សន្និសីទទូទៅ
ការ​ស្វែង​រក​ទីជម្រក​ពី​ព្យុះ​ភ្លៀង​នៃ​ជីវិត
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២០


11:5

ការ​ស្វែង​រក​ទីជម្រក​ពី​ព្យុះ​ភ្លៀង​នៃ​ជីវិត

ព្រះយេស៊ូវ​គ្រីស្ទ​និង​ដង្វាយ​ធួន​របស់​ទ្រង់​គឺ​ជា​ទីជម្រក​ដែល​យើង​គ្រប់​គ្នា​ត្រូវការ មិន​ថា​ព្យុះ​ភ្លៀង​កំពុង​បក់បោក​ក្នុង​ជីវិត​របស់​យើង​យ៉ាង​ណា​ឡើយ ។

ត្រឡប់​ទៅ​ពាក់​កណ្ដាល​ទសវត្សរ៍​ឆ្នាំ​៩០ ​អំឡុង​ពេល​ខ្ញុំ​សិក្សា​នៅ​មហាវិទ្យាល័យ ខ្ញុំ​គឺ​ជា​ផ្នែក​មួយ​នៃ​ក្រុម​ទីបួន​នៃ​នាយកដ្ឋាន​អគ្គីភ័យ​នៅ​សានទីអេហ្គូ ក្នុង​ប្រទេស​ឈីលី ។ ពេល​កំពុង​បម្រើ​នៅ​ទី​នោះ ខ្ញុំ​បាន​រស់​នៅ​ឯ​ស្ថានីយ៍​អគ្គីភ័យ​ជា​ផ្នែក​នៃ​ការ​យាម​ពេល​យប់ ។ លុះ​ជិត​ដល់​ចុង​ឆ្នាំ​នោះ ខ្ញុំ​បាន​ត្រូវគេ​ប្រាប់​ថា ខ្ញុំ​ត្រូវ​នៅ​ឯ​ស្ថានីយ៍​អគ្គីភ័យ​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ ដោយសារ នៅ​ថ្ងៃ​នោះ​តែង​តែ​មាន​រឿង​អាសន្ន​ជានិច្ច ។ ខ្ញុំ​បាន​តបទៅវិញ​ទាំង​ភ្ញាក់​ផ្អើល​ថា « មែន​ឬ ? »

មែន​ហើយ ខ្ញុំ​នៅ​ចាំ​ពី​ការ​រង់​ចាំ​ជាមួយ​នឹង​សហការី​របស់​ខ្ញុំ នៅ​ពាក់​កណ្ដាល់​អាធ្រាត្រ ពេល​កាំជ្រួច​បាន​ចាប់​ផ្ដើម​បាញ់​ឡើង​នៅ​ទី​ប្រជុំ​ជន​សានទីអេហ្គូ ។ យើង​បាន​ចាប់ផ្ដើម​ឱប​គ្នា​ដោយ​មាន​ការ​បួង​សួង​ឲ្យ​មាន​សំណាង​ល្អ​សម្រាប់​ឆ្នាំ​ថ្មី ។ រំពេច​នោះ កណ្ដឹង​នៅ​ស្ថានីយ៍​អគ្គីភ័យ​បាន​ចាប់ផ្ដើម​រោទិ៍​ឡើង ដោយ​បញ្ជាក់​ថា មាន​រឿង​អាសន្ន​មួយ ។ យើង​បាន​យក​ឧបករណ៍​របស់​យើង ហើយ​លោត​ឡើង​ជិះ​រថយន្ត​ពន្លត់​អគ្គីភ័យ ។ នៅ​តាម​ផ្លូវ​ទៅ​កាន់​ទី​អាសន្ន​នោះ នៅពេល​ដែលយើង​បាន​ឆ្លង​កាត់​មនុស្ស​ម្នា​ដែល​កំពុង​អបអរសាទរ​ដល់​ឆ្នាំ​ថ្មី នោះ​ខ្ញុំ​បាន​សម្គាល់​ឃើញ​ថា ពួកគេ​គ្មាន​ការ​ខ្វាយ​ខ្វល់ និង​ការ​ព្រួយ​បារម្ភ​ឡើយ ។ ពួកគេ​ហាក់ដូចជាមិនខ្វល់ ហើយ​កំពុង​រីករាយ​នឹង​រាត្រី​ដ៏​កក់​ក្ដៅ​នៃ​រដូវ​ក្ដៅ ។ ប៉ុន្តែ​នៅ​កន្លែង​មួយ​ក្បែរ​នោះ មនុស្ស​ដែល​យើង​កំពុង​ប្រញាប់​ប្រញាល់​ទៅ​ជួយគឺ​ស្ថិត​ក្នុងនៅ​គ្រោះថា្នក់​ធ្ងន់​ធ្ងរ ។

