រួបរួមគ្នាដើម្បីសម្រេចកិច្ចការរបស់ព្រះ
របៀបដ៏មានប្រសិទ្ធភាពបំផុតដើម្បីបំពេញសក្ដានុពលដ៏ទេវភាពរបស់យើងគឺ ត្រូវធ្វើការរួមគ្នាដោយទទួលពរតាមរយៈអំណាច និងសិទ្ធិអំណាចនៃបព្វជិតភាព ។
បងប្អូនប្រុសស្រី ដ៏អស្ចារ្យខ្ញុំរីករាយណាស់ដែលមានវត្តមានជាមួយបងប្អូន ។ កន្លែងណាដែលបងប្អូនកំពុងស្តាប់ខ្ញុំសូមឱបបងប្អូនស្រីរបស់ខ្ញុំហើយចាប់ដៃគ្នាយ៉ាងស្មោះអស់ពីចិត្តទៅកាន់បងប្អូនរបស់ខ្ញុំ ។ យើងចូលរួមក្នុងកិច្ចការនៃព្រះអម្ចារ្យ ។
ពេលយើងគិតដល់អ័ដាម និងអេវ៉ា ជារឿយៗគំនិតដំបូងរបស់យើងគឺអំពីជីវិតដ៏មានសុភមង្គលរបស់ពួកគេក្នុងសួនច្បារអេដែន ។ ខ្ញុំស្រមៃថា អាកាសធាតុតែងល្អឥតខ្ចោះជានិច្ច—មិនក្ដៅពេក ហើយមិនត្រជាក់ពេក—និងផ្លែឈើដ៏ច្រើនយ៉ាងឆ្ងាញ់ ព្រមទាំងបន្លែដែលដុះក្បែរដៃ ដូច្នេះពួកគេអាចបរិភោគពេលណាពួកគេចង់ ។ ដោយសារនេះជាពិភពថ្មីមួយសម្រាប់ពួកគេ នោះមានអ្វីជាច្រើនដែលត្រូវដឹង ដូច្នេះរាល់ថ្ងៃគឺគួរឲ្យចាប់អារម្មណ៍ណាស់ កាលពួកគេប្រាស្រ័យទាក់ទងជាមួយជីវិតសត្វ ហើយរុករកមជ្ឈដ្ឋានជុំវិញខ្លួនគេដ៏ស្រស់ស្អាត ។ ពួកគេក៏ទទួលបានបទបញ្ញតិ្តឲ្យគោរពតាម ហើយមានរបៀបខុសគ្នាដើម្បីធ្វើតាមការណែនាំទាំងនោះ ដែលបណ្ដាលឲ្យមានការអន្ទះសា និងការភាន់ច្រឡំពីដើមដំបូងខ្លះៗ ។ ១ ប៉ុន្ដែកាលពួកគេបានធ្វើការសម្រេចចិត្ត ដែលបានផ្លាស់ប្ដូរជីវិតរបស់ពួកគេជារៀងរហូត នោះពួកគេបានរៀនធ្វើការជាមួយគ្នា ហើយបានរួបរួមគ្នាដើម្បីសម្រេចបានគោលបំណង ដែលព្រះបានមានសម្រាប់ពួកគេ—និងសម្រាប់បុត្រាបុត្រីរបស់ទ្រង់ទាំងអស់ ។
ឥឡូវនេះ សូមស្រមៃគូស្វាមីភរិយាដូចគ្នានេះក្នុងជីវិតរមែងស្លាប់ ។ ពួកគេត្រូវធ្វើការដើម្បីបានអាហារ សត្វមួយចំនួនគិតថាពួកគេជាអាហារ ហើយមានឧបសគ្គដ៏ពិបាកជាច្រើនដែលអាចយកឈ្នះបាន តែនៅពេលពួកគេប្រឹក្សាគ្នា ហើយអធិស្ឋានរួមគ្នាប៉ុណ្ណោះ ។ ខ្ញុំស្រមៃថា យ៉ាងហោចណាស់មានពេលពីរបីដង ដែលពួកគេមានគំនិតខុសគ្នាស្ដីពីរបៀបដោះស្រាយឧបសគ្គទាំងនោះ ។ ប៉ុន្ដែតាមរយៈការធ្លាក់ ពួកគេបានរៀនថា វាចាំបាច់ដើម្បីធ្វើសកម្មភាពដោយសាមគ្គីភាព និងក្ដីស្រឡាញ់ ។ នៅក្នុងការបង្រៀនដែលពួកគេបានទទួលមកពីប្រភពដ៏ទេវភាព នោះពួកគេបានរៀនពីផែនការនៃសេចក្ដីសង្គ្រោះ និងគោលការណ៍នានានៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ដែលធ្វើឲ្យផែនការនេះអនុវត្តបាន ។ ដោយសារពួកគេបានយល់ថា គោលបំណងលើផែនដី និងគោលដៅដ៏អស់កល្បរបស់ពួកគេគឺដូចគ្នា នោះពួកគេពេញចិត្ត និងមានជោគជ័យក្នុងការរៀនធ្វើការដោយក្ដីស្រឡាញ់ និងសុចរិតភាពជាមួយគ្នា ។
កាលពួកគេបានមានកូនចៅ នោះអ័ដាម និងអេវ៉ាបានបង្រៀនគ្រួសាររបស់ពួកគេពីអ្វីដែលពួកគេបានរៀនពីសារទូតទេវតាទាំងឡាយ ។ ពួកគេបានផ្ដោតលើការជួយកូនចៅរបស់ពួកគេឲ្យយល់ និងឱបក្រសោបយកគោលការណ៍ទាំងនោះផងដែរ ដែលធ្វើឲ្យពួកគេរីករាយក្នុងជីវិតនេះ ក៏ដូចជាបានរៀបចំខ្លួនត្រឡប់ទៅរកមាតាបិតាសួគ៌ារបស់ពួកគេវិញ ក្រោយពីបានបង្កើនសមត្ថភាពរបស់គេ និងបានបង្ហាញការគោរពដល់ព្រះរបស់ពួកគេ ។ ក្នុងដំណើរការនេះ អ័ដាម និងអេវ៉ាបានរៀនកោតសរសើរដល់ចំណុចខ្លាំងខុសៗគ្នារបស់ពួកគេ ហើយគាំទ្រគ្នាទៅវិញទៅមកក្នុងកិច្ចការដ៏សំខាន់ដ៏អស់កល្បរបស់ពួកគេ ។ ២
ជាច្រើនសតវត្សរ៍ និងសហស្សវត្សរ៍បានកន្លងផុតទៅ ការរួមចំណែកដ៏បំផុសគំនិត និងការពឹងពាក់គ្នារវាងបុរស និងស្ដ្រីលែងមានភាពច្បាស់លាស់ដោយសារព័ត៌មានមិនត្រឹមត្រូវ និងការយល់ខុស ។ អំឡុងពេលរវាងការចាប់ផ្ដើមដ៏អស្ចារ្យនៅសួនច្បារអេដែន និងពេលនេះ ពួកសត្រូវបានទទួលជោគជ័យគួរសមក្នុងគោលដៅរបស់វា ដើម្បីបំបែកបុរស និងស្ដ្រីជាការប៉ុនប៉ងដើម្បីយកឈ្នះលើព្រលឹងរបស់យើង ។ លូស៊ីហ្វើរដឹងថា បើវាអាចបំផ្លាញសាមគ្គីភាពរវាងបុរស និងស្ដ្រី បើវាអាចបំភាន់យើងទាក់ទងនឹងគុណតម្លៃដ៏ទេវភាព និងការទទួលខុសត្រូវក្នុងសេចក្ដីសញ្ញារបស់យើងបាន នោះវានឹងមានជោគជ័យក្នុងការបំផ្លាញក្រុមគ្រួសារ ដែលជាផ្នែកដ៏សំខាន់នៃភាពអស់កល្បជានិច្ច ។
សាតាំងញុះញង់ឲ្យមានការប្រៀបធៀប ដែលជាឧបករណ៍មួយដើម្បីបង្កើតឲ្យមានអារម្មណ៍ខ្ពស់ជាង ឬអន់ជាង ដោយលាក់សេចក្ដីពិតដ៏អស់កល្បមួយថា ភាពខុសគ្នាពីធម្មជាតិរបស់បុរស និងស្ដ្រីគឺត្រូវបានប្រទានមកពីព្រះ ហើយមានតម្លៃស្មើគ្នា ។ វាបានប៉ុនប៉ងដើម្បីបន្ទាបការរួមចំណែករបស់ស្ដ្រីទាំងនៅក្នុងគ្រួសារ និងក្នុងសង្គមស៊ីវិល ហេតុដូច្នេះបានបន្ថយឥទ្ធិពលលើកស្ទួយរបស់ពួកគេសម្រាប់សេចក្ដីល្អ ។ គោលដៅរបស់វាគឺដើម្បីបង្កើនការប្រជែងយកអំណាច ជាជាងការអបអរនឹងការរួមចំណែកដ៏ពិសេសមួយរបស់បុរស និងស្ដ្រី ក្នុងការបំពេញឲ្យគ្នាទៅវិញទៅមក ហើយរួមចំណែកដល់សាមគ្គីភាព ។
