សន្និសីទទូទៅ
ចូរ​ស្រឡាញ់​ពួក​ខ្មាំង​សត្រូវ​របស់​អ្នក
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០២០


16:19

ចូរ​ស្រឡាញ់​ពួក​ខ្មាំង​សត្រូវ​របស់​អ្នក

ដោយ​ដឹង​ថា យើង​ទាំងអស់​គ្នា​គឺជា​កូនចៅ​របស់​ព្រះ វា​ផ្ដល់​ទស្សនវិស័យ​មួយ​ស្ដីពី​តម្លៃ​នៃ មនុស្ស​ផ្សេង​ទៀត​ព្រមទាំង​មាន​សមត្ថភាព​ដើម្បី​យក​ឈ្នះ​លើ​ការ​ប្រកាន់ ។

ការ​បង្រៀន​របស់​ព្រះអម្ចាស់​គឺ​សម្រាប់​ភាព​អស់កល្ប​ជានិច្ច និង​សម្រាប់​កូនចៅ​ទាំងអស់​របស់​ព្រះ ។ នៅ​ក្នុង​សារលិខិត​នេះ ខ្ញុំ​នឹង​ផ្ដល់​គំរូ​មួយ​ចំនួន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ប៉ុន្តែ​គោលការណ៍​ដែល​បង្រៀន​អាច​អនុវត្ត​នៅ​គ្រប់​ទី​កន្លែង ។

យើង​រស់​នៅ​ក្នុង​គ្រា​ខឹង​សម្បារ និង​ការ​ស្អប់​ខ្ពើម​មួយ​នៅ​ក្នុង​ទំនាក់ទំនង​ខាង​នយោបាយ និង​គោលនយោបាយ ។ នៅ​រដូវ​ក្ដៅ​នេះ យើង​បាន​ឃើញ​បញ្ហា​នេះ​ពេល​ដែល​មនុស្ស​មួយ​ចំនួន​បាន​ធ្វើ​ហួស​ពី​ការ​ធ្វើ​កូដកម្ម​ដ៏​សន្ដិភាព​មួយ ហើយ​បាន​មាន​នូវ​ឥរិយាបថ​ដ៏​បំផ្លិច​បំផ្លាញ ។ យើង​ឃើញ​បញ្ហា​នេះ​នៅ​ក្នុង​យុទ្ធនាការ​បច្ចុប្បន្ន​មួយ​ចំនួន​សម្រាប់​ការិយាល័យ​សាធារណៈ ។ ជា​អកុសល​បញ្ហា​ទាំង​នេះ​មួយ​ចំនួន​បាន​បង្កើត​ឲ្យ​មាន​សេចក្ដី​ថ្លែង​ការណ៍​ខាង​នយោបាយ និង​សេចក្ដី​យោង​មិន​សមរម្យ​នៅ​ក្នុង​ការ​ប្រជុំ​នៃ​សាសនាចក្រ​របស់​យើង ។

នៅ​ក្នុង​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​មួយ យើង​តែង​តែ​មាន​ភាព​ខុស​គ្នា​ជានិច្ច​ទៅ​លើ​បេក្ខភាព និង​គោលនយោបាយ​ដែល​បាន​ដាក់​ស្នើ ។ ប៉ុន្តែ ក្នុង​នាម​ជា​ពួក​អ្នក​ដើរ​តាម​របស់​ព្រះគ្រីស្ទ យើង​ត្រូវ​តែ​ចៀស​វាង​ដល់​ការ​ខឹង​សម្បារ និង​ការ​ស្អប់​ខ្ពើម​ដែល​ការ​ជ្រើសរើស​ខាង​នយោបាយ​ត្រូវ​បាន​ជជែក ឬ​បដិសេធ​នៅ​ក្នុង​ស្ថានភាព​ជាច្រើន ។

ទេសនកថា​នៅ​លើ​ភ្នំ

នេះ​គឺជា​ការបង្រៀន​មួយ​ក្នុងចំណោម​ការបង្រៀនទាំងឡាយ​របស់​ព្រះអង្គសង្រ្គោះ ប្រហែល​ជាយើង​បានដឹងហើយ ប៉ុន្តែ​កម្រ​អនុវត្តតាម ។

« អ្នក រាល់ គ្នា បាន ឮ សេចក្តី ដែល ថ្លែង ទុក មក ថា ចូរ ស្រឡាញ់ អ្នក ជិត ខាង ឯង តែ ស្អប់ ខ្មាំងសត្រូវ ឯង វិញ ។

« ប៉ុន្តែ ខ្ញុំ ប្រាប់ ថា ត្រូវ ស្រឡាញ់ ពួក ខ្មាំងសត្រូវ ត្រូវ ឲ្យ ពរ ដល់ អ្នក ណា ដែល ប្រទេច ផ្តាសា ត្រូវ ប្រព្រឹត្ត ល្អ នឹង អ្នក ណា ដែល ស្អប់ អ្នក រាល់ គ្នា ហើយ ត្រូវ អធិស្ឋាន ឲ្យ អ្នក ណា ដែល ធ្វើ ទុក្ខ បៀតបៀន ដល់ អ្នក រាល់ គ្នា វិញ »​( ម៉ាថាយ ៥:៤៣–៤៤).

