បងប្អូនស្រ្តីក្នុងស៊ីយ៉ូន
បងប្អូននឹងធ្វើជាកម្លាំងដ៏សំខាន់ក្នុងការប្រមូលផ្តុំអ៊ីស្រាអែល និងក្នុងការបង្កើតប្រជាជនស៊ីយ៉ូន ។
បងប្អូនស្រ្តីជាទីស្រឡាញ់ ខ្ញុំមានពរជ័យដ៏ធំដោយបានថ្លែងក្នុងអំឡុងពេលដ៏អស្ចារ្យនៅក្នុងប្រវត្តិពិភពលោកនេះ ។ រៀងរាល់ថ្ងៃ យើងកំពុងតែឈានជើងកាន់តែជិតគ្រាដ៏រុងរឿង នៅពេលដែលព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ នឹងយាងមកលើផែនដីម្តងទៀតហើយ ។ យើងដឹងខ្លះៗអំពីព្រឹត្តិការណ៍គួរឱ្យភ័យខ្លាច ដែលនឹងកើតឡើងមុនការយាងមករបស់ទ្រង់ ប៉ុន្តែដួងចិត្តយើងពោរពេញទៅដោយអំណរនិងទំនុកចិត្ត កាលដឹងអំពីសេចក្តីសន្យាដ៏រុងរឿង ដែលនឹងត្រូវបានបំពេញ មុននឹងការយាងមកវិញរបស់ទ្រង់ផងដែរ ។
ក្នុងនាមជាបុត្រីជាទីស្រឡាញ់របស់ព្រះវរបិតាសួគ៌ និងក្នុងនាមជាបុត្រីរបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទក្នុងនគររបស់ទ្រង់១ បងប្អូននឹងដើរតួយ៉ាងសំខាន់ក្នុងពេលដ៏ធំអនេកនាអនាគត ។ យើងដឹងថាព្រះអង្គសង្គ្រោះនឹងយាងមកជួបប្រជាជនដែលបានប្រមូលផ្តុំគ្នា ហើយបានរៀបចំខ្លួន ដើម្បីរស់នៅដូចជាប្រជាជនបានធ្វើក្នុងក្រុងហេណុក ។ ប្រជាជន រស់នៅ ក្នុងក្រុងនោះបានរួមចិត្តគំនិតតែមួយក្នុងសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ហើយបានក្លាយទៅជាប្រជាជនល្អឥតខ្ចោះយ៉ាងពេញលេញ ដែលព្រះអម្ចាស់បានយកពួកគេឡើងទៅស្ថានសួគ៌ ។
នេះគឺជាការពិពណ៌នាដែលព្រះអម្ចាស់បានបង្ហាញពីអ្វីដែលនឹងកើតឡើងដល់ប្រជាជនរបស់ហេណុក និងអ្វីដែលនឹងកើតឡើងនៅក្នុង គ្រា កាន់កាប់ត្រួតត្រានៃដំណឹងល្អសម្រាប់ពេលចុងក្រោយបង្អស់ ។
« ហើយថ្ងៃនោះនឹងមកដល់ កាលផែនដីនឹងបានសម្រាក ប៉ុន្តែមុនថ្ងៃនោះមកដល់ នោះផ្ទៃមេឃនឹងទៅជាងងឹត ហើយវាំងនននៃសេចក្ដីងងឹតនឹងគ្របដណ្ដប់លើផែនដី ហើយផ្ទៃមេឃនឹងញាប់ញ័រ ហើយព្រមទាំងផែនដីផងដែរ ហើយនឹងមានសេចក្ដីវេទនាដ៏ធំនៅក្នុងចំណោមកូនចៅមនុស្ស ប៉ុន្តែរីឯរាស្ត្រយើងវិញ នោះយើងនឹងរក្សាទុក
