ទ្រង់យាងទៅមុនយើង
ព្រះអម្ចាស់កំពុងរៀបចំផ្លូវសម្រាប់ការស្ដារឡើងវិញនៃសាសនាចក្ររបស់ទ្រង់ ។ ទ្រង់ដឹងពីអនាគតយ៉ាងល្អឥតខ្ចោះ ។ ទ្រង់អញ្ជើញបងប្អូនឲ្យធ្វើការ ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់ ខ្ញុំមានអំណរគុណដើម្បីជួបជុំនឹងបងប្អូនក្នុងសន្និសីទទូទៅនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ នៅក្នុងការអញ្ជើញរបស់លោកឲ្យនឹកគិតអំពីរបៀបដែលការស្ដារឡើងវិញនៃសាសនាចក្ររបស់ព្រះអម្ចាស់ក្នុងគ្រាកាន់កាប់ត្រួតត្រាចុងក្រោយរបស់ទ្រង់បានប្រទានពរដល់យើង និងមនុស្សជាទីស្រឡាញ់របស់យើង ប្រធាន រ័សុល អិម ណិលសុន បានសន្យាថា បទពិសោធន៍របស់យើងនឹងមិនគ្រាន់តែគួរឲ្យចង់ចាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមិនអាចបំភ្លេចបានផងដែរ ។
បទពិសោធន៍របស់ខ្ញុំគឺគួរឲ្យចងចាំ ខ្ញុំដឹងច្បាស់ថាបងប្អូនក៏មានដូចគ្នាដែរ។ ថាតើវានឹងមិនអាចបំភ្លេចបានឬអត់ នោះវាអាស្រ័យលើពួកយើងម្នាក់ៗ ។ នោះជារឿងសំខាន់ចំពោះខ្ញុំ ដោយសារបទពិសោធន៍នៃការរៀបចំសម្រាប់សន្និសីទនេះ បានផ្លាស់ប្ដូរខ្ញុំតាមរបៀបមួយដែលខ្ញុំចង់បានយូរអង្វែង ។ ខ្ញុំសូមពន្យល់អំពីរឿងនេះ ។
ការរៀបចំរបស់ខ្ញុំ ធ្វើឲ្យខ្ញុំចំណាយពេលកត់ត្រាអំពីព្រឹត្តិការណ៍មួយនៅក្នុងការស្ដារឡើងវិញ ។ ខ្ញុំបានអានអំពីវាជាច្រើនដង ប៉ុន្តែចំពោះខ្ញុំ វាតែងតែរាយការណ៍អំពីការប្រជុំសំខាន់មួយដែលមានយ៉ូសែប ស្ម៊ីធ ជាព្យាការី នៃ ការស្ដារឡើងវិញបានចូលរួម ។ ប៉ុន្តែគ្រានេះ ខ្ញុំបានមើលឃើញនៅក្នុងដំណើររឿងអំពីរបៀបដែលព្រះអម្ចាស់ដឹកនាំយើង ពួកសិស្សរបស់ទ្រង់ នៅក្នុងសាសនាចក្ររបស់ទ្រង់ ។ ខ្ញុំបានឃើញថាវាមានន័យចំពោះយើងខាងជីវិតរមែងស្លាប់ដើម្បីត្រូវបានដឹកនាំដោយព្រះអង្គសង្គ្រោះនៃពិភពលោក ជាអង្គបង្កបង្កើត—ដែលដឹងរឿងគ្រប់យ៉ាង តាំងពីអតីតកា បច្ចុប្បន្នកាល និងអនាគតកាល ។ ទ្រង់បង្រៀនយើងមួយជំហានម្ដងៗ ហើយដឹកនាំយើង ពុំដែលបង្ខំឡើយ ។
