សន្និសីទទូទៅ
សារលិខិត​បើក
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២០


2:3

សារលិខិត​បើក

យើង​ព្យាយាម​គ្រប់​វិធី​តាម​ដែល​យើងអាច​ធ្វើ​ទៅ​បាន ដើម្បី​ស្ដាប់​ព្រះយេស៊ូវគ្រីស្ទ ដែល​មាន​បន្ទូល​មក​កាន់​យើង​តាម​រយៈ​ព្រះចេស្ដា និង​ការងារ​បម្រើ​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ។

បងប្អូន​ប្រុសស្រី​ជា​ទី​ស្រឡាញ់ នៅ​ពេល​យើង​ស្វាគមន៍​បងប្អូន​មកកាន់​សន្និសីទ​ទូទៅ​ខែ​មេសា ឆ្នាំ ២០២០ នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ជា​ប្រវត្តិសាស្ត្រ​នេះ ខ្ញុំឈរ​នៅ​ខាង​មុខវិសាលដ្ឋាន​ដែល​គ្មាន​មនុស្ស ដោយសារ​មូលហេតុអ្វី បងប្អូន​ដឹង​ហើយ !

ខ្ញុំ​មិន​សូវ​ដឹង​ទេ​ថា នៅ​ពេល​ខ្ញុំ​បាន​សន្យា​នឹង​បងប្អូន​នៅ​សន្និសីទទូទៅ​ខែ​តុលា ឆ្នាំ ២០១៩ ថា​សន្និសីទ​ខែ​មេសា​នេះ នឹង​ជា « រឿង​គួរ​ឲ្យ​ចងចាំ » និង « មិន​អាច​បំភ្លេច​បាន » គឺ​ខ្ញុំ​កំពុង​និយាយ​ទៅ​កាន់​អ្នក​ស្ដាប់​ដែល​មើល​ឃើញ​មាន​ចំនួន​តិច​ជាង ១០ នាក់​ដែល​នឹង​ធ្វើ​ឲ្យ​សន្និសីទ​នេះ​ជា​រឿង​គួរ​ឲ្យ​ចងចាំ​បំផុត និង​មិន​អាច​បំភ្លេចបាន ចំពោះ​ខ្ញុំ​នោះ ! ប៉ុន្តែ​ខ្ញុំ​បាន​ដឹង​ថា បងប្អូន​កំពុង​ចូលរួម​តាម​ការ​ចម្លង​អេឡិចត្រូនិច និង​ភ្លេង​ដ៏​ពិរោះ​របស់​ក្រុមចម្រៀ​នូវ​បទ « “It Is Well with My Soul, » នាំ​មកនូវ​ការ​លួងលោម​ចិត្ត​ដ៏​អស្ចារ្យ​ចំពោះ​ព្រលឹង ខ្ញុំ ។

ដូច​បងប្អូន​ដឹង​ហើយ​ថា ការ​ចូលរួម​នៅ​ក្នុង​សន្និសីទ​ទូទៅ​នេះ មាន​ការដាក់កំហិត​យ៉ាង​តឹងរឹង​ក្នុង​គោលបំណង​ធ្វើ​ជា​ពលរដ្ឋ​ល្អ​ជា​សាកល និង​ធ្វើ​អ្វីៗ​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​ទប់ស្កាត់​ការ​រីករាលដាល កូវីដ -១៩ ។ វីរុស​នេះ មាន​ឥទ្ធិពល​ដ៏​ខ្លាំងក្លា​មួយ​ទូទាំង​ពិភពលោក ។ វា​ក៏​បាន​ការផ្លាស់ប្ដូរ​ជា​បណ្ដោះ​អាសន្ន​ផងដែរ​ចំពោះ​ការប្រជុំ​ក្នុង​សាសនាចក្រ ការ​បម្រើ​ផ្សព្វផ្សាយសាសនា និង​កិច្ចការ​ព្រះវិហារបរិសុទ្ធ​របស់​យើង​ផងដែរ ។

ការ​ដាក់កំហិត​សព្វថ្ងៃនេះ ទាក់ទង​ទៅនឹង​វីរុសដ៏​សាហាវមួយ ជាការសាកល្បង​ផ្ទាល់ខ្លួន​នៃ​ជីវិតដែល​មាន​ហួស​ពីការរាតត្បាត​នេះ ។ ការសាកល្បង​នាពេល​អនាគត​អាច​កើត​ចេញមកពី​ឧប្បទ្ទវហេតុ​មួយ គ្រោះធម្មជាតិ ឬ​ការឈឺចាប់​ផ្ទាល់ខ្លួន​ដែល​ពុំ​រំពឹងទុក ។

