សន្និសីទទូទៅ
ផែនការ​ដ៏​មហិមា
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២០


16:3

ផែនការ​ដ៏​មហិមា

យើង​ដែល​ដឹង​ផែនការ​របស់​ព្រះ និង​ដែល​បាន​ចុះ​សេចក្ដី​សញ្ញា​ចូលរួម មាន​ការទទួលខុសត្រូវ​ច្បាស់​មួយ​ដើម្បី​បង្រៀន​សេចក្ដីពិត ។

ទោះ​ជា​នៅ​ក្នុង​កណ្ដាល​នៃ​ការសាកល្បង និង​ឧបសគ្គ​តែ​មួយ​ក្ដី ក៏​យើង​ពិតជា​ត្រូវ​បាន​ប្រទានពរ ! សន្និសីទ​ទូទៅ​នេះ​បាន​ផ្ដល់​ដល់​យើង​នូវ​ការ​ចាក់ស្រោច​នូវ​អំណរ នៃ​ការ​ស្ដារឡើងវិញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដ៏​បរិបូរណ៍ ។ យើង​មាន​អំណរ​នៅ​ក្នុង​ការនិមិត្ត​អំពី​ព្រះបិតា និង​ព្រះរាជបុត្រា ដែល​បាន​ចាប់ផ្ដើម​ការ​ស្ដារឡើងវិញ ។ យើង​ត្រូវ​បានរំឭក​អំពី​ការ​ចេញ​មក​នៃ​ព្រះគម្ពីរមរមន​ដ៏​ប្រកប​ដោយ អព្ភូតហេតុ ដែល​គោលបំណង​សំខាន់ គឺ​ដើម្បី​ថ្លែងទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​គោលលទ្ធិ​របស់​ទ្រង់ ។ យើង​ត្រូវ​បាន​រំឭក​ដោយ​ភាព​ពិត​នៃ​វិវរណៈ​ដ៏​អំណរ​—ចំពោះ​ពួក​ព្យាការី និង​ពួក​យើង​ដោយ​ផ្ទាល់ ។ យើង​បាន​ស្ដាប់​ឮ​ទីបន្ទាល់​ដ៏​មាន​តម្លៃ​អំពី​ដង្វាយធួន​ដ៏​និរន្ដរ៍​នៃ​ព្រះយេស៊ូវគ្រីស្ទ និង​អំពី​ការរស់ឡើងវិញ​របស់​ទ្រង់ ។ ហើយ​យើង​ត្រូវ​បាន​បង្រៀន​សេចក្ដីពិត​ដទៃទៀត​អំពី​ភាព​ពេញលេញ​នៃ​ដំណឹងល្អ​របស់​ទ្រង់ បាន​បើក​សម្ដែង​ទៅ​កាន់​យ៉ូសែប ស្ម៊ីធ បន្ទាប់​ពី​ព្រះជាព្រះវរបិតា បាន​ប្រកាស​អំពី​ព្យាការី​ដែល​ត្រូវ​បាន​ហៅ​ថ្មីៗ​ថា « នេះ​ជា​បុត្រ​សំណព្វ​យើង ។ ចូរស្តាប់តាមទ្រង់ចុះ !» ( យ៉ូសែប ស្ម៊ីធ — ប្រវត្តិ ១:១៧ ) ។

យើង​ត្រូវ​បាន​អះអាង​នៅ ក្នុង​ចំណេះដឹង​របស់​យើង​អំពី​ការ​ស្ដារឡើងវិញ​នៃ​បព្វជិតភាព និង​កូនសោ​ទាំងឡាយ ។ យើង​ត្រូវ​បាន​រំឭក​នៅ​ក្នុង​ការ​ប្ដេជ្ញាចិត្ត​របស់​យើង​ដើម្បី​ឲ្យ​សាសនាចក្រ​ដែល​បាន​ស្ដារឡើងវិញ​របស់​ព្រះអម្ចាស់​ត្រូវ​បាន​គេស្គាល់​ដោយ​ឈ្មោះ​ត្រឹមត្រូវ សាសនាចក្រ នៃ ព្រះ យេស៊ូវគ្រីស្ទ នៃ ពួក បរិសុទ្ធ ថ្ងៃ ចុងក្រោយ ។ ហើយ​យើង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​តមអាហារ និង​អធិស្ឋាន​ដើម្បី​កាត់​បន្ថយ​ការជះឥទ្ធិពល​នៃ​ការ​បំផ្លាញ​ដោយជំងឺ​រាតត្បាត​នៅ​ទូទាំង​ពិភពលោក​ទាំង​ពេល​បច្ចុប្បន្ន និង​ពេល​អនាគត ។ ព្រឹក​នេះ​យើង​ត្រូវ​បាន​បំផុសគំនិត​ដោយ​ព្យាការី​នៅ​រស់​របស់​ព្រះអម្ចាស់​ឲ្យ​បង្ហាញ​ការប្រកាស​ជា​ប្រវត្តិសាស្ត្រ​អំពី​ការ​ស្ដារឡើងវិញ ។ យើង​អះអាង​ពី​ការ​ប្រកាសថា « អស់​អ្នក​ដែល​សិក្សា​សារលិខិត​អំពី​ការ​ស្ដារឡើងវិញ​ប្រកប​ដោយ​ការ​អធិស្ឋាន ហើយ​ធ្វើ​សកម្មភាព​ដោយជំនឿ នឹង​ត្រូវ​ប្រទានពរ​ឲ្យ​ទទួល​បាន​សាក្សី​ផ្ទាល់ខ្លួន​អំពី​ទេវភាព និង​គោលបំណង​របស់​វា​ដើម្បី​រៀបចំ​ពិភពលោក​សម្រាប់​ការយាងមកជាលើក​ទីពីរ​របស់ព្រះអម្ចាស់ និង​ព្រះអង្គសង្គ្រោះ ព្រះ​យេស៊ូវ គ្រីស្ទ​របស់​យើង ដូច​ដែល​បាន​សន្យា » ។

