ការប្រឈមមុខនឹងឧបសគ្គក្នុងជីវិត និងសេចក្ដីជំនឿ
ការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោកសម្រាប់យុវមជ្ឈិមវ័យ
ថ្ងៃ អាទិត្យ ទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២៣
អែលឌើរ ឃ្វីនថិន អិល ឃុក ៖ កាល ម៉ារី និងខ្ញុំបានពិនិត្យមើលសំណួរអំពីការប្រឈមមុខនឹងឧបសគ្គក្នុងជីវិត និងសេចក្ដីជំនឿឡើងវិញ យើងទទួលស្គាល់ថា មនុស្សគ្រប់ជំនាន់ទាំងអស់ប្រឈមមុខនឹងកាលៈទេសៈនានា ដែលអាចនាំឲ្យមានឧបសគ្គដល់សេចក្ដីជំនឿរបស់ពួកគេ ។ នៅពេលយើងពិចារណាមើលបទគម្ពីរ ហើយពិនិត្យមើលទំនាក់ទំនងរបស់ព្រះជាមួយបុត្រាបុត្រីរបស់ទ្រង់ នោះមានប្រធានបទពីរបានគូសបញ្ជាក់ ។
ទីមួយ ដោយសារមានការផ្ទុយចំពោះរឿងសព្វសារពើ ហើយមានសត្រូវដែលមិនចង់ឲ្យយើងមានសេចក្ដីជំនឿលើព្រះ នោះមនុស្សគ្រប់ជំនាន់ត្រូវតែស្វែងយល់ និងទទួលចំណេះដឹង និងទីបន្ទាល់អំពីព្រះផ្ទាល់ខ្លួន ។
ទីពីរ មនុស្សគ្រប់ជំនាន់ត្រូវដឹងថា តើពួកគេគឺជានរណា និងស្គាល់អត្តសញ្ញាណដ៏អស់កល្បជានិច្ចរបស់ពួកគេ ។ ប្រធានបទទាំងពីរនេះពិបាកយល់បន្ដិច ព្រោះសត្រូវមិនចង់ឲ្យក្មួយៗមានការយល់ដឹងច្បាស់អំពីព្រះជាព្រះវរបិតា និងព្រះយេស៊ូវគ្រីស្ទ និងផែនការនៃសុភមង្គលរបស់ទ្រង់ទាំងទ្វេ សម្រាប់ក្មួយៗ និងអត្តសញ្ញាណក្មួយទាក់ទងទៅនឹងទ្រង់ទេ ។
នៅទសវត្សរ៍ឆ្នាំ ១៩៦០ ម៉ារី និងខ្ញុំគឺជាយុវមជ្ឈិមវ័យ ។ ខ្ញុំរៀនចប់ពីសាលាច្បាប់ ស្តេនហ្វត ហើយបានចាប់ផ្តើមអនុវត្តច្បាប់ ។ ម៉ារី បានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់នៅ ស្តេនហ្វត និងជាម្តាយវ័យក្មេងម្នាក់ ។ ឧបសគ្គក្នុងជីវិត និងសេចក្ដីជំនឿ និងការរំខានខាងសង្គមមានភាពខុសគ្នា ប៉ុន្ដែវាស្រដៀងគ្នាខ្លាំងទៅនឹងអ្វីដែលយុវមជ្ឈិមវ័យនៅសព្វថ្ងៃនេះកំពុងប្រឈមមុខ ។
ម៉ារី តើមានឧបសគ្គអ្វីខ្លះកើតឡើងនៅពេលនោះ ?
