សន្និសីទទូទៅ
ខ្ញុំ​ជឿ​លើ​ពួក​ទេវតា
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០២០


10:45

ខ្ញុំ​ជឿ​លើ​ពួក​ទេវតា

ព្រះអង្គ​សង្គ្រោះ​ស្គាល់​បងប្អូន​និង​ដឹង​ពី​ឧបសគ្គ​ដែល​បងប្អូន​ជួប ទេវតា​មក​ជួយ​បងប្អូន ។

បងប្អូន​ប្រុសស្រី ខ្ញុំ​ជឿ​លើ​ពួក​ទេវតា ហើយ​ខ្ញុំ ចង់ចែក​​បទ​ពិសោធន៍​របស់​ខ្ញុំ​ជាមួយ​ពួកទេវតា​ជាមួយ​បងប្អូន ។ ដើម្បី​ធ្វើ​ដូច្នេះ ខ្ញុំ​សង្ឃឹម​និង​អធិស្ឋាន​ថា យើង​នឹង​ទទួល​ស្គាល់​នូវ​សារៈសំខាន់​នៃ​ពួក​ទេវតា​នៅ​ក្នុង​ជីវិត​របស់​យើង ។

នេះជា​សម្ដីរបស់​អែលឌើរ ជែហ្វ្រី អរ ហូឡិន កាល​ពី​សន្និសីទ​ទូទៅ​មុន​ថា ៖ « នៅពេល​យើង​និយាយ​អំពី​អស់​អ្ន​កដែល​ជា​ឧបករណ៍​នៅក្នុង​ព្រះហស្ត​ទ្រង់ នោះ​យើង​កំពុង​រំឭក​ថា ទេវតា​ទាំងអស់ពុំ​មែន​សុទ្ធតែ​មក​ពី​ឯម្ខាង​ទៀត​នៃ​វាំង​នន​នោះទេ ។ ពួកទេវតា​មួយ​ចំនួន​នោះ​គឺ​ជា​អ្នក​ដែល​ដើរ ហើយ​និយាយ​ជាមួយ​យើង—នៅទីនេះ នៅពេល​នេះ រៀងរាល់​ថ្ងៃ ។ ពួកទេវតា​មួយ​ចំនួន​រស់នៅ​ក្នុង​សហគមន៍​របស់​យើង​ផ្ទាល់ ។ … ប្រាកដ​ណាស់ ស្ថានសួគ៌​ហាក់​ដូច​ជា​នៅ​ជិត​បង្កើយ នៅ​ពេល​យើង​ឃើញ​សេចក្តី​ស្រឡាញ់​នៃ​ព្រះ​បាន​បង្ហាញតាម សន្តាន ចិត្តល្អ និង​ការលះបង់​នៃ​មនុស្ស​ល្អ បរិសុទ្ធ​នោះជា​ពេល​ដែល​ពាក្យ​ពួក​ទេវតា​បាន​ផុស​ឡើង​ក្នុង​ចិត្ត​ខ្ញុំ » ( « The Ministry of Angels » Liahonaខែ​វិច្ឆិកា ឆ្នាំ​២០០៨ ទំព័រ ៣០ ) ។

ខ្ញុំ ចង់ និយាយ​អំពី​ពួក​ទេវតា​ដែល​នៅ​ឯ​ខាង​នេះ​នៃ​វាំងនន ។ ពួក​ទេវតា​ដែល​ដើរ​ក្នុង​ចំណោម​យើង​ក្នុង​ជីវិត​រាល់​ថ្ងៃ​គឺ​ជា​ពួកអ្នក​ជួយ​រំឭក​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​យើង​ដ៏​មាន​អានុភាព ។

