ចូរមករកព្រះគ្រីស្ទ—រស់នៅជាពួកបរិសុទ្ធថ្ងៃចុងក្រោយ
យើងអាចធ្វើការលំបាកទាំងឡាយ និងជួយមនុស្សដទៃឲ្យធ្វើដូចគ្នាពីព្រោះយើងដឹងថា យើងអាចទុកចិត្តលើនរណា បាន ។
សូមអគុណចំពោះអែលឌើរ Soares សម្រាប់ទីបន្ទាល់ដ៏មានឥទ្ធិពលនិងការព្យាករអំពីព្រះគម្ពីរមរមន ។ ថ្មីៗនេះខ្ញុំមានឱកាសដ៏ពិសេសមួយ ដោយបានកាន់ក្រដាសមួយសន្លឹកនៃសំណៅដើមនៃព្រះគម្ពីរមរមន ។ នៅលើទំព័រពិសេសនេះ ជាលើកដំបូងនៅក្នុងគ្រាកាន់កាប់ត្រួតត្រានេះ ពាក្យពេចន៍ដ៍ក្លាហានរបស់នីហ្វៃទាំងនេះត្រូវបានកត់ត្រា ៖ « ខ្ញុំនឹងទៅ ហើយធ្វើនូវអ្វីៗ ដែលព្រះអម្ចាស់ទ្រង់បានបញ្ជា ដ្បិតខ្ញុំដឹងថា ព្រះអម្ចាស់ទ្រង់មិនចេញបញ្ជាដល់កូនចៅមនុស្សណាឡើយ លើកលែងតែទ្រង់នឹងរៀបចំផ្លូវ ដើម្បីឲ្យគេអាចសម្រេចនូវអ្វីៗ ដែលទ្រង់បានបញ្ជាដល់ពួកគេទុកជាមុនសិន » ។១
ពេលខ្ញុំកាន់ទំព័រនេះ ខ្ញុំបានពេញទៅដោយការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការខិតខំរបស់យ៉ូសែប ស្មីធ អាយុ២៣ ឆ្នាំ ដែលបានបកប្រែព្រះគម្ពីរមរមនដោយ « អំណោយទាន និងព្រះចេស្តានៃព្រះ » ។២ ខ្ញុំក៏មានអារម្មណ៍កោតសរសើរចំពោះពាក្យរបស់នីហ្វៃវ័យក្មេងម្នាក់ ដែលត្រូវបានសុំឲ្យធ្វើនូវកិច្ចការដ៏លំបាកមួយដើម្បីទទួលបានផ្ទាំងលង្ហិនពីឡាបាន់ ។
នីហ្វៃបានដឹងថា ប្រសិនបើលោកបន្តផ្ដោតចិត្តទៅលើព្រះអម្ចាស់ នោះលោកនឹងទទួលបានជោគជ័យក្នុងការបំពេញតាមបញ្ញាត្តិរបស់ព្រះអម្ចាស់ ។ លោកបានបន្ដផ្ដោតចិត្តទៅលើព្រះអង្គសង្រ្គោះពេញមួយជីវិតលោកទោះបីលោកបានរងទុក្ខនឹងការល្បួង ការសាកល្បងខាងរូបកាយ និងសូម្បីតែការក្បត់មកអំពីគ្រួសារលោកផ្ទាល់ផងដែរ ។
នីហ្វៃបានដឹងថា លោកអាចទុកចិត្តលើនរណាបាន ។៣ មិនយូរប៉ុន្មានបន្ទាប់ពីបានលាន់មាត់ថា « ឱរូបខ្ញុំអើយវេទនាអ្វីម្ល៉េះ ! មែនហើយ ចិត្តខ្ញុំសោកសៅ ព្រោះតែសាច់ឈាមរបស់ខ្ញុំ »៤នោះនីហ្វៃបានថ្លែងថា « ព្រះរបស់ខ្ញុំ គឺជាទីផ្អែករបស់ខ្ញុំ ទ្រង់បានដឹកនាំខ្ញុំឲ្យឆ្លងកាត់សេចក្ដីទុក្ខវេទនាទាំងឡាយរបស់ខ្ញុំនៅក្នុងទីរហោស្ថាន ហើយទ្រង់បានរក្សាខ្ញុំទុកនៅលើផ្ទៃទឹកនៃទីជម្រៅដ៏ធំ » ។៥
ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ យើងមិនត្រូវបានរួចផុតពីឧបសគ្គនិងការសាកល្បងនៅក្នុងជីវិតរបស់យើងនោះទេ ។ ជារឿយៗយើងត្រូវធ្វើអ្វីៗដែលពិបាកប្រសិនបើចង់ធ្វើតែម្នាក់ឯង នោះអាចនឹងមានអារម្មណ៍សន្ធប់ហើយប្រហែលជាមិនអាចទៅរួចឡើយ ។ នៅពេលយើងទទួលការអញ្ជើញរបស់ព្រះអង្គសង្រ្គោះឲ្យ « ចូរមករកខ្ញុំ » ៦ទ្រង់នឹងផ្តល់ការគាំទ្រ ការលួងលោម និងសេចក្ដីសុខសាន្ដដែលចាំបាច់គឺដូចដែលទ្រងបានធ្វើសម្រាប់នីហ្វៃ និង យ៉ូសែប ។ ទោះបីជានៅក្នុងឧបសគ្គដ៏លំបាកខ្លាំងរបស់យើងក៏យើងអាចមានអារម្មណ៍កក់ក្តៅនៃសេចក្តីស្រឡាញ់របស់ទ្រង់បានដែរ ពេលយើងទុកចិត្តលើទ្រង់ ហើយទទួលយកព្រះទ័យរបស់ទ្រង់ ។ យើងអាចទទួលបានអំណរដែលបានទុកសម្រាប់សិស្សស្មោះត្រង់របស់ទ្រង់ត្បិត« ព្រះគ្រីស្ទគឺជាសេចក្តីអំណរ » ។៧
នៅឆ្នាំ ២០១៤ ក្នុងពេលបម្រើបេសកកម្ម ពេញម៉ោងគ្រួសារយើងបានមានបទពិសោធន៍នូវព្រឹត្តិការណ៍ដែលមិននឹកស្មានដល់មួយ ។ ពេលជិះចុះពីលើភ្នំដ៏ចោតមួយ កូនប្រុសពៅរបស់យើងបានដួលនិងមានគ្រោះថ្នាក់ដល់អាយុជីវិតដែលបានប៉ះទង្គិចដល់ខួរក្បាលគាត់ ។ ដោយសារស្ថានភាពរបស់គាត់ធ្ងន់ធ្ងរ បុគ្គលិកពេទ្យបានប្រញាប់បញ្ជូនគាត់ទៅធ្វើការវះកាត់ជាបន្ទាន់ ។
គ្រួសារយើងបានលុតជង្គង់ចុះលើឥដ្ឋក្នុងបន្ទប់មន្ទីរពេទ្យដែលគ្មានមនុស្សហើយយើងបានថ្វាយដួងចិត្តរបស់យើងទៅដល់ព្រះ ។ នៅកណ្តាលគ្រាដ៏ច្របូកច្របល់ និងឈឺចាប់នេះ យើងបានពោរពេញទៅដោយក្តីស្រឡាញ់និងភាពសុខសាន្ដរបស់ព្រះវរបិតាសួគ៌របស់យើង ។
យើងមិនបានដឹងថា អនាគតនឹងទៅជាយ៉ាងណានោះទេ ឬថាតើយើងនឹងឃើញកូនប្រុសរបស់យើងនៅរស់ដែរឬអត់នោះទេ ។ យើងបានដឹងយ៉ាងច្បាស់ថា ជីវិតរបស់គាត់ស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះ ហើយចេញពីទស្សនៈវិស័យដ៍អស់កល្បមួយ លទ្ធផលនឹងទទួលបានសម្រាប់ជាប្រយោជន៍ដល់គាត់ និងយើងផងដែរ ។ តាមរយៈអំណោយទាននៃព្រះវិញ្ញាណ នោះយើងបានត្រៀមខ្លួនជាស្រេចដើម្បីទទួលយកលទ្ធផលណាក៏ដោយ ។
វាមិនងាយស្រួលទេ ! យើងត្រូវស្នាក់នៅក្នុងមន្ទីរពេទ្យរយៈពេលពីរខែដោយសារគ្រោះថ្នាក់នោះ អំឡុងយើងជាធ្វើជាប្រធានសម្រាប់ពួកអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងជាង ៤០០ នាក់ ។ កូនប្រុសរបស់យើងបានបាត់បង់ការចងចាំយ៉ាងច្រើន ។ ការជាសះស្បើយរបស់គាត់ត្រូវមាន វគ្គព្យាបាលកាយសម្បទាដ៏ពិបាក និងយូរអង្វែង វឹកហាត់ការនិយាយ និងការព្យាបាលដោយវិជ្ជាជីវៈ ។ ឧបសគ្គនៅតែមាន ប៉ុន្តែយូរៗទៅយើងបានឃើញអព្ហូតហេតុមួយ ។
