យើងនឹងសាកល្បងពួកគេ
( អ័ប្រាហាំ ៣:២៥ )
ឥឡូវនេះគឺ ជាពេលវេលាដើម្បីរៀបចំ និងសាកល្បងខ្លួន យើង ថា តើយើងនឹងធ្វើគ្រប់រឿងដែលព្រះអម្ចាស់ជាព្រះនៃយើងនឹងបង្គាប់ឲ្យយើងធ្វើដែរទេ ។
ខ្ញុំអធិស្ឋានសូមជំនួយពីព្រះវិញ្ញាណបរិសុទ្ធសម្រាប់យើងទាំងអស់គ្នា កាលខ្ញុំចែកចាយយោបល់ និងអារម្មណ៍ដែលមានក្នុងចិត្តគំនិតខ្ញុំ ពេលរៀបចំសម្រាប់សន្និសីទទូទៅនេះ ។
សារសំខាន់នៃការសាកល្បង
រយៈពេលជាងពីរទសវត្សរ៍មុនការហៅរបស់ខ្ញុំឲ្យបម្រើក្នុងសាសនាចក្រពេញម៉ោង ខ្ញុំបានធ្វើការជាគ្រូបង្រៀន និងអ្នកគ្រប់គ្រងនៅសាកលវិទ្យាល័យ ។ ទំនួលខុសត្រូវចម្បងរបស់ខ្ញុំក្នុងនាមជាគ្រូបង្រៀន គឺត្រូវជួយសិស្សឲ្យរៀនពីរបៀបរៀនសូត្រពួកគេ ។ ហើយធាតុសំខាន់មួយក្នុងការងារខ្ញុំគឺការបង្កើត ការដាក់ពិន្ទុ និងការផ្ដល់មតិកែលម្អអំពីសមត្ថភាពរបស់សិស្សទៅលើការធ្វើតេស្ដ ។ ដូចបងប្អូនអាចដឹងពីបទពិសោធន៍ផ្ទាល់ខ្លួនរួចហើយ ជាទូទៅការធ្វើតេស្ដមិនមែនជាផ្នែកមួយនៃដំណើរការរៀនសូត្រ ដែលសិស្សចូលចិត្តខ្លាំងនោះទេ !
ប៉ុន្ដែការធ្វើតេស្ដតាមពេលកំណត់ពិតជាសំខាន់ក្នុងការរៀនសូត្រ ។ ការធ្វើតេស្ដដ៏មានប្រសិទ្ធភាពជួយយើងឲ្យប្រៀបធៀបអ្វីដែលយើងត្រូវដឹង ជាមួយនឹងអ្វីដែលយើងពិតជាដឹងអំពីប្រធានបទជាក់លាក់មួយ វាក៏ផ្ដល់បទដ្ឋានមួយ ដែលយើងអាចវាយតម្លៃការរៀនសូត្រ និងការអភិវឌ្ឍរបស់យើងផងដែរ ។
ដូចគ្នាដែរ ការធ្វើតេស្ដនៅសាលានៃជីវិតរមែងស្លាប់គឺជាធាតុសំខាន់នៃការរីកចម្រើនដ៏អស់កល្បរបស់យើង ។ ប៉ុន្ដែអ្វីគួរ ឲ្យចាប់អារម្មណ៍គឺ ពាក្យ ការធ្វើតេស្ដ មិនមានសូម្បី តែម្ដងនៅ ក្នុងអត្ថបទព្រះគម្ពីរនៃកិច្ចការបទដ្ឋានជាភាសាអង់គ្លេសទេ ។ ផ្ទុយទៅវិញ ពាក្យដូចជា សាកល្បង ពិនិត្យនិង សាក ត្រូវ បានប្រើដើម្បីរៀបរាប់ពីលំនាំផ្សេងៗក្នុងការបង្ហាញចំណេះដឹងខាងវិញ្ញាណ ការយល់ដឹង និងភក្ដីភាពរបស់យើងដោយសមរម្យចំពោះផែនការនៃសុភមង្គលដ៏អស់កល្បរបស់ព្រះវរបិតាសួគ៌ និងសមត្ថភាពរបស់យើងដើម្បីស្វែងរកពរជ័យពីដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ។
