ចូរស្ងៀមទៅ ហើយឈប់ចុះ
ព្រះអង្គសង្គ្រោះបង្រៀនយើងពីរបៀបមានអារម្មណ៏នៃភាពសុខសាន្ត និង ស្ងប់ស្ងាត់សូម្បី តែនៅក្នុងគ្រាដែលមានខ្យល់ព្យុះសាហាវបក់បោកជុំវិញយើងនិងរលកសមុទ្រគម្រាមកំហែងពន្លិចសេចក្តីសង្ឃឹមរបស់យើងក្តី ។
ពេលកូនរបស់យើងនៅតូច គ្រួសារយើងបានចំណាយពេលពីរបីថ្ងៃ នៅបឹងដ៏ស្រស់ស្អាតមួយ ។ រសៀលថ្ងៃមួយ កូនខ្លះពាក់អាវពោង មុនពេលលោតចុះពីនាវា ចូលក្នុងទឹក ។ កូនស្រីពៅយើងសម្លឹងមើលទាំងស្ទាក់ស្ទើរ សង្កេតមើលបងប្អូននាងដោយយកចិត្តទុកដាក់ ។ ជាមួយភាពក្លាហាន ទាំងអស់ដែល នាង មាន នាងបានយកដៃបិទច្រមុះរបស់នាងហើយលោតចុះទៅ ។ រំពេចនោះនាងបានអណ្តែតឡើងហើយហាក់បីដូចជាភ័យខ្លាចបន្តិចនាងបានស្រែកថា« ជួយផង ! ជួយផង !
ឥឡូវនេះនាងមិនមានគ្រោះថ្នាក់ ដល់ជីវិតទេ តួនាទីអាវពោង បានធ្វើឲ្យនាងអណ្តែតឡើងដោយសុវត្ថិភាព ។ យើងប្រើកម្លាំងតិចតួចប៉ុណ្ណោះដើម្បីទាញនាងឡើង មកលើនាវាវិញ ។ ប៉ុន្តែតាមទស្សនៈរបស់នាង គឺនាងត្រូវការជំនួយ ។ ប្រហែលជាមកពីទឹកត្រជាក់ពេក ឬ ជាបទពិសោធន៍ថ្មី ។ ក្នុងស្ថានភាពណាក៏ដោយ នាងបានឡើងមកលើនាវាវិញ នៅកន្លែងដែលយើងជូតខ្លួនឲ្យនាងនឹងកន្សែងស្ងួត ហើយយើងបានសរសើរចំពោះសេចក្តីក្លាហានរបស់នាង ។
មនុស្សយើងភាគច្រើនមិនថាចាស់ឬក្មេង បានស្រែកដោយភាពបស្លន់ស្លោនៅ ក្នុង គ្រាដែលមានទុក្ខនូវពាក្យដូចជា« ជួយផង! » « សង្គ្រោះខ្ញុំផង !» ឬ « សូមឆ្លើយតបនឹងការអធិស្ឋានរបស់ទូលបង្គំផង ! »
ព្រឹត្តិការណ៏ដូច្នេះបានកើតឡើង ជាមួយនឹងសិស្សរបស់ព្រះយេស៊ូវ ក្នុង អំឡុងការងារបម្រើរបស់ទ្រង់នៅក្នុងជីវិតរមែងស្លាប់ ។ នៅក្នុងម៉ាកុសយើងអានថាព្រះយេស៊ូវ « ទ្រង់តាំងបង្រៀននៅត្រង់មាត់សមុទ្រម្តងទៀតហើយមានមនុស្សទាំងហ្វូងមូលគ្នា មកឯទ្រង់ » ១ ពេលមានហ្វូងមនុស្សកាន់តែច្រើនព្រះយេស៊ូវ ក៏ « យាងចុះទៅគង់ក្នុងទូក » ២ ហើយមានព្រះបន្ទូលពីលើទូក ។ ពេញមួយថ្ងៃទ្រង់បានបង្រៀនពួកគេអំពីរឿងប្រៀបប្រដូច នៅពេលពួកគេអង្គុយនៅលើច្រាំង ។