ផែនការ

អ្វីៗ​ទាំងអស់​នេះ គឺជា​ចំណែក​នៃ​ផែនការ​របស់​ព្រះ ដែល​មាន​គោលបំណង​ដើម្បី​អាច​ឲ្យ​កូនចៅ​របស់​ព្រះ​ត្រូវ​បាន​លើក​តម្កើង និង​ប្រែក្លាយដូចជា​ទ្រង់ ។ យោងទៅ​ក្នុង​បទគម្ពីរ​ថាជា « ផែនការនៃ​សុភមង្គល​ដ៏​មហិមា » « ផែនការ​នៃ​ការ​ប្រោសលោះ » និង « ផែនការ​នៃ​សេចក្ដី​សង្គ្រោះ » ( អាលម៉ា ៤២:៨, ១១, ៥ )ដែល​ផែនការ​នោះ—បាន​បើក​បង្ហាញ​នៅ​ក្នុង​ការ​ស្ដារឡើងវិញ—បាន​ចាប់​ផ្ដើម​ជាមួយ​នឹង​ក្រុមប្រឹក្សា​ស្ថានសួគ៌ ។ កាល​ជា​វិញ្ញាណ យើង​មាន​បំណង​ប្រាថ្នា​ដើម្បី​សម្រេច​ជីវិត​អស់កល្បជានិច្ច ដោយ​ព្រះបិតាមាតា​សួគ៌​របស់​យើង ។ ត្រង់​ចំនុច​នោះ យើង​បាន​រីកចម្រើន​តាម​ដែល​យើង​អាច​ដោយ​គ្មាន​បទពិសោធន៍​ជីវិតរមែង​ស្លាប់​ជា​រូបកាយ​សាច់ឈាម ។ ដើម្បី​ផ្ដល់​បទពិសោធន៍​នោះ ព្រះ​ជា​ព្រះវរបិតា​បាន​រៀបផែនការ​ដើម្បី​បង្កើត​ផែនដី​នេះ ។ វា​ជា​ជីវិត​រមែងស្លាប់​ដែល​បាន​រៀបចំឡើង យើង​នឹង​មាន​អំពើបាប ព្រោះ​យើង​ជួប​ការ​ជំទាស់​ដែល​ចាំបាច់​ត្រូវ​មាន​សម្រាប់​ការរីកចម្រើន​ខាង​វិញ្ញាណ​របស់​យើង ។ យើង​នឹង​ស្ថិត​នៅ ក្រោម​សេចក្ដីស្លាប់​ខាង​រូបកាយ​ផងដែរ ។ ដើម្បី​យក​យើង​ចេញ​ពី​សេចក្ដីស្លាប់ និង​អំពើបាប ផែនការរបស់​​ព្រះវរបិតាសួគ៌នៃ​យើង​នឹង​ផ្ដល់​ព្រះអង្គសង្គ្រោះ​មួយអង្គ ។ ការ​រស់ឡើងវិញ​របស់​ទ្រង់ នឹង​ប្រោសលោះ​មនុស្ស​ទាំងអស់​ពី​សេចក្ដីស្លាប់ ហើយ​ពលិកម្ម​ធួន​របស់​ទ្រង់​នឹង​បង់​ថ្លៃ​ដែល​ចាំបាច់​សម្រាប់​មនុស្ស​ទាំងអស់​ដើម្បី​សម្អាត​ពី​អំពើបាប​នៅ​ក្នុង​លក្ខខណ្ឌ​ដែល​បាន​ដាក់​ដើម្បី​លើក​កម្ពស់​ដល់​ការ​រីកចម្រើន​របស់​យើង ។ ដង្វាយ ធួន របស់ ព្រះយេស៊ូវ គ្រីស្ទ សំខាន់ ចំពោះ ផែនការ​របស់​ព្រះ​បិតា ។