យើងដឹងយ៉ាងច្បាស់ថា មិនមែនគ្រប់ការសាកល្បងដែលយើងជួប នឹងមានលទ្ធផលដូចដែលយើងប៉ងប្រាថ្នានោះទេ ។ ទោះជាយ៉ាងណា នៅពេលយើងបន្ដផ្តោតចិត្តលើព្រះគ្រីស្ទ នោះយើងនឹងមានអារម្មណ៍សុខសាន្ត ហើយឃើញអព្ភូតហេតុរបស់ព្រះ មិនថាវាជាអ្វីក៍ដោយ ទៅតាមពេលវេលា និងរបៀបរបស់ទ្រង់ ។
មានពេលខ្លះដែលយើងមិនអាចមើលឃើញពីវិធីណាដែលស្ថានភាពបច្ចុប្បន្ននឹងបញ្ចប់ទៅយ៉ាងល្អនោះទេ ហើយថែមទាំងអាចនិយាយដូចនីហ្វៃថា« ចិត្តខ្ញុំសោកសៅ ព្រោះតែសាច់ឈាមរបស់ខ្ញុំ » ។៨ ពេលខ្លះ ដែលសេចក្តីសង្ឃឹមតែមួយគត់ដែលយើងមាននោះគឺនៅក្នុងព្រះយេស៊ូវគ្រីស្ទ ។ នេះជាពរជ័យមួយ ដើម្បីមានក្តីសង្ឃឹមនិងទុកចិត្តលើទ្រង់ ។ ព្រះគ្រីស្ទគឺជាអង្គដែលនឹងធ្វើតាមការសន្យារបស់ទ្រង់ជានិច្ច ។ សេចក្តីសម្រាករបស់ទ្រង់គឺធានាថា មានដល់អ្នកទាំងអស់ដែលមករកទ្រង់ ។៩
ថ្នាក់ដឹកនាំយើងពិតជាចង់ឲ្យមនុស្សទាំងអស់មានអារម្មណ៍សុខសាន្ថ និងការលួងលោម ដែលកើតឡើងពីការទុកចិត្ត និងការផ្តោតចិត្តលើព្រះអង្គសង្រ្គោះព្រះយេស៊ូវគ្រីស្ទ ។
ព្យាការីនៅរស់របស់យើង ប្រធាន រ័សុល អ៊ឹម ណិលសុនបានប្រាស្រ័យទាក់ទងក្នុងចក្ខុវិស័យរបស់ព្រះអម្ចាស់សម្រាប់ពិភពលោកនិងសម្រាប់សមាជិកនៃសាសនាចក្ររបស់ព្រះគ្រីស្ទ ៖ « សារលិខិតរបស់យើងទៅកាន់ពិភពលោកគឺសាមញ្ញ ហើយដោយស្មោះ ៖ ពួកយើងសូមអញ្ជើញបុត្រាបុត្រីរបស់ព្រះទាំងអស់ដែលនៅសងខាងនៃវាំងននឲ្យមករកព្រះអង្គសង្គ្រោះ ទទួលយកពរជ័យនៃព្រះវិហារបរិសុទ្ធដ៏បរិសុទ្ធ ទទួលបានអំណរយូរអង្វែង និងសក្ដិសមសម្រាប់ជីវិតអស់កល្បជានិច្ច » ។១០
ការអញ្ញើញនេះឲ្យ « មករកព្រះគ្រីស្ទ » នេះជាប់ទាក់ទងយ៉ាងជាក់លាក់សម្រាប់ពួកបរិសុទ្ធថ្ងៃចុងក្រោយ ។១១ ក្នុងនាមជាសមាជិកនៃសាសនាចក្ររបស់ព្រះអង្គសង្រ្គោះ យើងបានចុះសេចក្ដីសញ្ញាជាមួយទ្រង់ហើយបានក្លាយជាបុត្រាបុត្រីខាងវិញ្ញាណរបស់ទ្រង់ ។១២ យើងក៍មានឱកាសឲ្យធ្វើការជាមួយព្រះអម្ចាស់ក្នុងការអញ្ជើញអ្នកដទៃឲ្យមករកទ្រង់ផងដែរ ។