ពួក​សាសន៍​យូដា​ត្រូវ​បាន​បង្រៀន​ឲ្យ​ស្អប់​ខ្មាំង​សត្រូវ​ខ្លួន​អស់​ជា​ច្រើន​ជំនាន់ ហើយ​ពេល​នោះ​ពួកគេ​កំពុង​រង​ទុក្ខ​នៅ​ក្រោម​ការ​ត្រួត​ត្រា និង​ភាព​ឃោរ​ឃៅ​នៃ​ការ​កាន់​កាប់​របស់​ជនជាតិ​រ៉ូម៉ាំង ។ ប៉ុន្តែ ព្រះយេស៊ូវ បាន បង្រៀន​ពួកគេ​« ឲ្យ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​អ្នក » ហើយ​« ធ្វើ​ល្អ​ដល់ អ្នក​ណា ដែល … ប្រើ​អ្នក​យ៉ាង​ខ្លាំង » ។

ព្រះយេស៊ូវ បង្រៀន នៅ​ក្នុង ទី្វប អាមេរិក

ឱ នោះជា​ការ​បង្រៀន​ដ៏​ល្អ​សម្រាប់​ទំនាក់​ទំនង​ផ្ទាល់​ខ្លួន និង​ខាង​នយោបាយ ! ប៉ុន្តែ​ការណ៍​នោះ​នៅ​តែ​ជា​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​របស់​យើង​បង្គាប់ ។ យើង​អាន​នៅក្នុង​ព្រះគម្ពីរមរមន​ថា « ត្បិត​ប្រាកដ​មែន យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អស់​អ្នក​ណា​ដែល​មាន​វិញ្ញាណ​នៃ​ការ​ទាស់​ទែង​គ្នា​គឺ​ពុំ​មែន​ជា​របស់​ផង​យើង​ទេ ប៉ុន្តែ​ជា​របស់​ផង​អារក្ស​វិញ ដែល​ជា​បិតា​នៃ​ការ​ទាស់​ទែង​គ្នា ហើយ​វា​ចាក់​រុក​ចិត្ត​មនុស្ស ឲ្យ​មាន​កំហឹង​ទាស់​ទែង​នឹង​គ្នា​ទៅ​វិញ​ទៅ​មក »​(នីហ្វៃ​ទី ៣ ១១:២៩ ) ។

ការ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​យើង និង​មារ​សត្រូវ​របស់​យើង​ពុំ​មែន​ជា​រឿង​ងាយ​ស្រួល​ទេ ។ « ពួកយើង​ភាគច្រើន​ពុំទាន់ទៅដល់​ដំណាក់កាល…នៃ​សេចក្តីស្រឡាញ់ និង​ការអភ័យទោស​នោះ​ទេ » ប្រធាន​ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​សង្កេត​ឃើញ ដោយ​ថ្លែង​ថា « វា​ទាមទារ​ឲ្យ​មាន​ការដាក់​វិន័យ​ខ្លួនឯង​លើស​ពី​អ្វី​ដែល​យើង​អាច​ធ្វើ​បាន ។ » ប៉ុន្តែ​វា​ត្រូវ​ជា​រឿង​ដ៏​សំខាន់ ដោយសារ​វា​គឺជា​ផ្នែក​មួយ​នៃ​បទបញ្ញត្តិ​ធំ​ពីរ​របស់​ព្រះអង្គ​សង្គ្រោះ​« ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះអម្ចាស់​ជា​ព្រះ​នៃ​ឯង » និង « ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង » ( ម៉ាថាយ ២២:៣៧, ៣៩ ) ។ ហើយ​វា​ត្រូវ​តែ​ជា​រឿង​ដែល​អាច​ធ្វើ​បាន ពីព្រោះ​ទ្រង់​ក៏​បាន​បង្រៀន​ផង​ដែរ​ថា « ចូរ សូម នោះ តែង នឹង ឲ្យ មក អ្នក ចូរ រក នោះ តែង នឹង ឃើញ ចូរ គោះ នោះ តែង នឹង បើក ឲ្យ អ្នក »​( ម៉ាថាយ ៧:៧ ) ។

តើ​យើង​គោរព​បទបញ្ញត្តិ​ដ៏​ទេវភាព​ទាំង​នេះ​នៅ​ក្នុង​ពិភពលោក​មួយ​ដែល​យើង​ក៏​ត្រូវ​គោរព​នូវ​ច្បាប់​មនុស្ស​ដែរ​នោះ​របៀប​ណា ? សំណាង​ល្អ យើង​មាន​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​អំពី​របៀប​ថ្លឹង​ថ្លែង​នូវ​ក្រឹត្យវិន័យ​ដ៏​អស់​កល្ប​ជានិច្ច​របស់​ទ្រង់​ផ្ទាល់ ជាមួយ​នឹង​ការ​អនុវត្ត​ច្បាប់​របស់​មនុស្ស ។ ពេល​ពួក​មារ​សត្រូវ​បាន​ខិតខំ​ធ្វើ​ឲ្យ​ទ្រង់​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​ដោយ​ប្រើ​សំណួរ​មួយ​ថាតើ​ពួក​សាសន៍​យូដា​គួរ​បង់​ពន្ធ​ឲ្យ​រ៉ូម៉ាំង​ដែរ​ឬ​អត់ នោះ​ទ្រង់​បាន​ចង្អុល​ទៅ​រូប​សេសារ​នៅ​លើ​កាក់​របស់​ពួកគេ ហើយ​បាន​ប្រកាស​ថា « បើ​ដូច្នេះ សូម​ថ្វាយ​របស់​សេសារ​ទៅ​សេសារ​ទៅ ហើយ​របស់​ព្រះ​ទៅ​ព្រះ​វិញ » ( លូកា ២០:២៥) ។

