អនាគតពេញដោយក្ដីសង្ឃឹម
ការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោកសម្រាប់យុវមជ្ឈិមវ័យ
ថ្ងៃ អាទិត្យ ទី ៨ ខែ មករា ឆ្នាំ ២០២៣
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ៖ ឱ មិត្តវ័យក្មេងជាទីស្រឡាញ់របស់យើងនៅគ្រប់ទិសទី ! ពិតជាមានអភ័យឯកសិទ្ធិខ្លាំងណាស់ដែលស៊ីស្ទើរ ហូឡិន និងខ្ញុំបាននៅជាមួយក្មួយនារាត្រីនេះ ។ ទោះជាយើងអាចនិយាយទៅកាន់ក្មួយភាគច្រើននៅជុំវិញពិភពលោកនេះ តាមរយៈអព្ភូតហេតុនៃបច្ចេកវិទ្យាដ៏ទំនើបក្ដី ក៏យើងមានចិត្តរីករាយដែលមានអ្នកមកស្ដាប់ដោយផ្ទាល់នៅសាកលវិទ្យាល័យនេះ និងនៅវិទ្យាស្ថានសាសនានេះដែរ ជាទីដែលផាត និងខ្ញុំបានចាប់ផ្ដើមទទួលការអប់រំនៅមហាវិទ្យាល័យរបស់យើង ដើរលេងជាគូ ហើយរៀបការ ។
ឥឡូវនេះ ខ្ញុំរង់ចាំមើល បើសិនជាមានអារម្មណ៍ញាប់ញ័រពេញបន្ទប់នេះ នៅពេលដែលខ្ញុំនិយាយពាក្យថា រៀបការ ។ សូមកុំព្រួយបារម្ភឡើយ ។ យើងនឹង មិន និយាយពីរឿងរៀបការទេនៅរាត្រីនេះ ។ ក្មួយមួយចំនួនបានរៀបការរួចហើយ ហើយយើងមិនចង់ឲ្យអ្នកដែលនៅលីវទាំងប៉ុន្មាននៅទីនេះត្រូវស្រែកយំរត់ចេញពីបន្ទប់នេះឡើយ ។ ប៉ុន្ដែ ខ្ញុំសូមប្រាប់ពីប្រវត្តិស្នេហ៍របស់យើងនៅគ្រាដំបូង កាលយើងនៅជាយុវមជ្ឈិមវ័យ ព្រោះយើងគិតថា បើការជួបគ្នាដូចរាត្រីនេះធ្វើឲ្យ យើង បានរៀបការជាមួយគ្នា តើនរណាទៅដឹងបាន ? វាក៏អាចនាំឲ្យ អ្នកផ្សេង បានរៀបការដូច្នោះដែរ ។
ប្រាកដណាស់ ក្មួយស្រីជាច្រើននាក់បានប្រាប់យើងថា មានបុរសមួយចំនួនត្រូវការការភ្ញោចបន្ដិច បើមិនបានភ្ញោចដោយព្រួញស្នេហ៍ទេ ក៏ត្រូវភ្ញោចដោយកូនបាល់តូចមួយដែរ ។ ប្រសិនបើមានយុវនារីណាអង្គុយនៅជិតយុវជនម្នាក់ ដែលត្រូវនឹងការពិពណ៌នានេះ នោះអែលឌើរ និងស៊ីស្ទើរ ហូឡិនផ្ដល់ការអនុញ្ញាតឲ្យក្មួយយកកែងដៃខ្លួន ញល់លើឆ្អឹងជំនីរគាត់ឥឡូវនេះ—ញល់ដោយថ្នមៗដើម្បីបញ្ជាក់ពីក្ដីស្រឡាញ់ ញល់ថ្នមៗដើម្បីឲ្យគាត់ដឹង ។ យើងនឹងរីករាយ ប្រសិនបើការញល់បែបនោះធ្វើឲ្យក្មួយបានរៀបការនឹងគ្នា ដូចពួកយើងដែរ តែខុសគ្នាត្រង់ថា កាលនោះខ្ញុំយកកែងដៃរបស់ខ្ញុំ ញល់លើឆ្អឹងជំនីររបស់ស៊ីស្ទើរ ហូឡិនវិញ ។
នៅខែ មិថុនា ឆ្នាំក្រោយនេះ ត្រូវគម្រប់ខួប ៦០ ឆ្នាំដែល ផាត និងខ្ញុំបានរៀបការនៅក្នុងព្រះវិហារបរិសុទ្ធ សេន ចច គឺប្រហែលមួយគីឡូម៉ែត្រពីបរិវេណសាកលវិទ្យាល័យនេះ ។ ការនៅជាមួយគ្នាអស់រយៈពេលប្រាំមួយទសវត្សរ៍ ផ្តល់ឱកាសដ៏ល្អមួយដល់យើងដើម្បីនិយាយលាទៅកាន់រយៈពេលមួយ ដែលពិបាកសម្រាប់មនុស្សជាច្រើន ហើយខ្លោចផ្សាចំពោះមនុស្សមួយចំនួន ។ យើងកំពុងតែបានធូរស្បើយពីជំងឺរាតត្បាតកូវីដ‑១៩បន្តិចម្តងៗ ប៉ុន្ដែជំងឺនេះជាគ្រោះកាចដ៏ធ្ងន់ធ្ងរស្ទើរតែដូចនឹងគ្រោះកាចនានាដែលបានរៀបរាប់នៅក្នុងព្រះគម្ពីរប៊ីបដែរ ហើយនៅតែជាបញ្ហានៅឡើយ ដោយនៅប្រទេសជាច្រើនបាន រាយការណ៍ ពីចំនួនមនុស្សរងគ្រោះដោយជំងឺនេះស្លាប់ ១៧០០ នាក់ ជារៀងរាល់ថ្ងៃ ។១ ការឆ្លងជំងឺរាតត្បាតនេះបានបន្សល់ទុកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរ មិនគ្រាន់តែលើសុខភាពផ្លូវកាយប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងលើជីវិតខាងសង្គម ខាងនយោបាយ និងសេដ្ឋកិច្ចរបស់មនុស្សស្ទើរតែគ្រប់រូបនៅលើភពផែនដីនេះតាមរបៀបខុសៗគ្នា ។
ទុក្ខវេទនាផ្សេងមួយទៀតគឺសង្គ្រាមមួយដែលនៅបន្ដនៅអឺរ៉ុបភាគខាងកើតនៅឡើយ ដែលមានមនុស្សរាប់លាននាក់ រួមទាំងសមាជិកសាសនាចក្រផងដែរបានរងនូវការបំផ្លិចបំផ្លាញ បានជម្លៀសខ្លួន ឬធ្លាក់ក្នុងវិបត្តិដ៏ធ្ងន់ធ្ងរមួយដែលពួកគេមិនចង់បាន ហើយមិនសមនឹងទទួលបានទាល់តែសោះ ។ ប៉ុន្មានអាទិត្យកន្លងទៅ ពេលយើងបំពេញការចាត់តាំងនៅអឺរ៉ុប ស៊ីស្ទើរ ហូឡិន និងខ្ញុំបានជួបនឹងជនភៀសខ្លួនអ៊ុយក្រែនមួយចំនួន ។ យើងបានសើច ហើយទួញយំជាមួយអ្នកដែលបានចាកចោលអ្វីៗគ្រប់យ៉ាង ហើយរត់គេចពីសង្គ្រាមដោយមានតែសម្លៀកបំពាក់ជាប់ខ្លួនមួយបង្វិចតែប៉ុណ្ណោះ ។ យើងពិបាកចិត្ត និងមានអារម្មណ៍សោកស្ដាយដូចគ្នាដល់សមាជិកដ៏ស្មោះត្រង់របស់យើងនៅក្នុងប្រទេសរុស្សី ដែលបានរងទុក្ខដោយសារវិបត្តិនេះ ។ បន្ថែមពីលើសោកនាដកម្មទាំងនេះ នៅកន្លែងជាច្រើនទូទាំងពិភពលោកនេះ យើងឃើញមានការបាញ់សម្លាប់រង្គាល—រួមទាំងសោកនាដកម្មដែលទើបតែកើតឡើងកាលពីសប្តាហ៍មុននៅរដ្ឋយូថាហ៍ភាគខាងត្បូង—មាតិកាអសីលធម៌នៅក្នុងការកម្សាន្ដសង្គម និងសកម្មភាពនយោបាយដែលមើលទៅដូចជាភ្លេច មិនបានស្គាល់គោលការណ៍គ្រឹះដូចជាភាពថ្លៃថ្នូរ សេចក្តីសប្បុរស និងសេចក្ដីទៀងត្រង់ ។
