សន្និសីទទូទៅ
ការរកឃើញ​សេចក្តី​អំណរ​នៅក្នុង​ព្រះគ្រីស្ទ
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០២០


9:56

ការរកឃើញ​សេចក្តី​អំណរ​នៅក្នុង​ព្រះគ្រីស្ទ

របៀប​ដ៏​ប្រាកដ​ប្រជា​បំផុត​ដើម្បី​រកឃើញ​សេចក្ដី​អំណរ​នៅ ក្នុង ជីវិត គឺ​ត្រូវ​ចូលរួម​នឹង​ព្រះគ្រីស្ទ​ជួយ​មនុស្ស​ដទៃ ។

ព្រះអម្ចាស់ពុំ​សុំ​ឲ្យ​យុវវ័យ​បព្វជិតភាព​អើរ៉ុន​របស់​យើង​ធ្វើអ្វីៗ​គ្រប់យ៉ាង​នោះទេ ប៉ុន្តែ​អ្វី​ដែល​ទ្រង់​សុំ​នោះ​គឺការ​បំផុសគំនិត​ដ៏​អស្ចារ្យ ។

ពីរ​បី​ឆ្នាំ​កន្លង​ទៅ គ្រួសារ​ដ៏​តូច​យើង​បាន​ជួប​នឹង​អ្វី​ដែល​គ្រួសារ​ជាច្រើន​ប្រឈម នៅ​ក្នុង​ពិភពលោក​ដែល​ធ្លាក់​នេះ ។ កូនប្រុស​ពៅ​របស់​យើង ថេននើរ គ្រីស្ទាន លុន បាន​មាន​ជំងឺ​មហារីក ។ គាត់​ជា​មនុស្ស​ដ៏​អស្ចារ្យ​ម្នាក់ ដូច​ក្មេង​អាយុ​ប្រាំបួន​ឆ្នាំ​ទូទៅ ។ គាត់​រពឹស​ខ្លាំង ហើយ​ក្នុង​ពេល​ដំណាល​គ្នា​នោះ បាន​ដឹង​ខាង​វិញ្ញាណ​ជា​មុន​យ៉ាង​អស្ចារ្យ ។ ជា​កូន​អារក្ស​និង​ជា​កូន​ទេវតា ខូច​ហើយ​គួរ​ឲ្យ​ស្រឡាញ់ ។ ពេល​គាត់​នៅ​តូច បានធ្វើ​ឲ្យ​យើង​ហត់​ខ្លាំង​ដោយសារ​ភាព​រពឹស​របស់​គាត់​រាល់ថ្ងៃ នោះ​យើង​ឆ្ងល់​ថា តើ​គាត់​ធំ​ឡើង​ធ្វើ​ជា​ព្យាការី ឬ​ជា​ចោរ​ប្លន់​ធនាគារ ។ មិន​ថា​យ៉ាងណា​ទេ វា​ហាក់ដូច​ជា​ថា​គាត់​នឹង​បន្សល់​ទុក​ចំណាំ​នៅ​ក្នុង​លោកិយ​នេះ ។

ហើយ​​បន្ទាប់​មក គាត់​ធ្លាក់​ខ្លួន​ឈឺ​យ៉ាង​ធ្ងន់ ។ បី​ឆ្នាំ​បន្ទាប់​មាន​នូវ វិធី​ព្យាបាល​ដ៏​ខ្លាំង និង​ពេទ្យ​ដ៏​ប៉ិនប្រសប់​បាន​ព្យាយាម​សង្គ្រោះ​ជីវិត​គាត់ រួមមាន​ការប្ដូរ​ខួរឆ្អឹង​ខ្នង​ពីរ​ដង ហើយ​ពេល​នោះ​គាត់​បាន​ឆ្លង​ជំងឺ​សួត ដែល​តម្រូវ​ឲ្យ​គាត់​សន្លប់​ដក​ដង្ហើម​ដោយសារ​បំពង់​ខ្យល់​ចំនួន ១០ សប្ដាហ៍ ។ ជា​អព្ភូតហេតុ គាត់​បាន​ជា​សះស្បើយ​ក្នុង​ពេល​ដ៏​ខ្លី ប៉ុន្តែ​បន្ទាប់មក​ជំងឺ​មហារីក​របស់​គាត់​បាន​ត្រឡប់មកវិញ ។