ថ្វាយ​ទៅ​សេសារ

ដូច្នេះហើយ យើង​ត្រូវ​ធ្វើ​តាម​ច្បាប់​របស់​មនុស្ស​( ថ្វាយ​ទៅ​សេសារ )​ដើម្បី​រស់​នៅ​ដោយ​សុខ​សន្តិភាព​នៅ​ក្រោម​សិទ្ធិ​អំណាច​ស៊ីវិល ហើយ​យើង​ធ្វើ​តាម​ក្រឹត្យវិន័យ​របស់​ព្រះ​ដើម្បី​ឆ្ពោះ​ទៅ​ទិសដៅ​ដ៏​នៅ​អស់​កល្ប​ជានិច្ច​របស់​យើង ។ ចុះ​តើ​យើង​ធ្វើ​ការណ៍​នេះ​បាន​ដោយ​របៀប​ណា ជាពិសេស​—តើ​យើង​រៀន​ស្រឡាញ់​ពួក​មារ​សត្រូវ និង​ពួក​ខ្មាំង​សត្រូវ​របស់​យើង​តាម​របៀប​ណា ?

ការ​បង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​កុំ​ឲ្យ​« ទាស់​ទែង​គ្នា​ដោយ​ការ​ខឹង​សម្បារ »​គឺជា​ជំហាន​ទីមួយ​ដ៏​ល្អ ។ អារក្ស​គឺជា​បិតា​នៃ​សេចក្ដី​ទាស់​ទែង​គ្នា ហើយ​វា​គឺជា​អ្នក​ដែល​ល្បួង​មនុស្ស​ឲ្យ​ទាស់​ទែង​គ្នា​ដោយ​ការ​ខឹង​សម្បារ ។ លោក​លើក​កម្ពស់​អមិត្តភាព និង​ទំនាក់​ទំនង​ដែល​គួរ​ឲ្យ​ស្អប់​ក្នុង​ចំណោម​បុគ្គល​ម្នាក់ៗ ក្នុង​ក្រុម ។ ប្រធាន ថូម៉ាស អេស ម៉នសុន បាន​បង្រៀន​ថា ការ​ខឹង​សម្បារ​គឺជា​« ឧបករណ៍​របស់​សាតាំង »​ពីព្រោះ​« ការ​ខឹង​សម្បារ​នាំ​ទៅ​រក​ឥទ្ធិពល​របស់​សាតាំង ។ គ្មាន​នរណាម្នាក់​អាច​ធ្វើ​ឲ្យយើង​ខឹង​បាន​ទេ ។ វា​គឺជា​ជម្រើស​របស់​យើង ។ ការ​ខឹង​សម្បារ​គឺ​ជា​ផ្លូវ​នាំ​ទៅ​រក​ការ​បែងចែក និង​អមិត្តភាព ។ យើង​រំកិល​ឆ្ពោះ​ទៅ​រក​ការ​ស្រឡាញ់​ពួក​មារសត្រូវ​របស់យើង ពេល​យើង​ចៀសវាង​ការ​ខឹង​សម្បារ នឹង​មនុស្ស​ដែល​យើង​មិន​ស្រប​ជាមួយ ។ វា​ក៏​ជួយ​ផង​ដែរ បើ​យើង​នឹង​យល់​ព្រម​ស្វែង​យល់​ពី​ពួកគេ ។

នៅ​ក្នុង​ចំណោម​វិធី​ផ្សេង​ទៀត​ដើម្បី​អភិវឌ្ឍន៍​អំណាច​ដើម្បី​ស្រឡាញ់​មនុស្ស​ដទៃ​គឺជា​វិធី​សាស្ត្រ​ដ៏​សាមញ្ញ​ដែល​បាន​រៀបរាប់​នៅ​ក្នុង​តន្ត្រី​បុរាណ​មួយ ។ នៅពេល​យើង​ព្យាយាម​យល់ និង​ភ្ជាប់​មនុស្ស​ទៅនឹង​វប្បធម៌​ខុសគ្នា​មួយ នោះ​យើង​គួរតែ​ព្យាយាម​ស្គាល់​ពួកគេ ។ នៅក្នុង​ស្ថានភាព​រាប់​មិនអស់ ការសង្ស័យ​របស់​ជនចម្លែក​មុខ ឬ​សូម្បី​តែ​កំហឹង ក៏​អាច​នាំ​ឲ្យ​មាន​មិត្តភាព ឬ​ក្ដីស្រឡាញ់ដែរ នៅពេល​ទំនាក់ទំនង​ដោយផ្ទាល់​បង្កើត​ការយល់ដឹង និង​ការ​គោរពគ្នា​ទៅវិញ​ទៅមក ។

ជំនួយ​ដ៏​ធំ​មួយ​ទៀត​នៅក្នុង​ការ​រៀន​ស្រឡាញ់​ពួក​មារ​សត្រូវ និង​ពួក​ខ្មាំង​សត្រូវ​របស់​យើង​គឺ​ការ​ស្វែង​រក ដើម្បី​យល់​ពី​អំណាច​នៃ​សេចក្ដី​ស្រឡាញ់ ។ នេះ​គឺជា​ការ​បង្រៀន​បី​ក្នុង​ចំណោម​ការ​បង្រៀន​ជាច្រើន​របស់​ព្យាការី​អំពី​បញ្ហា​នេះ ។

ព្យាការី យ៉ូសែប ស្ម៊ីធ បាន​បង្រៀន​ថា « មាន​ពាក្យ​ចាស់​ដ៏​គួរ​ឲ្យ​គោរព​មួយ​ពោល​ថា សេចក្ដី​ឡាញ់​ចាប់ផ្ដើម​នូវ​សេចក្ដី​ស្រឡាញ់ ។ ចូរ​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់—បង្ហាញ​សេចក្ដី​សប្បុរស​របស់​យើង​ដល់​មនុស្ស​ទាំងអស់ » ។