ការប្រជុំដែលខ្ញុំកំពុងពិពណ៌នាគឺជាគ្រាដ៏សំខាន់មួយនៅ ក្នុងការស្ដារឡើងវិញ ។ វាគឺជាការប្រជុំនៅថ្ងៃឈប់សម្រាក ដែលធ្វើឡើងនៅថ្ងៃទី ៣ ខែមេសា ឆ្នាំ ១៨៣៦ នៅ ក្នុងព្រះវិហាបរិសុទ្ធខឺតឡង់ នៅក្នុងរដ្ឋ អូហៃអូ រយៈពេលប្រាំពីរថ្ងៃបន្ទាប់ពីត្រូវបានឧទ្ទិសឆ្លង ។ យ៉ូសែប ស្ម៊ីធ បានពិពណ៌នាអំពីគ្រាដ៏អស្ចារ្យនេះនៅក្នុងប្រវត្តិសាស្ត្រនៃពិភពលោកតាមរបៀបដ៏សាមញ្ញមួយ ។ ដំណើររឿងរបស់លោកភាគច្រើន ត្រូវបានកត់ត្រានៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១១០ ៖
« នៅពេលរសៀលខ្ញុំបានជួយពួកប្រធានឯទៀត ក្នុងការចែកអាហាររបស់ព្រះអម្ចាស់ដល់សាសនាចក្រ ដោយបានទទួលអាហារពីពួកដប់ពីរនាក់ ដែលមានឯកសិទ្ធិធ្វើការនៅ ឯតុដ៏ពិសិដ្ឋថ្ងៃនេះ ។ បន្ទាប់ពីបានប្រតិបត្តិកិច្ចការនេះដល់ពួកបងប្អូនប្រុស របស់ខ្ញុំរួចហើយ នោះខ្ញុំបានទៅឯវេទិកា ដោយមានវាំននបិទ ហើយក្រាបចុះជាមួយអូលីវើរ ខៅឌើរីក្នុងការអធិស្ឋានដ៏មុតមាំ និងស្ងាត់ ។ បន្ទាប់ពីបានក្រោកពីអធិស្ឋាន នោះស្រាប់តែមានការនិមិត្តមួយ បើកឲ្យយើងទាំងពីរនាក់ឃើញ » ។១
« ស្បៃត្រូវបានបើកពីគំនិតរបស់ពួកយើង ហើយភ្នែកនៃយោបល់របស់ពួកយើងត្រូវបានបើកឡើង ។
« យើងបានឃើញព្រះអម្ចាស់ ទ្រង់ឈរនៅលើរបាបង្អែកវេទិកា នៅចំពោះយើង ហើយនៅក្រោមព្រះបាទរបស់ទ្រង់ មានកម្រាលធ្វើពីមាសសុទ្ធ មានពណ៌ដូចជាត្បូងឃ្មុំ ។
« ព្រះនេត្ររបស់ទ្រង់ដូចជាអណ្តាតភ្លើង ព្រះកេសារបស់ទ្រង់ស ដូចជាហិមៈសុទ្ធ ព្រះភ័ក្រ្តរបស់ទ្រង់ភ្លឺជាងពន្លឺថ្ងៃ ហើយសំឡេងរបស់ទ្រង់ ដូចជាសូរនៃទឹកច្រើន គឺជាសំឡេងនៃព្រះយេហូវ៉ា មានព្រះបន្ទូលថា
« យើងជាដើមហើយជាចុង យើងជាអង្គដែលមានព្រះជន្មរស់នៅ យើងជាអង្គដែលត្រូវបានស្លាប់ យើងជាព្រះគាំទ្រ របស់អ្នកជាមួយព្រះវរបិតា ។
« មើលចុះ អំពើបាបទាំងឡាយរបស់អ្នកត្រូវបានអត់ទោសឲ្យហើយ អ្នកត្រូវបានជ្រះស្អាតនៅចំពោះយើង ហេតុដូច្នេះហើយចូរងើបមុខឡើង ហើយអរសប្បាយរីករាយចុះ ។
