![](https://www.churchofjesuschrist.org/imgs/https%3A%2F%2Fassets.churchofjesuschrist.org%2F58%2F63%2F58638431898b8be78dbaac7e13fd1ff789beef94%2F58638431898b8be78dbaac7e13fd1ff789beef94.jpeg/full/!250,/0/default)
ជ្រាលជ្រៅក្នុងដួងចិត្តយើង
ព្រះអម្ចាស់កំពុងព្យាយាមជួយយើង—គឺយើងទាំងអស់គ្នា—ធ្វើឲ្យដំណឹងល្អកាន់តែមានភាពជ្រាលជ្រៅនៅក្នុងដួងចិត្តយើង ។
បងប្អូនប្រុសស្រី វាជាពេលវេលាដ៏រុងរឿងណាស់ដែលយើងរស់នៅនេះ ។ កាលដែលយើងអបអរការចាប់ផ្ដើមនៃការស្ដារឡើងវិញ នោះវាក៏សមរម្យផងដែរដើម្បីអបអរការស្ដារឡើងវិញដែលកំពុងបន្តដែលយើងកំពុងតែធ្វើជាសាក្សីនេះ ។ ខ្ញុំរីករាយជាមួយបងប្អូនដែលបានរស់នៅក្នុងជំនាន់នេះ ។១ តាមរយៈព្យាការីរបស់ទ្រងព្រះអម្ចាស់បន្តប្រទានអ្វីៗទាំងអស់ដែលត្រូវការដើម្បីជួយយើងឲ្យរៀបចំទទួលទ្រង់ ។២
តម្រូវការមួយក្នុងចំណោមនោះគឺការផ្ដួចផ្ដើមកម្មវិធី កុមារ និងយុវវ័យ ថ្មី ។ ពួកបងប្អូនភាគច្រើនគឺបានស្គាល់ពីការសង្កត់ធ្ងន់របស់កម្មវិធីនេះហើយ ទៅលើការដាក់គោលដៅ ទៅលើតំណាងថ្មីនៃភាពម្ចាស់ការ និងទៅលើសន្និសីទ ដើម្បីកម្លាំងនៃយុវជន ។ ប៉ុន្តែយើងមិនត្រូវអនុញ្ញាតឲ្យការណ៍ទាំងនោះរារាំងយើងពីការមើលឃើញគោលការណ៍ទាំងឡាយដែលកម្មវិធីនេះស្ថាបនាលើ និងគោលបំណងរបស់វាឡើយ គឺ ៖ ដើម្បីជួយធ្វើឲ្យដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទជ្រួតជ្រាបយ៉ាងជ្រាលជ្រៅទៅក្នុងដួងចិត្តកុមារ និងយុវវ័យរបស់យើង ។៣
ខ្ញុំជឿថា កាលដែលយើងឃើញពីគោលការណ៍ទាំងនេះកាន់តែច្បាស់ឡើង នោះយើងនឹងស្គាល់ការណ៍នេះថាវាមិនគ្រាន់តែជាកម្មវិធីមួយសម្រាប់សមាជិកអាយុពី ៨ ទៅ ១៨ ឆ្នាំនោះទេ ។ យើងនឹងឃើញពីរបៀបដែលព្រះអម្ចាស់កំពុងព្យាយាមជួយយើង—គឺយើងទាំងអស់គ្នា—ធ្វើឲ្យដំណឹងល្អរបស់ទ្រង់កាន់តែមានភាពជ្រាលជ្រៅនៅក្នុងដួងចិត្តយើង ។ ខ្ញុំសូមអធិស្ឋានថា ព្រះវិញ្ញាណបរិសុទ្ធនឹងជួយយើងឲ្យរៀនជាមួយគ្នា ។
ចំណងទាក់ទង—« នៅជាមួយពួកគេ »៤
គោលការណ៍ទីមួយគឺ ចំណងទាក់ទង ។ ដោយសារចំណងទាក់ទងទាំងនោះគឺជាផ្នែកដ៏ធម្មជាតិមួយរបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នោះពេលខ្លះយើងភ្លេចពីសារសំខាន់នៃចំណងទាក់ទងនៅក្នុងការប្រែចិត្តជឿដែលកំពុងបន្តរបស់យើងទៅកាន់ព្រះគ្រីស្ទ ។ យើងមិនត្រូវបានរំពឹងឲ្យស្វែងរក ឬដើរលើផ្លូវនៃសេចក្តីសញ្ញាតែឯងឡើយ ។ យើងត្រូវការសេចក្ដីស្រឡាញ់ និងការគាំទ្រពីឪពុកម្ដាយ សមាជិកគ្រួសារផ្សេងទៀត មិត្តភក្ដិ និងថ្នាក់ដឹកនាំ ដែលកំពុងដើរនៅលើផ្លូវនេះផងដែរ ។