« លុះ … [ ពេល ល្ងាច ] ថ្ងៃ នោះ ឯង ទ្រង់ មាន ព្រះបន្ទូល ទៅ ពួក សិស្ស ថា ចូរ យើង ឆ្លង ទៅ ត្រើយ ម្ខាង ។ កាលបានឲ្យហ្វូងមនុស្សទៅវិញហើយ » ៣ ពួកគេបានចាកចេញពីច្រាំង ហើយនៅតាមផ្លូវរបស់ពួកគេឆ្លងកាត់សមុទ្រកាលីឡេ ។ កន្លែងមួយនៅក្រោយទូកព្រះយេស៊ូវបានផ្តុំលក់ភ្លាម ។ មិនយូរប៉ុន្មាន « នោះ កើត មាន ខ្យល់ ព្យុះ ជា ខ្លាំង ហើយ រលក បោក ចូល ក្នុង ទូក ដល់ ម៉្លេះ បាន ជា ទូក [ជិត] ពេញ ហើយ » ចូលទឹកពេញ ៤
សិស្សភាគច្រើនរបស់ព្រះយេស៊ូវគ្រីស្ទបានធ្លាប់មានបទពិសោធន៍ជាអ្នកនេសាទហើយដឹងពីរបៀបការពារទូកនៅក្នុងខ្យល់ព្យុះ ។ ពួកគេជាមនុស្សដែលទ្រង់ទុកព្រះទ័យ—ពិត ជាសិស្ស—ជាទីស្រឡាញ់របស់ទ្រង់ ។ ពួកគេបានបោះបង់ការងារ ផ្ទាល់ខ្លួន និងគ្រួសារដើម្បី ដើរតាមព្រះយេស៊ូវ ។ វត្តមានរបស់ពួកគេនៅលើទូកគឺជាភស្តុតាង នៃ សេចក្តីជំនឿ របស់ពួកគេលើទ្រង់ ។ ហើយឥឡូវនេះទូករបស់ពួកគេនៅកណ្តាល ព្យុះកំពុងបោកបក់ខ្លាំងនិង ហៀបនឹងលិចលង់ ។
យើងមិនដឹងថា ពួកគេបានទប់ទល់ការពារទូកមិនឲ្យលិចក្នុងព្យុះយូរប៉ុណ្ណាទេ ប៉ុន្តែពួកគេបានចូលទៅតើនព្រះយេស៊ូវ ដោយសម្លេងភ័យខ្លាច ដោយពោលថា ៖
« លោកគ្រូអើយយើងវិនាសហើយលោកមិនរវល់ទេឬអី ? ៥
« ព្រះអម្ចាស់ អើយសូមជួយសង្គ្រោះផង យើងខ្ញុំវិនាសហើយ » ។ ៦
ពួកគេបានហៅទ្រង់ថា « លោកគ្រូ » ដើម្បីបញ្ជាក់ពីនាមទ្រង់ ។ ទ្រង់ក៏ត្រូវបានហៅថា « ព្រះយេស៊ូវគ្រីស្ទ ព្រះរាជបុត្រានៃព្រះ ព្រះវរបិតានៃស្ថានសួគ៌ និងផែនដី ព្រះដែលបង្កើតវត្ថុសព្វសារពើចាប់តាំងពីដំបូងមក ៧
ព្រះយេស៊ូវបានក្រោក ចេញពីកន្លែង ដែល ទ្រង់ នផ្ទុំ នៅលើទូក ហើយកំហែងទៅខ្យល់ និងបង្គាប់ទៅសមុទ្រ ដែលកំពុងបោកបក់ថា « ចូរស្ងៀមទៅ ហើយឈប់ចុះ ។ នោះខ្យល់ [ ក៏ស្ងប់ ]ហើយស្ងាត់ ឈឹង សូន្យទាំងអស់ ទៅ » ៨ ទ្រង់ជាលោកគ្រូដ៏ឆ្នើមជានិច្ច បន្ទាប់មកព្រះយេស៊ូវបានបង្រៀនសិស្សរបស់ទ្រង់ ពីសំណួរពីរដែលសាមញ្ញប៉ុន្តែប្រកបដោយក្តីស្រឡាញ់ ។ ទ្រង់បានសួរថា ៖
« ហេតុអ្វីបានជាអ្នករាល់គ្នាភ័យដល់ម៉្លេះ ? » ៩