« ចូរឲ្យចិត្តនៃបងប្អូនអ្នកក្នុងសាសនាបានអរសប្បាយរីករាយចុះ ហើយចូរឲ្យចិត្តនៃអស់ទាំងរាស្ត្ររបស់យើងបានអរសប្បាយរីករាយ ដែលបានសង់ដំណាក់នេះថ្វាយដល់ព្រះនាមរបស់យើងដោយអស់ពីកម្លាំងរបស់ពួកគេ ។
« ដ្បិតមើលចុះ យើងបានទទួលដំណាក់នេះ ហើយព្រះនាមរបស់យើងនឹងស្ថិតនៅទីនេះ ហើយយើងនឹងសម្ដែងកាយយើងដល់រាស្ត្ររបស់យើងនៅក្នុងដំណាក់នេះដោយសេចក្ដីមេត្តាករុណា ។
« មែនហើយ យើងនឹងលេចមកឯពួកអ្នកបម្រើរបស់យើងហើយមានបន្ទូលទៅកាន់ពួកគេដោយសំឡេងរបស់យើងផ្ទាល់បើសិនជារាស្ត្រយើងនឹងកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់យើង ហើយមិនបង្ខូចដំណាក់ដ៏បរិសុទ្ធនេះ ។
« មែនហើយ គឺចិត្តនៃមនុស្សរាប់ពាន់ម៉ឺននាក់ នឹងបានអរសប្បាយរីករាយ ដោយព្រោះតែព្រះពរទាំងឡាយ ដែលនឹងបានចាក់ចេញមក ព្រមទាំងអំណោយទានពិសិដ្ឋ ដែលពួកអ្នកបម្រើរបស់យើងបានទទួលនៅក្នុងដំណាក់នេះ ។
« ហើយការល្បីល្បាញអំពីដំណាក់នេះនឹងរាលដាលទៅដល់ដែនដីឆ្ងាយៗ ហើយនេះគឺជាការចាប់ផ្តើមនូវព្រះពរ ដែលនឹងបានចាក់មកលើក្បាលនៃរាស្រ្តរបស់យើង ។ គឺដូច្នោះមែន ។ អាម៉ែន ។
« បន្ទាប់ពីការនិមិត្តនេះបិទទៅ នោះស្រាប់តែផ្ទៃមេឃបានបើកដល់យើងម្តងទៀត ហើយលោកម៉ូសេ បានលេចមកចំពោះយើង ហើយបានប្រគល់ដល់យើងនូវកូនសោទាំងឡាយ នៃការប្រមូលសាសន៏អ៊ីស្រាអ៊ែល ពីទិសទាំងបួននៃផែនដី ហើយនឹងការនាំពូជអំបូរទាំងដប់ចេញពីដែនដីភាគខាងជើងមក ។
« បន្ទាប់មក លោកអេលីយ៉ាសបានលេចមក ហើយបានប្រគល់គ្រាកាន់កាប់ត្រួតត្រានៃដំណឹងល្អរបស់លោកអ័ប្រាហាំដោយប្រាប់ថា នៅក្នុងយើង និងពូជរបស់យើង នោះអស់ទាំងតំណមនុស្សបន្ទាប់ពីយើងមកនឹងបានពរ ។
« បន្ទាប់ពីការនិមិត្តបានបិទទៅ នោះមានការនិមិត្ដដ៏ធំ និង រុងរឿងមួយទៀតបានបើកមកលើយើង ព្រោះលោកអេលីយ៉ាជាព្យាការី ដែលបានយកទៅស្ថានសួគ៌ ដោយមិនបានភ្លក់សេចក្ដីស្លាប់ បានឈរនៅចំពោះយើង ហើយបាននិយាយថា ៖
« មើលចុះពេលវេលាបានមកដល់ពេញលេញហើយ ដែលបានពោលដោយមាត់នៃលោកម៉ាឡាគី—ដោយធ្វើទីបន្ទាល់ថា លោក [ អេលីយ៉ា ] នឹងត្រូវបានចាត់ឲ្យមកមុនថ្ងៃដ៏ធំ ហើយគួរស្ញែងខ្លាចនៃព្រះអម្ចាស់នឹងមកដល់—