ពួក​ទេវតា​ទី​មួយ​ដែល​ខ្ញុំ​នឹង​លើក​មក​និយាយ​នោះ​គឺ​ស៊ីស្ទើរ​អ្នក​ផ្សព្វផ្សាយ​សាសនា​ពីរនាក់ ដែល​បាន​បង្រៀន​ដំណឹង​ល្អ​ដល់​ខ្ញុំ កាល​ខ្ញុំ​នៅ​ក្មេង​គឺ ស៊ីស្ទើរ វិលម៉ា ម៉ូលីណា និង ស៊ីស្ទើរ អ៊ីវ៉ូណិត រីវីទី ។ ខ្ញុំ​និង​ប្អូនស្រី​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​ក្នុង​កម្មវិធី​សាសនាចក្រ ជា​ទី​ដែល​យើង​បាន​ជួប​ពួកទេវតា​ទាំង​ពីរ​នេះ ។ ខ្ញុំ​ពុំ​ធ្លាប់​ស្រម៉ៃ​ថា កម្មវិធី​ដ៏​សាមញ្ញ​នោះ​នឹង​ផ្លាស់ប្តូរ​ជីវិត​ខ្ញុំ​ទាំង​ស្រុង​បែប​ណា​ទេ ។

ឪពុកម្តាយ​និងបងប្អូន​ខ្ញុំ​ពុំ​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការរៀនបន្ថែម​អំពី​សាសនាចក្រ​នៅ​ក្នុង​គ្រា​នោះ​ទេ ។ ពួក​គេ​ទាំង​ពុំមាន​បំណង​ឲ្យ​ពួក​អ្នក​ផ្សាយ​សាសនា​មក​ផ្ទះ​យើង​ផង ដូច្នេះ​ហើយ​ខ្ញុំ​បាន​រៀន​មេរៀន​ទាំង​អស់​នៅ​ឯ​អគារ​សាសនាចក្រ ។ បន្ទប់​តូច​នៅ​ក្នុង​សាលប្រជុំ​បាន​ក្លាយ​ជា « ព្រៃពិសិដ្ឋ » របស់​ខ្ញុំ ។

អែលឌើរ ហ្គូដយ​កាល​ពី​នៅ​ក្មេង និង​ប្អូន​ស្រីរបស់គាត់

ខ្ញុំ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ក្នុង​រយៈពេល​មួយ​ខែ​បន្ទាប់​ពី​ពួក​ទេវតា​ទាំង​នេះ​បាន​បង្រៀន​ដំណឹង​ល្អ​ដល់​ខ្ញុំ ។ កាល​នោះ​ខ្ញុំ​អាយុ ១៦ ឆ្នាំ ។ គួរ​ឲ្យ​សោកស្តាយ ខ្ញុំ​គ្មាន​រូបថត​នៃ​ព្រឹត្តិការណ៍​ដ៏​ពិសិដ្ឋ​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​មាន​រូបថត​មួយ​សន្លឹក​ពេល​ដែល​ខ្ញុំ​និង​ប្អូនស្រី​បាន​ចូល​រួម​ក្នុង​កម្មវិធី​នោះ ។ ប្រហែល​ជា​ខ្ញុំ​ចាំបាច់​ត្រូវ​បញ្ជាក់​ថា​មាន​នរណា​ខ្លះ​នៅ​ក្នុង​រូបថត​នេះ ។ ខ្ញុំ​គឺ​ខ្ពស់​ជាង​គេ​នៅ​ខាង​ស្តាំ ។

ដូច​បងប្អូន​អាច​ស្រម៉ៃ​អំពី ការបន្ត​សកម្ម​នៅ​ក្នុង​សាសនាចក្រ​គឺ​ជា​ការលំបាក​ណាស់​សម្រាប់​ក្មេង​ជំទង់​ម្នាក់​ដែល​ទើប​តែ​បាន​ផ្លាស់​ប្តូរ​របៀប​រស់នៅ ហើយ​គ្រួសារ​ដើរ​ផ្លូវ ផ្សេងគ្នា ផង ។

