ចូរសូម ចូររក ចូរគោះ
ផ្នែកមួយដ៏សំខាន់នៃផែនការរបស់ព្រះវរបិតាសួគ៌ គឺជាឱកាសដើម្បីទំនាក់ទំនងជាមួយទ្រង់គ្រប់ពេលដែលយើងចង់ ។
នៅក្នុងការសិក្សាព្រះគម្ពីររបស់ខ្ញុំកាលពីបួនខែមុន ខ្ញុំអានអំពីបេសកកម្មរបស់អាលម៉ានៅលើទឹកដីអាំម៉ូណៃហា ខ្ញុំបានយោបល់នេះនៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ ៖ « ពេលអ្នកអានអំពីពរជ័យដ៏មហិមាដែលព្រះបានប្រទានដល់ប្រជាជននីហ្វៃ ( សូមមើល អាលម៉ា ៩:១៩-២៣ ) សូមពិចារណាអំពីពរជ័យដ៏មហិមា ដែលទ្រង់បានប្រទានដល់បងប្អូន ។ » ១ ។ ខ្ញុំបានសម្រេចចិត្តបង្កើតជាបញ្ជីមួយអំពីពរជ័យដែលព្រះប្រទានដល់ខ្ញុំ និងកត់ត្រាវានៅក្នុងសៀវភៅសិក្សា ឌីជីថល ។ ខ្ញុំបានបង្កើតបញ្ជីពរជ័យចំនួន ១៦ ក្នុងរយៈពេលដ៏ខ្លី ។
ពរជ័យដែលសំខាន់ជាងគេ គឺពរជ័យដ៏មហិមានៃសេចក្តីមេត្តាករុណា និង ពលិកម្មដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ។ ខ្ញុំក៏បានសរសេរអំពីពរជ័យដែលខ្ញុំបានធ្វើជាអ្នកតំណាងរបស់ព្រះអង្គសង្គ្រោះ ជាអ្នកផ្សព្វផ្សាយសាសនាវ័យក្មេងនៅប្រទេសព័រទុយហ្គាល់និងក្រោយមកបានបម្រើបេសកកម្មប្រេស៊ីលព័រតូអាលេហ្គ្រីខាងត្បូង ជាមួយដៃគូដ៏អស់កល្បជាទីស្រឡាញ់របស់ខ្ញុំ ផាទ្រីស្សា នៅទីនោះយើងបានបម្រើជាមួយពួកអ្នកផ្សព្វផ្សាយសាសនាដែលប្រកបដោយព្រះចេស្តា និង អស្ចារ្យចំនួន ៥២២ រូប ។ និយាយអំពី ផាទ្រីស្សា ពរជ័យជាច្រើនដែលខ្ញុំបានកត់ត្រានៅក្នុងថ្ងៃនោះ គឺជាពរជ័យដែលយើងបានរីករាយជាមួយគ្នាអស់ពេល ៤០ ឆ្នាំ នៃអាពាហ៍ពិពាហ៍យើង—រួមទាំងការផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ សៅ ប៉ូឡូ ប្រទេស ប្រេស៊ីល កូនទាំងបីដ៏អស្ចារ្យរបស់យើង និងស្វាមីភរិយារបស់ពួកគេ និង ចៅៗទាំង១៣ នាក់របស់យើងផងដែរ ។
គំនិតរបស់ខ្ញុំក៏បានគិតទៅរកឪពុកម្តាយដ៏សុចរិតរបស់ខ្ញុំ ដែលបានចិញ្ចឹមបីបាច់ខ្ញុំនៅក្នុងគោលការណ៍នៃដំណឹងល្អ ។ ខ្ញុំបាននឹកឃើញឱកាសពិសេសនៅពេលអ្នកម្តាយជាទីស្រឡាញ់របស់ខ្ញុំ បានលុតជង្គង់អធិស្ឋានជាមួយខ្ញុំនៅក្បែរគ្រែខ្ញុំ នៅពេលខ្ញុំមានអាយុប្រហែល១០ ឆ្នាំ ។ គាត់ប្រហែលជាមានអារម្មណ៍ថាពាក្យពេចន៍អធិស្ឋានគួរតែមានការកែលម្អ បើខ្ញុំចង់ឲ្យការអធិស្ឋានអាចទៅដល់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ។ ដូច្នេះម៉ាក់បាននិយាយថា ៖ « ម៉ាក់នឹងអធិស្ឋានមុនបន្ទាប់ពីម៉ាក់អធិស្ឋាន កូនអធិស្ឋានម្ដង » ។ ម៉ាក់បានបន្តធ្វើតាមលំនាំនេះជាច្រើនយប់រហូតដល់គាត់មានទំនុកចិត្តថា ខ្ញុំបានរៀនគោលការណ៍ និងអនុវត្តន៍របៀបទូលទៅកាន់ព្រះវរបិតាសួគ៌ ។ ខ្ញុំមានអំណរគុណជានិច្ចដែលគាត់បង្រៀនខ្ញុំឲ្យចេះអធិស្ឋាន ព្រោះខ្ញុំបានដឹងថា ព្រះវរបិតាសួគ៌ព្រះសណ្ដាប់ការអធិស្ឋាន និងឆ្លើយតបខ្ញុំ ។
តាមពិត មានពរជ័យផ្សេងទៀត ដែលខ្ញុំបានដាក់បញ្ចូលក្នុងបញ្ជីរបស់ខ្ញុំ—វាគឺជាអំណោយទានដែលអាចឮ និងរៀនធ្វើតាមព្រះឆន្ទៈរបស់ព្រះអម្ចាស់ ។ ផ្នែកមួយដ៏សំខាន់នៃផែនការរបស់ព្រះវរបិតាសួគ៌ គឺជាឱកាសដើម្បីទំនាក់ទំនងជាមួយទ្រង់គ្រប់ពេលដែលយើងចង់ ។
ការអញ្ជើញមួយមកពីព្រះអម្ចាស់
នៅពេលព្រះអង្គសង្គ្រោះបានយាងទៅទ្វីបអាមេរិកបន្ទាប់ពីទ្រង់បានមានព្រះជន្មរស់ឡើងវិញ ទ្រង់បានធ្វើការអញ្ជើញជាថ្មីដូចអ្វីដែលទ្រង់បានប្រទានដល់សិស្សរបស់ទ្រង់នៅកាលីឡេ ។ ទ្រង់បានមានបន្ទូលថា ៖
« ចូរសូម នោះតែងនឹងឲ្យមកអ្នក ចូររក នោះតែងនឹងឃើញ ចូរគោះ នោះតែងនឹងបើកឲ្យអ្នក ។
« ដ្បិតអស់អ្នកដែលសូមនោះរមែងបាន អ្នកណាដែលរកនោះរមែងឃើញហើយនិងបើកឲ្យអ្នកណាដែលគោះដែរ » ។ (នីហ្វៃទី ៣ ១៤:៧–៨,សូមមើលផងដែរ ម៉ាថាយ ៧:៧–៨) ។
ព្យាការីរបស់យើង គឺប្រធាន រ័សុល អិម ណិលសុន ក៏ធ្លាប់ផ្ដល់ការអញ្ជើញដូចគ្នានេះផងដែរនៅក្នុងជំនាន់របស់យើង ។ លោកបានមានប្រសាសន៍ថា ៖ « សូមអធិស្ឋាននៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទអំពីកង្វល់ ការភ័យខ្លាច ភាពទន់ខ្សោយរបស់បងប្អូន—ពិតណាស់ អំពីបំណងប្រាថ្នានៅក្នុងដួងចិត្តរបស់បងប្អូន ។ បន្ទាប់មក ចូរស្តាប់ ! សូមសរសេរគំនិតដែលកើតមានក្នុងគំនិតរបស់បងប្អូន ។ សូមកត់ត្រាអារម្មណ៍របស់បងប្អូន ហើយធ្វើសកម្មភាពតាមអ្វីដែលបងប្អូនត្រូវបានបំផុសគំនិតឲ្យធ្វើ ។ កាលបងប្អូនធ្វើដំណើរការនេះម្ដងហើយម្ដងទៀតរៀងរាល់ថ្ងៃ រាល់ខែ រាល់ឆ្នាំ នោះបងប្អូននឹង ‹« រីកចម្រើននៅក្នុងគោលការណ៍នៃវិវរណៈ ›» ។ ២
