ការភ្លឺថ្លានៃសេចក្ដីសង្ឃឹមដ៏ឥតខ្ចោះ
ដោយសារការស្ដារឡើងវិញបញ្ជាក់ជាថ្មីដល់សេចក្ដីពិតជាមូលដ្ឋានថា ព្រះពិតជាធ្វើការក្នុងពិភពលោកនេះ ដើម្បីឲ្យយើងអាចសង្ឃឹមបាន ហើយយើងគួរតែសង្ឃឹម ទោះជាពេលប្រឈមនឹងការចម្លែកដែលមិនអាចយកឈ្នះបានយ៉ាងណាក្ដី ។
ខែតុលាមុន ប្រធាន រ័សុល អិម ណិលសុន បានអញ្ជើញយើងឲ្យ រៀបចំខ្លួន សម្រាប់សន្និសីទខែ មេសា ឆ្នាំ ២០២០ នេះដោយអញ្ជើញយើងម្នាក់ៗតាមរបៀបផ្ទាល់របស់យើងសិក្សា ពីអតីតកាល ដើម្បីឃើញពីព្រះចេសា្ដនៃផែនការរបស់ព្រះក្នុងការស្ដារដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទឡើងវិញ ។ ស៊ិស្ទើរ ហូឡិន និងខ្ញុំទទួលយកការអញ្ជើញរបស់ព្យាការីនោះដោយម៉ឺងម៉ាត់ ។ យើងបានស្រមៃថាខ្លួនយើងរស់នៅដើមទស្សវត្សរ៍ ១៨០០ កំពុងមើលទៅជំនឿខាងសាសនានៃជំនាន់នោះ ។ នៅក្នុងការស្រមៃនោះ យើងសួរខ្លួនយើងថា « តើមានអ្វីកំពុងបាត់នៅទីនេះ ? តើយើងប្រាថ្នាថា យើងនឹងមានអ្វី ? តើយើង សង្ឃឹម ថា ព្រះនឹងប្រទានអ្វីជាចម្លើយចំពោះការចង់បានខាងវិញ្ញាណរបស់យើង ? »
ព្រោះរឿងមួយដែលយើងបានដឹងថា ពីរសតវត្សរ៍កន្លងទៅ យើងនឹងសង្ឃឹមចង់បានការស្ដារឡើងវិញនៃគោលគំនិតដ៏ពិតជាង អំពីព្រះខ្លាំង ជាងមនុស្សភាគច្រើននៅជំនាន់នោះ ដែលវាបានលាក់ទុកជាញឹកញាប់ ពេលទ្រង់ហាក់រត់មិនទាន់ជំនឿសាសនាដែលមិនត្រឹមត្រូវ និងការយល់ខុសអស់ជាច្រើនសតវត្សរ៍ ។ ការខ្ចីឃ្លាមួយមកពី វិល្លាម អេលើរី ឆេននីង បុគ្គលសាសនាដ៏ល្បីល្បាញម្នាក់នៅជំនាន់នោះ យើងត្រូវរកមើល « អត្តចរិតជាឪពុកម្ដាយរបស់ព្រះ » ដែលឆេននីងបានចាត់ទុកថាជា « គោលលទ្ធិដ៏អស្ចារ្យដំបូងគេនៃគ្រិស្ដសាសនា » ។១ គោលលទ្ធិមួយបែបនោះនឹងទទួលស្គាល់ភាពជាព្រះថាជា ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ដែលថែទាំបុត្រ ជាជាងចៅក្រមដ៏កាចកាត់ទោសតាមសេចក្ដីយុត្តិធម៌ដ៏តឹងរឹង ឬជាម្ចាស់ផ្ទះដែលមិននៅផ្ទះ ដែលធ្លាប់ពាក់ព័ន្ធនឹងរឿងខាងលោកិយពីមុន ប៉ុន្ដែឥឡូវរវល់នឹងកន្លែងណាផ្សេងទៀតក្នុងសកលលោកនេះ ។