« ដើម្បីបង្វែរចិត្តពួកឪពុកមកឯកូន និងចិត្តកូនមកឯឪពុក ក្រែងផែនដីទាំងមូលនឹងត្រូវបានវាយដោយសេចក្តីបណ្តាសា—
« ហេតុដូច្នេះហើយ កូនសោទាំងឡាយនៃគ្រាកាន់កាប់ត្រួតត្រានេះ ត្រូវបានប្រគល់ទៅក្នុងដៃរបស់អ្នក ហើយដោយសារការណ៍នេះ ទើបអ្នករាល់គ្នាអាចបានដឹងថា ថ្ងៃដ៏ធំ និងគួរស្ញែងខ្លាចនៃព្រះជិតមកដល់ហើយ គឺនៅមាត់ទ្វារ » ។២
ឥឡូវ ខ្ញុំបានអានដំណើររឿងនោះជាច្រើនដង ។ ព្រះវិញ្ញាណបរិសុទ្ធ បានបញ្ជាក់ដល់ខ្ញុំថា ដំណើររឿងនេះ គឺជាការពិត ។ ប៉ុន្តែកាលខ្ញុំបានសិក្សា និងអធិស្ឋានដើម្បីរៀបចំខ្លួនសម្រាប់សន្និសីទនេះ ខ្ញុំបានមើលឃើញកាន់តែច្បាស់នូវព្រះចេស្ដានៃព្រះអម្ចាស់ ដែលបានដឹកនាំពួកសិស្សរបស់ទ្រង់នៅក្នុងកិច្ចការទ្រង់យ៉ាងលម្អិត ។
រយៈពេលប្រាំពីរឆ្នាំពីមុនម៉ូសេបានប្រគល់ដល់យ៉ូសែប នូវកូនសោនៃការប្រមូលផ្ដុំពួកអ៊ីស្រាអែលនៅព្រះវិហារបរិសុទ្ធខឺតឡង់ « យ៉ូសែបបានរៀនមកពី ទំព័រចំណងជើងនៃព្រះគម្ពីរមរមន ថាគោលបំណងនោះគឺ ‹ បង្ហាញដល់កូនចៅអ៊ីស្រាអែលដែលនៅសេសសល់ទាំងប៉ុន្មាន… ថាពួកគេអាចដឹងសេចក្ដីសញ្ញាទាំងឡាយនៃព្រះអម្ចាស់ ថាពួកគេនឹងមិនត្រូវកាត់ចេញជារៀងរហូតនោះទេ › ។ នៅក្នុងឆ្នាំ ១៨៣១ ព្រះអម្ចាស់បានប្រាប់យ៉ូសែបថា ការប្រមូលផ្ដុំនៃវង្សអ៊ីស្រាអែល នឹងចាប់ផ្ដើមនៅក្នុងទីក្រុងខឺតឡង់ ‹ ហើយចេញពីទីនោះ [ ខឺតឡង់ ] អ្នកណាក៏ដោយដែលយើង សព្វព្រះហឬទ័យ នោះនឹងចេញទៅក្នុងចំណោម គ្រប់អស់ទាំងសាសន៍…ត្បិតអ៊ីស្រាអែលនឹងត្រូវបានសង្គ្រោះ ហើយយើងនឹងនំាពួកគេទៅ ›» ៣
ទោះជាកិច្ចការផ្សព្វផ្សាយសាសនាចាំបាច់ដើម្បីប្រមូលវង្សអ៊ីស្រាអែលក្តី ក៏ ព្រះអម្ចាស់បានបង្រៀនដល់ពួកដប់ពីរនាក់ ដែលជាអ្នកផ្សព្វផ្សាយសាសនាជំនាន់មុនមួយចំនួនរបស់យើងថា « សូមចងចាំថា អ្នកមិនទៅកាន់ជាតិសាសន៍ណាឡើយ ទាល់តែអ្នកទទួលបានអំណោយទានពិសិដ្ឋផ្ទាល់ខ្លួនអ្នកសិន »។៤