«តើសេចក្ដីជំនឿរបស់អ្នករាល់គ្នានៅឯណា ? » ១០
នៅក្នុងជីវិតរមែងស្លាប់មានការលំអៀងទៅរកការល្បួងនៅពេលយើងស្ថិតនៅក្នុង ឧបសគ្គ មានបញ្ហាឬ រងទុក្ខស្ទើរស្រែកយំខ្លាំងថា « លោកគ្រូអើយ លោកមិនរវល់ទេឬអី ? សូមជួយទូលបង្គំផង » ។ សូម្បីតែយ៉ូសែប ស្ម៊ីធក៏សុំទូលអង្វរ ពី ក្នុង គុកដ៏កខ្វក់ថា ៖ « ឱព្រះអង្គអើយ តើព្រះអង្គគង់នៅទីណា ? ហើយតើព្រះពន្លាដែលគ្របបាំង ទីបំពួននៅ ទីណា ? ១១
ប្រាកដណាស់ព្រះអង្គសង្គ្រោះនៃពិភពលោកជ្រាបដឹងអំពីដែនកំណត់នៃជីវិតរមែងស្លាប់របស់យើង ទ្រង់បានបង្រៀនយើងពីរបៀបមានអារម្មណ៏នៃភាពសុខសាន្ត និង ស្ងប់ស្ងាត់សូម្បី តែនៅក្នុងគ្រាដែលមានខ្យល់ព្យុះសាហាវបក់បោកជុំវិញយើងនិងរលកសមុទ្រគម្រាមកំហែងពន្លិចសេចក្តីសង្ឃឹមរបស់យើងក្តី ។
ចំពោះអស់អ្នកដែលចង់ពិសោធន៍ សេចក្តីជំនឿ មានសេចក្តីជំនឿដូចកូនក្មេង ឬសូម្បីតែជាភាគដ៏តូចបំផុត នៃសេចក្តីជំនឿ ១២ ព្រះយេស៊ូវបានអញ្ជើញដោយមានបន្ទូលថា « ចូរមកឯខ្ញុំ » ១៣ « ជឿលើព្រះនាមយើង » ១៤ « ចូររៀន ពីយើង ហើយស្តាប់តាមព្រះបន្ទូលទាំងឡាយរបស់យើងចុះ » ១៥ ទ្រង់បានបង្គាប់ដោយទន់ភ្លន់ថា « [ ចូរ ] ប្រែចិត្ត ហើយទទួលបុណ្យជ្រមុជទឹកដោយនូវនាមយើង ។ ១៦ ឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមកត្រូវឲ្យស្រឡាញ់គ្នាដូចជាខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ » ។ ១៧ ហើយ « ចងចាំដល់យើងជានិច្ច ។ » ។ ១៨ ព្រះយេស៊ូវបានអះអាងនៅក្នុងការពន្យល់ទ្រង់ថា៖ « ខ្ញុំប្រាប់សេចក្ដីទាំងនេះ ដើម្បីឲ្យអ្នករាល់គ្នាបានសេចក្ដីសុខសាន្ដ ។ ដោយសារខ្ញុំនៅលោកីយ៍នេះ នោះអ្នករាល់គ្នាមានសេចក្តីវេទនាមែន ប៉ុន្តែត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយ៍ហើយ » ។ ១៩
ខ្ញុំអាចស្រមៃឃើញ សិស្សរបស់ព្រះយេស៊ូវ នៅក្នុងទូកពេលដែលខ្យល់កំពុងបក់បោកយ៉ាងខ្លាំង គឺចាំបាច់រវល់មើលរលកដែលកំពុងបុកចំទូករបស់ពួកគេ និង បាចទឹកចេញ ។ ខ្ញុំអាចឃើញរូបភាពដែលពួកគេកាន់ក្តោងទូកនិងព្យាយាមរក្សាលំនឹង គ្រប់គ្រងលើទូកតូចរបស់ពួកគេ ។ ការផ្តោតអារម្មណ៍របស់ពួកគេនៅគ្រានោះ គឺត្រូវរស់រានមានជីវិត ហើយការទូលអង្វរសុំជំនួយរបស់ពួកគេគឺស្មោះត្រង់ ។