ខ្ញុំ​បាន​មាន​អារម្មណ៍​ពិបាក​ណាស់ ពេល​ខ្ញុំ​កំពុង​តែ​ព្យាយាម​​សម្របសម្រួល ខ្លួន​ទៅ​នឹង​ជីវិត​ថ្មី និង​មិត្តភក្តិ​ថ្មី ។ ខ្ញុំ​បាន​មាន​អារម្មណ៍​ឯកោ​និង​បាក់​ទឹក​ចិត្ត​ជាច្រើន​ដង ។ ខ្ញុំ​ដឹង​ថា​សាសនាចក្រ​ពិត ប៉ុន្តែ​ខ្ញុំ​លំបាក​ដើម្បី​មាន​អារម្មណ៍​ថា​ជា​ចំណែក​មួយ​របស់​វា ។ ខណៈ​មាន​អារម្មណ៍​មិន​ស្រណុក​និង​មិន​ប្រាកដ​ពេល​ដែល​ខ្ញុំ​ព្យាយាម​ផ្សាំ​ខ្លួន​ទៅ​នឹង​សាសនា​ថ្មី ខ្ញុំ​រក​បាន​នូវ​សេចក្តី​ក្លាហាន​ដើម្បី​ចូល​រួម​ក្នុង​សន្និសីទ​យុវវ័យ​រយៈពេល​បី​ថ្ងៃ ដែល​ខ្ញុំ​បាន​គិត​ថា​នឹង​ជួយ​ខ្ញុំ​ឲ្យ​រាប់​អាន​មិត្តភក្តិ​ថ្មីៗ ។ នេះ​គឺ​ជា​ពេល​ដែល​ខ្ញុំ​បាន​ជួប​ទេវតា​ជួយ​សង្គ្រោះ​មួយ​ទៀត​ឈ្មោះ​ថា ម៉ូនីកា ប្រេនដូ ។

ស៊ីស្ទើរ ហ្គូដយ

នាង​គឺ​ជា​ជន​ចំណូល​ថ្មី​ក្នុង​តំបន់​ដោយ​សារ​ទើប​តែ​បាន​ផ្លាស់​មក​ពី​ផ្នែក​ផ្សេង​នៃ​ប្រទេស​ប្រេស៊ីល ។ នាង​បាន​ទាក់​ចិត្ត​ខ្ញុំភ្លាម ហើយ​សំណាង​ល្អ​ នាង​បាន​ទទួល​យក​ខ្ញុំ​ជា​មិត្ត ។ ខ្ញុំ​គិត​ថា នាង​បាន​មើល​មក​ចិត្ត​ខ្ញុំ​ជាជាង​រូបរាង​ខាងក្រៅ​របស់​ខ្ញុំ ។

ពីព្រោះ​នាង​​ជា​មិត្តភក្តិ​ខ្ញុំ នោះ​ខ្ញុំ​ត្រូវ​បាន​ណែនាំ​ឲ្យ​ស្គាល់​មិត្តភក្តិ​នាង ដែល​ក្រោយ​មក​បាន​ក្លាយ​ជា​មិត្តភក្តិ​ខ្ញុំ​នៅពេល​ដែល​យើង​រីករាយនឹង​សកម្មភាព​យុវវ័យ​ជា​ច្រើន​ជាមួយ​គ្នា ។ សកម្មភាព​ទាំង​នោះ​មាន​សារៈសំខាន់ចំពោះ​ការ​ដាក់បញ្ចូល​ខ្ញុំ​ទៅ​ក្នុង​ជីវិត​ថ្មី​នេះ ។