ទ្រង់ដែលបាននិពន្ធផែនការនៃសេចក្ដីសង្គ្រោះ បានរៀបរាប់ពីគោលបំណងនៃការសាកល្បងជីវិតរមែងស្លាប់របស់យើងដោយប្រើពាក្យសាកល្បង ពិនិត្យនិង សាក នៅក្នុងបទគម្ពីរសម័យដើម និងសម័យទំនើប ។ « ហើយយើងនឹងសាកល្បង ពួកគេមើល បើសិនជាពួកគេនឹងប្រព្រឹត្តនូវអ្វីៗគ្រប់យ៉ាងដែលព្រះអម្ចាស់ដ៏ជាព្រះរបស់ពួកគេនឹងបញ្ជាដល់ពួកគេ » ។ ១
សូម ពិចារណានូវការអង្វរនេះដោយដាវីឌទំនុកតម្កើង ៖
« ឱ ព្រះអម្ចាស់ អើយ សូម ពិនិត្យ ទូលបង្គំ មើល ព្រម ទាំង ល្បង ល ទូលបង្គំ ហើយ សាក ចិត្ត ថ្លើម របស់ ទូលបង្គំ ផង ។
ឮ« ដ្បិតសេចក្តីសប្បុរសនៃទ្រង់ នៅចំពោះភ្នែកទូលបង្គំ ហើយទូលបង្គំបានដើរតាមសេចក្តីពិតរបស់ទ្រង់ » ។ ២
ហើយព្រះអម្ចាស់បានប្រកាសនៅឆ្នាំ ១៨៣៣ ថា « ហេតុដូច្នេះហើយ ចូរកុំខ្លាចពួកខ្មាំងសត្រូវរបស់អ្នកឡើយ ត្បិតយើងបានចេញបញ្ញត្តិក្នុងព្រះហឫទ័យរបស់យើងហើយ គឺព្រះអម្ចាស់ទ្រង់បានមានព្រះបន្ទូលថា យើងនឹង ល្បងល អ្នកនូវគ្រប់ទាំងអស់ ថាតើអ្នកនឹងនៅជាប់ក្នុងសេចក្ដីសញ្ញារបស់យើង រហូតដល់ស្លាប់ឬទេ ប្រយោជន៍ឲ្យអ្នកអាចបានឃើញថាស័ក្ដិសម » ។ ៣
ជំនាន់បច្ចុប្បន្នក្នុងការសាកល្បង និងការសាក
ឆ្នាំ ២០២០ ត្រូវបានគូសចំណាំជាផ្នែកតាមរយៈការឆ្លងជំងឺទូទាំងពិភពលោក ដែលបានសាកល្បង ពិនិត្យ និងសាកយើងតាមរបៀបជាច្រើន ។ ខ្ញុំអធិស្ឋានថា ពួកយើងជាបុគ្គល និងជាគ្រួសារកំពុងរៀនមេរៀនដ៏មានតម្លៃនេះ ដែលមានតែបទពិសោធន៍ដ៏ពិបាកទើបអាចបង្រៀនយើងបាន ។ ខ្ញុំក៏សង្ឃឹមដែរថា យើងទាំងអស់គ្នានឹងស្គាល់កាន់តែពេញលេញនូវ « ភាពខ្លាំងក្លារបស់ព្រះ » និង សេចក្ដីពិតថា « ទ្រង់នឹងធ្វើឲ្យសេចក្ដីវេទនាទាំងឡាយរបស់ [ យើង ] ក្លាយទៅជាផលប្រយោជន៍ដល់ [ យើង ] វិញ » ។ ៤
គោលការណ៍គ្រឹះពីរអាចណែនាំ និងពង្រឹងយើង នៅពេលយើងប្រឈមមុខនឹងការសាកល្បង និងការសាកស្ថានភាពនានាក្នុងជីវិតយើង មិនថាវាជាអ្វីនោះទេ ៖ ( ១ ) គោលការណ៍នៃការរៀបចំ និង ( ២ ) គោលការណ៍នៃការឈានទៅមុខដោយភាពខ្ជាប់ខ្ជួនក្នុងព្រះគ្រីស្ទ ។