វាហាក់ដូចជាថា ព្រះវិហារបរិសុទ្ធខឺតឡង់សំខាន់នៅក្នុងផែនការមួយជំហានម្ដងៗរបស់ព្រះអម្ចាស់ យ៉ាងហោចណាស់ដោយមូលហេតុពីរយ៉ាង ៖ ទីមួយ ម៉ូសេ រង់ចាំរហូតដល់ព្រះវិហារបរិសុទ្ធត្រូវបានសាងសង់ចប់សព្វគ្រប់ដើម្បីស្ដារកូនសោទាំងឡាយនៃការប្រមូលផ្ដុំវង្សអ៊ីស្រាអែល ។ ហើយទីពីរ ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បានបង្រៀនថា ៖ « ព្រះអម្ចាស់បានត្រាស់បង្គាប់ដល់ពួកបរិសុទ្ធឲ្យស្ថាបនាព្រះវិហារបរិសុទ្ធមួយឡើង [ ព្រះវិហារបរិសុទ្ធខឺតឡង់ ] ដែលទ្រង់អាចបើកសម្ដែងកូនសោទាំងឡាយនៃសិទ្ធិអំណាច និងជាកន្លែងដែលពួកសាវកអាចត្រូវបាន ទទួលអំណោយទានពិសិដ្ឋ ហើយរៀបចំខ្លួនដើម្បីធ្វើការកាត់ជ្រួយនៅក្នុងចម្ការរបស់ទ្រង់ជាគ្រាចុងក្រោយ » ។៥ ទោះជាអំណោយទានពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធ ដែលយើងស្គាល់នៅសព្វថ្ងៃនេះ ពុំបានធ្វើឡើងនៅក្នុងព្រះវិហារបរិសុទ្ធខឺតឡង់ ដើម្បីបំពេញតាមការព្យាករណ៍ក្ដី ក៏ការរៀបចំពិធីបរិសុទ្ធព្រះវិហារបរិសុទ្ធបានចាប់ផ្ដើមណែនាំនៅទីនោះដែរ ព្រមជាមួយនឹងការចាក់ស្រោចនូវការបើកសម្ដែងខាងវិញ្ញាណដែលមានជាប់នឹងអ្នកទាំងឡាយដែលបានហៅក្នុងបេសកកម្មនោះនូវអំណោយទានពិសិដ្ឋដែលបានសន្យា នៃ « អំណាចមកពីលើ » ដែលបានដឹកនាំទៅរកការប្រមូលផ្ដុំដ៏ធំមួយតាមរយៈកិច្ចការផ្សព្វផ្សាយសាសនា ។៦
បន្ទាប់ពីកូនសោនៃការប្រមូលផ្ដុំនៃវង្សអ៊ីស្រាអែលត្រូវបានប្រគល់ដល់យ៉ូសែប នោះព្រះអម្ចាស់បានបំផុសគំនិតដល់ព្យាការីឲ្យបញ្ជូនសមាជិកនៃពួកដប់ពីរនាក់ឲ្យទៅធ្វើបេសកកម្ម ។ នៅពេលខ្ញុំសិក្សា ខ្ញុំកាន់តែច្បាស់ថា ព្រះអម្ចាស់បានរៀបចំយ៉ាងលម្អិតនូវរបៀបសម្រាប់ពួកដប់ពីរនាក់ចេញទៅបេសកកម្មនៅបរទេសជាកន្លែងដែលមនុស្សបានរៀបចំខ្លួនដើម្បីជឿ និងគាំទ្រដល់ពួកគេ ។ នៅពេលនោះ មនុស្សរាប់ពាន់នាក់ បាននាំមកកាន់សាសនាចក្ររបស់ព្រះអម្ចាស់ដែលបានស្ដារឡើងវិញ តាមរយៈពួកគេ ។