មិត្ត​ភក្ដិ​របស់អែលឌើរ ហ្គូដយ

មិត្ត​ល្អ​ទាំងនេះ​បាន​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​ដ៏​ធំធេង​មួយ ប៉ុន្តែ​ការមិនមាន​ដំណឹងល្អ​បង្រៀន​នៅក្នុងផ្ទះ​ដោយ​មាន​ការគាំទ្រពីគ្រួសារ​ខ្ញុំ វានៅ​តែ​ធ្វើ​ឲ្យ​ដំណើរការ​ផ្លាស់ប្រែចិត្តជឿ​ជា​បន្ត​បន្ទាប់​របស់​ខ្ញុំ​ស្ថិត​ក្នុង​ស្ថានភាព​ប្រថុយប្រថាន ។ អន្តរកម្ម​ដំណឹងល្អ​របស់​ខ្ញុំ​នៅ​ក្នុង​សាសនាចក្រ​កាន់​តែ​មាន​សារៈសំខាន់​ចំពោះ​ភាពរីកចម្រើន​នៃ​ការប្រែចិត្តជឿ​របស់​ខ្ញុំ ។ បន្ទាប់មក មាន​ពួកទេវតា​ពីរ​អង្គ​ទៀត​ត្រូវ​បាន​ព្រះអម្ចាស់​បញ្ជូនឲ្យ​មក​ជួយ ។

មាន​ម្នាក់គឺ អ្នក​គ្រូ​ថ្នាក់​សិក្ខាសាលា​ពេល​ព្រឹក​របស់​ខ្ញុំ​ឈ្មោះ លីដា វិតតូរី ។ តាម​រយៈ​ថ្នាក់​ដែល​ពេញ​ដោយ​សេចក្តី​ស្រឡាញ់​និង​បំផុស​គំនិត គាត់​បាន​ផ្តល់​ឲ្យ​ខ្ញុំ​ជា​ប្រចាំ​ថ្ងៃ​នូវ « ព្រះ​បន្ទូល​ដ៏​ល្អ​នៃ​ព្រះ » ( មរ៉ូណៃ ៦:៤ ) ដែល​ខ្ញុំ​ត្រូវ​ការ​ជា​ចាំបាច់​ពេញ​មួយ​ថ្ងៃ ។ ព្រះ​បន្ទូល​ដ៏​ល្អ​នេះ​បាន​ជួយ​ផ្តល់​កម្លាំង​គ្រប់គ្រាន់​ដល់​ខ្ញុំ​ដើម្បី​បន្ត​ទៅ​មុខ​ទៀត ។

ទេវតា​មួយ​អង្គ​ទៀត​បាន​បញ្ជូន​មក​ដើម្បី​ជួយ​ខ្ញុំ​នោះ​គឺ​ប្រធាន​យុវជន ឈ្មោះ ម៉ាកកូ អេនតូនីយ៉ូ ហ្វូស្កូ ។ គាត់​ក៏​ត្រូវ​បាន​ចាត់​ឲ្យ​ធ្វើ​ជា​ដៃគូ​រៀមច្បង​របស់​ខ្ញុំ ក្នុង​ការបង្រៀន​តាម​ផ្ទះ​ផង​ដែរ ។ ទោះ​ជា ខ្ញុំ​ខ្វះ​បទពិសោធន៍​និង​រូបរាង​ខុស​គ្នា​ក៏​ដោយ​ក៏​គាត់​បាន​ផ្ដល់​កិច្ចការ​បង្រៀន​ក្នុង​ការប្រជុំ​កូរ៉ុម​សង្ឃ​និង​ការបង្រៀន​តាម​ផ្ទះ​ឲ្យ​ខ្ញុំ ។ គាត់​បាន​ផ្តល់​​ឱកាសឲ្យ​ខ្ញុំ​ដើម្បី​ធ្វើ​សកម្មភាព​និង​រៀន ហើយ​មិន​គ្រាន់តែ​ជា​អ្នកសង្កេត​មើល​ដំណឹងល្អ​ប៉ុណ្ណោះ​ទេ ។ គាត់​បាន​ទុក​ចិត្ត​ខ្ញុំ​ច្រើន​ជាង​ខ្ញុំ​បាន​ទុក​ចិត្ត​ខ្លួន​ឯង ។