ចំណងទាក់ទងប្រភេទនេះត្រូវការពេលវេលា ។ ពេលវេលាដើម្បីនៅជាមួយគ្នា ។ ពេលវេលាសម្រាប់សើចលេងរៀន និងបម្រើជាមួយគ្នា ។ ពេលវេលាដើម្បីពេញចិត្តចំណាប់អារម្មណ៍ និងឧបសគ្គរបស់គ្នាទៅវិញទៅមក ។ ពេលវេលាដើម្បីបើកចិត្ត និងស្មោះត្រង់នឹងគ្នាទៅវិញទៅមក កាលដែលយើងពុះពារដើម្បីបានកាន់តែប្រសើរឡើងជាមួយគ្នា ។ ចំណងទាក់ទងទាំងនេះជាគោលបំណងមួយក្នុងគោលបំណងទាំងឡាយនៃការប្រមូលផ្ដុំជាក្រុមគ្រួសារ កូរ៉ុម ថ្នាក់ និងក្រុមជំនំ ។ វាគឺជាគ្រឹះនៃការងារបម្រើដ៏មានប្រសិទ្ធភាព ។៥
អែលឌើរ ឌេល ជី រេនឡាន់ បានផ្ដល់ដល់យើងនូវគន្លឹះមួយដល់ការបង្កើតចំណងទាក់ទងនេះ ពេលលោកបានមានប្រសាសន៍ថា « ដើម្បីបម្រើមនុស្សដទៃឲ្យមានប្រសិទ្ធភាព យើងត្រូវមើលឃើញពួកគេ…តាមរយៈព្រះនេត្ររបស់ព្រះវរបិតាសួគ៌ ។ នៅពេលនោះហើយទើបយើងអាចចាប់ផ្ដើមយល់ពីតម្លៃដ៏ពិតនៃព្រលឹងមួយ ។ មានតែពេលនោះហើយទើបយើងទទួលអារម្មណ៍ពីសេចក្ដីស្រឡាញ់ដែលព្រះវរបិតាសួគ៌មានចំពោះកូនចៅរបស់ទ្រង់ទាំងអស់ » ។៦
ការមើលឃើញមនុស្សដទៃដូចជាព្រះទតមើលពួកគេ គឺជាអំណោយទានមួយ ។ ខ្ញុំសូមអញ្ជើញយើងគ្រប់គ្នាឲ្យស្វែងរកអំណោយទាននេះ ។ កាលដែលភ្នែករបស់យើងត្រូវបានបើកឲ្យមើលឃើញ៧នោះយើងនឹងអាចជួយអ្នកផ្សេងទៀតឲ្យមើលឃើញខ្លួនពួកគេដូចព្រះទតឃើញពួកគេផងដែរ ។៨ ប្រធាន ហិនរី ប៊ី អាវរិង បានមានបញ្ជាក់ពីអំណាចនេះកាលលោកមានប្រសាសន៍ថា « អ្វីដែលនឹងសំខាន់បំផុត គឺជាអ្វីដែល [ អ្នកដទៃ ] រៀនពី [ បងប្អូន ] ថាពួកគេជានរណាពិតប្រាកដ និងអ្វីដែលពួកគេអាចប្រែក្លាយជាប្រាកដ ។ ខ្ញុំទាយថាពួកគេនឹងមិនរៀនបានច្រើនមកពីការបង្រៀនទ្រឹស្ដីនោះទេ ។ ពួកគេនឹងរៀនតាមរយៈអារម្មណ៍ ថាបងប្អូនជានរណា ថាបងប្អូនគិតថាពួកគេជានរណា និងថាបងប្អូនគិតថាពួកគេអាចប្រែក្លាយជាអ្វី » ។៩ ការជួយអ្នកដទៃឲ្យយល់ពីអត្តសញ្ញាណនិងគោលបំណងពិតរបស់ពួកគេគឺជាអំណោយដ៏អស្ចារ្យបំផុតមួយដែលយើងអាចផ្តល់ឲ្យ ។១០ ការមើលឃើញអ្នកដទៃនិងខ្លួនយើងដូចជាព្រះបានធ្វើឲ្យមានចិត្ត« រួមគ្នាដោយសាមគ្គីភាពហើយស្រឡាញ់គ្នា » ។១១