វាមិនខុសពីយើងទាំងអស់គ្នាភាគច្រើនក្នុងជំនាន់របស់យើងទេ ។ ព្រឹត្តការណ៍ជុំវិញពិភពលោកនាពេលបច្ចុប្បន្ន និងនៅក្នុងប្រទេស សហគមន៍ ព្រមទាំងក្រុមគ្រួសាររបស់យើង បានប៉ះទង្គិចជាមួយបញ្ហាដែលនឹកស្មានមិនដល់ ។ នៅក្នុងគ្រាចលាចលមានអារម្មណ៍ថាសេចក្តីជំនឿរបស់យើងបានលាតទៅដល់ដែនកំណត់ នៃការស៊ូទ្រាំ និងការយល់ដឹងរបស់យើង ។ រលកនៃភាពភ័យខ្លាចអាចរំខានយើង បណ្តាលឲ្យយើងភ្លេចសេចក្តីល្អរបស់ព្រះ ដូច្នេះវាធ្វើឲ្យចក្ខុវិស្ស័យរបស់យើងមើលឃើញខ្លី និងបាត់បង់ការផ្តោតអារម្មណ៍ ។ ប៉ុន្តែនៅក្នុងគ្រាដ៏លំបាកនៃដំណើរដ៏វែងឆ្ងាយរបស់យើងសេចក្តីជំនឿរបស់យើងមិនត្រឹមតែអាចត្រូវបានសាកល្បងប៉ុណ្ណោះទេប៉ុន្តែបានពង្រឹងផងដែរ ។
មិនថាបងប្អូនស្ថិតនៅក្នុងស្ថានភាពបែបណាយើងអាចនៅតែមានបំណងខិតខំប្រឹងប្រែងកសាងនិងបង្កើនសេចក្តីជំនឿលើព្រះយេស៊ូវ គ្រីស្ទបាន ។ សេចក្ដីជំនឿអាចត្រូវបានពង្រឹងនៅពេលដែលយើងចាំថា យើងគឺជាបុត្រាបុត្រីរបស់ព្រះ ហើយថាទ្រង់ស្រឡាញ់យើង ។ សេចក្តីជំនឿរបស់យើងនឹងលូតលាស់នៅពេលយើងពិសោធន៍ព្រះបន្ទូលនៃព្រះជាមួយនឹងសេចក្តីសង្ឃឹម និង សេចក្តីឧស្សាហ៍ ព្យាយាមអស់ពីលទ្ធភាពក្នុងការ ធ្វើតាមការបង្រៀនរបស់ព្រះគ្រីស្ទ ។ ជំនឿរបស់ពួកយើងកើនឡើងនៅពេលយើងជ្រើសរើសជឿពីលើភាពសង្ស័យ ការអភ័យទោសពីលើការវិនិច្ឆ័យ ការប្រែចិត្តពីលើការបះបោរ ។ សេចក្តីជំនឿរបស់យើងនឹងបានដុះខាត់នៅពេលយើងអត់ធ្មត់ពឹងផ្អែកទៅលើ សេចក្ដីមេត្តាករុណា និងព្រះគុណនៃព្រះមែស៊ីដ៏បរិសុទ្ធ ។ ២០