នៅ​ក្នុង​ក្រុមប្រឹក្សា​ស្ថានសួគ៌ កូនចៅ​វិញ្ញាណ​ទាំងអស់​របស់​ព្រះ​ត្រូវ​បាន​ណែនាំ​ចំពោះ​ផែនការ​របស់​ព្រះវរបិតា រួមទាំង​លទ្ធផល និង​ការ​សាកល្បង​នៃ​ជីវិត​រមែង​ស្លាប់ ជំនួយ​ពីស្ថានសួគ៌ និង​ជោគវាសនា​ដ៏​រុងរឿង ។ យើង​មើល​ឃើញ​ទីបញ្ចប់​តាំង​ពី​ដើម​មក ។ អស់​អ្នក​ដែល​មាន​ជីវិតរមែង​ស្លាប់​ដែល​បាន​កើត​មក​ក្នុង​ផែនដី​នេះ បាន​ជ្រើសរើស​ផែនការ​របស់​ព្រះវរបិតា ហើយ​បាន​ច្បាំង​សម្រាប់​ផែនការ​នេះ​នៅ​ក្នុង​ការ​ប្រគួត​ប្រជែង​នៅ​ស្ថានសួគ៌​ដែល​បានកើត​មាន​តាម​ក្រោយ ។ មនុស្ស​ជាច្រើន​ក៏​បាន​ចុះ​សេចក្ដីសញ្ញា​ជាមួយ​នឹង​ព្រះវរបិតា​ទាក់ទង​នឹង​អ្វី​ដែល​យើង​នឹង​ធ្វើ​នៅក្នុង​ជីវិត​រមែង​ស្លាប់​ផងដែរ ។ មាន​វិធី​ជាច្រើន​ដែល​ពុំ​ទាន់​បាន​បើក​បង្ហាញ សកម្មភាព​របស់​យើង​ក្នុង​ពិភព​វិញ្ញាណ​មាន​ឥទ្ធិពល​លើ​ស្ថានភាព​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​យើង ។

ជីវិត​រមែង​ស្លាប់ និង​ពិភពវិញ្ញាណ

ឥឡូវ​ខ្ញុំ​នឹង​សង្ខេប​អំពី ធាតុ​សំខាន់​មួយចំនួន​នៃ​ផែនការ​នៃ​ព្រះវរបិតា ព្រោះវា​ជះឥទ្ធិពល​មក​លើ​យើង​អំឡុង​ដំណើរ​ជីវិត​រមែង​ស្លាប់​របស់យើង និង​នៅ ក្នុង​ពិភពវិញ្ញាណ​នៅ​ខាង​មុខ ។

គោលបំណង​នៃ​ជីវិត​រមែង​ស្លាប់ និង​ការ​រីកចម្រើន​ក្រោយ​ពី​ជីវិត​រមែង​ស្លាប់ ដែល​អាច​កើតមាន​មក វា​គឺ​ដើម្បី​កូនចៅ​នៃ​ព្រះ​ប្រែក្លាយ​ដូច​ជា​ទ្រង់ ។ នេះគឺ​ជា​ព្រះរាជ​បំណង​របស់​ព្រះវរបិតាសួគ៌​សម្រាប់​បុត្រា​បុត្រី​របស់​ទ្រង់ទាំងអស់ ដើម្បី​សម្រេច​ជោគវាសនា​ដ៏​អំណរ​នេះ ក្រឹត្យវិន័យ​អស់កល្បជានិច្ច​តម្រូវ​ឲ្យ​យើង​ត្រូវ​តែ​ក្លាយជា​តួអង្គ​បរិសុទ្ធ​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​យើង​អាច​រស់នៅ​ក្នុង​វត្តមាន​នៃ​ព្រះវរបិតា និង​ព្រះរាជបុត្រា ហើយ​រីករាយ​នឹង​ពរជ័យ​នៃ​ភាព​លើក​តម្កើង ។ ដូច​ព្រះគម្ពីរមរមន​បាន​បង្រៀន ទ្រង់​អញ្ជើញ​« យើង​ទាំង​អស់​គ្នា​ឲ្យ មក​រក​ទ្រង់ ហើយ​ទទួល​ទាន​នូវ​សេចក្ដី​ល្អ​សប្បុរស​របស់​ទ្រង់ ហើយ​ទ្រង់​ពុំ​បដិសេធ​អ្នក​ណា​ម្នាក់ ដែល​មក​រក​ទ្រង់​ឡើយ គឺ​ទាំង​ខ្មៅ និង​ស ទាំង​បាវ​គេ និង​សេរី ទាំងប្រុស និង​ស្រី ហើយ​ទ្រង់​នឹកចាំ​ដល់​ពួកអ្នក​ឥត​សាសនា ក៏ដូច​គ្នា​នៅ​ចំពោះ​ព្រះ​ដែរ » ( នីហ្វៃទី​២ ២៦:៣៣ សូមមើល​ផងដែរ អាលម៉ា ៥:៤៩ )។