ប្រាកដណាស់ មានបញ្ហាខាងវប្បធម៌ និងបញ្ហាក្នុងសង្គមជាច្រើនទៀតដែលជាបញ្ហាដល់យើង ។ ប៉ុន្ដែ យើងមិនមែនមករាត្រីនេះដើម្បីបំបាក់ទឹកចិត្តក្មួយអំពីបញ្ហានៃពិភពលោកនេះទេ ! តាមពិត យើងមកនេះដោយមានហេតុផលផ្ទុយពីនោះ ។ យើងទទួលស្គាល់ និងយល់ពីភាពទន់ខ្សោយ និងភាពមិនប្រាកដប្រជាដែលមាននៅជំនាន់របស់ក្មួយមាន ។ ហើយយើងសូមទោសដែលជំនាន់ របស់យើង មិនទាន់អាចដោះស្រាយបញ្ហាមួយចំនួនបែបនេះដែលក្មួយជួបនៅពេលឥឡូវនេះបាន ។ ប៉ុន្ដែយើងសូមអំពាវនាវឲ្យក្មួយ និងពួកបរិសុទ្ធថ្ងៃចុងក្រោយគ្រប់រូបផ្សេងទៀតដែលនៅក្មេង ឲ្យធ្វើការរួមគ្នាជាកម្លាំងដើម្បីអាចដោះស្រាយបញ្ហាទាំងនេះបាន ដែលអាចបង្ក្រាបរលកនៃការភ័យខ្លាច ទុទិដ្ឋិនិយម និងការថប់បារម្ភដែលហ៊ុមព័ទ្ធយើង ។ ដូចជាប្រធាន រ័សុល អិម ណិលសុន មានប្រសាសន៍ដែលថា វាពិតជាសំខាន់ណាស់សម្រាប់ក្មួយឲ្យអធិស្ឋានមិនត្រឹមតែទុកឲ្យព្រះអម្ចាស់ឈ្នះក្នុងជីវិតរបស់ក្មួយប៉ុណ្ណោះទេ ២ ប៉ុន្តែក៏អធិស្ឋានផងដែរថា សូមឲ្យតម្លៃនៃជីវិតរបស់ក្មួយឈ្នះលើអ្នកដទៃដែលពួកគេមិនទាន់មានភាពប្រាកដប្រជានៅឡើយ ។ ប្រសិនបើក្នុងនាមជាសិស្សម្នាក់ៗរបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ យើងទាំងអស់គ្នាមានសេចក្តីស្រឡាញ់ និងសន្តិភាព និងចិត្តល្អកាន់តែខ្លាំងឡើង បើយើងទាំងអស់គ្នាព្យាយាមរក្សាព្រះបញ្ញត្តិនៃព្រះឲ្យអស់សមត្ថិភាពរបស់យើង នោះយើងមានហេតុផលគ្រប់យ៉ាងដើម្បីមានទំនុកចិត្តលើស្ថានភាពពិភពលោក និងរឿងផ្ទាល់ខ្លួនរបស់យើង ។ ការដើរចូលទៅក្នុងអនាគតតាមរបៀបនេះ ពេញទៅដោយសេចក្ដីសុខសាន្ត និងសេចក្ដីសន្យារបស់ព្រះ នោះយើងពិតជាអាចមានឥទ្ធិពលដ៏អស្ចារ្យលើលោកិយនេះ ។ អ័ប្រាហាំ លីនខូល បាននិយាយថា នៅពេលគាត់ព្យាយាមដាំបន្លែ និងដាំផ្កាអ្វីមួយ នោះគាត់នឹងឆ្លៀតពេលទៅមើលគ្រប់ពេលដែលគាត់មានឱកាស ។ ប្រសិនបើ យើងទាំងអស់គ្នាបានធ្វើបែបនោះ ស្ថានភាពខាងសីលធម៌ និងខាងវិញ្ញាណរបស់យើងនឹងក្លាយជាសួនច្បារដ៏ល្អឥតខ្ចោះគ្រប់ពេលវេលា ។៣
ក្មួយៗជាច្រើននៅប្រទេសអាល្លឺម៉ង់នារាត្រីនេះ—ដែលបានបង្ហាញចិត្តជាគ្រិស្ដបរិស័ទ និងបានផ្ដល់កន្លែងស្នាក់នៅដល់ជនភៀសខ្លួនអ៊ុយក្រែនជាច្រើននាក់ ដែលយើងបានជួប—នឹងទទួលស្គាល់សម្ដីរបស់ ហ្គូតធឺ ជូហ៉ាន់ ថា « បើមនុស្សគ្រប់គ្នាបោសមុខផ្ទះខ្លួនឯងឲ្យបានស្អាត នោះពិភពលោកទាំងមូលនឹងបានស្អាតហើយភ្លាម » ។
ដូច្នេះ ដោយទទួលស្គាល់ឧបសគ្គទាំងនេះ ហើយចង់ផ្ដល់វិធីដោះស្រាយចំពោះឧបសគ្គទាំងនេះ ស៊ីស្ទើរ ហូឡិន និងខ្ញុំមករាត្រីនេះដើម្បីនិយាយដូចដែលសាវកពេត្រុសបានថ្លែងថា យើងគួរតែ ៖ « ប្រុងប្រៀបជានិច្ចដល់ … ហេតុ [ នៃ ] សេចក្តីសង្ឃឹមរបស់ [ យើង ] រាល់គ្នា » ។៤ យើងនឹងនិយាយអំពីក្ដីសង្ឃឹម ហើយប្រកាសថា យើង មិន ត្រូវអស់សង្ឃឹម ឬបាត់បង់ដៃគូគុណធម៌របស់វាឡើយ ៖ ពោលគឺ សេចក្ដីជំនឿ និងសេចក្ដីសប្បុរស ។ យើងដឹងថា មានរបៀបជាច្រើនដើម្បីផ្ដល់និយមន័យដល់គោលការណ៍ដែលទាក់ទងគ្នាយ៉ាងខ្លាំងទាំងនេះ ហើយក្មួយនឹងឮយើងផ្ដល់និយមន័យរបស់យើងនាល្ងាចនេះចំនួនពីរបីអំពីគោលការណ៍នេះ ។ ក្មួយៗក៏នឹងស្តាប់ឮយើងប្រកាសជាមួយមរ៉ូណៃថា ក្តីសង្ឃឹមគឺចាំបាច់ ប្រសិនបើយើងចង់ « ទទួលបាន [ នូវ ] មរតកដែល [ ទ្រង់ ] បានរៀបចំ [ សម្រាប់យើង ] » ។៥ យើងចង់អះអាងដល់ក្មួយថា ទទួលយកមរតកជាបុត្រាបុត្រីរបស់ស្ដេច ។ ដើម្បីធ្វើដូច្នេះ យើងត្រូវតែដឹងថា សេចក្ដីសង្ឃឹមមិនមែនគ្រាន់តែជាសារ និងរបៀបនៃសុទិដ្ឋិនិយមតាមធម្មជាតិនោះទេ តែវាជាឯកសិទ្ធិរបស់មនុស្សទាំងអស់ដែលជឿ ។៦ ក្នុងនាមជាអ្នកជឿដែលពេញដោយសេចក្ដីសង្ឃឹម ( និងសេចក្ដីជំនឿ និងសេចក្ដីសប្បុរស ) ស៊ីស្ទើរ ហូឡិន បានយកចិត្តទុកដាក់យ៉ាងខ្លាំងពីសារៈសំខាន់នៃក្រុមជំនុំនៅទូទាំងពិភពលោកនារាត្រីនេះ និងតួនាទីរបស់ក្មួយដែលនឹងធ្វើនៅខាងថ្ងៃមុខ ។ គាត់ដឹងថា ក្មួយគឺជាក្រុមដែលត្រូវទទួលកាតព្វកិច្ចបន្តពីយើង ហើយមានអារម្មណ៍ថាវាចាំបាច់ណាស់ដែលក្មួយត្រូវបន្តរត់ទៅមុខ និងឱបក្រសោបជោគវាសនារបស់ក្មួយ ។ ស៊ីស្ទើរ ហូឡិន ។
ស៊ីស្ទើរ ផាទ្រីសៀ ធី ហូឡិន ៖ ខ្ញុំមានអារម្មណ៍ជឿជាក់ណាស់ចំពោះក្មួយ ។ ក្មួយគឺជាជំនាន់ដ៏រឹងមាំបំផុតនៃយុវមជ្ឈិមវ័យដែលពិភពលោកមិនធ្លាប់បានដឹង ។ ខ្ញុំស្រឡាញ់ក្មួយព្រោះតែការណ៍នោះ ។ អែលឌើរ ហូឡិន និងខ្ញុំមានអំណរគុណណាស់ដែលក្មួយៗរក្សាសេចក្តីសញ្ញារបស់ក្មួយៗ ហើយថាក្មួយៗខិតខំធ្វើអ្វីដែលត្រឹមត្រូវ ។ ហើយពីព្រោះក្មួយមានគ្នាច្រើន នោះក្មួយនឹងមានអានុភាពនោះដែលអែលឌើរ ហូឡិន បានលើកឡើង ។ ខ្ញុំឃើញពន្លឺរបស់ក្មួយនៅក្នុងបន្ទប់នេះ ។ ពន្លឺនោះមានភាពចែងចាំងណាស់ ។ វាធ្វើឲ្យខ្ញុំគិតអំពីគ្រាដែលព្រះអង្គសង្គ្រោះបានបង្ហាញអង្គទ្រង់ដល់ពួកសាសន៍នីហ្វៃ ។ ទ្រង់បានមានព្រះបន្ទូលថា « ចូរលើកពន្លឺរបស់អ្នករាល់គ្នាឡើង ប្រយោជន៍ឲ្យបានភ្លឺដល់មនុស្សលោក ។ មើលចុះ យើងជាពន្លឺដែលអ្នករាល់គ្នានឹងលើកឡើង » ។៧ ដូចជាក្មួយដែរ ពួកយើងធ្លាប់នៅក្មេង តែឥឡូវនេះពួកយើងចាស់ហើយ ។ ពេលខ្ញុំត្រឡប់ទៅមើលពីជីវិតរបស់ខ្ញុំពីមុន ហើយបើខ្ញុំអាចរស់នៅផ្នែកណាមួយនៃជីវិតនោះម្តងទៀត ខ្ញុំសង្ឃឹមថាខ្ញុំនឹងធ្វើអ្វីមួយ—ដោយផ្សេងពីនេះ ៖ គឺធ្វើដោយសាមញ្ញ ! សម្រាប់ខ្ញុំអ្វីៗល្អប្រសើរជាងនៅពេលធ្វើអ្វីមួយដោយសាមញ្ញ—សម្រាប់អាហាររបស់យើង សម្លៀកបំពាក់របស់យើង គ្រឿងសង្ហារិមរបស់យើង និងកាលវិភាគរបស់យើង ។ អ្វីដែលខ្ញុំសោកស្ដាយ បំផុត ក្នុងយុវវ័យរបស់ខ្ញុំ គឺខ្ញុំមិនបានមើលឃើញពីភាពស្រស់ស្អាតដ៏សាមញ្ញនៃដំណឹងល្អនោះទេ ខ្ញុំបានធ្វើឲ្យដំណឹងល្អមានភាពស្មុគស្មាញខ្លាំង ។ ខ្ញុំមានអារម្មណ៍ថាច្រើនហួសហេតុ ពិបាកពេក ហើយជួនកាលថែមទាំងអាថ៌កំបាំងខ្លាំងទៀតផង ។ ចំពោះខ្ញុំក្នុងនាមជាយុវមជ្ឈិមវ័យម្នាក់វាហាក់ដូចជាខ្ញុំត្រូវឡើងភ្នំនៃសេចក្ដីសុចរិត ឆ្លងកាត់ការបន្សុទ្ធដោយភ្លើងសន្ធោសន្ធៅមួយ ហើយស្រាយរាល់ចម្ងល់ខាងគោលលទ្ធិដែលមនុស្សស្គាល់ថា ប្រសិនបើខ្ញុំអាចទទួលយកបាននៅចំពោះព្រះ ។