អែលឌើរ ណែល អេ. ម៉ាកស្វែល បានមានប្រសាសន៍ថា « សេចក្តី ជំនឿមិនមែនជាចំណេះដឹងដ៏ឥតខ្ចោះនោះទេតែវានាំមកនូវការទុកចិត្តដ៏ជ្រាលជ្រៅទៅលើព្រះ ដែលមានចំណេះដឹងឥតខ្ចោះ » ។ ២១ សូមបីតែនៅក្នុងគ្រាដែលមានចលាចលក៏សេចក្តីជំនឿលើព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ នៅតែមានសេចក្តីអំណត់និង ថិតថេរ ។ វាជួយយើងលុបចោលការរំខានដែលមិនសំខាន់ ។ វាលើកទឹកចិត្តយើងឲ្យនៅបន្តទៅមុខ នៅលើផ្លូវនៃសេចក្តីសញ្ញា ។ សេចក្តីជំនឿរុញការបាក់ទឹកចិត្តចេញ និងអនុញ្ញាតឲ្យយើង ប្រឈមមុខនឹងអនាគតដែលមានដំណោះស្រាយនិងមោទនភាព ។ វាបំផុសគំនិតយើងឲ្យទូលសូម ការសង្គ្រោះ និង បានធូស្បើយ នៅពេលយើង អធិស្ឋានទៅព្រះវរបិតានៅក្នុងព្រះនាមនៃព្រះរាជបុត្រាទ្រង់ ។ ហើយនៅពេលការអធិស្ឋានទូលសូមអង្វរដោយស្មោះហាក់ដូចជាគ្មានចម្លើយ នោះការតស៊ូវក្នុងសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ បង្កើតជាសេចក្តីអត់ធ្មត់ ការបន្ទាបខ្លួន និងសមត្ថភាពពោលពាក្យដោយគារវភាពថា « សូមឲ្យព្រះហឫទ័យទ្រង់បានសម្រេច » ។ ២២
ប្រធាន រ័សុលអិម ណិលសុន បានបង្រៀនថា ៖
« យើងពុំត្រូវបណ្ដោយឲ្យការភ័យខ្លាចរបស់យើងផ្លាស់ប្ដូរជំនឿរបស់យើងនោះទេ ។ យើងអាចតតាំងនឹងការភ័យខ្លាចទាំងនោះ ដោយការពង្រឹងសេចក្ដីជំនឿរបស់យើង ។
« សូមចាប់ផ្តើមជាមួយកូនៗរបស់បងប្អូន … សូមឲ្យពួកគេទទួលអារម្មណ៍នៃសេចក្តី ជំនឿរបស់បងប្អូន សូម្បី តែក្នុងគ្រាដែលក្តីឈឺចាប់នោះធ្លាក់មកលើបងប្អូនក្តី ។ សូមឲ្យសេចក្តី ជំនឿរបស់បងប្អូន ផ្តោតទៅលើព្រះវរបិតាសួគ៌និងព្រះរាជបុត្រាជាទីស្រឡាញ់របស់ទ្រង់ ជាព្រះអម្ចាស់ព្រះយេស៊ូវ គ្រីស្ទ ។… សូមបង្រៀនក្មេងប្រុសស្រីដ៏មានតម្លៃម្នាក់ៗនោះថា ពួកគេគឺជាកូនរបស់ព្រះ ដែលបានបង្កើតឡើងតាមរូបអង្គទ្រង់ជាមួយនឹងគោលបំណងនឹងសក្តានុពលដ៏ពិសិដ្ឋ ។ ពួកគេម្នាក់ៗកើតមកជាមួយនឹងឧបសគ្គដែលត្រូវឆ្លងកាត់និងសេចក្តីជំនឿដែលត្រូវអភិវឌ្ឍ » ។ ២៣
ថ្មីៗនេះខ្ញុំបានស្តាប់កុមារពីរនាក់ដែលមានអាយុទើបតែបួនឆ្នាំបានចែកចាយសេចក្តីជំនឿរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទ នៅពេលពួកគេឆ្លើយតបនឹងសំណួរថា « តើព្រះយេស៊ូវគ្រីស្ទបានជួយប្អូនរបៀបណា ? » កុមារទីមួយនិយាយថា « ខ្ញុំដឹងថាព្រះយេស៊ូវគ្រីស្ទស្រឡាញ់ខ្ញុំ ពីព្រោះទ្រង់បានសុគតជំនួសខ្ញុំ ។ ទ្រង់ក៏ស្រឡាញ់មនុស្សធំទាំងអស់ដែរ » ។ កុមារទីពីរនិយាយថា « ទ្រង់ជួយខ្ញុំពេលខ្ញុំសោកសៅ ឬ មួម៉ៅ ។ ទ្រង់ក៏បានជួយខ្ញុំ ពេលខ្ញុំ លិចលង់ » ។