មុនពេល​គាត់​ស្លាប់ ជំងឺ​របស់​គាត់​បាន​វាយលុក​ឆ្អឹង​គាត់ ហើយ​ទោះជា​មាន​ថ្នាំ​បំបាត់​ការឈឺចាប់​ខ្លាំងៗ​ក្ដី ក៏​គាត់​នៅតែ​ឈឺចាប់​ដដែល ។ គាត់​សឹងតែ​មិន​អាច​ក្រោក​ចេញពី​គ្រែ​បាន​ឡើយ ។ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​មួយ ភរិយា​របស់ខ្ញុំ ខាលីន បាន​មក​មើល​គាត់​នៅបន្ទប់ មុនពេល​យើង​ទៅ​ព្រះវិហារ ។ នាង​ភ្ញាក់ផ្អើល​ពេល​ឃើញ​គាត់​បាន​ស្លៀកពាក់​ជាស្រេច ហើយ​អង្គុយ​នៅ​គែម​គ្រែ កំពុង​ព្យាយាម​បិទ​ឡេវ​អាវ​ទាំង​ឈឺចាប់ ។ ខេលីន បាន​អង្គុយ​ក្បែរ​គាត់ ។ នាង​បាន​និយាយ​ថា « ថេននើរ តើ​កូន​ប្រាកដ​ថា កូន​មាន​កម្លាំង​ទៅ​ព្រះវិហារ​មែន​ឬ ? កូន​គួរតែ​នៅ​ផ្ទះ ហើយ​សម្រាកថ្ងៃ​នេះ » ។

គាត់​សំឡឹង​ទៅ​ឥដ្ឋ ។ គាត់​គឺជា​ឌីកុន​ម្នាក់ ។ គាត់​មាន​កូរ៉ុម​មួយ ។ ហើយ​គាត់​មាន​ការចាត់តាំង​មួយ ។

« ខ្ញុំ​ត្រូវ​ចែក​សាក្រាម៉ង់​ថ្ងៃនេះ » ។

« ម៉ាក់​ដឹង​ថា​មាន​អ្នក​ធ្វើ​ជំនួស​កូន​បាន » ។

រួចហើយ គាត់ បាន​និយាយ​ថា ៖ « បាទ ប៉ុន្ដែ … កូន​មើលឃើញ​ពី​របៀប​ដែល​សមាជិក​មើល​មក​កូន ពេល​កូន​ចែក​សាក្រាម៉ង់ ។ កូន​គិត​ថា វា​ជួយ​ពួកគេ » ។

ដូច្នេះ​ខាលីន បាន​ជួយ​គាត់​បិទ​ឡេវ​អាវ ហើយ​ចង​ក្រវ៉ាត់-ក​ឲ្យ​គាត់ ហើយ​ពួកគាត់​ចេញ​ទៅ​ព្រះវិហារ ។ ច្បាស់ណាស់ មាន​អ្វីមួយ​ដ៏​សំខាន់​កំពុង​កើតឡើង ។

ខ្ញុំ​បាន​មក​ដល់​ព្រះវិហារ​បន្ទាប់​ពី​ការប្រជុំ​មួយ​នា​ពេល​ព្រឹក​នោះ ដូច្នេះ​ខ្ញុំ​ភ្ញាក់ផ្អើល​ពេល​ឃើញ​ថេននើរ​អង្គុយ​នៅ​ជួរ​ឌីកុន ។ ខេលីន​បាន​ខ្សឹប​ប្រាប់​ខ្ញុំ​ពី​មូលហេតុ​ដែល​គាត់​នៅ​ទីនោះ និង​អ្វី​ដែល​គាត់​បាន​និយាយ ៖ « វា​ជួយ​សមាជិក » ។

