![](https://www.churchofjesuschrist.org/imgs/https%3A%2F%2Fassets.churchofjesuschrist.org%2Fc0%2F0e%2Fc00edc71961ae4d3bc987f78159df02dc5498146%2Fc00edc71961ae4d3bc987f78159df02dc5498146.jpeg/full/!250,/0/default)
ត្រូវបានផ្ដល់អនុសាសន៍ដល់ព្រះអម្ចាស់
សូមចាប់ផ្ដើមដំណើរការនេះឥឡូវដើម្បី « ត្រូវបានផ្ដល់អនុសាសន៍ដល់ព្រះអម្ចាស់ » ដូច្នេះថាព្រះវិញ្ញាណរបស់ទ្រង់នឹងគង់ជាមួយបងប្អូនយ៉ាងបរិបូរណ៍ ។
អរុណសួស្តី បងប្អូនប្រុសស្រីជាទីស្រឡាញ់ ។ ក្នុងនាមជាសិស្សម្នាក់របស់ព្រះអង្គសង្គ្រោះរបស់យើង គឺព្រះយេស៊ូវគ្រីស្ទ ខ្ញុំបានទន្ទឹងរង់ចាំការប្រជុំតាមអ៊ីនធឺណិតសម្រាប់សន្និសីទនេះ ដែលមានមនុស្សមកពីគ្រប់តំបន់ទូទាំងពិភពលោកចូលរួម ។
នេះជាឆ្នាំដែលមិនធម្មតាខ្លាំងមួយ ។ សម្រាប់ខ្ញុំ វាចាប់ផ្ដើមដោយការចាត់តាំងមកពីគណៈប្រធានទីមួយឲ្យទៅឧទ្ទិសព្រះវិហារបរិសុទ្ធថ្វាយដល់ព្រះអម្ចាស់នៅទីក្រុង ឌូបាន ប្រទេសអាហ្វ្រិកខាងត្បូង ។ ខ្ញុំនឹងមិនភ្លេចភាពអស្ចារ្យនៃអគារនោះទេ ។ ប៉ុន្ដែលើសពីអគារទៅទៀត ខ្ញុំនឹងតែងតែចងចាំដល់សេចក្ដីថ្លៃថ្នូររបស់អ្នកដែលបានរៀបចំខ្លួនយ៉ាងល្អប្រពៃដើម្បីចូលទៅអគារដ៏ពិសិដ្ឋនោះ ។ ពួកគេបានត្រៀមខ្លួនជាស្រេចដើម្បីទទួលទានពរជ័យដ៏អស្ចារ្យនៃការស្ដារឡើងវិញ ការឧទ្ទិសដំណាក់របស់ព្រះអម្ចាស់ ។ ពួកគេបានមកដោយមានដួងចិត្តពោរពេញដោយសេចក្ដីស្រឡាញ់ចំពោះទ្រង់ និងដង្វាយធួនរបស់ទ្រង់ ។ ពួកគេបានពោរពេញដោយអំណរគុណដល់ព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌សម្រាប់ការប្រទានពិធីបរិសុទ្ធដ៏ពិសិដ្ឋ ដែលនាំទៅរកការតម្កើងឡើង ។ ពួកគេបានមកដោយភាពស័ក្ដិសម ។
មិនថានៅទីណានោះទេ ព្រះវិហារបរិសុទ្ធតែងឈរខ្ពស់លើរបៀបនៃពិភពលោកនេះ ។ គ្រប់ព្រះវិហារបរិសុទ្ធរបស់ពួកបរិសុទ្ធថ្ងៃចុងក្រោយទាំងអស់ក្នុងពិភពលោកនេះ—ទាំងអស់ចំនួន ១៦៨—ឈរជាទីបន្ទាល់ដល់សេចក្ដីជំនឿរបស់យើងនៅក្នុងជីវិតដ៏អស់កល្ប និងអំណរនៃការធ្វើជាទីបន្ទាល់ដល់ក្រុមគ្រួសាររបស់យើង និងព្រះវរបិតាសួគ៌យើង ។ ការចូលរួមក្នុងព្រះវិហារបរិសុទ្ធបង្កើនការយល់ដឹងរបស់យើងអំពីក្រុមព្រះ និងដំណឹងល្អដ៏អស់កល្បការតាំងចិត្តរបស់យើងដើម្បីរស់នៅតាម និងបង្រៀនសេចក្ដីពិត និងឆន្ទៈយើងដើម្បីធ្វើតាមគំរូរបស់ព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះរបស់យើង គឺព្រះយេស៊ូវគ្រីស្ទ ។
នៅខាងក្រៅព្រះវិហារបរិសុទ្ធទាំងអស់ក្នុងសាសនាចក្រគឺមានពាក្យ « បរិសុទ្ធដល់ព្រះអម្ចាស់ » ។ ព្រះវិហារបរិសុទ្ធគឺជាដំណាក់របស់ព្រះអម្ចាស់ និងជាជម្រកពីពិភពលោកនេះ ។ ព្រះវិញ្ញាណរបស់ទ្រង់គ្របដណ្តប់ការពារអស់អ្នកដែលថ្វាយបង្គំនៅក្នុងអគារដ៏ពិសិដ្ឋទាំងនោះ ។ ទ្រង់ដាក់បទដ្ឋានឲ្យយើងធ្វើតាម ពេលយើងចូលជាភ្ញៀវរបស់ទ្រង់ ។
ឪពុកក្មេករបស់ខ្ញុំ ប្លេន ថ្វិចឈែល ដែលជាបុរសដ៏ល្អបំផុតម្នាក់ដែលខ្ញុំធ្លាប់ស្គាល់ បានបង្រៀនខ្ញុំនូវមេរៀនដ៏អស្ចារ្យមួយ ។ ស៊ិស្ទើរ រ៉ាសបាន និងខ្ញុំបានទៅលេងគាត់ ពេលគាត់ជិតបញ្ចប់ដំណើរជីវិតរមែងស្លាប់របស់គាត់ បន្ទប់របស់គាត់ ប៊ីស្សពរបស់គាត់ទើបតែចេញទៅ ។ ពេលយើងជម្រាបសួរប៊ីស្សព ខ្ញុំបានគិតថា « លោកជាប៊ីស្សពល្អម្នាក់ ។ លោកមកទីនេះធ្វើការងារបម្រើដល់សមាជិកដ៏ស្មោះត្រង់ម្នាក់ក្នុងវួដលោក » ។
ខ្ញុំបានថ្លែងទៅកាន់ ប្លេន ថា « ជាការល្អណាស់ដែលប៊ីស្សពបានមកលេង » ។
ប្លេន បានមើលមកខ្ញុំ ហើយបានឆ្លើយថា « វាហួសពីល្អទៅទៀតកូន ។ ប៉ាបានសូមឲ្យប៊ីស្សពមក ដោយសារប៉ាចង់មានការសម្ភាសទទួលបណ្ណចូលព្រះវិហារបរិសុទ្ធរបស់ប៉ា ។ ប៉ាចង់ទៅដោយត្រូវបានផ្ដល់អនុសាសន៍ដល់ព្រះអម្ចាស់ » ។ ហើយគាត់បានធ្វើមែន !
ឃ្លា « ត្រូវបានផ្ដល់អនុសាសន៍ដល់ព្រះអម្ចាស់ » បានដក់ជាប់ក្នុងចិត្តខ្ញុំ ។ វាផ្ដល់ជាទស្សនវិស័យថ្មីទាំងស្រុងមួយអំពីការត្រូវបានសម្ភាសជាប្រចាំដោយថ្នាក់ដឹកនាំសាសនាចក្ររបស់យើង ។ បណ្ណចូលព្រះវិហារបរិសុទ្ធមានសារសំខាន់យ៉ាងខ្លាំងក្នុងសាសនាចក្រពីដើមដល់ឆ្នាំ ១៨៩១ ហើយបណ្ណចូលព្រះវិហារបរិសុទ្ធនីមួយៗត្រូវបានចារដោយប្រធានសាសនាចក្រ ។ ១
មិនថាសម្រាប់យុវវ័យ ឬមជ្ឈិមវ័យ ការសម្ភាសទទួលបណ្ណចូលព្រះវិហារបរិសុទ្ធរបស់បងប្អូនមិនមែនអំពីអ្វីដែលត្រូវធ្វើ និងមិនត្រូវធ្វើនោះទេ ។ បណ្ណចូលព្រះវិហារបរិសុទ្ធមិនមែនជាបញ្ជីត្រួតពិនិត្យ លិខិតថ្កោលទោស ឬជាសំបុត្រសម្រាប់កន្លែងអង្គុយពិសេសនោះទេ ។ វាមានគោលបំណងដ៍ខ្ពង់ខ្ពស់ និងបរិសុទ្ធជាងនោះ ហារបរិសុទ្ធ បងប្អូនត្រូវតែរស់នៅស្របតាមការបង្រៀនរបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
នៅក្នុងការសម្ភាសរបស់បងប្អូន បងប្អូនមានឱកាសស្រាវជ្រាវព្រលឹងរបស់ខ្លួនអំពីសេចក្ដីជំនឿផ្ទាល់ខ្លួនបងប្អូនទៅលើព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ។ បងប្អូនមានពរជ័យដើម្បីបង្ហាញទីបន្ទាល់របស់ខ្លួនអំពីដំណឹងល្អដែលបានស្ដារឡើងវិញ ពីឆន្ទៈរបស់បងប្អូនដើម្បីគាំទ្រអស់អ្នកដែលព្រះអម្ចាស់បានហៅឲ្យដឹកនាំសាសនាចក្ររបស់ទ្រង់ សេចក្ដីជំនឿរបស់បងប្អូនលើគោលលទ្ធិនៃដំណឹងល្អ ការបំពេញតាមទំនួលខុសត្រូវក្នុងគ្រួសាររបស់បងប្អូន និងគុណសម្បត្តិរបស់បងប្អូនស្ដីពីភាពស្មោះត្រង់ ព្រហ្មចារីភាព ភក្ដីភាព ការគោរព និងការរក្សាពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ក្រឹត្យវិន័យដង្វាយមួយភាគក្នុងដប់ និងការរក្សាថ្ងៃឈប់សម្រាកទុកជាបរិសុទ្ធ ។ ទាំងនោះគឺជាគោលការណ៍គ្រឹះនៃជីវិតដែលស្មោះស្ម័គ្រនឹងព្រះយេស៊ូវគ្រីស្ទ និងកិច្ចការរបស់ទ្រង់ ។
បណ្ណចូលព្រះវិហារបរិសុទ្ធរបស់បងប្អូនឆ្លុះបញ្ចាំងពីបំណងប្រាថ្នាខាងវិញ្ញាណដ៏ជ្រាលជ្រៅថា បងប្អូនកំពុងតែខិតខំរស់នៅតាមច្បាប់របស់ព្រះអម្ចាស់ ហើយស្រឡាញ់អ្វីដែលទ្រង់ស្រឡាញ់ ៖ ការបន្ទាបខ្លួន ការស្លូតបូត ការខ្ជាប់ខ្ជួន សេចក្ដីសប្បុរស ទឹកចិត្តក្លាហាន ចិត្តមេត្តាករុណា ការអភ័យទោស និងការគោរពប្រតិបត្តិ ។ ហើយបងប្អូនតាំងចិត្តធ្វើតាមបទដ្ឋានទាំងនោះ ពេលបងប្អូនចុះហត្ថលេខានៅលើឯកសារដ៏ពិសិដ្ឋនោះ ។
បណ្ណចូលព្រះវិហារបរិសុទ្ធរបស់បងប្អូនបើកទ្វារស្ថានសួគ៌ឲ្យបងប្អូន និងមនុស្សដទៃទទួលបានពិធី និងពិធីបរិសុទ្ធដ៏សំខាន់អស់កល្បរួមមាន ពិធីការបុណ្យជ្រមុជទឹក អំណោយទានពិសិដ្ឋ អាពាហ៍ពិពាហ៍ និងការផ្សារភ្ជាប់ ។
ការ « ត្រូវបានផ្ដល់អនុសាសន៍ដល់ព្រះអម្ចាស់ » គឺជាការរំឭកអំពីអ្វីដែលរំពឹងពីពួកបរិសុទ្ធថ្ងៃចុងក្រោយដែលរក្សាសេចក្ដីសញ្ញា ។ ឪពុកក្មេកខ្ញុំ ប្លេន បានឃើញថាវាជាការរៀបចំខ្លួនដ៏មានតម្លៃសម្រាប់ថ្ងៃ ដែលគាត់នឹងឈរយ៉ាងរាបសានៅចំពោះព្រះអម្ចាស់ ។
សូមពិរចាណាពីពេលដែលម៉ូសេបានឡើងភ្នំហោរែប ហើយព្រះអម្ចាស់ព្រះយេហូវ៉ាបានបង្ហាញព្រះកាយដល់លោកនៅគុម្ពបន្លាដែលមានភ្លើងឆេះ ។ ព្រះបានបង្គាប់លោកថា « កុំឲ្យមកជិតនេះឡើយ ចូរដោះស្បែកជើងចេញ ដ្បិតកន្លែងដែលឈរនោះជាដីបរិសុទ្ធ » ។ ២
ការដោះស្បែកជើងយើងចេញនៅមាត់ទ្វារនៃព្រះវិហារបរិសុទ្ធគឺជាការទម្លាក់ចុះបំណងប្រាថ្នា ឬការកំសាន្ដខាងលោកិយដែលបង្អាក់យើងពីការរីកចម្រើនខាងវិញ្ញាណ ការទុករឿងទាំងនោះមួយអន្លើរដែលបណ្ដាលឲ្យយើងគិតមិនត្រូវអំពីជីវិតរមែងស្លាប់ដ៏មានតម្លៃរបស់យើង ការមិនអនុញ្ញាតឲ្យអាកប្បកិរិយាទាស់ទែងគ្រប់គ្រងលើយើង និងការស្វែងរកពេលវេលាដើម្បីបានបរិសុទ្ធ ។
តាមការរៀបចំដ៏ទេវភាព នោះរូបរាងកាយរបស់យើងគឺជាការបង្កើតរបស់ព្រះ ជាព្រះវិហារបរិសុទ្ធសម្រាប់វិញ្ញាណរបស់យើង ហើយគួរតែប្រព្រឹត្តចំពោះវាដោយគារវភាព ។ ខ្លឹមសារក្នុងបទចម្រៀងកុមារគឺពិតខ្លាំងណាស់ « រូបកាយខ្ញុំជាព្រះវិហារបរិសុទ្ធ ដែលត្រូវថែទាំខ្លាំងបំផុត » ។ ៣ ពេលព្រះអម្ចាស់បានបង្ហាញព្រះកាយដល់ពួកសាសន៍នីហ្វៃ ទ្រង់បានបង្គាប់ថា « ញែកចេញបរិសុទ្ធ ដោយការទទួលនូវព្រះវិញ្ញាណបរិសុទ្ធ ប្រយោជន៍ឲ្យអ្នករាល់គ្នាអាចឈរដោយគ្មានទោសនៅចំពោះយើង » ។ ៤ ព្រះអម្ចាស់បានសួរថា « តើអ្នករាល់គ្នាគួរធ្វើជាមនុស្សបែបណាទៅ ? »រួចហើយទ្រង់បានឆ្លើយថា « ត្រូវឲ្យបានដូចជាយើង » ។ ៥ ដើម្បី « ត្រូវបានផ្ដល់អនុសាសន៍ដល់ព្រះអម្ចាស់ » នោះយើងខិតខំប្រែក្លាយដូចជាទ្រង់ ។
ខ្ញុំចាំថាបានស្ដាប់ប្រធាន ហូវើដ ដបុលយូ ហាន់ធើរបានថ្លែងនៅក្នុងសន្និសីទជាលើកដំបូងរបស់លោកក្នុងនាមជាប្រធានសាសនាចក្រទី ១៤ ។ លោកបានពោលថា « វាជាបំណងប្រាថ្នាដ៏ជ្រាលជ្រៅបំផុតក្នុងចិត្តខ្ញុំ ដើម្បីឲ្យសមាជិកសាសនាចក្រគ្រប់រូបមានភាពស័ក្ដិសមចូលទៅក្នុងព្រះវិហារបរិសុទ្ធ ។ ព្រះអម្ចាស់នឹងសព្វព្រះទ័យ បើសមាជិកមជ្ឈិមវ័យគ្រប់រូបមានភាពស័ក្ដិសម—ហើយកាន់—បណ្ណចូលព្រះវិហារបរិសុទ្ធដែលមានសុពលភាព » ។ ៦ ខ្ញុំសូមបន្ថែមថា បណ្ណចូលព្រះវិហារបរិសុទ្ធដែលកំណត់ការប្រើប្រាស់នឹងធ្វើជាផ្លូវដ៏ច្បាស់មួយសម្រាប់យុវវ័យដ៏មានតម្លៃរបស់យើង ។
ប្រធានណិលសុនបានរំឭកសម្ដីរបស់ប្រធានហាន់ធើរថា « នៅថ្ងៃនោះ ថ្ងៃទី៦ខែ មិថុនាឆ្នាំ ១៩៩៤បណ្ណចូលព្រះវិហារបរិសុទ្ធដែលយើងកាន់ ក្លាយជារបស់ខុសគ្នាមួយក្នុងកាបូបរបស់ខ្ញុំ ។ ពីមុននោះ វាគឺជាមធ្យោបាយមួយដើម្បីទៅដល់ទីបញ្ចប់មួយ ។ វាគឺជាមធ្យោបាយដែលអនុញ្ញាតឲ្យខ្ញុំបានចូលក្នុងដំណាក់ដ៏ពិសិដ្ឋរបស់ព្រះអម្ចាស់ ប៉ុន្ដែក្រោយពីលោកបានធ្វើការប្រកាសនោះមក វាក្លាយជាទីបញ្ចប់មួយ ។ វាក្លាយជាតំណាងនៃការគោរពប្រតិបត្តិរបស់ខ្ញុំចំពោះព្យាការីនៃព្រះ » ។ ៧
ប្រសិនបើបងប្អូនមិនទាន់បានទទួលបណ្ណចូលព្រះវិហារបរិសុទ្ធទេ ឬបើបណ្ណរបស់បងប្អូនហួសកំណត់ សូមតម្រង់ជួរនៅមុខបន្ទប់ប៊ីស្សព គឺដូចជាពួកបរិសុទ្ធពីដើមបានឈរនៅមុខទ្វារព្រះវិហារបរិសុទ្ធណៅវូនៅឆ្នាំ ១៨៤៦ ដែរ ។ ៨ បុព្វការីជនរបស់ខ្ញុំបាននៅក្នុងចំណោមអ្នកស្មោះត្រង់ទាំងនោះ ។ ពួកគាត់បានបោះបង់ទីក្រុងដ៏ស្រស់ស្អាតរបស់ខ្លួន ហើយធ្វើដំណើរទៅភាគខាងលិច ប៉ុន្ដែពួកគាត់បានដឹងថា មានបទពិសោធន៍ដ៏ពិសិដ្ឋកំពុងរង់ចាំពួកគាត់នៅព្រះវិហារបរិសុទ្ធ ។ សារ៉ា រិច បានសរសេរចេញពីការធ្វើដំណើរដ៏យ៉ាប់យ៉ឺននៅរដ្ឋអាយអូវ៉ាថា « ប្រសិនបើពុំមែនដោយសារសេចក្ដីជំនឿ និងចំណេះដឹងដែលបានប្រទានដល់យើងនៅក្នុងព្រះវិហារបរិសុទ្ធទេ … នោះការធ្វើដំណើររបស់យើងនឹងហាក់បីដូចជាការធ្វើដំណើរមួយដែលលោតផ្លោះដ៏ឆ្ងាយក្នុងទីងងឹតដូច្នោះដែរ » ។ ៩ នោះជាអ្វីដែលយើងខកខាន បើយើងឆ្លងកាត់ជីវិតនេះតែឯង ដោយគ្មានការបំផុសគំនិត និងសេចក្ដីសុខសាន្ដដែលបានសន្យានៅក្នុងព្រះវិហារបរិសុទ្ធទេនោះ ។
សូមចាប់ផ្ដើមដំណើរការនេះឥឡូវដើម្បី « ត្រូវបានផ្ដល់អនុសាសន៍ដល់ព្រះអម្ចាស់ » ដើម្បីព្រះវិញ្ញាណរបស់ទ្រង់នឹងគង់ជាមួយបងប្អូនយ៉ាងបរិបូរណ៍ ហើយបទដ្ឋានរបស់ទ្រង់នឹងនាំបងប្អូនឲ្យ « មានសេចក្ដីសុខសាន្តក្នុងសតិសម្បជញ្ញៈ » ។ ១០
ថ្នាក់ដឹកនាំយុវវ័យ ប្រធានកូរ៉ុមអែលឌើរ ប្រធានសមាគមសង្គ្រោះ និងបងប្អូនប្រុសស្រីដែលផ្ដល់ការងារបម្រើដល់បងប្អូន នឹងជួយបងប្អូនឲ្យរៀបចំខ្លួន ហើយប៊ីស្សព ឬប្រធានសាខាបងប្អូននឹងណែនាំបងប្អូនដោយក្ដីស្រឡាញ់ ។
យើងបានជួបនឹងគ្រាមួយ ដែលព្រះវិហារបរិសុទ្ធបានបិទ ឬកំណត់ការប្រើប្រាស់ ។ សម្រាប់ប្រធានណិលសុន និងពួកយើងដែលបម្រើក្បែរលោក ការសម្រេចចិត្តដ៏បំផុសគំនិតឲ្យបិទព្រះវិហារបរិសុទ្ធគឺជារឿង « ដ៏ឈឺចាប់ » និង « គួរឲ្យព្រួយបារម្ភ » ។ ប្រធានណិលសុនបានសួរខ្លួនលោកថា « តើខ្ញុំនឹងនិយាយអ្វីទៅកាន់ព្យាការី យ៉ូសែប ស្ម៊ីធ ? តើខ្ញុំនឹងនិយាយអ្វីទៅកាន់ព្រិកហាំ យ៉ង់ វិលហ្វួឌ វូឌដ្រុព្វ និងប្រធានទាំងឡាយផ្សេងទៀត រហូតមកដល់ប្រធាន ថូម៉ាស អេស ម៉នសុន ? » ១១
ឥឡូវ យើងមានអំណរដែលបើកព្រះវិហារបរិសុទ្ធឡើងវិញជាបណ្ដើរៗសម្រាប់ការផ្សារភ្ជាប់ និងអំណោយទានពិសិដ្ឋក្នុងកម្រិតកំណត់មួយ ។
ប៉ុន្ដែការមានភាពស័ក្ដិសមដើម្បីចូលព្រះវិហារបរិសុទ្ធពុំបានផ្អាកឡើយ ។ ខ្ញុំសូមបញ្ជាក់ថា មិនថាបងប្អូនបានចូលព្រះវិហារបរិសុទ្ធឬអត់ទេ បងប្អូនត្រូវមានបណ្ណចូលព្រះវិហារបរិសុទ្ធដែលមានសុពលភាពដើម្បីនៅរឹងមាំលើផ្លូវនៃសេចក្ដីសញ្ញា ។
ចុងឆ្នាំមុន ស៊ិស្ទើររ៉ាសបាន និងខ្ញុំមានការចាត់តាំងមួយនៅប្រទេសនូវែលសេឡង់ ហើយបានថ្លែងទៅកាន់ក្រុមយុវមជ្ឈិមវ័យនៅលីវដ៏ធំមួយ ។ ពួកគេមិនអាចទៅព្រះវិហារបរិសុទ្ធដោយស្រួលនោះទេ ព្រះវិហារបរិសុទ្ធនៅហាមីលថិនកំពុងជួសជុល ហើយពួកគេនៅចាំការបើក ការដ្ឋាន សាងសងសម្រាប់ព្រះវិហារបរិសុទ្ធអុកលេននៅឡើយ ។ ប៉ុន្ដែ ខ្ញុំមានអារម្មណ៍បំផុសដើម្បីលើកទឹកចិត្តពួកគេឲ្យបន្ដ ឬទទួលបណ្ណចូលព្រះវិហារបរិសុទ្ធ ។
ទោះជាពួកគេមិនអាចបង្ហាញវានៅព្រះវិហារបរិសុទ្ធក្ដី ក៏ពួកគេអាចបង្ហាញខ្លួនឯងដល់ព្រះអម្ចាស់ថា ពួកគេបរិសុទ្ធ និងត្រៀមខ្លួនដើម្បីបម្រើទ្រង់ដែរ ។ ការមានភាពស័ក្ដិសមដើម្បីកាន់បណ្ណចូលព្រះវិហារបរិសុទ្ធដែលមានសុពលភាព គឺជាការការពារមួយពីសត្រូវ ដោយសារបងប្អូនបានតាំងចិត្តដ៏មុតមាំចំពោះព្រះអម្ចាស់អំពីជីវិតរបស់បងប្អូន និងជាការសន្យាមួយថា ព្រះវិញ្ញាណនឹងគង់ជាមួយបងប្អូន ។
យើងធ្វើកិច្ចការព្រះវិហារបរិសុទ្ធ ពេលយើងស្វែងរកបុព្វការីជនរបស់យើង ហើយដាក់ឈ្មោះពួកលោកដើម្បីធ្វើពិធីបរិសុទ្ធ ។ ខណៈព្រះវិហារបរិសុទ្ធយើងបានបិទ យើងនៅតែអាចបន្តស្រាវជ្រាវរកក្រុមគ្រួសាររបស់យើងបានដដែល ។ ដោយមានព្រះវិញ្ញាណនៃព្រះក្នុងចិត្តយើង នោះយើងឈរជំនួសពួកលោកដើម្បី « ត្រូវបានផ្ដល់អនុសាសន៍ដល់ព្រះអម្ចាស់ » ។
ពេលខ្ញុំបម្រើជានាយកប្រតិបត្តិនៅនាយកដ្ឋានព្រះវិហារបរិសុទ្ធ ខ្ញុំបានឮប្រធាន ហ្គរដុន ប៊ី ហ៊ីងគ្លី យោងទៅបទគម្ពីរនេះ ដែលបានថ្លែងដោយព្រះអម្ចាស់អំពីព្រះវិហារបរិសុទ្ធណៅវូ ៖ « ចូរឲ្យកិច្ចការនៃព្រះវិហាររបស់យើង និងកិច្ចការទាំងអស់ដែលយើងបានចាត់ដល់អ្នក មានតទៅ ហើយកុំឈប់ឈរឡើយ ហើយចូរឲ្យសេចក្ដីព្យាយាមរបស់អ្នក និងសេចក្ដីខ្ជាប់ខ្ជួន និងសេចក្ដីអត់ធន់របស់អ្នក និងកិច្ចការរបស់អ្នកកើនទៅជាពីរ ហើយអ្នកក៏នឹងពុំត្រូវបាត់បង់រង្វាន់របស់ខ្លួនដែរ ព្រះអម្ចាស់នៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថាដូច្នោះ » ។ ១២
កិច្ចការរបស់យើងនៅក្នុងព្រះវិហារបរិសុទ្ធចងភ្ជាប់ទៅនឹងរង្វាន់ដ៏អស់កល្បរបស់យើង ។ ថ្មីៗនេះ យើងត្រូវបានដាក់ឲ្យសាកល្បង ។ ព្រះអម្ចាស់បានហៅយើងឲ្យធ្វើការក្នុងព្រះវិហារបរិសុទ្ធដោយ « សេចក្តីព្យាយាម … សេចក្តីខ្ជាប់ខ្ជួន និងសេចក្តីអត់ធន់ » ។ ១៣ ការ « ត្រូវបានផ្ដល់អនុសាសន៍ដល់ព្រះអម្ចាស់ » តម្រូវឲ្យមានគុណសម្បត្តិទាំងនោះ ទ្ធ ហើយអត់ធន់ពេលយើងរង់ចាំរហូតដល់ព្រះវិហារបរិសុទ្ធបើកជាថ្មីយ៉ាងពេញលេញ ។
ពេលព្រះអម្ចាស់អំពាវនាវឲ្យយើងបង្កើនការខិតខំរបស់យើង « ជាពីរ » នោះទ្រង់សុំឲ្យយើងបង្កើនភាពសុចរិតយើង ។ ឧទាហរណ៍ យើងអាចពង្រីកការសិក្សាព្រះគម្ពីរ ការស្រាវជ្រាវពង្សប្រវត្តិ និងការអធិស្ឋានដោយសេចក្ដីជំនឿរបស់យើង ថាយើងអាចចែកចាយក្ដីស្រឡាញ់ដែលយើងមានចំពោះដំណាក់របស់ព្រះអម្ចាស់ ជាមួយអស់អ្នកដែលរៀបចំខ្លួនទទួលបណ្ណចូលព្រះវិហារបរិសុទ្ធ ជាពិសេសសមាជិកគ្រួសារយើង ។
ក្នុងនាមជាសាវករបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ខ្ញុំសន្យានឹងបងប្អូនថា កាលបងប្អូនខិតខំបង្កើនសេចក្តីសុចរិតជាពីរ នោះបងប្អូននឹងមានអារម្មណ៍រំឭកថ្មីក្នុងការលះបង់របស់បងប្អូនចំពោះព្រះ ជាព្រះវរបិតា និងព្រះយេស៊ូវគ្រីស្ទ បងប្អូននឹងមានអារម្មណ៍បរិបូរណ៍ពីការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ បងប្អូននឹងមានអំណរចំពោះសេចក្ដីសញ្ញាដ៏ពិសិដ្ឋរបស់ខ្លួន ហើយបងប្អូននឹងមានអារម្មណ៍សុខសាន្ដដោយដឹងថាបងប្អូន « ត្រូវបានផ្ដល់អនុសាសន៍ដល់ព្រះអម្ចាស់ » ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