ចូរសង្ឃឹមឡើង
ជំនឿ មិនងាករេ របស់យើងលើគោលលទ្ធិនៃដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទដឹកនាំជំហានរបស់យើងហើយផ្តល់ឲ្យយើងនូវសេចក្តីអំណរ ។
នៅថ្ងៃចុងក្រោយនៃជីវិតរមែងស្លាប់របស់ទ្រង់ព្រះយេស៊ូវ គ្រីស្ទ បានមានបន្ទូលប្រាប់សាវករបស់ទ្រង់ អំពី ការបៀតបៀន និង ការលំបាកដែលពួកគេត្រូវទទួលសេចក្តីវេទនា ។ ១ ទ្រង់បានបញ្ចប់ជាមួយការអះអាងដ៏អស្ចារ្យនេះថា « នៅលោកិយនេះ នោះអ្នករាល់គ្នាមានសេចក្តីវេទនាមែន ប៉ុន្តែត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកិយហើយ » ( យ៉ូហាន ១៦:៣៣ ) ។ នេះគឺជាសាររបស់ព្រះអង្គសង្គ្រោះ ទៅកាន់បុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌យើង ទាំងអស់ ។ នោះគឺជាដំណឹងល្អបំផុត សម្រាប់យើងម្នាក់ៗនៅក្នុងជីវិតរមែងស្លាប់របស់យើង ។
« ចូរសង្ឃឹមឡើង »ក៏ជាការអះអាងដែលត្រូវការនៅក្នុងពិភលោកដែលព្រះគ្រីស្ទដ៏មានព្រះជន្មរស់ឡើងវិញបានបញ្ជូន សាវករបស់ទ្រង់មកផងដែរ ។ ក្រោយមកសាវកប៉ុលបានប្រាប់ពួកកូរិនថូសថា ៖ « យើងខ្ញុំត្រូវគេសង្កត់សង្កិនគ្រប់ជំពូក តែមិនទ័លផ្លូវឡើយ មានសេចក្តីវិលវល់ តែមិនទ័លគំនិតទេ មានគេធ្វើទុក្ខ តែមិនមែនត្រូវចោលនៅម្នាក់ឯងទេ ត្រូវគេវាយដួលស្តូក តែមិនស្លាប់ទេ » ( កូរិនថូសទី ២ ៤:៨–៩ ។
ពីរពាន់ឆ្នាំក្រោយមកយើងក៏ត្រូវ « គេសង្កត់សង្កិនគ្រប់ជំពូក » ហើយយើងក៏ត្រូវការសារលិខិតដូចគ្នានេះដែរ គឺមិនត្រូវទាល់គំនិត តែចូរសង្ឃឹមឡើង ។ ព្រះអម្ចាស់មានសេចក្តីស្រឡាញ់និងព្រះទ័យខ្វល់ខ្វាយជាពិសេសចំពោះបុត្រីដ៏មានតម្លៃទាំងឡាយរបស់ទ្រង់ ។ ទ្រង់ជ្រាបពីអ្វីដែលបងប្អូនចង់បាន ត្រូវការ និង សេចក្តីភ័យខ្លាច របស់បងប្អូន ។ ព្រះអម្ចាស់មានគ្រប់ព្រះចេស្តាទាំងអស់ ។ សូមទុកចិត្តទ្រង់ ។
ព្យាការី យ៉ូសែប ស៊្មីធ បានបង្រៀនថា « កិច្ចការ និងផែនការ និងគម្រោងការណ៍ទាំងឡាយនៃព្រះ នោះពុំអាចធ្វើឲ្យស្មុគស្មាញ ឬសាបសូន្យបានឡើយ » ។ ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៣:១ ) ។ ចំពោះបុត្រីទាំងឡាយរបស់ទ្រង់ដែលកំពុងស្មុគស្មាញព្រះអម្ចាស់បានប្រទានការអះអាងដ៏អស្ចារ្យនេះ ៖