មែនហើយ សេចក្ដីសង្ឃឹមយើងនៅក្នុងឆ្នាំ ១៨២០ គឺត្រូវស្វែងរកបន្ទូល និងការណែនាំពីព្រះដោយបើកចំហរក្នុងពេលបច្ចុប្បន្នដូចជាទ្រង់បានធ្វើកាលពីអតីតកាល ព្រះបិតាពិត បានញាណដឹងនូវពាក្យនោះដោយក្ដីស្រឡាញ់បំផុត ។ ប្រាកដណាស់ ទ្រង់ មិនមែន បានដឹកនាំផ្ដាច់ការដោយឈាមត្រជាក់រំលោភបំពាន ដែលជ្រើសកំណត់វាសនាឲ្យមានតែមនុស្សពីរបីនាក់បានសេចក្ដីសង្គ្រោះ រួចហើយដាក់ឲ្យគ្រួសារមនុស្សទាំងប៉ុន្មានទៀតជាប់ទោសនោះទេ ។ ទេ ទ្រង់គឺជាអង្គដែលធ្វើសកម្មភាពគ្រប់យ៉ាង តាមរយៈការប្រកាសពីស្ថានសួគ៌សម្រាប់ជា « ប្រយោជន៍ដល់មនុស្សលោក ត្បិតទ្រង់ស្រឡាញ់មនុស្សលោក »២ និងបណ្ដាជនទាំងឡាយដែលរស់នៅលើលោកនេះ ។ សេចក្ដីស្រឡាញ់នោះគឺជាមូលហេតុដ៏ធំរបស់ទ្រង់ដែលបានបញ្ជូនព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រាបង្កើតតែមួយរបស់ទ្រង់មកកាន់ផែនដីនេះ ។៣
ថ្លែងដល់ព្រះយេស៊ូវ បើយើងបានរស់ក្នុងឆ្នាំដំបូងៗនៃសតវត្សរ៍ទី ១៩ នោះយើងនឹងបានដឹងដោយក្ដីបារម្ភដ៏ខ្លាំងថា មន្ទិលសង្ស័យអំពីភាពពិតនៃព្រះជន្ម និងការរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះចាប់ផ្ដើមមានឥទ្ធិពលដ៏ខ្លាំងនៅក្នុងអាណាចក្រគ្រិស្ដសាសនា ។ ហេតុដូច្នេះហើយ យើងសង្ឃឹមថាមានភស្ដុតាងមួយមកកាន់លោកិយទាំងមូល ដែលនឹងបញ្ជាក់ជាសាក្សីនៃគម្ពីរប៊ីបថា ព្រះយេស៊ូវ គឺជា ព្រះគ្រីស្ទ ព្រះរាជបុត្រាពិតរបស់ព្រះ ជាអាល់ហ្វា និងអូមេហ្គា និងជាព្រះអង្គសង្គ្រោះតែមួយគត់ដែលពិភពលោកនេះធ្លាប់ស្គាល់ ។ វាក៏ជាក្ដីសង្ឃឹមដ៏ម៉ឺងម៉ាត់របស់យើងដែរថា នឹងមានភស្ដុតាងខាងបទគម្ពីរផ្សេងទៀតត្រូវបាននាំមក ជាអ្វីមួយដែលអាចបង្កើតជាទីបន្ទាល់មួយទៀតអំពីព្រះយេស៊ូវគ្រីស្ទ ហើយពង្រីក និងចម្រើនចំណេះដឹងយើងអំពីការប្រសូតដ៏អព្ភូតហេតុ ការងារបម្រើដ៏មហស្ចារ្យ ពលិកម្មដ៏ធួន និងការរស់ឡើងវិញដ៏រុងរឿងរបស់ទ្រង់ ។ ពិតណាស់ ឯកសារមួយបែបនោះគឺជា « សេចក្ដីសុចរិត [ ដែលបានចាត់ ] ឲ្យចុះមកពីស្ថានសួគ៌ ហើយឯសេចក្ដីពិត … [ បានចាត់ ] ឲ្យចេញពីផែនដីទៅ » ។៤