បទពិសោធន៍​នេះ​បាន​ជួយ​ខ្ញុំ​​ឲ្យបាន​យល់​ដឹង​ថា ពេលខ្លះ ទោះ​ជា​ជីវិត​របស់​យើង​មាន​ភាព​រលូន​ក្ដី ក៏​ពេល​វេលា​នោះ​វា​នឹង​មក​ដល់​សម្រាប់​យើង​ម្នាក់ៗ នៅពេល​ដែលយើង​នឹង​ប្រឈម​នូវ​ឧបសគ្គ និង​ព្យុះភ្លៀង​ដែល​ពុំ​បាន​រំពឹង​ទុក​ដែល​នឹង​ធ្វើ​ឲ្យ​យើង​ពុំ​អាច​ស៊ូទ្រាំ​បាន ។ ឧបសគ្គ​ខាង​ផ្លូវ​កាយ ផ្លូវ​ចិត្ត គ្រួសារ និង​ការងារ គ្រោះធម្មជាតិ និង​បញ្ហា​ផ្សេង​ៗទៀត​ក្នុង​ជីវិត ឬ​សេចក្ដី ស្លាប់​គឺ​ជា​ឧទាហរណ៍​មួយ​ចំនួន​នៃ​ព្យុះ​ភ្លៀង​ដែល​យើង​នឹង​ត្រូវជួបនៅ​ក្នុង​ជីវិត​នេះ ។

ពេល​យើង​ប្រឈម​នឹង​ព្យុះ​ភ្លៀង​ទាំង​នេះ ជា​រឿយៗ​យើង​មាន​អារម្មណ៍​អស់​សង្ឃឹម ឬ​ភ័យ​ខ្លាច ។ ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​ថា « សេចក្ដី​ជំនឿ​គឺជា​ថ្នាំ​បន្សាប​សម្រាប់​ភាព​ភ័យ​ខ្លាច »—​ជា​សេចក្តីជំនឿ​លើ​ព្រះអម្ចាស់​ព្រះយេស៊ូគ្រីស្ទ ( « Let Your Faith Show, » Liahona, ខែ​ឧសភា ឆ្នាំ​២០១៤ ទំព័រ​២៩ ) ។ ដូចដែល​ខ្ញុំ​បាន​ឃើញ​ព្យុះ​ភ្លៀង​ទាំង​នោះ​មាន​ឥទ្ធិពល​លើ​ជីវិត​របស់​មនុស្ស នោះ​ខ្ញុំ​បាន​សន្និដ្ឋាន​ថា ទោះ​បី​ជា​ព្យុះភ្លៀង​ប្រភេទ​ណា​កំពុង​បក់​បោក​មក​លើ​យើង​ក្ដី—មិន​ថា​មាន​ដំណោះស្រាយ​មួយ​ចំពោះ​រឿង​នោះ ឬ​ជា​ចុង​បញ្ចប់​នោះ​ទេ—ក៏​នៅ​តែ​មាន​ទីជម្រក​មួយ​ដែរ ហើយ​វា​មាន​ភាព​ដូចគ្នា​សម្រាប់​ព្យុះ​ភ្លៀង​គ្រប់​ប្រភេទ ។ ទីជម្រក​មួយ​នេះ​ដែល​បាន​ប្រទាន​ឲ្យ​ដោយ​ព្រះវរបិតា​សួគ៌​របស់យើង​គឺជា​ព្រះអម្ចាស់​របស់​យើង ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ។