ការសាកល្បង និង ការរៀបចំ
ក្នុងនាមជាសិស្សរបស់ព្រះអង្គសង្គ្រោះ យើងត្រូវបានបញ្ជាឲ្យ « រៀបចំអ្វីៗដែលត្រូវការគ្រប់មុខ ហើយចូរតាំងគេហដ្ឋានមួយឡើង គឺគេហដ្ឋាននៃការអធិស្ឋាន គេហដ្ឋាននៃការតមអាហារ គេហដ្ឋាននៃសេចក្តីជំនឿ គេហដ្ឋាននៃការរៀនសូត្រ គេហដ្ឋាននៃសិរីល្អ គេហដ្ឋាននៃរបៀបរៀបរយ គេហដ្ឋាននៃព្រះ » ។ ៥
យើងក៏ទទួលបានការសន្យាថា « បើសិនជាអ្នករាល់គ្នាបានប្រុងប្រៀបទុកជាស្រេច នោះអ្នករាល់គ្នានឹងមិនត្រូវខ្លាចឡើយ ។
ហើយប្រយោជន៍ឲ្យអ្នករាល់គ្នាអាចបានរួចផុតពីអំណាចនៃខ្មាំងសត្រូវ ហើយបានប្រមូលគ្នាជារាស្ត្រសុចរិតមករកយើង ដោយឥតប្រឡាក់ និងឥតទោស » ។ ៦
បទគម្ពីរទាំងនេះផ្ដល់ជាគ្រោងដ៏ឥតខ្ចោះដើម្បីរៀបចំ និងត្រៀមជីវិត និងគេហដ្ឋានយើងទាំងខាងសាច់ឈាម និងខាងវិញ្ញាណ ។ ការខិតខំរបស់យើងដើម្បីរៀបចំសម្រាប់បទពិសោធន៍សាកល្បងនៃជីវិតរមែងស្លាប់ គួរតែធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះដែល « កាន់តែធំ ប្រកបដោយប្រាជ្ញារឹតតែច្រើនឡើង ហើយជាទីគាប់ព្រះហឫទ័យដល់ព្រះ និងចិត្តមនុស្សផង » ៧ ថែមទៀត—ជាតុល្យភាពចម្រុះនៃការត្រៀមជាស្រេចខាងបញ្ញា រាងកាយ វិញ្ញាណ និងសង្គម ។
នារសៀលមួយពីរបីខែមុន ស៊ូសាន និងខ្ញុំបានស្ដុកអាហារ និងគ្រឿងផ្គត់ផ្គង់សម្រាប់ពេលបន្ទាន់របស់យើង ។ នៅពេលនោះ កូវីដ-១៩ កំពុងរាតត្បាតយ៉ាងខ្លាំង ហើយការរញ្ជួយដីច្រើនដងបានធ្វើឲ្យគេហដ្ឋានរបស់យើងនៅរដ្ឋយូថាហ៍កក្រើក ។ តាំងពីថ្ងៃដំបូងនៃអាពាហ៍ពិពាហ៍របស់យើង យើងបានខិតខំធ្វើតាមការប្រឹក្សារបស់ព្យាការីស្ដីពីការរៀបចំសម្រាប់ឧបសគ្គដែលមិនអាចដឹងមុន ដូច្នេះ « ការពិនិត្យ ើ ។ យើងចង់ដឹងពីពិន្ទុរបស់យើងសម្រាប់ការសាកល្បងដែលមិនបានប្រាប់មុនទាំងនេះ ។