ដូច្នេះ​ខ្ញុំ​តាម​មើល កាល​ឌីកុន​បាន​ឈាន​ទៅ​តុ​សាក្រាម៉ង់ ។ គាត់​ផ្អែក​ខ្លួន​ថ្នមៗ​ទៅ​ឌីកុន​ម្នាក់​ទៀត ពេល​សង្ឃ​ហុច​ថាស​នំប៉័ង​ឲ្យ​ពួកគេ ។ ហើយ​បន្ទាប់​មក​ថេននើរ​បាន​ប្ដូរ​កន្លែង​ត្រូវ​ចែក​របស់​គាត់ ហើយ​បាន​ចាប់​គែម​កៅអី​ដើម្បី​ឈរ​ខ្លួន​ឲ្យ​នឹង ពេល​គាត់​ចែក​សាក្រាម៉ង់ ។

វា​ហាក់​ថា គ្រប់​ភ្នែក​ក្នុង​សាលជំនុំ​មើល​ទៅ​គាត់ រំជួល​ចិត្ត​ដោយ​ការពុះពារ​របស់​គាត់ ពេល​គាត់​ធ្វើ​ចំណែក​ដ៏​សាមញ្ញ​របស់​គាត់ ។ ប៉ុន្ដែ​ថេននើរ​បាន​ប្រាប់ពី​ទេសនកថា​ដ៏​ស្ងាត់ស្ងៀម​មួយ កាល​គាត់​ដើរ​ពី​ជួរ​មួយ​ទៅ​ជួរ​មួយ​ដោយ​ម៉ត់ចត់ និង​រអាក់​រអួល—ក្បាល​ឥតសក់​របស់​គាត់​ជោគ​ដោយ​ញើស—​ដែល​តំណាង​ឲ្យ​ព្រះអង្គ​សង្គ្រោះ​តាម​របៀប​ដែល​ឌីកុន​ធ្វើ​នោះ ។ រាងកាយ​ឌីកុន​ដែល​ធ្លាប់តែ​រពិស​បាន​រង​របួស ខូច និង​បាក់ តែ​ស្ម័គ្រចិត្ត​បម្រើ​ពួកគេ​ទាំង​ឈឺចាប់ ដោយ​ការកាន់​តំណាង​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​ទៅក្នុង​ជីវិត​របស់​យើង ។

ការឃើញ​របៀប​ដែល​គាត់​គិត​អំពី​ការធ្វើ​ជា​ឌីកុន ធ្វើឲ្យ​យើង​គិត​ខុសពី​មុន​ផងដែរ​—អំពី​សាក្រាម៉ង់ អំពី​ព្រះអង្គ​សង្គ្រោះ និង​អំពី​ឌីកុន និង​គ្រូ និង​សង្ឃ​ទាំងឡាយ ។

ខ្ញុំ​ស្ងើច​នឹង​អព្ភូតហេតុ​ដ៏​អស្ចារ្យ​នោះ ដែល​បាន​ជម្រុញ​ឲ្យ​គាត់នៅ​ព្រឹក​នោះ​ឲ្យ​ឆ្លើយតប​យ៉ាង​ក្លាហាន​​ចំពោះ​ការហៅ​ដ៏​តូច​រហៀង​ឲ្យ​បម្រើ និង​កម្លាំង ព្រមទាំង​សមត្ថភាព​នៃ​យុវវ័យ​ដែល​កំពុង​លូតលាស់​ទាំងអស់​របស់​យើង កាល​ពួកគេ​ទាញ​ខ្លួនគេ​ឲ្យ​ឆ្លើយតប​នឹង​ការហៅ​របស់​ព្យាការី ដើម្បី​ចូល​ជា​កងទ័ព​របស់​ព្រះ ហើយ​ចូលរួម​ក្នុង​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ និង​ការលើក​តម្កើង ។