ព្រះយេស៊ូវបានប្រកាសថា ៖« ហេតុដូច្នេះហើយ អ្នកណាដែលប្រែចិត្ត ហើយមករកយើង ដូចជាកូនក្មេងតូចម្នាក់ អ្នកនោះហើយដែលយើងនឹងទទួល ត្បិតនគររបស់ព្រះជារបស់ផងអ្នកនោះ » ។ ២៤
« ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ » ។ ២៥
ថ្មីៗនេះ ប្រធាន ណិលសុន បានសន្យាថា « នៅពេលយើងចាប់ផ្ដើមជាថ្មីស្ដាប់ ផ្ទៀងស្ដាប់ និងប្រុងស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះ យ៉ាង ពិតប្រាកដ នោះយើងនឹងកាត់បន្ថយសេចក្តីភ័យខ្លាច និងបង្កើនសេចក្តីជំនឿវិញ » ។ ២៦
បងប្អូនប្រុសស្រី ឧបសគ្គនិងស្ថានភាពបច្ចុប្បន្នរបស់យើងមិនមែន ជា គោលដៅដ៏អស់កល្បចុងក្រោយរបស់យើងទេ ។ ក្នុងនាមជាសមាជិកសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ យើងបានលើកដាក់លើខ្លួនយើងនូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ តាមរយៈសេចក្តីសញ្ញា ។ យើងមានសេចក្តី ជំនឿលើព្រះចេស្តារនៃការប្រោសលោះ និងសេចក្តីសង្ឃឹម នៅក្នុងសេចក្តីសន្យាដ៏អស្ចារ្យនិងមានតម្លៃរបស់ទ្រង់ ។ យើងមានហេតុផលជាច្រើនដើម្បីរីករាយ ដោយ សារ ព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះ របស់យើង ជ្រាបដឹងអំពីបញ្ហាកង្វល់ និង ទុក្ខព្រួយរបស់យើង ។ ដូចជាពេលដែលព្រះយេស៊ូវគ្រីស្ទ នៅជាមួយសិស្សរបស់ទ្រង់ពីបុរាណ ទ្រង់គឺនៅក្នុងទូកជាមួយយើង ! ខ្ញុំសូមថ្លែងទីបន្ទាល់ថា ទ្រង់បានលះបង់ជីវិតរបស់ទ្រង់ដើម្បី ឲ្យបងប្អូន និងខ្ញុំមិនត្រូវវិនាស ។ សូមយើងទុកចិត្តទ្រង់ គោរពតាមបទបញ្ញត្តិទ្រង់ហើយស្តាប់ទ្រង់មានព្រះបន្ទូលដោយសេចក្តីជំនឿថា « ចូរស្ងៀមទៅ ហើយឈប់ចុះ » ។ ២៧ នៅក្នុងព្រះនាមដ៏ពិសិដ្ឋ និងបរិសុទ្ធនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។