ឈរការពារសេចក្ដីពិត
ការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោកសម្រាប់យុវមជ្ឈិមវ័យ
ថ្ងៃអាទិត្យ ទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២៣
ស៊ីស្ទើរ គ្រីស្ទីន ហ្គីលប៊ឺត ៖ សំណួរបន្ទាប់ដែលយើងបានសុំឲ្យលើកឡើងគឺ អំពីរបៀបឈរការពារសេចក្ដីពិតនៅក្នុងគ្រានៃភាពច្របូកច្របល់ដ៏ធំ ។
តើអ្នកណាខ្លះមានការផ្ញើសារជាក្រុមៗជាមួយនឹងមិត្តភក្តិ ឬគ្រួសារ ? ប្រហែលជាយើងទាំងអស់គ្នា មែនទេ ? នៅក្នុងសារជាក្រុមមួយនៃក្រុមជាច្រើនរបស់ខ្ញុំ មានមនុស្សមួយចំនួនដែលបានប្តេជ្ញាចិត្តខ្លាំងចំពោះដំណឹងល្អ និងអ្នកផ្សេងទៀតមានបញ្ហាទាក់ទងនឹងសាសនាចក្រ ។ តើរឿងនេះស្ដាប់ទៅស្រដៀងគ្នាដែរឬទេ ? តើមានអ្វីកើតឡើងនៅពេលនរណាម្នាក់ដែលអ្នកស្រឡាញ់និយាយអ្វីមួយដែលអ្នកដឹងថាមិនពិត ?
អែលឌើរ ក្លាក ជី ហ្គីលបឺត ៖ យើងធ្លាប់បានឮដំណើររឿង និងការព្រួយបារម្ភស្រដៀងគ្នានេះមកពីយុវមជ្ឈិមវ័យនៅទូទាំងសាសនាចក្រ ។ ពួកយើងដឹងថាប្អូនៗដឹងពីរឿងនេះ ។
ពេលយើងនិយាយអំពីប្រធានបទនេះ ខ្ញុំសម្គាល់ថាថ្ងៃនេះយើងឈរជាមួយនឹងអ្នកតំណាងពីររូប ដែលជាគំរូរឿងនេះ ហើយបង្ហាញយើងពីរបៀបដែលប្អូនៗអាចឈរការពារទាំងសណ្ដានចិត្តល្អ និងការជឿជាក់ ។
អែលឌើរ និង ស៊ីស្ទើរ ឃុកបានរស់នៅក្នុងតំបន់ឆកសមុទ្រ សាន់ហ្វ្រាន់ស៊ីស្កូ ជាច្រើនឆ្នាំក្នុងជីវិតអាជីពរបស់ពួកលោក ។ អែលឌើរ ឃុក បានចូលរៀនសាលាច្បាប់ ស្តេនហ្វត បានដឹកនាំក្រុមហ៊ុនច្បាប់នៅតំបន់ឆ្នេរសមុទ្រ ហើយបានបើកប្រព័ន្ធថែទាំសុខភាពដ៏ធំមួយ ។ គ្រួសារ ឃុក បានធ្វើការ និងរស់នៅក្នុងចំណោមមិត្តរួមការងារជាច្រើនដែលពុំមានជំនឿដូចជាពួកលោក ។ ប៉ុន្តែពួកលោកបានរកឃើញវិធីឈរការពារសេចក្ដីពិត ខណៈដែលពួកលោកនៅតែធ្វើជាមិត្តភក្តិ និងជាអ្នកជិតខាងល្អ ។ ខ្ញុំបានឃើញរឿងនេះពេលខ្ញុំចូលរួមជាមួយគ្រួសារ ឃុក នៅពេលបើកសម្ពោធព្រះវិហារបរិសុទ្ធ វ៉ាស៊ីនតោន ឌីស៊ី ជាមួយក្រុមអ្នកសារព័ត៌មានជាតិដ៏ឆ្នើម និងថ្នាក់ដឹកនាំផ្នែកអប់រំជាច្រើន ។ ខ្ញុំស្ញប់ស្ញែងចំពោះរបៀបដែលគ្រួសារ ឃុក បានចែកចាយសេចក្ដីពិតនៃដំណឹងល្អ ដោយរួមមានសារៈសំខាន់នៃអាពាហ៍ពិពាហ៍នៅព្រះវិហារបរិសុទ្ធ ភាពស្អាតស្អំខាងសីលធម៌ និងការរក្សាសេចក្ដីសញ្ញាទាំងអស់នៅពេលកំពុងស្ថាបនាស្ពាននៃការយល់ដឹងទៅដល់អ្នកដទៃ ។