ច្បាស់ណាស់ កាលនោះខ្ញុំគិតថា វាលើសពីអ្វីដែលក្មេងស្រីម្នាក់មកពីរដ្ឋយូថាហ៍ភាគខាងត្បូងមានអារម្មណ៍ថានាងអាចធ្វើបាន ។ វាដូចជាមាននរណាម្នាក់ប្រាប់ថា ៖ « មូលហេតុដែលមនុស្សមិនចូលរួមជាមួយពួកគ្រីស្ទានរបស់អ្នក គឺដោយសារអ្នកពាក់សាសនារបស់អ្នកដូចជាជំងឺឈឺក្បាល គឺដូចពាក់ភួងបន្លា » ។ មានតែមួយអង្គប៉ុណ្ណោះដែលត្រូវពាក់ភួងបន្លានោះ ហើយទ្រង់បានធ្វើវារួចហើយ ដើម្បីឲ្យយើងបានរស់នៅដោយរីករាយ បរិបូរណ៍ និងដោយសេចក្តីសុខសាន្ត—មិនមែន ដោយអស់សង្ឃឹមនោះទេ ។ ដំណឹងល្អពុំមែនជាភ្នំដែលក្មេងស្រីតូចម្នាក់ មិនអាចឡើងបាននោះទេ ។ ទ្រង់ចង់ឲ្យនាង—និងមនុស្សគ្រប់គ្នាផ្សេងទៀតនៅក្នុងពិភពលោកនេះ—ពេញដោយក្តីសង្ឃឹមជានិច្ច ។ ទ្រង់សព្វព្រទ័យឲ្យយើងដឹងថា ដំណឹងល្អគឺសាមញ្ញគួរឲ្យស្រឡាញ់ និងស្រស់ស្អាតបំផុត។
ប៉ុន្តែសូមកុំយល់ខុសឡើយ ។ ពេលនិយាយពីសេចក្ដីសង្ឃឹម ខ្ញុំគ្មានន័យថា ព្រះគ្រីស្ទគួរប្រទានឲ្យយើងនូវដាវវេទមន្ត ឬដាវភ្លើងនោះទេ ។ ក្តីសង្ឃឹមរបស់យើងត្រូវតែលើសពីក្តីសង្ឃឹមរបស់ ភីណុកឆីអូ ដែលពោលថា « ពេលអ្នកឃើញផ្កាយអ្នកបួងសួង »៨ បើវាជាក្តីសង្ឃឹមដែលព្រះអង្គសង្គ្រោះបានបង្រៀន ។ បងប្អូនប្រុសស្រីវ័យក្មេងរបស់ខ្ញុំអើយ វាគឺជាអំណោយទានចំពោះយើង និងចំពោះគ្រួសារមនុស្សលោកទាំងអស់ ។ ហើយយើងគួរទទួលស្គាល់វាថា ជាពន្លឺមួយដែលបំភ្លឺក្នុងពិភពលោកដ៏ងងឹត ។ ដូចដែលអ្នកនិពន្ធម្នាក់បាននិយាយថា « គ្មាននរណាម្នាក់ត្រូវរងទុក្ខទាំងស្រុងឡើយ [ លើកលែងតែ ] អ្នកនោះរស់នៅដោយគ្មានក្តីសង្ឃឹមប៉ុណ្ណោះ » ។៩
ភាពសាមញ្ញដ៏ផ្អែមល្ហែមដែលទាក់ទងនឹងការស្វែងរកអំណោយទាននៃក្តីសង្ឃឹមនេះគឺថា យើងពុំចាំបាច់ស្វែងរកវាទេ យើងពុំចាំបាច់រត់ដេញតាមរកវាទេ យើងពុំផលិតវាទេ ហើយក៏ពុំអាចមានលទ្ធភាពផលិតវាបានដែរ ។ ដូចជាអ្វីផ្សេងទៀតនៅក្នុងអាណាចក្រនៃព្រះគុណដែរ យើងនឹងមិនទទួលបានវាដោយពឹងផ្អែកលើកម្លាំងផ្ទាល់ខ្លួនរបស់យើង ឬលើមនុស្សដទៃនោះទេ ។ គ្មានរូបមន្តសម្ងាត់ ឬវេទមន្តណាមួយពាក់ព័ន្ធឡើយ ។ វាមិនកើតឡើងពីការហាត់ដកដង្ហើមវែងៗ ( ទោះការហាត់បែបនោះមានគុណប្រយោជន៍ក្ដី ) ឬដោយការអានសៀវភៅផ្សេងទៀតអំពីរបៀបស្វែងរកសុភមង្គលក៏ដោយ ។
មែនហើយ ចំណែកដែលយើងធ្វើគឺសំខាន់ ប៉ុន្តែជាក់ស្ដែង វាតូចតាចណាស់ ព្រះមានចំណែកធំធេងជាងក្នុងកិច្ចការនេះ ។ ចំណែករបស់យើងគឺត្រូវមករកទ្រង់ដោយសុភាពរាបសា និងសាមញ្ញ បន្ទាប់មកមិនត្រូវបារម្ភ និងភ័យខ្លាចឡើយ ។១០ តើហេតុអ្វីបានជាសាមញ្ញដូច្នេះ ? ពីព្រោះនៅបង្កប់ក្នុងអ្វីៗទាំងអស់ដែលព្រះគ្រីស្ទបានបង្រៀន— នៅក្នុងគ្រប់ព្រះគម្ពីរ ដំណើររឿង និងរឿងប្រដូច—គឺជាសេចក្តីសន្យាដែលព្រះបានសន្យាថា « អាចនឹងធ្វើកើតទាំងអស់ »១១ សេចក្តីសន្យាដែលជាព្រះចេស្តារបស់ព្រះអាចជូត អស់ ទាំងទឹកភ្នែក ។១២ យើងត្រូវបោះបង់ចោលការអស់សង្ឃឹមផ្ទាល់ខ្លួន ហើយស្វែងរកការសម្រាកនៅក្នុងព្រះអម្ចាស់ ។១៣ ដូច្នេះយើងមកចំពោះទ្រង់ដោយចិត្តរាបសាស្លូតបូត ហើយមានចិត្តសុភាព ១៤ ដើម្បីទទួលបានពរជ័យដែលមកជាមួយនឹងសេចក្តីស្រឡាញ់ដ៏ឥតឈប់ឈររបស់ទ្រង់ ។ ការទុកចិត្តរបស់យើងគឺប្រៀបដូចជាកូនក្មេង ឬកូនចៀមតូចដែលពិតជានៅក្នុងក្រោលធំរបស់ទ្រង់ ។
ដួងចិត្តរបស់យើងនឹងបានសម្រាកទេ រហូតដល់ដួងចិត្តរបស់យើងសម្រាកនៅក្នុងព្រះ ។
ការហៅឲ្យមានចិត្តស្លូតបូត ហើយសុភាពនោះ—គឺជាការពិពណ៌នាមួយនៃការពិពណ៌នាមួយចំនួនដែលព្រះអម្ចាស់បានប្រទានឲ្យអំពីទ្រង់ផ្ទាល់—គឺថាទ្រង់មានព្រះទ័យស្លូតបូត ហើយមានចិត្តសុភាព—គឺជាការអំពាវនាវមួយចំពោះពួកយើងក្នុងនាមជាសិស្សរបស់ទ្រង់ ។ ទ្រង់មានព្រះបន្ទូលថា ប្រសិនបើយើងអាចរស់នៅបែបនេះ យើងនឹងទទួលបានការសម្រាកដល់ព្រលឹងយើង ហើយឃើញថានឹមរបស់ទ្រង់ងាយទេ បន្ទុករបស់ទ្រង់ក៏ស្រាលដែរ ។១៥ ពេលខ្ញុំអានខម្ពីរ ខ្ញុំឃើញការហៅឲ្យមានចិត្តស្លូតបូត ហើយសុភាពនេះម្តងហើយម្តងទៀត ។ ( ប្រហែលជាខ្ញុំត្រូវការវាម្តងហើយម្តងទៀតហើយមើលទៅ ) ។
ខ្ញុំប្រាកដចិត្តថា អ្នកដែលគ្មានក្តីសង្ឃឹម និងគ្មានការបន្ទាបខ្លួនគឺពុំធ្លាប់ធ្វើការណ៍អស្ចារ្យខាងវិញ្ញាណបានទេ ។ ផ្នត់គំនិតបែបនេះគឺជាក្តីសង្ឃឹមរបស់យើងសម្រាប់ក្មួយនៅរាត្រីនេះ—ដើម្បីឲ្យក្មួយរៀនពីការណ៍នេះអំឡុងពេលនៅក្មេងនៅឡើយ ។ ពួកយើងចង់ឲ្យក្មួយដឹងអស់ពីដួងចិត្តរបស់យើងថា ព្រះគឺជាព្រះវរបិតាសួគ៌របស់ក្មួយ ថាទ្រង់ « បានបី [ ក្មួយ ] តាំងពីផ្ទៃម្តាយមក »១៦ ថាទ្រង់មានផែនការសម្រាប់ក្មួយដែលជាផែនការ « អនាគតពេញដោយក្តីសង្ឃឹម » ។១៧
ខ្ញុំសូមចែកចាយជាមួយក្មួយនូវខគម្ពីរពីរ ដែលខ្ញុំចូលចិត្តនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលមានជាភាសាមួយចំនួន ។ អេសាយមានប្រសាសន៍ថា ៖
« ឱពួកវង្សារបស់យ៉ាកុបអើយ និងអ្នករាល់គ្នាជាសំណល់ … វង្សាអ៊ីស្រាអែលដែរ ជាពួកដែលយើងបានទទួលជាបន្ទុកតាំងពីកំណើតឯង ហើយបានបីឯងតាំងពីផ្ទៃម្តាយមក ចូរស្តាប់យើងចុះ ៖…
« … រហូតដល់ឯងចាស់ជរាផង [ នៅពេលឯងមានសក់ស្កូវ ] យើងនឹងបីឯង ដរាបដល់ឯង … ហើយយើងនឹងទទួលឯងជាបន្ទុក អើ យើងនឹងបី ហើយនឹងជួយឯងឲ្យរួចផង » ។១៨
ហើយយេរេមាបានសរសេរថា ៖
« ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា យើងស្គាល់សេចក្តីដែលយើងគិតពីដំណើរឯងរាល់គ្នា មិនមែនគិតធ្វើសេចក្តីអាក្រក់ទេ គឺគិតឲ្យបានសេចក្តីសុខវិញ ដើម្បីដល់ចុងបំផុត ឲ្យឯងរាល់គ្នាបានសេចក្តីសង្ឃឹម ។