« ហើយរីឯសេចក្ដីសុចរិត នោះយើងនឹងចាត់ឲ្យចុះមកពីស្ថានសួគ៌ ហើយឯសេចក្ដីពិត នោះយើងនឹងចាត់ឲ្យចេញពីផែនដីដើម្បីទៅធ្វើបន្ទាល់ពីព្រះរាជបុត្រាបង្កើតតែមួយរបស់យើង ពីដំណើរដែលទ្រង់រស់ពីស្លាប់ឡើងវិញ មែនហើយ គឺពីដំណើររស់ឡើងវិញនៃមនុស្សលោកទាំងអស់ ហើយសេចក្ដីសុចរិត និងសេចក្ដីពិត នោះយើងនឹងបណ្ដាលឲ្យបោសផែនដី ដូចជាទឹកជំនន់ ដើម្បីប្រមូលពួកអ្នកជម្រើសរបស់យើងពីទិសទាំងបួននៃផែនដី ឲ្យមកឯកន្លែងដែលយើងនឹងរៀបចំទុក គឺជាទីក្រុងបរិសុទ្ធ ប្រយោជន៍ឲ្យរាស្ត្រយើង អាចក្រវាត់ចង្កេះគេ ហើយរង់ចាំពេលនៃ ការយាងមករបស់យើង ត្បិត ទីក្រុងនោះនឹងទៅជារោង ឧបោសថរបស់យើង ហើយនឹងត្រូវបានហៅថា « ស៊ីយ៉ូន » ជាក្រុងយេរូសាឡិមថ្មី ។
« ហើយព្រះអម្ចាស់ទ្រង់បានមានព្រះបន្ទូលទៅហេណុកថា ៖ ខណៈនោះ អ្នកហើយនឹងទីក្រុងរបស់អ្នកនឹងទៅជួបពួកគេនៅទីនោះ ហើយយើងនឹងទទួលយកពួកគេមកឯឱរារបស់យើង ហើយពួកគេនឹងបានឃើញយើង ហើយយើងនឹងដួលទៅលើកគេ ហើយពួកគេនឹងដួលមកលើកយើង ហើយយើងនឹងថើបគ្នាទៅវិញទៅមក
«ហើយនោះនឹងទៅជាទីលំនៅរបស់យើង ហើយនឹងត្រូវបានហៅថា ស៊ីយ៉ូន ដែលនឹងចេញមកពីការបង្កបង្កើតទាំងអស់ ដែលយើងបានធ្វើមក ហើយអស់រយៈពេលមួយពាន់ឆ្នាំ នោះផែនដីនឹងបានសម្រាក ។២
បងប្អូនស្រ្តី កូនស្រីរបស់បងប្អូន និងចៅស្រីរបស់បងប្អូននិងស្ត្រីដែលបងប្អូន បានចិញ្ចឹមបីបាច់ថែរក្សានឹង ក្លាយជាស្នូលកណ្តាលនៃការបង្កើតសង្គមមនុស្ស ដែលនឹងចូលរួមក្នុងការផ្សារភ្ជាប់ដ៏រុងរឿងជាមួយព្រះអង្គសង្គ្រោះ ។ បងប្អូននឹងធ្វើជាកងពលដ៏សំខាន់ក្នុងការប្រមូលពួកសាសន៍អ៊ីស្រាអែល និងក្នុងការបង្កើតប្រជាជនស៊ីយ៉ូន ដែលនឹងរស់នៅដោយសុខសាន្តក្នុងក្រុងយេរូសាឡិមថ្មី ។
ព្រះអម្ចាស់បានធ្វើសេចក្តីសន្យាចំពោះបងប្អូនតាមរយៈពួកព្យាការីរបស់ទ្រង់ ។ ក្នុងសម័យដើមរបស់សមាគមសង្គ្រោះ ព្យាការីយ៉ូសែបស្ម៊ីធបានមានប្រសាសន៍ទៅកាន់បងប្អូនស្ត្រីថា « បើសិនអ្នករស់នៅស្របតាមឯកសិទ្ធិរបស់អ្នក ពួកទេវតា មិនអាចឈប់ធ្វើជាសហការីរបស់អ្នកឡើយ »។៣
សក្តានុពលដ៏អស្ចារ្យនោះគឺស្ថិតនៅក្នុងខ្លួនរបស់បងប្អូន ហើយបងប្អូនកំពុងត្រៀមខ្លួនដើម្បីទទួលសក្តានុពលដ៏អស្ចារ្យនេះ ។
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានថ្លែងថា ៖
« បងប្អូនស្រ្តីៗ…កុំគិតថាខ្លួនឯងមិនសំខាន់នៅក្នុងផែនការរបស់ព្រះវរបិតា សម្រាប់សុភមង្គល និងសុខុមាលភាពដ៏នៅអស់កល្បជានិច្ចនៃកូនចៅរបស់ទ្រង់ឡើយ ។ បងប្អូនគឺជាផ្នែកមួយដ៏សំខាន់បំផុតនៃផែនការនោះ ។