ផែនការ​ដ៏​ទេវភាព​សម្រាប់​យើង​ដើម្បី​ប្រែក្លាយ​ជា​អ្វី​ដែល​យើង​កំណត់​ឲ្យ​ប្រែក្លាយ វា​តម្រូវ​ឲ្យយើង​ធ្វើ​ការ​ជ្រើសរើស​ជាច្រើន​ដើម្បី​បដិសេធ​សេចក្ដីអាក្រក់ ការ​ជំទាស់​ដែល​ល្បងល​ជីវិត​រមែង​ស្លាប់​ឲ្យ​ធ្វើ​សកម្មភាព​ផ្ទុយ​ទៅនឹង​បទបញ្ញត្តិ​របស់​ព្រះ និង​ផែនការ​របស់​ទ្រង់ ។ វា​ក៏​តម្រូវ​ឲ្យ​យើង​ស្ថិត​នៅ​ក្រោម​ការ​ជំទាស់​ខាង​ជីវិត​រមែង​ស្លាប់​ដទៃទៀត​ផងដែរ ដូចជា មកពី​អំពើបាប​របស់​អ្នកដទៃ ឬ​មកពី​ពិការភាព​ពី​កំណើត​មួយចំនួន ។ ពេល​ខ្លះ​ការរីកចម្រើន​របស់​យើង គឺ​សម្រេច​បាន​ល្អ​ប្រសើរ​តាមរយៈ​ការរងទុក្ខ និង​ទុក្ខព្រួយ​ជាជាង​ដោយភាព​ងាយស្រួល និងស្ងប់សុខ ។ ហើយ​គ្មាន​ការ​ផ្ទុយ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ អាច​សម្រេច​បាន​គោលបំណង​ដ៏​អស់កល្បជានិច្ច​បានទេ បើគ្មាន​អន្ដរាគមន៍​មកពី​ព្រះ​ដើម្បី​រំដោះ​យើង​ពី​គ្រប់​លទ្ធផល​អវិជ្ជមាន​នៃ​ជីវិត​រមែង​ស្លាប់ ។

ផែនការ​បើក​សម្ដែង​ពី​ជោគវាសនា​របស់​យើង​ក្នុងភាព​អស់កល្ប​ជានិច្ច គោលបំណង និង​លក្ខខណ្ឌ​នៃ​ដំណើរ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​យើង និង​ជំនួយ​ពី​ស្ថានសួគ៌ នោះ​យើង​នឹង​ទទួល​បាន ។ បទញ្ញត្តិ​របស់​ព្រះ ព្រមាន​យើង​ទាស់​នឹង​ការ​វង្វេង​ចេញ​ទៅ​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ។ ការ​បង្រៀន​របស់​ថ្នាក់ដឹកនាំ​ដ៏បំផុស​គំនិត​ដឹកនាំ​ផ្លូវ​របស់​យើង ហើយ​ផ្ដល់​ការ​អះអាង​ដែល​លើក​កម្ពស់​ដល់​ដំណើរជីវិត​អស់កល្បជានិច្ច​របស់​យើង ។

ផែនការ​របស់​ព្រះ​ផ្ដល់​នូវ​ការ​អះអាង​ដ៏​មហិមា​ចំនួន​បួន​យ៉ាង​ដើម្បី​ជួយ​ដល់​ការ​ធ្វើ​ដំណើរ​របស់​យើង​ក្នុវ​ជីវិត​រមែង​ស្លាប់ ។ អ្វីៗ​ទាំងអស់​ដែលបាន​ទទួល​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​ផ្នែក​សំខាន់​នៃ​ផែនការ ។ ទីមួយ អះអាង​នឹង​យើង​ថា តាមរយៈ​ការ​រងទុក្ខ​របស់​ទ្រង់​សម្រាប់​អំពើបាប​ដែល​យើង​ប្រែចិត្ត យើង​អាច​ត្រូវបាន​សម្អាត​ពី​អំពើបាប​ទាំង​នោះ ។ បន្ទាប់មក​ការជំនុំជម្រះ​ចុង​ក្រោយ​នឹង « មិន​ចាំ​ទៀតទេ » (គោលលទ្ធិ និង​សេចក្ដីសញ្ញា ៥៨:៤២ ) ។

ទីពីរ ជា​ចំណែក​នៃ​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ ទ្រង់​បាន​លើក​ដាក់​លើ​ព្រះអង្គទ្រង់​នូវ​រាល់​ជំងឺ​ឈឺចាប់​នៃ​ជីវិត​រមែង​ស្លាប់​ដទៃទៀត​ទាំងអស់ ។ ការណ៍នេះ​អនុញ្ញាត​ឲ្យ​យើង​ទទួល​ជំនួយ​ពី​ព្រះ និង​មាន​កម្លាំង​ដើម្បី​រែក​បន្ទុក​នៃ​ជីវិត​រមែងស្លាប់​ដែល​ចៀសមិនរួច ទាំងផ្ទាល់ខ្លួន និង​ជា​ទូទៅ ដូចជា​សង្គ្រាម និង​រោគា ។ ព្រះគម្ពីរ​មរមន​ផ្ដល់​នូវ​ការពិពណ៌នា​ខាង​វិញ្ញាណ​ដ៏​ច្បាស់​បំផុត​នៃ​អំណាច​ដង្វាយធួន​ដ៏សំខាន់​នេះ ។ ព្រះអង្គសង្គ្រោះ​បាន​លើក​ដាក់​មក​លើ​ព្រះអង្គទ្រង់ « ការឈឺចាប់ និង ជំងឺ ព្រមទាំង​ជំងឺ​ឈឺ​ចាប់​របស់​រាស្ត្រ​ទ្រង់​ផងដែរ ។… ទ្រង់​នឹង​ដាក់​លើ​រូប​អង្គ​ទ្រង់​នូវ​ជំងឺ​ឈឺចាប់​របស់​ពួកគេ ដើម្បី​ឲ្យ​ព្រះហឫទ័យ​ទ្រង់​បាន​ពោរពេញ​ទៅដោយ​សេចក្ដី​មេត្តា​ករុណា​ស្របតាម​សាច់ឈាម ដើម្បី​ទ្រង់​អាច​ដឹង​ស្របតាម​សាច់ឈាម​ថាតើ​ត្រូវ​ជួយរាស្ត្រ​ទ្រង់​បែបណា​តាម​ជំងឺ​របស់​គេ » (អាលម៉ា ៧:១១-១២ ) ។