« នោះឯងរាល់គ្នានឹងអំពាវនាវដល់យើង ហើយ … អធិស្ឋានដល់យើង រួចយើងនឹងយល់ព្រមតាម … » ។១៩
ខ្ញុំសូមថ្លែងទីបន្ទាល់របស់ខ្ញុំទៅកាន់ក្មួយ ឱក្មួយប្រុសស្រីវ័យក្មេងរបស់ខ្ញុំអើយថា នេះគឺជាបទពិសោធន៍មានតាំងពីកំណើតពិតប្រាកដថា ព្រះវរបិតាសួគ៌របស់យើងនឹងធ្វើផ្នែករបស់ទ្រង់នៅក្នុងការបំពេញសេចក្តីសន្យាទាំងនេះ ។ វាអាស្រ័យលើយើងដើម្បីជឿដោយសាមញ្ញ ដើម្បីជឿលើភាពសាមញ្ញ ធ្វើដូចជាកូនក្មេងនៅក្នុងភាពស្លូតបូត និងជាពិសេសនៅការដឹងគុណរបស់យើង នៅពេលយើងទទួលបានអំណោយទានពីទ្រង់ ។ តើក្មួយចង់ឲ្យឆ្នាំនេះក្លាយជាឆ្នាំមួយដ៏ល្អដែរឬទេ ? តើក្មួយចង់បានអនាគតពេញដោយក្តីសង្ឃឹមដែរឬទេ ? តើក្មួយជឿថាមានពរជ័យបានរក្សាទុកសម្រាប់ក្មួយដែរឬទេ ? តើក្មួយមើលឃើញភាពល្អរបស់ព្រះគ្រប់គ្រាន់ដើម្បីមានក្តីសង្ឃឹម និងទទួលបានវាដែរឬទេ ? គួរឲ្យកំប្លែងណាស់ ការណ៍នេះទទួលបានដោយការលុតជង្គង់ចុះ ដោយការឱនក្បាលចុះ សូម្បីតែក្រាបនៅឯព្រះបាទារបស់ព្រះ ។ គឺវាសាមញ្ញបែបនេះខ្លាំងណាស់ ! ដោយលុតជង្គង់ចុះ ដោយឱនក្បាលចុះ ដោយក្រាបចុះនៅឯ « បល្ល័ង្កនៃព្រះគុណ » ។២០
អែលឌើរ ហូឡិនបានបញ្ជាក់ថា ក្មួយនឹងរកឃើញអំណោយដ៏មានតម្លៃនៃក្តីសង្ឃឹមនេះ ដែលភ្ជាប់ជាមួយនឹងអំណោយទានពីរផ្សេងទៀតរបស់ព្រះ—នោះគឺពីសេចក្ដីជំនឿ និងសេចក្ដីសប្បុរស ។ សូមកុំធ្វើដូចខ្ញុំ កាលខ្ញុំនៅក្មេង ដែលបានធ្វើឲ្យគុណធម៌ទាំងនេះធំពេក និងស្មុគស្មាញរហូតដល់យើងអស់សង្ឃឹមលែងព្យាយាមស្វែងយល់ពីវា ។ សូមស្រឡាញ់ភាពសាមញ្ញរបស់វា ។
ខ្ញុំសូមចែកជូនក្មួយនូវលំដាប់ដ៏ខ្លីសាមញ្ញមួយនេះ ។ សេចក្តីជំនឿ គឺជាការទុកចិត្តថាមានព្រះពិតមែន សេចក្តីសង្ឃឹម គឺជាការជឿជាក់ថា ទ្រង់នឹងជួយយើង ហើយ សេចក្ដីសប្បុរស គឺជាសេចក្តីស្រឡាញ់របស់ទ្រង់ទាំងទ្វេរ និងសមត្ថភាពទ្រង់ធ្វើការតាមរយៈយើងដើម្បីផ្តល់ពរដល់អ្នកដទៃ ។
ខ្ញុំបានរៀនទាក់ទង់នឹងសេចក្ដីសប្បុរសថា គ្មាននរណាម្នាក់ក្នុងចំណោមពួកយើងមានថាមពល ឬពេលវេលា ឬធនធាន ឬកម្លាំងដើម្បីធ្វើអ្វីៗគ្រប់យ៉ាងដែលចិត្តយើងចង់ឲ្យយើងធ្វើនោះទេ ។ យើងមិនអាចធ្វើបានគ្រប់យ៉ាងទេ ដួងចិត្តរបស់យើងចង់បានលើសពីសមត្ថភាពរបស់យើង ។ វាអស្ចារ្យណាស់ដែលព្រះចេស្តារបស់ព្រះបានធ្វើការតាមរយៈយើងដែលអាចពង្រីកឥទ្ធិពលរម្យទមរបស់យើង អាចបង្កើនការខិតខំប្រឹងប្រែងដែលមានកម្រិតរបស់យើង និងធ្វើសម្រាប់អ្នកដទៃ ដែលយើងមិនអាចធ្វើតែម្នាក់ឯងបាននោះទេ ។
វិធីសាស្រ្តដ៏សាមញ្ញនេះចំពោះកិច្ចការគោលលទ្ធិធំៗទាំងបីនេះបានផ្តល់ពរជ័យដល់ជីវិតរបស់ខ្ញុំ ។ ខ្ញុំប្រាថ្នាថា ខ្ញុំអាចមើលឃើញគោលលទ្ធិទាំងនេះដោយមិនសូវភ័យខ្លាចបានលឿនជាងនេះ ។ ខ្ញុំជឿយ៉ាងមុតមាំថា ព្រះមានព្រះទ័យចង់ឲ្យសេចក្តីពិតនៃដំណឹងល្អមានលក្ខណៈសាមញ្ញគ្រប់គ្រាន់ ដែលសូម្បីតែក្មេងម្នាក់ក៏អាចយល់បាន ។ ខ្ញុំសូមនិយាយវាឡើងវិញបានទេ ? សេចក្តីជំនឿគឺជាការជឿជាក់ថា មានព្រះពិតមែន ។ សេចក្តីសង្ឃឹមគឺជាការជឿជាក់ថា ទ្រង់នឹងជួយយើង ។ សេចក្ដីសប្បុរសគឺជាសេចក្តីស្រឡាញ់របស់ទ្រង់ធ្វើការតាមរយៈយើង ។
ពេលខ្ញុំនិយាយអំពីអំណោយទានពីព្រះ ខ្ញុំសូមបន្ថែមអំណោយទានមួយទៀត ដែលបន្ថែមពីលើក្តីសង្ឃឹមរបស់យើងនៅក្នុងឆ្នាំថ្មីនេះ ។ ការបំភ្លឺសេចក្តីជំនឿ សេចក្តីសង្ឃឹម និងសេចក្តីសប្បុរស និងភាពតម្កើងឡើង គឺជាអំណោយទានដ៏ស្រស់ស្អាតយ៉ាងមហិមា—និងសាមញ្ញបំផុត—ជាអំណោយទាននៃពន្លឺរបស់ព្រះគ្រីស្ទ ។ ពន្លឺនេះ ដែលភ្ជាប់ទៅនឹងសេចក្តីសង្ឃឹមយ៉ាងជិតស្និទ្ធ គឺជាអំណោយទានដែលបានផ្តល់ដល់បុរស ស្ត្រី និងកុមារគ្រប់រូប ដែលធ្លាប់កើត ឬដែលនឹងកើតមកក្នុងជីវិតរមែងស្លាប់នេះ ។ វាត្រូវបានបង្កប់នៅក្នុងធម្មជាតិរបស់យើង ។ វាជាផ្នែកមួយនៃព្រលឹងរបស់យើង ។
វគ្គបទគម្ពីរមួយដែលខ្ញុំចូលចិត្តបំផុតរួមមាននូវឃ្លានេះ ៖ « ហើយព្រះវិញ្ញាណប្រទានពន្លឺដល់មនុស្សគ្រប់រូបណាដែលមកក្នុងលោកិយ ហើយព្រះវិញ្ញាណបំភ្លឺគ្រប់មនុស្សពាសពេញលោកិយ » ។២១
ពន្លឺនោះគឺជាហេតុផលដ៏សំខាន់ដើម្បីមានក្តីសង្ឃឹមនៅក្នុងជីវិតរបស់យើង ។ វាលើកទឹកចិត្ត និងរំភើបជាខ្លាំង—មែនហើយគឺមាន សេចក្តីសង្ឃឹម ខ្លាំងថា មានអ្វីមួយនៅក្នុងខ្លួនយើងដែលមិនត្រឹមតែប្រាប់យើងថា មានរបៀបត្រឹមត្រូវមួយដើម្បីឆ្លងកាត់ភាពស្មុគស្មាញក្នុងជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រាប់យើងថា យើងនឹង រកឃើញ ផ្លូវត្រឹមត្រូវនោះ ប្រសិនបើយើង « ស្លូត ហើយ [ មាន ] ចិត្តសុភាព » ។២២ ដូចប្រធាន ណិលសុន មានប្រសាសន៍ទៅកាន់សាសនាចក្រទាំងមូលកាលពីសប្តាហ៍មុនថា « ពិភពលោក ត្រូវការពន្លឺព្រះយេស៊ូវគ្រីស្ទ ។ ហើយពិភពលោកត្រូវការពន្លឺ [ ដ៏ភ្លឺចែងចាំង ] របស់ក្មួយ [ យ៉ាងខ្លាំង ] »។២៣