គ្មាន​យើង​ណា​ម្នាក់​នឹង​ត្រូវ​រួចផុត​ពី​ព្យុះភ្លៀង​ទាំង​នេះ​បាន​ទេ ។ ហេលេមិន ជា​ព្យាការី​មួយ​រូប​ក្នុង​ព្រះគម្ពីរ​មរមន​បាន​បង្រៀន​យើង​ដូច​តទៅ​នេះ៖ « ចូរ​ចង​ចាំ​ចុះ ចូរ​ចង​ចាំ​ចុះ​ថា គឺ នៅលើ សិលា​នៃ​ព្រះ​ដ៏​ប្រោស​លោះ​នៃ​យើង គឺ​ព្រះ​គ្រីស្ទ​ជា ព្រះរាជ បុត្រា​នៃ​ព្រះ ដែល​កូន​ត្រូវ​សង់​គ្រឹះ​របស់​កូន ដើម្បី​កាល​ណា​អារក្ស​បញ្ចេញ​ខ្យល់​ដ៏ ខ្លាំង​ក្លា​របស់​វា​មក មែនហើយ ព្រួញ​របស់​វា​នៅ​ក្នុង​ខ្យល់​គួច មែនហើយ កាល​ណា​ព្រិល និង ខ្យល់​ព្យុះ​កំណាច​ទាំង​អស់ របស់​វា បោក​បក់​មក​លើ​កូន នោះ​វា នឹង​គ្មាន​អំណាច​មក​លើ​កូន ឡើយ ដើម្បី​ទាញ​កូន​ចុះ​ទៅ​ក្នុង​ជង្ហុក នៃ​សេចក្តី​វេទនា និង​ទុក្ខ​លំបាក ដ៏​មិន​ចេះ​ចប់​មិន​ចេះ ហើយ ពីព្រោះ​មក​ពី​សិលា​ដែល​កូន​បាន​សង់ នៅ​លើ​នោះ ដែល​ជា​គ្រឹះ​ដ៏​ខ្ជាប់​ខ្ជួន​មួយ​ជា​គ្រឹះ មួយ បើ​សិន​ណា​មនុស្ស​សង់​នៅ​​លើនោះ នោះ​ពួកគេ មិន​អាច​រលំ​បាន​ឡើយ »​ ( ហេលេមិន ៥:១២ ) ។

អែលឌើរ រ៉ូប៊ឺត ឌី ហែល ដែល​មាន​បទពិសោធន៍​ដោយ​ផ្ទាល់​ជាមួយ​នឹង​ការ​ស៊ូទ្រាំ​នឹង​ព្យុះភ្លៀង បាន​ថ្លែង​ថា « ការ​រងទុក្ខ​គឺជា​រឿង​ទូទៅ របៀប​ដែល​យើង​ប្រតិកម្ម​ចំពោះ​ការ​រង​ទុក្ខ​គឺជា​រឿង​បុគ្គល​ម្នាក់ៗ ។ ការ​រងទុក្ខ​អាច​នាំ​យើង​ទៅ​រក​ផ្លូវ​មួយ​ក្នុង​ចំណោម​ផ្លូវ​ពីរ ។ វា​អាច​ជា​បទពិសោធន៍​ដ៏​រឹងមាំ ហើយ​បរិសុទ្ធ​មួយ​រួម​បញ្ចូល​នឹង​សេចក្ដី​ជំនឿ ឬ​វា​អាច​កម្លាំង​បំផ្លិច​បំផ្លាញ​មួយ​នៅ​ក្នុង​ជីវិត​របស់​យើង ប្រសិន​បើ​យើង​ពុំ​មាន​សេចក្ដី​ជំនឿ​នៅលើ​ពលិកម្ម​ដ៏​ធួន​របស់​ព្រះអម្ចាស់ »​ ( « Your Sorrow Shall Be Turned to Joy, » Ensign, ខែ​វិច្ឆិកា ឆ្នាំ​១៩៨៣ ទំព័រ ៦៦ ) ។