ជាមួយនឹងកម្លាំងខាងលោកិយដែលចេះតែកើនឡើងឥតឈប់ដែលមានឥទ្ធិពលលើយើង នោះយើងត្រូវការកម្លាំងដែលបានមកពីចំណងទាក់ទងដ៏ពោរពេញដោយក្ដីស្រឡាញ់ ។ ដូច្នេះ កាលដែលយើងដាក់ផែនការសកម្មភាព ការប្រជុំ និងការប្រមូលផ្ដុំផ្សេងៗទៀត ចូរចងចាំពីគោលបំណងដ៏សំខាន់នៃការប្រមូលផ្ដុំទាំងនេះ គឺដើម្បីបង្កើតចំណងទាក់ទងសេចក្តីស្រឡាញ់ដែលបង្រួម យើងនិងជួយធ្វើឲ្យដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទជ្រួតជ្រាបយ៉ាងជ្រាលជ្រៅទៅក្នុងដួងចិត្តយើង ។១២
វិវរណៈ សិទ្ធិជ្រើសរើស និងការប្រែចិត្ត—« ភ្ជាប់ពួកគេនឹងស្ថានសួគ៌ »១៣
ពិតមែនហើយ វាមិនគ្រប់គ្រាន់ទេក្នុងការគ្រាន់តែភ្ជាប់ទំនាក់ទំនងគ្នានោះ ។ មានក្រុម និងអង្គការជាច្រើនដែលសម្រេចបាននូវសាមគ្គីភាពជុំវិញបុព្វហេតុផ្សេងៗ ។ ប៉ុន្តែ សាមគ្គីភាពដែលយើងស្វែងរកគឺដើម្បីក្លាយជាតែមួយនៅក្នុងព្រះគ្រីស្ទ ដើម្បីភ្ជាប់ខ្លួនយើងនឹងទ្រង់ ។១៤ ដើម្បីភ្ជាប់ដួងចិត្តយើងនឹងស្ថានសួគ៌ យើងត្រូវការបទពិសោធន៍ខាងវិញ្ញាណផ្ទាល់ខ្លួនអែលឌើរអាន់ឌើរសិនទើបតែបាននិយាយជាមួយយើងយ៉ាងរាក់ទាក់ ។១៥ បទពិសោធន៍ទាំងនោះបានមក ពេលព្រះវិញ្ញាណនាំព្រះបន្ទូល និងសេចក្ដីស្រឡាញ់របស់ព្រះមកកាន់គំនិត និងដួងចិត្តយើង ។១៦
វិវរណៈនេះបានមកដល់យើងតាមរយៈខគម្ពីរ ជាពិសេសព្រះគម្ពីរមរមន តាមរយៈពាក្យសម្ដីដ៏បំផុសគំនិតរបស់ពួកព្យាការីនៅរស់ និងពួកសិស្សដ៏ស្មោះត្រង់ផ្សេងៗទៀត និងតាមរយៈសម្លេងដ៏តូចរហៀង ។១៧ ពាក្យពេចន៍ទាំងនេះគឺលើសពីទឹកប៊ិចនៅលើក្រដាស រលកសម្លេងក្នុងត្រចៀកយើង ឬការគិតនៅក្នុងគំនិត និងដួងចិត្តយើងទៅទៀត ។ ព្រះបន្ទូលរបស់ព្រះគឺជាអំណាចខាងវិញ្ញាណ ។១៨ វាគឺជាសេចក្ដីពិត និងពន្លឺ ។១៩ វាគឺជារបៀបដែលយើងស្តាប់ឮទ្រង់ ! ពាក្យពេចន៍ផ្ដួចផ្ដើម និងបង្កើនសេចក្ដីជំនឿយើងលើព្រះគ្រីស្ទ ហើយបញ្ឆេះបំណងប្រាថ្នានៅក្នុងយើងឲ្យប្រែក្លាយកាន់តែដូចជាព្រះអង្គសង្គ្រោះ—គឺថាដើម្បីប្រែចិត្ត និងដើរលើផ្លូវនៃសេចក្ដីសញ្ញា ។២០
កាលពីខែមេសាមុន ប្រធាន រ័សុល អិម ណិលសុន បានជួយយើងឲ្យយល់ពីតួនាទីដ៏សំខាន់នៃការប្រែចិត្តក្នុងដំណើរវិវរណៈនេះ ។២១ លោកបានមានប្រសាសន៍ថា « នៅពេលយើងជ្រើសរើសប្រែចិត្ត នោះយើងជ្រើសរើសផ្លាស់ប្ដូរ ! យើងអនុញ្ញាតឲ្យព្រះអង្គសង្គ្រោះផ្លាស់ប្រែយើងទៅកំណែថ្មីដ៏ល្អបំផុតនៃខ្លួនយើង ។… យើងជ្រើសរើសប្រែក្លាយកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ ! »២២ ដំណើរការនៃការផ្លាស់ប្ដូរនេះ ដែលត្រូវបានបញ្ឆេះដោយព្រះបន្ទូលនៃព្រះ ជារបៀបដែលយើងភ្ជាប់នឹងស្ថានសួគ៌ ។