ទីបី ព្រះអង្គសង្គ្រោះ​តាមរយៈ​ដង្វាយធួន​ដ៏​និរន្ដរ៍​របស់​ទ្រង់ បាន​យកឈ្នះ​លើ​ទីបញ្ចប់​នៃ​សេចក្ដីស្លាប់ ហើយ​ផ្ដល់​ការ​អះអាង​ដ៏​ប្រកប​ដោយអំណរ​ដែល​យើង​ទាំងអស់គ្នា​នឹង​រស់ឡើងវិញ ។ ព្រះគម្ពីរ​មរមន​បង្រៀន​ថា «ឥឡូវ នេះ ការ សាង ឡើង វិញ នេះ នឹង កើត ឡើង ដល់ មនុស្ស ទាំង អស់ ទាំង ចាស់ ទាំង ក្មេង ទាំង បាវ គេ និង អ្នក សេរី ទាំង ប្រុស ទាំង ស្រី ទាំង ពួកទុច្ចរិត និង ពួក សុចរិត ហើយ សូម្បី តែ សក់ មួយ សរសៃ នៅ លើ ក្បាល ពួក គេ ក៏ ពុំ បាត់ ផង អ្វីៗ គ្រប់ យ៉ាង នឹង បាន ប្រោស ឡើង វិញ ជា រូប រាង ដ៏ ល្អ ឥត ខ្ចោះ » (អាលម៉ា ១១:៤៤ ) ។

យើង​ប្រារព្ធ​អំពី​ភាព​ពិត​នៃ​ការ​រស់ឡើងវិញ​នៅ​ក្នុង​រដូវ​បុណ្យអ៊ីស្ទើរ​នេះ ។ រឿង​នេះ​ផ្ដល់​ដល់​យើង​នូវ​ទស្សនវិស័យ និង កម្លាំង​ដើម្បី​តស៊ូ​នឹង​ឧបសគ្គ​ក្នុង​ជីវិត​រមែងស្លាប់​ដែល​យើង​ម្នាក់ៗ​ត្រូវ​ប្រឈម​មុខ ព្រមទាំង​អស់​អ្នក​ដែល​យើង​ស្រឡាញ់​ផងដែរ ដូចជា​រឿង​ទាក់ទង​នឹង​អសមត្ថភាព​ខាង​រាងកាយ ស្មារតី ឬ​អារម្មណ៍ ដែល​យើង​នាំ​មក​ពេល​យើង​ទទួល​ពេល​កើត ឬ​មាន​បទពិសោធន៍​អំឡុង​ជីវិត​រមែងស្លាប់​យើង​នេះ ។ ពីព្រោះតែ​ការរស់ឡើងវិញ នោះ​យើង​ដឹង​ថា អសមត្ថភាព​នៃ​ជីវិត​រមែងស្លាប់​ទាំងនេះ​គឺ​គ្រាន់តែ​មួយ​រយៈ​ប៉ុណ្ណោះ !

ដំណឹងល្អ​ស្ដារឡើងវិញ​អះអាង​នឹង​យើង​ថា ការ​រស់ឡើងវិញ​អាច​រួមមាន​ទាំង​ឱកាស​ដើម្បី​នៅ​ជាមួយ​សមាជិក​ក្រុមគ្រួសារ​យើង— ស្វាមី ភរិយា កូនៗ និងឪពុក​ម្ដាយ ។ នេះ​គឺជា​ការ​លើក​ទឹកចិត្ត​ប្រកប​ដោយ​អានុភាព​មួយ​ដើម្បី​យើង​បំពេញ​ការទទួលខុសត្រូវ​ក្រុមគ្រួសារ​យើង​ក្នុង​ជីវិត​រមែង​ស្លាប់ ។ វា​ជួយ​យើង​រស់នៅ​ជាមួយ​គ្នា​នៅ​ក្នុង​សេចក្ដីស្រឡាញ់​នៅ​ក្នុង​ជីវិត​នេះ​ដើម្បី​ចូលរួម​ក្នុង​ការរួបរួម និង​ទំនាក់ទំនង​នៅ​ជីវិត​ក្រោយ​ដោយ​អំណរ ។