យើងបានរៀនយ៉ាងច្រើន ។ នៅតំបន់ជាច្រើន កិច្ចការរៀបចំរបស់យើងគឺត្រូវចំពេល ។ ប៉ុន្ដែនៅតំបន់មួយចំនួនផ្សេងទៀត វាត្រូវមានការកែលម្អ ដោយសារយើងមិនបានស្គាល់ និងដោះស្រាយតម្រូវការពិសេសនានាឲ្យបានទាន់ពេល ។
យើងក៏បានសើចច្រើនផងដែរ ។ ឧទាហរណ៍ យើងរកឃើញរបស់ខ្លះក្នុងទូរនៅដាច់ពីគេមួយ ដែលស្ដុកអាហាររបស់យើងរាប់ទសវត្សរ៍មកហើយ ។ និយាយឲ្យត្រង់ទៅ យើងខ្លាចមិនហ៊ានបើកមើលកំប៉ុងខ្លះ ព្រោះខ្លាចថានឹងដោះលែងការឆ្លងជំងឺទូទាំងពិភពលោកមួយទៀត ! ប៉ុន្ដែបងប្អូនគួរតែរីករាយនឹងដឹងថា យើងបានបោះចោលរបស់មានគ្រោះថ្នាក់យ៉ាងត្រឹមត្រូវ ហើយគ្រោះថ្នាក់សុខភាពទៅកាន់ពិភពលោកនេះត្រូវបានកាត់បន្ថយ ។
សមាជិកសាសនាចក្រមួយចំនួនផ្ដល់យោបល់ថា គម្រោង និងគ្រឿងផ្គត់ផ្គង់បន្ទាន់ ការស្តុកអាហារ និងកញ្ចប់សម្រាប់រស់ ៧២ ម៉ោងមិនសំខាន់ទៀតទេ ដោយសារបងប្អូនប្រុសមិនបានថ្លែងសង្កត់ធ្ងន់នាពេលថ្មីៗនេះអំពីប្រធានបទទាំងនេះ និងអ្វីដែលទាក់ទងនៅក្នុងសន្និសីទទូទៅឡើយ ។ ប៉ុន្ដែការក្រើនរំឭកដដែលៗឲ្យរៀបចំ ត្រូវបានប្រកាសដោយថ្នាក់ដឹកនាំសាសនាចក្ររាប់ទសវត្សរ៍មកហើយ ។ ភាពខ្ជាប់ខ្ជួននៃការប្រឹក្សារបស់ព្យាការីក្នុងពេលកន្លងមក បង្កើតជាសារលិខិតដ៏មានអានុភាពយ៉ាងច្បាស់ ហើយសារលិខិតដដែលៗទាំងនេះសំខាន់ខ្លាំងជាងការព្រមានតែម្ដងទៅទៀត ។
គឺដូចជាគ្រាលំបាកបង្ហាញពីភាពមិនគ្រប់គ្រាន់នៅក្នុងការរៀបចំខាងសាច់ឈាមដែរ ដូច្នេះជំងឺដោយគាប់ជួនខាងវិញ្ញាណ និងភាពស៊ាំបង្កជាឥទ្ធិពលដ៏មានគ្រោះថ្នាក់បំផុតអំឡុងពេលសាកល្បងដ៏ពិបាកនេះ ។ ឧទាហរណ៍ យើងរៀនក្នុងរឿងប្រៀបប្រដូចអំពីស្ដ្រីព្រហ្មចារីដប់នាក់ដែលពន្យារពេលការរៀបចំ នាំទៅរកការសាកល្បងដែលបរាជ័យ ។ សូមនឹកចាំពីរបៀបដែលស្ដ្រីព្រហ្មចារីល្ងង់ប្រាំនាក់ បានខកខានមិនបានរៀបចំឲ្យត្រឹមត្រូវសម្រាប់ការពិនិត្យ ដែលពួកគេមាននៅថ្ងៃមកដល់របស់ប្ដី ។
« នាង ល្ងង់ ទាំង នោះ គេ យក តែ ចង្កៀង ទៅ តែ មិន បាន យក ប្រេង ជាប់ នឹង ខ្លួន ផង ទេ ៖
« ឯ ពួក នាង មាន គំនិត វិញ គេ បាន យក ទាំង ចង្កៀង ហើយ និង ប្រេង ដាក់ ក្នុង ដប ទៅ ជា មួយ ផង ។ …
