ពិចារណាពីសេចក្ដីល្អសប្បុរស និងភាពមហិមានៃព្រះ
ខ្ញុំសូមអញ្ជើញបងប្អូនឲ្យចងចាំដល់ភាពមហិមានៃព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ និងអ្វីដែលទ្រង់បានធ្វើសម្រាប់បងប្អូនរាល់ថ្ងៃ ។
អស់ពេលជាយូរទោះបីនិងជាពិសេសក្នុងអំឡុងគ្រាលំបាកទាំងឡាយ ព្យាការីបានលើកទឹកចិត្តយើងឲ្យចងចាំដល់ភាពមហិមានៃព្រះ ហើយពិចារណាពីអ្វីដែលទ្រង់បានធ្វើសម្រាប់យើង ជាបុគ្គលម្នាក់ៗ ក្រុមគ្រួសារ និងជារាស្ដ្រទ្រង់ ។១ ការដឹកនាំនេះមានពេញទាំងក្នុងបទគម្ពីរ ប៉ុន្ដែលេចធ្លោយ៉ាងខ្លាំងក្នុងព្រះគម្ពីរមរមន ។ ទំព័រចំណងជើងពន្យល់ថា គោលបំណងមួយនៃព្រះគម្ពីរមរមនគឺ « ដើម្បីបង្ហាញដល់សំណល់នៃវង្សអ៊ីស្រាអែលអំពីរឿងដ៏អស្ចារ្យទាំងឡាយ ដែលព្រះអម្ចាស់ទ្រង់បានធ្វើសម្រាប់ពួកអយ្យកោគេ » ។២ ព្រះគម្ពីរមរមនបញ្ចប់ដោយការទទូចអង្វររបស់មរ៉ូណៃ ៖ « មើលចុះ ខ្ញុំសូមទូន្មានដល់អ្នករាល់គ្នាថា កាលណាអ្នករាល់គ្នាបានអានការណ៍ទាំងនេះ … នោះសូមឲ្យអ្នករាល់គ្នានឹកឃើញថា តើព្រះអម្ចាស់ទ្រង់មាន សេចក្តីមេត្តាករុណាយ៉ាងណាដល់កូនចៅមនុស្ស … ហើយសូមរំពឹងគិតនៅក្នុងចិត្តអ្នកចុះ » ។៣
ការអង្វរដ៏ខ្ជាប់ខ្ជួនរបស់ព្យាការីឲ្យគិតពីសេចក្ដីល្អនៃព្រះគឺគួរឲ្យចាប់អារម្មណ៍ណាស់ ។៤ ព្រះវរបិតាសួគ៌របស់យើងចង់ឲ្យយើងនឹកចាំដល់សេចក្ដីល្អសប្បុរសរបស់ទ្រង់ និងរបស់ព្រះរាជបុត្រាសំណព្វទ្រង់ មិនមែនដើម្បីឲ្យពេញព្រះទ័យទ្រង់ទេ ប៉ុន្ដែដោយសារឥទ្ធិពលនៃការចងចាំដល់សេចក្ដីសប្បុរសរបស់ទ្រង់នោះមកលើយើង ។ តាមរយៈការពិចារណាពីសេចក្ដីល្អរបស់ទ្រង់ នោះទស្សនវិស័យ និងការយល់ដឹងរបស់យើងបានរីកធំឡើង ។ តាមរយៈការគិតដល់សេចក្ដីមេត្តាករុណារបស់ទ្រង់ នោះយើងកាន់តែមានចិត្តរាបសា កាន់តែអធិស្ឋាន និងខ្ជាប់ខ្ជួនឡើង ។