ទីបួន និង​ទីបញ្ចប់ វិវរណៈ​សម័យ​ទំនើប​បង្រៀន​យើង​ថា ការរីកចម្រើន​របស់​យើង​មិនចាំបាច់​បញ្ចប់​នៅ​ពេល​បញ្ចប់​ជីវិតរមែង​ស្លាប់​នោះ​ទេ ។ មាន​អ្វី​បន្ដិចបន្ដួច​ត្រូវ​បាន​បើក​សម្ដែង​អំពី​ការអះអាង​ដ៏​សំខាន់​នេះ ។ យើង​ត្រូវ​បាន​ប្រាប់​ថា ជីវិត​នេះ​គឺជា​ពេល​ដើម្បី​រៀបចំ​ខ្លួន​ទៅ​ជួប​នឹង​ព្រះ ហើយ​ថា​យើង​មិន​គួរ​ពន្យាពេល​ការ​ប្រែ​ចិត្ត​របស់​យើងទេ ( សូមមើល អាលម៉ា ៣៤:៣២-៣៣ ) ។ យើង​ត្រូវ​បាន​បង្រៀន​ថា​នៅ ក្នុង​ពិភព​វិញ្ញាណ ដំណឹងល្អ​ត្រូវ​បាន​ផ្សាយ « ទៅ​ដល់​ពួក​ទុច្ចរិត និង​ពួក​អ្នក​ដែល​មិន​ព្រម​ជឿ ដែល​បាន​បដិសេធ​សេចក្ដីពិត » (គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៣៨:២៩) ហើយ​ថា​អ្នកទាំងឡាយ​ដែល​បាន​បង្រៀន​នៅ​ទីនោះ​គឺ​អាច​ប្រែចិត្ត​ពី​មុន​ការ​ជំនុំជម្រះ​ចុង​ក្រោយ ( សូមមើល ខ ៣១-៣៤, ៥៧-៥៩ ) ។

នេះ​គឺ​ជា​មូលដ្ឋាន​គ្រឹះ​ផ្សេងទៀត​មួយ​ចំនួន​នៃ​ផែនការ​របស់​ព្រះវរបិតាសួគ៌ ។

ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ ផ្ដល់​ទស្សនវិស័យ​តែមួយគត់​ទៅលើ​ប្រធានបទ​នៃ​ព្រហ្មចារីភាព អាពាហ៍ពិពាហ៍ និង​ការ​បង្កើត​កូនចៅ ។ ដំណឹងល្អ​បង្រៀន​ថា អាពាហ៍ពិពាហ៍​ស្របតាម​ផែនការ​របស់​ព្រះ គឺ​ចាំបាច់​ក្នុង​ការ​សម្រេច​គោលបំណង​នៃផែនការ​របស់ព្រះ ដើម្បីផ្ដល់​កន្លែង​ដែល​បាន​តែងតាំង​ដ៏ទេវភាព​សម្រាប់​កំណើត​នៃជីវិតរមែងស្លាប់ ហើយ​រៀបចំ​សមាជិក​គ្រួសារ​សម្រាប់​ជីវិត​អស់កល្បជានិច្ច ។ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា ៖ « អាពាហ៍ពិពាហ៍​គឺ​ត្រូវ​បាន​តែងតាំង​មក​ពី​ព្រះ​ដល់​មនុស្ស »​« …ដើម្បីឲ្យ​ផែនដី​អាច​បំពេញ​គោលបំណង​នៃ​ការ​បង្កបង្កើ » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៤៩:១៥-១៦ ) ។ នៅ​ក្នុង​ផែនការ​របស់​ទ្រង់​នេះ ប្រាកដ​ណាស់ ជួប​ប្រទះ​នឹង​កម្លាំង​ខាង​លោកិយ​ដ៏​ខ្លាំង​មួយចំនួន​ខាង​ច្បាប់ និង​ប្រពៃណី ។

អំណាច​ដើម្បី​បង្កើត​ជីវិត​រមែង​ស្លាប់​គឺជា​អំណាច​ដ៏​លើក​តម្កើង​បំផុត​ដែល​ព្រះ​បាន​ប្រទាន​ដល់​កូនចៅ​របស់​ទ្រង់ ។ វា គឺ​សេចក្ដីបង្គាប់​នៅក្នុង​បទបញ្ញត្តិ​ទីមួយ​ដល់ អ័រដាម និង​អេវ៉ា ប៉ុន្តែ​បទបញ្ញត្តិ​សំខាន់​ដទៃទៀត​ត្រូវ​បាន​ផ្ដល់​ឲ្យ​ដើម្បី​បម្រាម​ការប្រើប្រាស់​វា​ខុសឆ្គង ។ រាល់​ការ​ប្រើប្រាស់​អំណាច​នៃ​ការ​បង្ក​បង្កើត​ក្រៅ​ពី​ចំណង​អាពាហ៍ពិពាហ៍ គឺជា​ការ​បន្ទាបបន្ថោក និង​ការ​មានៈ​ប្រកប​ដោយអំពើបាប​មួយ​កម្រិត ឬ​ផ្សេង​ទៀត​ទៅលើ​លក្ខណៈ​ដ៏​ទេវភាព​បំផុត​របស់​បុរស និង​ស្ត្រី ។ ការគូសបញ្ជាក់​អំពី​ដំណឹងល្អ​ដែលបាន​ស្ដារឡើងវិញ​បាន​ដាក់​មក​លើ​ច្បាប់​ព្រហ្មចារីយភាព​នេះ គឺ​ដោយសារ​តែ​គោលបំណង​នៃ​អំណាច​ការ​បង្កបង្កើត​របស់​យើង​នៅ​ក្នុង​ការ​សម្រេច​តាម​ផែនការ​របស់ព្រះ ។