« ងប្អូនទេ នោះផែនការមិនអាចមានដំណើរការឡើយ ។ បើពុំមានបងប្អូនទេ កម្មវិធីទាំងមូលនឹងត្រូវបានជាអសារឥតការហើយ ។…
« បងប្អូនម្នាក់ៗ គឺជាបុត្រីរបស់ព្រះ ដោយបានទទួលនូវអំណាចមរតកទេវភាព » ។៤
ព្យាការីបច្ចុប្បន្នរបស់យើង ប្រធាន រ័សុល អិម ណិលសុន បានផ្តល់ការពិពណ៌នានេះអំពីចំណែក ដែលអ្នកទទួលក្នុងការរៀបចំសម្រាប់ការយាងមករបស់ព្រះអង្គសង្គ្រោះ ៖
« វាមិនអាចធ្វើបានទេ ដើម្បីវាស់វែងពីឥទ្ធិពលដែល…ស្ត្រីមាន មិនគ្រាន់តែលើក្រុមគ្រួសារ ប៉ុន្តែលើសាសនាចក្ររបស់ព្រះអម្ចាស់ផងដែរ ក្នុងនាមជាភរិយា ជាម្ដាយ និងជាជីដូន ជាបងស្រី និងជាម្តាយមីង ជាគ្រូបង្រៀន និងជាអ្នកដឹកនាំ ហើយជាពិសេសក្នុងនាមជាអ្នកតាំងជាគំរូ ជាអ្នកការពារសេចក្ដីជំនឿដ៏ម៉ឺងម៉ាត់ ។
ការណ៍នេះមានពិតនៅក្នុងគ្រប់ជំនាន់នៃដំណឹងល្អ ចាប់តាំងពីជំនាន់អ័ដាម និងអេវ៉ាមកម្ល៉េះ » ។ ប៉ុន្តែ ស្ត្រីនៃ គ្រា កាន់កាប់តត្រានេះ គឺខុសប្លែកពីស្ត្រី ផ្សេងៗ ដោយសារគ្រាកាន់កាប់ត្រួតត្រានេះ គឺពិសេសលើសពីគ្រាណាៗទាំងអស់ ។ ភាពខុសប្លែកនេះ នាំមកនូវឯកសិទ្ធិ និងការទទួលខុសត្រូវ » ។៥
គ្រាកាន់កាប់ត្រួតត្រានេះមានប្រភេទខុសគ្នា ព្រោះថាព្រះអម្ចាស់នឹងដឹកនាំយើងឲ្យរៀបចំខ្លួនឲ្យកាន់តែដូចជាប្រជាជននៃក្រុងហេណុក យ៉ូននឹងចូលរួម ។
អែលឌើរ ប្រ៊ូស អរ ម៉ាក់ខនឃី បានបង្រៀន ៖
« នៅសម័យរបស់[ ហេណុក ] នោះជាថ្ងៃនៃអំពើទុច្ចរិត និងអំពើអាក្រក់ ថ្ងៃនេះសេចក្តីងងឹត និងបះបោរជាថ្ងៃនៃសង្រ្គាម និងការបំផ្លាញ ជាថ្ងៃដែលនាំទៅដល់ការសម្អាតផែនដីដោយទឹក ។
« ប៉ុន្តែហេណុក មានចិត្តស្មោះស្ម័គ្រ ។ លោក ‹ មើលឃើញព្រះអម្ចាស់ › ហើយបាននិយាយជាមួយទ្រង់ ‹ ដោយប្រទល់មុខគ្នា › ដូចជាមនុស្សនិយាយប្រទល់មុខគ្នា ។(ម៉ូសេ ៧:៤ ) ។ ព្រះអម្ចាស់បានបញ្ជូនលោកឲ្យប្រកាសអំពីការប្រែចិត្តទៅកាន់ពិភពលោក ហើយបានផ្តល់ការអនុញ្ញាតដល់គាត់ឲ្យ ‹ ទទួលបុណ្យជ្រមុជទឹកដោយនូវព្រះនាមនៃព្រះវរបិតា និងនៃព្រះរាជបុត្រា ដែលពោរពេញទៅដោយព្រះគុណ និងសេចក្ដីពិត និងនៃព្រះវិញ្ញាណបរិសុទ្ធ ដែលធ្វើទីបន្ទាល់អំពីព្រះវរបិតា និងព្រះរាជបុត្រា › ។( ម៉ូសេ ៧:១១ ) ។ ហេណុកបានធើ្វសេចក្តីសញ្ញាហើយបានប្រមូលផ្តុំ ក្រុមបណ្តាជននៃអ្នកជឿពិតប្រាកដ ពួកគេគ្រប់រូប បានប្រែជា មានជំនឿស្មោះដែល ‹ ព្រះអម្ចាស់ទ្រង់បានយាងមក ហើយគង់នៅជាមួយនឹងរាស្ត្រទ្រង់ ហើយពួកគេបានរស់នៅក្នុងសេចក្ដីសុចរិត › ហើយបានទទួលព្រះពរពីស្ថានសួគ៌ ។ ‹ ហើយព្រះអម្ចាស់ទ្រង់បានហៅរាស្រ្តទ្រង់ថាស៊ីយ៉ូន ពីព្រោះពួកគេមានចិត្តតែមួយ និង គំនិតតែមួយ ហើយបានរស់នៅក្នុងសេចក្ដីសុចរិត ហើយគ្មានមនុស្សក្រីក្រនៅក្នុងចំណោមពួកគេឡើយ ។ › ។( ម៉ូសេ ៧:១៨ ) ។…
« បន្ទាប់ពីព្រះអម្ចាស់បានហៅប្រជាជនស៊ីយ៉ូនរបស់ទ្រង់ ព្រះគម្ពីរចារថាហេណុកបាន ‹ នោះគាត់បានសង់ទីក្រុងមួយ ដែលបានហៅថា ទីក្រុងនៃបរិសុទ្ធភាព គឺក្រុងស៊ីយ៉ូន › ក្រុងស៊ីយ៉ូននោះ ‹ ពីព្រោះព្រះទ្រង់បានទទួលយកទៅឯព្រះឱរារបស់ទ្រង់ ហើយចាប់តាំងពីពេលនោះមក ឮពាក្យពោលថា ក្រុងស៊ីយ៉ូនបានទៅបាត់ហើយ › ។ ( ម៉ូសេ ៧:១៩, ២១, ៦៩.) ។…
« ក្រុងស៊ីយ៉ូនដដែលនេះដែលត្រូវបានលើកឡើងទៅស្ថានសួគ៌និងត្រឡប់មកវិញ…នៅពេលព្រះអម្ចាស់យកក្រុងស៊ីយ៉ូនមកវិញម្តងទៀត ហើយប្រជាជនរបស់ក្រុងនេះ នឹងចូលរួមជាមួយក្រុងយេរូសាឡិមថ្មី ដែលនឹងត្រូវបានស្ថាបនាឡើងនៅពេលនោះ » ។៦
ប្រសិនបើអតីតកាលគឺជាបុរេកថា នៅពេលនៃការយាងមករបស់ព្រះអង្គសង្គ្រោះ នោះបុត្រីដែលបានប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ចំពោះសេចក្តីសញ្ញារបស់ពួកគេ ជាមួយព្រះ នឹងមានចំនួនច្រើនជាងពាក់កណ្ដាល នៃអ្នកដែលបានត្រៀមខ្លួនទទួលស្វាគមន៍ទ្រង់ នៅពេលដែលទ្រង់យាងមក ។ ប៉ុន្តែទោះបីជាមានចំនួនប៉ុន្មានក៏ដោយ ការបរិច្ចាគរបស់បងប្អូនក្នុងការបង្កើតសាមគ្គីភាពក្នុងចំណោមប្រជាជន រៀបចំខ្លួនសម្រាប់ក្រុងស៊ីយ៉ូននឹងមានចំនួនយ៉ាងសន្ធឹកច្រើនជាងពាក់កណ្តាល ។
ខ្ញុំនឹងប្រាប់បងប្អូនអំពីមូលហេតុដែលខ្ញុំជឿថានឹងដូច្នោះមែន ។ ព្រះគម្ពីរមរមនផ្តល់នូវដំណើររឿងនៃប្រជាជនស៊ីយ៉ូនមួយក្រុម បងប្អូនចាំថា វាកើតឡើងក្រោយពីពួកគេត្រូវបានបង្រៀន ស្រឡាញ់ និងប្រទានពរដោយព្រះអង្គសង្គ្រោះដែលបានមានព្រះជន្មរស់ឡើងវិញ ៖ « គ្មានការទាស់ទែងគ្នានៅក្នុងដែនដីឡើយ ដោយព្រោះមកពីសេចក្ដីស្រឡាញ់នៃព្រះ ដែលបានស្ថិតនៅក្នុងចិត្តរបស់មនុស្ស » ។៧