« មើលចុះ ឱអ្នករាល់គ្នា ជាពួកអ្នកបម្រើរបស់យើងអើយ នេះហើយជាសេចក្ដីសន្យានៃព្រះអម្ចាស់ដល់អ្នក ។
« ហេតុដូច្នោះហើយ ចូរសង្ឃឹមឡើង ហើយចូរកុំខ្លាចឡើយ ត្បិតយើងជាព្រះអម្ចាស់ គង់នៅជាមួយនឹងអ្នក ហើយនឹងឈរនៅក្បែរអ្នក ហើយអ្នកនឹងថ្លែងទីបន្ទាល់អំពីយើង គឺព្រះយេស៊ូវ គ្រីស្ទ ថាយើងជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់នៅ » (គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៨:៥–៦) ។
ព្រះអម្ចាស់ឈរក្បែរយើង ហើយទ្រង់មានបន្ទូលទៀតថា ៖
« អ្វីដែលយើងប្រាប់ដល់មនុស្សម្នាក់ គឺយើងប្រាប់ដល់មនុស្សទាំងអស់ ចូរសង្ឃឹមឡើង កូនក្មេងតូចអើយ ត្បិតយើងនៅកណ្ដាលពួកអ្នក ហើយយើងពុំបានបោះបង់ចោលអ្នកឡើយ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៦១:៣៦ ) ។
« ត្បិតបន្ទាប់ពីមានការវេទនាដ៏ច្រើន នោះទើបបានព្រះពរ » ។ ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៥៨:៤ ) ។
បងប្អូនស្រីទាំងឡាយខ្ញុំសូមថ្លែងទីបន្ទាល់ថាការសន្យាទាំងនេះត្រូវបានប្រទានឲ្យនៅក្នុង គ្រានៃការបៀតបៀននិង សោដនាដកម្មផ្ទាល់ខ្លួនដែលអនុវត្តន៍ចំពោះបងប្អូនម្នាក់ៗ នៅក្នុងស្ថានភាពដ៏ពិបាករបស់បងប្អូននាសព្វថ្ងៃនេះ ។ វាមានតម្លៃណាស់ហើយរំឮកដល់យើងម្នាក់ៗ នៃឃ្លាថា ចូរសង្ឃឹមឡើង ហើយមានអំណរនៅក្នុងភាពពេញលេញនៃដំណឹងល្អ កាលដែលយើងឆ្ពោះទៅមុខ ឆ្លងកាត់ឧបសគ្គទាំងឡាយនៃជីវិតរមែងស្លាប់ ។
សេចក្តីវេទនានិងឧបសគ្គទាំងឡាយ គឺជាបទពិសោធន៍ទូទៅនៃជីវិតរមែងស្លាប់។ ការផ្ទុយគឺជាផ្នែកមួយយ៉ាងសំខាន់នៃផែនការដ៏ទេវភាពដើម្បីជួយឲ្យយើងលូតលាស់២ហើយនៅក្នុងគ្រានៃដំណើរការនេះ យើងមានការអះអាងរបស់ព្រះថា នៅក្នុងទស្សវិស័យដ៏វែងឆ្ងាយនៃភាពអស់ក្បល ការផ្ទុយនឹងមិន បណ្តោយឲ្យយកឈ្នះលើយើងបានឡើយ ។ ដោយមានជំនួយ របស់ទ្រង់និង ភាពស្មោះត្រង់ព្រមទាំងការស៊ូទ្រាំ នោះយើងនឹងមានជ័យជំនះ ។ គឺដូចជាការបែកចេញពីជីវិតរមែងស្លាប់ សេចក្តីទុក្ខវេទនាទាំងអស់គឺជារឿងបណ្តោះអាសន្ន ។ នៅក្នុងភាចចំរូងចំរាសមុនគ្រោះមហន្តរាយនៃសង្រ្គាម ប្រធានាធិបតី អាមេរិក លោក អ័ប្រាហាំ លីងគិន បានធ្វើការរំឭកដោយឆ្លាតវៃទៅកាន់អ្នកស្តាប់របស់លោកអំពី សុភាសិតពីបុរាណថា « អ្វីគ្រប់យ៉ាងវានឹងកន្លងផុតទៅ » ។៣
ដូចបងប្អូនទាំងអស់គ្នាបានដឹងហើយថា ទុក្ខលំបាកនៃជីវិតរមែងស្លាប់ ដែលខ្ញុំនិយាយ—ដែលវាធ្វើឲ្យមានការលំបាកក្នុងការ ចូរសង្ឃឹមឡើង—ពេលខ្លះវាកើតឡើងចំពោះយើងដូចនឹងអ្នកដទៃដែរ ដូចជាមនុស្សរាប់លាននាក់កំពុងរងទុក្ខឆ្លងកាត់ គ្រោះមហន្តរាយនៃ ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ។ ស្រដៀងគ្នានេះដែរ នៅក្នុងប្រទេសអាមេរិកមនុស្សរាប់លាននាក់ កំពុងរងទុក្ខដោយ គ្មាន កំណត់ នៃភាពស្អប់ខ្ពើម និង ជម្លោះ ដែលហាក់បីដូចជាតែងតែកើតឡើង នៅពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតី ប៉ុន្តែគ្រានេះវាធ្ងន់ធ្ងរជាង តាមអ្វីៗដែលយើងជាមនុស្សចាស់ភាគច្រើនមិនដែលជួបប្រទះ ។
នៅក្នុង ជីវិតប្រចាំថ្ងៃ បុគ្គលម្នាក់ៗស្មុគស្មាញជាមួយនឹង ភាពលំបាកនៃជីវិតរមែងស្លាប់ជាច្រើន ដូចជាភាពក្រីក្រ ការរើសអើងជាតិសាសន៍ សុខភាពមិនល្អ បាត់បង់ការងារ ឬការខកចិត្តមានកូនដែលរឹងរូស វិបត្តិក្នុងអាពាពិពាហ៍ ឬមិនបានរៀបអាពាពិពាហ៍ និងផលនៃអំពើបាប—ពីបាបរបស់យើងឬរបស់អ្នកដទៃ ។
ប៉ុន្តែនៅក្នុងគ្រាទាំងនេះ យើងមានដំបូន្មានសួគ៌ាថា ចូរសង្ឃឹមឡើង ហើយស្វែងរកសេចក្តីអំណរ នៅក្នុងគោលការណ៍ និងសេចក្តីសន្យានៃដំណឹងល្អ និង អ្នករាល់គ្នានិងមានផលនៃការងាររបស់បងប្អូន ។៤ ដំបូន្មាននោះតែងផ្តល់ឲ្យដូច្នេះទាំងសម្រាប់ព្យាការីនិងសម្រាប់ យើងទាំងអស់គ្នា ។ យើងបានដឹងរឿងនេះមកពីបទពិសោធន៍នៃបុព្វការីជនរបស់និងអ្វីដែលព្រះអម្ចាស់មានបន្ទូលទៅកាន់ពួកលោក ។
សូមចាំពីស្ថានភាពរបស់ព្យាការីយ៉ូសែប ស៊្មីធ ។ បើក្រឡេកមើលតាមចក្ខុវិស័យ នៃភាពលំបាក ក្នុងជីវិតរបស់លោកលោកជាមនុស្សក្រីក្រមា្នក់ទទួលរងនូវការបៀតបៀន ស្មុគស្មាញ វិបត្តិគ្រួសារ និង ទីបំផុតត្រូវគេធ្វើឃាត ។ ខណៈពេលដែលលោកបានរងទុក្ខនៅក្នុងគុក ភរិយានិង កូនៗរបស់លោក ព្រមទាំង ពួកបរិសុទ្ធ ផ្សេងទៀត បានរងទុក្ខលំបាកយ៉ាងខ្លាំង នៅពេលពួកគេបានធ្វើដំណើរចាកចេញពី រដ្ឋ មីសសួរី ។
នៅពេលយ៉ូសែប បានទូលអង្វរសូមសម្រាលបន្ទុកព្រះអម្ចាស់បានមានបន្ទូលតបថា
« បុត្រយើងអើយ ចូរមានសេចក្ដីសុខសាន្តដល់ព្រលឹងបុត្រចុះ សេចក្ដីទំនាស់ និងសេចក្ដីទុក្ខលំបាករបស់អ្នក នោះគ្រាន់តែមួយភ្លែតប៉ុណ្ណោះទេ