ដោយសង្កេតមើលពិភពគ្រីស្ទាននៅជំនាន់នោះ យើងបានសង្ឃឹមថានឹងរកឃើញនរណាម្នាក់ ដែលមានសិទ្ធិអំណាចមកពីព្រះ មានសិទ្ធិអំណាចបព្វជិតភាពដ៏ពិត ដែលអាចជ្រមុជទឹកឲ្យយើង ប្រទានអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ហើយធ្វើពិធីបរិសុទ្ធនៃដំណឹងល្អទាំងអស់ដែលចាំបាច់សម្រាប់ការតម្កើងឡើង ។ នៅឆ្នាំ ១៨២០ យើងនឹងសង្ឃឹមថាបានឃើញការសន្យាដ៏មានវោហាសព្ទរបស់អេសាយ មីកា និងព្យាការីពីបុរាណផ្សេងទៀតបានបំពេញ ដែលទាក់ទងនឹងការត្រឡប់មកវិញនៃដំណាក់ដ៏មានព្រះចេស្ដារបស់ព្រះអម្ចាស់ ។៥ យើងនឹងរំភើបចិត្តចង់ឃើញសិរីរុងរឿងនៃព្រះវិហារបរិសុទ្ធទាំងឡាយបានស្ថាបនាឡើងម្ដងទៀត ជាមួយព្រះវិញ្ញាណ ពិធីបរិសុទ្ធ អំណាច និងសិទ្ធិអំណាចដើម្បីបង្រៀនពីសេចក្ដីពិតដ៏អស់កល្ប ព្យាបាលរបួសផ្ទាល់ខ្លួន និងចងក្រុមគ្រួសារជាមួយគ្នាជានិរន្ដរ៍តទៅ ។ ខ្ញុំនឹងដើររកនៅគ្រប់កន្លែងទាំងអស់ ដើម្បីរកឲ្យឃើញនរណាម្នាក់ដែលមានសិទ្ធិអំណាចនិយាយមកខ្ញុំ និងផាទ្រីសៀជាទីស្រឡាញ់របស់ខ្ញុំថា អាពាហ៍ពិពាហ៍របស់យើងក្នុងមជ្ឈដ្ឋានមួយបែបនេះត្រូវបានផ្សារភ្ជាប់សម្រាប់ពេលវេលា និងភាពអស់កល្បជានិច្ច ហើយមិនដែលឮ ឬរងសម្ពាធដោយពាក្យដ៏ពិបាកភ្លេចថា « អ្នកបែកគ្នាត្រឹមពេលស្លាប់ » ។ ខ្ញុំដឹងថា « នៅក្នុងដំណាក់នៃព្រះវរបិតា [ យើង ] មានទីលំនៅជាច្រើន »៦ ប៉ុន្ដែបើនិយាយចំពោះខ្លួនខ្ញុំវិញ បើខ្ញុំមានសំណាងខ្លាំងដើម្បីអាចគ្រងមរតកដំណាក់មួយនោះ វាគ្រប់គ្រាន់ហើយត្រឹមជាខ្ទមចាស់មួយ បើផេទ និងកូនៗយើងមិនរស់នៅក្នុងកេរតំណែលនោះជាមួយខ្ញុំទេ ។ ហើយសម្រាប់បុព្វការីជនរបស់យើង ដែលអ្នកខ្លះបានរស់នៅ និងស្លាប់កាលពីបុរាណដោយមិនទាំងបានឮឈ្មោះរបស់ព្រះយេស៊ូវគ្រីស្ទផងនោះ យើងបានសង្ឃឹមថានឹងមានគោលគំនិតដ៏យុត្តិធម៌ និងមេត្តាបំផុតក្នុងគម្ពីរប៊ីបបានស្ដារឡើងវិញ—ការអនុវត្តការថ្វាយរបស់អ្នកនៅរស់ក្នុងការធ្វើពិធីបរិសុទ្ធដ៏សង្គ្រោះជំនួសឲ្យមរណជនដែលជាសាច់ញាតិរបស់គេ ។៧ ខ្ញុំមិនអាចស្រមៃឃើញការអនុវត្តណាដែលនឹងបង្ហាញយ៉ាងត្រចះត្រចង់ខ្លាំងជាងនេះ អំពីការបារម្ភរបស់ព្រះជាទីស្រឡាញ់ដល់បុត្រាបុត្រីលើផែនដីទាំងអស់របស់ទ្រង់ មិនថាពួកគេបានរស់នៅនៅពេលណា ឬស្លាប់នៅកន្លែងណានោះទេ ។
មែនហើយ បញ្ជីក្ដីសង្ឃឹមរបស់យើងនៅឆ្នាំ ១៨២០ អាចបន្ដទៀតបាន ប៉ុន្ដែប្រហែលសារលិខិតដ៏សំខាន់បំផុតនៃការស្ដារឡើងវិញគឺថា សេចក្ដីសង្ឃឹមបែបនោះនឹង មិន ជាការអសារបង់ឡើយ ។ ដោយចាប់ផ្ដើមនៅក្នុងព្រៃពិសិដ្ឋ និងបន្ដមកដល់សព្វថ្ងៃនេះ បំណងប្រាថ្នាទាំងនេះបានចាប់ផ្ដើមក្លាយជាការពិត ហើយដូចជាសាវកប៉ុល និងអ្នកដទៃទៀតបានបង្រៀនដែរ វានឹងក្លាយជាយុថ្កាដ៏ពិតសម្រាប់ព្រលឹង ដែលពិតប្រាកដ និងខ្ជាប់ខ្ជួន ។៨ អ្វីដែលធ្លាប់តែបានសង្ឃឹមពីមុនមក ឥឡូវនេះបានក្លាយជាប្រវត្តិសាស្ដ្រ ។
ដូច្នេះហើយ នេះជាការងាកទៅមើល ២០០ ឆ្នាំមុននៃសេចក្ដីល្អសប្បុរសរបស់ព្រះចំពោះពិភពលោករបស់យើង ។ ចុះតើការទន្ទឹងមើលរបស់យើងនាពេលខាងមុខនោះជាអ្វីវិញ ? យើងនៅតែមានសេចក្ដីសង្ឃឹមដែល មិន ទាន់បានបំពេញនៅឡើយ ។ សូម្បីពេលយើងនិយាយនេះ យើងកំពុងប្រយុទ្ធនឹងចម្បាំង « គ្រោះអាសន្នបន្ទាន់ » ជាមួយជំងឺ កូវិដ-១៩ វាជាការរំឭកដ៏មុតមាំមួយថា វីរុស៩មួយតូចជាងគ្រាប់ខ្សាច់ ១០០ ដង ១០អាចបង្ក្រាបប្រជាជនទូទាំងពិភពលោក និងសេដ្ឋកិច្ចជាសកល ធ្លាក់ដល់ដី ។ យើងអធិស្ឋានសម្រាប់អស់អ្នកដែលបាត់បង់មនុស្សជាទីស្រឡាញ់នៅក្នុងគ្រោះចង្រៃបច្ចុប្បន្ននេះ ក៏ដូចជាអ្នកទាំងឡាយណាដែលបច្ចុប្បន្នត្រូវបានឆ្លងមេរោគឬមានហានិភ័យ ។ យើងអធិស្ឋានដោយដោយជាក់លាក់សម្រាប់អស់អ្នកដែលផ្តល់មើលថែទាំសុខភាពដ៏អស្ចារ្យបែបនេះ។ នៅពេលយើងបានយកឈ្នះរឿងនេះ—ហើយយើងនឹងយកឈ្នះវា—សូមយើងតាំងចិត្តដូចគ្នាដើម្បីរំដោះពិភពលោកពីវីរុសនៃការស្រេកឃ្លានរំដោះអ្នកជិតខាង និងជាតិសាសន៍នានាពីវីរុសនៃភាពក្រីក្រផងដែរ ។ សូមឲ្យយើងសង្ឃឹមចង់បានសាលាដែលមានសិស្សរៀន—ដោយមិនភ័យខ្លាចថា ពួកគេនឹងត្រូវគេបាញ់សមា្លញ់—និងអំណោយទាននៃសេចក្ដីថ្លៃថ្នូរផ្ទាល់ខ្លួនសម្រាប់បុត្ររបស់ព្រះគ្រប់រូបមិនត្រូវបំផ្លាញដោយការប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ ឬសេចក្ដីលំអៀងក្នុងខាងសាសនាក្នុងទម្រង់ ផ្សេងៗទៀត ឡើយ ។ និយាយជារួមមក ទាំងអស់នេះជាក្ដីសង្ឃឹមដ៏ឥតស្រាកស្រានរបស់យើងចង់បានភក្ដីភាពដ៏អស្ចារ្យជាងនេះចំពោះបទបញ្ញត្តិធំទាំងពីរ ៖ គឺស្រឡាញ់ព្រះ ដោយការធ្វើតាមដំបូន្មានរបស់ទ្រង់ និងស្រឡាញ់អ្នកជិតខាងយើង ដោយការបង្ហាញចិត្តសន្ដោស និងក្ដីមេត្តាករុណា អំណត់ និងការអភ័យទោស ។១១ សេចក្តីបង្គាប់ដ៏ធំមកពីព្រះទាំងពីរនេះគឺនៅតែ—ហើយនឹងជារៀងរហូត—ជាក្ដីសង្ឃឹមដ៏ពិតតែមួយគត់ដែលយើងមាន ដើម្បីផ្ដល់ឲ្យកូនចៅរបស់យើងនូវពិភពលោកដ៏ប្រសើរមួយ ជាងអ្វីដែលពួកគេស្គាល់នាពេលនេះ ។១២
បន្ថែមលើបំណងប្រាថ្នាដល់ពិភពលោកទាំងនេះ អ្នកស្ដាប់ជាច្រើនក្នុងថ្ងៃនេះក៏មានក្ដីសង្ឃឹមផ្ទាល់ខ្លួនដ៏ជ្រាលជ្រៅផងដែរ ៖ ក្ដីសង្ឃឹមចង់ឲ្យជីវិតអាពាហ៍ពិពាហ៍ល្អឡើង ឬពេលខ្លះគ្រាន់តែជាក្ដីសង្ឃឹមចង់បានអាពាហ៍ពិពាហ៍មួយ ក្ដីសង្ឃឹមចង់យកឈ្នះលើការញៀន ក្ដីសង្ឃឹមចង់ឲ្យកូនចចេសម្នាក់ត្រឡប់មកវិញ ក្ដីសង្ឃឹមចង់ឲ្យការឈឺចាប់ខាងរូបកាយ និងខាងអារម្មណ៍គ្រប់ជំពូកបានឈប់ទៅ ។ ដោយសារការស្ដារឡើងវិញបញ្ជាក់ជាថ្មីដល់សេចក្ដីពិតជាមូលដ្ឋានថា ព្រះពិតជាធ្វើការក្នុងពិភពលោកនេះ ដើម្បីឲ្យយើង អាច សង្ឃឹមបាន ហើយយើង គួរតែ សង្ឃឹម ទោះជាពេលប្រឈមនឹងការចម្លែកដែលមិនអាចយកឈ្នះបានយ៉ាងណាក្ដី ។ នោះគឺជាអ្វីដែលបទគម្ពីរចង់មានន័យ ពេលអ័ប្រាហាំអាចសង្ឃឹមបានពេលអស់សង្ឃឹម១៣នោះគឺថា