ប្រធានណិលសុនបានបន្ថែមថា « នៅពេលខាងមុខ យើងនឹងមិនអាចរស់រានខាងវិញ្ញាណបានឡើយ បើគ្មានព្រះចេសា្ត ណែនាំ ដឹកនាំ និងលួងលោមចិត្តជាប់ជានិច្ចមកពីព្រះវិញ្ញាណបរិសុទ្ធនោះ » ។ ៣
ហេតុអ្វីបានជាវិវរណៈសំខាន់ចំពោះការរស់រានខាងវិញ្ញាណរបស់យើង ? ពីព្រោះពិភពលោកពោរពេញទៅដោយភាពច្របូកច្របល់ និង អ៊ូអរ ពេញដោយការបោកបញ្ឆោត និង ភាពរំខាន ។ ទំនាក់ទំនងជាមួយព្រះវរបិតាសួគ៌របស់យើង អាចធ្វើឲ្យយើងដឹងអ្វីខុស និងអ្វី ត្រូវហើយអ្វីដែលជាប់ទាក់ទងនឹងផែនការណ៍របស់ព្រះ និងអ្វីដែលមិនទាក់ទង ។ ពិភពលោកក៏អាចជាកន្លែងដ៏ឃោរឃៅ និង ឈឺចាប់ ។ ប៉ុន្តែនៅពេលដែលយើងបើកដួងចិត្តរបស់យើងក្នុងការអធិស្ឋាន យើងនឹងទទួលអារម្មណ៍លួងលោម ដែលបានមកពីព្រះវរបិតាដែលគង់នៅស្ថានសួគ៌ របស់យើង និងការអះអាងថាទ្រង់ស្រឡាញ់និងឲ្យតម្លៃយើង ។
ចូរសូម
ព្រះអម្ចាស់បានមានបន្ទូលថា ៖ « ដ្បិតអស់អ្នកណាដែលសូម នោះរមែងបាន »។ ការសូមហាក់ដូចជាសាមញ្ញ ប៉ុន្តែវាមានព្រះចេស្តា ពីព្រោះវាបានបើកសម្តែងពីបំណងប្រាថ្នា និង សេចក្តីជំនឿរបស់យើង ។ ទោះជាយ៉ាងណាក្តីវាត្រូវការពេលវេលា និងការអត់ធ្មត់ក្នុងការរៀនយល់សំឡេងរបស់ព្រះអម្ចាស់ ។ យើងយកចិត្តទុកដាក់លើគំនិតនិងអារម្មណ៍ ដែលចូលមកក្នុងគំនិតនឹងដួងចិត្តរបស់យើង ហើយយើងនឹងកត់ត្រាគំនិតទាំងនោះដូចដែលព្យាការីរបស់យើងបានផ្តល់ដំបូន្មានឲ្យយើងធ្វើ ។ ការកត់ត្រាពីចំណាប់អារម្មណ៍របស់យើង គឺជាផ្នែកមួយដ៏សំខាន់នៃការទទួលយក ។ វាជួយយើងឲ្យនឹកឃើញឡើងវិញ រំឮកឡើងវិញ និងទទួលអារម្មណ៏ឡើងវិញ នូវអ្វីដែលព្រះអម្ចាស់កំពុងបង្រៀនដល់យើង ។