រាល់​ពេល​ដែល​ឌីកុន​កាន់​ថាស​សាក្រាម៉ង់ នោះ​យើង​នឹកចាំ​ដល់​ដំណើររឿង​ដ៏​ពិសិដ្ឋ​នៃ​អាហារ​ពេល​ល្ងាច​ចុងក្រោយ សួនច្បារ​គែតសេម៉ានី កាល់វ៉ារី និង​ផ្នូរ​សព ។ ពេល​ព្រះអង្គ​សង្គ្រោះ​មាន​បន្ទូល​ទៅ​សាវក​របស់​ទ្រង់​ថា « ចូរ​ធ្វើ​បុណ្យ​នេះ ដើម្បី​រំឭក​ពី​ខ្ញុំ​ចុះ » នោះ​ទ្រង់​ក៏​មាន​បន្ទូល​កាត់​រាប់​ជំនាន់​មកកាន់​យើង​ម្នាក់ៗ​ផងដែរ ។ ទ្រង់​មាន​បន្ទូល​អំពី​អព្ភូតហេតុ មិន​ចេះ​ចប់​ដែល​ទ្រង់​នឹង​ប្រទាន ពេល​ឌីកុន គ្រូ និង​សង្ឃ​នា​ពេល​អនាគត​ហុច​នំប៉័ង និង​ទឹក​របស់​ទ្រង់ ហើយ​អញ្ជើញ​បុត្រា​បុត្រី​ទ្រង់​ឲ្យ​ទទួល​យក​អំណោយទាន​ដ៏​ធួន​របស់​ទ្រង់ ។

និមិត្តរូប​សាក្រាម៉ង់​ទាំងអស់​ចង្អុល​យើង​ទៅរក​អំណោយ​នោះ ។ យើង​គិត​ដល់​នំប៉័ង​ដែល​ទ្រង់​ធ្លាប់​បាន​កាច់—​និង​នំប៉័ង​ដែល​សង្ឃ​កំពុង​កាច់​នៅ​ចំពោះ​មុខ​យើង​នាពេល​នេះ ។ យើង​គិត​ដល់​អត្ថន័យ​នៃ​ទឹក​ដែល​បាន​ញែកចេញ​នា​ពេលនោះ និង​ពេលនេះ ដូច​ការអធិស្ឋាន​សាក្រាម៉ង់​ទាំងនោះ​ចេញ​ពី​មាត់​សង្ឃ​វ័យ​ក្មេង​យ៉ាង​មុតមាំ ទៅកាន់​ដួងចិត្ត​របស់​យើង និង​ស្ថានសួគ៌ ហើយ​រំឭក​ដល់​សេចក្ដី​សញ្ញា​ដែល​ភ្ជាប់​យើង​ទៅនឹង​ព្រះចេស្ដា​ដ៏​ខ្លាំង​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះគ្រីស្ទ ។ យើង​អាច​គិត​អំពី​អត្ថន័យ​វា ពេល​ដែល​ឌីកុន​ហុច​នំប៉័ង និង​ទឹក​ដ៏​ពិសិដ្ឋ​ឲ្យ​យើង ឈរ​នៅ​កន្លែង​ដែល​ព្រះយេស៊ូវ​នឹង​ឈរ បើ​ទ្រង់​គង់​នៅ​ទីនោះ ហើយ​ចង់​សម្រាល​បន្ទុក និង​ការឈឺចាប់​យើង ។

សំណាងល្អ យុវជន និង​យុវនារី​មិន​ចាំបាច់​ឈឺ​ដើម្បី​រកឃើញ​អំណរ និង​គោលបំណង​ក្នុង​ការបម្រើ​ព្រះអង្គ​សង្គ្រោះ​ឡើយ ។