ដោយផ្តោតលើការអញ្ជើញរបស់ប្រធានណិលសុនឲ្យប្រែចិត្ត គឺជាគោលការណ៍នៃសិទ្ធិជ្រើសរើស ។ យើងត្រូវជ្រើសរើសប្រែចិត្តសម្រាប់ខ្លួនយើងផ្ទាល់ ។ ដំណឹងល្អមិនអាចបង្ខំចិត្តយើងឡើយ ។ ដូចដែលអែលឌើរ រេនឡាន់ បានមានប្រសាសន៍ថា « គោលបំណងរបស់ព្រះវរបិតាសួគ៌យើងក្នុងការធ្វើជាឪពុកម្តាយ គឺពុំគ្រាន់តែឲ្យបុត្រាបុត្រីរបស់ទ្រង់ធ្វើអ្វីដែលត្រូវប៉ុណ្ណោះទេ គោលបំណងរបស់ទ្រង់គឺឲ្យបុត្រាបុត្រីរបស់ទ្រង់ជ្រើសរើសធ្វើអ្វីដែលត្រឹមត្រូវ » ។២៣
នៅក្នុងកម្មវិធីទាំងឡាយដែលត្រូវបានជំនួសដោយកម្មវិធី កុមារ និងយុវវ័យ មាននូវតម្រូវការជាង ៥០០ ខុសៗគ្នាដែលត្រូវបញ្ចប់ ដើម្បីទទួលបាននូវការទទួលស្គាល់ផ្សេងៗគ្នា ។២៤ សព្វថ្ងៃនេះ ចាំបាច់មានតែមួយ ។ វាជាការអញ្ជើញមួយដើម្បី ជ្រើសរើស ប្រែក្លាយ ដូចជា ព្រះអង្គ សង្គ្រោះ ឲ្យ កាន់តែ ខ្លាំង ។ យើងធ្វើបែបនេះដោយការទទួលយកនូវព្រះបន្ទូលនៃព្រះតាមរយៈព្រះវិញ្ញាណបរិសុទ្ធនិងអនុញ្ញាតឲ្យព្រះគ្រីស្ទផ្លាស់ប្តូរយើងទៅជា កំណែថ្មីដ៏ល្អបំផុតនៃខ្លួនយើង ។
នេះគឺហួសពីការអនុវត្តនៅក្នុងការដាក់គោលដៅ ឬការអភិវឌ្ឍផ្ទាល់ខ្លួនទៅទៀត ។ គោលដៅធម្មតាជាឧបករណ៍មួយជួយយើងភ្ជាប់នឹងស្ថានសួគ៌តាមរយៈវិវរណៈ សិទ្ធិជ្រើសរើស និងការប្រែចិត្ត—ដើម្បីមកឯព្រះគ្រីស្ទ និងទទួលដំណឹងល្អរបស់ទ្រង់កាន់តែជ្រាលជ្រៅនៅក្នុងដួងចិត្តយើង ។
ការចូលរួម និងការលះបង់—« ចូរឲ្យពួកគេដឹកនាំ »២៥
ជាចុងក្រោយ ដើម្បីឲ្យដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទជ្រួតជ្រាបក្នុងដួងចិត្តយើង យើងត្រូវតែចូលរួមចំណែក—គឺផ្ដល់ពេលវេលា និងទេពកោសល្យរបស់យើង គឺលះបង់ដើម្បីវា ។២៦ យើងទាំងអស់គ្នាចង់រស់នៅក្នុងជីវិតមួយដ៏មានអត្ថន័យ ហើយជាពិសេសគឺវាពិតចំពោះជំនាន់ដែលកំពុងតែធំឡើងនេះ ។ ពួកគេប្រាថ្នាចង់បានបុព្វហេតុមួយ ។
ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ គឺជាបុព្វហេតុដ៏អស្ចារ្យបំផុតនៅក្នុងពិភពលោកនេះ ។ ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានមានប្រសាសន៍ថា « ពួកយើងត្រូវបានបង្គាប់ដោយព្រះឲ្យផ្សាយដំណឹងល្អទៅកាន់ពិភពលោកទាំងមូល ។ នោះគឺជាបុព្វហេតុដែលត្រូវតែបង្រួបបង្រួមយើងនៅសព្វថ្ងៃនេះ ។ មានតែដំណឹងល្អប៉ុណ្ណោះដែលនឹងសង្គ្រោះពិភពលោកនេះពីគ្រោះមហន្តរាយរបស់ការបំផ្លាញខ្លួនឯងរបស់វាផ្ទាល់ ។ មានតែដំណឹងល្អប៉ុណ្ណោះដែលនឹងបង្រួបបង្រួមបុរស [ និងស្ត្រី ] នៃគ្រប់ពូជសាសន៍ និងសញ្ជាតិទាំងអស់នៅក្នុងភាពសុខសាន្ត ។ មានតែដំណឹងល្អប៉ុណ្ណោះដែលនឹងនាំមកនូវអំណរ សុភមង្គល និងសេចក្ដីសង្គ្រោះដល់គ្រួសារមនុស្សលោក » ។២៧
អែលឌើរ ដេវីឌ អេ បែដណា បានមានសន្យាថា « កាលដែលយើងផ្ដល់អំណាចដល់យុវវ័យ ដោយការអញ្ជើញ និងការអនុញ្ញាតឲ្យពួកគេធ្វើសកម្មភាព នោះសាសនាចក្រនឹងឈានឆ្ពោះទៅមុខក្នុងរបៀបដ៏មហស្ចារ្យ » ។២៨ ជាញឹកញាប់ណាស់ យើងមិនបានអញ្ជើញ និងអនុញ្ញាតយុវវ័យឲ្យលះបង់សម្រាប់បុព្វហេតុនៃព្រះគ្រីស្ទដ៍អស្ចារ្យនេះ ។ អែលឌើរ នែល អេ ម៉ាក់ស្វែល បានសង្កេតឃើញថា « ប្រសិនបើ យុវវ័យ [ របស់យើង ] មិនបានលើកទឹកចិត្តឲ្យស្ងើចសរសើរ [ ដោយកិច្ចការរបស់ព្រះ ] ទេ នោះពួកគេទំនងជានឹងត្រូវបានបំពុលដោយលោកិយនេះ » ។២៩
កម្មវិធីកុមារ និងយុវវ័យផ្ដោតលើការផ្ដល់អំណាចដល់យុវវ័យ ។ ពួកគេជ្រើសរើសគោលដៅរបស់ខ្លួនពួកគេផ្ទាល់ ។ គណៈប្រធានកូរ៉ុម និងគណៈប្រធានថ្នាក់ត្រូវបានដាក់ក្នុងតួនាទីត្រឹមត្រូវរបស់ពួកគេ ។ ក្រុមប្រឹក្សាយុវវ័យប្រចាំវួដ គឺដូចជាក្រុមប្រឹក្សាវួដដែរ ផ្ដោតទៅលើកិច្ចការនៃសេចក្ដីសង្គ្រោះ និងការលើកតម្កើង ។៣០ ហើយកូរ៉ុម និងថ្នាក់ចាប់ផ្ដើមការប្រជុំរបស់ពួកគេដោយការប្រឹក្សាអំពីរបៀបធ្វើកិច្ចការដែលព្រះបានប្រទានដល់ពួកគេ ។៣១
ប្រធានណិលសុនបានមានប្រសាសន៍ទៅកាន់យុវវ័យរបស់សាសនាចក្រថា « បើក្មួយៗជ្រើសរើស បើក្មួយៗចង់…ក្មួយៗអាចមានចំណែកដ៏ធំនៅក្នុងកិច្ចការដ៏ធំ ដ៏មហិមា ដ៏មហស្ចារ្យ !… ក្មួយៗគឺជាមនុស្សល្អបំផុតដែលព្រះអម្ចាស់ធ្លាប់បានបញ្ជូនមកកាន់លោកិយនេះ ។ ក្មួយៗមានសមត្ថភាពដើម្បីកាន់តែឆ្លាត និងកាន់តែឈ្លាសវៃ ហើយមានឥទ្ធិពលទៅលើពិភពលោកជាងជំនាន់មុនៗ ! »៣២ នៅក្នុងឱកាសមួយផ្សេងទៀត ប្រធានណិលសុនបានប្រាប់យុវវ័យថា « ខ្ញុំមានទំនុកចិត្តទាំងស្រុងលើក្មួយៗ ។ ខ្ញុំស្រឡាញ់ក្មួយៗ ហើយព្រះអម្ចាស់ក៏ស្រឡាញ់ក្មួយៗផងដែរ ។ យើងគឺជាប្រជាជនរបស់ទ្រង់ ចូលរួមគ្នាក្នុងកិច្ចការដ៏បរិសុទ្ធរបស់ទ្រង់ » ។៣៣ ក្មួយៗអើយ តើក្មួយៗអាចទទួលអារម្មណ៍ពីការទុកចិត្តដែលប្រធានណិលសុនមានចំពោះក្មួយៗ និងថាក្មួយៗសំខាន់យ៉ាងណានៅក្នុងកិច្ចការនេះដែរឬទេ ?