ដើម្បី​រីករាយ​នឹង​ទីជម្រក​ដែល​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយ​ធួន​របស់​ទ្រង់​ផ្ដល់​ឲ្យ យើង​ត្រូវ​តែ​មាន​សេចក្ដី​ជំនឿ​លើ​ទ្រង់​—ជា​សេចក្ដី​ជំនឿ​ដែល​យើង​អនុញ្ញាត​ឲ្យ​យើង​ក្រោក​ឡើង​នៅ លើ​រាល់​ការ​ឈឺចាប់​នៃ​ទស្សនៈ​ដែល​មាន​ដែនកំណត់​ខាង​លោកិយ៍​មួយ ។ ទ្រង់​បាន​សន្យា​ថា ទ្រង់​នឹង​សម្រាល​បន្ទុក​របស់​យើង ប្រសិន​បើ​យើង​មក​រក​ទ្រង់​នៅ​គ្រប់​អ្វី ដែល​យើង​ធ្វើ ។

ទ្រង់​បាន​មានបន្ទូល​ថា « អស់ អ្នក ដែល នឿយ ព្រួយ ហើយ ផ្ទុក ធ្ងន់ អើយ ចូរ មក ឯ ខ្ញុំ ខ្ញុំ នឹង ឲ្យ អ្នក រាល់ គ្នា ឈប់ សម្រាក ។

ចូរ​ទទួល​នឹម​ខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ ដ្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព​នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សម្រាក​ដល់​ព្រលឹង ។

« ពី​ព្រោះ​នឹម​ខ្ញុំ​ងាយ​ទេ ហើយ​បន្ទុក​ខ្ញុំ​ក៏​ស្រាល » ( ម៉ាថាយ ១១: ២៨–៣០ សូម​មើល​ផង​ដែរ​ម៉ូសាយ ២៤:១៤–១៥ ) ។

មាន​គេ​និយាយ​ថា « ចំពោះ​មនុស្ស​ម្នាក់​ដែល​មាន​សេចក្ដី ជំនឿ គឺ​ពុំ​ចាំបាច់​ត្រូវការ​សេចក្ដី​ពន្យល់នោះ​ឡើយ ។ ចំពោះ​មនុស្ស​ម្នាក់​គ្មាន​សេចក្ដី ជំនឿ គឺ​គ្មាន​សេចក្ដី ពន្យល់​ណា​មួយ​អាច​ធ្វើ​ឡើង​បាន​ឡើយ » ។ ( សេចក្ដី​ថ្លែង​ការណ៍​ត្រូវ​បាន​សន្មត​ថា​ជា​របស់​ថូម៉ាស អាឃ្វីនណាស ប៉ុន្តែ​វា​ទំនង​ជា​ពាក្យ​ពេចន៍​ដែល​លោក​បាន​បង្រៀន ) ។ ប៉ុន្តែ យើង​មាន​ការ​យល់ដឹង​ដែល​មាន​ដែនកំណត់​នៃ​រឿង​ដែល​កើត​ឡើង​នៅ​លើ​ផែនដី ហើយ​ជា​រឿយៗ​យើង​គ្មាន​ចម្លើយ​ចំពោះ​សំណួរ​ថា​ហេតុអ្វី ​នោះឡើយ ។ ហេតុ​អ្វី​រឿងនេះ​កំពុង​កើត​ឡើង ? ហេតុអ្វី​ការណ៍​នេះ​កើតឡើង​ចំពោះ​រូប​ខ្ញុំ ? តើ​ខ្ញុំ​ត្រូវ​រៀន​ពី​អ្វីខ្លះ ? ពេល​យើង​គ្មាន​ចម្លើយ នោះ​គឺជា​ពេល​ដែល​ពាក្យ​ដែល​លើក​ឡើង​ដោយ​ព្រះអង្គ​សង្គ្រោះ​ទៅ​កាន់​ព្យាការី យ៉ូសែប ស្ម៊ីធ នៅ​គុក​លិបើទី​អាច​អនុវត្ត​បាន​ទាំង​ស្រុង ៖