អែលឌើរ ដេវីឌ អេ បែដណា បាន​បង្រៀន​ថា ដើម្បី​រីកចម្រើន និង​ក្លាយ ដូច​ជា អ្នក​ផ្សព្វផ្សាយ​សាសនា យើង​គួរតែ​ធ្វើ​អ្វី​ដែល​ផ្សព្វផ្សាយ​សាសនា ធ្វើ រួចហើយ « មួយ​បន្ទាត់​ម្ដងៗ ហើយ​មួយ​សិក្ខាបទ​ម្ដងៗ … [ យើង ] អាច​ក្លាយជា​អ្នកផ្សព្វផ្សាយ​សាសនា​ម្ដង​បន្ដិចៗ … តាម​ដែល​ព្រះអង្គ​សង្គ្រោះ​រំពឹង​នោះ » ។

ដូចគ្នា​ដែរ បើ​យើង​ចង់ « ក្លាយ​ដូច​ព្រះយេស៊ូវ » យើង​គួរតែ​ធ្វើ​អ្វី​ដែល​ព្រះយេស៊ូវ​ធ្វើ ហើយ​ក្នុង​ឃ្លា​ដ៏​អស្ចារ្យ​មួយ ព្រះអម្ចាស់​ពន្យល់​ពី​អ្វី​ដែល​ទ្រង់​ធ្វើ ៖ « ដ្បិត​មើលចុះ នេះ​ហើយ​ជា​កិច្ចការ​របស់​យើង និង​សិរីល្អ​របស់​យើង—គឺ​ដើម្បី​នំា​ឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​មនុស្ស » ។

បេសកកម្ម​របស់​ព្រះអង្គ​សង្គ្រោះ​គឺ​ដើម្បី​បម្រើ​ព្រះវរបិតា​ទ្រង់​ជានិច្ច និង​ជារៀង​រហូត​មក តាមរយៈ​ការសង្គ្រោះ​បុត្រា​បុត្រី​របស់​ទ្រង់ ។

របៀប​ដ៏​ប្រាកដ​ប្រជា​បំផុត​ដើម្បី​រកឃើញ​សេចក្ដី​អំណរ​នៅ​ក្នុង​ជីវិត គឺ​ត្រូវ​ចូលរួម​នឹង​ព្រះគ្រីស្ទ​ជួយ​មនុស្ស​ដទៃ ។

នេះ​ជា​សេចក្ដីពិត​សាមញ្ញ ដែល​បំផុស​ឲ្យ​មាន​កម្មវិធី​កុមារ និង​យុវវ័យ ។

សកម្មភាព និង​ការបង្រៀន​ក្នុង​កម្មវិធី​កុមារ និង​យុវវ័យ​ទាំងអស់​គឺ​អំពី​ការជួយ​យុវវ័យ​ឲ្យ​ក្លាយ​កាន់តែ​ដូចជា​ព្រះយេស៊ូវ ដោយ​ចូលរួម​ជាមួយ​ទ្រង់​នៅក្នុង​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ និង​ការ​តម្កើង​ឡើង ។

កម្មវិធី​កុមារ និង​យុវវ័យ​គឺជា​ឧបករណ៍​មួយ​ដើម្បី​ជួយ​កុមារ​គ្រប់រូប​ក្នុង​អង្គការ​បឋមសិក្សា និង​យុវវ័យ​ឲ្យ​ធំឡើង​ក្នុង​ភាពជាសិស្ស ហើយ​ទទួលបាន​ការយល់ដឹង​ដែល​ពេញ​ដោយ​ក្ដី​ជំនឿ​មួយ​ថា តើ​ផ្លូវ​នៃ​សុភមង្គល​មាន​លក្ខណៈ​យ៉ាងណា ។ ពួកគេ​អាច​មក​ចូលរួម និង​ចង់​បាន​ចំណុច​ចេះដឹង និង​ការទទួល​ស្គាល់​នៅតាម​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ជា​ទី​ដែល​ពួកគេ​បាន​ទទួល​បុណ្យជ្រមុជទឹក និង​ពិធីបញ្ជាក់​អំណោយទាន​ព្រះវិញ្ញាណបរិសុទ្ធ ហើយក្នុង​ពេល​ឆាប់ៗ​នឹង​ចូលរួម​ក្នុង​ថ្នាក់​កូរ៉ុម និង​យុវនារី ជាទី​ដែល​ពួកគេ​នឹង​មាន​អំណរ​ក្នុង​ការជួយ​មនុស្ស​ដទៃ តាមរយៈ​ទង្វើ​នៃ​ការបម្រើ​ដូចជា​ព្រះគ្រីស្ទ ។ ពួកគេ​នឹង​ដាក់​គោលដៅ មិន​ថា​ធំ​ឬ​តូច ដែល​នឹង​ផ្ដល់​តុល្យភាព​ដល់​ជីវិត​របស់​ពួកគេ ហើយ​ជួយ​ពួកគេ​ឲ្យ​ក្លាយ​កាន់តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ ។ សន្និសីទ និង​ទស្សនាវដ្ដី​ដើម្បី​កម្លាំង​នៃ​យុវជន ប្រិយមិត្ត ព្រមទាំង​កម្មវិធី​ការរស់នៅ​តាម​ដំណឹងល្អ នឹង​ជួយ​ពួកគេ​ឲ្យ​ផ្ដោតលើ​ការរកឃើញ​អំណរ​នៅក្នុង​ព្រះគ្រីស្ទ ។ ពួកគេ​នឹង​រីករាយ​នឹង​ពរជ័យ​ក្នុង​ការកាន់​បណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដែល​មាន​កំណត់​ការប្រើប្រាស់ ហើយ​ទទួល​វិញ្ញាណ​នៃ​អេលីយ៉ា​តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ កាល​ពួកគេ​ដេញ​តាម​ពរជ័យ​នៃ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ ។ ពួកគេ​នឹង​ត្រូវបាន​ដឹកនាំ​ដោយ​ពរជ័យ​លោក​អយ្យកោ ។ ពួកគេ​នឹង​ឃើញ​ដោយ​ខ្លួនឯង​ពេល​ចូល​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​ទទួល​អំណោយ​ទាន​ពិសិដ្ឋ​ដោយ​អំណាច ហើយ​រកឃើញ​អំណរ​នៅ​ទីនោះ កាល​ពួកគេ​ភ្ជាប់​ជាមួយ​គ្រួសារ​របស់​ពួកគេ​ក្នុង​ពេល​ដ៏​អស់កល្ប ទោះ​មាន​អ្វី​កើតឡើង​ក្ដី ។

ដោយ​ចាប់ផ្ដើម​ក្នុង​ពេល​ជំងឺ​រាតត្បាត​ទូទាំង​សកល និង​ចលាចល​នេះ ការនាំ​សេចក្ដី​សន្យា​ដ៏​ពេញលេញ​ពី​កម្មវិធី​កុមារ និង​យុវវ័យ​ថ្មី​នេះ នៅតែ​ជា​កិច្ចការ​កំពុង​បន្ដ—ហើយ​វា​មាន​ភាពបន្ទាន់ ។ យុវវ័យ​របស់​យើង​មិន​អាច​រង់ចាំ​ឲ្យ​ពិភពលោក​នេះ​កែតម្រូវ​ខ្លួនវា ពីមុន​ពួកគេ​មក​ស្គាល់​ព្រះអង្គ​សង្គ្រោះ​ឡើយ ។ យុវវ័យ​មួយ​ចំនួន​កំពុង​ធ្វើការ​សម្រេច​ចិត្ត​នា​ពេល​នេះ ដែល​ពួកគេ​នឹង​មិន​ធ្វើ​ទេ បើ​ពួកគេ​បាន​ស្គាល់​ពី​អត្តសញ្ញាណ​ពិត​របស់​ខ្លួន—​និង​របស់​ទ្រង់​នោះ ។