នៅពេលយើងធ្វើការជាមួយព្រះគ្រីស្ទ ការខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតរបស់យើង គួរតែស្ថិតនៅក្នុងផ្ទះរបស់យើងផ្ទាល់ ។ មានពេលដែលសមាជិកគ្រួសារ និងមិត្តភក្ដិជិតស្និទ្ធនឹងជួបឧបសគ្គផ្សេងៗ ។ សម្លេងនៃពិភពលោក ហើយប្រហែលជាបំណងផ្ទាល់ខ្លួនរបស់ពួកគេផងដែរ អាចបណ្តាលឲ្យពួកគេចោទសួរពីសេចក្ដីពិត ។ យើងគួរតែធ្វើឲ្យអស់ពីលទ្ធភាព ដើម្បីជួយពួកគេឲ្យទទួលបានទាំងសេចក្តីស្រឡាញ់របស់ព្រះអង្គសង្រ្គោះនិងសេចក្តីស្រឡាញ់របស់យើងផងដែរ ។ ខ្ញុំនឹកដល់ទំនុកតម្កើងមួយ « ចូរស្រឡាញ់គ្នាទៅវិញទៅមក » ដែលបង្រៀនយើងថា « ដោយសារសេចក្តីនេះ…គេនឹងដឹងថា …អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ គឺដោយអ្នករាល់គ្នាមានសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមក » ។១៣
ក្នុងសេចក្តីស្រឡាញ់របស់យើង ចំពោះអ្នកដែលកំពុងសួរដេញដោលការពិត នោះសត្រូវនៃអំណរទាំងឡាយអាចនឹងព្យាយាមធ្វើឲ្យយើងមានអារម្មណ៍ថាយើងក្បត់អ្នកដែលយើងស្រឡាញ់ប្រសិនបើយើងខ្លួនឯងបន្តរស់នៅតាមដំណឹងល្អដ៏ពេញលេញនិងបង្រៀនពីសេចក្តីពិត ។
សមត្ថភាពរបស់យើង ដើម្បីមានជួយអ្នកដទៃឲ្យមករកព្រះគ្រីស្ទ ឬត្រឡប់ទៅរកព្រះគ្រីស្ទវិញ នឹងត្រូវបានកំណត់យ៉ាងធំធេងដោយដាក់ការប្តេជ្ញាចិត្តផ្ទាល់ខ្លួនរបស់យើងដើម្បីស្ថិតនៅលើផ្លូវនៃសេចក្តីសញ្ញា ។
ប្រសិនបើបំណងប្រាថ្នាពិតប្រាកដរបស់យើងគឺដើម្បីជួយសង្រ្គោះអ្នកដែលយើងស្រឡាញ់នោះយើងខ្លួនឯងត្រូវតែឈរយ៉ាងរឹងមាំជាមួយព្រះគ្រីស្ទតាមរយៈការឱបក្រសោបសាសនាចក្ររបស់ទ្រង់ និងភាពពេញលេញនៃដំណឹងល្អរបស់ទ្រង់ ។
ត្រឡប់ទៅរឿងរបស់នីហ្វៃវិញ យើងដឹងថា ទំនោររបស់នីហ្វៃក្នុងការទុកចិត្តលើព្រះអម្ចាស់បានទទួលឥទ្ធិពលពីទំនោររបស់ឪពុកម្តាយរបស់លោកក្នុងការទុកចិត្តលើព្រះអម្ចាស់និងដោយគំរូនៃការរក្សាសេចក្តីសញ្ញារបស់ពួកគេ ។ នេះត្រូវបានបង្ហាញយ៉ាងប្រពៃនៅក្នុងការនិមិត្តរបស់លីហៃអំពីដើមឈើជីវិត ។ ក្រោយពីបានទទួលទានផ្លែឈើដ៏មានរសជាតិផ្អែម និងដ៍រីករាយនៃដើមឈើនោះ លីហៃ « ចោលភ្នែកមើលជុំវិញខ្លួន [ លោក ] ក្រែង [ លោក ]អាចឃើញគ្រួសារ [ របស់លោក ] » ។១៤ លោកបានឃើញ សារ៉ាយ សាំ និងនីហ្វៃកំពុងឈរ « ហាក់បីដូចជាគេមិនដឹងជានឹងទៅផ្លូវណាឡើយ » ។១៥ រួចហើយលីហៃបាននិយាយថា « ឪពុកបានបោយដៃហៅពួកគេ ហើយឪពុកព្រមទាំងបានស្រែកហៅពួកគេយ៉ាងខ្លាំងឲ្យមករកឪពុក ហើយទទួលទានផ្លែឈើ » ។១៦ សូមកត់សំគាល់ថាលីហៃមិនបានចាកចេញពីដើមឈើជីវិតទេ ។ លោកនៅជាប់នឹងព្រះអម្ចាស់ខាងវិញ្ញាណជានិច្ចហើយអញ្ជើញក្រុមគ្រួសាររបស់លោកឲ្យមកត្រង់កន្លែងដែលលោកត្រូវទទួលទានផ្លែឈើនោះ ។