« បុត្រ​យើង​អើយ ចូរ​មាន​សេចក្ដី​សុខ​សាន្ត​ដល់​ព្រលឹង​បុត្រ​ចុះ សេចក្ដី​ទំនាស់ និង​សេចក្ដី​លំបាក​របស់​អ្នក​នោះ​គ្រាន់​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ​ទេ

« ហើយ ខណៈ នោះ បើសិនជា អ្នក ស៊ូទ្រាំ ការណ៍ នោះ ដោយ ហ្មត់ចត់ នោះ ព្រះ ទ្រង់ នឹង ដំកើង អ្នក ឡើង នៅ ស្ថាន ខ្ពស់ » ( គ. និង ស. ១២១:៧–៨ ) ។

ទោះ​ជា​មនុស្ស​ជាច្រើន​ពិត​ជា​ជឿលើ ​ព្រះយេស៊ូវ​គ្រីស្ទ ក្ដី ប៉ុន្តែ​សំណួរ​ដ៏​សំខាន់​គឺ​ថា​តើ​យើង​ជឿ ទ្រង់ ហើយ​តើ​យើង​ជឿ ​រឿង​ដែល​ទ្រង់​បង្រៀន​យើង ហើយ​សុំ​ឲ្យយើង​ធ្វើ​ដែរ​ឬទេ ។ ប្រហែល​ជា​មនុស្ស​ម្នាក់​អាច​គិត​ថា « តើ​ព្រះយេស៊ូវ​គ្រីស្ទ​ជ្រាប​អ្វីខ្លះ​ពី​អ្វី​ដែល​កំពុង​កើត​ឡើង​ចំពោះ​ខ្ញុំ ? តើ​ទ្រង់​ជ្រាប​ពី​អ្វី​ដែល​ខ្ញុំ​ត្រូវការ​ដើម្បី​មាន​ភាព​រីករាយ​ដោយ​របៀប​ណា ? ពិតណាស់ ​ព្យាការី​អេសាយ​បាន​សំដៅ​លើ​ទៅ​លើ​ព្រះអង្គ​សង្គ្រោះ និង​អ្នក​អង្វរ​ជំនួស​របស់​យើង ពេល​លោក​បាន​ថ្លែង​ថា

« ទ្រង់ត្រូវ​គេ​មើល​ងាយ ហើយ​ត្រូវ​មនុស្ស​បោះ​បង់​ចោល ទ្រង់​ជា​មនុស្ស​ទូទុក្ខ ហើយ​ក៏​ធ្លាប់​ស្គាល់​ពី​សេចក្ដី​ឈឺចាប់ ។ …

« ទ្រង់​បាន​ទ្រាំទ្ររង​អស់ទាំង​សេចក្ដី​ឈឺចាប់​របស់​យើង ហើយ​បាន​ទទួលផ្ទុក​អស់​ទាំង​សេចក្ដី​ទុក្ខព្រួយ​របស់​យើង​ជា​ពិត ។ …

តែ ទ្រង់ ត្រូវ របួស ដោយ ព្រោះ អំពើ រំលង របស់ យើង ក៏ ត្រូវ វាយ ជាំ ដោយ ព្រោះ អំពើ ទុច្ចរិត របស់ យើង ទេ ឯ ការ វាយផ្ចាល ដែល នាំ ឲ្យ យើង បាន ជា មេត្រី នោះ បាន ធ្លាក់ ទៅ លើ ទ្រង់ ហើយ យើង រាល់ គ្នា បាន ប្រោស ឲ្យ ជា ដោយសារ ស្នាម រំពាត់ នៅ អង្គ ទ្រង់ » ( អេសាយ ៥៣:៣–៥ ) ។