សូម​អរគុណ​ដល់​ទេវតា​ទាំងអស់​នេះ​និងជាច្រើន​ទៀត​ដែល​ខ្ញុំ​បាន​ជួប​ក្នុង​អំឡុង​ឆ្នាំ​ដំបូង​ដ៏​សំខាន់​នោះ ខ្ញុំ​ទទួល​បាន​កម្លាំង​គ្រប់គ្រាន់​ដើម្បី​បន្ត​នៅលើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា​នៅ​ពេល​ខ្ញុំ​ទទួល​បាន​សាក្សី​ខាងវិញ្ញាណ​នៃ​សេចក្តីពិត ។

មែនហើយ ទេវតា​ស្រី​វ័យ​ក្មេងឈ្មោះ ម៉ូនីកា​វិញ ? បន្ទាប់​ពី​យើង​ទាំង​ពីរ​បាន​បម្រើ​បេសកកម្ម នាង​បាន​ក្លាយ​ជា​ភរិយា​របស់​ខ្ញុំ ។

ខ្ញុំ​មិន​គិត​ថា វា​ជា​រឿង​ចៃដន្យ​នោះ​ទេ​ដែល​មិត្ត​ល្អៗ ការទទួល​ខុសត្រូវ​ក្នុង​សាសនាចក្រ និង​ការចិញ្ចឹម​បីបាច់​ដោយ​ព្រះ​បន្ទូល​ដ៏​ល្អ​នៃ​ព្រះ គឺ​មាន​ចំណែកក្នុង​ដំណើរការ​នោះ ។ ប្រធាន ហ្គរដិន ប៊ី ហ៊ីងគ្លី បាន​បង្រៀន​យ៉ាង​ឆ្លាតវៃ​ថា « វា​មិនមែន​ជា​រឿង​ងាយស្រួល​ទេ ក្នុង​ការក្លាយ​ជា​សមាជិក​ម្នាក់​នៃ​សាសនាចក្រ​នេះ ។ វា​មាន​ន័យ​ថា​ជា​ការ​កាត់​ចំណង​ចាស់​ចេញ ។ វា​មាន​ន័យ​ថា​ជា​ការ​ចាក​ចេញ​ពី​មិត្តភក្តិ ។ វា​អាច​មាន​ន័យ​ថា​ជា​ការ​ទុក​ចោល​ជំនឿ​ដែលធ្លាប់​រីករាយ ។ វា​អាច​តម្រូវ​ឲ្យ​មាន​ការផ្លាស់​ប្តូរ​ទម្លាប់​និង​ការទប់​ចំណង់​នៃ​ការហូបចុក​ផង​ដែរ ។ ក្នុង​ករណី​ជាច្រើន វា​មាន​ន័យ​ថា​ជា ភាពឯកកោ​ទាំង​ការភ័យ​ខ្លាច​ក្នុង​ការជួប​មនុស្ស​ដែល​មិន​ស្គាល់​ផង​ដែរ ។ ដូច្នេះ​ត្រូវ​តែ​មាន​ការចិញ្ចឹម​បី​បាច់​និង​ការពង្រឹង នៅ​ក្នុង​គ្រា​ដ៏​លំបាក​នៃ​ជីវិត​របស់​អ្នក​ផ្លាស់​ប្រែ​ម្នាក់ៗ » ( « There Must Be Messengers » Ensignខែ​តុលា ឆ្នាំ​១៩៨៧ ) ។

ក្រោយ​មក លោក​បង្រៀន​ផងដែរ​ថា « ូវ​និង​ការចិញ្ចឹមបីបាច់​ដោយ « ព្រះបន្ទូល​ដ៏​ល្អ​នៃ​ព្រះ » ( « Converts and Young Men » Ensignខែ​ឧសភា ឆ្នាំ​១៩៩៧ ទំព័រ ៤៧ ) ។

ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ចែករំលែក​បទពិសោធន៍​ទាំងនេះ​ដល់​បងប្អូន ?