ដូច្នេះ ជាច្រើនឆ្នាំមកនេះ និងនៅទូទាំងពិភពលោក ការយល់ដឹងដ៏ពេញលេញអំពីការរួមចំណែក និងទំនួលខុសត្រូវដ៏ទេវភាពក្នុងការពឹងពាក់ដល់គ្នា ប៉ុន្ដែមានភាពខុសគ្នាពីសំណាក់ស្ដ្រី និងបុរសបានបាត់បង់មួយភាគធំ ។ ស្ដ្រីនៅក្នុងសង្គមជាច្រើនបានចុះញ៉បនឹងពួកបុរស ជាជាងធ្វើជាដៃគូស្មើភាពគ្នា ហើយសកម្មភាពរបស់ពួកគេមានកម្រិតតូចចង្អៀត ។ ការរីកចម្រើនខាងវិញ្ញាណគឺយឺតយ៉ាវយ៉ាងខ្លាំង អំឡុងពេលដ៏ងងឹតទាំងនោះ ពិតណាស់ ពន្លឺខាងវិញ្ញាណដ៏តូចមួយអាចទម្លុះគំនិត និងដួងចិត្តបានយ៉ាងជ្រៅទៅក្នុងប្រពៃណីត្រួតត្រាអំណាចបែបនោះ ។
រួចហើយពន្លឺនៃដំណឹងល្អដែលបានស្ដារឡើងវិញបានរះឡើង « មានរស្មីចែងចាំងលើសជាងសុរិយាទៅទៀត » ៣ ពេលដែលព្រះ ជាព្រះវរបិតា និងព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទបានបង្ហាញព្រះកាយដល់ក្មេងប្រុសយ៉ូសែប ស្ម៊ីធ នៅដើមរដូវផ្ការីកក្នុងឆ្នាំ ១៨២០ នៅក្នុងព្រៃដ៏ស័ក្ដិសិទ្ធិនៅរដ្ឋនូវ យ៉កភាគខាងជើង ។ ព្រឹត្តិការណ៍នោះបានចាប់ផ្ដើមការចាក់ស្រោកវិវរណៈមកពីស្ថានសួគ៌នៅសម័យទំនើបមួយ ។ ធាតុដំបូងមួយនៃសាសនាចក្រដើមរបស់ព្រះគ្រីស្ទដែលត្រូវបានស្ដារឡើងវិញនោះគឺ សិទ្ធិអំណាចនៃបព្វជិតភាពរបស់ព្រះ ។ ពេលការស្ដារឡើងវិញបានបន្ដបើកសម្ដែង នោះបុរស និងស្ដ្រីបានចាប់ផ្ដើមដឹងជាថ្មីអំពីសារសំខាន់ និងសក្ដានុពលនៃការធ្វើការជាដៃគូ ដែលព្រះបានប្រទានសិទ្ធិអំណាចមក និងបានដឹកនាំក្នុងកិច្ចការដ៏ពិសិដ្ឋនេះ ។
នៅឆ្នាំ ១៨៤២ ពេលស្ដ្រីនៃសាសនាចក្រដែលមិនសូវមានបទពិសោធន៍ បានចង់បង្កើតក្រុមជាផ្លូវការមួយដើម្បីជួយក្នុងកិច្ចការនេះ នោះប្រធាន យ៉ូសែប ស្ម៊ីធទទួលបានការបំផុសគំនិតឲ្យរៀបចំពួកគេ « នៅក្រោមបព្វជិតភាពតាមលំនាំនៃបព្វជិតភាព » ។ ៤ លោកបានថ្លែងថា « ឥឡូវនេះ ខ្ញុំប្រគល់កូនសោនេះដល់អ្នកក្នុងព្រះនាមនៃព្រះ… —នេះគឺជាការចាប់ផ្ដើមនៃជំនាន់ដ៏ប្រសើរឡើង » ។ ៥ ហើយតាំងពីកូនសោនោះត្រូវបានប្រគល់មក ឱកាសជាច្រើនក្នុងវិស័យអប់រំ នយោបាយ និងសេដ្ឋកិច្ចសម្រាប់ស្ដ្រីបានចាប់ផ្ដើមពង្រីកម្ដងបន្ដិចៗនៅទូទាំងពិភពលោក ។ ៦
