ព្រះគម្ពីរ
ហេលេមិន 10


ជំពូក​ទី ១០

ព្រះ​អម្ចាស់​ទ្រង់​ប្រទាន​ឲ្យ​នីហ្វៃ​នូវ​អំណាច​ភ្ជាប់ — លោក​ត្រូវ​បាន​ប្រទាន​អំណាច​ឲ្យ​ចង និង​ស្រាយ​នៅ​លើ​ផែនដី និង​នៅ​លើ​ស្ថានសួគ៌ — លោក​បញ្ជា​ឲ្យ​ប្រជាជន​ប្រែ​ចិត្ត បើ​ពុំ​នោះ​សោត​ទេ​នឹង​ត្រូវ​វិនាស — ព្រះ​វិញ្ញាណ​នាំ​លោក​ពី​ហ្វូង​មនុស្ស​មួយ​ទៅ​ហ្វូង​មនុស្ស​មួយ​ទៀត។ ប្រមាណ​ជា​ឆ្នាំ ២១–២០ ម.គ.ស.។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា មាន​ការ​បែកបាក់​មួយ​ផុស​ឡើង​នៅ​ក្នុង​ចំណោម​ប្រជាជន ដរាប​ដល់​ពួក​គេ​បាន​បែក​គ្នា ហើយ​ចែក​ផ្លូវ​គ្នា​រៀងៗ​ខ្លួន ចោល​នីហ្វៃ​នៅ​តែ​ម្នាក់​ឯង នៅ​ពេល​ដែល​លោក​កំពុងតែ​ឈរ​នៅ​កណ្ដាល​ពួក​គេ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នីហ្វៃ​បាន​ដើរ​សំដៅ​ទៅ​ឯ​ផ្ទះ​របស់​លោក ហើយ​សញ្ជឹង​គិត​ដល់​ការណ៍​ទាំង​ឡាយ ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​បង្ហាញ​ដល់​លោក។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ពេល​ដែល​លោក​កំពុងតែ​សញ្ជឹង​គិត — ដោយ​ទន់ខ្សោយ​ជា​ខ្លាំង ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​ប្រជាជន​នៃ​សាសន៍​នីហ្វៃ កិច្ចការ​សម្ងាត់​ទាំង​ឡាយ​នៃ​សេចក្ដី​ងងឹត​របស់​គេ និង​អំពើ​ឃាតកម្ម​ទាំង​ឡាយ​របស់​គេ និង​អំពើ​ប្លន់​របស់​គេ និង​អំពើ​ទុច្ចរិត​គ្រប់​បែប​យ៉ាង​របស់​គេ — ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ពេល​ដែល​លោក​កំពុងតែ​សញ្ជឹង​គិត​នៅ​ក្នុង​ចិត្ត​លោក​នៅ​ឡើយ​នោះ មើល​ចុះ មាន​សំឡេង​មួយ​បន្លឺ​មក​លោ​ក​ថា ៖

នីហ្វៃ​អើយ អ្នក​មាន​ពរ​ហើយ ព្រោះ​ការណ៍​ទាំង​ឡាយ​ដែល​អ្នក​បាន​ធ្វើ​នោះ ត្បិត​យើង​បាន​ឃើញ​ថា អ្នក​បាន​ប្រកាស​ប្រាប់​ពាក្យ​របស់​យើង ដោយ​គ្មាន​នឿយហត់ គឺជា​ពាក្យ​ដែល​យើង​បាន​ប្រទាន​ដល់​អ្នក​ឲ្យ​ដល់​ប្រជាជន​នេះ។ ហើយ​អ្នក​ពុំ​បាន​ខ្លាច​ពួក​គេ ហើយ​ពុំ​បា​នរក​ជីវិត​របស់​អ្នក​ផ្ទាល់ ប៉ុន្តែ​បាន​ស្វែងរក​បំណង​របស់​យើង​វិញ ហើយ​បាន​កាន់​តាម​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង។

ហើយ​ឥឡូវ​នេះ ពី​ព្រោះ​អ្នក​បាន​ធ្វើ​ការ​នេះ​ដោយ​ឥត​នឿយហត់​ដូច្នេះ មើល​ចុះ យើង​នឹង​ប្រទាន​ពរ​ឲ្យ​អ្នក​រហូត​ត​ទៅ ហើយ​យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ខ្លាំង​ពូកែ​នៅ​ក្នុង​សម្ដី និង​ក្នុង​ចរិយា ក្នុង​សេចក្ដី​ជំនឿ និង​ក្នុង​កិច្ចការ​ទាំង​ឡាយ មែន​ហើយ គឺ​ដើម្បី​ឲ្យ​គ្រប់​ការណ៍​ទាំង​អស់ ត្រូវ​បាន​សម្រេច​ដល់​អ្នក ស្រប​តាម​ពាក្យ​របស់​អ្នក ព្រោះ​អ្នក​នឹង​ពុំ​ប្រាថ្នា​អ្វី ដែល​ផ្ទុយ​ពី​បំណង​របស់​យើង​ឡើយ។