មិត្តវ័យក្មេងដ៏អស្ចារ្យរបស់ខ្ញុំអើយ ការអធិស្ឋានដ៏ស្មោះបំផុតរបស់ខ្ញុំនៅរាត្រីនេះ—ក្តីសង្ឃឹមរបស់ខ្ញុំ—គឺថាក្មួយដែលជាយុវមជ្ឈិមវ័យទូទាំងពិភពលោកនឹងទទួលយកការហៅនេះជាការងារបម្រើផ្ទាល់ខ្លួនរបស់ក្នួយ ថាក្មួយនឹងយកក្តីសង្ឃឹមដូចដែលព្រះអង្គសង្រ្គោះមានបន្ទូល ហើយកាន់វាដូចជាចន្លុះភ្លើងមួយ ដើម្បីបំភ្លឺដល់អ្នកដែលមានអារម្មណ៍ថា ពិភពលោកនេះគឺជាទីដ៏ងងឹត និងពិបាក ។ តើមានវិធីណាមួយដែលខ្ញុំអាចលើកទឹកចិត្តក្មួយឲ្យមើលឃើញថា ពន្លឺនេះគឺជាការងារបម្រើរបស់ក្មួយនៅថ្ងៃចុងក្រោយនេះដែរឬទេ ? សូមមេត្តាយល់ថា នេះជារឿងសំខាន់បំផុតដែល ខ្ញុំទទួលអារម្មណ៍ថា ខ្ញុំត្រូវតែនិយាយទៅកាន់ក្មួយនារាត្រីនេះ ។ ការភ័យខ្លាចដ៏ធំបំផុតរបស់ខ្ញុំ គឺខ្ញុំខ្លាចថាខ្ញុំពុំបាននិយាយវាឲ្យល្អល្មមគ្រប់គ្រាន់ដើម្បីឲ្យក្មួយជឿខ្ញុំ ។ ក្មួយត្រូវតែនាំយកពន្លឺនេះតាមរបៀបមួយ ដែលភាពងងឹតទាំងអស់ក្នុងពិភពលោកមិនអាចពន្លត់បាន ។
ដំណឹងល្អនេះគឺសាមញ្ញ ប៉ុន្តែមានយុទ្ធសាស្ត្រពេញដោយអំណាចដែលអាចដោះស្រាយបញ្ហាធំៗ និងស្មុគស្មាញទាំងឡាយ និងអាចផ្លាស់ប្តូរគន្លងនៃពិភពលោកដែលធ្លាក់ចុះ និងងងឹតនេះបាន ។ សូមមាន សេចក្ដីជំនឿ លើព្រះ សេចក្តីសង្ឃឹម ថាទ្រង់នឹងជួយក្មួយ ហើយទទួលបាន សេចក្ដីសប្បុរស ដែលទ្រង់អាចធ្វើការតាមរយៈក្មួយដើម្បីសម្រេចនូវអ្វីដែលមានតែក្មួយប៉ុណ្ណោះអាចធ្វើបាន ។
នៅពេលក្មួយទទួលយកការសាកល្បង ហើយចាប់ផ្តើមឆ្នាំថ្មីនេះ បន្ទាប់ពីក្មួយបានមើលលើខ្លួនឯងហើយ ខ្ញុំសូមអង្វរក្មួយឲ្យស្វែងរកការណែនាំពីស្ថានលើ ។ ព្រះនេត្រដែលទតមើលមកក្មួយជាព្រះនេត្ររបស់ព្រះវរបិតាដ៏ជាទីស្រឡាញ់របស់ក្មួយ ដែលអាច ហើយនឹងប្រទានដល់ក្មួយនូវអ្វីៗទាំងអស់ដែលក្មួយសង្ឃឹមចង់បានក្នុងសេចក្តីសុចរិត ។ ក្មួយមិនអាចទទួលបានពរជ័យទាំងនេះដោយការដេញតាមវានោះទេ ។ សូមឈប់រត់តាមរហូតដល់បាក់កម្លាំងទៀតទៅ ។ ចូរស្ងប់ស្ងាត់ ហើយនៅស្ងៀមចុះ ។ សូមធ្វើដោយសាមញ្ញ ។ ចូរមានចិត្តស្លូតបូត ហើយសុភាព និងអធិស្ឋាន ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា អព្ភូតហេតុនឹងកើតឡើងនៅពេលយើងបន្ថយល្បឿន នៅពេលស្ងប់ស្ងាត់ និងលុតជង្គង់ចុះ ។ អ្វីៗទាំងអស់ដែលព្រះវរបិតាមាន អាចក្លាយជារបស់ក្មួយនៅថ្ងៃណាមួយ ។២៤ ឱនោះជារបៀបដ៏មានក្តីសង្ឃឹមយ៉ាងពិតដើម្បីប្រឈមមុខនឹងពេលអនាគតរបស់ក្មួយ ។ ខ្ញុំស្រឡាញ់ក្មួយណាស់ ខ្ញុំស្ងប់ស្ងែងដល់ក្មួយ ហើយខ្ញុំនឹងអធិស្ឋានសម្រាប់ ក្មួយជានិច្ច ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕
អែលឌើរ ហូឡិន ៖ អរគុណស៊ីស្ទើរ ហូឡិន អូនមិនគ្រាន់តែបង្រៀនដំណឹងល្អប៉ុណ្ណោះទេ ប៉ុន្តែអូនថែមទាំងរស់នៅតាមដំណឹងល្អ និងពេញដោយក្តីសង្ឃឹមនៃព្រះគ្រីស្ទនៅក្នុងចិត្តអូនទៀតផង ។ នៅក្នុងគ្រាដ៏លំបាកបំផុតរបស់យើង—ហើយក្នុងរយៈពេលប្រាំមួយទសវត្សរ៍នៃអាពាហ៍ពិពាហ៍ នោះអូនមានការលំបាកមួយចំនួន—ស៊ីស្ទើរ ហូឡិនបានរស់នៅតាមអ្វីដែលគាត់បានបង្រៀន ។ គាត់គឺជាដែលមានជំនឿជានិច្ច ។ គាត់តែងតែទុកចិត្តលើពន្លឺដ៏អស់កល្បជានិច្ចនៅក្នុងព្រលឹងរបស់គាត់ ។ គាត់បានរស់នៅដោយប្រាកដក្នុងចិត្តជានិច្ចថា ព្រះទ្រង់ព្រះសណ្តាប់ការអធិស្ឋានរបស់យើង ហើយបង្ហាញផ្លូវដល់យើង ទោះបីជាកាលៈទេសៈយើងហាក់ដូចជាលំបាកខ្លាំងយ៉ាងណាក្តី ។ នៅក្នុងពិភពលោកដែលជួនកាលហាក់ដូចជាមានភាពស្មុគស្មាញចំពោះគូស្វាមីភរិយាវ័យក្មេង នោះសេចក្តីពិត និងការសន្យានានាអំពីដំណឹងល្អគឺជាអ្វីទាំងអស់ដែលញឹកញាប់យើងត្រូវតោងឲ្យខ្ជាប់ខ្ជួន ប៉ុន្តែវាគ្រប់គ្រាន់ហើយ ដោយសារយើងនៅទីនេះនារាត្រីនេះ ទាំងបានទទួលពរច្រើនក្នុងអាពាហ៍ពិពាហ៍ជិត ៦០ ឆ្នាំរបស់ យើង ជាងអ្វីដែលយើងអាចស្រមៃដល់ ។ ដូច្នេះដូចស្ត្រីដ៏ស្រស់ស្អាតម្នាក់នេះបាននិយាយ និងធ្វើ សូមមានសង្ឃឹម ចូរអធិស្ឋានជានិច្ច និងចូរជឿចុះ ។
ខ្ញុំសូមបន្ថែមពីលើការទូន្មានរបស់ស៊ីស្ទើរ ហូឡិន អំពីការជំរុញចិត្តផ្នែកខគម្ពីរដើម្បីប្រឈមនឹងអនាគតដោយរីករាយតាមដែលអាចធ្វើទៅបាន ។ គ្រាមួយមានបុគ្គលម្នាក់បានសរសេរអំពីការលើកទឹកចិត្តទាំងអស់ដែលព្រះគ្រីស្ទបានប្រទានដល់យើងនៅក្នុងព្រះគម្ពីរស្តីពីសេចក្តីសង្ឃឹម ហើយដែលទ្រង់ផ្ទាល់បានប្រទានមកម្តងហើយម្តងទៀត ដែលយើងមិនបានទទួលយកដដែលៗគឺការលើកទឹកចិត្តឲ្យ « សង្ឃឹមឡើង » ។២៥ តើយើងអាចជឿលើព្រះគ្រីស្ទដោយមិនសង្ស័យ ហើយធ្វើតាមបន្ទូលរបស់ទ្រង់ទាក់ទងនឹងរឿងនោះបានទេ ? តើយើងអាចគ្រាន់តែសាកល្បងបានដែរឬទេ ? សូមឲ្យយើងទទួលយកការអញ្ជើញដ៏រីករាយ និងពេញដោយក្តីសង្ឃឹមនៅរាត្រីនេះ នៅពេលយើងស្វែងរកឱកាសថ្មីដើម្បីចាប់ផ្តើមឆ្នាំថ្មី និងគិតអំពីជីវិតរបស់យើងដូចទៅនឹងអ្វីដែលយើងចង់បាន ។
ដូចជាការអញ្ជើញរបស់ទ្រង់ទាំងអស់មកកាន់យើងដែរ ព្រះគ្រីស្ទបានរស់នៅតាមការអញ្ជើញទាំងនោះ មុនពេលទ្រង់បង្រៀនការអញ្ជើញទាំងនោះ ។ ទោះបីជាមានបន្ទុកក៏ដោយ ទ្រង់មានសុទិដ្ឋិនិយម មានភាពវិជ្ជមាន ហើយទ្រង់បានជួយអ្នកដទៃឲ្យប្រែដូចគ្នា ខ្ញុំអាចបន្ថែមថា រួមទាំងព្យាការីនៃព្រះផងដែរ ។ ចេញពីជម្រៅនៃគុកលីប៊ើធី—និងក្នុងជម្រៅនៃភាពអស់សង្ឃឹមដែលលោកបានជួបប្រទះនៅទីនោះ—ការទូន្មានដ៏សំខាន់បំផុតរបស់ព្យាការី យ៉ូសែប ស្ម៊ីធ ទៅកាន់ពួកបរិសុទ្ធដែលកំពុងអធិស្ឋាននៅខាងក្រៅ ទូលសូមឲ្យលោកត្រូវបានដោះលែងនោះគឺថា « ចូរយើងប្រព្រឹត្តការណ៍ទាំងនេះ ដែលនៅក្នុងអំណាចយើង ដោយមានចិត្តរីករាយចុះ ហើយលំដាប់នោះ យើងអាចឈរនៅស្ងៀមដោយជឿជាក់ថា នឹងបានឃើញសេចក្ដីសង្គ្រោះពីព្រះ និងបានព្រះពាហុទ្រង់បើកសម្ដែងមកឲ្យឃើញ » ។២៦ ហើយគ្មាននរណាម្នាក់មានភាពវិជ្ជមាន សុទិដ្ឋិនិយម ពេញដោយក្តីសង្ឃឹមជាងប្រធាន រ័សុល ម៉ារៀន ណិលសុន ឡើយ ព្យាការីនៅរស់របស់យើងដែលបានបន្ទរការទូន្មានរបស់យ៉ូសែប នៅពេលលោកបានមានប្រសាសន៍មកកាន់យើងថ្មីៗនេះ ៖ « គ្មានពរជ័យខាងវិញ្ញាណណាមួយនឹងត្រូវដកយកចេញពីពួកសុចរិតឡើយ ។ … ព្រះអម្ចាស់សព្វព្រះទ័យឲ្យយើងសម្លឹងមើល … ទៅអនាគត ‹ ជាមួយសេចក្តីសង្ឃឹមដ៏រីករាយ › [ Teachings of Presidents of the Church: Joseph Smith ( ឆ្នាំ ២០០៧ ) ទំព័រ ៥១៣ ] » ។ ២៧ ពួកព្យាការីមានសង្ឃឹម ដោយសារពួកលោកគឺជាសិស្សពិតរបស់ព្រះយេស៊ូវគ្រីស្ទ ហើយនោះគឺជាប្រភពដ៏សំខាន់បំផុតនៃភាពសុទិដ្ឋិនិយម ។ ពួកព្យាការីមានក្តីសង្ឃឹម ដោយសារពួកលោកដឹងពីផែនការ ពួកលោកដឹងថានរណាជាអ្នកឈ្នះនៅទីបញ្ចប់ ។