មារសត្រូវ នឹងល្បួងមនុស្សមួយចំនួនឲ្យចាកចាញពីអំណរនៃដំណឹងល្អ ដោយញែកការបង្រៀនរបស់ព្រះគ្រីស្ទ មកពីសាសនាចក្ររបស់ទ្រង់ ។ វាចង់ឲ្យយើងជឿថាយើងអាចនៅរឹងមាំនៅលើផ្លូវនៃសេចក្តីសញ្ញាដោយខ្លួនឯង បាន តាមរយៈជីវភាពខាងវិញ្ញាណផ្ទាល់ខ្លួនរបស់យើងដែលឯករាជ្យពីសាសនាចក្ររបស់ទ្រង់ ។
នៅថ្ងៃចុងក្រោយនេះសាសនាចក្ររបស់ព្រះគ្រីស្ទត្រូវបានស្តារឡើងវិញ ដើម្បីជួយបុត្រាបុត្រីនៃសេចក្ដីសញ្ញារបស់ព្រះគ្រីស្ទឲ្យបន្ដនៅលើផ្លូវនៃសេចក្តីសញ្ញារបស់ទ្រង់ ។
នៅក្នុងគោលលទ្ធិនិងសេចក្ដីសញ្ញា យើងអានថា « មើលចុះ នេះហើយជាគោលលទ្ធិរបស់យើង—គឺអស់អ្នកណាដែលប្រែចិត្ត ហើយមករកយើងនោះមានឈ្មោះថាជាសាសនាចក្ររបស់យើងហើយ » ។១៧
តាមរយៈសាសនាចក្ររបស់ព្រះគ្រីស្ទយើងត្រូវបានពង្រឹងតាមរយៈបទពិសោធន៍របស់យើងជាសហគមន៏នៃពួកបរិសុទ្ធ ។ យើងឮសំឡងទ្រង់តាមរយៈព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈរបស់ទ្រង់ ។ សំខាន់បំផុតនោះគឺ តាមរយៈសាសនាចក្ររបស់ទ្រង់យើងទទួលបានពរជ័យសំខាន់ៗទាំងអស់នៃដង្វាយធួនរបស់ព្រះគ្រីស្ទ ដែលអាចត្រូវទទួលបានតែតាមរយៈការចូលរួម ក្នុង ពិធីបរិសុទ្ធដ៍ពិសិដ្ធទាំងឡាយប៉ុណ្ណោះ ។
សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធ ថ្ងៃចុង ក្រោយ គឺជាសាសនាចក្ររបស់ព្រះគ្រីស្ទនៅលើផែនដី ដែលបានស្តារឡើងវិញ នៅថ្ងៃចុងក្រោយនេះសម្រាប់ជាប្រយោជន៏ដល់បុត្រាបុត្រីរបស់ព្រះទាំងអស់ ។
ខ្ញុំថ្លែងជាសាក្សីថា ពេលយើង មករកព្រះគ្រីស្ទ ហើយរស់នៅជាពួកបរិសុទ្ធថ្ងៃចុងក្រោយ នោះយើងនឹងទទួលបានពរជ័យបន្ថែម ជាមួយសេចក្តីស្រឡាញ់ សេចក្តីអំណរ និងសេចក្តីសុខសាន្ដរបស់ទ្រង់ ។ ដូចជានីហ្វៃដែរ យើងអាចធ្វើការលំបាកទាំងឡាយ និងជួយមនុស្សដទៃឲ្យធ្វើដូចគ្នាពីព្រោះយើងដឹងថា យើងអាចទុកចិត្តលើនរណា បាន ។១៨ ព្រះគ្រីស្ទគឺជាពន្លឺយើង ជីវិតយើង និងជាសេចក្តីសង្រ្គោះរបស់យើង ។១៩ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