« បើសិនជាអ្នកស៊ូទ្រាំការណ៍នោះដោយហ្មត់ចត់ នោះព្រះទ្រង់នឹងតម្កើងអ្នកឡើងនៅស្ថានខ្ពស់ អ្នកនឹងបានជ័យជម្នះលើពួកខ្មាំងសត្រូវរបស់អ្នកទាំងអស់។ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១២១:៧–៨) ។
នេះគឺជាដំបូន្មានផ្ទាល់ខ្លួននិងអស់កល្បជានិច្ចដែលបានជួយព្យាការីយ៉ូសែបស្ម៊ីធ ឲ្យនៅបន្តធ្វើជាមនុស្សស្រស់ស្រាយ មានអធ្យាស្រ័យ ព្រមទាំងរក្សាសេចក្តីស្រឡាញ់និងភក្តីភាពចំពោះប្រជាជនរបស់លោក ។ គុណសម្បត្តិដូចគ្នានេះក៏បានជួយពង្រឹងថ្នាក់ដឹកនាំ និងអ្នកត្រួសត្រាយផ្លូវ ដែលបានដើរតាម ហើយក៏អាចជួយពង្រឹងបងប្អូនបានដែរ ។
សូមគិតអំពីសមាជិកពីជំនាន់មុនទាំងនោះ! ពួកគេត្រូវបានបណ្ដេញចេញពីកន្លែងមួយទៅកន្លែងមួយម្ដងហើយម្ដងទៀត ។ នៅទីបញ្ចប់ពួកគេត្រូវប្រឈមមុខនឹងការសាងសង់ផ្ទះនិង គេហដ្ឋានរបស់ពួកគេនៅក្នុងទីរហោស្ថាន ។ ៥ ក្រោយពី ក្រុមអ្នកត្រួសត្រាយផ្លូវដំបូងបានមកដល់ ជ្រលងភ្នំ ហ្រ្គេតសលត៍ លេកបានពីរឆ្នាំ ពួកអ្នកត្រួសត្រាយផ្លូវនៅតែមានបញ្ហាក្នុងការរស់នៅក្នុងតំបន់ដែលមិនអំណោយផលនោះហើយនៅតែស្ថិតក្នុងគ្រោះថ្នាក់ ។ សមាជិកភាគច្រើននៅតាមផ្លូវ ឆ្លងកាត់ទីវាល ឬ មានបញ្ហាក្នុងការស្វែងរកធនធានដើម្បីធ្វើការណ៍នោះនៅឡើយ ។ ប៉ុន្តែថ្នាក់ដឹកនាំនិងសមាជិកទាំងនោះនៅតែមានក្តីសង្ឃឹមនិងក្តីរីករាយ ។
ទោះបីពួកបរិសុទ្ធមិនបានរៀបចំគេហដ្ឋានថ្មីរបស់ពួគេក្ដីក៏នៅឯសន្និសីទ ទូទៅខែ តុលា ឆ្នាំ ១៨៤៩ មាន ក្រុមអ្នកផ្សព្វផ្សាយសាសនាថ្មីមួយចំនួនធំត្រូវបានបញ្ជូនទៅកាន់ ប្រទេសស្កេនឌីណាវ៉ា បារាំងអាល្លឺម៉ង់់ អ៊ីតាលី និង ប៉ាស៊ីហ្វិកខាងត្បូង ។ ៦ ទោះបីពួកគេស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក្តីក៏ពួកអ្នកត្រួសត្រាយផ្លូវបានសម្រេចកិច្ចការសំខាន់ថ្មីដែរ ។ ហើយបន្ទាប់ពីនោះបីឆ្នាំ មានអ្នកផ្សព្វផ្សាយសាសនា៩៨រូបទៀតក៏ត្រូវបានហៅដើម្បីចាប់ផ្តើមប្រមូលពួកអ៊ីស្រាអែលដែលបានខ្ចាត់ព្រាត់ផងដែរ ។ ថ្នាក់ដឹកនាំមួយរូបនៃសាសនាចក្រពន្យល់ថា បេសកម្មទាំងនេះ« ជាទូទៅ មិនយូរប៉ុន្មានទេ ប្រហែលជាមានរយៈពេលតែ ៣ទៅ ៧ ឆ្នាំយ៉ាងយូរ ដែលបុរសទាំងនេះត្រូវបែកចេញពីក្រុមគ្រួសាររបស់គាត់ » ។ ៧