ដូច ស៊ីស្ទើរ ហូឡិនមានប្រសាសន៍ដ៏ប្រពៃអំពីសមត្ថភាព ដើម្បីមើលឃើញពិភពលោកនេះក្នុងផ្លូវវិជ្ជមាន គឺជាអំណោយទានមួយទៀតមកពីព្រះ ។ ព្រះគម្ពីរបានចែងប្រាប់យើងថា ៖ មាន « មនុស្សលោក »—ហើយខ្ញុំអាចបន្ថែមស្ត្រី និងកុមារ—« ដើម្បីឲ្យគេអាចមានសេចក្ដីអំណរ » ២៨ ។ ហេតុដូច្នេះហើយទើបវាជា « ផែនការនៃសុភមង្គល » ។២៩ ជាលទ្ធផលនៃផែនការនោះ និងដង្វាយធួនរបស់ព្រះគ្រីស្ទជាចំណុចស្នូលនៃផែនការនេះ នោះយើងអាចមានសង្ឃឹម ទោះមានគ្រាដ៏លំបាកខ្លាំងក្លាខ្លះៗក្តី ។
គំរូដ៏អស្ចារ្យរបស់ព្រះអង្គសង្គ្រោះនៅក្នុងចំណុចនេះសមឲ្យគោរពធ្វើតាម នៅពេលយើងប្រឈមនឹងឆ្នាំថ្មី ជាឆ្នាំមួយដែលអាចមានឧបសគ្គខ្លះៗចំពោះពួកយើងមួយចំនួន ។ សូមគិតពីការណ៍នេះ ។ តើព្រះយេស៊ូវអាចមានបន្ទូលអំពីការមានសង្ឃឹមនៅកណ្តាលនៃការរងទុក្ខទាំងអស់ដែលទ្រង់បានជួបប្រទះបន្តឆ្ពោះរហូតដល់ការឆ្កាងបានដោយរបៀបណា ? សូម្បីតែនៅក្នុងបរិយាកាសដ៏គ្រោះថ្នាក់ ដែលអាចយកឈ្នះបាននៅអាហារយប់ចុងក្រោយក៏ដោយ ក៏ព្រះគ្រីស្ទនៅតែរំឭកដល់ពួកសិស្សរបស់ទ្រង់អំពីមូលហេតុ និងកាតព្វកិច្ចរបស់ពួកគេដែរថា « ត្រូវសង្ឃឹមឡើង » ។៣០ ជាមួយនឹងការឈឺចាប់ដែលមាននៅចំពោះព្រះភក្ត្ររបស់ទ្រង់ នោះខ្ញុំបានងឿងឆ្ងល់អំពីរបៀបដែលទ្រង់អាចមានបន្ទូលដោយវិជ្ជមានខ្លាំងបែបនេះ ហើយរំពឹងថា ពួកបងប្អូនរបស់ទ្រង់មើលទៅអ្វីៗទាំងនោះដោយក្លៀវក្លា ។ ប្រាកដណាស់ ការបង្ហាញអំពីសេចក្តីជំនឿ របស់ទ្រង់ សេចក្តីសង្ឃឹម របស់ទ្រង់ និងសេចក្តីសប្បុរសកើតមានឡើង ដោយសារទ្រង់ជ្រាបដឹងពីទីបញ្ចប់នៃរឿងនេះ ។ ទ្រង់ជ្រាបថា សេចក្តីសុចរិតមានជ័យជម្នះនៅពេលដំណើររឿងបញ្ចប់ត្រូវបានបំពេញ ។ ទ្រង់ជ្រាបថា ពន្លឺ តែងតែ ឈ្នះសេចក្តីងងឹតជារៀងរហូតតទៅ គឺជារៀងរហូតតទៅ ។ ទ្រង់ជ្រាបដឹងថា ព្រះវរបិតារបស់ទ្រង់ដែលគង់នៅស្ថានសួគ៌ មិនប្រទានបទបញ្ញត្តិណាមួយដោយមិនប្រទានមធ្យោបាយដើម្បីសម្រេចនូវបទបញ្ញត្តិនោះឡើយ ។៣១ ជ័យជម្នះធ្វើឲ្យមនុស្សគ្រប់គ្នារីករាយ ហើយព្រះគ្រីស្ទជាអ្នកឈ្នះក្នុងសង្រ្គាមដ៏ធំជាមួយសេចក្តីស្លាប់ និងស្ថាននរក ។ ឥឡូវនេះ នោះគឺជាសាសនាវិទ្យាស៊ីជម្រៅនារាត្រីនេះ ប៉ុន្តែនោះជាអ្វីដែលពួកគេត្រូវមានភាពរីករាយ ។ ជ័យជម្នះរបស់ព្រះគ្រីស្ទគឺជាប្រភពនៃសេចក្តីសង្ឃឹមរបស់យើងនៅក្នុងឆ្នាំថ្មីនេះ និងរៀងរាល់ឆ្នាំ—ពោលគឺរៀងរហូតតទៅ ។
ពីព្រោះតែការរំខានក្នុងជីវិត និងការល្បួងរបស់លូស៊ីហ្វើរ នោះការបន្តមានសង្ឃឹម និងរីករាយនៅថ្ងៃស្អែក ឬខែក្រោយ ឬឆ្នាំក្រោយអាចមានការពិបាក ។ ទោះជាយ៉ាងណាក៏ដោយនោះគឺជាចំណុចដ៏ច្បាស់លាស់របស់ស៊ីស្ទើរ ហូឡិន ក្នុងការសូមឲ្យមានភាពសាមញ្ញ និងការតាំងចិត្តយ៉ាងមុតមាំផ្តោតលើមូលដ្ឋានគ្រឹះនៃជីវិតពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ជួនកាល យើងបន្តផ្តោតលើការរំខាន និងការល្បួងទាំងនោះដោយស្ម័គ្រចិត្ត ហើយជួនកាលជីវិតយើងគឺមាននូវការរំខាន និងការល្បួងទាំងនោះ ប៉ុន្តែទោះបីក្នុងករណីណាក៏ដោយ ប្រសិនបើយើងបានស្ថាបនាទីបន្ទាល់របស់យើងលើគ្រឹះនៃដំណឹងល្អ នោះយើងអាចទទួលបានប្រយោជន៍ច្រើនពីបទពិសោធន៍នៃឧបសគ្គរបស់យើង ដូចមិត្តម្នាក់ដ៏គួរឲ្យគោរពរបស់ខ្ញុំកំពុងទទួលបានពីបទពិសោធន៍របស់គាត់នាពេលបច្ចុប្បន្ននេះដែរ ។ គាត់ ភរិយាគាត់ និងកូនស្រីរបស់គាត់—ហើយខ្ញុំជឿថា ពួកគាត់កំពុងស្តាប់នារាត្រីនេះ—កំពុងជួបនឹងបញ្ហាសុខភាពជាច្រើនក្នុងពេលឥឡូវនេះ—ខ្ញុំគួរបន្ថែមថា វាគឺជាបញ្ហាធ្ងន់ធ្ងរ ។ ពួកគេមានហេតុផលច្រើនដើម្បីបង្ហាញភាពលំបាករបស់ខ្លួន ហើយឆ្ងល់ថា តើសេចក្តីសង្ឃឹម ឬសេចក្តីជំនឿ ឬសេចក្តីសប្បុរសដ៏ល្អរបស់ពួកគេបានធ្វើអ្វីដាក់ពួកគេបែបនេះ ។ ប៉ុន្តែដោយសារការប្តេជ្ញាចិត្តក្នុងនាមជាសិស្សទាំងនៅក្នុងគ្រាមានអំណរ ឬទុក្ខព្រួយ នោះក្រុមគ្រួសារនេះកំពុងតែឈ្នះ ។
នៅក្នុងអ៊ីម៉ែលថ្មីៗនេះ ( ដែលខ្ញុំចែកចាយជាមួយក្មួយដោយមានការអនុញ្ញាតពីគាត់ ) នោះគាត់បានសរសេរថា ៖
« អស់រយៈពេលពីរបីខែមកនេះ លោកិយនេះហាក់ដូចជាតូចណាស់សម្រាប់ខ្ញុំ ៖ ទាំង [ ទំហំ ] [ គ្រែ ] មន្ទីរពេទ្យ និងបន្ទប់ជំងឺ ។ [ ការជាសះស្បើយបន្ទាប់ពីការប្តូរតម្រង់នោមរបស់ភរិយា ] ខ្ញុំ បានឃើញថាមានការលំបាក ហើយគាត់បានចេញចូលមន្ទីរពេទ្យ … ពេញមួយខែមុន ។ ជាលទ្ធផលខ្ញុំបាន ‹ ផ្តាច់ខ្លួន › ចេញពីពិភពលោក [ ដែលនៅជុំវិញខ្ញុំ ] » ។ សូមគិតអំពីពាក្យ ភាពសាមញ្ញ ។