មើល​ចុះ អ្នក​ជា​នីហ្វៃ ហើយ​យើង​ជា​ព្រះ។ មើល​ចុះ យើង​ប្រកាស​ប្រាប់​ការណ៍​នេះ​ដល់​អ្នក នៅ​វត្ត​មាន​នៃ​ពួក​ទេវតា​របស់​យើង​ថា អ្នក​នឹង​មាន​អំណាច​លើ​ប្រជាជន​នេះ ហើយ​នឹង​វាយ​ផែនដី​នេះ ដោយ​អំណត់​អត់ និង​ដោយ​ជំងឺ​អាសន្នរោគ និង​ការ​បំផ្លិចបំផ្លាញ ស្រប​តាម​អំពើ​ទុច្ចរិត​របស់​ប្រជាជន​នេះ។

មើល​ចុះ យើង​ប្រទាន​ឲ្យ​អ្នក​នូវ​អំណាច​ថា ទោះ​ជា​អ្វី​ក៏​ដោយ ដែល​អ្នក​នឹង​ភ្ជាប់​នៅ​លើ​ផែនដី ក៏​នឹង​ត្រូវ​បាន​ភ្ជាប់​នៅ​លើ​ស្ថានសួគ៌​ដែរ ហើយ​ទោះ​ជា​អ្វី​ក៏​ដោយ ដែល​អ្នក​នឹង​ស្រាយ​នៅ​លើ​ផែនដី ក៏​នឹង​ត្រូវ​បាន​ស្រាយ​លើ​ស្ថានសួគ៌​ដែរ ម្ល៉ោះ​ហើយ អ្នក​នឹង​មាន​អំណាច​នៅ​ក្នុង​ចំណោម​ប្រជាជន​នេះ។

ម្ល៉ោះ​ហើយ បើ​សិន​ជា​អ្នក​នឹង​និយាយ​ទៅ​កាន់​ព្រះ​វិហារ​បរិសុទ្ធ​នេះ ឲ្យ​វា​បែក​ទៅ​ជា​ពីរ នោះ​វា​នឹង​បាន​សម្រេច​ដូច្នោះ។

ហើយ​បើ​សិន​ជា​អ្នក​នឹង​និយាយ​ទៅ​កាន់​ភ្នំ​នេះ​ថា ៖ ចូរ​ឯង​បន្ទាប ហើយ​រាបស្មើ​ចុះ នោះ​វា​នឹង​ធ្វើ​បាន​សម្រេច​ដូច្នោះ។

១០ហើយ​មើល​ចុះ បើ​សិន​ជា​អ្នក​នឹង​និយាយ​ថា ព្រះ​ទ្រង់​នឹង​វាយ​ប្រជាជន​នេះ នោះ​វា​នឹង​កើត​ឡើង​ដូច្នោះ។

១១ហើយ​ឥឡូវ​នេះ មើល​ចុះ យើង​បញ្ជា​អ្នក​ថា អ្នក​ត្រូវ​ទៅ ហើយ​ប្រកាស​ប្រាប់​ដល់​ប្រជាជន​នេះ​ថា ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ គឺជា​ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នេះ​ថា ៖ លើក​លែងតែ​អ្នក​រាល់​គ្នា​ប្រែ​ចិត្ត បើ​ពុំ​នោះ​សោត​ទេ នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​បាន​វាយ គឺ​រហូត​ដល់​សេចក្ដី​បំផ្លិចបំផ្លាញ​ផង។

១២ហើយ​មើល​ចុះ ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ទាំង​នេះ​ទៅ​កាន់​នីហ្វៃ​រួច​ហើយ នោះ​លោក​បាន​ឈប់ ហើយ​មិន​បាន​ទៅ​ផ្ទះ​របស់​លោក​ទេ ប៉ុន្តែ​បាន​ត្រឡប់​ទៅ​ឯ​ហ្វូង​មនុស្ស​ទាំង​ឡាយ ដែល​នៅ​រាយ​លើ​ផ្ទៃ​ដែនដី​វិញ ហើយ​បាន​ចាប់​ផ្ដើម​ប្រកាស​ដល់​ពួក​គេ​នូវ​ព្រះ​បន្ទូល​នៃ​ព្រះ​អម្ចាស់ ដែល​មាន​ព្រះ​បន្ទូល​មក​លោក​នោះ អំពី​ការ​បំផ្លិចបំផ្លាញ​របស់​ពួក​គេ បើ​សិន​ជា​ពួក​គេ​មិន​ប្រែ​ចិត្ត​ទេ។