យោងតាមកំណត់ត្រារបស់យើង វាត្រូវបានប៉ាន់ស្មានថា មានអ្នកជ្រមុជទឹកនៅចន្លោះ ៧៥០០ នាក់ ទៅ ៨០០០ នាក់ អំឡុងបេសកកម្មពីររបស់ពួកដប់ពីរនាក់ ទៅកាន់កោះប្រទេសអង់គ្លេស។ នេះបានចាក់គ្រឹះសម្រាប់កិច្ចការផ្សព្វផ្សាយសាសនានៅអឺរ៉ុប ។ នៅចុងសតវត្សរ៍ទី ១៩ នោះមានមនុស្ស ៩០,០០០ នាក់បានប្រមូលផ្ដុំគ្នាមកកាន់ទ្វីបអាមេរិកដែលភាគច្រើនមកពីកោះប្រទេសអង់គ្លេស និង ស្កានឌីណាវៀ។៧ ព្រះអម្ចាស់បានបំផុសគំនិតយ៉ូសែប និងអ្នកផ្សព្វផ្សាយសាសនាស្មោះត្រង់ទាំងនោះ ដែលចេញទៅធ្វើការដើម្បីសម្រេចនូវការប្រមូលផល ដែលហាក់ដូចជាហួសពីសមត្ថភាពរបស់ពួកគេ ។ ប៉ុន្តែព្រះអម្ចាស់បានធ្វើឲ្យវាកើតឡើងបាន តាមរយៈការទតឃើញជាមុន និងការរៀបចំដ៏ឥតខ្ចោះ ។
បងប្អូនចងចាំនូវភាសាមកពី កណ្ឌ ១១០ នៃគោលលទ្ធិ និងសេចក្ដីសញ្ញា ដែលហាក់ដូចជា កំណាព្យដ៏សាមញ្ញថា ៖
« មើលចុះពេលវេលាបានមកដល់ពេញលេញហើយ ដែលបានពោលដោយមាត់នៃលោកម៉ាឡាគី—ដោយធ្វើទីបន្ទាល់ថា លោក [ អេលីយ៉ា ] នឹងត្រូវបានចាត់ឲ្យមកមុនថ្ងៃដ៏ធំ ហើយគួរស្ញែងខ្លាចនៃព្រះអម្ចាស់នឹងមកដល់—
« ដើម្បីបង្វែរចិត្តពួកឪពុកមកឯកូន និងចិត្តកូនមកឯឪពុក ក្រែងផែនដីទាំងមូលនឹងត្រូវបានវាយដោយសេចក្តីបណ្តាសា—
« ហេតុដូច្នេះហើយ កូនសោទាំងឡាយនៃគ្រាកាន់កាប់ត្រួតត្រានេះ ត្រូវបានប្រគល់ទៅក្នុងដៃរបស់អ្នក ហើយដោយសារការណ៍នេះ ទើបអ្នករាល់គ្នាអាចបានដឹងថា ថ្ងៃដ៏ធំ និងគួរស្ញែងខ្លាចនៃព្រះអម្ចាស់ជិតមកដល់ហើយ គឺនៅមាត់ទ្វារ » ។៨
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះអម្ចាស់បានទតឃើញជាមុនក្នុងពេលអនាគត និងរបៀបដែលទ្រង់ដឹកនាំយើងឲ្យជួយទ្រង់សម្រេចព្រះរាជបំណងរបស់ទ្រង់នៅថ្ងៃចុងក្រោយ ។
ខណៈដែលខ្ញុំកំពុងបម្រើនៅក្នុងគណៈប៊ីស្សពជាអធិបតីជាច្រើនឆ្នាំកន្លងទៅ ខ្ញុំទទួលខុសត្រូវមើលទៅលើការរចនា និងការបង្កើតក្រុមដែលបានបង្កើតនូវអ្វីដែលយើងបានហៅឈ្មោះថា FamilySearch ។ ខ្ញុំប្រយ័ត្នក្នុងការនិយាយថាខ្ញុំ « មើលខុសត្រូវ » លើការបង្កើតវា ជាជាងខ្ញុំនិយាយថា ខ្ញុំ « បានដឹកនាំ » វា ។ មនុស្សពូកែៗជាច្រើនបានចាកចេញពីអាជីព ហើយមកស្ថាបនានូវអ្វីដែលព្រះអម្ចាស់សព្វព្រះទ័យចង់បាន ។