បទពិសោធន៍ដ៏ឈឺចាប់មួយជាមួយអតីតអ្នកជំងឺម្នាក់ បង្ហាញពីរបៀបដែលការដឹងគុណដល់សេចក្ដីសប្បុរស និងមេត្តាករុណាអាចផ្លាស់ប្ដូរយើងបាន ។ នៅឆ្នាំ ១៩៨៧ ខ្ញុំបានស្គាល់ ថូម៉ាស នៀលសិន ជាបុរសដ៏អស្ចារ្យម្នាក់ដែលត្រូវការការប្ដូរបេះដូង ។ គាត់មានអាយុ ៦៣ ឆ្នាំ ហើយរស់នៅក្រុងឡូហ្គេន រដ្ឋយូថាហ៍ សហរដ្ឋអាមេរិក ។ បន្ទាប់ពីការបម្រើកងទ័ពអំឡុងសង្គ្រាមលោកលើកទីពីរ គាត់បានរៀបការនឹង ដូណា វិលខេស នៅព្រះវិហារបរិសុទ្ធឡូហ្គេន យូថាហ៍ ។ គាត់បានក្លាយជាជាងសំណងដ៏ប្រសព្វ និងជោគជ័យម្នាក់ ។ ប៉ុន្មានឆ្នាំក្រោយមក គាត់បានរីករាយក្នុងការធ្វើការជាមួយចៅច្បងរបស់គាត់ឈ្មោះ យ៉ូណាថាន់ ជាពិសេសអំឡុងពេលវិស្សមកាល ។ អ្នកទាំងពីរបានបង្កើតចំណងដ៏ពិសេសមួយ ដោយសារថមឃើញថា យ៉ូណាថាន់មានចរិតដូចគាត់ខ្លាំង ។
ថមបានអន្ទះសាក្នុងការរង់ចាំអ្នកបរិច្ចាគបេះដូង ។ គាត់មិនសូវមានចិត្តអត់ធ្មត់ប៉ុន្មានទេ ។ គាត់តែងតែអាចដាក់គោលដៅ ហើយសម្រេចវាបានតាមរយៈការខំធ្វើការ និងការប្ដេជ្ញាចិត្តដ៏ពេញលេញ ។ ការពុះពារនឹងជំងឺបេះដូងធ្វើឲ្យជីវិតគាត់រអាក់រអួល ពេលខ្លះថមបានសួរខ្ញុំថា តើខ្ញុំធ្វើអ្វីខ្លះដើម្បីពន្លឿនដំណើរការនេះ ។ គាត់បាននិយាយលេងសើចពីរបៀប ដែលខ្ញុំអាចធ្វើតាម ដើម្បីមានអ្នកបរិច្ចាគបេះដូងឲ្យគាត់បានលឿន ។
នៅថ្ងៃដ៏រីករាយ និងភ័យខ្លាចមួយ មានអ្នកបរិច្ចាគបេះដូងដ៏ឥតខ្ចោះម្នាក់សម្រាប់ថម ។ ទំហំ និងប្រភេទឈាមត្រូវគ្នាបេះដាក់ ហើយអ្នកបរិច្ចាគនោះនៅក្មេង ទើបអាយុ ១៦ ឆ្នាំប៉ុណ្ណោះ ។ បេះដូងបរិច្ចាគនោះគឺមកពីយ៉ូណាថាន់ ជាចៅប្រុសសំណព្វរបស់ថម ។ នៅព្រលឹមថ្ងៃនោះ យ៉ូណាថាន់បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ពេលឡានដែលគាត់ជិះនោះត្រូវបានបុកដោយរថភ្លើង ។
នៅពេលខ្ញុំបានទៅជួបថម និងដូណានៅមន្ទីរពេទ្យ ពួកគេពិតជាពិបាកចិត្តណាស់ ។ វាពិបាកនឹងស្រមៃពីអ្វីដែលពួកគេបានឆ្លងកាត់ណាស់ ពេលដឹងថាជីវិតរបស់ថមអាចបន្ដបាន ដោយប្រើបេះដូងរបស់ចៅប្រុសគាត់ ។ ដំបូង ពួកគេមិនព្រមទទួលបេះដូងដែលផ្ដល់មកពីឪពុកម្ដាយដ៏ក្រៀមក្រំរបស់យ៉ូណាថាន់ ដែលជាកូនស្រី និងកូនប្រសាប្រុសរបស់គេឡើយ ។ ប៉ុន្ដែថម និងដូណាបានដឹងថា ខួរក្បាលរបស់យ៉ូណាថាន់លែងដើរ ហើយបានដឹងថា ការអធិស្ឋានរបស់ពួកគេសូមបេះដូងបរិច្ចាគមួយសម្រាប់ថមមិនបានបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់យ៉ូណាថាន់ឡើយ ។ ទេ បេះដូងរបស់យ៉ូណាថាន់ជាអំណោយមួយ ដែលអាចផ្ដល់ពរដល់ថមក្នុងពេលគាត់ត្រូវការ ។ ពួកគេបានដឹងថា អ្វីមួយល្អអាចកើតចេញពីសោកនាដកម្មនេះ ហើយសម្រេចចិត្តប្ដូរបេះដូង ។
ដំណើការប្ដូរបេះដូងមានភាពរលូន ។ ក្រោយមក ថមគឺជាបុរសខុសពីមុន ។ ការផ្លាស់ប្ដូរបានកើតមានហួសពីសុខភាពរឹងមាំឡើងវិញ ឬក៏ការដឹងគុណទៅទៀត ។ គាត់បានប្រាប់ខ្ញុំថា គាត់បានគិតដល់យ៉ូណាថាន់ កូនស្រី និងកូនប្រសាប្រុសគាត់រាល់ព្រឹក គិតដល់អំណោយដែលគាត់បានទទួល និងអ្វីដែលអំណោយនោះបន្សល់ទុក ។ ទោះបីជាការលេងសើចល្អ និងចិត្តក្លាហានពីធម្មជាតិគាត់នៅតែកើតមានក្ដី ក៏ខ្ញុំបានសង្កេតឃើញថា ថមគឺកាន់តែមុតមាំ គិតគូរវែងឆ្ងាយ និងមានចិត្តល្អជាងមុន ។
ថមបានរស់នៅ ១៣ ឆ្នាំទៀតក្រោយពីការប្ដូរបេះដូង ជាឆ្នាំដែលគាត់មិនអាចរស់បានបើគ្មានបេះដូងថ្មីទេនោះ ។ សំបុត្រមរណភាពរបស់គាត់បាននិយាយថា ប៉ុន្មានឆ្នាំទាំងនេះអនុញ្ញាតឲ្យគាត់ជួយជីវិតគ្រួសារគាត់ និងមនុស្សដទៃដោយចិត្តសប្បុរស និងក្ដីស្រឡាញ់ ។ គាត់ជាអ្នកជួយឧបត្ថម្ភឯកជនម្នាក់ និងជាគំរូនៃសុទិដ្ឋិនិយម និងការប្ដេជ្ញាចិត្ត ។
ដូចជាថមដែរ ពួកយើងម្នាក់ៗបានទទួលអំណោយដែលយើងមិនអាចផ្ដល់ឲ្យខ្លួនឯងបាន ជាអំណោយមកពីព្រះវរបិតាសួគ៌របស់យើង និងព្រះរាជបុត្រាសំណព្វរបស់ទ្រង់ រួមមានការប្រោសលោះតាមរយៈពលិកម្មដ៏ធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។៥ យើងបានទទួលជីវិតលើពិភពលោកនេះ យើងនឹងទទួលបានជីវិតខាងរូបកាយបន្ទាប់ពីនេះទៅ ព្រមទាំងសេចក្ដីសង្គ្រោះ និងការលើកតម្កើងដ៏អស់កល្ប—ប្រសិនបើយើងជ្រើសរើសយកវា—អ្វីទាំងអស់គឺដោយសារតែព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