« លុះដល់កណ្ដាលអធ្រាត្រ ស្រាប់តែឮសូរសម្រែកថា នែ ប្ដីមកហើយ ចូរចេញទៅទទួលចុះ ។
« ស្រីព្រហ្មចារីទាំងឡាយក៏ភ្ញាក់ឡើង រៀបចំចង្កៀងរៀងរាល់ខ្លួន ។
« ឯពួកនាងដែលល្ងង់ គេនិយាយទៅពួកនាងមានគំនិតថា សូមចែកប្រេងមកឲ្យយើងផង ព្រោះចង្កៀងយើងចង់រលត់ហើយ ។
« តែពួកនាងមានគំនិតឆ្លើយឡើងថា ទេ ក្រែងគ្មានល្មមដល់យើង ហើយនឹងនាងរាល់គ្នាផង ស៊ូទៅឯផ្ទះលក់ប្រេងទិញសម្រាប់ខ្លួនវិញទៅ ។
« តែកំពុងតែនាងទាំងនោះទៅទិញ ប្តីក៏មកដល់ ហើយពួកនាងដែលបានបម្រុងជាស្រេច ក៏ចូលទៅក្នុងរោងការជាមួយគ្នា រួចគេបិទទ្វារ ។
« បើកឲ្យយើងខ្ញុំផង » ។ ៨
« តែគាត់ឆ្លើយថា ខ្ញុំប្រាប់នាងរាល់គ្នាជាប្រាកដថា ខ្ញុំមិនស្គាល់នាងទេ » ។ ៩
យ៉ាងហោចណាស់នៅក្នុងការប្រឡងនេះ នាងព្រហ្មចារីល្ងង់ប្រាំនាក់បានបញ្ជាក់ខ្លួនគេថាជាអ្នកស្ដាប់ប៉ុណ្ណោះ ហើយមិនមែនជាអ្នកធ្វើតាមបន្ទូលទេ ។ ១០
ខ្ញុំមានមិត្តម្នាក់ ដែលជាសិស្សយកចិត្តទុកដាក់នៅសាលាច្បាប់ ។ អំឡុងការសិក្សានៅឆមាសមួយ សេម បានចំណាយពេលរាល់ថ្ងៃដើម្បីរំឭក សង្ខេប និងរៀនពីកំណត់ចំណាំរបស់គាត់សម្រាប់មេរៀននីមួយៗ ដែលគាត់បានចូលរៀននោះ ។ គាត់បានធ្វើតាមគន្លងដូចគ្នានេះសម្រាប់ថ្នាក់ទាំងអស់របស់គាត់នៅរាល់ចុងសប្ដាហ៍ និងរាល់ខែ ។ វិធីសាស្ដ្រគាត់បានធ្វើឲ្យគាត់រៀនច្បាប់ មិនមែនគ្រាន់តែទន្ទេញចាំសេចក្ដីលម្អិតនោះទេ ។ ហើយពេលការប្រឡងបញ្ចប់មកដល់ សេមបានត្រៀមខ្លួនជាស្រេច ។ តាមពិតទៅ គាត់គិតថាពេលប្រឡងបញ្ចប់ជាផ្នែកតានតឹងតិចបំផុតក្នុងការហ្វឹកហ្វឺនផ្នែកច្បាប់របស់គាត់ ។ ការរៀបចំដ៏មានប្រសិទ្ធភាព និងទាន់ពេលនាំឲ្យមានការសាកល្បងដ៏ជោគជ័យ ។
វិធីសាស្ដ្ររបស់សេមចំពោះការអប់រំផ្នែកច្បាប់របស់គាត់ គូសបញ្ជាក់នូវគន្លងដ៏ចម្បងមួយរបស់ព្រះអម្ចាស់សម្រាប់ការរីកចម្រើន និងការអភិវឌ្ឍ ។ « ដ្បិតមើលចុះ ព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់មានព្រះបន្ទូលដូច្នេះថា ៗ ឯណេះបន្តិច ឯណោះបន្តិច នេះមានពរហើយ ដល់អស់អ្នកណាដែលប្រុងស្ដាប់តាមសិក្ខាបទទាំងឡាយរបស់យើង ហើយផ្ទៀងត្រចៀកស្ដាប់ពាក្យទូន្មានរបស់យើង ត្បិតពួកគេនឹងមានប្រាជ្ញា ត្បិតចំពោះអ្នកណាដែលបានទទួល នោះយើងនឹងឲ្យថែមទៀត » ។ ១១
ខ្ញុំសូមអញ្ជើញពួកយើងម្នាក់ៗឲ្យ « ពិចារណាផ្លូវប្រព្រឹត្តរបស់ [ យើង] » ១២ ហើយ « ពិចារណាខ្លួនឯងមើល តើស្ថិតនៅក្នុងសេចក្តីជំនឿឬទេ [ ហើយ] ចូរល្បងខ្លួនមើលចុះ » ។ ១៣ តើយើងបានរៀនអ្វីខ្លះនៅប៉ុន្មានខែនេះអំពីការកែតម្រូវ និងការដាក់កំហិតលើរបៀបរស់នៅ ? តើយើងត្រូវកែលម្អអ្វីខ្លះនៅក្នុងជីវិតរបស់យើងខាងវិញ្ញាណ ខាងរូបកាយ ខាងសង្គម ខាងស្មារតី និងខាងបញ្ញា ? ឥឡូវនេះគឺជាពេលវេលាដើម្បីរៀបចំ និងសាកល្បងខ្លួនយើង ថាតើយើងនឹងធ្វើគ្រប់រឿងដែលព្រះអម្ចាស់ជាព្រះនៃយើងនឹងបង្គាប់ឲ្យយើងធ្វើដែរទេ ។
ការសាកល្បង និង ការឈានទៅមុខ
ខ្ញុំធ្លាប់ចូលរួមបុណ្យសពរបស់អ្នកផ្សព្វផ្សាយសាសនាវ័យក្មេងម្នាក់ ដែលស្លាប់នៅក្នុងគ្រោះថ្នាក់មួយ ។ ឪពុករបស់អ្នកផ្សព្វផ្សាយសាសនានោះបានថ្លែងនៅក្នុងកម្មវិធីបុណ្យ ហើយបានរៀបរាប់ពីការខូចចិត្តដោយសារការបែកពីកូនសំណព្វខាងសាច់ឈាមដែលមិនបានរំពឹងទុកនេះ ។ គាត់បានប្រកាសដោយត្រង់ៗថា គាត់ផ្ទាល់មិនយល់ពីមូលហេតុ ឬពេលវេលាសម្រាប់ព្រឹត្តិការណ៍បែបនេះទេ សល្អនេះក៏បានប្រកាសផងដែរថា គាត់ដឹងថា ព្រះជ្រាបពីមូលហេតុ និងពេលវេលានៃការស្លាប់របស់កូនគាត់—ហើយការណ៍នោះគឺល្អគ្រប់គ្រាន់សម្រាប់គាត់ហើយ ។ គាត់ប្រាប់ក្រុមជំនុំថា គាត់ និងគ្រួសាររបស់គាត់នឹងមិនអីទេ ទោះជាមានទុក្ខក្ដី ទីបន្ទាល់របស់ពួកគេបានបន្ដរឹងមាំ និងខ្ជាប់ខ្ជួន ។ គាត់បានបញ្ចប់ការថ្លែងរបស់គាត់ជាមួយនឹងការប្រកាសនេះ « ខ្ញុំចង់ឲ្យបងប្អូនដឹងថា ដរាបណាដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទនៅតែមាន នោះគ្រួសារយើងទាំងអស់នឹងបន្ដស្មោះត្រង់ ។ យើងទាំងអស់គ្នានឹងបន្ដស្មោះត្រង់ » ។
