ស្ថានភាពធម្មតាជាថ្មី
ខ្ញុំសូមអញ្ជើញបងប្អូនឲ្យបង្វែរដួងចិត្ត គំនិត និងព្រលឹងកាន់តែខ្លាំងទៅរកព្រះវរបិតាសួគ៌ និងព្រះរាជបុត្រាទ្រង់ ព្រះយេស៊ូវគ្រីស្ទ ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់ សន្និសីទអំឡុងពីរថ្ងៃនេះ ពិតជាអស្ចារ្យណាស់ ! ខ្ញុំយល់ស្របនឹងអែលឌើរ ជែហ្វ្រី អរ ហូឡិន ។ ដូចជាលោកបានប្រាប់ គ្រប់សារលិខិត ការអធិស្ឋាន និងតន្ត្រី ទាំងអស់នេះត្រូវបានបំផុសគំនិតដោយព្រះអម្ចាស់ ។ ខ្ញុំមានអំណរគុណចំពោះបងប្អូនទាំងអស់គ្នាដែលបានចូលរួមតាមរបៀបផ្សេងៗ ។
នៅក្នុងអង្គប្រជុំ ខ្ញុំបាននឹកស្រម៉ៃរូបបងប្អូននៅក្នុងចិត្តថាកំពុងស្ដាប់សន្និសីទ ។ ខ្ញុំបានទូលសូមព្រះអម្ចាស់ឲ្យជួយខ្ញុំយល់នូវអ្វីដែលបងប្អូនកំពុងមានអារម្មណ៍ កំពុងបារម្ភ ឬកំពុងព្យាយាមដោះស្រាយ ។ ខ្ញុំងឿងឆ្ងល់អំពីអ្វីដែលខ្ញុំត្រូវថ្លែងនៅចុងបញ្ចប់នៃសន្និសីទនេះ ដើម្បីនឹងផ្ញើរទៅកាន់បងប្អូនដោយសុទិដ្ឋិនិយមអំពីអនាគត ដែលខ្ញុំដឹងថាព្រះអម្ចាស់សព្វព្រះទ័យឲ្យបងប្អូនដឹង ។
យើងរស់នៅក្នុងយុគសម័យដ៏រុងរឿង ដូចដែលបានទាយទុកដោយពួកព្យាការីអស់ជាច្រើនសតវត្សរ៍មកហើយ ។ នេះគឺជាគ្រាកាន់កាប់ត្រួតត្រា ដែលពុំមានពរជ័យខាងវិញ្ញាណណាមួយនឹងត្រូវដកយកចេញពីពួកសុចរិតឡើយ ។ ១ ក្រៅពីការរំជើបរំជួលខាងលោកិយ ២ ព្រះអម្ចាស់ចង់ឲ្យយើង « បានទន្ទឹងរង់ចាំយ៉ាងរីករាយចំពោះជំនាន់ដែលយើងរស់នៅ » ។ ៣ ចូរយើងកុំចំណាយពេលឥតប្រយោជន៍នៅក្នុងការចងចាំពីអតីតកាលឡើយ ។ ការប្រមូលផ្ដុំនៃវង្សអ៊ីស្រាអែលកំពុងរំកិលឆ្ពោះទៅមុខ ។ ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ដឹកនាំកិច្ចការនៃសាសនាចក្ររបស់ទ្រង់ ហើយនឹង សម្រេចនូវគោលដៅដ៏ទេវភាពនៃកិច្ចការទ្រង់ ។
បញ្ហារបស់បងប្អូន និងខ្ញុំគឺត្រូវប្រាកដថា យើង ម្នាក់ៗនឹងសម្រេចសក្ដានុពលដ៏ទេវភាពរបស់ខ្លួន ។ ថ្ងៃនេះ យើងស្ដាប់ឮជាញឹកញាប់អំពី « ស្ថានភាពធម្មតាជាថ្មី » ។ បើបងប្អូនពិតជាចង់ឱបក្រសោបស្ថានភាពធម្មតាជាថ្មី ខ្ញុំសូមអញ្ជើញបងប្អូនឲ្យបង្វែរដួងចិត្ត គំនិត និងព្រលឹងកាន់តែខ្លាំងទៅរកព្រះវរបិតាសួគ៌ និងព្រះរាជបុត្រាទ្រង់ ព្រះយេស៊ូវគ្រីស្ទ ។ សូមឲ្យការណ៍នោះគឺជាស្ថានភាពធម្មតាជាថ្មី របស់បងប្អូន
ឱបក្រសោបយកភាពធម្មតាជាថ្មីរបស់បងប្អូនដោយការប្រែចិត្តជាប្រចាំថ្ងៃ ។ សូមព្យាយាមបង្កើនបរិសុទ្ធភាពនៅក្នុងគំនិត ក្នុងពាក្យសម្ដី និងទង្វើ ។ ផ្ដល់ការងារបម្រើដល់អ្នកដទៃ ។ រក្សាទស្សនៈវិស័យអស់កល្បជានិច្ច ។ តម្កើងការហៅរបស់បងប្អូន ។ ហើយមិនថាឧបសគ្គរបស់បងប្អូនជាយ៉ាងណាទេ បងប្អូនប្រុសស្រីជាទីស្រឡាញ់ខ្ញុំអើយ សូមបងប្អូនរស់នៅជារៀងរាល់ថ្ងៃដើម្បីឲ្យ បងប្អូន កាន់តែបានត្រៀមខ្លួនដើម្បីជួបនឹងអង្គបង្កបង្កើតរបស់បងប្អូន ។ ៤