អង្គភាពសម្រាប់ស្ដ្រីក្នុងសាសនាចក្រដ៏ថ្មីនេះ ដែលមានឈ្មោះថាសមាគមសង្គ្រោះ គឺមិនដូចជាសមាគមសង្គមស្ដ្រីផ្សេងទៀតនៃជំនាន់នោះឡើយ ដោយសារវាត្រូវបានស្ថាបនាដោយព្យាការីម្នាក់ ដែលបានធ្វើសកម្មភាពដោយសិទ្ធិអំណាចបព្វជិតភាព ដើម្បីផ្ដល់សិទ្ធិអំណាច ការទទួលខុសត្រូវដ៏ពិសិដ្ឋ និងតំណែងផ្លូវការនានាដល់ស្ដ្រីនៅក្នុងរចនាសម្ព័ន្ធសាសនាចក្រ មិនមែនដាច់ចេញពីសាសនាចក្រនោះទេ ។ ៧
តាំងពីជំនាន់របស់ព្យាការីយ៉ូសែប ស្ម៊ីធ មកដល់ជំនាន់យើង ការស្ដារឡើងវិញនៃការណ៍ទាំងអស់ដែលកំពុងបន្ដនេះ បាននាំមកនូវការយល់ច្បាស់អំពីភាពចាំបាច់នៃសិទ្ធិអំណាច និងអំណាចនៃបព្វជិតភាពក្នុងការជួយដល់បុរស និងស្ដ្រីឲ្យសម្រេចបានការទទួលខុសត្រូវរបស់ពួកគេដែលបានតែងតាំងមកពីព្រះ ។ ថ្មីៗនេះ យើងត្រូវបានបង្រៀនថា ស្ដ្រីដែលត្រូវបានញែកចេញនៅក្រោមការដឹកនាំរបស់បុគ្គលម្នាក់ដែលកាន់កូនសោបព្វជិតភាព អនុវត្តសិទ្ធិអំណាចបព្វជិតភាពនៅក្នុងការហៅបម្រើរបស់ពួកគេ ។ ៨
នៅខែ តុលា ឆ្នាំ ២០១៩ ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា ស្ដ្រីដែលទទួលបានអំណោយទានពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធមានអំណាចបព្វជិតភាពនៅក្នុងជីវិតរបស់ពួកគេ និងក្នុងគេហដ្ឋានរបស់គេ ពេលពួកគេរក្សាសេចក្ដីសញ្ញាដ៏ពិសិដ្ឋទាំងនោះ ដែលពួកគេបានធ្វើជាមួយនឹងព្រះ ។ ៩ លោកបានពន្យល់ថា « ស្ថានសួគ៌គឺបើកចំពោះស្ត្រីដែលត្រូវបានប្រទានឲ្យនូវព្រះចេស្ដារបស់ព្រះតាមរយៈសេចក្ដីសញ្ញាបព្វជិតភាពរបស់ពួកគេ ដូចជាបុរសដែលកាន់បព្វជិតភាពផងដែរ » ។ ហើយលោកបានលើកទឹកចិត្តបងប្អូនស្ត្រីគ្រប់រូបឲ្យ « ទាញយកព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះដើម្បីជួយគ្រួសារបងប្អូន និងអ្នកដទៃដែលបងប្អូនស្រឡាញ់ » ។ ១០
ដូច្នេះ តើនោះមានន័យយ៉ាងណាចំពោះបងប្អូន និងរូបខ្ញុំ ? តើការយល់ដឹងពីសិទ្ធិអំណាច និងអំណាចបព្វជិតភាពផ្លាស់ប្ដូរជីវិតរបស់យើងយ៉ាងដូចម្ដេច ? គន្លឹះមួយគឺត្រូវយល់ថា នៅ ពេលស្ដ្រី និងបុរសធ្វើការរួមគ្នានោះយើងសម្រេចបានកិច្ចការដ៏អស្ចារ្យមួយ ល្អជាងពេលយើងធ្វើកិច្ចការនោះតែម្នាក់ឯង ។ ១១ តួនាទីរបស់យើងបំពេញឲ្យគ្នា ជា ជាងប្រជែងគ្នា ។ ទោះជាស្ដ្រីមិនត្រូវបានតែងតាំងឲ្យមានតំណែងបព្វជិតភាព ដូចបានកត់សម្គាល់ពី មុនមកក្ដី ក៏ស្រ្ដីមានពរជ័យដោយសារអំណាចបព្វជិតភាពផងដែរ ពេលពួកគេរក្សាសេចក្ដីសញ្ញារបស់ពួកគេ ហើយពួកគេអនុវត្តដោយមានសិទ្ធិអំណាចបព្វជិតភាព កាលពួកគេត្រូវបានញែកចេញចំពោះការហៅមួយ ។
នៅថ្ងៃដ៏ល្អមួយក្នុងខែសីហា ខ្ញុំមានឯកសិទ្ធិដើម្បីអង្គុយជាមួយប្រធាន រ័សុល អិម ណិលសុន ក្នុងផ្ទះរបស់យ៉ូសែប និងអិមម៉ា ស្ម៊ីធ ដែលបានសាងសង់ឡើងវិញនៅភូមិហាម៉ូនី រដ្ឋផែនស៊ីលវេញ៉ា នៅក្បែរកន្លែងដែលបព្វជិតភាពអើរ៉ុនត្រូវបានស្ដារឡើងវិញនៅថ្ងៃចុងក្រោយនេះ ។ នៅក្នុងការសន្ទានារបស់យើង ប្រធាន ណិលសុន បាននិយាយអំពីតួនាទីដ៏សំខាន់របស់ស្ដ្រីនៅក្នុងការស្ដារឡើងវិញ ។
ប្រធាន ណិលសុន ៖« ផ្នែកដ៏សំខាន់បំផុតមួយ ដែលខ្ញុំចងចាំ ពេលខ្ញុំមកដល់ទីតាំងការស្ដារបព្វជិតភាពឡើងវិញនេះគឺ តួនាទីដ៏សំខាន់ដែលស្ដ្រីបានធ្វើក្នុងការស្ដារឡើងវិញនេះ ។
« ពេលយ៉ូសែបបានចាប់ផ្ដើមបកប្រែព្រះគម្ពីរមរមនដំបូង តើនរណាជាអ្នកសរសេរ ? មែនហើយ គាត់បានសរសេរបន្ដិច ប៉ុន្ដែមិនច្រើនទេ ។ អិមម៉ាបានចូលមកជួយ ។
« របៀបដែលយ៉ូសែបបានចូលទៅក្នុងព្រៃដើម្បីអធិស្ឋាននៅក្បែរផ្ទះរបស់ពួកលោកនៅភូមិប៉ាល់ម៉ៃរ៉ា រដ្ឋនូវយ៉ក ។ តើលោកបានទៅកន្លែងណា ? លោកបានទៅព្រៃពិសិដ្ឋ ។ ហេតុអ្វីលោកទៅទីនោះ ? ដោយសារនោះជាកន្លែងដែលម្ដាយបានទៅ ពេលគាត់ចង់អធិស្ឋាន ។
« នោះគ្រាន់តែជាស្ដ្រីពីររូប ដែលមានតួនាទីដ៏សំខាន់ក្នុងការស្ដារឡើងវិញនៃបព្វជិតភាព និងការស្តារឡើងវិញនៃសាសនាចក្រ ។ ដោយគ្មានមន្ទិល យើងអាចនិយាយបានថា ភរិយារបស់យើងគឺសំខាន់នៅថ្ងៃនេះ ដូចពួកគាត់ធ្លាប់បានសំខាន់ថ្ងៃមុនដែរ ។ មែនហើយ ពួកគាត់សំខាន់មែន » ។