តើ​យើង​អាច​ស៊ូទ្រាំ​នឹង​ការសាកល្បង​ដូច្នេះ​យ៉ាង​ដូចម្ដេច ? ព្រះអម្ចាស់​បាន​មាន​បន្ទូល​ដល់​យើង​ថា « បើ​សិន​ជា​អ្នករាល់គ្នា​បាន​ប្រុងប្រៀប​ទុក​ជា​ស្រេច នោះ​អ្នក​រាល់​គ្នា​នឹង​មិន​ត្រូវ​ខ្លាច​ឡើយ » ។ ប្រាកដ​ណាស់ ខាង​សាច់ឈាម យើង​អាច​ស្ដុក​ទុក​អាហារ ទឹក និង​ការសន្សំសំចៃ​ផ្ទាលខ្លួន ។ ប៉ុន្តែ​សំខាន់​ដូច​គ្នា​នេះ​ផង​ដែរ គឺ​តម្រូវការ​របស់​យើង​ដើម្បី​បំពេញ​ឃ្លាំង​ខាង​វិញ្ញាណ​ ផ្ទាល់ខ្លួន​របស់​យើង​ដោយ​សេចក្ដីជំនឿ សេចក្ដីពិត និង​ទីបន្ទាល់ ។

ចុងបញ្ចប់នៃ​ដំណើរ​របស់​យើង គឺ​រៀបចំខ្លួន​ដើម្បី​ទៅ​ជួប​នឹង​ព្រះ​របស់យើង ។ យើង​ធ្វើ​ដូចនេះ​បាន​តាមរយៈ​ការ​ព្យាយាម​ប្រែក្លាយ​ដូចជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង ព្រះយេស៊ូវគ្រីស្ទ​កាន់​តែ​ខ្លាំង ។ យើង​ធ្វើដូច្នោះនៅពេល​យើង​ប្រែចិត្តប្រចាំ​ថ្ងៃ ហើយ​ទទួល​បាន​ការ​សម្អាត​ការព្យាបាល និង​អំណាច​ពង្រឹង​របស់​ទ្រង់ ។ បន្ទាប់មក យើង​អាច​មាន​អារម្មណ៍​ភាពសុខសាន្ដ និងអំណរ​យូរអង្វែង ទោះ​ជា​នៅ​គ្រា​ចលាចល​ក្ដី ។ នេះ​ជា​មូលហេតុ​ដែល​ព្រះអម្ចាស់អង្វរ​ឲ្យ​យើង​ឈរ​នៅ​ក្នុង​ទីបរិសុទ្ធ និង​« កុំរើ​ឡើយ » ។

ឆ្នាំ​នេះ យើង​ប្រារព្ធ​ខួប​លើកទី ២០០ ឆ្នាំ នៃ​ព្រឹត្តការណ៍​ដ៏​សំខាន់​បំផុត​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ពិភពលោក — គឺ​ការលេច​មក​របស់​ព្រះជា​ព្រះបិតា និង​ព្រះរាជបុត្រាសំណព្វ​របស់​ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ​ចំពោះ​យ៉ូសែប ស្ម៊ីធ ។ អំឡុង​ការនិមិត្តតែមួយគត់នេះ ព្រះជាព្រះបិតា​បាន​ចង្អុល​ទៅ​កាន់ព្រះយេស៊ូវគ្រីស្ទ រួច​មានបន្ទូល​ថា « នេះ គឺជា​បុត្រ​សំណព្វ​របស់​យើង ។ ចូរ​ស្តាប់​តាម​ទ្រង់​ចុះ ! »

ការ​ដាស់​តឿន​ដែល​ប្រទាន​ឲ្យ​ដល់​យ៉ូសែប គឺ​សម្រាប់​យើង​ម្នាក់ៗ ។ យើង​ព្យាយាម​គ្រប់​វិធី​តាម​ដែល​យើង​អាច​ធ្វើ​ទៅ​បាន ដើម្បី​ស្ដាប់​ព្រះយេស៊ូវគ្រីស្ទ ដែល​មាន​បន្ទូល​មក​កាន់​យើង​តាមរយៈ​ព្រះចេស្ដា និង​ការងារ​បម្រើ​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ។

គោលបំណង​នៃ​សន្និសីទ​ទូទៅ​នេះ និង​សន្និសី​ទទូ​ទៅ​ទាំង​អស់ គឺ​ដើម្បី​ជួយ​យើង​ស្ដាប់​ទ្រង់ ។ យើង​បាន​អធិស្ឋាន និង​បាន​អញ្ជើញ​បងប្អូន​ឲ្យ​អធិស្ឋាន ថា​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ នឹង​គង់នៅ​នឹង​យើង​យ៉ាង​បរិបូរណ៍ ដើម្បី​បងប្អូន​អាច​ស្ដាប់ឮ​សារលិខិត ដែល​ព្រះអង្គសង្គ្រោះ​មាន​ជា​ពិសេស​សម្រាប់​បងប្អូន— ជា​សារលិខិត​ដែល​នឹង​នាំ​ភាព​សុខសាន្ដ​មក​កាន់​ព្រលឹង​បងប្អូន ។ សារលិខិត​ដែល​នឹង​ព្យាបាល​របួស​ដួងចិត្ត​បងប្អូន ។ សារលិខិត​ដែល​នឹង​បំភ្លឺ​គំនិត​របស់​បងប្អូន ។ សារលិខិត​ដែល​នឹង​ជួ​យ​បងប្អូន​ដឹង​នូវ​អ្វី​ដែល​ត្រូវ​ធ្វើ នៅ​ពេល​បងប្អូន​ឆ្លង​កាត់​គ្រា​ចលាចល និង​ការសាកល្បង​ក្នុង​ពេលនេះ និង​ពេលអនាគត ។

