ។២៦
ខ្ញុំសូមធ្វើទីបន្ទាល់យ៉ាងឧឡារិកថា ព្រះបិតា និង ព្រះរាជបុត្រាបានបង្ហាញព្រះកាយដល់ យ៉ូសែប ស្ម៊ីធ ហើយអេលីយ៉ាបានស្ដារសិទ្ធិអំណាចផ្សារភ្ជាប់ឡើងវិញ ។ សេចក្ដីសញ្ញា និងពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធដ៏ពិសិដ្ឋអាចពង្រឹងយើង និងបន្សុទ្ធដួងចិត្តយើង នៅពេលយើង « ស្ដាប់ឮទ្រង់ ! »២៧ ហើយទទួលបានអំណាចនៃព្រះក្នុងជីវិតរបស់យើង ។ ហើយខ្ញុំផ្ដល់សាក្សីថា កិច្ចការនៅថ្ងៃចុងក្រោយនេះនឹងបំផ្លាញអំណាចនៃសេចក្ដីងងឹត ហើយនាំមកនូវសេចក្ដីសង្គ្រោះដល់គ្រួសារមនុស្សលោក ។ ខ្ញុំសូមថ្លែងទីបន្ទាល់ដោយសេចក្តីអំណរពីសេចក្ដីពិតទាំងនេះ នៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។