បទពិសោធន៍របស់ខ្ញុំបានបង្រៀនខ្ញុំថា បុត្រីរបស់ព្រះវរបិតាសួគ៌មានអំណោយទានដើម្បីដោះស្រាយទំនាស់និងលើកស្ទួយសុចរិតភាពដោយសេចក្តីស្រឡាញ់របស់ពួកគេ និងសេចក្តីស្រឡាញ់របស់ព្រះអម្ចាស់ ដែលពួកគេបង្កើតនៅក្នុងអស់អ្នកដែលពួកគេបម្រើ ។
ខ្ញុំបានឃើញរឿងបែបនោះក្នុងយុវវ័យរបស់ខ្ញុំ នៅពេលដែលសាខាដ៏តូចរបស់យើងបានជួបជុំគ្នាក្នុងផ្ទះពីកុមារភាពរបស់ខ្ញុំ ។ បងប្រុសរបស់ខ្ញុំ និងរូបខ្ញុំគឺជាអ្នកកាន់បព្វជិតអើរ៉ុនតែពីរនាក់ប៉ុណ្ណោះ ឪពុករបស់ខ្ញុំគឺជាអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែកតែម្នាក់គត់ ។ ប្រធានសមាគមសង្គ្រោះសាខា គឺជាអ្នកប្រែចិត្តជឿម្នាក់ ដែលប្តីរបស់គាត់មិនរីករាយចំពោះកិច្ចការបម្រើរបស់សាសនាចក្ររបស់គាត់ ។ ក្រុមសមាជិកគឺជាស្ត្រីមានវ័យចំណាស់គ្មានអ្នកកាន់បព្វជិតភាពក្នុងផ្ទះរបស់ពួកគេឡើយ ។ ខ្ញុំបានឃើញម្តាយរបស់ខ្ញុំនិងបងប្អូនស្រ្តីទាំងនោះស្រឡាញ់ លើកស្ទួយ និងថែទាំគ្នាទៅវិញទៅមកយ៉ាងខ្ជាប់ខ្ជួន ។ ខ្ញុំដឹងឥឡូវនេះថា ព្រះអម្ចាស់បានបើកបង្ហាញនូវក្រុងស៊ីយ៉ូនជំនាន់ដើមដល់ខ្ញុំ ។
ការបង្រៀនរបស់ខ្ញុំពីឥទិ្ធពលរបស់ស្ត្រីស្មោះត្រង់បានបន្តមាននៅក្នុងសាខាតូចមួយ នៃសាសនាចក្រនៅ ក្រុងអាល់បឺឃើគី រដ្ឋញូវម៉ិកស៊ិកូ ។ ខ្ញុំបានឃើញភរិយារបស់ប្រធានសាខា ភរិយារបស់ប្រធានមណ្ឌល និងប្រធានសមាគមសង្គ្រោះបើកដួងចិត្តដោយរាក់ទាក់ ទទួលអ្នកចូលរួម និងអ្នកប្រែចិត្តជឿថ្មីថ្មោង ។ អាទិត្យនេះខ្ញុំបានចាកចេញពីក្រុងអាល់បឺឃើគី បន្ទាប់ពីពីរឆ្នាំនៃការមើលឃើញនូវអានុភាពនៃបងប្អូនស្រ្តី ក្នុងស្តេកទីមួយដែលត្រូវបានបង្កើតឡើង ។ ឥឡូវនេះ ព្រះអម្ចាស់បង្កើតព្រះវិហារបរិសុទ្ធមួយ នៅទីនោះ ។
ក្រោយមក ខ្ញុំបានរើទៅក្រុងបូស្តុន ជាទីកន្លែងដែលខ្ញុំបានបម្រើក្នុងគណៈប្រធានមណ្ឌល ដែលបានមើលខុសត្រូវលើបណ្តាសាខាតូចៗ នៅពេញរដ្ឋទាំងពីរ ។ មាននូវទំនាស់មួយចំនួនដែលត្រូវបានដោះស្រាយដោយក្រុមស្ត្រីជាទីស្រឡាញ់និងអភ័យទោស ដែលបានជួយបន្ទន់ដួងចិត្ត ។ នៅថ្ងៃអាទិត្យខ្ញុំបានចាកចេញពីក្រុងបុស្តុន សមាជិកគណៈប្រធានទីមួយម្នាក់ បានបង្កើតស្តេកដំបូងក្នុងក្រុងម៉ាសាជូសេត្ស ។ ឥឡូវនេះមានព្រះវិហារបរិសុទ្ធមួយនៅកែ្បរទីកន្លែងដែលប្រធានមណ្ឌលបានធ្លាប់រស់នៅ ។ គាត់ត្រូវបាននាំមកចូលរួមក្នុងសកម្មភាពសាសនាចក្រ ហើយក្រោយមកត្រូវបានហៅឲ្យធ្វើជាប្រធានស្តេក រួចហើយជាប្រធានបេសកកម្ម ដែលមានការគាំទ្រដោយ ភរិយាដ៏ស្មោះ និងជាទីស្រឡាញ់ ។