១៣ឥឡូវ​នេះ មើល​ចុះ ទោះ​ជា​មាន​អព្ភូតហេតុ​ដ៏​ធំ ដែល​នីហ្វៃ​បាន​ធ្វើ ដោយ​ប្រាប់​ពួក​គេ​អំពី​សេចក្ដី​ស្លាប់​របស់​លោក​មេ​ចៅក្រម​នោះ​ក៏​ដោយ គង់តែ​ពួក​គេ​បាន​ធ្វើ​ចិត្ត​រឹងរូស ហើយ​ពុំ​បាន​ស្ដាប់​តាម​ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់​ឡើយ។

១៤ហេតុ​ដូច្នេះ​ហើយ នីហ្វៃ​បាន​ប្រកាស​ទៅ​ពួក​គេ​នូវ​ព្រះ​បន្ទូល​នៃ​ព្រះ​អម្ចាស់​ថា ៖ ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នេះ​ថា លើក​លែងតែ​អ្នក​រាល់​គ្នា​ប្រែ​ចិត្ត បើ​ពុំ​នោះ​សោត​ទេ នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​បាន​វាយ គឺ​រហូត​ដល់​សេចក្ដី​បំផ្លិចបំផ្លាញ​ផង។

១៥ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​នីហ្វៃ​បាន​ប្រកាស​ទៅ​ពួក​គេ​នូវ​ព្រះ​បន្ទូល​ហើយ មើល​ចុះ ពួក​គេ​នៅ​តែ​ធ្វើ​ចិត្ត​រឹងរូស ហើយ​មិន​ព្រម​ស្ដាប់​តាម​ពាក្យ​សម្ដី​របស់​លោក​សោះ ហេតុ​ដូច្នេះ​ហើយ ពួក​គេ​បាន​ជេរប្រមាថ​លោក ហើយ​បាន​រក​ចាប់​លោក ដើម្បី​ពួក​គេ​អាច​ដាក់​លោក​ទៅ​ក្នុង​គុក។

១៦ប៉ុន្តែ​មើល​ចុះ ព្រះ​ចេស្ដា​នៃ​ព្រះ​ស្ថិតនៅ​ជាមួយ​នឹង​លោក ហើយ​ពួក​គេ​ពុំ​អាច​ចាប់​លោក យក​ទៅ​ដាក់​គុក​បាន​ឡើយ ព្រោះ​លោក​ត្រូវ​បាន​ព្រះ​វិញ្ញាណ​យក​ទៅ ហើយ​នាំ​ចេញ​ពី​កណ្ដាល​ពួក​គេ។

១៧ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា លោក​បាន​ទៅ​មុខ​នៅ​ក្នុង​ព្រះ​វិញ្ញាណ គឺ​ពី​ហ្វូង​មនុស្ស​មួយ​ទៅ​ហ្វូង​មនុស្ស​មួយ​ទៀត ដោយ​បាន​ប្រកាស​ព្រះ​បន្ទូល​នៃ​ព្រះ គឺ​រហូត​ដល់​លោក​បាន​ប្រកាស​ព្រះ​បន្ទូល​ទៅ​ពួក​គេ​ទាំង​អស់​គ្នា ឬ​បាន​ផ្សាយ​ទៅ​ក្នុង​ចំណោម​ប្រជាជន​ទាំង​អស់។

១៨ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​ពុំ​ព្រម​ស្ដាប់​តាម​ពាក្យ​សម្ដី​របស់​លោក​ទេ ហើយ​ក៏​ចាប់​ផ្ដើម​មាន​ការ​ទាស់ទែង​គ្នា ដរាប​ដល់​ពួក​គេ​បាន​បែក​គ្នា ហើយ​បាន​ចាប់​ផ្ដើម​សម្លាប់​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ដាវ។

១៩ម្ល៉ោះ​ហើយ ក៏​ចប់​ឆ្នាំ​ទី​ចិតសិប​មួយ​ក្នុង​រជ្ជកាល​នៃ​ពួក​ចៅក្រម​ទៅ​លើ​ប្រជាជន​នីហ្វៃ៕