ដូច្នេះ​ហើយ ការអំពាវនាវ​យ៉ាង​បន្ទាន់​មកពី​កងពល​របស់​ព្រះ​នៅក្នុង​ការហ្វឹកហ្វឺន​ស្លាប់រស់​នេះ​គឺ « ត្រូវការ​គ្រប់គ្នា​ដើម្បី​សម្រេច​កិច្ចការ​នេះ » ។

អ្នកម្ដាយ និង​លោក​ឪពុក កូនប្រុស​របស់​បងប្អូន​ត្រូវការ​ឲ្យ​បងប្អូន​គាំទ្រ​ពួកគេ​នា​ពេលនេះ​យ៉ាង​ខ្លាំង ដូច​ពេល​បងប្អូន​បាន​គាំទ្រ​ពួកគេ​កាលពី​មុន​ក្នុង​រឿង​មិន​សូវ​សំខាន់​ដែរ ។ មាតា និង​បិតា ថ្នាក់ដឹកនាំ​បព្វជិតភាព និង​ក្រុម​យុវនារី ប្រសិនបើ​យុវវ័យ​របស់​បងប្អូន​កំពុង​ជួប​ភាព​ស្មុគ​ស្មាញ នោះ​កម្មវិធី​កុមារ និង​យុវវ័យ​នឹង​ជួយនាំ​ពួកគេ​ទៅរក​ព្រះអង្គ​សង្គ្រោះ ហើយ​ព្រះអង្គ​សង្គ្រោះ​នឹង​នាំ​សេចក្ដី​សុខសាន្ដ​ដល់​ពួកគេ ។​

គណៈប្រធាន​កូរ៉ុម និង​ថ្នាក់​ទាំងឡាយ សូម​ទទួល​ខុសត្រូវ និង​កាន់កាប់​តំណែង​របស់​បងប្អូន​នៅក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ ។

ប៊ីស្សព​ទាំងឡាយ សូម​ភ្ជាប់​កូនសោ​របស់​បងប្អូន​ទៅនឹង​​កូនសោ​ទាំងឡាយ​របស់ប្រធាន​កូរ៉ុម ហើយ​កូរ៉ុម​របស់​បងប្អូន—និង​វួដ​របស់​បងប្អូន—​នឹង​ផ្លាស់ប្ដូរ​ជារៀង​រហូត ។

ហើយ​បងប្អូន​ក្នុង​ជំនាន់​កំពុង​ពេញវ័យ​អើយ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ក្នុង​នាម​ជា​អ្នក​ដឹង​ម្នាក់​ថា បងប្អូន​គឺ​ជា​បុត្រា​បុត្រី​សំណព្វ​របស់​ព្រះ ហើយ​ទ្រង់​មាន​កិច្ចការ​មួយ​ឲ្យ​បងប្អូន​ធ្វើ ។

កាល​បងប្អូន​បំពេញ​តាម​ការហៅ​ដ៏​សំខាន់​នេះ​ឲ្យ​អស់​ពី​ចិត្ត ពលំ គំនិត និង​កម្លាំង​របស់​ខ្លួន នោះ​បងប្អូន​នឹង​ស្រឡាញ់​ព្រះ ហើយ​រក្សា​សេចក្តី​សញ្ញា​របស់​បងប្អូន ព្រមទាំង​ទុកចិត្ត​លើ​បព្វជិតភាព​របស់​ទ្រង់ កាល​បងប្អូន​ធ្វើការ​ដើម្បី​ផ្ដល់​ពរ​ដល់​មនុស្ស​ដទៃ ដោយ​ចាប់ផ្តើម​ពី​ក្នុង​គេហដ្ឋាន​របស់​ខ្លួន​ផ្ទាល់ ។