ទីមួយ​គឺ​ជា​ការ​ផ្ញើសារ​ទៅ​បងប្អូន​ដែល​ឆ្លង​កាត់​ដំណើរការ​ស្រដៀង​គ្នា​ឥឡូវ​នេះ ។ ប្រហែល​ជា​បងប្អូន​គឺ​ជា​អ្នក​ផ្លាស់​ប្រែចិត្ត​ជឿ​ថ្មី​ម្នាក់ ឬ​ជាអ្នក​ត្រឡប់​មក​ព្រះវិហារ​វិញ​បន្ទាប់​ពី​វង្វេងចេញ​អស់​មួយ​រយៈ ឬ​គ្រាន់តែ​ជា​មនុស្ស​ម្នាក់​ដែល​កំពុង​មាន​ការ​លំបាកដើម្បីសម្រប​ខ្លួន ។ សូម​មេត្តា​កុំ​បោះបង់​ចោល​ការខិតខំ​ប្រឹងប្រែង​ដើម្បី​ក្លាយ​ជា​ផ្នែក​មួយ​នៃ​គ្រួសារ​ដ៏​ធំ​មួយ​នេះ ។ នេះ​ជា​សាសនាចក្រ​ពិត​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

នៅ​ពេល​និយាយ​អំពី​សុភមង្គល​និង​សេចក្តីសង្រ្គោះ​របស់​បងប្អូន វា​ពិត​ជា​មាន​តម្លៃ​ក្នុង​ការព្យាយាម​បន្ត ។ វា​សម​នឹង​ការខិតខំ​ដើម្បី​កែប្រែ​របៀប​រស់នៅ​និង​ប្រពៃណី​របស់​បងប្អូន ។ ព្រះអង្គ​សង្គ្រោះ​ស្គាល់​បងប្អូន​និង​ដឹង​ពី​ឧបសគ្គ​ដែល​បងប្អូន​ជួប ។ ទ្រង់​ស្គាល់​បងប្អូន ទ្រង់​ស្រឡាញ់​បងប្អូន ខ្ញុំ​សន្យា​ថា ទ្រង់​នឹង​បញ្ជូន​ពួកទេវតា​មក​ជួយ​បងប្អូន ។

ព្រះអង្គ​សង្គ្រោះ​ព្រះបន្ទូល​ផ្ទាល់ ​ថា ៖ « ត្បិត​យើង​នឹង​ទៅ​ពីមុខ​អ្នក ។ យើង​នឹង​នៅ​ខាង​ស្ដាំ​ដៃ​អ្នក ហើយ​ខាង​ឆ្វេង​ដៃ​អ្នក ហើយ​ព្រះវិញ្ញាណ​របស់​យើងនឹង​សណ្ឋិត​នៅក្នុង​[ ដួងចិត្ត ]​របស់​អ្នក ហើយ​ពួក​ទេវតា​របស់​យើង​នៅ​ព័ទ្ធ​ជុំ​វិញ​អ្នក ដើម្បី​ទ្រ​អ្នក​ឡើង » ( គ. និង ស. ៨៤:៨៨ ) ។

គោលបំណង​ទី​ពីរ​នៃ​ការចែករំលែក​បទពិសោធន៍​ទាំង​នេះ​គឺ​ដើម្បី​ផ្ញើ​សារ​ទៅ​កាន់​សមាជិក​នៃ​សាសនា​ចក្រ​ទាំង​អស់—ទៅ​កាន់​យើង​ទាំង​អស់​គ្នា ។ យើង​គួរ​តែ​ចងចាំ​ថា វា​មិនមែន​ជា​ការងាយ​ស្រួលទេ​សម្រាប់​អ្នក​ផ្លាស់​ប្រែចិត្ត​ថ្មី អ្នកត្រឡប់​មក​វិញថ្មី និង​បងប្អូន​ទាំងឡាយ​ដែល​មាន​របៀប​រស់នៅ​ផ្សេង​ដើម្បី​សម្រប​ខ្លួន​នឹង​យើង​ភ្លាមៗ ។ ព្រះអម្ចាស់​ដឹង​ជា​មុន​នូវ​ឧបសគ្គ​ដែល​ពួក​គេ​ជួប​ប្រទះ ហើយ​ទ្រង់​កំពុង​តែ​ស្វែង​រក​ពួក​ទេវតា​ដែលស្ម័គ្រ​ជួយ​ពួក​គេ ។ ព្រះអម្ចាស់​តែងតែ​ស្វែង​រក​អ្នក​ស្ម័គ្រចិត្ត​ដែល​ស្ម័គ្រ​ធ្វើ​ជា​ពួក​ទេវតា​នៅ​ក្នុង​ជីវិត​អ្នក​ដទៃ ។