លោកអាចជឿ ទោះជាមានមូលហេតុគ្រប់យ៉ាងដើម្បី មិន ជឿក្ដី—ថាលោក និងសារ៉ាយរបស់លោកអាចមានកូនបាន ពេលការណ៍នោះហាក់ជារឿងមិនអាចធ្វើបានទាំងស្រុងក្ដី ។ ដូច្នេះ ខ្ញុំសួរថា « ប្រសិនបើក្ដីសង្ឃឹមឆ្នាំ ១៨២០ របស់យើងជាច្រើនអាចចាប់ផ្ដើមបំពេញបានដោយសារពន្លឺដ៏ទេវភាពមួយបញ្ចាំងដល់ក្មេងប្រុសម្នាក់ ដែលលុតជង្គង់នៅក្រោមដើមឈើមួយនៅរដ្ឋនូវយ៉កខាងជើង ហេតុអ្វីយើងមិនសង្ឃឹមដែរថា បំណងប្រាថ្នាសុចរិត និងការចង់បានដូចជាព្រះគ្រីស្ទនៅតែអាចបានឆ្លើយតបយ៉ាងអស្ចារ្យ និងប្រកបដោយអព្ភូតហេតុ ពីព្រះនៃសេចក្ដីសង្ឃឹមទាំងអស់នោះ ? » យើងទាំងអស់គ្នាត្រូវជឿថា អ្វីដែលយើងប្រាថ្នាក្នុងក្ដីសុចរិតអាចក្លាយជារបស់យើងនៅថ្ងៃណាមួយ តាមរបៀបមួយមិនខាន ។
បងប្អូនប្រុសស្រី យើងដឹងពីអ្វីដែលខ្វះខាតក្នុងសាសនានៅដើមសតវត្សរ៍ទី ១៩ ។ លើសពីនេះ យើងដឹងពីកំហុសខ្លះក្នុងសាសនានៅសព្វថ្ងៃនេះ ដែលនៅតែបន្សល់ឲ្យមានការស្រេកឃ្លាន និងក្ដីសង្ឃឹមចង់បានអ្វីដែលមិនទាន់បំពេញនៅឡើយ ។ យើងដឹងថា ការមិនពេញចិត្តទាំងនោះជាច្រើនកំពុងនាំឲ្យមនុស្សមួយចំនួនចាកចេញពីស្ថាប័នសាសនាតាមបែបប្រពៃណី ។ យើងក៏ដឹងដែរ គឺដូចជាអ្នកនិពន្ធដែលយល់ច្បាស់ម្នាក់បានសរសេរថា « អ្នកដឹកនាំសាសនាជាច្រើន [ នៅជំនាន់នោះ ] ហាក់មិនយល់ » ទេ ពេលថ្លែងអំពីការធ្លាក់ចុះបែបនេះ ហើយឆ្លើយតបវិញនូវ « ការបង្រៀនដែលធ្វើឲ្យមានអារម្មណ៍ល្អចំពោះខ្លួនឯង ការចូលរួមនឹងបុព្វហេតុដែលឥតប្រយោជន៍ ការនិយាយល្អក្នុងន័យអាក្រក់ [ ឬ ពេលខ្លះគ្រាន់តែ ] ជាសម្ដីឥតប្រយោជន៍មិនបំផុសគំនិត »១៤—ហើយអ្វីទាំងអស់ក្នុងពេលតែមួយ កាលពិភពលោកត្រូវការអ្វីច្រើនបន្ថែមទៀត កាលជំនាន់ដែលកំពុងពេញវ័យស័ក្ដិសមនឹងអ្វីជាច្រើនទៀត ហើយកាលដែលនៅជំនាន់របស់ព្រះយេស៊ូវ ទ្រង់បានផ្ដល់អ្វីជាច្រើនបន្ថែមទៀត ។ ក្នុងនាមជាសិស្សរបស់ព្រះគ្រីស្ទ នៅជំនាន់របស់យើង