ប្រធាន ហាវើដ ដបុលយូ ហឹនធើរ បាន​បង្រៀន​ថា « ពិភពលោក​ដែល​យើង​រស់​នៅ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ដ៏​ធំ បើ​បុរស​ស្ត្រី​នៅ​គ្រប់​ទិស​ទី​នឹង​អនុវត្ត​នូវ​សេចក្ដី​ស្រឡាញ់​សុទ្ធសាធ​របស់​ព្រះគ្រីស្ទ ដែល​វា​ជា​ការ​មាន​ចិត្ត​ល្អ ការ​បន្ទាប​ខ្លួន និង​ភាព​រាបសា ។ វា​គឺ​ជា​ការពុំ​មាន​នូវ​ការ​ច្រណែន ឬ​ភាព​ឆ្មើង​ឆ្មៃ ។ … វា​មិន​មាន​ស្វែងរក​ការ​តប​ស្នង ។ … វា​គ្មាន​កន្លែង​សម្រាប់​ការ​កាន់​លទ្ធិ​ហួស​ហេតុ ការ​ស្អប់ ឬ​អំពើ​ហឹង្សា​ឡើយ ។ … វា​លើក​ទឹក​ចិត្ត​មនុស្ស​ផ្សេងៗ​គ្នា​ឲ្យ​រស់​នៅ​រួម​គ្នា​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​ជា​គ្រឹស្ដ​សាសនិក ដោយ​មិន​គិត​ពី​ជំនឿ​សាសនា ពូជ​សាសន៍ ជាតិ​សាសន៍ ស្ថានភាព​ហិរញ្ញវត្ថុ ការ​អប់រំ ឬ​វប្បធម៌​ឡើយ » ។

ហើយ​ប្រធាន រ័សុល អិម ណិលសុន បាន​ជំរុញ​យើង​ឲ្យ​« ពង្រីក​រង្វង់​នៃ​សេចក្ដី​ស្រឡាញ់​របស់​យើង​ដើម្បី​ឱប​ក្រសោប​មនុស្ស្​លោក​ទាំង​មូល » ។

ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ការ​ស្រឡាញ់​ពួក​ខ្មាំង​សត្រូវ​របស់​យើង​គឺ​ការ​ថ្វាយ​ទៅ​សេសារ​ដោយ​គោរព​តាម​ច្បាប់​នៃ​ប្រទេស​ខុសៗ​គ្នា​របស់​យើង ។ ទោះ​ជា​ការ​បង្រៀន​របស់​ព្រះ​យេស៊ូវ​គឺជា​បដិវត្តន៍​ក្ដី ក៏​ទ្រង់​មិន​បាន​បង្រៀន​ពី​ការ​ធ្វើ​បដិវត្តន៍ ឬ​ការ​រំលង​ច្បាប់​ដែរ ។ ទ្រង់​បាន​បង្រៀន​ពី​របៀប​ដ៏​ប្រសើរ​មួយ ។ វិវរណៈ​សម័យ​ទំនើប​បង្រៀន​ដូចគ្នា​នេះ ៖

« ចូរ​កុំ​ឲ្យ​មនុស្ស​ណា​បំបាក់​ក្រឹត្យ​វិន័យ​ទាំង​ឡាយ​នៃ​ដែនដី​ឡើយ ត្បិត​អ្នក​ណា​ដែល​កាន់​តាម​ក្រិត្យ​វិន័យ​ទាំងឡាយ​នៃ​ព្រះ នោះ​មិន​ត្រូវ​បំបាក់​ក្រិត្យ​វិន័យ​ទាំងឡាយ​នៃ​ដែនដី​ទេ ។

« ហេតុ​ដូច្នោះ​ហើយ ចូរ​នៅ​ក្រោម​អំណាច​ទាំង​ឡាយ​ដែល​មាន​ហើយ​ចុះ »​( គោលលទ្ធិ និង សេចក្តីសញ្ញា ៥៨:២១–២២) ។

ហើយ​មាត្រា​នៃ​សេចក្ដី​ជំនឿ​របស់​យើង ដែលបាន​សរសេរ​ឡើង​ដោយ​ព្យាការី​យ៉ូសែប ស្ម៊ីធ បន្ទាប់​ពី​ពួក​បរិសុទ្ធ​ជំនាន់​មុន​បាន​រង​ទុក្ខ​នឹង​ការ​បៀត​បៀន​យ៉ាង​ខ្លាំង​មក​ពី​មន្ត្រី​នៃ​រដ្ឋ​មិសសួរី បាន​ប្រកាស​ថា « យើង​ខ្ញុំ​ជឿ​ចំពោះ​ការនៅ​ក្រោម​អំណាច​ស្ដេច ប្រធានាធិបតី អ្នកគ្រប់គ្រង និង ចៅក្រម​ទាំងឡាយ ក្នុង​ការគោរព​ប្រតិបត្តិ និង ការគាំទ្រ​ច្បាប់ » ( មាត្រា​នៃ​សេចក្តីជំនឿ ១:១២ ) ។