គាត់បន្តទៀតថា ៖ « ខ្ញុំមិនចូលចិត្តគំនិតមួយដែលថា ព្រះអម្ចាស់ ប្រទាន ការសាកល្បងដល់យើងទេ ប៉ុន្តែខ្ញុំជឿថា ទ្រង់អាច ប្រើ ការសាកល្បងទាំងនោះសម្រាប់ព្រះរាជបំណងរបស់ទ្រង់វិញ ។ រឿងមួយដែលសំខាន់សម្រាប់ខ្ញុំក្នុងរយៈពេលពីរបីសប្តាហ៍កន្លងមកនេះគឺថា … ដំណឹងល្អមានសារៈសំខាន់ខ្លាំងយ៉ាងណា ហើយចេតនាពិតនៃដំណឹងល្អគឺ [ ផ្ទុយទៅនឹងអ្វីៗជាច្រើនដែលអាចមានដ៏ច្រើនលើសលប់ ] ។ បទពិសោធន៍នៃសេចក្តីស្រឡាញ់សម្រាប់អ្នកដទៃ បទពិសោធន៍នៃការត្រូវបានស្រឡាញ់ និងបម្រើពីអ្នកដទៃ វត្តមានស្ងប់ស្ងាត់នៃព្រះសូរសៀងរបស់ព្រះ កាលអ្នកខ្សោះកម្លាំងអង្គុយ [ នៅក្បែរ ] [ គ្រែ ] របស់កូនដែលមានជំងឺ ឬនៅក្នុងបន្ទប់របស់ភរិយានៅមន្ទីរពេទ្យ [ ដែលឈឺធ្ងន់ ] នាអាធ្រាតយប់ជ្រៅ [ ហើយស្តាប់ឮឃ្លាដ៏ទេវភាព ] ថា ‹ បុត្រយើងអើយ ចូរមានសេចក្ដីសុខសាន្តដល់ព្រលឹងបុត្រចុះ › ។
« ខ្ញុំបានអានព្រះគម្ពីរមរមន និងដំណឹងល្អ ហើយ [ បាន ] ទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះ ។ ក្រៅពីការគាំទ្រពីសាសនាចក្រ [ និងទ្រឹស្តីលើសពីអរូបិយ ] នោះ [ អ្វីៗ ] ដែលអាចជួយយើងឲ្យដើរឆ្ពោះទៅរកពន្លឺដោយសន្សឹមៗ … គឺជាភាពពិតនៃសេចក្តីជំនឿ … ទីបន្ទាល់ [ សេចក្តីសង្ឃឹម និងសេចក្តីស្រឡាញ់ ] » ។
គាត់បានបញ្ចប់អ៊ីម៉ែលនោះថា « ខ្ញុំមិនអាចចូលរួមការប្រជុំសាក្រាម៉ង់អស់ជាច្រើនសប្តាហ៍ ប៉ុន្តែខ្ញុំបានឃើញមនុស្សល្អៗជាច្រើន ដែលពិតស្មោះត្រង់ចំពោះសេចក្តីសញ្ញារបស់ពួកគេ … ដែលបានបម្រើគ្រួសាររបស់ខ្ញុំ ។ … ខ្ញុំបានទទួលពរច្រើនណាស់ ហើយខ្ញុំស្រឡាញ់ព្រះអម្ចាស់ [ ខ្ញុំស្រឡាញ់ ] ដំណឹងល្អ [ ខ្ញុំស្រឡាញ់ ] ការស្តារឡើងវិញ ព្រមទាំងសាសនាចក្រ » ។៣២
ទីបន្ទាល់ប្រកបដោយអំណាចអំពីសេចក្តីសង្ឃឹម និងការតស៊ូ ព្រមទាំងសេចក្តីជំនឿ និងសេចក្តីសប្បុរស ដែលបានបង្ហាញនៅក្នុងគ្រាដ៏លំបាកបំផុតនោះ ធ្វើឲ្យខ្ញុំរំជួលចិត្ត ។ ហើយយើងត្រូវដឹងថា នៅពេលណាមួយសេចក្តីសង្ឃឹម របស់យើង និងការប្រែចិត្តជឿ របស់យើង នឹងត្រូវបានសាកល្បង និងបន្សុទ្ធដោយគ្មានការសង្ស័យ នៅក្នុងឡតែមួយនៃការរងទុក្ខផ្ទាល់ខ្លួនផងដែរ ។ មិត្តវ័យក្មេងដ៏អស្ចារ្យរបស់ខ្ញុំអើយ ជំនឿដែលមិនបានសាកល្បងគឺមិនមានជំនឿខ្លាំងទាល់តែសោះ ។ យើងនិយាយថា យើងត្រូវស្ថាបនាឡើងនៅលើថ្មដានៃព្រះគ្រីស្ទ ។ មែនហើយ យើងគួរតែ ធ្វើ បែបនោះ ដោយសារជីវិតតែងតែមានព្យុះ និងខ្យល់បោកបក់ នោះគ្រឹះដែលនៅលើដីខ្សាច់នឹងមិនអាចទប់ទល់បានឡើយ កាលខ្យល់បក់មក ពេលភ្លៀងធ្លាក់ចុះ និងពេលទឹកជន់ឡើងនោះ ។៣៣
យោបល់ចុងក្រោយមួយទៀត កាលដែលយើងបន្តឈានទៅរកការបញ្ចប់ការចាក់ផ្សាយទូទាំងពិភពលោកនេះនៅក្នុងឆ្នាំថ្មីដ៏អស្ចារ្យនេះ រួមទាំងឆ្នាំសិក្សាថ្មីនៃថ្នាក់វិទ្យាស្ថានដែរ ។ មានក្មួយមួយចំនួននៅទីនេះ អាចមានក្តីបារម្ភខ្លាំងហួសហេតុអំពីជំនាញសិក្សាណាដែលគួររៀននៅសាលា ឬអាជីពអ្វីដែលក្មួយគួរតែធ្វើ ។ មានក្មួយមួយចំនួនអាចកំពុងពុះពារជាមួយនឹងបន្ទុកនៃការរំលង—ហើយគ្មានអ្វីបង្ខូច និងបំផ្លាញសេចក្តីសង្ឃឹមរបស់យើងសម្រាប់ពេលអនាគតជាងការដែលយើងផ្តាច់ខ្លួនពីព្រះឡើយ ។ ស៊ីស្ទើរ ហូឡិន និងខ្ញុំ គ្មាន បំណងជ្រើសរើសដើម្បីថ្លែងសុន្ទរកថានេះអំពីអំពើបាប ឬការរំលងទេ ប៉ុន្តែយើងនឹងទំនួលខុសត្រូវ ដើម្បីលើកឡើងអំពីអ្វីដែលព្រះអម្ចាស់បានមានព្រះបន្ទូលថា ជាកាតព្វកិច្ចរបស់យើងដើម្បីបង្រៀន ។
វានឹងមាននូវតម្រូវការជាសកលមួយជានិច្ចសម្រាប់គោលការណ៍ដែលបំពេញឲ្យមានសេចក្តីសង្ឃឹម និង ការអនុវត្តចំពោះការប្រែចិត្តដ៏អស្ចារ្យ ។ នៅពេលយើងបានរំលង យើងដឹងយ៉ាងច្បាស់ពីមូលហេតុដែលអណ្តាតភ្លើងនៃសេចក្តីសង្ឃឹមរបស់យើងរលត់សន្សឹមៗ ហើយនោះជាហេតុផលជួនកាលហាក់ដូចជារលត់សូន្យឈឹងតែម្តង ។ នៅក្នុងស្ថានភាពបែបនោះ យើងត្រូវតែផ្លាស់ប្តូរ ឬក៏ការសង្ឃឹមទុកសម្រាប់សេចក្តីសង្ឃឹមនាពេលអនាគតរបស់យើងត្រូវបានរលាយសាបសូន្យ ។ ទៀននោះបានរលត់ជាអចិន្ត្រៃយ៍ ។ នោះហើយជាមូលហេតុដែលយើងទាំងអស់គ្នាត្រូវតែប្រែចិត្តជាប់ជាប្រចាំ ។ គឺពួកយើងទាំងអស់គ្នា ! ពោលគឺរៀងរាល់ថ្ងៃដូចប្រធានណិលសុនបានមានប្រសាសន៍ ។៣៤
ដូច្នេះរាត្រីនេះខ្ញុំស្នើសុំឲ្យក្មួយដោះស្រាយបន្ទុកណាក៏ដោយនៃការរំលងនោះឲ្យបានភ្លាមៗ ដោយចាប់ផ្តើមពីម៉ោងនេះទៅ អំពើបាបគឺជាសត្រូវដ៏ធំបំផុតនៃសេចក្តីសង្ឃឹម និងសុភមង្គលដែលខ្ញុំដឹងមកទាំងអស់ក្នុងពិភពលោកនេះ ។ សូមចូលទៅកាន់ព្រះអម្ចាស់ជាមួយនឹងការសារភាពរបស់ក្មួយ ហើយទៅជួបប៊ីស្សព ប្រសិនបើអំពើបាបរបស់ក្មួយតម្រូវឲ្យធ្វើដូច្នោះ ។ ប៉ុន្តែសូមផ្លាស់ប្តូរអ្វីក៏ដោយដែលខុសឆ្គង ទោះបីធំ ឬតូចក្តី ។ ការប្រែចិត្តគឺជារបៀបដែលយើងទទួលបានការចាប់ផ្តើមដ៏ស្រស់ស្រាយឡើងវិញ នេះគឺជារបៀបដែលយើងទទួលបានអនាគតដ៏ភ្លឺស្វាងមួយ ។ ជីវិតគឺមានការលំបាកគ្រប់គ្រាន់ហើយ នោះសូមកុំស្ពាយកំហុសនៅលើខ្នងក្មួយទៀតឡើយ—ពោលគឺពេញមួយថ្ងៃ រៀងរាល់ថ្ងៃពេញមួយយប់ រៀងរាល់យប់ ។ សូមទម្លាក់សម្ពាយនោះចុះ ។ សូមប្តូរពីការថប់បារម្ភមកជាភាពសុខសាន្ត ។ សូមប្តូរសេចក្តីទុក្ខព្រួយយកសុភមង្គល ។ ព្រះគ្រីស្ទបានប្រទានព្រះជន្មទ្រង់ ដើម្បីក្មួយអាចមានសេរីភាពធ្វើកិច្ចការនោះ ។
បន្ទាប់មកក្មួយ អាចធ្វើដូចអ្វីដែលនីហ្វៃស្នើសុំឲ្យពួកយើងទាំងអស់គ្នាធ្វើ ។ នៅក្នុងសារដ៏សំខាន់របស់លោកមិនយូរប៉ុន្មានមុនពេលលោកស្លាប់ នោះកូនប្រុសនេះដែលបានឃើញជម្លោះ និងការឈ្លោះប្រកែកជាច្រើននិយាយនូវអ្វីដែលស៊ីស្ទើរ ហូឡិន និងខ្ញុំចង់និយាយ និងបានព្យាយាមនិយាយនៅរាត្រីនេះ ៖