យើងអាចរះផុតលើសសាសន៍អ៊ីស្រាអែលពីបុរាណទាំងនោះដែលបានថ្ងូរថា « ឆ្អឹងយើងរាល់គ្នាស្ងួតហែងហើយ ទីសង្ឃឹមរបស់យើងក៏បាត់អស់ទៅ » ។១៥ តាមពិតទៅ បើយើងបាត់បង់ក្ដីសង្ឃឹមនៅចុងបញ្ចប់ នោះយើងនឹងបាត់បង់កម្មសិទ្ធិដែលបានគាំទ្រចុងក្រោយរបស់យើងដែរ ។ វាគឺនៅលើទ្វារនរកដែល ដេនធឺ បានសរសេរការព្រមានមួយដល់អ្នកដំណើរទាំងអស់នោះតាមរយៈ Divina Commedia របស់លោក ៖ លោកបានថ្លែងថា « បោះបង់សេចក្ដីសង្ឃឹមទាំងអស់ អ្នកដែលចូលមកទីនេះ » ។១៦ ពិតណាស់ ពេលក្ដីសង្ឃឹមបានបាត់បង់ទៅ អ្វីដែលយើងនៅសល់គឺជាភ្លើងស្ថាននរកដែលកំពុងឆេះយ៉ាងសន្ធោសន្ធៅនៅគ្រប់ជ្រុង ។
ដូច្នេះ ពេលខ្នងយើងទល់នឹងជញ្ជាំង ហើយដូចទំនុកតម្កើងច្រៀងថា « ពេលអ្នកដទៃពុំអាចជួយលួងលោមចិត្ត »១៧ នោះក្នុងចំណោមគុណធម៌ដ៏ចាំបាច់បំផុតរបស់យើងនឹងជាអំណោយដ៏មានតម្លៃនៃសេចក្ដីសង្ឃឹមនេះ ដែលទាក់ទងយ៉ាងខ្លាំងនឹងសេចក្ដីជំនឿរបស់យើងលើព្រះ និងសប្បុរសធម៌របស់យើងចំពោះមនុស្សដទៃ ។
ក្នុងពេលពីរសតវត្សរ៍នេះ ពេលយើងក្រឡេកមើលទៅក្រោយដើម្បីមើលអ្វីទាំងអស់ដែលយើងបានទទួល ហើយរីករាយក្នុងការដឹងថា ក្ដីសង្ឃឹមជាច្រើនត្រូវបានបំពេញ នោះខ្ញុំសូមបន្ទរគំនិតស្រដៀងគ្នានេះពីស៊ិស្ទើរជាអ្នកផ្សព្វផ្សាយសាសនាដែលបានត្រឡប់មកវិញ ដែលមានវ័យក្មេងដ៏ស្រស់ស្អាតម្នាក់ ដែលថ្លែងមកកាន់យើងនៅក្រុងយ៉ូហានណេសប៊ើក គ្រាន់តែពីរបីខែមុនថា « [ យើង ] មិនមែនមកបានឆ្ងាយប៉ុណ្ណេះ ដើម្បីបានឆ្ងាយតែត្រឹមនេះទេ » ។១៨
ដោយសម្រាយសម្ដីលាគ្នាដ៏បំផុសគំនិតបំផុតមួយ ដែលធ្លាប់បានកត់ត្រាក្នុងបទគម្ពីរ ខ្ញុំសូមនិយាយជាមួយព្យាការីនីហ្វៃ និងស៊ិស្ទើរវ័យក្មេងនោះថា
« បងប្អូន [ ប្រុសស្រី ] ជាទីស្រឡាញ់របស់ខ្ញុំអើយ បន្ទាប់ពីអ្នកបាន [ ទទួលផលផ្លែដំបូងនៃការស្ដារឡើងវិញទាំងនេះ ] ហើយ ខ្ញុំសួរថាតើបានសម្រេចសព្វគ្រប់ហើយឬនៅ ? មើលចុះ ខ្ញុំសូមនិយាយទៅអ្នកថា ទេ ។ …