ឪពុកម្ដាយ និងថ្នាក់ដឹកនាំដែលជាមជ្ឈិមវ័យអើយ ខ្ញុំសូមអញ្ជើញបងប្អូនឲ្យមើលទៅយុវវ័យរបស់យើងដូចជាប្រធានណិលសុនមើលទៅពួកគេដែរ ។ កាលដែលយុវវ័យទទួលអារម្មណ៍នៃសេចក្ដីស្រឡាញ់ និងការទុកចិត្តរបស់បងប្អូន កាលដែលដែលបងប្អូនលើកទឹកចិត្ត និងបង្រៀនពួកគេពីរបៀបដើម្បីដឹកនាំ—ហើយបន្ទាប់មកចេញពីផ្លូវរបស់ពួកគេ—នោះពួកគេនឹងធ្វើឲ្យបងប្អូនស្ងើចជាមួយនឹងការយល់ដឹង សមត្ថភាព និងការតាំងចិត្តរបស់ពួកគេចំពោះដំណឹងល្អ ។៣៤ ពួកគេនឹងទទួលអារម្មណ៍ពីអំណរនៃការជ្រើសរើសដើម្បីចូលរួម និងការលះបង់សម្រាប់បុព្វហេតុនៃព្រះគ្រីស្ទ ។ ដំណឹងល្អរបស់ទ្រង់នឹងកាន់តែជ្រួតជ្រាបយ៉ាងជ្រាលជ្រៅទៅក្នុងដួងចិត្តពួកគេ ហើយកិច្ចការនេះនឹងឈានឆ្ពោះទៅមុខក្នុងរបៀបដ៏មហស្ចារ្យ ។
ការសន្យា និងទីបន្ទាល់
ខ្ញុំសូមសន្យាថាកាលដែលយើងផ្ដោតទៅលើគោលការណ៍ទាំងនេះ—គឺចំណងទាក់ទង វិវរណៈ សិទ្ធិជ្រើសរើស ការប្រែចិត្ត និងការលះបង់—ដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទនឹងជ្រួតជ្រាបកាន់តែជ្រាលជ្រៅទៅក្នុងដួងចិត្តយើងទាំងអស់គ្នា ។ យើងនឹងឃើញការស្ដារឡើងវិញឈានឆ្ពោះទៅមុខទៅកាន់គោលបំណងដ៏ខ្ពស់បំផុតរបស់វា គឺការប្រោសលោះវង្សអ៊ីស្រាអែល និងការស្ថាបនាក្រុងស៊ីយ៉ូន៣៥ ដែលជាទីកន្លែង ដែលព្រះគ្រីស្ទនឹងគ្រងរាជជាស្តេច ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះបន្តធ្វើកិច្ចការទាំងអស់ដែលចាំបាច់ ដើម្បីរៀបចំរាស្ត្ររបស់ទ្រង់សម្រាប់ថ្ងៃនោះ ។ សូមឲ្យយើងមើលឃើញព្រះហស្ដរបស់ទ្រង់នៅក្នុងកិច្ចការនេះ កាលដែលយើងទាំងអស់គ្នាពុះពារដើម្បី « មករកព្រះគ្រីស្ទ ហើយឲ្យបានល្អឥតខ្ចោះក្នុងទ្រង់ » ។៣៦ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