ទោះជាការបាត់បង់មនុស្សជាទីស្រឡាញ់ម្នាក់ធ្វើឲ្យឈឺចិត្ត និងពិបាកក្ដី ក៏សមាជិកនៃគ្រួសារដ៏ក្លាហាននេះបានរៀបចំខាងវិញ្ញាណចំពោះការសាកល្បងថា ពួកគេអាចរៀនមេរៀនអំពីសារសំខាន់ដ៏អស់កល្បតាមរយៈរឿងដែលពួកគេបានរងទុក្ខដែរ ។ ១៤
សេចក្ដីស្មោះត្រង់មិនមែនជាភាពល្ងីល្ងើ ឬការជ្រុលនិយមឡើយ ។ ប៉ុន្ដែវាជាការទុកចិត្ត និងការដាក់ទំនុកចិត្តរបស់យើងលើព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះអង្គសង្គ្រោះរបស់យើង លើព្រះនាមទ្រង់ និងបន្ទូលសន្យារបស់ទ្រង់ ។ នៅពេលយើង « ឈានទៅមុខដោយខ្ជាប់ខ្ជួននៅក្នុងព្រះគ្រីស្ទ ដោយមានការភ្លឺថ្លានៃសេចក្ដីសង្ឃឹមដ៏ឥតខ្ចោះ ហើយដោយមានចិត្តស្រឡាញ់ព្រះ និងមនុស្សគ្រប់រូប » ១៥ នោះយើងមានពរជាមួយនឹងទស្សនៈវិស័យ និងចក្ខុវិស័យដ៏អស់កល្ប ដែលមានហួសពីសមត្ថភាពខាងសាច់ឈាមដែលមានកម្រិតរបស់យើងទៅទៀត ។ យើងនឹងអាច « ប្រមូលគ្នា ហើយឈរនៅទីបរិសុទ្ធនានា » ១៦ ហើយ « ចូរកុំរើឡើយ រហូតដល់ថ្ងៃនៃព្រះអម្ចាស់មកដល់ » ។ ១៧
ខណៈខ្ញុំបានបម្រើជាប្រធានសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់–អាយដាហូ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បានមកសាលានៅខែ ធ្នូ ឆ្នាំ ១៩៩៨ ដើម្បីថ្លែងនៅក្នុងការប្រជុំធម្មនិដ្ឋានប្រចាំសប្ដាហ៍មួយរបស់យើង ។ ស៊ូសាន និងខ្ញុំបានអញ្ជើញសិស្សមួយក្រុមឲ្យមកជួបនឹងអែលឌើរហូឡិន ពីមុនលោកចែកចាយសារលិខិតរបស់លោក ។ នៅពេលការជុំគ្នារបស់យើងឈានដល់ទីបញ្ចប់ ខ្ញុំបានសួរអែលឌើរហូឡិនថា « ប្រសិនបើលោកអាចបង្រៀនសិស្សទាំងនេះតែរឿងមួយ តើវាជាអ្វី ? »
លោកបានឆ្លើយថា
« យើងកំពុងឃើញការផ្លាស់ប្ដូរដ៏ខ្លាំងមួយឆ្ពោះទៅរកភាពផ្ទុយគ្នា ។ ជម្រើសនៅទីកណ្ដាលនឹងត្រូវដកចេញពីយើង ក្នុងនាមជាពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ផ្លូវកណ្ដាលនឹងត្រូវដកចេញ ។