បងប្អូនស្រ្តី បងប្អូនត្រូវបានប្រទានពរក្នុងនាមជាបុត្រីរបស់ព្រះអម្ចាស់ ដោយអំណោយទានពិសេស ស្លាប់នូវសមត្ថភាពខាងវិញ្ញាណដើម្បីចិញ្ចឹមបីបាច់អ្នកដទៃនិងលើកស្ទួយពួកគេឲ្យកាន់តែខ្ពស់ ចំពោះសេចក្ដីស្រឡាញ់និងភាពបរិសុទ្ធដែលនឹងធ្វើឲ្យពួកគេមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់ ដើម្បីរស់នៅជាមួយគ្នាក្នុងសង្គមស៊ីយ៉ូន ។ វាមិនមែនជារឿងចៃដន្យទេដែលសមាគមសង្គ្រោះ ដែលជាអង្គការសាសនាចក្រដំបូងបង្អស់ ជាពិសេសសម្រាប់បុត្រីរបស់ព្រះវរបិតាសួគ៌ មានបាវចនាថា « សប្បុរសធម៌មិនដែលបរាជ័យឡើយ » ។
សេចក្តីសប្បុរសគឺជាសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធនៃព្រះគ្រីស្ទ ។ ហើយវាគឺជាសេចក្តីជំនឿទៅលើទ្រង់ហើយឥទ្ធិពលពេញលេញនៃដង្វាយធួនដ៏គ្មានទីបញ្ចប់របស់ទ្រង់នឹងធ្វើឲ្យបងប្អូននិងអស់អ្នកដែលបងប្អូនស្រឡាញ់បម្រើបានសក្ដិសម ដ្បិតវាជាអំណោយទានដ៏វិសេស ដើម្បី រស់នៅក្នុងសង្គមនៃស៊ីយ៉ូនដែលបានទន្ទឹងចាំជាយូរ និងដែលបានសន្យានោះ ។ នៅទីនោះបងប្អូនគឺជាបងប្អូនស្រ្តីក្នុងស៊ីយ៉ូន ត្រូវបានស្រឡាញ់ដោយផ្ទាល់ដោយព្រះអម្ចាស់ និងអស់អ្នកដែលបងប្អូនបានប្រទានពរ ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា បងប្អូនគឺជារាស្រ្តក្នុងនគររបស់ព្រះអម្ចាស់ នៅលើ ផែនដីនេះ ។ បងប្អូនគឺជាបុត្រីរបស់ព្រះវរបិតាសួគ៌ជាទីស្រឡាញ់ដែលបានបញ្ជូនបងប្អូនមកក្នុងលោកីយយ៍ ជាមួយអំណោយទានដ៏ពិសេស ដែលបងប្អូនបានសន្យាថានឹងប្រើប្រាស់ដើម្បីផ្តល់ជាពរដល់អ្នកដទៃ ។ ខ្ញុំសូមសន្យានឹងបងប្អូនថា ព្រះអម្ចាស់នឹងដឹកនាំបងប្អូនដោយដឹកដៃរបស់បងប្អូន តាមរយៈព្រះវិញ្ញាណបរិសុទ្ធ បងប្អូន ខណៈពេលបងប្អូនជួយទ្រង់រៀបចំប្រជាជនរបស់ទ្រង់ ឲ្យក្លាយទៅជាក្រុងស៊ូយ៉ុនដែលបានសន្យារបស់ទ្រង់នោះ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ដូច្នោះក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