គណៈប្រធានទីមួយ បានដាក់គោលដៅនៃការកាត់បន្ថយពិធីបរិសុទ្ធស្ទួន ។ កង្វល់ជាចម្បងរបស់ពួកយើងគឺការមិនដឹងថាតើពិធីបរិសុទ្ធរបស់បុគ្គលម្នាក់បានធ្វើរួចហើយឬនៅ ។ អស់ជាច្រើនឆ្នាំ— ឬហាក់ដូចជាច្រើនឆ្នាំ— គណៈប្រធានទីមួយបានសួរខ្ញុំថា « តើពេលណាទើបលោកធ្វើវារួចរាល់ ? »
ដោយមានការអធិស្ឋាន ការឧស្សាហ៍ព្យាយាម និងការពលិកម្មផ្ទាល់ខ្លួនរបស់មនុស្សដែលមានសមត្ថភាពដ៏អស្ចារ្យ នោះកិច្ចការត្រូវបានសម្រេច ។ វាមកមួយជំហានម្តងៗ កិច្ចការដំបូងគឺធ្វើឲ្យអ្នកប្រើប្រាស់ FamilySearch -ពេញចិត្តសម្រាប់អ្នកទាំងឡាយដែលពុំសូវស្ទាត់កុំព្យូទ័រ ។ ការផ្លាស់ប្ដូរបន្ថែមបានកើតមាន ហើយខ្ញុំដឹងថាវានឹងបន្ដកើតមាន ដ្បិតនៅពេលណាដែលយើងចាប់ផ្ដើមដោះស្រាយបញ្ហាដ៏បំផុសគំនិតមួយ យើងបានបើកទ្វារទៅកាន់វិវរណៈបន្ថែមទៀតសម្រាប់ការជឿនទៅមុខសំខាន់ដូចគ្នា តែយើងពុំទាន់មើលឃើញនៅឡើយ ។ ទោះនៅសព្វថ្ងៃនេះ FamilySearch កំពុងក្លាយជាអ្វីដែលព្រះអម្ចាស់ត្រូវការធ្វើជាចំណែកនៃការស្ដារឡើងវិញរបស់ទ្រង់— ពុំមែនគ្រាន់តែចៀសវាងពីពិធីបរិសុទ្ធស្ទួននោះទេ ។
ព្រះអម្ចាស់ទុកឲ្យយើងធ្វើការកែលម្អដើម្បី ជួយមនុស្សទទួលបានអារម្មណ៍នៃភាពជាគ្រួសារ ហើយស្រឡាញ់ដល់ជីដូនជីតារបស់ពួកគេ និងបំពេញពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធរបស់ពួកគេ ។ ឥឡូវ ដូចដែលព្រះអម្ចាស់បានដឹងយ៉ាងច្បាស់នូវអ្វីនឹងកើតឡើង មនុស្សវ័យក្មេងកំពុងក្លាយទៅជាអ្នកឲ្យប្រឹក្សាអំពីកុំព្យូទ័រដល់ឪពុកម្ដាយរបស់ពួកគេ និងសមាជិកក្នុងវួដ ។ ទាំងអស់គ្នាបានរកឃើញអំណរដ៏មហិមានៅក្នុងការបម្រើនេះ ។
វិញ្ញាណនៃអេលីយ៉ា កំពុងផ្លាស់ប្ដូរដួងចិត្តរបស់មនុស្សវ័យក្មេង មនុស្សចាស់ កូនៗ និងឪពុកម្ដាយ ចៅៗ និងជីដូនជីតា ។ ព្រះវិហារបរិសុទ្ធនឹងដាក់ឆាប់ៗនូវកាលវិភាគយ៉ាងរីករាយចំពោះឱកាសធ្វើពិធីបុណ្យជ្រមុជទឹក និងពិធីបរិសុទ្ធពិសិដ្ឋដទៃៗទៀត ។ បំណងប្រាថ្នាដើម្បីបម្រើដល់ជីដូនជីតារបស់យើង និងចំណងនៃឪពុកម្ដាយ និងកូនៗ កំពុងរីកលូតលាស់ ។