ស៊ីស្ទើរ ម៉ារី ឃុក ៖ មានការអបអរនឹងវប្បធម៌គ្រឿងញៀនដ៏ធំមួយ ជាពិសេសនៅតំបន់ឈូងសមុទ្រ សាន់ ហ្វ្រាន់ស៊ីស្កូ ជាកន្លែងដែលយើងរស់នៅ ។ កុប្បកម្ម និងការតវ៉ាធំៗអំពីបញ្ហាសង្គមគឺជារឿងធម្មតា ។ ការចូលរួមរបស់សហរដ្ឋនៅក្នុងសង្គ្រាមវៀតណាម ពុំមានប្រជាប្រិយភាពទេ ហើយកូដកម្មរបស់និសិត្សធ្វើឲ្យសាកលវិទ្យាល័យផ្អាកដំណើរការ ។ ហើយបញ្ហាដែលប៉ះពាល់ខ្ញុំផ្ទាល់ គឺតន្ត្រីបានផ្លាស់ប្ដូរ ពីតន្ត្រីបែបប្រពៃណីដែលគូស្វាមីភរិយាឈរទល់មុខគ្នានៅពេលរាំ នោះ ។ វាមានសំឡេងបាសឮខ្លាំងៗ—ហើយមនុស្សរាំដាច់ដោយឡែកពីគ្នា ។
នៅទូទាំងពិភពលោក ជាញឹកញាប់ ឧបសគ្គទាំងនេះ និងជាច្រើនទៀតត្រូវគេប្រើដើម្បីវាយប្រហារលើសាសនាជាទូទៅ និងជំនឿលើព្រះ ។
អែលឌើរ ឃុក ៖នៅថ្ងៃទី ៨ ខែ មេសា ឆ្នាំ ១៩៦៦ ទស្សនាវដ្ដី Timeដែលល្បីខ្លាំងនៅពេលនោះ បានជ្រើសរើសចំណងជើងនេះដាក់នៅលើក្រប ជាចំណងជើងដែលចង់បង្ករឿង និងគ្មានការគោរពថា ៖ « តើព្រះសុគតហើយឬ ? »
នៅក្នុងលិខិតបើកចំហពីក្រុមហ៊ុនបោះពុម្ពទស្សនាវដ្តីនេះ គាត់បានបញ្ជាក់ថា ការមានគំនិតនេះឡើង គឺដោយសារតែមាន « ការព្រួយបារម្ភខ្លាំងក្នុងចំណោមសាសនាវិទូអំពីព្រះ និងពិភពលោកខាងលោកិយនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៦០ » ។១ខ្លឹមសារនៃអត្ថបទនេះផ្ដោតចម្បងលើរឿងខាងលោកិយ ហើយគ្មានថ្លែងអំពីសាសនា ឬសេចក្ដីជំនឿតាមរបៀបដែលគួរឲ្យពេញចិត្តនោះទេ ។២
ពិតណាស់ សំណួរអំពីសេចក្ដីជំនឿមិនគ្រាន់តែមាននៅក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ ឬសព្វថ្ងៃនេះទេ ។ វាតែងតែមានជានិច្ច ។ នៅពេលសាវកប៉ុលបានទៅក្រុងអាថែន លោកបានព្យាយាមបង្រៀនពីការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។ ក្នុងការខិតខំជាច្រើនរបស់លោក យើងអាននៅក្នុងគម្ពីរកិច្ចការថា « រីឯពួកអ្នកនៅក្រុងអាថែន និងពួកអ្នកប្រទេសក្រៅដែលមកស្នាក់នៅទាំងប៉ុន្មាន គេមិនដែលបង់ពេលទំនេរនឹងធ្វើអ្វីទៀតទេ គេគិតតែពីប្រាប់ ឬស្តាប់សេចក្តីថ្មីប៉ុណ្ណោះ » ។៣
តើនេះមិនស្ដាប់ទៅដូចជាពិភពប្រព័ន្ធផ្សព្វផ្សាយសង្គមនៅសព្វថ្ងៃនេះទេឬអី ?
នៅពេលក្រុមមនុស្សបានដឹងពីសារលិខិតរបស់ប៉ុលអំពីមូលដ្ឋានសេចក្ដីជំនឿសាសនាសាមញ្ញៗ រួមទាំងទីបន្ទាល់របស់គាត់អំពីព្រះយេស៊ូវគ្រិស្ទ នោះពួកគេបដិសេធវា ។
ក្រៅពីសេចក្ដីជំនឿទៅលើព្រះ ការថប់បារម្ភអំពីអត្តសញ្ញាណពិតរបស់យើងក៏ជួបបញ្ហានៅទូទាំងប្រវត្តិសាស្ដ្រដែលបានកត់ត្រាទុកផងដែរ ។ ពួកយើងគ្មានបំណងនិយាយអំពីបញ្ហាទាំងអស់ ទាក់ទងទៅនឹងអត្តសញ្ញាណនៅក្នុងពិភពលោកសព្វថ្ងៃនេះទេ ។ ប៉ុន្តែ ចម្លើយតែងតែដូចគ្នាជានិច្ច ។ យើងទាំងអស់គ្នាគឺជាបុត្រខាងវិញ្ញាណរបស់ព្រះវរបិតាសួគ៌ជាទីស្រឡាញ់ដដែល ។ ប្រធាន រ័សុល អិម ណិលសុន បានលើកឡើងពីចំណុចនេះតាមរបៀបដ៏មានអានុភាពមួយ ។ លោកបានសង្កត់ធ្ងន់លើការកំណត់អត្តសញ្ញាណដ៏យូរអង្វែងចំនួនបី ៖ « បុត្ររបស់ព្រះ » « បុត្រនៃសេចក្ដីសញ្ញា » និង « សិស្សរបស់ព្រះយេស៊ូវគ្រីស្ទ » ។៤