តើ​អ្វី​បន្ទាប់ ?

អំឡុង​ការ​ប្រារព្ធខួប​លើក​ទី ២០០ ឆ្នាំ​នៃ​ការ​និមិត្ត​ដំបូង​នេះ ដែល​បាន​ចាប់​ផ្ដើម​ឲ្យ​មានការ​ស្ដារឡើងវិញ យើង​ដឹង​អំពី​ផែនការ​របស់​ព្រះអម្ចាស់ ហើយ​យើង​ត្រូវ​បាន​លើក​ទឹកចិត្ត​ដោយ​ពរជ័យ​ជា​ច្រើន​នៃ​ពីរសតវត្សរ៍នេះ​តាមរយៈ​សាសនាចក្រ​ដែលបាន​ស្ដារឡើងវិញ​របស់​ទ្រង់ ។ នៅ​ក្នុង​ឆ្នាំ​២០២០ នេះ យើង​មាន​អ្វី​ដែល​ហៅ​ថា​ចក្ខុវិស័យ ២០/២០ សម្រាប់​ព្រឹត្តការណ៍​នានា​ពី​អតីតកាល ។

ទោះជាយ៉ាងណា នៅពេល​យើង​មើល​ទៅ​អនាគត ទស្សនវិស័យ​របស់​យើង​គឺ​មិនសូវ​ពិតប្រាកដ ។ យើង​ដឹងថា សតវត្សរ៍​ទាំងពីរ​បន្ទាប់ពី​ការ​ស្ដារឡើងវិញ ឥឡូវ​ពិភពវិញ្ញាណ​មាននូវ អ្នកធ្វើការ​ដែល​មាន​បទពិសោធន៍​ខាង​ជីវិត​រមែង​ស្លាប់​ជាច្រើន​រូប​សម្រេច​នូវ​ការ​ផ្សព្វផ្សាយ​ដែល​កើត​ឡើង​នៅទីនោះ ។ យើង​ក៏​ដឹង​ផងដែរ​ថា ឥឡូវ​នេះ យើង​មាន​ព្រះវិហារបរិសុទ្ធ​កាន់តែ​ច្រើន​ដើម្បី​ធ្វើ​ពិធីបរិសុទ្ធ​នៃ​ភាព​អស់កល្បជានិច្ច​សម្រាប់​អស់​អ្នក​ដែល​ប្រែចិត្ត ហើយ​ឱប​ក្រសោប​ដំណឹងល្អ​របស់​ព្រះអម្ចាស់​នៅ​ទាំង​សងខាង​នៃ​វាំងនន​នៃ​សេចក្ដីស្លាប់ ។ អ្វីៗ​ទាំងអស់​នេះ​ពន្លឿន​ផែនការ​របស់​ព្រះវរបិតាសួគ៌​យើង ។ សេចក្ដីស្រឡាញ់​របស់​ព្រះ​មហិមា​ណាស់ លើកលែងតែ​មនុស្ស​ខ្លះ​ដែល​មាន​ចេតនា​ក្លាយ​ជា​កូន​អន្តរធាន​ប៉ុណ្ណោះ ក្រៅ​ពី​នោះ​ទ្រង់​នឹង​ប្រទាន​ជោគ​វាសនា​នៃ​សិរីល្អ​សម្រាប់​បុត្រាបុត្រី​ទាំងអស់​របស់​ទ្រង់​(សូមមើល គោលលិទ្ធិ និង​សេចក្តីសញ្ញា ៧៦:៤៣ ) ។

យើង​ដឹង​ថា ព្រះអង្គសង្គ្រោះ​នឹង​យាង​ត្រឡប់​មកវិញ ហើយ​ថា​នឹង​មាន​រាជ្យ​សហសវត្សរ៍​ប្រកប​ដោយភាព​សុខសាន្ដ​ដើម្បី​បញ្ចប់​ផ្នែក​នៃ​ជីវិត​រមែងស្លាប់​ក្នុង​ផែនការ​របស់​ព្រះ ។ នៅ​ក្នុង​ការជំនុំជម្រះ​ចុង​ក្រោយ​របស់​មនុស្ស​ម្នាក់ៗ យើង​ក៏​ដឹង​ផងដែរ​ថា នឹង​មាន​ការរស់ឡើងវិញ​ផ្សេង​ពីគ្នា របស់​អ្នក​សុចរិត និង​មនុស្ស​មិន​សុចរិត ដែល​ជានិច្ចកាល​ការរស់ឡើងវិញរបស់​ពួកគេ​កើត​មានឡើង​តាម​ពី​ក្រោយ​។