នេះ​មិន​មែន​មាន​ន័យ​ថា យើង​នឹង​យល់​ស្រប​តាម​អ្វី​គ្រប់​យ៉ាង​ដែល​តាក់តែង​ឡើង​ដោយ​ច្បាប់​នោះ​ទេ ។ វា​មាន​ន័យ​ថា យើង​គោរព​ច្បាប់​បច្ចុប្បន្ន ហើយ​ប្រើ​មធ្យោបាយ​សន្តិភាព​ដើម្បី​ធ្វើ​ការ​ផ្លាស់ប្ដូរវា ។ វា​ក៏​មាន​ន័យ​ផង​ដែរ​ថា យើង​ទទួល​យក​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ដោយ​សន្តិភាព ។ យើង​នឹង​មិន​ចូល​រួម​នៅ​ក្នុង​អំពើ​ហឹង្សា​ដែល​បាន​គំរាម​កំហែង​ដោយ​ពួក​អ្នក​ដែល​មិន​ពេញ​ចិត្ត​ជាមួយ​នឹង​លទ្ធផល​នោះ​ឡើយ ។១០ នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​មួយ យើង​តែង​តែ មាន​ឱកាស និង​កាតព្វកិច្ច​ដើម្បី​ស៊ូទ្រាំ​ដោយ​សន្តិភាព​រហូត​ដល់​ការ​បោះ​ឆ្នោត​លើក​ក្រោយ ។

ការ​បង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យ​ស្រឡាញ់​ពួក​ខ្មាំង​សត្រូវ​របស់​យើង​គឺ​បាន​ផ្ដោត​លើ​ធាតុ​ពិត​ដែល​ថា មនុស្ស​ទាំងអស់​គឺជា​កូនចៅ​ជា​ទី​ស្រឡាញ់​របស់​ព្រះ ។ គោលការណ៍​ដ៏​អស់​កល្ប​នោះ និង​គោលការណ៍​គ្រឹះ​មួយ​ចំនួន​នៃ​ច្បាប់​ត្រូវ​បាន​គេ​សាកល្បង​នៅ​ក្នុងការ​តវ៉ា​ថ្មីៗ​នេះ​នៅ​ក្នុង​ទីក្រុង​ជាច្រើន ។

ការតវ៉ា​ដោយ​សន្តិវិធី

នៅ​ក្នុង​មតិ​ដ៏​ស៊ី​ជម្រៅ​មួយ មាន​មនុស្ស​មួយ​ចំនួន​ហាក់​ដូច​ជា​ភ្លេច​ថា ការ​ធ្វើ​វិសោធនកម្ម​លើក​ដំបូង​លើ​រដ្ឋ​ធម្មនុញ្ញ​សហរដ្ឋ​អាមេរិក​ធានា​« សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ប្រមូល​ផ្តុំ និង​ធ្វើ​ញត្តិ​ទៅ​រដ្ឋាភិបាល​ដើម្បី​ដោះស្រាយ​ការ​សោកសៅ » ។ នោះ​គឺ​ជា​មធ្យោបាយ​ដែល​ត្រូវ​បាន​អនុញ្ញាត​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​ជា​សាធារណៈ និង​ដើម្បីផ្តោត​លើភាព​អយុត្តិធម៌​នៅ​ក្នុង​ខ្លឹមសារ ឬធុកិច្ច​នៃ​ច្បាប់ ។ ហើយមានភាព​អយុត្តិធម៌ ។ នៅ​ក្នុង​សកម្មភាព​ជា​សាធារណៈ និង​ក្នុង​ឥរិយាបថ​ផ្ទាល់​ខ្លួន របស់យើង​មាន​នូវ​ការ​រើស​អើង​ពូជ​សាសន៍ និង​ការ​សោកសៅ​ដែល​ពាក់​ព័ន្ធ ។ នៅ​ក្នុង​អត្ថបទ​ផ្ទាល់​ខ្លួន​មួយ ធេរេសា អេ ឌៀ នៃ​សមាគម​ជាតិ​ដើម្បី​ការ​ជឿន​លឿន​នៃ​ប្រជាជន​ស្បែក​ខ្មៅ ហៅ​កាត់​ថា (NAACP) បាន​រំឭក​យើង​ថា « ការ​រើស​អើង​ពូជ​សាសន៍​មាន​នៅ​លើ​ការ​ស្អប់ ការជិះជាន់ អកម្មភាព​ការឃុបឃិត​ការព្រងើយ​កណ្ដើយ និង​ភាព​ស្ងៀម​ស្ងាត់ » ។១១ ក្នុង​នាម​ជា​ពលរដ្ឋ និង​ជា​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​ប្រសើរ​ជាង​ដើម្បី​ជួយ​មនុស្ស​ឲ្យ​លុប​បំបាត់​នូវ​ការ​រើស​អើង​ពូជ​សាសន៍ ។