ព្រះអម្ចាស់បានទតឃើញថាអ្វីៗទាំងអស់កំពុងកើតមាន ។ ទ្រង់បានរៀបចំសម្រាប់វា មួយជំហានម្ដងៗ ដូចដែលទ្រង់បានធ្វើជាមួយនឹងការផ្លាស់ប្ដូរដទៃទៀតនៅក្នុងសាសនាចក្ររបស់ទ្រង់ ។ ទ្រង់បានបីបាច់ និងរៀបចំមនុស្សស្មោះត្រង់ដែលជ្រើសរើសធ្វើរឿងពិបាកៗបានល្អ ។ ទ្រង់តែងតែអត់ធ្មត់ដោយក្ដីស្រឡាញ់ដើម្បីជួយយើងរៀន « មួយបន្ទាត់ម្តងៗ មួយសិក្ខាបទម្ដងៗ ឯណេះបន្តិច ឯណោះបន្តិច» ។៩ ទ្រង់ហ្មត់ចត់ចំពោះពេលវេលានៃព្រះរាជបំណងរបស់ទ្រង់ ប៉ុន្តែទ្រង់ធានាថា ការពលិកម្ម ជាញឹកញាប់ គឺ ឬនាំមកនូវពរជ័យកំពុងបន្តដែលយើងមើលមិនឃើញជាមុននោះ ទេ ។
ខ្ញុំសូមបញ្ចប់ដោយការសម្ដែងនូវការដឹងគុណរបស់ខ្ញុំចំពោះព្រះអម្ចាស់ — ទ្រង់ជាអង្គដែលបំផុសគំនិតដល់ប្រធាន ណិលសុន ឲ្យអញ្ជើញខ្ញុំធ្វើការពលិកម្មមួយដើម្បីរៀបចំសម្រាប់សន្និសីទនេះ ។ គ្រប់ម៉ោង និងគ្រប់ការអធិស្ឋាន អំឡុងពេលដែលខ្ញុំរៀបចំខ្លួន វាបាននាំមកនូវពរជ័យមួយ ។
ខ្ញុំអញ្ជើញបងប្អូនទាំងអស់គ្នាឲ្យស្ដាប់សារលិខិតនេះ ឬអានពាក្យទាំងនេះដោយជឿថា ព្រះអម្ចាស់កំពុងដឹកនាំការស្ដារឡើងវិញនៃដំណឹងល្អរបស់ទ្រង់ និងសាសនាចក្ររបស់ទ្រង់ ។ ទ្រង់យាងទៅមុនយើង ។ ទ្រង់ដឹងពីអនាគតយ៉ាងល្អឥតខ្ចោះ ។ ទ្រង់អញ្ជើញបងប្អូនឲ្យធ្វើការ ។ ទ្រង់ចូលរួមនឹងបងប្អូន ។ ទ្រង់បានរៀបផែនការជាស្រេចសម្រាប់ការបម្រើរបស់បងប្អូន ។ ហើយទោះជាបងប្អូនលះបង់ បងប្អូននឹងមានអារម្មណ៍អំណរ នៅពេលបងប្អូនជួយអ្នកដទៃត្រៀមខ្លួនជាស្រេចសម្រាប់ការយាងមករបស់ទ្រង់ ។
ខ្ញុំសូមថ្លែងទីបន្ទាល់ដល់ប្អូនថា ព្រះវរបិតាទ្រង់មានព្រះជន្មរស់ ។ ព្រះយេស៊ូវជាព្រះគ្រីស្ទ ។ នេះគឺជាសាសនាចក្ររបស់ទ្រង់ ។ ទ្រង់ស្គាល់ ហើយស្រឡាញ់បងប្អូន ។ ទ្រង់ដឹកនាំបងប្អូន ។ ទ្រង់បានរៀបចំផ្លូវសម្រាប់ប្អូនៗ ។ ក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