បងប្អូន​ប្រុសស្រី តើ​បងប្អូន​នឹង​ស្ម័គ្រ​ធ្វើ​ជា​ឧបករណ៍​មួយ​នៅ​ក្នុង​ព្រះហស្ថ​របស់​ព្រះអម្ចាស់​ដែរ​ឬ​ទេ ? តើ​បងប្អូន​ស្ម័គ្រ​ធ្វើ​ជា​អង្គ​ទេវតា​ទាំង​នេះ​ដែរ​ឬ​ទេ ? ធ្វើ​ជា​អ្នក​នាំ​សារ ដែល​បាន​បញ្ជូន​មក​ព្រះ មក​ពី​ម្ខាង​ទៀត​នៃ​វាំងនន សម្រាប់​នរណា​ម្នាក់​ដែល​ទ្រង់​ខ្វល់​បារម្ភ ? ទ្រង់​ត្រូវការ​បងប្អូន ។ ពួក​គាត់​ត្រូវការ​បងប្អូន ។

ពិត​ណាស់ យើង​ក៏​អាច​ពឹង​លើ​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​របស់​យើង​ផង​ដែរ ។ ពួក​គេ​តែងតែ​នៅ​ទីនោះ ធ្វើ​ជា​អ្នក​ដំបូង​ដែលចូល​បម្រើ​ការងារ​ទេវតា​នេះ ។ ប៉ុន្តែ​វា​ពុំ​ទាន់​គ្រប់គ្រាន់​​ទេ ។

បើ​បងប្អូន​ក្រឡេក​មើល​ជុំ​វិញ​ខ្លួន​ដោយ​ប្រុងប្រយ័ត្ន នោះ​បងប្អូន​នឹង​រក​ឃើញ​មនុស្ស​ជា​ច្រើន​ដែល​ត្រូវការ​ជំនួយ​ពី​ទេវតា ។ មនុស្ស​ទាំង​នេះ​ប្រហែល​ជា​មិន​ស្លៀកពាក់​រ៉ូប​ស ​ឬ​សម្លៀកបំពាក់​បទដ្ឋាន​ថ្ងៃ​អាទិត្យ​នោះ​ទេ ​គេ​ប្រហែល​ជា​កំពុង​តែ​អង្គុយ​តែ​ឯង នៅ​ជួរ​ក្រោយ​បង្អស់​ក្នុង​សាល​ប្រជុំ ឬ ថ្នាក់រៀន ហើយ ពេល​ខ្លះ​មាន​អារម្មណ៍​ថា​ពួក​គេ​បំបាំង​កាយ​ផង ។ ប្រហែល​ជា ស្ទាយ​ម៉ូដសក់​របស់​ពួក​គេ​មាន​សភាព​ជ្រុល​បន្តិច​ឬ​ក៏​វាក្យសព្ទ​របស់​ពួកគេ​ខុស​ប្លែក ប៉ុន្តែ​ពួក​គេ​នៅទី​នោះ​ហើយ​ពួក​គេ​កំពុង​តែ​ព្យាយាម ។