កុបកម្ម​ខុសច្បាប់

ក្នុង​មតិ​ដ៏​ស៊ីជម្រៅ​មួយ​ផ្សេង​ទៀត អ្នក​ចូល​រួម និង​អ្នក​គាំទ្រ​មួយ​ចំនួន​តូច​នៃ​ការ​តវ៉ា​ទាំង​នេះ និង​សកម្មភាព​ខុស​ច្បាប់​ដែល​កើត​មាន​តាម​ក្រោយ​នោះ​ហាក់​ដូច​ជា​បាន​ភ្លេច​ថា​ការ​តវ៉ា​ដែល​ការពារ​ដោយ​រដ្ឋ​ធម្មនុញ្ញ​គឺជា​ការ​តវ៉ា​ដោយ​ សន្តិវិធី ។ ពួក​អ្នក​តវ៉ា​គ្មាន​សិទ្ធិ​បំផ្លិច​បំផ្លាញ ធ្វើ​ឱ្យ​ខូច ឬ​លួច​ទ្រព្យ​សម្បត្តិ ឬ​ធ្វើ​ឱ្យ​អន្តរាយ​ដល់​អំណាច​ប៉ូលីស​ស្រប​ច្បាប់​របស់​រដ្ឋា​ភិបាល​ឡើយ ។ រដ្ឋ​ធម្មនុញ្ញ និង​ច្បាប់​គ្មាន​ការ​អញ្ជើញ​អោយ​ធ្វើ​បដិវត្ត ឬ​ភាព​អនាធិបតេយ្យ​ទេ ។ យើង​ទាំងអស់​គ្នា—​រួម​មាន ប៉ូលីស ពួក​អ្នក​តវ៉ា ពួក​អ្នក​គាំទ្រ និង​ពួក​អ្នក​ទស្សនា—គួរ​យល់ដឹង​ពី ការ​កំណត់​នៃ​សិទ្ធិ​របស់​យើង និង​សារៈសំខាន់​នៃ​កាតព្វកិច្ច​របស់​យើង​ដើម្បី​ស្ថិត​នៅ​ក្នុង​ព្រំដែន​នៃ​ច្បាប់​ដែល​មាន ។ អ័ប្រាហាំ លីងគិន ត្រូវហើយ គាត់​និយាយថា នៅពេល « គ្មាន​បញ្ហា​ណា​មួយ​ត្រូវ​បាន​ដោះ​ស្រាយ​ដោយ​ច្បាប់​នៃ​ពួក​មនុស្ស​កំណាច​ឡើយ » ។១២ ការ​ដោះ​ស្រាយ​បញ្ហា​ដោយ​ពួក​មនុស្ស​កំណាច​គឺជា​ដំណោះស្រាយ​ដោយ​មធ្យោបាយ​ខុស​ច្បាប់ ។ នោះ​គឺ​ជា​ភាព​អនាធិបតេយ្យ​ដែល​ជា​លក្ខខណ្ឌ​មួយ​ដែល​គ្មាន​អភិបាលកិច្ច​ដែល​មាន​ប្រសិទ្ធភាព និង​គ្មាន​ប៉ូលីស​ត្រឹមត្រូវ​ដែល​ធ្វើ​ឲ្យ​អន្តរាយ​ជា​ជាង​ការពារសិទ្ធិ​បុគ្គល ។

ហេតុផល​មួយ​ដែល​ការ​តវ៉ា​ថ្មីៗ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​មាន​ការ​ភ្ញាក់​ផ្អើល​គឺថា ប្រទូស​ភាព និង​ភាព​ខុស​ច្បាប់​ដែល​បាន​កើត​មាន​នៅ​ក្នុង​ចំណោម​ប្រជាជន នៅ​ប្រទេស​ដទៃ​ទៀត​មិន​គួរ​កើត​មាន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ឡើយ ។ ប្រទេស​នេះ​គួរ​តែ​មាន​ភាពប្រសើរ​ក្នុង​ការលុបបំបាត់​ការរើសអើង​ពូជ​សាសន៍ មិន​គ្រាន់​តែ​ចំពោះ​ជន​ជាតិ​អាមេរិក​ស្បែក​ខ្មៅ ដែល​មាន​ភាព​លេច​ធ្លោ​នៅ​ក្នុង​ការ​តវ៉ា​ថ្មីៗ​នោះ​ទេ ប៉ុន្តែ​ក៏​ចំពោះ​ជនជាតិ​ឡាទីន ជនជាតិ​អាស៊ី និង​ក្រុម​ផ្សេង​ទៀត​ផង​ដែរ ។ ប្រវត្តិសាស្ត្រ​នៃ​ការ​រើស​អើង​ពូជ​សាសន៍​របស់​ប្រជាជាតិ​នេះ​មិន​មែន​ជា​រឿង​ដ៏​រីករាយ​មួយ​ឡើយ ហើយ​យើង​ត្រូវ​តែ​ធ្វើ​វា​ឲ្យ​ប្រសើរ​ឡើង ។

កោះ​អេលីស
ជន​អន្តោប្រវេសន៍

សហរដ្ឋ​អាមេរិក​ត្រូវ​បាន​ចាក់​គ្រឹះ​ដោយ​ជន​អន្តោប្រវេសន៍​នៃ​ប្រជាជាតិ និង​ជនជាតិ​ខុសៗ​គ្នា ។ គោលបំណង​បង្រួប​បង្រួម​របស់​វា​គឺ​មិន​មែន​ដើម្បី​បង្កើត​សាសនា​ជាក់​លាក់​មួយ ឬ​ដើម្បី​បង្កប់​នូវ​វប្បធម៌​ចម្រុះ ឬ​ភាព​ស្មោះត្រង់​របស់​កុលសម្ព័ន្ធ​នៃ​ប្រទេស​ចាស់​ឡើយ ។ ជំនាន់​ស្ថាបនិក​របស់​យើង​បាន​ស្វែង​រក​ការ​បង្រួប​បង្រួម​ក្រោម​រដ្ឋ​ធម្មនុញ្ញ និង​ច្បាប់​ថ្មី​មួយ ។ នេះមិន​មែន​និយាយ​ថា ឯកសារ​បង្រួប​បង្រួម​របស់​យើង ឬ​ការ​យល់​ដឹង​បច្ចុប្បន្ន​នៃ​អត្ថន័យ​របស់​ពួកគេ​គឺ​ល្អ​ឥត​ខ្ចោះ​ទេ ។ ប្រវត្តិសាស្រ្ត​នៃ​ពីរ​សតវត្សរ៍​ដំបូង​របស់​សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​ពី​តម្រូវការ​សម្រាប់​ការ​កែលម្អ​ជាច្រើន ដូចជា​សិទ្ធិ​បោះឆ្នោត​សម្រាប់​ស្ត្រី និង​ជាពិសេស​ការលុប​បំបាត់​ទាសភាព ដោយ​រួមទាំង​ច្បាប់​ដើម្បី​ប្រាកដ​ថា អ្នក​ដែល​បាន​ធ្វើ​ជា​ទាសករ​នឹង​មាន​នូវ​លក្ខខណ្ឌ​នៃ​សេរីភាព​ទាំងអស់ ។

បណ្ឌិត​សាកលវិទ្យាល័យ យេល​ពីររូប ថ្មីៗ​នេះ​បាន​រំឭក​យើង​ថា

« ចំពោះ​គុណ​វិបត្តិ​ទាំង​អស់​របស់​ខ្លួន សហរដ្ឋ​អាមេរិក​ត្រូវ​បាន​បំពាក់​យ៉ាង​ពិសេស​ដើម្បី​បង្រួប​បង្រួម​សង្គម​ដែល​មាន​ភាព​ចម្រុះ និង​បែក​បាក់​គ្នា ។…

« …ពលរដ្ឋ​របស់​ខ្លួន​មិន​ចាំបាច់​ជ្រើស​រើស​រវាង​អត្តសញ្ញាណជាតិ និង​ពហុវប្បធម៌​ឡើយ ។ ប្រជាជន​អាមេរិក​អាច​មាន​ទាំង​ពីរ ។ ប៉ុន្តែ​ចំណុច​សំខាន់​គឺ​ការ​ស្នេហា​ជាតិ​ដែល​មាន​រដ្ឋ​ធម្មនុញ្ញ ។ យើង​ត្រូវ​តែ​បន្ត​បង្រួប​បង្រួម​គ្នា​តាមរយៈ​រដ្ឋ​ធម្មនុញ្ញ ដោយ​មិន​គិត​ពី​ការ​ខ្វែង​គំនិត​ខាង​មនោគមវិជ្ជា​របស់​យើង​នោះ​ឡើយ ។១៣

ច្រើន​ឆ្នាំ​កន្លង​ទៅ រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​អង់គ្លេស​មួយ​រូប​បាន​ផ្តល់​ឱវាទ​ដ៏​អស្ចារ្យ​នេះ​នៅ​ក្នុង​ការ​ជជែក​ដេញ​ដោល​នៅ​ក្នុង​វិមានសភាថា « យើង​គ្មាន សម្ព័ន្ធមិត្ត អស់​កល្ប​ទេ ហើយ​យើង​ក៏​មិន​មាន សត្រូវ​ជាប់​រហូត​ដែរ ។ ចំណាប់អារម្មណ៍ របស់​យើង​មាន​ភាព​អស់កល្ប ហើយ​ជាប់​រហូត ហើយ​យើង​មាន​កាតព្វកិច្ច​ដើម្បី​ធ្វើ​តាម​ចំណាប់​អារម្មណ៍​ទាំង​នេះ » ។១៤

នោះ​គឺជា​ហេតុផល លោកិយ ដ៏​ល្អ​មួយ​ចំពោះ​ការ​ធ្វើ​តាម « ដ៏​អស់កល្ប ហើយ​ជាប់​រហូត » ចំណាប់ អារម្មណ៍​ទៅលើ​បញ្ហា​ផ្នែក​នយោបាយ ។ លើស​ពី​នេះ​ទៀត គោលលទ្ធិ​នៃ​សាសនាចក្រ​របស់​ព្រះអម្ចាស់​បង្រៀន​យើង​ថា ចំណាប់​ដ៏​អស់កល្ប​មួយទៀត​ដើម្បី​ដឹកនាំយើង ៖ ការ​បង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ​របស់​យើង​ដែល​បាន​បំផុស​គំនិត​ដល់​រដ្ឋ​ធម្មនុញ្ញ​សហរដ្ឋ​អាមេរិក និង​ច្បាប់​មូលដ្ឋាន​គ្រឹះ​របស់​ប្រទេស​ជាច្រើន ។ ភាព​ស្មោះត្រង់​ចំពោះ​ច្បាប់​ដែល​បាន​បង្កើត​ឡើង ជំនួស​ឲ្យ​« សម្ព័ន្ធមិត្ត » បណ្តោះអាសន្ន គឺជា​វិធី​ដ៏​ល្អ​បំផុត​ដើម្បី​ស្រឡាញ់​ពួក​មារ​សត្រូវ​របស់​យើង និង​ពួក​ខ្មាំង​សត្រូវ​របស់​យើង ពេល​យើង​ស្វែង​រក​សាមគ្គីភាព ទោះ​ជា​ស្ថិត​នៅ​ក្នុង​ភាព​ខុស​គ្នា​ក្ដី ។

ដោយ​ដឹង​ថា យើង​ទាំងអស់​គ្នា​គឺជា​កូនចៅ​របស់​ព្រះ វា​ផ្ដល់​ទស្សនវិស័យ​ដ៏​ទេវភាព​មួយ​ស្ដីពី​តម្លៃ​នៃ មនុស្ស​ផ្សេង​ទៀត​ព្រមទាំងឆន្ទៈ និង​សមត្ថភាព​ដើម្បី​យក​ឈ្នះ​លើ​ការ​ប្រកាន់ និង​ការ​រើស​អើង​ពូជ​សាសន៍ ។ ដោយសារ​តែខ្ញុំ​បានរស់នៅ​នៅកន្លែង​ខុសៗគ្នា​នៅក្នុង​ប្រទេស​នេះ​អស់ជាច្រើនឆ្នាំ នោះ​ព្រះអម្ចាស់​បាន​បង្រៀន​ខ្ញុំ​ថា វា​អាច​គោរព ហើយ​ខិតខំ​កែលម្អ​ច្បាប់​របស់​ប្រជាជាតិ​នេះ ហើយ​ក៏​អាច​ស្រឡាញ់​ពួក​មារ​សត្រូវ និង​ខ្មាំង​សត្រូវ​របស់​យើង​ផង​ដែរ ។ ខណៈដែល​មិន​ងាយ​ស្រួល តែ​វា​អាច​ធ្វើ​ទៅ​បាន​ដោយ​មាន​ជំនួយ​ពី​ព្រះអម្ចាស់​របស់​យើង ព្រះយេស៊ូវ​គ្រីស្ទ ។ ទ្រង់​បាន​ប្រទាន​បទបញ្ញត្តិ​នេះ​ឲ្យ​ស្រឡាញ់ ហើយ​ទ្រង់​សន្យា​ប្រទាន​ជំនួយ​របស់​ទ្រង់ ពេល​យើង​ស្វែង​រក​ដើម្បី​គោរព​តាម ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា យើង​ត្រូវ​បាន​ស្រឡាញ់ ហើយ​នឹង​ត្រូវបាន​ជួយ​ដោយ​ព្រះ​ជា​ព្រះវរបិតា​សួគ៌​របស់​យើង និង​ព្រះរាជបុត្រា​របស់ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. សូមមើល​ផងដែរ លូកា ៦:២៧–២៨, ៣០ ។

  2. ហ្គរដុន ប៊ី ហ៊ិងគ្លី « The Healing Power of Christ » Ensign,ខែ​វិច្ឆិកា ឆ្នាំ​១៩៨៨ ទំព័រ ៥៩ សូមមើល​ផង​ដែរ Teachings of Gordon B. Hinckley ( ឆ្នាំ​១៩៩៧ ) ទំព័រ ២៣០ ។

  3. សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្ដីសញ្ញា ៦:៥ ។

  4. សូមមើល​ផងដែរ ម៉ាថាយ ២២:២១, ម៉ាកុស ១២:១៧ ។

  5. ថូម៉ាស អេស ម៉នសុន « School Thy Feelings, O My Brother » Liahona,ខែ​វិច្ឆិកា ឆ្នាំ​២០០៩ ទំព័រ ៦៨ ។

  6. សូម​មើល បេគី និង បេនណេត ប៊័រឌិន « Moving Closer: Loving as the Savior Did » Ensign,ខែ​កញ្ញា ឆ្នាំ​២០២០ ទំព័រ ២៤-២៧ ។

  7. យ៉ូសែប ស៊្មីធ នៅក្នុង History of the Church៥:៥១៧ ។ ស្រដៀង​គ្នា​នេះ​ដែរ ម៉ាទីន លូធើរ ឃីង ជុញ្ញ័រ ( ១៩២៩-៦៨ ) បាន​ថ្លែង​ថា « ការតប​ត​មក​វិញ​ចំពោះ​អំពើ​ហឹង្សា​ដោយ​អំពើ​ហឹង្សា​បង្កើត​បាន​ជា​អំពើ​ហឹង្សា ដោយ​បន្ថែម​ភាព​ងងឹត​ដល់​យប់​មួយ​ដែល​គ្មាន​ផ្កាយ ។ សេចក្ដី​ងងឹត​មិន​អាច​បណ្ដេញ​សេចក្ដី​ងងឹត​បាន​តែ មាន​តែ​ពន្លឺ​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​ដូច្នោះ​បាន ។ ការ​ស្អប់​មិន​អាច​បណ្ដេញ​ការ​ស្អប់ មាន​តែ​សេចក្ដី​ស្រឡាញ់​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​ដូច្នោះ​បាន »​ ( « Where Do We Go from Here: Chaos or Community? » [ ឆ្នាំ​២០១០ ] ទំព័រ​៦៤–៦៥ ) ។

  8. Teachings of Presidents of the Church: Howard W. Hunter​( ឆ្នាំ ២០១៥ ) ទំព័រ ២៦៣ ។

  9. រ័សុល អិម ណិលសុន « Blessed Are the Peacemakers » Liahona,ខែ​វិច្ឆិកា ឆ្នាំ​២០០២ សូមមើល​ផង​ដែរ Teachings of Russell M. Nelson ( ឆ្នាំ​២០១៨ ) ទំព័រ ៨៣ ។

  10. សូមមើល « A House Divided » Economist,ថ្ងៃ​ទី ៥ ខែ​កញ្ញា ឆ្នាំ​២០២០ ទំព័រ ១៧–២០ ។

  11. Theresa A. Dear, « America’s Tipping Point: 7 Ways to Dismantle Racism,» Deseret News, ថ្ងៃទី ៧ ខែ​មិថុនា, ឆ្នាំ ២០២០, A1 ។

  12. អ័ប្រាហាំ លីនខុន បាន​ថ្លែង សុន្ទរកថា​នៅ​ឯ​ការ​ប្រជុំ​របស់​យុវជន នៅ​ស្ព្រីងហ្វីល អិលលីណោយ ( ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​១៨៣៨ ) នៅក្នុង ចន បាតឡេត Bartlett’s Familiar Quotations បោះពុម្ពលើកទី ១៨ ( ឆ្នាំ​២០១២ ) ទំព័រ ៤៤៤ ។

  13. Amy Chua និង Jed Rubenfeld, « The Threat of Tribalism, » Atlantic, ខែតុលា ឆ្នាំ ២០១៨, ៨១, theatlantic.com ។

  14. Henry John Temple, Viscount Palmerston, remarks in the House of Commons, ថ្ងៃទី ១ ខែ​មីនា ឆ្នាំ ១៨៤៨; នៅក្នុង Bartlett, Bett’s Familiar Quotations, ៣៩២; បាន​គូសបញ្ជាក់​បន្ថែម ។