ដូចជាអិមម៉ា និងលូស៊ី និងយ៉ូសែបដែរ យើងមានប្រសិទ្ធភាពខ្លាំងបំផុត នៅពេលយើងស្ម័គ្រចិត្តរៀនពីគ្នាទៅវិញទៅមក ហើយរួបរួមគ្នាក្នុងគោលដៅរបស់យើង ដើម្បីក្លាយជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ និងជួយមនុស្សដទៃនៅតាមផ្លូវនោះ ។
យើងត្រូវបានបង្រៀនថា « បព្វជិតភាពផ្ដល់ពរជ័យដល់ជីវិតបុត្រាបុត្រីរបស់ព្រះតាមរបៀបជាច្រើន ។… នៅក្នុងការហៅ [ ក្នុងសាសនាចក្រ ] ពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ ចំណងទាក់ទងគ្រួសារ និងការងារបម្រើដោយស្ងប់ស្ងាត់ជាបុគ្គល នោះស្ត្រី និងបុរសបរិសុទ្ធថ្ងៃចុងក្រោយឆ្ពោះទៅមុខជាមួយនឹងអំណាច និងសិទ្ធិអំណាចបព្វជិតភាព ។ ការពឹងពាក់គ្នារវាងបុរស និងស្ត្រីនេះដើម្បីសម្រេចកិច្ចការរបស់ព្រះតាមរយៈព្រះចេស្ដារបស់ទ្រង់ គឺជាស្នូលនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទដែលបានស្តារឡើងវិញតាមរយៈព្យាការី យ៉ូសែបស្ម៊ីធ » ។ ១២
សាមគ្គីភាពគឺចាំបាច់ចំពោះកិច្ចការរបស់ព្រះ ដែលយើងមានឯកសិទ្ធិ និងបានហៅឲ្យធ្វើនេះ ប៉ុន្ដែវាមិនមែនកើតឡើងដោយឯកឯងឡើយ ។ វាត្រូវការកិច្ចខិតខំ និងពេលវេលាដើម្បីប្រឹក្សារួមគ្នាពិតមែន—ដើម្បីស្ដាប់គ្នាទៅវិញទៅមក យល់ពីទស្សនៈរបស់អ្នកដទៃ ហើយចែកចាយបទពិសោធន៍—ប៉ុន្ដែដំណើរការនេះនឹងផ្ដល់នូវការសម្រេចចិត្តដ៏បំផុសគំនិតជាច្រើន ។ មិនថាទំនួលខុសត្រូវនៅផ្ទះ ឬនៅក្នុងសាសនាចក្ររបស់យើងនោះទេ របៀបដ៏មានប្រសិទ្ធភាពបំផុតដើម្បីបំពេញសក្ដានុពលដ៏ទេវភាពរបស់យើងគឺ ត្រូវធ្វើការរួមគ្នាដោយទទួលពរតាមរយៈអំណាច និងសិទ្ធិអំណាចនៃបព្វជិតភាពរបស់ទ្រង់ក្នុងតួនាទីខុសៗគ្នា ប៉ុន្ដែបំពេញឲ្យគ្នារបស់យើងនេះ ។
តើភាពជាដៃគូនោះមានសភាពដូចម្ដេចនៅក្នុងជីវិតរបស់ស្ដ្រីក្នុងសេចក្ដីសញ្ញានាសព្វថ្ងៃនេះ ? ខ្ញុំសូមចែកចាយឧទាហរណ៍មួយ ។
អាលីសិន និងចនមានភាពជាដៃគូដ៏ពិសេសមួយ ។ ពួកគេជិះកង់សម្រាប់មនុស្សច្រើននាក់ក្នុងការប្រណាំងទាំងផ្លូវជិត និងឆ្ងាយ ។ ដើម្បីប្រកួតឲ្យបានជោគជ័យនៅលើយានជំនិះនោះ អ្នកជិះទាំងពីរនាក់ត្រូវតែស៊ីចង្វាក់គ្នា ។ ពួកគេត្រូវធាក់ទៅទិសដៅតែមួយក្នុងពេលតែមួយ ។ បុគ្គលម្នាក់មិនអាចគាបសង្កប់បុគ្គលម្នាក់ទៀតបានទេ ប៉ុន្ដែពួកគេត្រូវនិយាយគ្នាឲ្យបានច្បាស់ ហើយម្នាក់ៗធ្វើចំណែករបស់គាត់ ត្រូវជាន់ហ្វ្រាំង និងពេលត្រូវឈរ ។ អ្នកជិះខាងក្រោយត្រូវយកចិត្តទុកដាក់នឹងអ្វីដែលកំពុងកើតឡើង ហើយត្រៀមខ្លួនដើម្បីផ្ដល់កម្លាំងបន្ថែម បើពួកគេរាងយឺតបន្ដិច ឬត្រូវបន្ថយល្បឿន បើពួកគេទៅកៀកនឹងអ្នកជិះកង់ផ្សេងទៀតខ្លាំងពេក ។ ពួកគេត្រូវតែគាំទ្រដល់គ្នាដើម្បីចម្រើនឡើង ហើយសម្រេចបានគោលដៅរបស់គេ ។
អាលីសិនបានពន្យល់ ៖ « ពេលចាប់ផ្ដើមដំបូងបន្ដិច បុគ្គលក្នុងតំណែងមេដឹកនាំនឹងនិយាយថា ‹ ឈរ › ពេលយើងត្រូវឈរ ហើយ ‹ ចាប់ហ្វ្រាំង › ពេលយើងត្រូវឈប់ធាក់ ។ មួយសន្ទុះក្រោយមក បុគ្គលដែលជិះខាងក្រោយចាប់ផ្ដើមដឹង ពេលមេដឹកនាំហៀបនឹងឈរ ឬចាប់ហ្វ្រាំង ហើយមិនចាំបាច់និយាយអ្វីទៀតឡើយ ។ យើងរៀនដើម្បីអាចដឹងពីរបៀបដែលយើងម្នាក់ៗធ្វើការ ហើយអាចប្រាប់ថា ពេលណាមានម្នាក់ពិបាក [ រួច ] ហើយម្នាក់ទៀតខំប្រឹងបន្ថែម ។ ទាំងអស់នេះគឺពិតជាអំពីការទុកចិត្ត និងការធ្វើការរួមគ្នា » ។ ១៣
ចន និងអាលីសុនមិនត្រឹមតែរួបរួមគ្នាពេលពួកគេធាក់កង់របស់គេប៉ុណ្ណោះទេ ប៉ុន្ដែពួកគេក៏សាមគ្គីគ្នាក្នុងជីវិតអាពាហ៍ពិពាហ៍របស់ពួកគេផងដែរ ។ ម្នាក់ៗចង់ឲ្យម្នាក់ទៀតមានសុភមង្គលខ្លាំងជាងខ្លួនឯង ហើយម្នាក់ៗរកមើលសេចក្ដីល្អក្នុងគ្នាទៅវិញទៅមក ហើយខំយកឈ្នះលើចំណុចខ្សោយរបស់ខ្លួន ។ ពួកគេប្ដូរវេណគ្នាដឹកនាំ ហើយប្ដូរវេណគ្នាខំប្រឹងបន្ថែម ពេលដៃគូម្នាក់ចុះខ្សោយ យដ៏ប្រសើរចំពោះឧបសគ្គរបស់ពួកគេ កាលពួកគេបានផ្គួបផ្សំទេពកោសល្យ និងធនធានរបស់ពួកគេ ។ ពួកគេពិតជាដៃគូនឹងគ្នាតាមរយៈសេចក្ដីស្រឡាញ់ដូចជាព្រះគ្រីស្ទមែន ។
ការកាន់តែស៊ីចង្វាក់នឹងលំនាំដ៏ទេវភាពក្នុងការធ្វើការរួមគ្នាក្នុងសាមគ្គីភាពគឺសំខាន់នៅជំនាន់នេះ កាលសារលិខិត « ខ្ញុំមុនគេ » ស្ថិតជុំវិញយើងដូច្នេះ ។ ស្ដ្រីពិតជាមានអំណោយទានដ៏ប្លែក និងដ៏ទេវភាព ១៤ ហើយមានការទទួលខុសត្រូវដ៏ពិសេស ប៉ុន្ដែវាមិនមែនសំខាន់ខ្លាំងជាង—ឬតិចជាង—អំណោយទាន និងការទទួលខុសត្រូវរបស់បុរសឡើយ ។ មនុស្សទាំងអស់ត្រូវបានបង្កើតឡើង និងមានភាពចាំបាច់ដើម្បីនាំឲ្យផែនការដ៏ទេវភាពរបស់ព្រះវរបិតាសួគ៌កើតឡើងបាន ដើម្បីផ្ដល់ឱកាសដ៏ល្អបំផុតដល់បុត្រាបុត្រីរបស់ព្រះម្នាក់ៗឲ្យបំពេញសក្ដានុពលដ៏ទេវភាពរបស់ខ្លួន ។