សាវក​ពេត្រុស​ក៏​បាន​បង្រៀន​យើង​ផង​ដែរ​ពី​ព្រះអង្គ​សង្គ្រោះ ដោយ​ថ្លែង​ថា « ទ្រង់ បាន ផ្ទុក អំពើ បាប របស់ យើង រាល់ គ្នា នៅ លើ រូប អង្គ ទ្រង់ ជាប់ លើ ឈើ ឆ្កាង ដើម្បី ឲ្យ យើង បាន រស់ ខាង ឯ សេចក្តី សុចរិត ដោយ បាន ស្លាប់ ខាង ឯ អំពើ បាបហើយ គឺ ដោយ ស្នាម ជាំ របស់ ទ្រង់ ដែល អ្នក រាល់ គ្នា បាន ជា »​ ( ពេត្រុស​ទី ១ ២:២៤ ) ។

ទោះ​ជា​គ្រា​នៃ​ការ​ប្ដូរ​ស្លាប់ដើម្បី​ជំនឿ​ផ្ទាល់​របស់​ពេត្រុស​បាន​មក​ដល់​ក្ដី ក៏​ពាក្យ​ពេចន៍​របស់​លោក​មិន​ពោរពេញ​ដោយ​ភាព​ភ័យ​ខ្លាច ឬ​ទុទិដ្ឋិនិយម​ដែរ ផ្ទុយ​ទៅ​វិញ លោក​បាន​បង្រៀន​ពួក​បរិសុទ្ធ​ឲ្យមាន​« អំណរ » ទោះ​ជា​ពួកគេ​« ត្រូវ​រង​ទុក្ខ​ព្រួយ​ជា​យូរបន្តិច ដោយ​កើត​មាន​សេចក្ដី​ល្បួង​ផ្សេងៗ​ក៏​ដោយ » ។ ពេត្រុស​បាន​ទូន្មាន​ឲ្យ​យើង​ចងចាំ​ថា « ការ​សាក​ល្បង​សេចក្ដីជំនឿ ​[ របស់​យើង ] … ទោះ​បើ​សាក​នឹង​ភ្លើង​ក៏​ដោយ » នឹង​នាំ​ទៅ​រក « សេចក្ដីសរសើរ កេរ្តិ៍ឈ្មោះ និង​សិរីល្អ​ក្នុង​កាល​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​ទ្រង់​លេច​មក » និង​ទៅ​រក « សេចក្ដី​សង្គ្រោះ​ដល់​ព្រលឹង ​[ របស់​យើង ] » ( ពេត្រុសទី ១ ១:៦–៧,៩ ) ។

ពេត្រុស​បាន​បន្ត​ទៀត​ថា

« ពួក ស្ងួនភ្ងា អើយ កុំ ឲ្យ មាន ប្លែក ក្នុង ចិត្ត ដោយ ភ្លើង ដ៏ ក្តៅ ក្រហាយ ដែល កំពុង តែ ល្បង អ្នក រាល់ គ្នា ទុក ដូច ជា កើត មាន សេចក្តី ចំឡែក នោះ ឡើយ ៖

« ត្រូវ អរ សប្បាយ វិញ ដោយ ព្រោះ មាន ចំណែក ក្នុង ការ រង ទុក្ខ របស់ ព្រះគ្រីស្ទ ដើម្បី ឲ្យ អ្នក រាល់ គ្នា បាន ត្រេកអរ រីករាយ ជា ខ្លាំង ក្នុង កាល ដែល សិរីល្អ ទ្រង់ លេច មក »​ ( ពេត្រុស​ទី ១ ៤:១២–១៣ ) ។

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា « ពួក​បរិសុទ្ធ​​អាច​សប្បាយ​រីករាយ​នៅ​គ្រប់​កាលៈទេសៈ … នៅ​ពេល​ជីវិត​របស់​យើង​ផ្តោត​លើ​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ … ព្រមទាំង​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ នោះ​យើង​អាច​មាន​អំណរ មិន​ថា​មាន​អ្វី​កំពុង​កើត​​ឡើង—ឬ មិន​កើត​ឡើង—នៅ​ក្នុង​ជីវិត​យើង​នោះ​ទេ ។ អំណរ​កើត​មាន​ឡើង​មកពី ហើយ​ដោយសារ​តែ​ទ្រង់ ។ ទ្រង់​គឺជា​ប្រភព​នៃ​រាល់​អំណរ » ( « Joy and Spiritual Survival, » Liahona, ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៨២ ) ។

