កាឆ្ពោះទៅមុខ
កិច្ចការរបស់ព្រះអម្ចាស់នៅតែបន្ដឆ្ពោះទៅមុខយ៉ាងខ្ជាប់ខ្ជួន ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់ ខ្ញុំមាន អំណរ ដើម្បីជួបជុំនឹងបងប្អូន កាលយើងចាប់ផ្ដើមសន្និសីទទូទៅពាក់កណ្ដាលឆ្នាំលើកទី ១៩០ របស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ខ្ញុំពេញចិត្តចូលរួមនឹងបងប្អូននៅតាមគេហដ្ឋាន ឬកន្លែងណាដែលបងប្អូននៅដើម្បីស្ដាប់សារលិខិតរបស់ពួកព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈ ព្រមទាំងថ្នាក់ដឹកនាំសាសនាចក្រផ្សេងទៀត ។
ឱ យើងមានអំណរគុណណាស់ចំពោះបច្ចេកវិទ្យា ដែលអនុញ្ញាតឲ្យយើងជួបជុំសិស្សរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងការប្រជុំដ៏ធំមួយទូទាំងពិភពលោក ។ សន្និសីទទូទៅកាលពីខែមេសាមានមនុស្សមើលច្រើនជាងសន្និសីទមុនៗទាំងអស់ ហើយយើងរំពឹងថា វានឹងកើតឡើងម្ដងទៀត ។
អំឡុងពីរបីខែមុន ជំងឺរាតត្បាតជាសាកល ភ្លើងឆេះព្រៃដ៏កម្រោល និងគ្រោះធម្មជាតិផ្សេងទៀតបានធ្វើឲ្យពិភពលោកយើងក្រឡាប់ចាក់ ។ ខ្ញុំចូលរួមរំលែកទុក្ខជាមួយបងប្អូនគ្រប់គ្នា ដែលបាត់បង់មនុស្សជាទីស្រឡាញ់អំឡុងពេលនេះ ។ ហើយខ្ញុំអធិស្ឋានសម្រាប់អស់អ្នកដែលកំពុងរងទុក្ខបច្ចុប្បន្ននេះ ។
ក្នុងពេលដំណាលគ្នានេះ កិច្ចការរបស់ព្រះអម្ចាស់នៅតែបន្ដឆ្ពោះទៅមុខយ៉ាងខ្ជាប់ខ្ជួន ។ ក្នុងពេលរក្សាគម្លាតជាសង្គម ការពាក់ម៉ាស និងការប្រជុំតាម ហ្សូម យើងបានរៀនធ្វើរឿងមួយចំនួនផ្សេងពីមុន ហើយរឿងខ្លះកាន់តែមានប្រសិទ្ធភាពជាងមុនទៅទៀត ។ គ្រាមិនធម្មតានេះអាចនាំមកនូវរង្វាន់ដ៏វិសេស ។
អ្នកផ្សព្វផ្សាយសាសនា និងអ្នកដឹកនាំបេសកកម្មរបស់យើងបានធ្វើជាធនធានដ៏ល្អ រឹងមាំ និងអស្ចារ្យយ៉ាងខ្លាំង ។ ទោះជាអ្នកផ្សព្វផ្សាយសាសនាភាគច្រើនត្រូវស្វែងរករបៀបថ្មី ប្រកបដោយភាពច្នៃប្រឌិតដើម្បីធ្វើកិច្ចការរបស់ពួកគេក្ដី ក៏បេសកកម្មជាច្រើនបានរាយការណ៍ថាបានធ្វើការបង្រៀន ច្រើន ជាងមុនទៅទៀត ។
យើងត្រូវបិទព្រះវិហារបរិសុទ្ធមួយគ្រា ហើយគម្រោងសាងសង់មួយចំនួនត្រូវពន្យារពេលសិន ប៉ុន្ដែឥឡូវនេះ វាកំពុងបន្ដឆ្ពោះទៅមុខទាំងអស់ ។ នៅឆ្នាំ ២០២០ នេះ យើងនឹងធ្វើការបុកគ្រឹះព្រះវិហារបរិសុទ្ធចំនួន ២០ ថ្មីទៀត !
