អំណោយដ៏ជ្រួតជ្រាបនៃព្រះរាជបុត្រា
តាមរយៈព្រះយេស៊ូវគ្រីស្ទ យើងអាចគេចចេញពីក្ដីឈឺចាប់ដែលសមនឹងទទួលដោយសារតែការបរាជ័យខាងសីលធម៌របស់យើង និងយកឈ្នះលើក្ដីឈឺចាប់ដែលមិនសមទទួលដោយសាររឿងអាក្រក់នៃជីវិតរមែងស្លាប់របស់យើង ។
ពេលកំពុងអានព្រះគម្ពីរមរមនក្នុងមេរៀន ចូរមកតាមខ្ញុំ កាលពីរដូវក្ដៅមុននេះ ខ្ញុំមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះអ្វីដែលអាលម៉ាបានប្រាប់ នៅពេលដែលលោកភ្ញាក់ខ្លួនពីអំពើបាប ថា « គ្មានអ្វីដែល ជ្រួតជ្រាប ហើយ ល្វីងជូរចត់ ឲ្យស្មើនឹងការឈឺចាប់ [ របស់លោក ] បានឡើយ » ។ ១ ខ្ញុំសារភាពថា ការនិយាយពីការឈឺចាប់ដ៏ជ្រួតជ្រាបទាញយកអារម្មណ៍ខ្ញុំ មួយផ្នែកដោយសារតែការប្រយុទ្ធរបស់ខ្ញុំនៅសប្តាហ៍នោះជាមួយនឹងក្រួសក្នុងតម្រងនោម ទំហំ៧ មីលីម៉ែត ។ មិនដែលមានបុរសណាម្នាក់ដកពិសោធន៍នូវ « កិច្ចការដ៏ធំៗ » ពេលដែលកិច្ចការ « តូចតាច និងងាយ » ជាអ្វីដែល « នាំឲ្យកើត » ឡើងនោះទេ ។ ២
ភាសារបស់អាលម៉ាក៏លេចធ្លោផងដែរ ចំពោះខ្ញុំ ដោយសារតែពាក្យ ជ្រួតជ្រាបដែលនៅក្នុងការបកប្រែជាភាសាអង់គ្លេសនៃព្រះគម្ពីរមរមន បានពិពណ៌នាជាពិសេសអំពីអ្វីដែលជាភាពស្រស់ស្អាតដ៏ប្លែក ឬភាពអស្ចារ្យដែលមិនអាចប្រៀបបាន ។ ឧទាហរណ៍ យ៉ូសែប ស្ម៊ីធ បានធ្វើការកត់សម្គាល់ថា ទេវតាមរ៉ូណៃបានស្លៀករ៉ូបដែលមាន « ពណ៌ដ៏សអស្ចារ្យ » « គឺជាភាពសជាងអ្វីៗនៅលើលោកិយ ដែល [ លោក ] ធ្លាប់ប្រទះឃើញមក » ។ ៣ តែពាក្យ ជ្រួតជ្រាប ក៏អាចប្រាប់ពីកម្លាំងដ៏ខ្លាំងក្រៃលែងសម្រាប់រឿងដ៏អាក្រក់ផងដែរ ។ ហេតុដូច្នោះហើយ អាលម៉ា និងវចនានុក្រមកំពូលៗ ភ្ជាប់ការឈឺចាប់ដ៏ជ្រួតជ្រាបទៅនឹង « សេចក្ដីទុក្ខវេទនា » « ត្រូវញាំញី » « ត្រូវកើតទុក្ខ » ដល់ « អតិបរិមា » ។ ៤
ការប្រៀបធៀបរបស់អាលម៉ាឆ្លុះបញ្ចាំងអំពីការពិតដ៏សំខាន់ថា នៅចំណុចណាមួយនោះ យើងមានអារម្មណ៍ដឹងកំហុសដែលពេញដោយភាពឈឺផ្សានៃគ្រប់អំពើបាបដែលយើងធ្វើ ។ វាជាតម្រូវការនៃសេចក្ដីយុត្តិធម៌ ហើយព្រះទ្រង់ផ្ទាល់មិនអាចផ្លាស់ប្ដូរវាបានទេ ។ ៥ ពេលអាលម៉ាបានចងចាំអំពើបាប « ទាំងអស់ » របស់លោក—ជាពិសេសអំពើបាបដែលបានបំផ្លាញសេចក្ដីជំនឿរបស់មនុស្សដទៃ—នោះការឈឺចាប់របស់លោកមិនអាចទ្រាំទ្របានទេ ហើយគំនិតនៃការឈរនៅចំពោះព្រះ បានធ្វើឲ្យលោកពោរពេញដោយ « សេចក្ដីរន្ធត់ដ៏មិនអាចថ្លែងបាន » ។ លោកចង់ « រលត់ទៅទាំងព្រលឹងទាំងរូបកាយ » ។ ៦