ពិតណាស់ វា​ងាយ​ដើម្បី​និយាយ​ពី​រឿង​ទាំង​នេះ​ពេល​មិន​ស្ថិត​នៅ​ក្នុង​ព្យុះភ្លៀង​មួយ​ជាង​ពេល​យើង​រស់​នៅ ហើយ​អនុវត្ត​វា​អំឡុង​ព្យុះ​ភ្លៀង​នោះ ។ ប៉ុន្តែ​ក្នុង​ភាពជា​បងប្អូន​ប្រុស​របស់​អ្នក ខ្ញុំ​សង្ឃឹម​ថា អ្នក​អាច​ទទួល​អារម្មណ៍​ថា ខ្ញុំ​ចង់​ចែកចាយ​ដោយ​ស្មោះ​ជាមួយ​នឹង​បងប្អូន​ថាតើ​ការ​ស្គាល់​ព្រះយេស៊ូវ​គ្រីស្ទ​មាន​តម្លៃ​ប៉ុនណា ហើយ​ដង្វាយ​ធួន​របស់​ទ្រង់​គឺជា​ទីជម្រក​ដែល​យើង​គ្រប់​គ្នា​ត្រូវការ មិន​ថា​ព្យុះ​ភ្លៀង​កំពុង​បក់បោក​ក្នុង​ជីវិត​របស់​យើង​យ៉ាង​ណា​ឡើយ ។

ខ្ញុំ​ដឹង​ថា យើង​គ្រប់​គ្នា​ជា​បុត្រា​បុត្រី​នៃ​ព្រះ ថា​ទ្រង់​ស្រឡាញ់​យើង ហើយ​ថា​យើង​មិន​ឯកោ​ឡើយ ។ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​មក ហើយ​មើល​ថា ទ្រង់​បាន​សម្រាល​បន្ទុក​របស់​បងប្អូន ហើយ​ជា​ទីជម្រក​ដែល​បងប្អូន​កំពុង​ស្វែង​រក ។ សូម​មក ហើយ​ជួយ​មនុស្ស​ដទៃ​ឲ្យ​ស្វែង​រក​ទីជម្រក​ដែល​ពួកគេ​ប្រាថ្នា​ចង់​បាន ។ សូម​មក ហើយ​នៅ​ជាមួយ​នឹង​យើង​ក្នុង​ទីជម្រក​នេះ ដែល​វា​នឹង​ជួយ​អ្នក​ឲ្យ​តតាំង​នឹង​ព្យុះភ្លៀង​នៃ​ជីវិត ។ ខ្ញុំ​មិន​សង្ស័យ​សោះ​ឡើយ​ថា ប្រសិន​បើ​បងប្អូន​មក បងប្អូន​នឹង​ឃើញ បងប្អូន​នឹង​ជួយ ហើយ​បងប្អូន​នឹង​នៅ ។

ព្យាការី​អាលម៉ា បាន​ថ្លែង​ទីបន្ទាល់​ដូច​តទៅ​នេះ​ទៅ​កាន់​បុត្រា​របស់​លោក ហេលេមិន​ថា​« ឪពុក​ដឹង​ថា នរណា​ដែល​ដាក់​ទី​ទុក​ចិត្ត​របស់​ខ្លួន​ទៅ​លើ​ព្រះ អ្នក​នោះ​ហើយ ដែល​នឹង​បាន​គាំទ្រ​នៅ​ក្នុង​ការ​ពិសោធន៍​របស់​គេ និង​វិបត្តិ​របស់​គេ និង​សេចក្ដី​ទុក្ខ​វេទនា​របស់​គេ ហើយ​នឹង​ត្រូវ​បាន​លើក​ឡើង​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ » ( អាលម៉ា ៣៦:៣ ) ។