« … ហេតុដូច្នេះហើយ អ្នករាល់គ្នាត្រូវតែឈានទៅមុខ ដោយខ្ជាប់ខ្ជួននៅក្នុងព្រះគ្រីស្ទ ដោយមានការភ្លឺថ្លានៃសេចក្ដីសង្ឃឹមដ៏ឥតខ្ចោះ ហើយដោយមានចិត្តស្រឡាញ់ព្រះ និងមនុស្សគ្រប់រូប ។… បើសិនជាអ្នករាល់គ្នា [ , ] … នោះព្រះវរបិតាទ្រង់មានព្រះបន្ទូលដូច្នេះថា ៖ អ្នករាល់គ្នានឹងមានជីវិតដ៏នៅអស់កល្បជានិច្ច » ។១៩
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ ខ្ញុំថ្លែងអំណរគុណសម្រាប់អ្វីទាំងអស់ ដែលយើងបានទទួលក្នុងគ្រាកាន់កាប់ត្រួតត្រាដ៏អស្ចារ្យបំផុត និងចុងក្រោយនេះ ជាគ្រាកាន់កាប់ត្រួតត្រានៃដំណឹងល្អដែលបានស្តារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។ អំណោយទាន និងពរជ័យទាំងឡាយដែលហូរមកពីដំណឹងល្អនោះជាអ្វីៗគ្រប់យ៉ាងចំពោះខ្ញុំ—គឺអ្វីទាំងអស់—ដូច្នេះក្នុងកិច្ចខំប្រឹងអរព្រះគុណដល់ព្រះវរបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌ចំពោះអ្វីទាំងនោះ ខ្ញុំមាន « ការសន្យាដែលត្រូវរក្សា ហើយត្រូវដើររាប់រយគីឡូម៉ែត្រទៀតមុនចូលសម្រាន្ដ ហើយត្រូវដើររាប់រយគីឡូម៉ែត្រទៀតមុនចូលសម្រាន្ដ » ។២០ សូមយើងឆ្ពោះទៅមុខដោយមានក្ដីស្រឡាញ់ក្នុងដួងចិត្តយើង ដោយដើរក្នុង « ការភ្លឺថ្លានៃសេចក្ដីសង្ឃឹម »២១ ដែលនឹងបំភ្លឺផ្លូវនៃការរំពឹងទុកដ៏បរិសុទ្ធ ដែលយើងបានស្ថិតលើនាពេលនេះអស់ពេល ២០០ ឆ្នាំមកហើយ ។ ខ្ញុំថ្លែងទីបន្ទាល់ថា អនាគតកាលនឹងបានពេញដោយអព្ភូតហេតុ និងមានពរជ័យដ៏បរិបូរណ៍ ដូចជាពេលអតីតកាលដែរ ។ យើងមានមូលហេតុគ្រប់យ៉ាងដើម្បីសង្ឃឹមចង់បានពរជ័យ ដែលអស្ចារ្យជាងអ្វីដែលយើងបានទទួលរួចមកហើយ ដោយសារនេះគឺជាកិច្ចការរបស់ព្រះដ៏មានមហិទ្ធិឬទ្ធិ នេះគឺជាសាសនាចក្រដែលមានវិវរណៈឥតដាច់ ហើយនេះគឺជាដំណឹងល្អនៃព្រះគុណរបស់ព្រះគ្រីស្ទ និងចិត្តមេត្តាដែលគ្មានព្រំដែន ។ ខ្ញុំសូមថ្លែងសាក្សីអំពីសេចក្ដីពិតទាំងអស់នេះ និងការណ៍ជាច្រើនទៀត នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