ទោះជាយ៉ាងណា អាលម៉ាបាននិយាយថា អ្វីៗគ្រប់យ៉ាងបានចាប់ផ្ដើមផ្លាស់ប្ដូរនៅគ្រាដែលលោក « នឹកគិតទៅលើ » ការព្យាករអំពី « ការយាងមកនៃព្រះយេស៊ូវគ្រីស្ទ … ដើម្បីមកធ្វើឲ្យធួននឹងអំពើបាបទាំងឡាយនៃមនុស្សលោក » ហើយលោក « បានយំនៅក្នុងចិត្ត [ លោក ] ថា ៖ ឱព្រះយេស៊ូវអើយ ព្រះអង្គជាព្រះរាជបុត្រានៃព្រះ សូមព្រះអង្គមានសេចក្ដីមេត្តាករុណាមកលើទូលបង្គំផង » ។ ជាមួយនឹងគំនិតមួយនោះ និងការអង្វរមួយនោះ អាលម៉ាបានពោរពេញដោយអំណរដ៏ « ជ្រួតជ្រាប » « លើសជាងការឈឺចាប់ [ របស់លោក ] ទៅទៀត » ។ ៧
យើងមិនត្រូវភ្លេចថា គោលបំណងនៃការប្រែចិត្តគឺត្រូវទទួលនូវសេចក្ដីវេទនាជាក់លាក់ ហើយផ្លាស់ប្រែវាទៅជាសុភមង្គលដ៏បរិសុទ្ធ ។ សូមអរព្រះគុណដល់ « សេចក្ដីល្អសប្បុរសដ៏ទាន់ចិត្ត » ៨ របស់ទ្រង់ នៅពេលយើងមកឯព្រះគ្រីស្ទ ភ្លាម —ដោយបង្ហាញសេចក្ដីជំនឿលើទ្រង់ និងការផ្លាស់ប្ដូរដួងចិត្តដ៏ពិត—នោះទម្ងន់ដ៏លើសលប់នៃអំពើបាបរបស់យើងចាប់ផ្ដើមបង្វែរពីខ្នងយើងទៅទ្រង់វិញ ។ ការណ៍នេះកើតឡើងបាន ដោយសារតែទ្រង់ដែលគ្មានអំពើបាបប៉ុណ្ណោះដែលបានរងនូវ « ក្ដីឈឺចាប់ដែលគ្មានដែនកំណត់ និងមិនអាចថ្លែងបាន » នៃគ្រប់អំពើបាបនៅក្នុងសកលលោកនៃការបង្កបង្កើតរបស់ទ្រង់—ជាការរងទុក្ខដ៏ខ្លាំងបំផុត ដែលបានធ្វើឲ្យព្រះលោហិតបានហូរចេញពីគ្រប់គល់រោមរបស់ទ្រង់ ។ ៩ ចេញពីបទពិសោធន៍ផ្ទាល់ខ្លួន ព្រះអង្គសង្គ្រោះបានព្រមានយើង នៅក្នុងព្រះគម្ពីរសម័យទំនើប ថាយើងមិនដឹងសោះឡើយថា « សេចក្ដីរងទុក្ខវេទនា » របស់យើង « ជ្រួតជ្រាប » ប៉ុណ្ណា បើយើងមិនប្រែចិត្តទេនោះ ។ ប៉ុន្តែ ដោយព្រះទ័យសប្បុរសដែលមិនអាចកាត់ថ្លៃបាន ទ្រង់បានបញ្ជាក់ផងដែរថា « ដ្បិតមើលចុះ យើងជាព្រះ បានរងទុក្ខនូវការទាំងនេះជំនួសមនុស្សទាំងអស់ ដើម្បីកុំឲ្យគេអាចរងទុក្ខ បើសិនជាពួកគេប្រែចិត្ត » ១០ —ជាការប្រែចិត្តមួយដែលអនុញ្ញាតឲ្យយើង « ភ្លក់ » នូវ « សេចក្ដីអំណរដ៏លើសលប់ » ដែលអាលម៉ាបានភ្លក់ ។ ១១ គ្រាន់តែគោលលទ្ធិនេះតែមួយ « ខ្ញុំឆ្ងល់យ៉ាងអស្ចារ្យ » ។ ១២ ប៉ុន្តែ គួរឲ្យភ្ញាក់ផ្អើល ព្រះគ្រីស្ទប្រទានថែមទៀត ។