កិច្ចការពង្សប្រវត្តិបានកើនឡើងយ៉ាងខ្លាំង ។ វួដ និងស្ដេកថ្មីៗជាច្រើនត្រូវបានបង្កើតឡើង ។ ហើយយើងមានអំណរគុណដើម្បីរាយការណ៍ថា សាសនាចក្របានផ្ដល់ជំនួយសប្បុរសធម៌ក្នុងពេលមានជំងឺរាតត្បាតជាសាកលនេះចំនួន៨៩៥ គម្រោង នៅក្នុង ១៥០ ប្រទេស ។
ការសិក្សាដំណឹងល្អនៅតាមគេហដ្ឋានជាច្រើនបានកើនឡើង ដែលជាលទ្ធផលនាំឲ្យមានទីបន្ទាល់ និងទំនាក់ទំនងក្នុងគ្រួសារដ៏រឹងមាំ ។ អ្នកម្ដាយម្នាក់បានសរសេរថា « ឥឡូវនេះ យើងមានអារម្មណ៍ជិតដិតនឹងកូនៗ និងចៅៗរបស់យើងខ្លាំងជាងមុន ព្រោះយើងជួបគ្នាតាម ហ្សូម រាល់ថ្ងៃអាទិត្យ ។ ម្នាក់ៗប្ដូរវេណគ្នាចែកចាយយោបល់របស់ពួកគេអំពីសៀវភៅ ចូរមកតាមខ្ញុំ ។ ការអធិស្ឋានសម្រាប់សមាជិកគ្រួសាររបស់យើងបានផ្លាស់ប្ដូរ ដោយសារយើងយល់កាន់តែច្បាស់ពីអ្វីដែលពួកគេត្រូវការ » ។
ខ្ញុំអធិស្ឋានថា យើងទាំងអស់គ្នានឹងប្រើប្រាស់គ្រាដ៏វិសេសនេះដើម្បីរីកចម្រើនខាងវិញ្ញាណ ផែនដីនេះដើម្បីត្រូវសាកល្បង មើលថា តើយើងនឹងជ្រើសរើសធ្វើតាមព្រះយេស៊ូវគ្រីស្ទ ប្រែចិត្តជាប្រចាំ រៀន និងរីកចម្រើនឡើងឬអត់ ។ វិញ្ញាណរបស់យើងចង់បានការរីកចម្រើន ។ ហើយយើងធ្វើវាបានល្អបំផុត តាមរយៈការបន្ដនៅលើផ្លូវនៃសេចក្ដីសញ្ញានេះយ៉ាងរឹងមាំ ។
ទោះជាមានអ្វីកើតឡើងក្ដី ក៏ព្រះវរបិតាសួគ៌របស់យើង និងព្រះរាជបុត្រាទ្រង់ ព្រះយេស៊ូវគ្រីស្ទនៅតែស្រឡាញ់យើងដដែល ! ទ្រង់ខ្វល់ពីពួកយើង ! ទ្រង់ និងពួកទេវតាដ៏បរិសុទ្ធរបស់ទ្រង់កំពុងទតមើលមកលើយើង ។ ១ ខ្ញុំដឹងថា នោះគឺជាការពិត ។
កាលយើងជួបជុំគ្នាដើម្បីស្ដាប់ព្រះបន្ទូលព្រះអម្ចាស់ ដែលបានបំផុសដល់អ្នកបម្រើទ្រង់ឲ្យចែកចាយ នោះខ្ញុំសូមអញ្ជើញបងប្អូនឲ្យពិចារណាអំពីការសន្យាមួយ ដែលព្រះអម្ចាស់បានធ្វើ ។ ទ្រង់បានប្រកាសថា « នរណាក៏ដោយដែលចង់បាន នោះអាចបានទទួលព្រះបន្ទូលនៃព្រះ ដែលរស់ ហើយពូកែ ដែលនឹងផ្ដាច់អស់ទាំងកលល្បិច … និងឧបាយរបស់អារក្សឲ្យដាច់ពីគ្នា ហើយដឹកនាំ [ សិស្ស ] នៃព្រះគ្រីស្ទចូលទៅក្នុងផ្លូវមួយដ៏តូច ហើយចង្អៀត » ។ ២
ខ្ញុំអធិស្ឋានថា បងប្អូននឹង ជ្រើសរើស ទទួលព្រះបន្ទូលនៃព្រះ ដូចបានប្រកាសអំឡុងសន្និសីទទូទៅនេះ ។ ហើយខ្ញុំអធិស្ឋានសុំឲ្យបងប្អូនមានអារម្មណ៍ពីសេចក្ដីស្រឡាញ់ដ៏ឥតខ្ចោះរបស់ព្រះអម្ចាស់មានចំពោះបងប្អូន ៣ នៅ ក្នុងព្រះនាមដ៏ពិសិដ្ឋរបស់ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។