ខ្ញុំបានមានឱកាសផ្សេងទៀតដើម្បីរៀនអំពីរបៀបឈរការពារសេចក្ដីពិតដោយសេចក្ដីស្រឡាញ់ ។ កាលពីឆ្នាំមុន ខ្ញុំបានទទួលទូរសព្ទមកពីប្រធាន អូក ។ លោកថ្លែងថា « អែលឌើរ ហ្គីលប៊ឺត ខ្ញុំឡើងនិយាយក្នុងការប្រជុំនាពេលខាងមុខនេះ ខ្ញុំចង់ឲ្យលោកធ្វើជាដៃគូនិយាយរបស់ខ្ញុំ ។ តើអ្នកនឹងឈរនៅវេទិកាជាមួយខ្ញុំ នៅពេលយើងនិយាយជាមួយគ្នាអំពីបញ្ហាមួយចំនួននៅថ្ងៃនេះឬទេ ? លោកបានថ្លែងថា យើងនឹងពិភាក្សាអំពីបញ្ហាស្រឡាញ់ភេទដូចគ្នា បញ្ហាជាតិសាសន៍ និងភាពមិនចេះភាន់ច្រឡំរបស់ព្យាការី ។ រួចលោកផ្ដល់យោបល់ថា « សូមកុំនិយាយមកពីប្ររ៉ូល ។ ចូរឆ្លើយតបទៅវិញទៅមកតាមធម្មតា » ។ ខ្ញុំតបភ្លាមថា « ខ្ញុំដឹងប្រាកដថាវានឹងដំណើរការល្អសម្រាប់សុន្ទរកថាលោក ប៉ុន្តែដើម្បីសាសនាចក្រទាំងមូលវាល្អជាងបើយើងសរសេរនូវអ្វីដែលខ្ញុំនឹងត្រូវនិយាយនោះ » ។
ក្នុងសុន្ទរកថាលោក ប្រធាន អូក បានគូសបញ្ជាក់អំពីវិធីប្រាំយ៉ាងដែលយើងអាចឈរការពារសេចក្ដីពិតដោយសេចក្តីស្រឡាញ់ ។១
ដំបូងត្រូវច្រើនជៀសវាងមជ្ឈដ្ឋានដែលមានជម្លោះច្រើន ។ ដូចដែលអែលឌើរ នីល អិល អាន់ឌើរសិន បានបង្រៀន « មានពេលខ្លះការធ្វើជាអ្នកដែលផ្សះផ្សាគេ គឺមានន័យថា យើងទប់ទល់នឹងកំហឹង ដោយនៅស្ងៀមជាមួយនឹងសេចក្តីថ្លៃថ្នូរ » ។២
ទីពីរ គឺស្រឡាញ់អ្នកដទៃ រកមើលចំនុចរួមមួយ ទោះជាយើងមិនយល់ស្របក្ដី ។
ទីបី គឺប្រកាន់ខ្ជាប់នូវសេចក្ដីពិតទោះជាពេលមានការមិនយល់ស្របក្ដី។ ពេលខ្លះ មានការល្បួងឲ្យដើរចេញពីផ្លូវ ចេញពីអ្វីដែលយើងស្គាល់ពេលយើងខិតខំបង្ហាញសេចក្ដីស្រឡាញ់ ។ យើងមិនបដិសេធអ្វីដែលយើងដឹងថាជាការពិតទេ ។
ទីបួន គឺធ្វើជាពន្លឺ និងជាមិត្ត ហើយបម្រើអ្នកដទៃ ហើយចុងក្រោយ គឺបោះយុថ្កានៅលើព្រះយេស៊ូវគ្រីស្ទ ។
ស៊ីស្ទើរ ហ្គីលប៊ឺត ៖ នៅក្នុងសន្និសីទទូទៅមុននេះ អែលឌើរ ឃុក បានថ្លែងអំពីភាពលំបាកនៃការឈរការពារសេចក្ដីពិត ដោយមិនចុះញ៉មនឹងសម្ពាធនៃពិភពលោកថា ៖« អ្នកដើរតាមព្រះគ្រីស្ទដោយសុខសាន្តមិន [ ដកថយពីសេចក្ដីពិត ក៏មិនឈប់ស្រឡាញ់អ្នកដទៃ ]ដែរ ។ យើងមានភាពកក់ក្តៅយើងចូលរួមចំណែកក្នុងសហគមន៍ដែលយើងរស់នៅ ។ យើង [ ក៏ ] ស្រឡាញ់ ចែកចាយ និង អញ្ជើញបុត្រាបុត្រីរបស់ព្រះទាំងអស់ឲ្យធ្វើតាមការបង្រៀនរបស់ព្រះគ្រីស្ទ » ផងដែរ ។៣
ខ្ញុំគិតថានេះគឺជាអ្វីដែលប្រធាន ណិលសុន កំពុងបង្រៀនយើងនៅក្នុងការអំពាវនាវរបស់លោកឲ្យយើងធ្វើជាអ្នកផ្សះផ្សាគេ ។៤ លោកមិនចង់ឲ្យយើងដើរចេញពីសេចក្ដីពិតនោះទេ ប៉ុន្តែលោកចង់ឲ្យយើងធ្វើវាដោយសេចក្ដីស្រឡាញ់ចំពោះព្រះអង្គសង្គ្រោះ ។