ខ្ញុំ​អធិស្ឋាន​ថា បងប្អូន​នឹង​ខិតខំ ដោយ​កម្លាំង​ទ្វេ​ដង ស័ក្ដិសម​នឹង​ពេលវេលា​នេះ​ដើម្បី​បម្រើ អនុវត្ត​សេចក្តី​ជំនឿ ប្រែចិត្ត ហើយ​កែលម្អ​ជារៀង​រាល់ថ្ងៃ​ដើម្បី​ស័ក្ដិសម​នឹង​ទទួល​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ និង​អំណរ​ដ៏​ឋិតថេរ ដែល​កើតមាន​តែ​តាមរយៈ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ប៉ុណ្ណោះ ។ ខ្ញុំ​អធិស្ឋាន​ថា បងប្អូន​នឹង​រៀបចំ​ខ្លួន​ដើម្បី​ក្លាយជា​អ្នកផ្សព្វផ្សាយ​សាសនា​ដ៏​ឧស្សាហ៍​ព្យាយាម ជា​ស្វាមី ឬ​ភរិយា​ដ៏​ស្មោះត្រង់ ជា​ឪពុក ឬ​ម្ដាយ​ដែល​ពេញ​ដោយ​ក្ដី​ស្រឡាញ់ ដែល​បងប្អូន​បាន​សន្យា​ថា បងប្អូន​អាច​ធ្វើបាន​នៅ​ទីបំផុត តាមរយៈ​ការធ្វើ​ជា​សិស្ស​ដ៏ពិត​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

សូម​បងប្អូន​ជួយ​រៀបចំ​ពិភពលោក​នេះ​សម្រាប់​ការយាង​ត្រឡប់មក​វិញ​របស់​ព្រះអង្គ​សង្រ្គោះ តាមរយៈ​ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​មករក​ព្រះគ្រីស្ទ និង​ទទួល​ពរជ័យ​ទាំងឡាយ​នៃ​ដង្វាយធួន​របស់​ទ្រង់ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. លូកា ២២:១៩ ។

  2. ដេវីឌ អេ បែដណា « Becoming a Missionary » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ៤៦ ។

  3. « ខ្ញុំ​ព្យាយាម​ក្លាយ​ដូច​ព្រះយេស៊ូវ ខ្ញុំ​ដើរ​តាម​គំរូ​នៃ​ទ្រង់ ។ ខ្ញុំ​ព្យាយាម​មាន​សេចក្ដី​ស្រឡាញ់​ដូច​ទ្រង់​គ្រប់​ទង្វើ​វាចា » ( « ខ្ញុំ​ព្យាយាម​ក្លាយ​ដូច​ព្រះយេស៊ូវ » សៀវភៅ​ចម្រៀង​កុមារទំព័រ ៤០ ) ។

  4. ម៉ូសេ ១:៣៩ ។

  5. ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដោយ​ផ្ទាល់​ចំពោះ​ឪពុក​ម្តាយ​និង​ថ្នាក់​ដឹកនាំ​ដែល​បាន​លះបង់​ពេញ​មួយ​ប្រវត្តិសាស្រ្ត​របស់​យើង​ដែល​បាន​ជួយ​ដល់​មនុស្ស​វ័យក្មេង​យ៉ាង​ខ្លាំង​ក្នុង​បទពិសោធន៍​នៃ​ការលូតលាស់ ។ ខ្ញុំ​ទទួល​ស្គាល់​ថា​កម្មវិធី​​ថ្មី​សម្រាប់​កុមារ​និង​យុវវ័យ​មាន​នូវ​កិច្ចខិតខំជា​​ច្រើន​ចំពោះ​សកម្មភាព​នីមួយៗ​និង​សមិទ្ធិផល​ដែល​មាន​នៅ​ខាង​មុខ ។