ថ្មីៗនេះមនុស្សជាទីស្រឡាញ់ម្នាក់របស់ខ្ញុំបាននិយាយមកកាន់ខ្ញុំថា « ខ្ញុំជឿថាវិវរណៈផ្ទាល់ខ្លួនគឺជាការពិត ។ ខ្ញុំជឿថា ព្រះវិញ្ញាណបរិសុទ្ធនឹងបង្ហាញខ្ញុំនូវអ្វីទាំងអស់ដែលខ្ញុំគួរធ្វើ ។ ៤ វាងាយស្រួលជឿនៅពេលខ្ញុំមានអារម្មណ៏ខ្មួលខ្មាញ់ព្រមជាមួយនឹងជំនឿមិនសង្ស័យ ។ ៥ ប៉ុន្តែ តើខ្ញុំអាចដឹងព្រះវិញ្ញាណមានបន្ទូលមកកាន់ខ្ញុំជានិច្ចដោយមិនប្រែប្រួលបែបនេះយ៉ាងដូចម្ដេច ? »
ជូនចំពោះមនុស្សជាទីស្រឡាញ់របស់ខ្ញុំ និងបងប្អូនទាំងអស់គ្នា ខ្ញុំក៏សូមនិយាយផងដែរថា ខ្ញុំក៏ចង់មានអារម្មណ៍បញ្ជាក់ពីព្រះវិញ្ញាណបរិសុទ្ធខ្លាំងក្លាជាប្រចាំ ហើយតែងតែអាចមើលឃើញពីផ្លូវដែលត្រូវដើរតាម ។ ប៉ុន្តែខ្ញុំមិនអាចទេ ។ ទោះជាយ៉ាងណា អ្វីដែលយើងអាចនឹងមានអារម្មណ៍ជាញឹកញាប់នោះគឺសំឡេងតូចរហៀងនៃព្រះអម្ចាស់ដែលបានខ្សឹបប្រាប់ចូលក្នុងគំនិត និងដួងចិត្តរបស់យើង « ទូលបង្គំនៅទីនេះ ។ ខ្ញុំស្រឡាញ់បងប្អូន ។ សូមទៅមុខធ្វើឲ្យអស់ពីលទ្ធភាពរបស់បងប្អូន ។ ខ្ញុំនឹងគាំទ្របងប្អូន » ។ យើងមិនចាំបាច់ត្រូវដឹងគ្រប់យ៉ាងឬមើលឃើញអ្វី គ្រប់យ៉ាងនោះឡើយ ។
សំឡេងតូចរហៀងនឹងអះអាង លើកទឹកចិត្ត និង លួងលោម—ហើយភាគច្រើន នោះគ្រាន់តែជាអ្វីដែលយើងត្រូវការសម្រាប់ថ្ងៃនោះ ។ ព្រះវិញ្ញាណបរិសុទ្ធ គឺជាការពិត ហើយសេចក្តីសន្យារបស់ទ្រង់គឺជាការពិត—ទាំងធំនិងតូច ។
ចូរស្វែងរក
ព្រះអម្ចាស់ក៏បានបន្តសន្យាទៀតថា ៖ « អ្នកណាដែលរកនោះរមែងឃើញ » ។ ិញ្ញាណ—ដោយការពិចារណា ការសាកល្បង ការព្យាយាម និងការសិក្សា ។ យើងស្វែងរកពីព្រោះយើងទុកចិត្តលើការសន្យារបស់ព្រះអម្ចាស់ ។ « តែបើឥតមានសេចក្តីជំនឿទេ នោះមិនអាចនឹងគាប់ដល់ព្រះហឫទ័យព្រះបានឡើយ ដ្បិតអ្នកណាដែលចូលទៅឯព្រះ នោះត្រូវតែជឿថា មានព្រះមែន ហើយថាទ្រង់ប្រទានរង្វាន់ដល់អស់អ្នកដែលស្វែងរកទ្រង់ » (ហេព្រើរ ១១:៦) ។ នៅពេលយើងស្វែងរកយើងទទួលស្គាល់ចំណេះដឹងដោយចិត្តរាបសារថាយើងនៅមានអ្វីជាច្រើនទៀតដែលត្រូវរៀន ហើយព្រះអម្ចាស់នឹងពង្រីកការយល់ដឹងរបស់យើង រៀបចំយើងដើម្បីទទួលបន្ថែមទៀត ។ « ដ្បិតមើលចុះ ព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់មានព្រះបន្ទូលដូច្នេះថា ៖ យើងនឹងប្រទានដល់កូនចៅមនុស្សមួយបន្ទាត់ម្ដងៗ មួយសិក្ខាបទម្ដងៗ ឯណេះបន្តិច ឯណោះបន្តិច… ដ្បិតចំពោះអ្នកណាដែលបានទទួលនោះយើងនឹងឲ្យថែមទៀត » ។ (នីហ្វៃទី ២ ២៨:៣០) ។