ពេលខ្លះ ការឈឺចាប់ដ៏ជ្រួតជ្រាបមិនបានមកពីអំពើបាបទេ ប៉ុន្តែចេញមកពីកំហុសទៀងត្រង់ ពីសកម្មភាពរបស់មនុស្សផ្សេងទៀត ឬមកពីកម្លាំងដែលហួសពីការគ្រប់គ្រងរបស់យើង ។ នៅក្នុងគ្រាទាំងនេះ បងប្អូនអាចស្រែកយំដូចជាអ្នកតែងទំនុកតម្កើងដ៏សុចរិត ៖
« ចិត្តទូលបង្គំអន្ទះសានៅក្នុងខ្លួន ហើយសេចក្តីស្ញែងខ្លាចចំពោះសេចក្តីស្លាប់បានគ្របសង្កត់លើទូលបង្គំ ។
« … ហើយញាប់ញ័រ សេចក្តីតក់ស្លុតបានបង្គ្របទូលបង្គំហើយ ។
« … ឱបើសិនណាជាមានស្លាបដូចជាព្រាបទៅរ៉ា នោះអញនឹងហើរចេញទៅឲ្យបានសេចក្តីសុខ » ។ ១៣
វិទ្យាសាស្ត្រវេជ្ជសាស្ត្រ ការប្រឹក្សាជំនាញ ឬការកែតម្រូវដោយច្បាប់ អាចជួយកាត់បន្ថយការរងទុក្ខបែបនោះបាន ។ ប៉ុន្តែសូមកត់ចំណាំថា អំណោយទានដ៏ល្អៗទាំងអស់—រួមទាំងអ្វីៗទាំងនេះ—បានមកពីព្រះអង្គសង្គ្រោះ ។ ១៤ ដោយមិនគិតពីបុព្វហេតុនៃការឈឺចាប់ និងការឈឺចិត្តដ៏អាក្រក់បំផុតរបស់យើង ប្រភពដ៏ល្អបំផុតដើម្បីបានធូរស្បើយគឺដូចគ្នា ៖ គឺព្រះយេស៊ូវគ្រីស្ទ ។ មានតែទ្រង់ប៉ុណ្ណោះដែលមានអំណាចពេញលេញ និងមានថ្នាំព្យាបាលដើម្បីកែប្រែគ្រប់កំហុស ធ្វើឲ្យអ្វីដែលខុសទៅជាត្រូវ កែសម្រួលគ្រប់ភាពមិនឥតខ្ចោះ ផ្សះគ្រប់មុខរបួស និងប្រទានគ្រប់ពរជ័យដែលយឺតយ៉ាវ ។ ដូចជាសាក្សីពីបុរាណដែរ ខ្ញុំសូមថ្លែងទីបន្ទាល់ថា « ដ្បិតសំដេចសង្ឃនៃយើង ទ្រង់មិនមែនមិនអាចនឹងអាណិតអាសូរ ដល់សេចក្តីកំសោយរបស់យើងរាល់គ្នានោះទេ » ១៥ ប៉ុន្តែជាព្រះអង្គប្រោសលោះដែលពេញដោយក្ដីស្រឡាញ់ ដែលបានចុះមកពីបល្ល័ង្ករបស់ទ្រង់នៅស្ថានលើ ហើយបានយាងមក « រងការឈឺចាប់ និងទុក្ខវេទនា និងការល្បួងគ្រប់បែបយ៉ាង … ដើម្បីទ្រង់អាចដឹង … តើត្រូវជួយរាស្ត្រទ្រង់បែបណា » ។ ១៦
ចំពោះបងប្អូនណាដែលមានការឈឺចាប់យ៉ាងខ្លាំង ឬយ៉ាងចម្លែកខុសគេនៅថ្ងៃនេះ ដែលបងប្អូនមានអារម្មណ៍ថា គ្មាននរណាម្នាក់អាចយល់ពីវា បងប្អូនអាចត្រូវ ។ មិនថាវាជារឿងធ្ងន់ធ្ងរ ឬជាការព្យាយាមធ្វើល្អនោះទេ—ប្រហែលជាពុំមានសមាជិកគ្រួសារ មិត្តភក្ដិ ឬអ្នកដឹកនាំបព្វជិតភាព—ដែលដឹងពិតប្រាកដពីអ្វីដែលបងប្អូនកំពុងមានអារម្មណ៍ ឬដែលមានពាក្យត្រឹមត្រូវដើម្បីជួយបងប្អូនជាសះស្បើយនោះទេ ។ ប៉ុន្តែសូមដឹងការណ៍នេះ ៖ មានព្រះមួយអង្គដែលយល់ជ្រាបដឹងឥតខ្ចោះនូវអ្វីដែលបងប្អូនកំពុងជួប ដែលទ្រង់ « មានអំណាចជាងអ្វីៗនៅលើផែនដីនេះទាំងអស់ » ១៧ ហើយទ្រង់ « អាចនឹងធ្វើហួសសន្ធឹក លើសជាងអស់ទាំងសេចក្តីដែល [ បងប្អូន ] សូម ឬគិត » ។ ១៨ ដំណើរការនឹងកើតឡើងតាមរបៀបរបស់ទ្រង់ និងតាមពេលរបស់ទ្រង់ ប៉ុន្តែព្រះគ្រីស្ទតែងតែត្រៀមជាស្រេចដើម្បីព្យាបាលគ្រប់ក្ដីឈឺចាប់របស់បងប្អូន ។
នៅពេលបងប្អូនអនុញ្ញាតឲ្យទ្រង់ធ្វើដូច្នោះ បងប្អូននឹងឃើញថា ការរងទុក្ខរបស់បងប្អូនមិនអសារឥតការទេ ។ និយាយអំពីវិរៈបុរសដ៏អស្ចារ្យបំផុតជាច្រើននៅក្នុងព្រះគម្ពីរប៊ីប និងទុក្ខសោករបស់ពួកគេ សាវកប៉ុលបាននិយាយថា « ព្រះ … បានផ្គត់ផ្គង់សេចក្តីប្រសើរជាងសម្រាប់ពួកគេ តាមរយៈសេចក្ដីវេទនារបស់ពួកគេ ដ្បិតបើគ្មានសេចក្ដីវេទនាពួកគេពុំអាចបានល្អឥតខ្ចោះនោះទេ » ។ ១៩ បងប្អូនឃើញហើយ ធម្មជាតិនៃព្រះ និងគោលបំណងនៃការមានជីវិតនៅលើផែនដីរបស់យើង គឺសុភមង្គល ២០ ប៉ុន្តែយើងមិនអាចក្លាយជាតួអង្គឥតខ្ចោះដែលមានអំណរដ៏ទេវភាព ដោយគ្មានបទពិសោធន៍ដែលសាកល្បងយើងនោះទេ ជួនកាលយើងត្រូវខិតខំអស់ពីលទ្ធភាពរបស់យើង ។ ដូចប៉ុលនិយាយថា សូម្បីតែព្រះអង្គសង្គ្រោះទ្រង់ផ្ទាល់ត្រូវបានធ្វើឲ្យ « បានគ្រប់លក្ខណ៍ [ ឬពេញលេញ ] ដោយរងទុក្ខលំបាក » ។ ២១ ដូច្នេះហើយ ចូរចាំការពារទាស់នឹងការខ្សឹបរបស់សាតាំងដែលថា បើបងប្អូនជាមនុស្សល្អជាងនេះ នោះបងប្អូននឹងចៀសផុតពីការសាកល្បងបែបនោះ ។
បងប្អូនក៏ត្រូវទប់ទល់នឹងការកុហក់ដែលថា ទុក្ខលំបាករបស់បងប្អូនទោះជាយ៉ាងណាស្នើដល់បងប្អូនឲ្យឈរនៅក្រៅរង្វង់នៃមនុស្សជម្រើសរបស់ព្រះ ដែលហាក់ដូចជារំកិលយ៉ាងលឿនពីស្ថានភាពមានពរមួយទៅស្ថានភាពមួយផ្សេងទៀត ។ ផ្ទុយទៅវិញ សូមមើលឃើញខ្លួនឯងដូចជាយ៉ូហានជាអ្នកទទួលវិវរណៈដែលពិតជាបានឃើញបងប្អូននៅក្នុងវិវរណៈដ៏វិសេសវិសាលរបស់លោកអំពីថ្ងៃចុងក្រោយ ។ ដ្បិតយ៉ូហានបានឃើញ « មនុស្សមួយហ្វូងយ៉ាងធំ ដែលគ្មានអ្នកណាអាចនឹងរាប់បានឡើយ គេមកពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា [ ដែល ] ឈរនៅមុខបល្ល័ង្ក និងកូនចៀម ទាំងពាក់អាវសវែង … [ ដែល ] បន្លឺសំឡេងថា សេចក្តីសង្គ្រោះស្រេចនូវព្រះនៃយើង » ។ ២២
នៅពេលដែលបានសួរថា « តើអស់អ្នកដែលពាក់អាវសនោះជាពួកណា ? ហើយមកពីណា ? » យ៉ូហានបានទទួលចម្លើយថា « អ្នកទាំងនោះជាពួកអ្នកដែលបានចេញពី គ្រាវេទនាយ៉ាងធំមក គេបានបោកអាវ ហើយធ្វើឲ្យឡើង-ស ក្នុងឈាមរបស់កូនចៀម » ។ ២៣
បងប្អូនប្រុសស្រី សេចក្ដីទុក្ខវេទនានៅក្នុងសុចរិតភាព ជួយធ្វើឲ្យបងប្អូនមានលក្ខណៈគ្រប់គ្រាន់ជាពួករើសតាំងរបស់ព្រះ មិនមែនធ្វើឲ្យបងប្អូនខុសពីនេះនោះទេ ។ ហើយវាធ្វើឲ្យការសន្យារបស់ពួកគេជារបស់បងប្អូនដែរ ។ ដូចយ៉ូហានប្រកាសថា បងប្អូន « នឹងមិនឃ្លាន ឬស្រេកទៀត ក៏មិនត្រូវថ្ងៃចាំងមកលើ [ បងប្អូន ] ឬចំហាយណាទៀតឡើយ ។ ពីព្រោះកូនចៀមដែលនៅកណ្តាលបល្ល័ង្ក ទ្រង់នឹងឃ្វាល [ បងប្អូន ] ហើយនាំ [ បងប្អូន ] ទៅដល់រន្ធទឹកនៃជីវិត ហើយព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែកពីភ្នែក [ របស់បងប្អូន ] ចេញ » ។ ២៤
« និងគ្មានសេចក្តីស្លាប់ ឬសេចក្តីសោកសង្រេង ឬសេចក្តីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ » ។ ២៥
ខ្ញុំសូមថ្លែងទីបន្ទាល់ដល់បងប្អូនថា តាមរយៈសេចក្ដីល្អដ៏អស្ចារ្យរបស់ព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនដ៏គ្មានទីបំផុតរបស់ទ្រង់ យើងអាចគេចផុតពី ក្ដីឈឺចាប់ដែលសមនឹងទទួលដោយសារតែការបរាជ័យខាងសីលធម៌របស់យើង និងយកឈ្នះលើក្ដីឈឺចាប់ដែលមិនសមទទួលដោយសារសំណាងអាក្រក់នៃជីវិតរមែងស្លាប់របស់យើង ។ ក្រោមការដឹកនាំរបស់ទ្រង់ ជោគវាសនាដ៏ទេវភាពរបស់បងប្អូននឹងជាភាពអស្ចារ្យមិនអាចប្រៀបបាន និងជាសេចក្តីអំណរមិនអាចពិពណ៌នាបាន—ជាអំណរមួយដែលខ្លាំងក្រៃលែង ហើយពិសេសចំពោះបងប្អូន « ផេះ » របស់បងប្អូន នឹងក្លាយជាភាពស្រស់ស្អាត « ជាងអ្វីៗនៅលើលោកិយ » នេះ ។ ២៦ ដែលបងប្អូនអាចភ្លក់សុភមង្គលនេះឥឡូវនេះ ហើយបានពោរពេញជារៀងរហូត ខ្ញុំសូមអញ្ជើញបងប្អូនឲ្យធ្វើនូវអ្វីដែលអាលម៉ាបានធ្វើ ៖ ចូរឲ្យគំនិតរបស់បងប្អូនតោងចាប់ឲ្យជាប់នូវអំណោយដ៏ជ្រួតជ្រាបនៃព្រះរាជបុត្រានៃព្រះ ដូចដែលបានបើកសម្ដែងតាមរយៈដំណឹងល្អរបស់ទ្រង់នៅក្នុងសាសនាចក្រដ៏ពិត និងសកម្មរបស់ទ្រង់នេះ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