គ្រប់ពេលដែលយើងប្រើ ទទួលប្រយោជន៍ ឬសូម្បីតែគិតពីអំណោយទាំងនេះ យើងគួរតែពិចារណាពីពលិកម្ម សេចក្ដីសប្បុរស និងក្ដីមេត្តាករុណារបស់អ្នកផ្ដល់ឲ្យ ។ គារវភាពចំពោះអ្នកផ្ដល់ឲ្យធ្វើឲ្យយើងមានអំណរគុណកាន់តែខ្លាំង ។ ការគិតដល់អំណោយរបស់ទ្រង់អាច និងគួរតែផ្លាស់ប្ដូរយើង ។
ការផ្លាស់ប្ដូរដ៏ខ្លាំងមួយបានកើតឡើងដល់អាលម៉ាជាកូន ។ កាលអាលម៉ាបាន « ចេញទៅបះបោរទាស់នឹងព្រះ »៦នោះទេវតាមួយអង្គបានបង្ហាញព្រះកាយ ។ ដោយមានបន្ទូល « ដូចជាសូរផ្គរលាន់ »៧នោះទេវតាបានផ្ចាញ់ផ្ចាលអាលម៉ា ដែលបានបៀតបៀនសាសនាចក្រ ហើយ « បានបង្វែរចិត្តមនុស្ស » ។៨ ទេវតាបានបន្ថែមការក្រើនរំឭកនេះថា « ទៅចុះ ហើយចូរនឹកចាំពីការជាប់ឃុំឃាំងរបស់ពួកអយ្យកោអ្នក… ហើយចូរនឹកចាំពីការណ៍ដ៏មហិមាទាំងឡាយ ដែល [ ព្រះ ] បានធ្វើដល់ពួកគេ » ។៩ ក្នុងចំណោមការដាស់តឿនដែលអាចមានទាំងអស់ នោះគឺជាអ្វីដែលទេវតាបានសង្កត់ធ្ងន់ ។
អាលម៉ាបានប្រែចិត្ត ហើយបានចង់ចាំ ។ ក្រោយមកលោកបានចែកចាយការក្រើនរំឭករបស់ទេវតានោះជាមួយហេលេមិនជាកូនប្រុសលោក ។ អាលម៉ាបានទូន្មានថា « ឪពុកចង់ឲ្យកូនធ្វើដូចដែលឪពុកបានធ្វើក្នុងការចងចាំដល់ការជាប់ឃុំឃាំង នៃពួកអយ្យកោរបស់យើង ព្រោះពួកអយ្យកោយើងបាននៅជាប់ក្នុងសេវកភាព ហើយគ្មានអ្នកណាអាចដោះលែងគេបានឡើយ លើកលែងតែព្រះនៃអ័ប្រាហាំ … អ៊ីសាក និង … យ៉ាកុប ហើយទ្រង់បានដោះលែងគេឲ្យរួចផុតពីសេចក្ដីទុក្ខវេទនាជាពិតប្រាកដ » ។១០ អាលម៉ាបានថ្លែងយ៉ាងសាមញ្ញថា « ឪពុកដាក់ទីទុកចិត្តរបស់ឪពុកទៅលើទ្រង់ » ។១១ អាលម៉ាបានយល់ថា តាមរយៈការចងចាំដល់ការដោះលែងចេញពីសេវកភាព និងការគាំទ្រអំឡុង « ការសាកល្បង និងវិបត្តិគ្រប់ប្រការ » នោះយើងនឹងស្គាល់ព្រះ និងភាពប្រាកដប្រជានៃការសន្យារបស់ទ្រង់ ។១២
ពួកយើងតិចតួចណាស់មានបទពិសោធន៍ពិបាកខ្លាំងដូចជាអាលម៉ា ប៉ុន្ដែការផ្លាស់ប្ដូររបស់យើងអាចមានជម្រៅស្មើគ្នា ។ ព្រះអង្គសង្គ្រោះបានសុំអង្វរកាលពីបុរាណថា ៖
« យើងនឹងឲ្យឯងមានចិត្តថ្មី ហើយនឹងដាក់វិញ្ញាណថ្មីនៅក្នុងឯងដែរ យើងនឹងដកចិត្តដែលរឹងដូចថ្ម …ចេញ រួចនឹងឲ្យមានចិត្តជាសាច់វិញ ។
អញនឹងដាក់វិញ្ញាណរបស់អញនៅក្នុងឯងរាល់គ្នា ។ …
« …នោះឯងរាល់គ្នានឹងធ្វើជារាស្ត្ររបស់អញ ហើយអញនឹងបានជាព្រះដល់ឯង » ។១៣
ព្រះអង្គសង្គ្រោះដែលបានរស់ឡើងវិញបានមានបន្ទូលទៅពួកសាសន៍នីហ្វៃ ពីរបៀបដែលការផ្លាស់ប្ដូរនេះចាប់ផ្ដើម ។ ទ្រង់បានថ្លែងពីមុខងារដ៏សំខាន់មួយក្នុងផែនការរបស់ព្រះវរបិតាសួគ៌ នៅពេលទ្រង់មានបន្ទូល ៖
« ហើយព្រះវរបិតាយើង ទ្រង់បានចាត់ឲ្យយើងមក ដើម្បីឲ្យយើងអាចត្រូវបានលើកឡើងលើឈើឆ្កាង ហើយបន្ទាប់ពីយើងត្រូវបានលើកឡើងលើឈើឆ្កាង គឺប្រយោជន៍ឲ្យយើងអាចទាញនាំគ្រប់មនុស្សទាំងអស់ឲ្យមករកយើង ។ …
« ហើយដោយហេតុនេះ ទើបយើងត្រូវបានលើកឡើង ហេតុដូច្នេះហើយ ស្របតាមព្រះចេស្ដានៃព្រះវរបិតា នោះយើងនឹងទាញនាំគ្រប់មនុស្សទាំងអស់ឲ្យមករកយើង » ។១៤
តើបងប្អូនត្រូវធ្វើអ្វីខ្លះដើម្បីត្រូវបានទាញនាំទៅរកព្រះអង្គសង្គ្រោះ ? សូមពិចារណាពីការសម្របរបស់ព្រះយេស៊ូវគ្រីស្ទតាមព្រះទ័យរបស់ព្រះវរបិតាទ្រង់ ជ័យជំនះលើសេចក្ដីស្លាប់ ការលើកដាក់មកលើព្រះអង្គទ្រង់នូវអំពើបាប និងកំហុសរបស់បងប្អូន ការទទួលបានព្រះចេស្ដារបស់ព្រះវរបិតាទ្រង់ដើម្បីអង្វរជំនួសបងប្អូន និងការប្រោសលោះដ៏ថ្កុំថ្កើងរបស់ទ្រង់ដល់បងប្អូន ។១៥ តើការណ៍ទាំងនេះមិនគ្រប់គ្រាន់ដើម្បីទាញនាំបងប្អូនមករកទ្រង់ទេឬ ? វាគ្រប់គ្រាន់ចំពោះខ្ញុំ ។ ព្រះយេស៊ូវគ្រីស្ទ « គង់ចាំទាំងព្រះហស្តលាតលាដោយសង្ឃឹម ហើយមានព្រះឆន្ទៈដើម្បីព្យាបាល អភ័យទោស សម្អាត ពង្រឹង ធ្វើឲ្យបរិសុទ្ធ និងញែក [ បងប្អូន និងខ្ញុំ ] ជាបរិសុទ្ធ » ។១៦
សេចក្តីពិតទាំងនេះគួរតែផ្ដល់បេះដូងថ្មីមួយឲ្យយើង ហើយបំផុសគំនិតយើងឲ្យជ្រើសរើសធ្វើតាមព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ ប៉ុន្ដែសូម្បីតែបេះដូងថ្មីក៏អាច « ឆាប់វង្វេង … ឆាប់ចាកចេញពីព្រះ [ យើង ] ស្រឡាញ់ » ដែរ ។១៧ ដើម្បីប្រឆាំងនឹងនិន្នាការនេះ យើងត្រូវគិតដល់អំណោយដែលយើងបានទទួល និងទៅលើអ្វីដែលវាបន្សល់ទុករាល់ថ្ងៃ ។ ស្ដេចបេនយ៉ាមីនបានទូន្មានថា « ខ្ញុំចង់ឲ្យអ្នករាល់គ្នាចងចាំ ហើយចងចាំជានិច្ចនូវភាពមហិមានៃព្រះ … និងសេចក្ដីល្អសប្បុរស និងសេចក្ដីអត់ធ្មត់របស់ទ្រង់ចំពោះអ្នករាល់គ្នា » ។១៨ បើយើងធ្វើដូច្នេះនោះយើងមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលពរពីស្ថានសួគ៌ ។
ការពិចារណាដល់សេចក្ដីល្អសប្បុរស និងក្ដីមេត្តារបស់ព្រះជួយយើងឲ្យកាន់តែឆាប់ទទួលបានអ្វីខាងវិញ្ញាណ ។ ជាថ្នូរមកវិញ ការឆាប់ដឹងអ្វីខាងវិញ្ញាណកាន់តែខ្លាំងអនុញ្ញាតឲ្យយើងដឹងពីសេចក្ដីពិតនៃអ្វីៗទាំងអស់ តាមរយៈព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ ។១៩ ការណ៍នេះរួមមានទីបន្ទាល់នៃសេចក្ដីពិតពេញលេញនៃព្រះគម្ពីរមរមន ការដឹងថាព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ជាព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះផ្ទាល់ខ្លួនយើង ព្រមទាំងការទទួលស្គាល់ថា ដំណឹងល្អរបស់ទ្រង់ត្រូវបានស្ដារឡើងវិញនៅថ្ងៃចុងក្រោយនេះ ។២០
ពេលយើងចងចាំពីភាពមហិមានៃព្រះវរបិតាសួគ៌របស់យើង និងព្រះយេស៊ូវគ្រីស្ទ ព្រមទាំងអ្វីដែលទ្រង់បានធ្វើសម្រាប់យើង នោះយើងនឹងមិនភ្លេចគុណបំណាច់របស់ទ្រង់ឡើយ គឺដូចជាថមមិនបានមើលរំលងបេះដូងរបស់យ៉ូណាថាន់ដែរ ។ តាមរបៀបដ៏មានអំណរ និងគារវភាពមួយ ថមបានចងចាំដល់សោកនាដកម្មដែលបានធ្វើឲ្យគាត់មានអាយុវែងនោះរាល់ថ្ងៃ ។ ក្នុងអារម្មណ៍ដ៏រីករាយនៃការដឹងថា យើងអាចបានសង្គ្រោះ និងលើកតម្កើង នោះយើងត្រូវចងចាំថា សេចក្ដីសង្គ្រោះ និងការលើកតម្កើងកើតឡើងក្នុងតម្លៃដ៏អស្ចារ្យមួយ ។២១ យើងអាចមានអំណរប្រកបដោយគារវភាព នៅពេលយើងដឹងថា បើគ្មានព្រះយេស៊ូវគ្រីស្ទទេ នោះយើងនឹងវិនាស ប៉ុន្ដែដោយមានទ្រង់ នោះយើងអាចទទួលបានអំណោយដ៏មហិមាបំផុត ដែលព្រះវរបិតាសួគ៌អាចប្រទានបាន ។២២ តាមពិតទៅ គារវភាពនេះអនុញ្ញាតឲ្យយើងរីករាយនឹងការសន្យា « អំពីជីវិតដ៏នៅអស់កល្បជានិច្ចនៅនាលោកិយនេះ » ហើយទីបញ្ចប់ទទួលបាន « ជីវិតដ៏នៅអស់កល្បជានិច្ច …គឺជាសិរីល្អដ៏នៅអមត » នៅឯនាបរលោក ។២៣