យើង​អធិស្ឋាន​សូម​ឲ្យ​សន្និសីទ​នេះ នឹង​ជា​រឿង​គួរ​ឲ្យ​ចងចាំ និង​មិន​អាច​បំភ្លេច​បាន ដោយ​សារ​តែ​សារលិខិត​ដែល​បងប្អូន​នឹង​ស្ដាប់​ឮ ការប្រកាស​ពិសេស ដែល​នឹង​ធ្វើ​ឡើង និង​បទពិសោធន៍​នានា​ដែល​បងប្អូន​នឹង​ត្រូវ​បានអញ្ជើញ​ឲ្យ​ចូលរួម ។

ឧទាហរណ៍ នៅ​ចុងបញ្ចប់​នៃ​សម័យប្រជុំ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ យើង​នឹង​កោះ​ប្រជុំ​ទូទាំង​ពិភពលោក​ជា​ឧឡារិក នៅ​ពេល​ខ្ញុំ​ដឹកនាំ​បងប្អូន​ឲ្យ​ស្រែក​ហូសាណា​ដ៏​ពិសិដ្ឋ ។ យើង​អធិស្ឋាន​សូម​ឲ្យ​រឿងនេះ នឹង​ជា​ចំណុច​សំខាន់​ខាង​វិញ្ញាណ​សម្រាប់ប​ងប្អូន នៅពេល​យើង​បន្លឺ​សំឡេង​ព្រមគ្នា​នៅ​ទូទាំង​ពិភពលោក​ថ្លែង​អំណរគុណ​ដល់​ព្រះ​ជា​ព្រះបិតា​របស់​យើង និង​ព្រះរាជបុត្រា​សំណព្វ​របស់​ទ្រង់​ដោយការ​សរសើរ​ដល់ពួកទ្រង់​តាម​របៀប​ដ៏​ពិសេស​នេះ ។

សម្រាប់​បទពិសោធន៍​ដ៏​ពិសិដ្ឋ​នេះ យើង​ប្រើ​កូន​កន្សែង​ពណ៌ស ។ ប៉ុន្តែ​បើ​បងប្អូន​ពុំ​មាន​ទេ បងប្អូន​អាច​ក្រវី​ដៃ​ក៏​បាន ។ នៅ​ចុង​បញ្ចប់​នៃ​ការ​ស្រែក​ហូសាណា ក្រុមជំនុំ​នឹង​ចូលរួម​ច្រៀង​នឹង​ក្រុម​ចម្រៀង​ដោយ​បទ « ព្រះវិញ្ញាណ​នៃ​ព្រះ » ។

បងប្អូន​ប្រុសស្រី​ជា​ទីស្រឡាញ់​របស់​ខ្ញុំ សន្និសីទ​នេះ នឹង​អស្ចារ្យ ។ ឆ្នាំ​នេះ​នឹង​ជា​ឆ្នាំ​ដ៏​អស្ចារ្យ នៅ​ពេល​យើង​ផ្ដោត​យ៉ាង​ខ្លាំង​ទៅ​លើ​ព្រះអង្គ​សង្គ្រោះ និង​ដំណឹងល្អ​ដែល​បាន​ស្ដារឡើង​វិញ​របស់​ទ្រង់ ។ ឥទ្ធិពល​យូរអង្វែង​ដ៏​សំខាន់​នៃ​សន្និសីទ​ជា​ប្រវត្តិសាស្ត្រ​នេះ នឹង​ធ្វើ​ឲ្យ​ដួងចិត្ត​យើង​ផ្លាស់ប្ដូរ ហើយ​យើង​ចាប់​ផ្ដើម​ស្វែង​ស្ដាប់​ទ្រង់​ពេញ​មួយ​ជីវិត ។

សូម​ស្វាគមន៍​មក​កាន់​សន្និសីទទូទៅ​ខែ​មេសា ឆ្នាំ ២០២០ ! ខ្ញុំ​ដឹង​ថា​ព្រះ​ជា​ព្រះវរបិតាសួគ៌​របស់​យើង និង​ព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ គឺ​ទ្រង់​ព្រះ​ញាណ​ដឹង​អំពី​ពួកយើង ។ ពួក​ទ្រង់​នឹង​គង់​នៅ​នឹង​យើង​នៅ​ពេញ​ថ្ងៃ​ដ៍​រុងរឿង​ទាំង​ពីរ​នេះ នៅ​ពេល​យើង​ព្យាយាម​ខិត​កាន់​តែ​ជិត​នឹង​ពួកទ្រង់ ហើយ​គោរព​ទ្រង់ ។ ក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