លោកក៏បានលើកទឹកចិត្តយើងកុំឲ្យដាក់ស្លាកខ្លួនយើង ឬដាក់ស្លាកអ្នកដទៃឡើយ ។ បញ្ហាជាច្រើនដែលយើងប្រឈមមុខនឹងត្រូវបានដោះស្រាយ បើយើងទទួលស្គាល់ខ្លួនយើងថាជាបុត្ររបស់ព្រះវរបិតាសួគ៌ដែលពេញដោយក្ដីស្រឡាញ់ ។
អ្នកដែលចង់បំផ្លាញសេចក្ដីជំនឿឧស្សាហ៍អះអាងជារឿយៗថា សេចក្ដីជំនឿលែងពាក់ព័ន្ធទៀតហើយ ។ ពួកគេចង់បានចំណង់ផ្ទាល់ខ្លួនគេទាំងខុសឆ្គង ទាក់ទងទៅនឹងបញ្ហាសង្គមនៅសព្វថ្ងៃនេះ ដើម្បីជំនួសវិវរណៈ និងបទបញ្ញត្តិដែលព្រះបានប្រទានឲ្យ ។ ពួកគេសន្មត និងអះអាងថា មនុស្សជាច្រើនមានចំណង់ចំណូលចិត្តសង្គមដូចគ្នា ហើយឈប់ធ្វើជាសមាជិកដ៏ស្មោះត្រង់ទៀតហើយ ។
ជាព័ត៌មានដល់ក្មួយៗថា យុវវ័យ និងយុវមជ្ឈិមវ័យពុំអសកម្ម ឬចាកចេញពីសាសនាចក្រច្រើនជាងពីមុន ដូចដែលបានចែកចាយយ៉ាងទូលំទូលាយនោះទេ ។ ចំនួនពួកអ្នកផ្សព្វផ្សាយសាសនាដែលត្រូវបានហៅឲ្យបម្រើ បានកើនឡើងយ៉ាងខ្លាំង ។ ភាគរយនៃការចូលរួមក្នុងសាសនាចក្រសម្រាប់ជំនាន់ដែលកំពុងពេញវ័យនេះ បង្ហាញនូវនិន្នាការកើនឡើងជាបន្តបន្ទាប់ ។៥ លើសពីនេះទៀត ចំនួនយុវមជ្ឈិមវ័យដែលចូលរៀនថ្នាក់វិទ្យាស្ថានក៏បានកើនឡើងផងដែរ ។
សូមយល់ថា ខ្ញុំពុំបានរិះគន់អ្នកដែលមានការសង្ស័យនោះទេ ប៉ុន្ដែខ្ញុំឲ្យយោបល់ថា របៀបដែលក្មួយៗប្រឈមមុខនឹងការសង្ស័យគឺសំខាន់ណាស់ ។ ចម្លើយចំពោះឧបសគ្គនេះគឺជាដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំសន្យានឹងក្មួយៗ ៖ បើក្មួយៗអានព្រះគម្ពីរដោយស្មោះត្រង់ អធិស្ឋាន និងមានការគោរពសាសនាក្នុងជីវិត នោះក្នុងពេលមួយក្មួយៗនឹងរកឃើញចម្លើយចំពោះសំណួររបស់ក្មួយ ហើយដោះស្រាយចម្ងល់សង្ស័យដែលអាចកើតឡើងម្ដងម្កាល ។
ដំណើររឿងព្រះគម្ពីរមួយដែលខ្ញុំចូលចិត្ត គឺនៅក្នុងដំណឹងល្អរបស់ម៉ាកុស អំពីឪពុកដែលចង់ឲ្យកូនប្រុសរបស់គាត់បានរួចផុតពីវិញ្ញាណអារក្ស ។ ដំណើររឿងព្រះគម្ពីរនេះ ព្រះអង្គសង្គ្រោះបានសួរសំណួរដ៏សំខាន់មួយដល់ឪពុករូបនេះថា តើគាត់ជឿថា កូនប្រុសគាត់អាចជាសះស្បើយដែរឬទេ ។ ឪពុករូបនេះបានឆ្លើយទាំងទឹកភ្នែករលីងរលោងថា « ខ្ញុំជឿហើយ លោកម្ចាស់អើយ សូមជួយចំពោះសេចក្តីណាដែលខ្ញុំមិនជឿផង » ។៦ ព្រះអម្ចាស់បានទទួលយកចម្លើយនេះ ហើយទ្រង់បានបណ្ដេញវិញ្ញាណចេញ ហើយបានប្រោសកូនប្រុសនោះឲ្យជាសះស្បើយ ។
ក្នុងមេរៀននេះគឺថា មិនត្រូវអនុញ្ញាតឲ្យការសង្ស័យ ឬការមិនជឿយកឈ្នះលើសេចក្ដីជំនឿរបស់យើងឡើយ ។ ការសិក្សាព្រះគម្ពីរដោយឧស្សាហ៍ព្យាយាម ការអធិស្ឋានដោយស្មោះត្រង់ ការគោរពសាសនាដោយមានមនសិការ និងការធ្វើតាមដំបូន្មានរបស់ព្យាការីនៃព្រះអម្ចាស់ នឹងអនុញ្ញាតឲ្យក្មួយៗយកឈ្នះលើឧបសគ្គដែលទាក់ទងនឹងសេចក្ដីជំនឿ ។