សព្វថ្ងៃនេះ « យើងត្រូវការស្ត្រីដែលមានភាពក្លាហាន និងទស្សនវិស័យរបស់មាតាអេវ៉ារបស់យើង » ១៥ ដើម្បីរួបរួមនឹងបងប្អូនប្រុសរបស់ពួកគេក្នុងការនាំព្រលឹងមកកាន់ព្រះគ្រីស្ទ ។ ១៦ បុរសត្រូវក្លាយជាដៃគូដ៏ពិត ជាជាងស្មានថា ពួកគេទទួលខុសត្រូវតែលើ ឬធ្វើជាដៃគូ « ធ្វើពុត » ខណៈស្ដ្រីធ្វើកិច្ចការជាច្រើន ។ ស្រ្ដីត្រូវតែស្ម័គ្រចិត្ត « បោះជំហានទៅមុខ [ ហើយ ] ទទួលយកកន្លែងត្រឹមត្រូវ និងដែលតម្រូវ [ របស់ពួកគេ ] » ១៧ ក្នុងនាមជាដៃគូ ជាជាងការគិតថា ពួកគេត្រូវធ្វើវាទាំងអស់ដោយខ្លួនគេ ឬរង់ចាំឲ្យគេប្រាប់អ្វីដែលត្រូវធ្វើ ។ ១៨
ការមើលឃើញស្ដ្រីជាអ្នកចូលរួមដ៏សំខាន់មិនមែនតែអំពីការបង្កើត ភាពស្មើគ្នា នោះទេ ប៉ុន្ដែថែមទាំងអំពីការយល់ពីសេចក្ដីពិតខាងគោលលទ្ធិផងដែរ ។ ជាជាងការបង្កើតកម្មវិធីមួយដើម្បីជម្រុញការណ៍នោះ យើងអាចធ្វើការយ៉ាងសកម្មដើម្បីឲ្យតម្លៃទៅលើស្ដ្រីដូចជាព្រះឲ្យតម្លៃដែរ ៖ ថាជាដៃគូដ៏ចាំបាច់នៅក្នុងកិច្ចការនៃសេចក្ដីសង្គ្រោះ និងការតម្កើងឡើង ។
តើយើងត្រៀមខ្លួនហើយឬនៅ ? តើយើងនឹងខិតខំយកឈ្នះលើភាពលំអៀងនៃវប្បធម៌ ហើយផ្ទុយទៅវិញឱបក្រសោបលំនាំ និងការអនុវត្តដ៏ទេវភាពដោយផ្អែកលើគោលលទ្ធិគ្រឹះដែរឬទេ ? ប្រធាន រ័សុល អិម ណិលសុន អញ្ជើញយើងឲ្យ « ដើរគៀកដៃគ្នានៅក្នុងកិច្ចការពិសិដ្ឋនេះ … [ ដើម្បី ] ជួយរៀបចំពិភពលោកសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ » ។ ១៩ កាលយើងធ្វើដូច្នោះ យើងនឹងរៀនឲ្យតម្លៃដល់ការរួមចំណែករបស់បុគ្គលម្នាក់ៗ ហើយបង្កើនប្រសិទ្ធភាពក្នុងការបំពេញតួនាទីដ៏ទេវភាពរបស់យើង ។ យើងនឹងមានអំណរកាន់តែខ្លាំងឡើង ដែលយើងមិនធ្លាប់បានដកពិសោធន៍ពីមុនមក ។
សូមឲ្យយើងម្នាក់ៗជ្រើសរើសដើម្បីរួបរួមគ្នាលើផ្លូវដ៏បំផុសគំនិតរបស់ព្រះអម្ចាស់ ដើម្បីជួយកិច្ចការរបស់ទ្រង់ឲ្យឆ្ពោះទៅមុខ ។ នៅក្នុងព្រះនាមនៃព្រះអង្គសង្គ្រោះជាទីស្រឡាញ់របស់យើង គឺព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