នោះជាមូលហេតុដែលយើងមានព្រះវិហារបរិសុទ្ធ ិតអស់កល្បជានិច្ច ជាពរជ័យដ៏មហិមាបំផុតនៃព្រះ ។ ៥ ដូចបងប្អូនបានដឹងហើយ ការរាតត្បាតជំងឺកូវីដ តម្រូវឲ្យមានការបិទព្រះវិហារបរិសុទ្ធរបស់យើងមួយរយៈ ។ បន្ទាប់មក យើងបានចាប់ផ្ដើមសម្របសម្រួល ដាក់ដំណាក់កាលបើកជាថ្មីម្ដងទៀតយ៉ាងប្រុងប្រយ័ត្ន ។ ឥឡូវ ព្រះវិហារបរិសុទ្ធជាច្រើនស្ថិតក្នុងដំណាក់កាលទី ២ ដែលមានគូស្វាមីភរិយារាប់ពាន់នាក់ត្រូវបានផ្សារភ្ជាប់ ហើយរាប់ពាន់នាក់ទៀតបានទទួលអំណោយទានពិសិដ្ឋផ្ទាល់ខ្លួនរបស់ពួកគេ គ្រាន់តែក្នុងរយៈពេលពីរបីខែកន្លងទៅនេះ ។ យើងទន្ទឹងចាំដល់ថ្ងៃដែលសមាជិកសក្ដិសមទាំងអស់ក្នុងសាសនាចក្រ អាចបម្រើដល់ជីដូនជីតារបស់ពួកគេ និងថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធម្ដងទៀត ។
ឥឡូវ ខ្ញុំរីករាយនឹងប្រកាសអំពីផែនការសម្រាប់ការសាងសង់ព្រះវិហារបរិសុទ្ធថ្មីចំនួនប្រាំមួយ ដែលនឹងត្រូវសាងសង់នៅទីតាំងដូចខាងក្រោម ៖ តារ៉ាវ៉ា គីរីបាទី, ផត វីឡា វ៉ានូតុ, លីនដុន យូថាហ៍, ហ្គ្រេធើរ ហ្គូតាម៉ាឡា ស៊ីធី ហ្គូតាម៉ាឡា, សៅប៉ូឡូខាងកើត ប្រទេសប្រេស៊ីល និង សាន់តា ហ្គ្រូហ្ស បូលីវៀ ។
នៅពេលយើងសាងសង់ និងថែទាំដល់ព្រះវិហារបរិសុទ្ធទាំងនេះ យើងសូមអធិស្ឋានឲ្យ បងប្អូនម្នាក់ៗនឹងស្ថាបនា និងថែទាំខ្លួនឯង ដើម្បីបងប្អូនអាចមានភាពសក្ដិសមដើម្បីចូលក្នុងព្រះវិហារបរិសុទ្ធដ៏ពិសិដ្ឋ ។
ឥឡូវ បងប្អូនប្រុសស្រីជាទីស្រឡាញ់អើយ ខ្ញុំសូមប្រទានពរឲ្យបងប្អូនត្រូវបានពេញទៅដោយសេចក្ដីសុខសាន្ដនៃព្រះអម្ចាស់យេស៊ូវគ្រីស្ទ ន្ដរបស់ទ្រង់ គឺមានហួសពីការយល់ដឹងនៃជីវិតរមែងស្លាប់ទាំងអស់ ។ ៦ ខ្ញុំសូមប្រទានពរដល់បងប្អូនឲ្យមានបំណងប្រាថ្នា និងសមត្ថភាពកាន់តែខ្លាំងដើម្បីគោរពតាមព្រះបញ្ញត្តិនៃព្រះ ។ ខ្ញុំសូមសន្យាថា នៅពេលបងប្អូនធ្វើដូច្នោះ នោះបងប្អូននឹងត្រូវបានចាក់ស្រោចដោយពរជ័យទាំងឡាយ រួមទាំងការមានភាពក្លាហានកាន់តែខ្លាំង និងចម្រើនវិវរណៈផ្ទាល់ខ្លួន មានក្ដីសុខុដុមកាន់តែផ្អែមល្ហែមនៅក្នុងគេហដ្ឋាន និងមានអំណរនៅកណ្ដាលនៃភាពមិនប្រាកដប្រជា ។
សូមឲ្យយើងឆ្ពោះទៅមុខជាមួយគ្នាដើម្បីបំពេញតាមបញ្ញត្តិពីព្រះរបស់យើង— ដើម្បីរៀបចំខ្លួនយើង និងពិភពលោកសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ ។ ខ្ញុំសូមអធិស្ឋាន និងសម្ដែងក្ដីស្រឡាញ់ចំពោះបងប្អូនដូច្នោះ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន។