អំណាចនៃការស៊ូទ្រាំ
មានតែសេចក្ដីជំនឿ និងបន្ទូលនៃព្រះប៉ុណ្ណោះដែលអាចបំពេញព្រលឹងរបស់យើងឲ្យល្មមគ្រប់គ្រាន់ដើម្បីគាំទ្រយើង—ហើយដើម្បីអនុញ្ញាតឲ្យយើងទទួលបានព្រះចេស្ដារបស់ទ្រង់ ។
ពេលមើលឡើងវិញនូវការបង្រៀនរបស់ព្យាការីជាទីស្រឡាញ់នៃយើងគឺប្រធាន រ័សុល អិម ណិលសុន ខ្ញុំបានរកឃើញពាក្យមួយដែលលោកតែងតែប្រើនៅក្នុងសុន្ទរកថាជាច្រើន ។ ពាក្យនេះគឺ អំណាច ។
នៅក្នុងសន្និសីទដំបូង បន្ទាប់ពីលោកត្រូវបានគាំទ្រជាសាវក ប្រធានណិលសុន បានថ្លែងអំពីអំណាច ។ ១ លោកបានបន្តបង្រៀនអំពីអំណាចអស់ជាច្រើនឆ្នាំ ។ ចាប់តាំងពីយើងបានគាំទ្រប្រធានណិលសុន ជាព្យាការីរបស់យើងមក លោកបានបង្រៀនអំពីគោលការណ៍នៃអំណាច—ជាពិសេសព្រះចេស្ដារបស់ព្រះ—និងរបៀបដែលយើងអាចទទួលបានវា ។ លោកបានបង្រៀនពីរបៀបដែលយើងអាចទាញយកព្រះចេស្ដារបស់ព្រះ នៅពេលយើងធ្វើការងារបម្រើដល់មនុស្សដទៃ ២ ពីរបៀបដែលការប្រែចិត្តនាំយកព្រះចេស្ដារបស់ព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ចូលមកក្នុងជីវិតរបស់យើង ៣ និងរបៀបដែលបព្វជិតភាព—អំណាច និងសិទ្ធិអំណាចនៃព្រះ—ផ្ដល់ពរជ័យដល់មនុស្សទាំងអស់ដែលចុះ ហើយរក្សាសេចក្ដីសញ្ញាជាមួយនឹងទ្រង់ ។ ៤ ប្រធាន ណិលសុន បានថ្លែងទីបន្ទាល់ថា អំណាចរបស់ព្រះមានដល់មនុស្សទាំងអស់ដែលបានទទួលអំណោយទានពិសិដ្ឋនៅក្នុងព្រះវិហារបរិសុទ្ធ នៅពេលពួកគេរក្សាសេចក្ដីសញ្ញារបស់ពួកគេ ។ ៥
ជាពិសេស ខ្ញុំមានចិត្តរំភើបតាមរយៈសំណូមពរមួយដែលប្រធាន ណិលសុនបានស្នើសុំនៅក្នុងសន្និសីទទូទៅខែមេសាឆ្នាំ២០២០ ។ លោកបានណែនាំយើងឲ្យ« សិក្សា និងអធិស្ឋានដើម្បីរៀនបន្ថែមអំពីអំណាច និងចំណេះដឹងដែលបងប្អូនត្រូវបានប្រគល់ឲ្យ— ឬដែលបងប្អូននឹងទទួលនៅពេលក្រោយ » ៦ ។
ដោយឆ្លើយតបនឹងសំណូមពរនេះ ខ្ញុំបានសិក្សា និងអធិស្ឋាន ហើយបានរៀនពីរឿងមានប្រយោជន៍មួយចំនួនអំពីអំណាច និងចំណេះដឹងដែលខ្ញុំត្រូវបានប្រគល់ឲ្យ— ឬដែលខ្ញុំនឹងទទួលនៅពេលក្រោយ ។
ការយល់ដឹងពីរឿងដែលយើងត្រូវធ្វើដើម្បីទទួលបានព្រះចេស្ដារបស់ព្រះនៅក្នុងជីវិតរបស់យើងគឺមិនមែនជារឿងងាយស្រួលទេ ប៉ុន្តែខ្ញុំបានរកឃើញថាវាអាចធ្វើទៅបាន តាមរយៈការសិក្សាវានៅក្នុងគំនិតរបស់យើង និងការអធិស្ឋានសូមព្រះវិញ្ញាណបរិសុទ្ធដើម្បីជួយបំភ្លឺយើង ។ ៧ អែលឌើរ រីឆាដ ជី ស្កត បានផ្ដល់និយមន័យយ៉ាងច្បាស់មួយអំពីព្រះចេស្ដារបស់ព្រះ ៖ វាគឺជា « ព្រះចេស្ដាដើម្បីធ្វើច្រើនជាងយើងអាចធ្វើដោយខ្លួនឯង » ។ ៨
ការបំពេញដួងចិត្តយើង និងព្រលឹងយើងដោយបន្ទូលនៃព្រះ ព្រមទាំងគ្រឹះនៃសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទគឺជារឿងដ៏សំខាន់ដើម្បីទាញយកព្រះចេស្ដារបស់ព្រះ ដើម្បីជួយយើងនៅក្នុងគ្រាដ៏លំបាកទាំងនេះ ទទួលបានអំណាចដែលព្រះសព្វព្រះទ័យចង់ប្រទានដល់យើង ។ សេចក្ដីជំនឿស្ទាក់ស្ទើរគឺមិនគ្រប់គ្រាន់ទេ ។ មានតែសេចក្ដីជំនឿ និងបន្ទូលនៃព្រះប៉ុណ្ណោះដែលអាចបំពេញព្រលឹងរបស់យើងឲ្យល្មមគ្រប់គ្រាន់ដើម្បីគាំទ្រយើង—ហើយដើម្បីអនុញ្ញាតឲ្យយើងទទួលបានព្រះចេស្ដារបស់ទ្រង់ ។
ពេលស៊ិស្ទើរ ចនសុន និងខ្ញុំចិញ្ចឹមបីបាច់កូនៗរបស់យើង យើងបានលើកទឹកចិត្តពួកគេម្នាក់ៗដើម្បីរៀនលេងឧបករណ៍តន្ត្រីមួយ ។ ប៉ុន្តែយើងនឹងអនុញ្ញាតឲ្យកូនៗយើងរៀនតន្ត្រី ប្រសិនបើពួកគេធ្វើផ្នែករបស់ពួកគេ ហើយហាត់សមឧបករណ៍តន្ត្រីរបស់ពួកគេ ។ នៅថ្ងៃសៅរ៍មួយ កូនស្រីរបស់យើង ចាលីន មានចិត្តរំភើបដើម្បីចេញទៅលេងនឹងមិត្តរបស់នាង ប៉ុន្តែនាងមិនទាន់បានហាត់សមព្យាណូនៅឡើយទេ ។ ដោយដឹងថា នាងបានតាំងចិត្តដើម្បីហាត់សមរយៈពេល៣០ នាទី នាងបានដាក់នាឡិកាកំណត់ម៉ោង ដោយសារនាងមិនចង់ហាត់ឲ្យលើសមួយនាទីឡើយ ។
ពេលនាងដើរកាត់ម៉ាស៊ីនមីក្រូវ៉េវដើម្បីទៅហាត់សមព្យាណូ នោះនាងបានឈប់ហើយចុចប៊ូតុងមួយចំនួន ។ ប៉ុន្តែជំនួសឲ្យការកំណត់ម៉ោង នាងបានកំណត់ឲ្យម៉ាស៊ីនមីក្រូវ៉េវចម្អិនអាហាររយៈពេល៣០នាទី ហើយចុចចាប់ផ្ដើម ។ បន្ទាប់ពីហាត់បានប្រមាណជា២០ នាទីមក នាងបានដើរត្រឡប់ទៅផ្ទះបាយដើម្បីមើលថាតើនាងនៅសល់ពេលប៉ុន្មានទៀត ក៏បានឃើញថាមីក្រូវ៉េវនោះមានភ្លើងឆេះ ។
បន្ទាប់មកនាងបានរត់ទៅរកខ្ញុំដែលកំពុងធ្វើការនៅទីធ្លាក្រោយផ្ទះ ដោយស្រែកថា ភ្លើងឆេះផ្ទះហើយ ។ ខ្ញុំបានរត់ចូលទៅក្នុងផ្ទះភ្លាម ហើយខ្ញុំបានឃើញថា មីក្រូវ៉េវនោះមានភ្លើងឆេះមែន ។
ដើម្បីការពារកុំឲ្យមានភ្លើងឆេះផ្ទះ ខ្ញុំលូកដៃទៅដកឌុយនៅខាងក្រោយមីក្រូវ៉េវនោះ ហើយប្រើខ្សែភ្លើងលើកយកមីក្រូវ៉េវនោះចេញ ។ ដោយសង្ឃឹមចង់ធ្វើជាវីរបុរសជួយសង្គ្រោះដល់ផ្ទះរបស់យើង ខ្ញុំបានប្រើខ្សែភ្លើងចងគ្រវីមីក្រូវ៉េវដែលឆេះនោះកុំឲ្យប៉ះនឹងខ្លួនរបស់ខ្ញុំ ហើយចេញទៅទីធ្លាក្រោយរួចគ្រវែងមីក្រូវ៉េវនោះ ទៅលើស្មៅ ។ រួចខ្ញុំបានទាញទុយោទឹកទៅពន្លត់ភ្លើងនៅទីនោះ ។
តើមានអ្វីកើតឡើង ? មីក្រូវ៉េវត្រូវការអ្វីមួយដើម្បីស្រូបយកថាមពលរបស់វា ហើយពេលគ្មានអ្វីនៅខាងក្នុងដើម្បីស្រូបយកថាមពលរបស់វា នោះម៉ាស៊ីននោះស្រូបយកថាមពលវាខ្លួនឯង ហើយធ្វើឲ្យឡើងកម្ដៅ ដែលអាចធ្វើឲ្យមានភ្លើងឆេះ ដុតបំផ្លាញខ្លួនឯងឲ្យទៅ ជាផេះបាន ។ ៩ មីក្រូវ៉េវរបស់យើងបានឆេះទាំងស្រុង ដោយសារគ្មានអ្វីនៅខាងក្នុង ។
ដូចគ្នានេះដែរ អ្នកដែលមានសេចក្ដីជំនឿ និងបន្ទូលនៃព្រះចាក់យ៉ាងជ្រៅនៅក្នុងដួងចិត្តរបស់ពួកគេនឹងមានលទ្ធភាពស្រូបយក ហើយយកឈ្នះលើព្រួញអណ្ដាតភ្លើង ដែលមារសត្រូវនឹងបញ្ជូនមកដើម្បីបំផ្លាញយើងយ៉ាងពិតប្រាកដ ។ ១០ បើមិនដូច្នោះទេ សេចក្ដីជំនឿ សេចក្ដីសង្ឃឹម និងការជឿយ៉ាងម៉ឺងម៉ាត់របស់យើងនឹងមិនអាចទ្រាំទ្របានឡើយ ហើយដូចគ្នានឹងមីក្រូវ៉េវទទេដែរ យើងអាចនឹងមានគ្រោះថ្នាក់ ។
ខ្ញុំបានរៀនថា ការមានបន្ទូលនៃព្រះចាក់យ៉ាងជ្រៅក្នុងព្រលឹងខ្ញុំ រួមជាមួយនឹងសេចក្ដីជំនឿទៅលើព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ អនុញ្ញាតឲ្យយើងទាញយកព្រះចេស្ដានៃព្រះដើម្បីយកឈ្នះលើមារសត្រូវ និងអ្វីៗដែលវាអាចនឹងគ្រវែងមកដាក់ខ្ញុំ ។ នៅពេលយើងជួបឧបសគ្គ យើងអាចពឹងផ្អែកលើការសន្យារបស់ព្រះអម្ចាស់ដែលបានបង្រៀនដោយប៉ុលថា « ដ្បិតព្រះទ្រង់មិនបានប្រទានឲ្យយើងមានវិញ្ញាណដែលតែងតែខ្លាចឡើយ គឺឲ្យមានវិញ្ញាណដ៏មានអំណាច សេចក្តីស្រឡាញ់ និងប្រាជ្ញានឹងធឹងវិញ » ។ ១១
យើងដឹងថា កាលពីកុមារភាព ព្រះអង្គសង្គ្រោះ « កាន់ តែ មាន វ័យ ចម្រើន ធំ ឡើង មាន កំឡាំង ខាង វិញ្ញាណ រឹត តែ ច្រើន ឡើង ប្រកប ដោយ ប្រាជ្ញា ដ៏ ពោរពេញ ហើយ ព្រះគុណ នៃ ព្រះ ក៏ សណ្ឋិត លើ ទ្រង់ ផង » ។ ១២ យើងដឹងថា ពេលទ្រង់ចម្រើនវ័យ « ព្រះយេស៊ូវ ក៏ កាន់ តែ ធំ ប្រកប ដោយ ប្រាជ្ញា រឹត តែ ច្រើន ឡើង ហើយ ជា ទី គាប់ ព្រះហឫទ័យ ដល់ ព្រះ និង ចិត្ត មនុស្ស ផង » ។ ១៣ ហើយយើងដឹងថា លុះពេលនៃការបម្រើរបស់ទ្រង់បានចាប់ផ្ដើម នោះអ្នកដែលបានស្ដាប់ឮទ្រង់« នឹកប្លែកពីសេចក្ដីដែលទ្រង់បង្រៀនណាស់ ពីព្រោះទ្រង់មានព្រះបន្ទូលដោយអំណាច » ។ ១៤
តាមរយៈការរៀបចំខ្លួន ព្រះអង្គសង្គ្រោះបានចម្រើនវ័យនៅក្នុងព្រះចេស្ដា ហើយមានលទ្ធភាពដើម្បីតតាំងនឹងរាល់ការសាកល្បងរបស់សាតាំង ។ ១៥ ពេលយើងធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះ ហើយរៀបចំខ្លួនតាមរយៈការសិក្សាបន្ទូលនៃព្រះ ហើយពង្រឹងសេចក្ដីជំនឿរបស់យើង នោះយើងក៏អាចទាញយកព្រះចេស្ដារបស់ព្រះដើម្បីតតាំងនឹងការល្បួងនានាបានដែរ។
អំឡុងគ្រានៃការដាក់កំហិតចំពោះប្រមូលផ្ដុំ ធ្វើឲ្យខ្ញុំមិនអាចចូលរួមក្នុងព្រះវិហារបរិសុទ្ធតាមធម្មតា ខ្ញុំពិតជាបានតាំងចិត្តដើម្បីបន្តសិក្សា ហើយរៀនបន្ថែមទៀតពីព្រះចេស្ដានៃព្រះដែលកើតមានចំពោះយើង ពេលយើងចុះ ហើយរក្សាសេចក្ដីសញ្ញានៃ ព្រះវិហារបរិសុទ្ធ ។ ដូចដែលបានសន្យានៅក្នុងការអធិស្ឋានឧទ្ទិសឆ្លងនៃព្រះវិហារបរិសុទ្ធខឺតឡង់ យើងទុកព្រះវិហារបរិសុទ្ធនោះការពារដោយព្រះចេស្ដារបស់ព្រះ ។ ១៦ ពុំមានកាលផុតកំណត់ទាក់ទងនឹងព្រះចេស្ដានៃព្រះប្រទានមកលើអស់អ្នកដែលធ្វើ និងរក្សាសេចក្ដីសញ្ញាព្រះវិហារបរិសុទ្ធ ទាំងគ្មានការដាក់កំហិតចំពោះការទទួលនូវព្រះចេស្ដារនោះអំឡុងគ្រាជំងឺរាតត្បាតដែរ ។ ព្រះចេស្ដាររបស់ទ្រង់កាត់បន្ថយនៅក្នុងជីវិតយើង តែនៅពេលដែលយើងមិនរក្សាសេចក្ដីសញ្ញារបស់យើង ហើយយើងមិនរស់នៅតាមរបៀបមួយដែលអនុញ្ញាតឲ្យយើងបន្ដសក្ដិសមដើម្បីទទួលព្រះចេស្ដាររបស់ទ្រង់ ។
ពេលភរិយាខ្ញុំ និងខ្ញុំបម្រើជាថ្នាក់ដឹកនាំបេសកកម្មនៅប្រទេសថៃ ឡាវ និងភូមា យើងបានឃើញ ដោយផ្ទាល់ពីព្រះចេស្ដានៃព្រះកើតមានដល់អ្នកដែលចុះ ហើយរក្សាសេចក្ដីសញ្ញាពិសិដ្ឋក្នុងព្រះវិហារបរិសុទ្ធ ារបរិសុទ្ធបានធ្វើឲ្យពួកបរិសុទ្ធនៅក្នុងប្រទេសទាំងបីនេះអាចចូលរួមព្រះវិហារបរិសុទ្ធបាន បន្ទាប់ពីពួកគេខំអស់ពីលទ្ធភាពតាមរយៈការពលិកម្ម និងការរៀបចំផ្ទាល់ខ្លួន ។ ខ្ញុំនឹកចាំពីការជួបនឹងពួកបរិសុទ្ធដ៏ស្មោះត្រង់២០ នាក់មកពីប្រទេសឡាវនៅអាកាសយាន្តដ្ឋានមួយក្នុងក្រុងបាងកក ប្រទេសថៃ ដើម្បីជួយដឹកពួកគេទៅអាកាសយាន្តដ្ឋានមួយទៀតក្នុងក្រុងបាងកក ដើម្បីបន្តជើងយន្តហោះរបស់ពួកគេឆ្ពោះទៅទីក្រុងហុងកុង ។ សមាជិកទាំងនេះគឺពោរពេញដោយក្ដីរំភើប ដែលនៅទីបំផុតពួកគេបានធ្វើដំណើរទៅកាន់ដំណាក់របស់ព្រះអម្ចាស់ ។
ពេលយើងបានជួបពួកបរិសុទ្ធដ៏ល្អទាំងនេះត្រឡប់មកវិញ ពួកគេមានភាពចាស់ទុំនៃដំណឹងល្អបានបន្ថែម និងអំណាចដែលមានមកជាមួយការទទួលអំណោយទានពិសិដ្ឋរបស់ពួកគេក្នុងព្រះវិហារបរិសុទ្ធ និងការចូលទៅក្នុងសេចក្ដីសញ្ញាជាមួយនឹងព្រះត្រូវបានបង្ហាញយ៉ាងច្បាស់ ។ ពួកបរិសុទ្ធទាំងនេះកើតមានយ៉ាងច្បាស់ចេញពីព្រះវិហារបរិសុទ្ធ« ប្រដាប់ដោយព្រះចេស្ដា[ របស់ទ្រង់ ] » ។ ១៧ អំណាចដើម្បីធ្វើបានច្រើនជាងពួកគេអាចធ្វើដោយខ្លួនឯងនេះបានផ្ដល់កម្លាំងឲ្យពួកគេដើម្បីស៊ូទ្រាំនឹងឧបសគ្គដែលសមាជិកសាសនាចក្រជួបប្រទះនៅក្នុងប្រទេសកំណើតរបស់ពួកគេ ហើយចេញទៅថ្លែង« ពីដំណឹងធំ និងរុងរឿងអស្ចារ្យ តាមសេចក្ដីពិត » ១៨ ពេលពួកគេបន្តស្ថាបនានគររបស់ព្រះអម្ចាស់នៅក្នុងប្រទេសឡាវ ។
អំឡុងគ្រាដែលយើងមិនអាចចូលរួមព្រះវិហារបរិសុទ្ធបាន តើយើងម្នាក់ៗបានពឹងផ្អែកលើសេចក្ដីសញ្ញាដែលយើងបានចុះនៅក្នុងព្រះវិហារបរិសុទ្ធដើម្បីកំណត់ទិសដៅដ៏ច្បាស់លាស់មួយនៅក្នុងជីវិតរបស់យើងដែរឬទេ ? ប្រសិនបើយើងរក្សា សេចក្ដីសញ្ញាទាំងនេះវាផ្ដល់ដល់យើងនូវទស្សនវិស័យ និងការរំពឹងទុកពី អនាគត និងការតាំងចិត្តដ៏ច្បាស់មួយដើម្បីស័ក្ដិសមទទួលបានអ្វី គ្រប់យ៉ាងដែលព្រះអម្ចាស់បានសន្យាតាមរយៈសេចក្ដីស្មោះត្រង់របស់យើង ។
ខ្ញុំសូមអញ្ជើញបងប្អូនឲ្យស្វែងរកអំណាចដែលព្រះសព្វព្រះទ័យចង់ប្រទានឲ្យបងប្អូន ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ពេលយើងស្វែងរកអំណាចនេះ យើងនឹងមានពរដោយការយល់ដឹង កាន់តែទូលំទូលាយពី សេចក្ដីស្រឡាញ់ដែលព្រះវរបិតាសួគ៌យើងមានចំពោះយើង ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ដោយសារព្រះវរបិតាសួគ៌ស្រឡាញ់បងប្អូន និងខ្ញុំ នោះទ្រង់បានចាត់ព្រះរាជបុត្រាស្ងួនភ្ញារបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ មកធ្វើជាព្រះអង្គសង្គ្រោះ និង ព្រះអង្គប្រោសលោះរបស់យើង ។ ខ្ញុំសូមថ្លែងទីបន្ទាល់ពី ព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់មានគ្រប់ព្រះចេស្ដា ១៩ ហើយពោលពាក្យទាំងនេះនៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