ពេលយើងពិចារណាពីសេចក្ដីល្អសប្បុរសនៃព្រះវរបិតាសួគ៌យើង និងព្រះយេស៊ូវគ្រីស្ទ នោះការទុកចិត្តរបស់យើងលើទ្រង់នឹងកើនឡើង ។ ការអធិស្ឋានរបស់យើងផ្លាស់ប្ដូរ ដោយសារយើងដឹងថា ព្រះគឺជាព្រះបិតាយើង ហើយយើងជាបុត្ររបស់ទ្រង់ ។ យើងមិនព្យាយាមផ្លាស់ប្ដូរព្រះទ័យរបស់ទ្រង់ទេ ប៉ុន្ដែដាក់ឲ្យត្រូវនឹងឆន្ទៈយើងវិញ ហើយធានាសម្រាប់ខ្លួនយើងនូវពរជ័យ ដែលទ្រង់ចង់ប្រទានឲ្យ ដោយមានលក្ខខណ្ឌពេលយើងទូលសូម ។២៤ យើងចង់កាន់តែមានចិត្តរាបទាប បរិសុទ្ធ ខ្ជាប់ខ្ជួន និងដូចជាព្រះគ្រីស្ទកាន់តែខ្លាំង ។២៥ ការផ្លាស់ប្ដូរទាំងនេះធ្វើឲ្យយើងស័ក្ដិសមនឹងពរជ័យពីស្ថានសួគ៌បន្ថែមទៀត ។
តាមរយៈការទទួលស្គាល់ថា គ្រប់ការណ៍ល្អកើតចេញពីព្រះយេស៊ូវគ្រីស្ទ នោះយើងនឹងបង្ហាញសេចក្ដីជំនឿយើងទៅកាន់មនុស្សដទៃកាន់តែមានប្រសិទ្ធិភាព ។២៦ យើងនឹងមានចិត្តក្លាហានពេលប្រឈមនឹងកិច្ចការ ក៏ដូចជាកាលៈទេសៈដែលហាក់មិនអាចទៅរួច ។២៧ យើងនឹងពង្រឹងការតាំងចិត្តយើងដើម្បីរក្សាសេចក្ដីសញ្ញា ដែលយើងបានចុះដើម្បីធ្វើតាមព្រះអង្គសង្គ្រោះ ។២៩ យើងនឹងពេញដោយសេចក្ដីស្រឡាញ់របស់ព្រះ ចង់ជួយអស់អ្នកដែលទ័លក្រដោយមិនកាត់សេចក្ដី ស្រឡាញ់កូនៗរបស់យើង ហើយចិញ្ចឹមពួកគេក្នុងសុចរិតភាព រក្សាការផ្ដាច់បាបរបស់យើង ហើយអររីករាយជានិច្ច ។២៩ ទាំងនេះជាផលផ្លែដ៏អស្ចារ្យនៃការចងចាំដល់សេចក្ដីល្អសប្បុរស និងមេត្តារបស់ព្រះ ។
ផ្ទុយទៅវិញ ព្រះអង្គសង្គ្រោះបានព្រមានថា « ហើយមនុស្សមិនដែលជំទាស់ព្រះក្នុងការណ៍ណាមួយឡើយ ឬក៏សេចក្ដីក្រោធរបស់ទ្រង់មិនទាស់នឹងនរណាមួយទេ លើកលែងតែអស់អ្នកណាដែលមិនទទួលស្គាល់ព្រះហស្តរបស់ទ្រង់ក្នុងគ្រប់ទាំងអស់ » ។៣០ ខ្ញុំគិតថា ព្រះមិនខឹងទេ ពេលយើងភ្លេចទ្រង់នោះ ។ ប៉ុន្ដែ ខ្ញុំគិតថា ទ្រង់អន់ព្រះទ័យយ៉ាងខ្លាំង ។ ទ្រង់ជ្រាបថា យើងមិនបានខិតខំរកឱកាសដើម្បីខិតទៅកាន់តែជិតទ្រង់ តាមរយៈការចងចាំដល់ទ្រង់ និងសេចក្ដីល្អសប្បុរសរបស់ទ្រង់ទេ ។ ពេលនោះ យើងខកខានលែងបានខិតទៅជិតទ្រង់ និងពរជ័យពិសេសៗដែលទ្រង់បានសន្យា ។៣១