ពួក​គាត់​ខ្លះ​ទៀត​ក៏​ប្រហែល​ជា​កំពុង​តែ​គិត​ថា « តើ​ខ្ញុំ​គួរ​តែ​បន្ត​មក​នៅ​លើក​ក្រោយ​ទៀត​ឬ​ទេ ? តើ​ខ្ញុំ​គួរ​តែ​បន្ត​ព្យាយាម​មក​ទៀត​ឬ​ទេ ? » ខ្លះ​ទៀត​ក៏​ប្រហែល​ជា​កំពុង​តែ​ឆ្ងល់ ថាតើ​នៅ​ថ្ងៃ​មួយ ពួក​គាត់​នឹង​មាន​អារម្មណ៍​ថា​ត្រូវ​បាន​គេ​ទទួល​យក​និង​ស្រឡាញ់​ដែរ​ឬ​ទេ ។ យើង​ត្រូវ​ការ​ពួកទេវតា​ឥឡូវនេះ ជា​ពួក​ទេវតា​ដែល​មាន​ចិត្ត​ស្ម័គ្រ​ដើម្បី​ចាក​ចេញ​ពី​ទី​សុខស្រណុក​មក​ឱបក្រសោប​ពួកគេ « [ ជាមនុស្ស​ដែល ] ល្អ និង​បរិសុទ្ធ ដែល​មាន​តែ​ពាក្យ ទេវតា​នេះ​តែ​មួយ​គត់​ដែល​ផុស​ក្នុង​គំនិត [ ដើម្បី​ពិពណ៌នា​អំពី​ពួកគេ] » ( ជែហ្វ្រី អរ ហូឡិន, « The Ministry of Angels,» ទំព័រ ៣០ ) ។

បងប្អូន​ប្រុស​ស្រី ខ្ញុំ​ជឿ​លើ​ពួក​ទេវតា ! ថ្ងៃនេះ​យើង​ទាំង​អស់​គ្នា​នៅ​ទីនេះ ជា​កងទ័ព​ពួក​ទេវតា​ដ៏​ធំ​ដែល​បាន​ញែកចេញ​សម្រាប់​ថ្ងៃ​ចុងក្រោយ​នេះ ដើម្បី​ធ្វើ​ការងារបម្រើ​ទៅ​កាន់​អ្នក​ដទៃ​ដូច​ជា​ការ​ពន្លាត​ព្រះហស្ថ​នៃ​អង្គ​បង្ក​បង្កើត​ដែល​ពេញ​ដោយ​ក្តី​ស្រឡាញ់ ។ ខ្ញុំ​សន្យា​ថា បើ​យើង​ស្ម័គ្រ​បម្រើ នោះ​ព្រះអម្ចាស់​នឹង​ប្រទាន​ឪកាស​ជា​ច្រើន​ដល់​យើង​ដើម្បី​ធ្វើ​ការងារបម្រើ​នៃ​ពួក​ទេវតា រង់​នឹង​ដាក់​ពួកគេនៅ​លើ​ផ្លូវ​របស់​យើង ។ ទ្រង់​ដាក់​អ្នក​ដែល​ត្រូវ​ការ​ជំនួយ​ពី​ពួក​ទេវតា​នៅ​លើ​ផ្លូវ​របស់​យើង​រាល់​ថ្ងៃ ។

ខ្ញុំ​មាន​អំណរគុណ​ច្រើន​ណាស់​ចំពោះ​ពួកទេវតា​ដ៏​ច្រើន​ដែល​ព្រះអម្ចាស់​បាន​ដាក់​នៅ​លើ​ផ្លូវ​ក្នុង​ជីវិត​ខ្ញុំ ។ ពួកគេ​ត្រូវការ​ជា​ចាំបាច់ ។ ខ្ញុំ​ក៏​មាន​អំណរគុណចំពោះ​ដំណឹង​ល្អ​ដែល​បាន​ជួយ​ពួក​យើង​ឲ្យផ្លាស់​ប្តូរ ហើយ​ប្រទាន​ឱកាស​ដល់​យើង​ដើម្បី​ធ្វើ​ឲ្យ​បាន​ប្រសើរ​ឡើង ។

នេះ​គឺ​ជា​ដំណឹង​ល្អ​នៃ​សេចក្ដី​ស្រឡាញ់ ដំណឹងល្អ​នៃ​ការងារ​បម្រើ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​កិច្ចការ​នេះ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។