« ឈានទៅមុខដោយខ្ជាប់ខ្ជួននៅក្នុងព្រះគ្រីស្ទ ដោយមានការភ្លឺថ្លានៃសេចក្ដីសង្ឃឹមដ៏ឥតខ្ចោះ ហើយដោយមានចិត្តស្រឡាញ់ព្រះ និងមនុស្សគ្រប់រូប ។៣៥
« ការភ្លឺថ្លានៃសេចក្ដីសង្ឃឹម » នោះកើតចេញចិត្តស្រឡាញ់ព្រះ និងមនុស្សគ្រប់រូប—នោះគឺជាអ្វីដែលយើងចង់បានសម្រាប់ក្មួយនៅក្នុងឆ្នាំថ្មីនេះ ។ ការមានភាពភ្លឺថ្លានៃសេចក្តីសង្ឃឹមនោះនៅជាមួយ នឹងក្លាយជាការខ្សឹបប្រាប់ដែលមិនអាចបដិសេធថា ព្រះស្រឡាញ់ក្មួយ ថាព្រះគ្រីស្ទគឺជាអង្គគាំទ្ររបស់យើង ថាដំណឹងល្អពិត ។ ការភ្លឺថានៃសេចក្តីសង្ឃឹមនេះនឹងរំឭកក្មួយថា នៅក្នុងដំណឹងល្អតែងតែ—មានឱកាសថ្មី ជីវិតថ្មី ឆ្នាំថ្មី រៀងរាល់ថ្ងៃ—រៀងរាល់នាទី ។ ឱ នេះជាអព្ភូតហេតុមួយដ៏អស្ចារ្យអ្វីម៉្លេះ ! ឱ នេះគឺជាអំណោយដ៏មហិមាម៉្លេះ ! ហើយដោយសារតែអំណោយទាននៃព្រះគ្រីស្ទ អ្វីដែលល្អបំផុតក្នុងជីវិតនេះគឺជារបស់ផងយើង ប្រសិនបើយើងបន្តជឿយ៉ាងខ្ជាប់ខ្ជួន និងបន្តព្យាយាម ព្រមទាំងបន្តសង្ឃឹម ។
តើក្មួយចាំពីស្ថានភាពទាំងនោះនៅទូទាំងពិភពលោក ដែលខ្ញុំបានលើកឡើងនៅពេលចាប់ផ្តើមដែរឬទេ ? មែនហើយ សូមប្រឈមមុខនឹងស្ថានភាពទាំងនោះ ហើយប្រឈមមុខនឹងបញ្ហាផ្ទាល់ខ្លួនរបស់ក្មួយដោយដឹងថា ដោយមានសេចក្តីជំនឿ នោះអ្វីៗនឹងដំណើរការនៅទីបញ្ចប់ ។ ចូរកុំទទួលយកពិភពលោកនេះដូចសភាពខាងក្រៅដែលវាបង្ហាញឡើយ ។ សូមបញ្ចាំងភាពភ្លឺថ្លានៃសេចក្តីសង្ឃឹមរបស់ក្មួយលើលោកិយ ហើយ ធ្វើ ឲ្យវាប្រែជាអ្វីដែលវា គួរតែ ប្រែក្លាយ ។ ចូរធ្វើជាពន្លឺដែលស៊ីស្ទើរ ហូឡិនបានស្នើឲ្យក្មួយធ្វើ សូមកុំឲ្យពន្លឺនោះរលត់ឡើយ គឺពន្លឺនៃព្រះអង្គសង្គ្រោះនៃពិភពលោក ។
ខ្ញុំសូមបន្សល់ពរជ័យនៃភាពជាសាវកដល់ក្មួយម្នាក់ៗសម្រាប់ឆ្នាំថ្មីនេះនារាត្រីនេះ សម្រាប់អ្វីដែលខ្ញុំដឹងយ៉ាងប្រាកដ និងសម្រាប់អ្វីៗដែលក្មួយនឹងត្រូវការជានិច្ច ។ ខ្ញុំធ្វើបែបនេះចេញពីសេចក្តីស្រឡាញ់ដែលខ្ញុំមានចំពោះក្មួយ ចេញពីសេចក្តីស្រឡាញ់របស់ព្រះអម្ចាស់ចំពោះក្មួយ សេចក្តីស្រឡាញ់របស់គណៈប្រធានទីមួយ និងកូរ៉ុមនៃពួកដប់ពីរនាក់ចំពោះក្មួយ ។ គឺសេចក្តីស្រឡាញ់របស់មនុស្សគ្រប់រូប ! និងវត្តមានរបស់ក្មួយនៅទីនេះនារាត្រីនេះ ។ ខ្ញុំសូមផ្តល់ពរដល់ក្មួយថា ភាពសាមញ្ញ ប៉ុន្តែពោរពេញដោយអំណាចដែលជាប់នៅក្នុងគោលការណ៍នៃសេចក្តីសង្គ្រោះ ដូចជាសេចក្តីជំនឿ និងសេចក្តីសង្ឃឹម និងសេចក្ដីសប្បុរស នឹងក្លាយជាភស្តុតាង និងមានប្រសិទ្ធភាពនៅក្នុងជីវិតរបស់ក្មួយជានិច្ច ។ ខ្ញុំសូមផ្តល់ពរឲ្យក្មួយដឹង ដូចខ្ញុំដឹងយ៉ាងច្បាស់ថា ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទគឺជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ជាក្តីសង្ឃឹមដ៏អស់កល្បជានិច្ច និងជាសេចក្តីពិតអស់កល្ប ។ ខ្ញុំថ្លែងទីបន្ទាល់ដោយសិទ្ធិអំណាចនៃសាវកថា វាគឺដូច្នេះមែន ហើយនោះគឺជាចម្លើយមិនចេះភ័ន្តច្រឡំតែមួយគត់ចំពោះបញ្ហាប្រឈមជាច្រើនក្នុងជីវិតរបស់ខ្ញុំ និងរបស់ក្មួយ និងជារបៀបតែមួយគត់ដើម្បីត្រូវបានលើកតម្កើងក្នុងភាពអស្ចារ្យដ៏អស់កល្បជានិច្ច ។
ខ្ញុំសូមផ្តល់ពរដល់បុគ្គលណាមួយនៅក្នុងចំណោមក្មួយ ដែលអាចនិយាយនៅជំនាន់នេះថាជា « សេចក្តីជំនឿមានវិបត្តិ » ។ សេចក្តីជំនឿពិត សេចក្តីជំនឿដែលធ្វើឲ្យជីវិតមានការផ្លាស់ប្តូរ សេចក្តីជំនឿរបស់អ័ប្រាហាំ គឺស្ថិតនៅក្នុងវិបត្តិជានិច្ច ។ នោះជារបៀបដែលក្មួយឈ្វេងយល់ប្រសិនបើវាជាសេចក្តីជំនឿដែលឬទេ ។ ខ្ញុំសន្យានឹងក្មួយថា ការមានសេចក្តីជំនឿច្រើននោះមានន័យថានឹងមានវិបត្តិតិច រហូតដល់ទីបំផុតព្រះមានបន្ទូលថា ៖ « ប្រពៃហើយបាវល្អស្មោះត្រង់អើយ » ។៣៦
ខ្ញុំសូមផ្តល់ពរដល់ក្មួយម្នាក់ៗឲ្យដឹងថា សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយគឺពិតជា សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ។ ហើយមានតែតាមរយៈពិធីបរិសុទ្ធ និងឱកាសនានាដែលសាសនាចក្រនេះផ្តល់ឲ្យប៉ុណ្ណោះ ទើបបុគ្គលម្នាក់អាច « ដល់ខ្នាតកម្ពស់នៃសេចក្ដីពោរពេញផងព្រះគ្រីស្ទ »ដោយពេញលេញបាន ។៣៧ ខ្ញុំសូមផ្តល់ពរដល់ក្មួយម្នាក់ៗ ដោយរៀងៗខ្លួន និងតាមឈ្មោះ នូវអំណោយទានដែលក្មួយត្រូវការសម្រាប់ដំណើរស្វែងរកនេះ ហើយខ្ញុំសូមផ្តល់ពរដល់ក្មួយ ទូលអង្វរជាមួយក្មួយ ដើម្បីស៊ូទ្រាំដោយអត់ធ្មត់ ក្នុងនាមព្រះវរបិតាសួគ៌របស់ក្មួយ ដោយប្រាជ្ញារបស់ទ្រង់ រកឃើញរបៀបដ៏ល្អបំផុតដើម្បីផ្តល់ឲ្យក្មួយនូវអ្វីដែលក្មួយបានសុំជាញឹកញាប់ ប៉ុន្តែប្រទានឲ្យក្មួយនូវអ្វីដែលក្មួយត្រូវការជានិច្ច ។ ដោយចេញពីសេចក្តីស្រឡាញ់ដ៏ទេវភាពរបស់ព្រះ ការគាំទ្រអស់កល្បជានិច្ចរបស់ព្រះអង្គសង្គ្រោះជំនួសយើង និងការលួងលោមជាប់ជានិច្ចនៃព្រះវិញ្ញាណបរិសុទ្ធ អំណាចបព្វជិតភាពដ៏បរិសុទ្ធ និងព្យាការីបច្ចុប្បន្នរបស់យើងគឺប្រធាន រ័សុល អិម ណិលសុន ព្រះគម្ពីរមរមនដ៏ទេវភាព និងចេញពី « ការភ្លឺថ្លានៃសេចក្ដីសង្ឃឹមដ៏ឥតខ្ចោះ » ដែលដំណឹងល្អនេះផ្តល់ឲ្យ ។ ខ្ញុំធ្វើកិច្ចការនេះនៅក្នុងព្រះនាមរបស់ទ្រង់ដែលជាប្រភពនៃសេចក្តីសង្ឃឹមទាំងអស់របស់ខ្ញុំ គឺព្រះនាមព្រះអម្ចាស់យេស៊ូវគ្រីស្ទ អាម៉ែន ៕