ព្រះអង្គសង្គ្រោះ​ផ្ទាល់​បាន​មាន​ព្រះបន្ទូល​ថា ៖

« ចូរ​ឲ្យ​ចិត្ត​អ្នក​បាន​ក្សាន្ត … ​ដ្បិត​សាច់​ឈាម​ទាំងអស់​នៅ ក្នុង​ព្រះហស្ត​របស់​យើង​ហើយ សូម​បង្អង់​សិន ឲ្យ​បាន​ដឹង​ថា យើង​ជា​ព្រះ ។ … 

« ហេតុដូច្នោះ​ហើយ ចូរ​កុំ​ខ្លាច​ទោះ​ជា​ដល់​ការ​ស្លាប់​ក៏​ដោយ​ដ្បិតនៅ​ក្នុង​ពិភពលោក​នេះ អំណរ​របស់​អ្នកពុំបាន​ពោរពេញ​ទេ ប៉ុន្តែ​នៅ​ក្នុងយើង ទើប​អំណរ​របស់​អ្នកបាន​ពោរ​ពេញ »​ ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០១:១៦, ៣៦ ) ។

ទំនុកតម្កើង « សូម​ទុក​ចិត្ត​ទ្រង់ »​ដែល​បាន​ប៉ះពាល់​ដល់​ដួង​ចិត្ត​ខ្ញុំ​ជា​ច្រើន​លើក មាន​នូវ​សារលិខិត​មួយ​នៃ​ការ​លួង​លោម​ចិត្ត​សម្រាប់​ព្រលឹង​យើង ។ ទំនុក​ច្រៀង​មាន​ដូច​តទៅ​នេះ ៖

សូម​ទុកចិត្ត​ទ្រង់​វេលា​ចេះ​តែ​ទៅ​មុខ

ពេល​យើង​នឹង​រស់​នៅ​ជាមួយ​ទ្រង់​រហូត

ពេល​ដែល​ការ​ខក​ចិត្ត និង​ភ័យ​ខ្លាច​បាត់ទៅ

សោកសៅ​ត្រូវ​ភ្លេច ក្ដី​ស្រឡាញ់​ត្រូវ​ស្ដារ​ឡើង

សូម​ទុកចិត្ត​ទ្រង់ ពេល​ទឹក​ភ្នែក​ឈប់​ហូរ​មក

ពរជ័យ​ទាំងឡាយ​ទទួល​បាន​ពេល​ចុង​ក្រោយ » ។ ( ទំនុក​តម្កើង ល.រ. ១៨៧ )

នៅពេល​យើង​ជួប​នឹង​ព្យុះ​ភ្លៀង​នៃ​ជីវិត ខ្ញុំ​ដឹង​ថា ប្រសិន​បើ​យើង​ខិតខំ​ឲ្យ​អស់​ពី​លទ្ធភាព ហើយ​ពឹង​ផ្អែក​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយ​ធួន​របស់​ទ្រង់ ជា​ទីជម្រក​របស់​យើង នោះ​យើង​នឹង​មាន​ពរ​ដោយ​ភាព​ធូរ​ស្រាល ការ​លួង​លោម​ចិត្ត កម្លាំង ភាព​រីករាយ និង​សេចក្ដី​សុខសាន្ត​ដែល​យើង​កំពុង​ស្វែង​រក ជាមួយ​នឹង​ភាព​ច្បាស់​លាស់​ក្នុង​ដួង​ចិត្ត​របស់​យើង​ថា នៅ​ចុង​បញ្ចប់​នៃ​ជីវិត​របស់​យើង​នៅ​លើ​ផែនដី​នេះ យើង​នឹង​ឮ​បន្ទូល​របស់​លោក​ចៅ​ហ្វាយ​ថា « ប្រពៃ​ហើយ បាវ​ល្អ​ស្មោះត្រង់​អើយ ៖…ចូរ​ឲ្យ​ឯង​ប្រកប​ដោយ​សេចក្ដី​អំណរ​របស់​ចៅហ្វាយ​ឯង​ចុះ »​ ( ម៉ាថាយ ២៥:២១ ) ។ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។