បងប្អូនស្រី គណៈប្រធានទីមួយព្រួយបារម្ភពីបញ្ហាប្រឈមរបស់បងប្អូន ។ យើងស្រឡាញ់បងប្អូន ហើយអធិស្ឋានឲ្យបងប្អូនជានិច្ច ។ ក្នុងពេលជាមួយគ្នានេះដែរ យើងក៏ថ្លែងអំណរគុណ ដែលឧបសគ្គខាងរូបកាយរបស់យើង—ក្រៅពី ការរញ្ជួយដីភ្លើងឆេះ ទឹកជំនន់ និងខ្យល់ព្យុះ—ដែលជាទូទៅតិចជាងអ្វីដែលបុព្វការីជនរបស់យើងបានជួបប្រទះ ។
នៅក្នុងការលំបាកទាំងនេះ គឺនៅតែមានការអះអាងដ៏ទេវភាពជានិច្ចថា « ចូរសង្ឃឹមឡើង ត្បិតយើងនឹងដឹកនាំអ្នករាល់គ្នា។ នគរជារបស់ផងអ្នករាល់គ្នា ហើយព្រះពរទាំងឡាយនៃនគរជារបស់ផងអ្នករាល់គ្នា ហើយទ្រព្យសម្បត្តិទាំងឡាយខាងភាពអស់កល្បជានិច្ចជារបស់ផងអ្នករាល់គ្នា »។ ( គោលលទ្ធិ និង សេចក្តីសញ្ញា ៧៨:១៨ ) ។ តើរឿងនេះកើតឡើងយ៉ាងដូចម្ដេច ? តើវាបានកើតឡើងចំពោះពួកអ្នកត្រួសត្រាយផ្លូវយ៉ាងដូចម្ដេច ? តើវានឹងកើតឡើងចំពោះពួកស្រ្តីនៃព្រះនាសព្វថ្ងៃនេះយ៉ាងដូចម្ដេច ? ព្រះអម្ចាស់បានមានបន្ទូលតាមរយៈវិវរណៈ នៅក្នុងខែ មេសា ឆ្នាំ ១៨៣០ ថា តាមរយៈការធ្វើតាមការណែនាំរបស់ព្យាការី « ទ្វារស្ថានឃុំព្រលឹងមនុស្សស្លាប់នឹងមិនដែលឈ្នះ[យើង]ឡើយ » ។ ទ្រង់មានបន្ទូលថា « មែនហើយ ហើយព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់នឹងកម្ចាត់អំណាចនៃសេចក្ដីងងឹតចេញពីអ្នកទៅ ហើយនឹងបណ្ដាលឲ្យផ្ទៃមេឃញាប់ញ័រ ដើម្បីសេចក្ដីល្អដល់អ្នក និងសិរីល្អដល់ព្រះនាម របស់ទ្រង់…» ។ ( គោលលទ្ធិ និង សេចក្តីសញ្ញា ២១:៦ ។ « កុំឲ្យខ្លាចឡើយ ហ្វូងតូចអើយ ចូរធ្វើល្អចុះ ចូរឲ្យផែនដី និងស្ថាននរករួមគ្នាប្រឆាំងនឹងអ្នកចុះ ត្បិតបើសិនជាអ្នករាល់គ្នាបានសង់នៅលើថ្មដារបស់យើង នោះពួកគេពុំអាចយកឈ្នះបានឡើយ។ »( គោលលទ្ធិ និង សេចក្តីសញ្ញា ៦:៣៤ ) ។
ជាមួយនឹងការសន្យារបស់ព្រះអម្ចាស់ យើង «លើកចិត្ត[របស់យើង]ឡើង ហើយអរសប្បាយ »( គោលលទ្ធិ និង សេចក្តីសញ្ញា ២៥:១៣ ) និង « ដោយទឹកចិត្ត និងទឹកមុខរីករាយ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ៥៩:១៥ ) យើងឆ្ពោះទៅមុខនៅលើផ្លូវនៃសេចក្តីសញ្ញា ។ យើងភាគច្រើនមិនបានប្រឈមមុខនឹងការសម្រេចចិត្តដែលមានផលប៉ះពាល់ដ៏ធំធេងដូចជាការចាកចេញពីផ្ទះ ហើយធ្វើដំណើរទៅកានទឹកដីដែលមិនស្គាល់នោះទេ ។ ការសម្រេចចិត្តរបស់យើងភាគច្រើន គឺក្នុងកិច្ចការប្រចាំថ្ងៃប៉ុណ្ណោះ ប៉ុន្តែដូចជាអ្វីដែលព្រះអម្ចាស់មានបន្ទូលប្រាប់យើងថា « ចូរកុំណាយចិត្តនឹងធ្វើការល្អឡើយ ត្បិតអ្នករាល់គ្នាកំពុងតែដាក់គ្រឹះនៃកិច្ចការដ៏ធំ ។ ហើយចេញពីការណ៍ដ៏តូចតាច នោះបណ្ដាលឲ្យមានការណ៍ដ៏ធំធេងឡើង » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:៣៣ ) ។
មានអំណាចដែលគ្មានដែនកំណត់ នៅក្នុង គោលទ្ធិនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ដែលបានស្តារឡើងវិញ ។ សេចក្តីជំនឿមិនងាករេរបស់យើង នៅក្នុងគោលលទ្ធិនោះដឹកនាំយើង និងផ្តល់អំណរដល់យើង ។ វាបំភ្លឺគំនិតរបស់យើង ព្រមទាំង ផ្តល់កម្លាំង និង មានទំនុកចិត្តដល់សកម្មភាពរបស់យើង ។ ការណែនាំព្រមទាំងការបំភ្លឺ និង អំណាចគឺជាអំណោយទានដែលបានសន្យា ដែលយើងបានទទួលពីព្រះវរបិតាសួគ៌របស់យើង ។ តាមរយៈការយល់ដឹង និង ការអនុលោមជីវិតយើង ទៅតាមគោលលទ្ធិនោះ រួមទាំង អំណោយទានដ៏ទេវភាពនៃការប្រែចិត្តផងដែរ នោះយើងអាចនឹងមានសង្ឃឹមឡើងនៅពេលយើងបន្តដើរនៅលើផ្លូវឆ្ពោះទៅកាន់ជោគវាសនាដ៏អស់កល្បជានិច្ចរបស់យើង—ជាការរួបរូមនិងភាពតម្កើងឡើង ជាមួយព្រះមាតាបិតាសួគ៌ជាទីស្រឡាញ់របស់យើង ។
អែលឌើរ រីឆាដជី ស្កត បានបង្រៀនថា « បងប្អូនអាចប្រឈមមុខនឹង បញ្ហាធ្ងន់ធ្ងរ ។ «នៅពេលខ្លះវាហាបីដូចជាមានឥទ្ធិពលខ្លាំងពេក ដែលមិនបង្អង់ដៃហើយធ្វើឲ្យបងប្អូនមានអារម្មណ៍ថា ហួសពីសមត្ថភាពដែលបងប្អូនអាចគ្រប់គ្រងបាន ។ សូមកុំប្រឈមមុខនឹងពិភពលោកតែម្នាក់ឯង ។ ‹ ចូរ ទីពឹង ដល់ ព្រះយេហូវ៉ា ឲ្យ អស់ អំពី ចិត្ត កុំ ឲ្យ ពឹង ផ្អែក លើ យោបល់ របស់ ខ្លួន ឡើយ › [ សុភាសិត ៣:៥ ] ។… ជីវិតតែងតែមានឧបសគ្គ វាមិនមែនចង់ឲ្យបងប្អូនបរាជ័យនោះទេ ប៉ុន្តែដើម្បីឲ្យបងប្អូនអាចទទួលបានជោគជ័យតាមរយៈការយកឈ្នះលើវា » ។ ៨
ខ្ញុំសូមថ្លែង ទីបន្ទាល់ថាទាំងអស់នោះគឺជាផ្នែកនៃផែនការរបស់ព្រះ ជាព្រះវរបិតា និង ព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ហើយខ្ញុំសូមអធិស្ឋានថា យើងទាំងអស់គ្នានឹងតស៊ូដើរឆ្ពោះទៅកាន់ទិសដៅសួគ៌ារបស់យើង នៅក្នុង ព្រះនាម នៃ ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