ខ្ញុំសូមអញ្ជើញបងប្អូនឲ្យចងចាំដល់ភាពមហិមានៃព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ និងអ្វីដែលទ្រង់បានធ្វើសម្រាប់បងប្អូនរាល់ថ្ងៃ ។ សូមឲ្យការពិចារណារបស់បងប្អូនអំពីសេចក្ដីល្អសប្បុរសទ្រង់ចងភ្ជាប់ដួងចិត្តវង្វេងរបស់បងប្អូនទៅនឹងទ្រង់កាន់តែជាប់មាំឡើង ។៣២ សូមសញ្ជឹងគិតពីសេចក្ដីមេត្តាករុណារបស់ទ្រង់ ហើយបងប្អូននឹងមានពរឲ្យដឹងពីរឿងខាងវិញ្ញាណបន្ថែមទៀត និងក្លាយកាន់តែដូចជាព្រះគ្រីស្ទ ។ ការថ្លឹងថ្លែងពីការប្រណីរបស់ទ្រង់នឹងជួយបងប្អូនឲ្យ « រក្សាការស្មោះត្រង់ដរាបដល់ចុងបំផុត » រហូតដល់បងប្អូន « ត្រូវបានទទួលនៅស្ថានសួគ៌ » ឲ្យ « រស់នៅជាមួយនឹងព្រះក្នុងស្ថានភាពសុភមង្គលដ៏មិនចេះចប់មិនចេះហើយ » ។៣៣
ដោយបានចង្អុលទៅព្រះរាជបុត្រាបង្កើតតែមួយរបស់ទ្រង់ ព្រះវរបិតាសួគ៌របស់យើងបានមានបន្ទូលថា « ចូរស្ដាប់តាមទ្រង់ចុះ ! »៣៤ នៅពេលបងប្អូនធ្វើសកម្មភាពតាមបន្ទូលទាំងនោះ ហើយស្ដាប់តាមទ្រង់ សូមចងចាំដោយអំណរ និងគារវភាពថា ព្រះអង្គសង្គ្រោះពេញចិត្តនឹងស្ដារអ្វីដែលបងប្អូនមិនអាចស្ដារឡើងវិញបាន ទ្រង់ពេញចិត្តនឹងព្យាបាលរបួសដែលបងប្អូនមិនអាចព្យាបាលបាន ទ្រង់ពេញចិត្តនឹងជួសជុលអ្វីដែលបានបែកបាក់ ហើយមិនអាចជួសជុលបាន៣៥ទ្រង់បង់សងភាពអយុត្តិធម៌នានាដែលធ្វើឲ្យបងប្អូនរងទុក្ខ៣៧ហើយទ្រង់ពេញចិត្តនឹងព្យាបាលដួងចិត្តដែលប្រេះស្រាំអចិន្រ្ដៃយ៍ ។៣៨
កាលខ្ញុំពិចារណាពីអំណោយមកពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទរបស់យើង ខ្ញុំបានដឹងពីសេចក្ដីស្រឡាញ់ដ៏និរន្ដរ៍របស់ទ្រង់ ព្រមទាំងសេចក្ដីមេត្តាករុណាដ៏មិនអាចយល់បានរបស់ទ្រង់សម្រាប់បុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ទាំងអស់ ។៣៨ ចំណេះដឹងនេះបានផ្លាស់ប្ដូរខ្ញុំ ហើយវានឹងផ្លាស់ប្ដូរបងប្អូនផងដែរ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