ចូរគោះ
នៅចុងបញ្ចប់ព្រះអម្ចាស់បានមានព្រះបន្ទូលថា « និងបើកឲ្យអ្នកណាដែលគោះដែរ » ។ ការគោះគឺជាសកម្មភាពក្នុងសេចក្ដីជំនឿ ។ នៅពេលដែលយើងសកម្មក្នុងការធ្វើតាមទ្រង់ នោះព្រះអម្ចាស់និងបើកផ្លូវសម្រាប់យើង ។ នៅក្នុងទំនុកតម្កើងដ៏ពិរោះបានបង្រៀនយើងថា « ចូរក្រោកឡើងធ្វើអ្វីៗច្រើនទៀតកុំលង់តែក្នុងក្តីសុបិន [ របស់យើង ] ។ ការធ្វើល្អគួរឲ្យរីករាយជាក្តីល្អលើសការគិតជាពរនៃកាតព្វកិច្ចនិងស្នេហ៍ ។ » 6 អែលឌើរ ជែរីត ដ័បុលយូ ហ្កង នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ថ្មីៗនេះបានពន្យល់ថា ជាញឹកញាប់វិវរណៈកើតមានខណៈដែលយើងធ្វើអំពើល្អ ។ លោកបានមានប្រសាសន៏ថា ៖ « កាលណាយើងព្យាយាមឈោងទៅបម្រើអស់អ្នកដែលនៅជុំវិញយើង ខ្ញុំគិតថាព្រះអម្ចាស់ នឹងប្រទានសេចក្តីស្រឡាញ់បន្ថែមទៀតដល់យើងសម្រាប់ពួកគេ ក៏ដូចជាខ្លួនយើង ។ ខ្ញុំគិតថាយើងឮសំឡេងទ្រង់ —យើងទទួលអារម្មណ៏ដឹងពីទ្រង់ក្នុងរបៀបផ្សេង— នៅពេលដែលយើងអធិស្ឋានជួយអស់អ្នកដែលនៅជុំវិញយើង ពីព្រោះនោះគឺជាពាក្យអធិស្ឋានមួយដែលទ្រង់ចង់ឆ្លើយតបបំផុត » ៧
គំរូរបស់អាលម៉ា
យោបល់សាមញ្ញនោះមាននៅក្នុង ចូរមកតាមខ្ញុំ ដើម្បីគិតអំពីពរជ័យរបស់ខ្ញុំដែលបាននាំមកដោយវិញ្ញាណដ៏ផ្អែមល្ហែម និង ចំណេះដឹងខាងវិញ្ញាណដែលមិនបានរំពឹងទុកខ្លះទៀត ។ កាលដែលខ្ញុំបន្តការអានអំពីអាលម៉ា និងការបម្រើរបស់លោកលើទឹកដី អាំម៉ូណៃហា ខ្ញុំបានរកឃើញថា អាលម៉ា បានផ្តល់គំរូល្អមួយ ចំពោះអត្ថន័យនៃការសួរ ស្វែងរក និងគោះ ។ យើងអានថា « អាលម៉ាបានធ្វើការជាខ្លាំងខាងវិញ្ញាណ ដោយពុះពារខំអធិស្ឋានដល់ព្រះ សូមឲ្យទ្រង់ស្រោចព្រះវិញ្ញាណទ្រង់មកលើប្រជាជន » ។ ទោះជាយ៉ាងណាក្តី ការអធិស្ឋាននោះមិនបានឆ្លើយតបទេ គឺមិនបានឆ្លើយតបក្នុងរបៀបដែលលោកសង្ឃឹមចង់បានទេ ហើយអាលម៉ាត្រូវបានគេបណ្តេញចេញពីទីក្រុង ។ នៅពេលអាលម៉ា ហៀបនឹងបោះបង់ចោល កាលដែលលោក « ពោរពេញទៅដោយសេចក្តីសោកសៅ » ស្រាប់តែមានទេវតាប្រទានសារលិខិតនេះថា « អាលម៉ាអើយអ្នកមានពរហើយ ហេតុដូច្នេះហើយ ចូរអ្នកងើបមុខឡើង ហើយអររីករាយចុះ ដ្បិតអ្នកមានហេតុដ៏ធំចំពោះការអររីករាយ » ។ បន្ទាប់មកទេវតាបានប្រាប់អាលម៉ាឲ្យត្រឡប់ទៅដែនដី អាំម៉ូណៃហា ហើយព្យាយាមម្តងទៀត ហើយអាលម៉ា « បានត្រឡប់ទៅយ៉ាងរួសរាន់ » ៨
តើយើងរៀនអ្វីខ្លះមកពីអាលម៉ា អំពីការសួរ ការស្វែងរក និងការគោះ ? យើងបានរៀនថា ការអធិស្ឋានតម្រូវឲ្យមានកិច្ចខិតខំខាងវិញ្ញាណ ហើយមិនតែងតែដឹកនាំទៅរកលទ្ធផលដែលយើងសង្ឃឹមចង់បាននោះទេ ។ ប៉ុន្តែនៅពេលដែលយើងមានអារម្មណ៍បាក់ទឹកចិត្ត ឬ ពោរពេញទៅដោយសេចក្តីសោកសៅ នោះព្រះអម្ចាស់នឹងប្រទានការលួងលោម និងភាពរឹងមាំដល់យើងក្នុងរបៀបផ្សេងៗ ។ ទ្រង់ប្រហែលជានឹងមិនឆ្លើយតបរាល់គ្រប់សំណួររបស់យើង ឬដោះស្រាយរាល់គ្រប់បញ្ហារបស់យើងភ្លាមៗទេ ប៉ុន្តែទ្រង់លើកទឹកចិត្តយើងឲ្យបន្ដព្យាយាម ។ បើយើងរួសរាន់ដាក់បញ្ចូលផែនការរបស់យើងជាមួយទ្រង់ នោះទ្រង់នឹងបើកផ្លូវសម្រាប់យើង ដូចជាទ្រង់បានធ្វើសម្រាប់អាលម៉ា ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា នេះជាគ្រាកាន់កាប់ត្រួតត្រានៃពេលពេញកំណត់នៃដំណឹងល្អ ។ យើងអាចរីករាយនឹងពរជ័យនៃដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទនៅក្នុងជីវិតរបស់យើង ។ យើងមានព្រះគម្ពីរនៅគ្រប់ទីកន្លែងសម្រាប់យើង ។ យើងត្រូវបានដឹកនាំដោយពួកព្យាការីដែលបានបង្រៀនយើងអំពីឆន្ទៈរបស់ព្រះអម្ចាស់សម្រាប់គ្រាលំបាកដែលយើងកំពុងរស់នៅ ។ បន្ថែមពីលើនោះ យើងមានទំនាក់ទំនងផ្ទាល់ទៅនឹងវិវរណៈផ្ទាល់ខ្លួន ដូច្នេះព្រះអម្ចាស់អាចលួងលោម និងដឹកនាំយើងដោយផ្ទាល់ ។ ដូចដែលទេវតាបានមានបន្ទូលទៅកាន់អាលម៉ាថា យើងមាន « ហេតុដ៏ធំចំពោះការអររីករាយ » ( អាលម៉ា ៨:១៥ ) ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។