យើង​នឹង​ត្រូវបាន​ជំនុំជម្រះ ស្របតាម​ទង្វើ បំណង​ប្រាថ្នា​នៃ​ដួងចិត្ត​របស់​យើង និង​ប្រភេទ​មនុស្ស​ដែល​យើង​បាន​ប្រែក្លាយ ។ ការ​ជនុំជម្រះ​នេះ​នឹង​បណ្ដាល​ឲ្យកូនចៅ​របស់​ព្រះ​ទាំងអស់​ទៅ​កាន់​នគរ​នៃ​សិរីល្អ​មួយ ដែល​ការ​គោរពប្រតិបត្តិ​របស់ពួកគេ​នឹង​ធ្វើ​ឲ្យ​ពួកគេ​សក្ដិសម និង​ទីកន្លែង​ដែល​ពួកគេ​នឹង​បាននៅសុខស្រួល ។ ចៅក្រម​នៃយើង​ទាំងអស់គ្នា​គឺជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវគ្រីស្ទ ( សូមមើល យ៉ូហាន ៥:២២នីហ្វៃទី​២ ៩:៤១ ) ។ ឥទ្ធិឫទ្ធិ​របស់​ទ្រង់​បាន​ផ្ដល់​ដល់​ទ្រង់​នូវ​ចំណេះដឹង​ដ៏​ឥតខ្ចោះ​មួយ​អំពី​ទង្វើ និង​បំណង​ប្រាថ្នា​ទាំងអស់​របស់​យើង ទាំង​អ្នក​មិន​ប្រែចិត្ត ឬ​អ្នកមិន​ផ្លាស់ប្ដូរ និង​អ្នកដែល​ប្រែចិត្ត ឬ​សុចរិត ។ ហេតុដូច្នេះ​ហើយ បន្ទាប់ពី​ការ​ជនុំជម្រះ​របស់​ទ្រង់ យើង​ទាំងអស់គ្នា​សារភាព​ថា « សេចក្តី​ជំនុំជម្រះ​របស់​ទ្រង់​គឺ​ត្រឹមត្រូវ » (ម៉ូសាយ ១៦:១ ) ។

នៅ​ទីបញ្ចប់ ខ្ញុំ​សូម​ចែកចាយ​អំពី​ការ​ជឿស៊ប់​ដែល​កើត​មាន​ចំពោះ​ខ្ញុំ​មកពី​សំបុត្រ​ជា​ច្រើន និង​តាមរយៈ​ការ​មើល​សំណើរ​ជាច្រើន​ដើម្បី​ត្រឡប់មក​កាន់​សាសនាចក្រ បន្ទាប់ ពី​ការ​លុបឈ្មោះ ឬ​ការ​ក្បត់សាសនា ។​ សមាជិក​យើង​ជា​ច្រើន​មិន​យល់​ពេញលេញ​អំពី​ផែនការ​នៃ​សេចក្ដីសង្គ្រោះ​នេះទេ ដែល​ចម្លើយ​មាន​ចំពោះ​សំណួរ​ភាគច្រើន​អំពី​គោលលទ្ធិ និង​គោលការណ៍​បំផុសគំនិត​អំពី​សាសនាចក្រ​ដែល​បានស្ដារឡើងវិញ ។ យើង​ដឹង​ផែនការ​របស់​ព្រះ ហើយ​នរណា​បាន​ចុះ​សេចក្ដីសញ្ញា​ថា​ចូលរួម អាច​មាន​ការ​ទទួលខុសត្រូវ​ច្បាស់លាស់​មួយ​ដើម្បី​បង្រៀន​សេចក្ដីពិត​ទាំង​នោះ ហើយ​ធ្វើ​អ្វីៗ​ទាំងអស់​ដែល​យើង​អាច​ធ្វើ​ទៅបាន ដើម្បី​នាំ​វា​ទៅ​ដល់​អ្នកដទៃ ហើយ​នឹង​ក្នុង​ស្ថានសភាព​នៃ​ជីវិត​រមែង​ស្លាប់​របស់​យើង​ផ្ទាល់ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​ព្រះ​យេស៊ូវគ្រីស្ទ ជាព្រះអង្គ​សង្គ្រោះ និង​ព្រះ​ប្រោសលោះ​របស់​យើង ដែល​ធ្វើ​ឲ្យ​អ្វីៗ​ទាំងអស់​អាច​កើត​ឡើង​បាន នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. « The Restoration of the Fulness of the Gospel of Jesus Christ: A Bicentennial Proclamation to the World,” in Russell M. Nelson, « Hear Him,” Liahona, ខែ​ឧសភា ឆ្នាំ ២០២០ ទំព័រ ៩១ » ។