« ប្រសិនបើក្មួយៗបណ្ដែតខ្លួនលើចរន្ដទឹកទន្លេមួយ នោះក្មួយនឹងទៅដល់កន្លែងណាមួយ ។ ក្មួយនឹងទៅកន្លែងណាដែលចរន្ដទឹកនោះនាំក្មួយទៅ ។ ការបណ្ដែតខ្លួនឲ្យហូរតាមចរន្ដទឹកនឹងមិនបានការណ៍ទេ ។
« ជម្រើសត្រូវតែធ្វើឡើង ។ ការមិនជ្រើសរើសគឺជាជម្រើសមួយ ។ សូមរៀនដើម្បីជ្រើសរើសនាពេលនេះ » ។
សេចក្ដីថ្លែងការណ៍របស់អែលឌើរហូឡិនអំពីការកើនឡើងនៃភាពផ្ទុយគ្នាត្រូវបានបញ្ជាក់តាមការព្យាករនេះតាមរយៈនិន្នាការ និងព្រឹត្តិការណ៍សង្គមរយៈពេល ២២ ឆ្នាំ តាំងពីលោកបានឆ្លើយសំណួររបស់ខ្ញុំមក ។ ដោយដឹងជាមុនអំពីគម្លាតដ៏ធំរវាងរបៀបរបស់ព្រះអម្ចាស់ និងរបស់ពិភពលោក អែលឌើរហូឡិនបានព្រមានថា ថ្ងៃនៃការជាន់ជើងម្ខាងនៅក្នុងសាសនាចក្រដែលបានស្ដារឡើងវិញ ហើយជើងម្ខាងទៀតនៅក្នុងពិភពលោកនេះនឹងបាត់ទៅយ៉ាងលឿន ។ អ្នកបម្រើរបស់ព្រះអម្ចាស់រូបនេះបានលើកទឹកចិត្តឲ្យយុវវ័យជ្រើសរើស រៀបចំខ្លួន និងក្លាយជាសិស្សដ៏ស្មោះត្រង់របស់ព្រះអង្គសង្គ្រោះ ។ លោកបានជួយពួកគេឲ្យរៀបចំខ្លួន និងឈានទៅមុខ ហើយឆ្លងកាត់ការសាកល្បង ការពិនិត្យ និងការសាកបទពិសោធន៍ជីវិតរបស់ពួកគេ ។
ការសន្យា និង ទីបន្ទាល់
ដំណើរការនៃការសាកល្បងខ្លួនយើងគឺជាផ្នែកមួយដ៏ចាំបាច់នៃផែនការនៃសុភមង្គលដ៏អស្ចារ្យរបស់ព្រះវរបិតាសួគ៌ ។ ខ្ញុំសូមសន្យាថា នៅពេលយើងរៀបចំ ហើយឈានទៅមុខដោយសេចក្ដីជំនឿលើព្រះអង្គសង្គ្រោះ នោះយើងទាំងអស់គ្នាអាចទទួលបានពិន្ទុដូចគ្នានៅក្នុងការប្រឡងចុងក្រោយនៃជីវិតរមែងស្លាប់នេះ ៖ « ប្រពៃហើយ បាវល្អស្មោះត្រង់អើយ ឯងមានចិត្តស្មោះនឹងត្រួតរបស់បន្តិចនេះ ដូច្នេះអញនឹងតាំងឲ្យឯងត្រួតលើរបស់ជាច្រើនទៅទៀត ចូរឲ្យឯងប្រកបដោយសេចក្តីអំណររបស់ចៅហ្វាយឯងចុះ » ។ ១៨
ខ្ញុំធ្វើជាសាក្សីថា ព្រះដែលជាព្រះវរបិតាដ៏អស់កល្បគឺជាព្រះបិតារបស់យើង ុត្រាបង្កើតតែមួយដ៏មានព្រះជន្មរស់របស់ទ្រង់ ជាព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះរបស់យើង ។ ខ្ញុំសូមថ្លែងទីបន្ទាល់ដោយសេចក្តីអំណរពីសេចក្ដីពិតទាំងនេះ នៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។